មេរៀនទី 25 ៖ ថ្ងៃទី 1
នីហ្វៃទី3 11:18–12:48
សេចក្តីផ្ដើម
បន្ទាប់ពីប្រជាជនដែលនៅឯព្រះវិហារបរិសុទ្ធនៅដែនដីបរិបូរណ៍ បានប៉ះស្នាមរបួសនៅចំហៀង ព្រះហស្ដ និង ព្រះបាទរបស់ព្រះយេស៊ូវគ្រីស្ទ ដោយផ្ទាល់ហើយ ព្រះអង្គសង្គ្រោះបានប្រទានដល់នីហ្វៃ និង អ្នកផ្សេងទៀតនូវអំណាចដើម្បីធ្វើបុណ្យជ្រមុជទឹក ។ ព្រះអង្គសង្គ្រោះបានព្រមានប្រជាជនឲ្យចៀសវាងពីការទាស់ទែងគ្នា ហើយបានសន្យាថា ពួកអ្នកទាំងឡាយណាដែលរស់នៅតាមដំណឹងល្អ នឹងបានគ្រងនគរព្រះជាមរតក ។ ទ្រង់ក៏បានបង្រៀនពួកគេផងដែរ ពីរបៀបដើម្បីទទួលពរជ័យទាំងឡាយនៃដំណឹងល្អរបស់ទ្រង់ និង បានណែនាំពួកគេឲ្យជះឥទ្ធិពលល្អដល់អ្នកផ្សេងទៀត ។ ព្រះអង្គសង្គ្រោះបានប្រកាសថា ទ្រង់បានបំពេញក្រិត្យវិន័យលោកម៉ូសេ ហើយទ្រង់បានប្រទានដល់ប្រជាជននូវក្រិត្យវិន័យដែលខ្ពស់ជាង ដើម្បីរៀបចំពួកគេឲ្យក្លាយដូចជាទ្រង់ និង ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ។
នីហ្វៃទី3 11:18–30
ព្រះយេស៊ូវគ្រីស្ទប្រទានដល់នីហ្វៃ និង អ្នកផ្សេងទៀតនូវអំណាចដើម្បីធ្វើបុណ្យជ្រមុជទឹក និង ជំទាស់នឹងការឈ្លោះទាស់ទែងគ្នា
តើអ្នកនឹកឃើញឡើងវិញពីគំនិត និង អារម្មណ៍របស់អ្នក ពេលដែលអ្នកបានរៀបចំសម្រាប់បុណ្យជ្រមុជទឹករបស់អ្នកដែរឬទេ ឬ តើអ្នកធ្លាប់បានមើលមិត្តភក្ដិ ឬ សមាជិកគ្រួសារម្នាក់រៀបចំដើម្បីទទួលបុណ្យជ្រមុជទឹកដែរឬទេ ? មនុស្សជាច្រើនមានសំណួរដូចជា « តើនរណាអាចធ្វើបុណ្យជ្រមុជទឹកឲ្យខ្ញុំបាន ? » និង « តើពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹកត្រូវបានធ្វើឡើងរបៀបណា ? » សូមពិចារណា ថាតើអ្នកនឹងឆ្លើយសំណួរទាំងនោះយ៉ាងណា ។
ពេលសិក្សាពី នីហ្វៃទី3 11:1–17 អ្នកបានរៀនអំពីការបង្ហាញអង្គរបស់ព្រះយេស៊ូវគ្រីស្ទដល់ « ប្រជាជននីហ្វៃបានមករួមប្រជុំ នៅជុំវិញព្រះវិហារបរិសុទ្ធដែលនៅលើដែនដីបរិបូរណ៍ » ( នីហ្វៃទី3 11:1 ) ។ ប្រជាជនទាំងនេះ បានប៉ះស្នាមរបួសរបស់ទ្រង់ ហើយបានក្លាយជាសាក្សីផ្ទាល់ពីដំណើររស់ឡើងវិញ និង ទេវភាពរបស់ទ្រង់ ។ ភ្លាមៗក្រោយពីបទពិសោធន៍នេះ ព្រះអង្គសង្គ្រោះបានបង្រៀនពួកគេអំពីបុណ្យជ្រមុជទឹក រួមទាំងនរណាដែលអាចធ្វើបុណ្យជ្រមុជទឹក និង របៀបដែលបុណ្យជ្រមុជទឹកត្រូវបានធ្វើឡើង ។
