មេរៀនទី 32 ៖ ថ្ងៃទី 1
មរ៉ូណៃ 7:20–48
សេចក្តីផ្ដើម
ដូចមានកត់ត្រានៅក្នុង មរ៉ូណៃ 7:20–48 មរមន បានបន្តទេសនកថារបស់លោក នៅក្នុងសាលាប្រជុំ ដោយការបង្រៀនដល់អ្នកស្ដាប់របស់លោកអំពីរបៀបដើម្បី « ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » ( មរ៉ូណៃ 7:20–21, 25 ) ។ លោកបានពន្យល់អំពីសារៈសំខាន់នៃសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និង សេចក្ដីសប្បុរស ។ លោកបានបញ្ចប់ទេសនកថារបស់លោក ជាមួយនឹងការអង្វរមួយថា អ្នកស្ដាប់របស់លោកនឹងអធិស្ឋានដល់ព្រះវរបិតាដោយអស់ពីកម្លាំងនៃដួងចិត្តរបស់គេ ដើម្បីបានអំណោយទាននៃសេចក្ដីសប្បុរស—ដែលមរមនឲ្យនិយមន័យថាជា « សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ( មរ៉ូណៃ 7:47 ) ។
មរ៉ូណៃ 7:20–39
មរមន បង្រៀនអំពីសេចក្ដីជំនឿនៅក្នុងព្រះគ្រីស្ទ
សូមរំឭក មរ៉ូណៃ 7:12–13 ហើយពិចារណអំពីអ្វីដែលអ្នកបានរៀននៅក្នុងមេរៀនមុន អំពីរបៀបដឹងរវាងការណ៍ល្អ និងការអាក្រក់ ។ នៅក្នុងចន្លោះដែលបានផ្ដល់ឲ្យ សូមសរសេរនូវគំរូនៃការណ៍ល្អៗ ( ការណ៍ដែលមកពីព្រះ និង ដែលបញ្ចុះបញ្ចូលយើងឲ្យជឿលើព្រះគ្រីស្ទ ) និង ការណ៍អាក្រក់ៗ ( ការណ៍ដែលញុះញ៉ង់យើងមិនឲ្យជឿលើព្រះគ្រីស្ទ និង មិនឲ្យបម្រើព្រះ ) ៖
ការណ៍ល្អ |
ការណ៍អាក្រក់ |
---|---|
សូមកត់ចំណាំថា មរមនបានលើកទឹកចិត្តយើងឲ្យ « ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » ( មរ៉ូណៃ 7:19 ) ។ ចូរសញ្ជឹងគិតថា តើអ្នកគិតថា ការក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ មានន័យយ៉ាងណា ។
មរមន បានសួរដល់អ្នកស្ដាប់របស់លោក នូវសំណួរដ៏សំខាន់មួយ ដែលក្រោយមកលោកបានបន្តទៅចម្លើយ ។ សូមអាន មរ៉ូណៃ 7:20 ហើយរកមើលសំណួរដែលមរមនរៀបចំនឹងសួរ ។ បន្ទាប់មក ស្រាវជ្រាវក្នុង មរ៉ូណៃ 7:21–26 រកមើលចម្លើយចំពោះសំណួរនេះ ។
ពេលអ្នកមើល មរ៉ូណៃ 7:21, 25 សូមគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយ ដែលបង្រៀនអំពីគោលការណ៍នេះ ៖ ពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អបាន ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ ៖
-
យោងតាម មរ៉ូណៃ 7:22–26 តើនៅក្នុងរបៀបណាខ្លះ ដែលព្រះវរបិតាសួគ៌ព្យាយាមជួយយើង ស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
-
តើពេលណា ដែលសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ បានជួយអ្នកឲ្យក្ដាប់ជាប់នូវអ្វីមួយដែលល្អ ឬ បានជួយអ្នកឲ្យលះចោលអ្វីដែលអាក្រក់ ?
