មេរៀនទី 20 ៖ ថ្ងៃទី 3
អាលម៉ា 42
សេចក្តីផ្ដើម
អាលម៉ាបានបញ្ចប់ដំបូន្មានរបស់លោកដល់កូរីអានតុន ជាកូនប្រុសរបស់លោកដែលមានបញ្ហា ដោយពន្យល់ថា ព្រះវរបិតាសួគ៌បានប្រទានរបៀបមួយសម្រាប់ពួកអ្នកដែលធ្វើអំពើបាប ដើម្បីទទួលបាននូវសេចក្ដីមេត្តាករុណា ។ លោកបានបង្រៀនកូនប្រុសលោក អំពីការផ្ដន្ទាទោសទាំងឡាយដែលក្រិត្យវិន័យនៃសេចក្ដីយុត្តិធម៌តម្រូវឲ្យមានចំពោះអំពើបាប ។ បន្ទាប់មក លោកបានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទនឹង « ធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ » ( អាលម៉ា 42:15 ) ដោយការរងទុក្ខសម្រាប់មនុស្សទាំងអស់ដែលបានធ្វើអំពើបាប និង មានឆន្ទៈក្នុងការប្រែចិត្ត ។ ព្រះអម្ចាស់ប្រទាននូវសេចក្ដីមេត្តាករុណាដល់ពួកអ្នកដែលសោកស្ដាយ ( ពួកអ្នកប្រែចិត្ត ) ។
អាលម៉ា 42:1–14
អាលម៉ាបង្រៀនកូរីអានតុនអំពីក្រិត្យវិន័យនៃសេចក្ដីយុត្តិធម៌
សូមបិទភ្នែករបស់អ្នកមួយស្របក់ ហើយសញ្ជឹងគិតថា វាអាចនឹងទៅជាយ៉ាងណា ពេលដែលវេលាមកដល់សម្រាប់ការជំនុំជម្រះចុងក្រោយរបស់អ្នក ។ ពេលអ្នករំឭកឡើងវិញពីជីវិតអ្នក តើអ្នកចង់ឲ្យការជំនុំជម្រះចុងក្រោយត្រឹមត្រូវឬទេ ? ហេតុអ្វីអ្នកចង់ឲ្យការជំនុំជម្រះចុងក្រោយរបស់អ្នកត្រឹមត្រូវ ?
ឥឡូវនេះ សូមពិចារណាថាពាក្យ ត្រឹមត្រូវ មានន័យយ៉ាងណា ។ និយមន័យមួយនៃពាក្យ ត្រឹមត្រូវ គឺរួមបញ្ចូលនូវការទទួលអ្វីដែលអ្នកសមនឹងទទួល គំនិតនៃភាពត្រឹមត្រូវ គឺទាក់ទងទៅនឹងពាក្យក្នុងព្រះគម្ពីរថា សេចក្ដីយុត្តិធម៌ ។
-
សូមគូររូបជញ្ជីងមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដូចជញ្ជីងដែលបង្ហាញនេះ ។ បន្ទាប់មក សរសេរពាក្យថា សេចក្ដីយុត្តិធម៌ នៅខាងក្រោមគំនូររបស់អ្នក ។ សូមទុកកន្លែងនៅក្នុងសៀវភៅកំណត់ហេតុ ដើម្បីបញ្ចូលស្លាកសញ្ញានានានៅលើគំនូរអ្នក ពេលអ្នកបន្តមេរៀននេះ ។
ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់ពីគំនិតនៃសេចក្ដីយុត្តិធម៌ សូមអានការពន្យល់ខាងក្រោមនេះពី អែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« សេចក្ដីយុត្តិធម៌ មានអត្ថន័យជាច្រើន ។ អត្តន័យមួយ គឺតុល្យភាព ។ និមិត្តរូបដ៏មានប្រជាប្រិយភាពមួយនៃសេចក្ដីយុត្តិធម៌ គឺជញ្ជីងដែលមានតុល្យភាព ។ …
« … គំនិតនៃសេចក្ដីយុត្តិធម៌ ដែលថាអ្វីដែលមនុស្សម្នាក់សមនឹងទទួល គឺជាការសន្មត់គ្រឹះនៃបទគម្ពីរទាំងអស់ ដែលនិយាយពីមនុស្សដែលត្រូវបានជំនុំជម្រះ ស្របទៅតាមកិច្ចការទាំងឡាយរបស់ពួកគេ » ( “Sins, Crimes, and Atonement” [ ថ្លែងទៅកាន់គ្រូអប់រំខាងសាសនា ស៊ី.អ៊ី.អេស ថ្ងៃទី 7 ខែ កុម្ភៈ ឆ្នាំ 1992 ] ទំព័រ 1) ។
កូរីអានតុនជាកូនប្រុសរបស់អាលម៉ា បានព្រួយបារម្ភពីភាពត្រឹមត្រូវនៃការជំនុំជម្រះចុងក្រោយ ។ សូមអាន អាលម៉ា 42:1 ហើយគូសចំណាំអ្វីដែលកូរីអានតុនបានគិតថា នឹងមិនត្រឹមត្រូវ ឬ មិនយុត្តិធម៌ អំពីការជំនុំជម្រះចុងក្រោយ ។