សូមអាន នីហ្វៃទី3 11:18–22, 24–25 ហើយសរសេរចម្លើយមួយចំពោះសំណួរថា « តើនរណាអាចធ្វើបុណ្យជ្រមុជទឹកឲ្យខ្ញុំបាន ? »
ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 11 ចេញពីអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូល និង បានធ្វើ យើងរៀនថា ៖ បុណ្យជ្រមុជទឹកត្រូវតែបានធ្វើឡើង ដោយមនុស្សម្នាក់ដែលកាន់សិទ្ធិអំណាចត្រឹមត្រូវ ។ វិវរណៈសម័យទំនើបស្រាយបំភ្លឺថា បុណ្យជ្រមុជទឹក អាចធ្វើឡើងបានមានតែដោយមនុស្សម្នាក់ដែលកាន់តំណែងជាសង្ឃនៅក្នុងបព្វជិតភាពអើរ៉ុន ( សូមមើល គ. និង ស. 20:46 ) ឬ ដោយអ្នកដែលមានបព្វជិតភាពមិលគីស្សាដែកប៉ុណ្ណោះ ( សូមមើល គ. និង ស. 20:38–39; 107:10–11 ) ។ បន្ថែមទៀត គាត់ត្រូវតែធ្វើនៅក្រោមការដឹកនាំរបស់អ្នកដឹកនាំបព្វជិតភាពម្នាក់ ដែលកាន់កូនសោបព្វជិតភាពដែលចាំបាច់ ដើម្បីផ្ដល់សិទ្ធិអំណាចដល់ពិធីបរិសុទ្ធនោះ ( ដូចជា ប៊ីស្សព ប្រធានសាខា ប្រធានបេសកកម្ម ឬ អ្នកមានសិទ្ធិអំណាចទូទៅ ) ។
សូមអាន នីហ្វៃទី3 11:23–27 ហើយសរសេរចម្លើយមួយចំពោះសំណួរនេះ « តើពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹកត្រូវបានធ្វើឡើងរបៀបណា ? »
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីមូលហេតុដែលអ្នកគិតថា បុណ្យជ្រមុជទឹកត្រូវតែបានធ្វើឡើងក្នុងរបៀបដែលបានកំណត់ដោយព្រះអម្ចាស់ ។ តើអ្វីកើតឡើង ប្រសិនបើពាក្យពេចន៍នៃពិធីបរិសុទ្ធបុណ្យជ្រមុជទឹក មិនត្រូវបាននិយាយដោយត្រឹមត្រូវ ឬ បើមនុស្សដែលទទួលបុណ្យជ្រមុជទឹកមិនត្រូវបានជ្រមុជទៅក្នុងទឹកទាំងស្រុងទេនោះ ?
-
សូមឆ្លើយបណ្ដុំសំណួរមួយ ឬ ច្រើនជាងនោះ ចេញពីពីបណ្ដុំសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកចងចាំអ្វីខ្លះ អំពីមូលហេតុដែលអ្នកទទួលបុណ្យជ្រមុជទឹក និង អំពីពិធីបុណ្យជ្រមុជទឹក ? តើនរណាបានធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក ? តើអ្នកមានអាយុប៉ុន្មាន ? តើអ្នកបានមានអារម្មណ៍បែបណា ពេលអ្នកទទួលបុណ្យជ្រមុជទឹក ? តើវាមានន័យយ៉ាងណាចំពោះអ្នក ដែលត្រូវបានជ្រមុជទឹកដោយមនុស្សម្នាក់ដែលកាន់សិទ្ធិអំណាចត្រឹមត្រូវ និង នៅក្នុងរបៀបដែលត្រូវបានកំណត់ដោយព្រះអម្ចាស់នោះ ?