-
មរមន បានបន្តពិពណ៌នាអំពីការណ៍ល្អមួយចំនួនទៀត ដែលមានដល់ពួកអ្នកដែលអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សូមអាន មរ៉ូណៃ 7:32–34 ហើយគូសចំណាំយ៉ាងហោចណាស់ ពរជ័យមួយនៅក្នុងខនីមួយៗនៃខទាំងនេះ ដែលបានមកពីការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
សូមគិត ហើយអធិស្ឋានអំពីអ្វីដែលអ្នកអាចធ្វើ ដើម្បីអនុវត្តសេចក្ដីជំនឿឲ្យកាន់តែខ្លាំងថែមទៀត លើព្រះយេស៊ូវគ្រីស្ទ ។ ពេលអ្នកមានគោលដៅមួយនៅក្នុងគំនិត សូមសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ គោលដៅនេះអាចជា ការធ្វើអ្វីជាក់លាក់ ដែលនឹងជួយអ្នកធ្វើតាមពាក្យសម្ដីរបស់ព្យាការី ( សូមមើល មរ៉ូណៃ 7:23 ) អធិស្ឋានដោយសេចក្ដីជំនឿដែលកាន់តែខ្លាំងក្លា ( សូមមើល មរ៉ូណៃ 7:26 ) ឬ ប្រែចិត្តពីអំពីបាបមួយ ( សូមមើល មរ៉ូណៃ 7:34 ) ។ ពេលអ្នកសរសេរគោលដៅរបស់អ្នក សូមបញ្ចូលនូវព័ត៌មានពិស្ដារជាក់លាក់អំពីរបៀបដែលអ្នកនឹងសម្រេចវាដោយរបៀបណា ។ សូមសរសេរផងដែរ ថាតើគោលដៅនេះនឹងនាំមកនូវការណ៍ល្អៗចូលក្នុងជីវិតអ្នកដោយរបៀបណា ។
មរ៉ូណៃ 7:40–43
មរមនបង្រៀនអំពីសេចក្ដីសង្ឃឹម
នៅក្នុងទេសនកថាដែលមានកត់ត្រានៅក្នុង មរ៉ូណៃ 7 មរមន បានកំណត់ពីគោលការណ៍ដ៏ទេវភាពចំនួនបី ដែលចាំបាច់សម្រាប់ជីវិតអស់កល្បជានិច្ច ។អែលឌើរ អិម. រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « គោលការណ៍ដ៏ទេវភាពទាំងបីនេះ បង្កើតជាគ្រឹះមួយ ដែលយើងអាចស្ថាបនាគ្រោងជីវិតយើងនៅលើនោះបាន » ។ លោកបានមានប្រសាសន៍ថា គោលការណ៍ទាំងបីនេះ « រួមគ្នា ផ្ដល់ដល់យើងនូវមូលដ្ឋាននៃការគាំទ្រមួយ ដូចជាជើងចង្ក្រានដែលមានដុំមុំបី » ( “The Joy of Hope Fulfilled” Ensign ខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 33 ) ។
អ្វីដែលនៅខាងក្រោមនេះនឹងជួយអ្នករកឃើញគោលការណ៍ទាំងបី ដែលមរមនបានកំណត់នោះ ។ គោលការណ៍ទីមួយ គឺសេចក្ដីជំនឿ ដែលអ្នកទើបបានសិក្សានៅក្នុង មរមន 7:20–39 ។ សូមដាក់ស្លាកឲ្យដុំមុំចង្ក្រានមួយខាងលើថា សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ រកមើលថា អ្វីជាតំណាងឲ្យដុំមុំចង្ក្រានទីពីរ ដោយអាន មរ៉ូណៃ 7:40 ។ សរសេរគោលការណ៍នោះនៅក្បែរដុំមុំចង្ក្រានមួយទៀត ។
សូមអាន មរ៉ូណៃ 7:41–42 ហើយរកមើលពីអ្វីដែល មរមន បានបង្រៀនថា យើងគួរមានសេចក្ដីសង្ឃឹមចង់បាន ។ ( មរ៉ូណៃ 7:41 ជាវគ្គចំណេះចំណានខគម្ពីរមួយ ) ។ អ្នកអាចនឹងបន្ថែម « ជីវិតដ៏នៅអស់កល្បជានិច្ច » ទៅលើស្លាកដែលអ្នកដាក់នៅដុំមុំចង្ក្រានទីពីរ ដើម្បីឲ្យវាទៅជា « សេចក្ដីសង្ឃឹមចង់បានជីវិតដ៏នៅអស់កល្បជានិច្ច » ។
ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ នៃគណៈប្រធានទីមួយ បានមានប្រសាសន៍អំពីសេចក្ដីសង្ឃឹមដែលមរមន បានថ្លែងថា ៖
« សេចក្ដីសង្ឃឹម គឺជាអំណោយទាននៃព្រះវិញ្ញាណ ។ វាគឺជាសេចក្ដីសង្ឃឹម ដែលតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និង អំណាចនៃដំណើររស់ឡើងវិញរបស់ទ្រង់ នោះយើងនឹងត្រូវបានលើកឡើងដល់ជីវិតដ៏នៅអស់កល្បជានិច្ច ហើយនេះក៏ព្រោះតែសេចក្ដីជំនឿរបស់យើងទៅលើព្រះអង្គសង្គ្រោះ ។ …
« សេចក្ដីសង្ឃឹម គឺពុំមែនជាចំណេះដឹងនោះទេ ប៉ុន្តែជាសេចក្ដីទុកចិត្តដ៏ស្ថិតស្ថេរថា ព្រះអម្ចាស់នឹងបំពេញសេចក្ដីសន្យារបស់ទ្រង់ចំពោះយើង ។ វាគឺជាទំនុកចិត្តថា បើយើងរស់នៅតាមច្បាប់របស់ព្រះ និង តាមពាក្យសម្ដីនៃពួកព្យាការីទ្រង់សព្វថ្ងៃនេះ នោះយើងនឹងទទួលបាននូវពរជ័យដែលគួរឲ្យប្រាថ្នានៅក្នុងពេលអនាគត ។ វាគឺជាការជឿ និង ការរំពឹងទុកថា ការអធិស្ឋានរបស់យើង នឹងត្រូវឆ្លើយតប ។ វាគឺជាការបង្ហាញដោយទំនុកចិត្ត សុទិដ្ឋិនិយម សេចក្ដីសាទរ និង សេចក្ដីខ្ជាប់ខ្ជួនប្រកបដោយការអត់ធ្មត់ » ( “The Infinite Power of Hope” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 21–22 ) ។
គោលការណ៍មួយដែលយើងរៀនចេញពី មរ៉ូណៃ 7:40–42 គឺថា ៖ ប្រសិនបើយើងអនុវត្តសេចក្ដីជំនឿនៅក្នុងព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងទទួលបាននូវសេចក្ដីសង្ឃឹម តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ថាត្រូវបានលើកឡើងឲ្យបានជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមអាន មរ៉ូណៃ 7:43 ហើយរកមើលលក្ខណៈដែលតម្រូវឲ្យមាន ដើម្បីឲ្យមនុស្សម្នាក់មានសេចក្ដីជំនឿ និង សេចក្ដីសង្ឃឹម ដែលមរមនបានមានប្រសាសន៍ដល់នោះ ។