-
តើអ្នកបានឃើញនរណាម្នាក់ទទួលបុណ្យជ្រមុជទឹកនៅពេលថ្មីៗនេះទេ ? តើអ្នកមានអារម្មណ៍យ៉ាងណា ?
-
ប្រសិនបើអ្នកកាន់តំណែងសង្ឃនៅក្នុងបព្វជិតភាពអើរ៉ុន តើអ្នកមានអារម្មណ៍បែបណា ដែលអ្នកមានសិទ្ធិអំណាចដើម្បីធ្វើបុណ្យជ្រមុជទឹក ? ប្រសិនបើអកមានឱកាសធ្វើបុណ្យជ្រមុជទឹកឲ្យនរណាម្នាក់ តើអ្នកមានអារម្មណ៍យ៉ាងណា ហើយនិងរៀនអ្វី អំឡុងពេលទទួលបទពិសោធន៍នោះ ?
-
ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 11:28–30 ព្រះអម្ចាស់បានទូន្មានប្រជាជនកុំឲ្យមានការប្រកែកគ្នា ឬ ទាស់ទែង ( ឈ្លោះ ) គ្នាទៅវិញទៅមក អំពីបុណ្យជ្រមុជទឹក ឬ ចំណុចផ្សេងៗទៀតនៃគោលលទ្ធិ ។ ទ្រង់បានបង្រៀនថា ការទាស់ទែងគ្នាគឺជារបស់ផងអារក្ស ហើយត្រូវលះបង់ចោលវិញ ។
នីហ្វៃទី3 11:31–41
ព្រះយេស៊ូវគ្រីស្ទប្រកាសពីគោលលទ្ធិរបស់ទ្រង់
សូមគិតអំពីអ្វីមួយ ដែលអ្នកបានធ្វើថ្ងៃនេះ ( សកម្មភាពមួយ ) ដែលចេញជាលទ្ធផលវិជ្ជមានមួយ ។ សូមសរសេរសកម្មភាព និង លទ្ធផល នៅលើផ្នែកត្រឹមត្រូវនៃបន្ទាត់ខាងក្រោមនេះ ។ បន្ទាប់មក សូមគិតពីអ្វីមួយដែលអ្នកបានធ្វើថ្ងៃនេះ ដែលចេញជាលទ្ធផលអវិជ្ជមានមួយ ។
ទំនាក់ទំនងនៃសកម្មភាពទៅកាន់លទ្ធផល ពេលខ្លះត្រូវបានហៅថា ក្រិត្យវិន័យនៃការច្រូតកាត់ ។ វិវរណៈសម័យទំនើបពិពណ៌នាតាមរបៀបនេះថា ៖ « ពូជអ្វីក៏ដោយដែលអ្នករាល់គ្នាព្រោះចុះ នោះនឹងច្រូតបានពូជនោះឯង » ( គ. និង ស. 6:33 ) ។
សូមអាន នីហ្វៃទី3 11:31 ហើយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលថា ទ្រង់នឹងប្រកាសទៅដល់ប្រជាជាន ។
-
ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 11:32–39 ព្រះយេស៊ូវគ្រីស្ទបានប្រកាសពីគោលលទ្ធិរបស់ទ្រង់ « ដែលព្រះវរបិតាបានប្រទានដល់ [ ទ្រង់ ] » ( នីហ្វៃទី3 11:32 ) ។ សូមចម្លងតារាងខាងក្រោមនេះចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ អានខគម្ពីរយោង ហើយរកមើលសកម្មភាព និង លទ្ធផលទាំងឡាយ ដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀន ដែលទាក់ទងនឹងគោលលទ្ធិរបស់ទ្រង់ ។ កត់ត្រាអ្វីដែលអ្នករកឃើញទៅក្នុងតារាងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
សកម្មភាព
លទ្ធផល
យោងតាមតារាងរបស់អ្នក តើព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា សកម្មភាពសំខាន់ៗអ្វីខ្លះដែលកូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ត្រូវតែធ្វើ ដើម្បីចូលក្នុងនគរស្ថានសួគ៌ ?
អ្នកអាចបានកត់ចំណាំថា នីហ្វៃទី3 11:32 ថ្លែងថា ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ពីព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ ។ សូមសញ្ជឹងគិតពីពេលថ្មីៗបំផុតនេះ ពេលដែលព្រះវិញ្ញាណបរិសុទ្ធបានថ្លែងទីបន្ទាល់ដល់អ្នក ពីភាពពិត និង សេចក្ដីស្រឡាញ់របស់ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ ។
នីហ្វៃទី3 12:1–16
ព្រះយេស៊ូវគ្រីស្ទបង្រៀនពួកបណ្ដាជនអំពីពរជ័យទាំងឡាយ ដែលយើងទទួលពេលយើងរស់នៅតាមដំណឹងល្អ
សូមបំពេញលំហាត់ត្រូវ-ខុសខាងក្រោម ដោយគូសរង្វង់ចម្លើយខាងក្រោមនេះ ៖
-
ព្រះវរបិតាចង់ឲ្យយើងបានឥតខ្ចោះ ។
-
យើងត្រូវតែល្អឥតខ្ចោះនៅក្នុងជីវិតនេះ ដើម្បីចូលទៅក្នុងនគរសេឡេស្ទាល ។
-
យើងអាចក្លាយជាឥតខ្ចោះបាន ។
ជាដំបូង សូមអាន នីហ្វៃទី3 12:48 ដើម្បីជួយផ្ទៀតផ្ទាត់ចម្លើយរបស់អ្នក ។ ( នេះជាវគ្គចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។
តើវាអាចទៅរួចដោយរបៀបណា ដើម្បីបានឥតខ្ចោះនោះ ? អែលឌើរ រ័សុល អិម. ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ដូចតទៅនេះ អំពីបទបញ្ញត្តិដែលឲ្យបានល្អឥតខ្ចោះ ៖ « យើងមិនចាំបាច់ស្រងាកចិត្តទេ ប្រសិនបើការខិតខំប្រឹងប្រែងដ៏ស្មោះអស់ពីចិត្តរបស់យើង ហាក់ដូចជាតឹងតែងក្រៃលែង [ ពិបាក ] ហើយដូចជាគ្មានទីបញ្ចប់នោះ ។ ភាពឥតខ្ចោះគឺនៅរង់ចាំការសម្រេច ។ វាអាចបានមកពេញលេញ មានតែបន្ទាប់ពីដំណើររស់ឡើងវិញ និង តាមរយៈព្រះអម្ចាស់ប៉ុណ្ណោះ ។ វារង់ចាំពួកអ្នកទាំងអស់ណាដែលស្រឡាញ់ទ្រង់ និង រក្សាបទបញ្ញត្តិរបស់ទ្រង់ » ( “Perfection Pending” Ensign ខែ វិច្ឆិកា ឆ្នាំ 1995 ទំព័រ 88 ) ។
សូមសញ្ជឹងគិតពីសំណួរតទៅនេះ ៖ តើអ្នកគិតថា ភាពឥតខ្ជោះបានមក « មានតែតាមរយៈព្រះអម្ចាស់ប៉ុណ្ណោះ » មានន័យយ៉ាងណា ?