ដើម្បី « ស្លូតបូត ហើយសុភាពរាបសារ » មានន័យថា បន្ទាបខ្លួន ស្លូតបូតដោយពិតប្រាកដ ហើយចុះចូលនឹងព្រះឆន្ទៈរបស់ព្រះអម្ចាស់ ។ តើអ្នកគិតថា ហេតុអ្វីបានជា ភាពស្លូតបូត និង ភាពសុភាពរាបសារនៅក្នុងដួងចិត្ត គឺជាការចាំបាច់ ដើម្បីមានសេចក្ដីជំនឿ និង សេចក្ដីសង្ឃឹមទៅលើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពិពណ៌នាថា តើសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ បានផ្ដល់នូវសេចក្ដីសង្ឃឹមដល់អ្នកយ៉ាងណា ។
មរ៉ូណៃ 7:44–48
មរមនបង្រៀនអំពីសេចក្ដីសប្បុរស
សូមត្រឡប់ទៅមើលរូបចង្ក្រាននៅខាងដើមមេរៀនវិញ ។ អាន មរ៉ូណៃ 7:44 ហើយរកមើលគោលការណ៍ទីបីដែល មរមន បានបង្រៀន ។ សូមដាក់ស្លាកដុំមុំចង្ក្រានចុងក្រោយជាមួយនឹងគោលការណ៍ចុងក្រោយនេះ ។
ដូចមានកត់ត្រានៅក្នុង មរ៉ូណៃ 7:44–48 មរមន បានផ្ដល់នូវការពន្យល់ដ៏មានឥទ្ធិពលមួយ អំពីសេចក្ដីសប្បុរស ។ សូមអាន មរ៉ូណៃ 7:45–47 ហើយគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយ ដែលមរមនបានប្រើក្នុងការកំណត់ន័យឲ្យសេចក្ដីសប្បុរស ។ ( មរ៉ូណៃ 7:45, 47–48 ជាវគ្គចំណេះចំណានខគម្ពីរមួយ ) ។ ដើម្បីជួយអ្នកឲ្យកាន់តែយល់ច្បាស់អំពីអ្វីដែល មរមន បង្រៀន អ្នកអាចនឹងចង់សរសេរនិយមន័យមួយចំនួនទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ៖ « អត់ធ្មត់ » មានន័យថា ស៊ូទ្រាំដោយអត់ធ្មត់ « ពុំចេះឈ្នានីស » មានន័យថាមិនច្រណែន « ពុំចេះអួតខ្លួន » មានន័យថាបន្ទាបខ្លួន និង ស្លូតបូត « ពុំរកប្រយោជន៍ផ្ទាល់ខ្លួន » មានន័យថា ដាក់ព្រះ និង អ្នកផ្សេងទៀតជាមុន « ពុំរហ័សខឹង » មានន័យថា មិនងាយនឹងខឹង និង « ជឿដល់ការណ៍ទាំងអស់ » មានន័យថា ទទួលយកនូវសេចក្ដីពិតទាំងអស់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរមួយ ឬ ច្រើនជាងមួយ ខាងក្រោមនេះ ៖
-
យោងតាមនិយមន័យនៅក្នុង មរ៉ូណៃ 7:45–47 តើអ្នកគិតថា ហេតុអ្វីបានជាសេចក្ដីសប្បុរស គឺជាអំណោយទានខាងវិញ្ញាណដ៏មហិមា ដែលយើងអាចទទួល ?
-
តើអ្នកគិតថា វាមានអត្ថន័យយ៉ាងណាដែលថា សេចក្ដីសប្បុរសពុំបាត់បង់ទៅឡើយ នោះ ?
-
តើអ្នកគិតថា ហេតុអ្វីយើងគ្មានជាអ្វីទាំងអស់ បើយើងគ្មានសេចក្ដីសប្បុរសនោះ ?
-
បន្ទាប់ពីការលើកឡើងអំពីការបង្រៀនរបស់សាវកប៉ុល អំពីសេចក្ដីសប្បុរស នៅក្នុង កូរិនថូស ទី1 13 ហើយ អែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ៖ « មូលហេតុដែលសេចក្ដីសប្បុរសពុំបាត់បង់ទៅ និង មូលហេតុដែលសេចក្ដីសប្បុរសមហិមាជាងទង្វើដែលល្អបំផុត ដែលលោកបានលើកឡើងនោះ គឺជាសេចក្ដីសប្បុរស ដែលជា ‹ សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ › ( មរ៉ូណៃ 7:47 ) គឺពុំមែនជាទង្វើមួយទេ ប៉ុន្តែជាស្ថានភាពមួយ ឬ ជាអ្វីដែលយើងប្រែក្លាយ ។ សេចក្ដីសប្បុរស គឺទទួលបានតាមរយៈភាពជោគជ័យនៃទង្វើ ដែលបានមកពីការប្រែចិត្តជឿ ។ សេចក្ដីសប្បុរស គឺជាអ្វីមួយ ដែលមនុស្សម្នាក់ប្រែក្លាយ ។ ដូចនេះ ដូច មរ៉ូណៃ បានប្រកាសថា ‹ លើកលែងតែមនុស្សមានសេចក្ដីសប្បុរស នោះពួកគេពុំអាចគ្រង › កន្លែងដែលត្រូវបានរៀបចំសម្រាប់ពួកគេនៅក្នុងវិមានទាំងឡាយរបស់ព្រះវរបិតានោះទេ ( អេធើរ 12:34 ការសង្កត់ន័យត្រូវបានបន្ថែម ) » ( “The Challenge to Become” Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 34 ) ។
សូមអានស្ថានភាពខាងក្រោមនេះ ហើយពិចារណាអំពីរបៀបដែលអ្នកអាចនឹងឆ្លើយតប ប្រសិនបើអ្នកខ្វះអំណោយទាននៃសេចក្ដីសប្បុរស និង ពិចារណាអំពីរបៀបដែលអ្នកអាចនឹងឆ្លើយតប ប្រសិនបើអ្នកពោរពេញដោយសេចក្ដីសប្បុរស ៖
-
សិស្សផ្សេងទៀត ចំអកឲ្យអ្នក ឬ នរណាម្នាក់ផ្សេងទៀតនៅឯសាលារៀន ។
-
អ្នកមានប្អូនប្រុស ឬ ប្អូនស្រីម្នាក់ រំខានអ្នកជាញឹកញាប់ ។
-
អ្នកមិនចូលចិត្តអ្នកផ្ដល់ដំបូន្មានថ្មីម្នាក់ នៅក្នុងកូរ៉ុម ឬ ក្នុងថ្នាក់របស់អ្នក ដូចដែលអ្នកចូលចិត្តអ្នកដឹកនាំពីមុន ។
បន្ទាប់ពីពន្យល់ថា វាសំខាន់យ៉ាងណា ដែលយើងត្រូវអភិវឌ្ឍសេចក្ដីសប្បុរសនៅក្នុងជីវិតយើងហើយ មរមន បានពន្យល់ពីរបៀបដែលយើងអាចទទួលបាននូវចរិតលក្ខណៈដ៏សំខាន់នេះដោយរបៀបណា ។ សូមអាន មរ៉ូណៃ 7:48 ហើយគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយដែលបង្រៀនអំពីគោលការណ៍នេះ ៖ បើយើងអធិស្ឋានដល់ព្រះវរបិតាដោយអស់ពីកម្លាំងចិត្ត ហើយរស់នៅជាអ្នកដើរតាមដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានពេញដោយសេចក្ដីសប្បុរស ។ ចូរសញ្ជឹងគិតថាមូលហេតុអ្វីបានជាវាសំខាន់ដើម្បីអធិស្ឋានសុំ ដើម្បីបានអំណោយទាននៃសេចក្ដីសប្បុរសដោយអស់ពីកម្លាំងចិត្ត