សូមក្រឡេកមើលទៅលំហាត់ខុស-ត្រូវ ដែលអ្នកទើបបានធ្វើ ហើយធ្វើការផ្លាស់ប្ដូរចម្លើយរបស់អ្នក ដោយផ្អែកលើអ្វីដែលអ្នកបានរៀនចេញពី នីហ្វៃទី3 12:48 និង សេចក្ដីថ្លែងការណ៍របស់អែលឌើរ ណិលសុន ។
ការបង្រៀនព្រះយេស៊ូវគ្រីស្ទនៅក្នុង នីហ្វៃទី3 12–14 ជួនកាលសំដៅដល់ « ទេសនកថានៅព្រះវិហារបរិសុទ្ធ » ដោយសារការបង្រៀនទាំងនោះប្រហាក់ប្រហែលគ្នា ហើយជាញឹកញាប់ បង្កើនការយល់ដឹងរបស់យើងអំពីទេសនកថានៅលើភ្នំដ៏ល្បីល្បាញរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ 5–7 ) ។ ប្រធាន ហារ៉ូល ប៊ី. លី បានបង្រៀនថា « នៅក្នុងទេសនកថានៅលើភ្នំរបស់ទ្រង់ លោកគ្រូបានប្រទានដល់យើងនូវអ្វីដែលជាវិវរណៈនៃចរិតលក្ខណៈរបស់ទ្រង់ផ្ទាល់ ដែលល្អឥតខ្ចោះ ឬ អ្វីដែលអាចនិយាយបានថាជា ‹ រឿងដែលអ្នកនិពន្ធសរសេរពីជីវិតខ្លួនឯង ពិតណាស់គឺគ្រប់ព្យាង្គដែលគាត់បានសរសរ › ហើយដោយការធ្វើដូច្នោះ បានផ្ដល់ដល់យើងនូវប្លង់សម្រាប់ជីវិតយើងផ្ទាល់ » ( Decisions for Successful Living [1973] ទំព័រ 56 ) ។ ពេលអ្នកសិក្សា នីហ្វៃទី3 12–14 សូមរកមើលរបៀបទាំងឡាយដែលព្រះអង្គសង្គ្រោះចង់ឲ្យយើងព្យាយាមធ្វើ ដើម្បីបានឥតខ្ចោះ ។
ដូចនៅក្នុងទេសនកថានៅលើភ្នំដែរ ព្រះអង្គសង្គ្រោះបានចាប់ផ្ដើមទេសនកថារបស់ទ្រង់ទៅកាន់ពួកសាសន៍នីហ្វៃ ជាមួយនឹងភាពក្សេមក្សាន្តមួយចំនួន—ដោយការប្រកាសនូវស្ថានភាពដ៏មានពរជ័យ និង អំណរ របស់ពួកអ្នកដែលស្មោះត្រង់ ( សូមមើល នីហ្វៃទី3 12:1–12 ) ។ ពេលអ្នកអានវា សូមរកមើលលក្ខណៈណាខ្លះ ដែលព្រះអង្គសង្គ្រោះទទូចឲ្យយើងអភិវឌ្ឍឡើង ហើយពរជ័យអ្វីខ្លះ ដែលទ្រង់សន្យាថាជាលទ្ធផលដែលបានមកពីការធ្វើដូច្នោះ ។ ពេលអ្នកអាន អ្នកអាចនឹងចង់គូសចំណាំលក្ខណៈទាំងនេះ និង ពរជ័យទាំងឡាយដែលបានសន្យា ។ វាអាចជាប្រយោជន៍ក្នុងការដឹងថា សេចក្ដីកំសត់ខាងវិញ្ញាណ ( នីហ្វៃទី3 12:3 ) មានន័យថាបន្ទាបខ្លួន និង ពឹងផ្អែកលើព្រះអម្ចាស់ យំសោក ( នីហ្វៃទី3 12:4 ) សំដៅដល់អារម្មណ៍សោកសៅដោយព្រោះអំពើបាបរបស់យើង ដែលដឹកនាំទៅកាន់ការប្រែចិត្ត និង ស្លូតត្រង់ ( នីហ្វៃទី3 12:5 ) អាចមានន័យថា បន្ទាបខ្លួន និង ស្លូតបូត ចុះចូលនឹងព្រះបំណងរបស់ព្រះ ឬ អត់ធ្មត់នៅក្នុងការស៊ូទ្រាំដោយមិនមានការស្រពន់ចិត្ត ។
-
សូមរកមើលលក្ខណៈមួយដែលអ្នកទើបតែបានអាន ដែលអ្នកកំពុងព្យាយាម ឬ នឹងព្យាយាមធ្វើឲ្យបាន ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើពរជ័យអ្វីខ្លះដែលអ្នកកំពុងទទួលបាន ឬ សង្ឃឹមថានឹងទទួលបាន ពេលអ្នកអភិវឌ្ឍនូវលក្ខណៈនោះ ។
ចេញពីសេចក្ដីពិតទាំងឡាយនៅក្នុង នីហ្វៃទី3 12:1–12 យើងរៀនថា បើយើងរស់នៅទៅតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងទទួលពរជ័យ និង រៀបចំដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ ។ ពេលយើងធ្វើដូច្នោះ នោះយើងក៏ជាគំរូ ឬ ជាពន្លឺដល់ពិភពលោកផងដែរ ( សូមមើល នីហ្វៃទី3 12:14–16 ) ។
នីហ្វៃទី3 12:17–48
ព្រះយេស៊ូវគ្រីស្ទបង្រៀនបណ្ដាជនពីក្រិត្យវិន័យដែលខ្ពស់ជាង ដែលនឹងជួយពួកគេក្លាយដូចជាទ្រង់ និង ព្រះវរបិតាសួគ៌
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនពួកសាសន៍នីហ្វៃពីរបៀបមករកទ្រង់ ដោយការប្រែចិត្ត និង ការគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ( សូមមើល នីហ្វៃទី3 12:19–20 ) ។ នៅក្នុងអ្វីដែលនៅសេសសល់ក្នុង នីហ្វៃទី3 12 ទ្រង់បានមានបន្ទូលដល់ផ្នែកនានានៃក្រិត្យវិន័យរបស់លោកម៉ូសេ ហើយបន្ទាប់មកបានបង្រៀនពីក្រិត្យវិន័យដែលខ្ពស់ជាង ។ ទ្រង់បានណែនាំពីផ្នែកនានានៃក្រិត្យវិន័យរបស់លោកម៉ូសេ ជាមួយនឹងឃ្លាទាំងឡាយដូចជា « បានឮសេចក្ដីដែលមនុស្សពីបុរាណបានថ្លែង » ឬ « បានចែងទុក » ។ បន្ទាប់មកទ្រង់បានណែនាំពីក្រិត្យវិន័យថ្មី និង ដែលខ្ពស់ជាង ដែលទ្រង់ចង់ឲ្យយើងរស់នៅតាមនៅសព្វថ្ងៃនេះ ដោយប្រើឃ្លាថា « យើងប្រាប់អ្នករាល់គ្នា … » ។
-
សូមអានខគម្ពីរយោងខាងក្រោមនេះ ហើយសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីឥរិយាបទទាំងឡាយដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា នឹងនាំទៅរកភាពឥតខ្ចោះ ៖
-
នីហ្វៃទី3 12:21–22 ។ វាអាចជាប្រយោជន៍ក្នុងការយល់ថា ពាក្យអាចោរម្សៀត គឺជាពាក្យប្រមាថមួយដែលបង្ហាញពីការមើលងាយ ការមិនចូលចិត្តដោយបើកចំហរ ឬ ការស្អប់ ។
-
នីហ្វៃទី3 12:23–24 ។ សូមប្រើលេខយោង 24ក ដើម្បីជួយរកមើលពីអត្ថន័យនៃការផ្សះផ្សាជាមួយនឹងនរណាម្នាក់ ។
-