ជាជាងការគ្រាន់តែអធិស្ឋានធម្មតាៗសម្រាប់អំណោយទាននេះ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីពេលមួយ ដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់បានជួយអ្នកឲ្យមានសេចក្ដីសប្បុរស ។ ឬ សរសេរអំពីពេលមួយ ដែលអ្នកបានឃើញនរណាម្នាក់ផ្សេងទៀតមានសេចក្ដីសប្បុរស ។ ថែមពីលើនោះទៀត សូមដាក់គោលដៅជាក់លាក់មួយ ពីរបៀបដែលអ្នកនឹងអភិវឌ្ឍចរិតលក្ខណៈមួយក្នុងចំណោមចរិតលក្ខណៈទាំងឡាយនៃសេចក្ដីសប្បុរស ដែលមានរៀបរាប់នៅក្នុង មរ៉ូណៃ 7:45 ។ ចូរអធិស្ឋានសុំដើម្បីបានអំណោយទាននៃសេចក្ដីសប្បុរស ខណៈដែលអ្នកព្យាយាមសម្រេចគោលដៅរបស់អ្នក ។
ចំណេះចំណានខគម្ពីរ—មរ៉ូណៃ 7:41
សូមសរសេរខទាំងមូលនៅលើក្រដាសមួយសន្លឹក ។ សូមសូត្រខនោះបួនប្រាំដង ។ ចូរលុប ( ឬ គូសចោល ) ពាក្យ ឬ ឃ្លាទាំងឡាយ រហូតទាល់តែអ្នកអាចសូត្រខទាំងមូលបានដោយការចងចាំ ។
ចំណេះចំណានខគម្ពីរ—មរ៉ូណៃ 7:45, 47–48
សូមសរសេរអក្សរទីមួយនៃពាក្យនីមួយៗ ដែលនៅក្នុងខទាំងបីនេះនៅលើក្រដាសមួយសន្លឹក ។ ចូរមើលក្រដាសនោះ ដើម្បីជួយអ្នកសូត្រខទាំងនោះ ។ ក្រោយពីអ្នកសូត្រខទាំងនេះបួនប្រាំដងហើយ សូមលុប ឬ គូសចោលនូវអក្សរទាំងឡាយ រហូតទាល់តែអ្នកអាចសូត្រខទាំងនេះបានដោយការចងចាំ ។ បន្ទាប់មក សូមជ្រើសរើសក្រុមមួយក្នុងចំណោមក្រុមមនុស្សតទៅនេះ ដែលអ្នកចង់មានសេចក្ដីសប្បុរសចំពោះពួកគេកាន់តែច្រើន ៖ ក្រុមគ្រួសារ សមាជិកក្នុងកូរ៉ុម ឬ ថ្នាក់នៅព្រះវិហារ មិត្តរួមសាលា មិត្តភក្ដិ ឬ អ្នកជិតខាង ។ ចូរគិតអំពីមនុស្សដែលអ្នកបានជ្រើសរើស ពេលដែលអ្នកអាន មរ៉ូណៃ 7:45 ហើយពិចារណាអំពីរបៀបទាំងឡាយ ដែលអ្នកនឹងបង្ហាញសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ កាន់តែច្រើនឡើងដល់មនុស្សទាំងនេះ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវរបៀបមួយ ឬ ពីរ ដែលអ្នកនឹងបង្ហាញសេចក្ដីសប្បុរសកាន់តែខ្លាំងឡើងដល់មនុស្សទាំងនេះ ។ ក្នុងអំឡុងពេលសប្ដាហ៍ខាងមុខនេះ សូមអធិស្ឋានដើម្បីបានជំនួយពីព្រះអម្ចាស់ ក្នុងការអភិវឌ្ឍន៍សេចក្ដីសប្បុរសឲ្យកាន់តែខ្លាំងចំពោះពួកគេ ។ នៅចុងសប្ដាហ៍ សូមចែកចាយបទពិសោធន៍របស់អ្នកជាមួយមិត្តភក្តិ ឬ សមាជិកក្រុមគ្រួសារម្នាក់ ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា មរ៉ូណៃ 7:20–48 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