នីហ្វៃទី3 12:25 ។ វាអាចជាប្រយោជន៍ក្នុងការយល់ថា « ចូរអ្នករាល់គ្នាព្រមព្រៀងជាមួយនឹងអ្នកដើមចោទអ្នកជាប្រញាប់ » សំដៅដល់ការដោះស្រាយទំនាស់ជាមួយអ្នកផ្សេងទៀតឲ្យប្រញាប់ ហើយកុំទុកឲ្យវាទៅជាកខ្ទុះឡើង ហើយក្លាយទៅជាបញ្ហាកាន់តែធំ ។ អែលឌើរ ដាវីឌ អ៊ី. សូរិនសិន ខណៈកំពុងបម្រើជាសមាជិកមួយរូបនៃពួកចិតសិប បានបង្រៀនថា « គ្មានទីកន្លែងណាដែលគោលការណ៍នេះអនុវត្តច្រើនជាងនៅក្នុងក្រុមគ្រួសាររបស់យើងនោះទេ » ( “Forgiveness Will Change Bitterness to Love” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2003 ទំព័រ 11 ) ។
-
នីហ្វៃទី3 12:27–30 ។ វាអាចជាប្រយោជន៍ក្នុងការយល់ថា តម្រេកសម្រើបចង់បាន សំដៅដល់បំណងប្រាថ្នាដែលមិនសមរម្យ អាក្រក់ និង អាត្មានិយម ។
-
គោលការណ៍មួយដែលយើងរៀនចេញពីខទាំងនេះដែលនៅក្នុង នីហ្វៃទី3 12 គឺ ៖ ពេលយើងមករកព្រះគ្រីស្ទ ហើយរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ នោះយើងអាចក្លាយកាន់តែដូចជាទ្រង់ និង ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ដែលទ្រង់ឥតខ្ចោះ ។
ដោយយើងនឹងមិនទៅដល់ភាពឥតខ្ចោះនៅក្នុងជីវិតនេះ នោះប្រធាន ជែមស៍ អ៊ី. ហ្វោស្ត នៃគណៈប្រធានទីមួយ បានពន្យល់ថា យើងត្រូវតែព្យាយាមធ្វើឲ្យមានការរីកចម្រើនទៅរកភាពឥតខ្ចោះក្នុងពេលឥឡូវនេះ ដើម្បីអាចទទួលបានវានៅក្នុងជីវិតបន្ទាប់ទៀត ៖ « ភាពឥតខ្ចោះគឺជាគោលដៅដ៏អស់កល្បមួយ ។ ខណៈដែលយើងពុំអាចបានឥតខ្ចោះនៅក្នុងជីវិតរមែងស្លាប់នេះ នោះការព្យាយាមដើម្បីបានវា គឺជាបទបញ្ញត្តិមួយ ដែលនៅទីបំផុតយើងអាចគោរពបាន តាមរយៈដង្វាយធួន » ( “This Is Our Day” Ensign ខែ ឧសភា ឆ្នាំ 1999 ទំព័រ 19 ) ។
រូបភាពរូបសញ្ញាចំណេះចំណានខគម្ពីរ ចំណេះចំណានខគម្ពីរ—នីហ្វៃទី3 12:48
-
មើលថាបើអ្នកអាចទន្ទេញ នីហ្វៃទី3 12:48 ចាំបានឥតខ្ចោះ ។ សូមសរសេរខគម្ពីរនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពេលដែលអ្នកគិតថាអ្នកបានទន្ទេញវាចាំហើយ ។
សូមចងចាំថា ព្រះអម្ចាស់ពុំបានរំពឹងយើងឲ្យក្លាយជាឥតខ្ចោះក្នុងគ្រប់ការណ៍ទាំងអស់ ក្នុងអំឡុងពេលនៃជីវិតរមែងស្លាប់របស់យើងនោះទេ ប៉ុន្តែកាលដែលយើងព្យាយាមធ្វើតាមទ្រង់ ហើយទទួលនូវពរជ័យនៃដង្វាយធួន នោះយើងអាចក្លាយជាឥតខ្ចោះនៅទីបំផុត ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 11:18–12:48 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