សូមចងចាំថា កូរីអានតុនបានប្រព្រឹត្តនូវអំពើបាបយ៉ាងធ្ងន់ធ្ងរទាំងឡាយ ដែលអំពើបាបខ្លះៗ គឺធ្ងន់ធ្ងរខ្លាំងណាស់ ( សូមមើល អាលម៉ា 39:2–3 ) ហេតុដូច្នោះហើយ កូរីអានតុនអាចនឹងប្រាថ្នា ឬ សង្ឃឹមថា វាមិនយុត្តិធម៌ទេសម្រាប់មនុស្សដែលបានធ្វើអំពើបាបឲ្យត្រូវផ្ដន្ទាទោសនោះ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីមូលហេតុដែលអ្នកគិតថា ពួកអ្នកដែលពុំបានប្រែចិត្តពីអំពើបាបរបស់ពួកគេ នឹងព្រួយបារម្ភអំពីការទទួល « អ្វីដែលមនុស្សម្នាក់សមនឹងទទួល » នៅឯការជំនុំជម្រះ ។
នៅក្នុង អាលម៉ា 42:2–11 អាលម៉ាបានលើកឡើងពីកង្វល់របស់កូរីអានតុន ដោយពន្យល់ថា ការធ្លាក់របស់អ័ដាមបាននាំមកនូវសេចក្ដីស្លាប់ខាងសាច់ឈាម ( ការបំបែកគ្នានៃរូបកាយ និង វិញ្ញាណ នៅពេលរូបកាយស្លាប់ ) និង សេចក្ដីស្លាប់ខាងវិញ្ញាណ ( ការបំបែកចេញពីព្រះ ដោយសារអំពើបាប ) ។ ដូច្នេះ វាជាការចាំបាច់ថា ផែនការមួយត្រូវបានបង្កើតឡើង ដើម្បីយកមនុស្សលោកចេញពីស្ថានភាពនៃការធ្លាក់របស់ពួកគេមកវិញ ។ បើមិនដូច្នោះទេ មនុស្សលោកទាំងអស់នឹងបន្តស្ថិតនៅក្នុងស្ថានភាពដ៏ពោរពេញទៅដោយអំពើបាប ហើយវេទនាជារៀងរហូត ទៅតាមការតម្រូវនៃសេចក្ដីយុត្តិធម៌ ។
សូមអាន អាលម៉ា 42:12 ហើយរកមើលពីអ្វីដែលបណ្ដាលឲ្យមនុស្សលោកចូលទៅក្នុងស្ថានភាពនៃការធ្លាក់របស់ពួកគេ ។ ឥឡូវនេះសូមអាន អាលម៉ា 42:14 ហើយគូសចំណាំលទ្ធផលនៃការមិនគោរពប្រតិបត្តិរបស់យើង ដែលតម្រូវដោយសេចក្ដីយុត្តិធម៌ ។ នៅលើរូបភាពជញ្ជីងដែលអ្នកបានគូរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរ ការបំពាន—ការមិនគោរពប្រតិបត្តិ ឬ អំពើបាប នៅខាងក្រោមជញ្ជីងខាងឆ្វេង ហើយសរសេរ ការផ្ដន្ទាទោស—កាត់ចេញពីវត្តមានរបស់ព្រះ នៅខាងក្រោមជញ្ជីងខាងស្ដាំ ។
-
សូមអាន អាលម៉ា 42:18 ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា « ការសោកស្ដាយនៅក្នុងស្មារតី » ( អាលម៉ា 42:18 ) មានន័យយ៉ាងណា ?
-
តើការសោកស្ដាយនៅក្នុងស្មារតីអាចនឹងនាំយើងឲ្យធ្វើអ្វី ?
-
ចេញពីអ្វីដែលអាលម៉ាបានបង្រៀន តើក្រិត្យវិន័យនៃសេចក្ដីយុត្តិធម៌តម្រូវឲ្យមានអ្វីខ្លះ នៅពេលដែលបុគ្គលម្នាក់មិនគោរពប្រតិបត្តិ ? ( ដោយសារការមិនគោរពប្រតិបត្តិរបស់យើង នោះក្រិត្យវិន័យនៃសេចក្ដីយុត្តិធម៌តម្រូវថា យើងត្រូវភ្លក់នូវការសោកស្ដាយ និង ត្រូវបានកាត់ចេញពីវត្តមានរបស់ព្រះ ) ។ សូមសញ្ជឹងគិតមួយស្របក់ ពីពេលមួយដែលអ្នកភ្លក់នូវការស្ដាយក្រោយ និង ទុក្ខព្រួយ ឬ ការថយចេញនៃព្រះវិញ្ញាណបរិសុទ្ធ ពេលដែលអ្នកធ្វើខុសអ្វីមួយ ។ សូមស្រមៃពីអារម្មណ៍នោះ ដែលគុណទ្វេនូវអ្វីៗទាំងអស់ដែលអ្នកធ្លាប់បានធ្វើខុស ហើយបន្ទាប់មក ស្រមៃថា អារម្មណ៍នោះនៅជាប់នឹងអ្នកជារៀងរហូត ។
ផ្អែកលើអ្វីដែលអាលម៉ាបានបង្រៀន តើអ្នកចង់ឲ្យការជំនុំជម្រះចុងក្រោយផ្អែកលើសេចក្ដីយុត្តិធម៌ទាំងស្រុងដែរឬទេ ? តើអ្នកចង់ទទួលអ្វីដែលអ្នក « សមនឹងទទួល » សម្រាប់អ្វីៗដែលអ្នកបានធ្វើខុសដែរឬទេ ?
អាលម៉ា 42:15–31
អាលម៉ាបង្រៀនកូរីអានតុនអំពីផែនការនៃសេចក្ដីមេត្តាករុណា
លក្ខណៈដ៏ទេវភាពមួយក្នុងចំណោមលក្ខណៈដ៏ទេវភាពទាំងឡាយរបស់ព្រះ គឺថាទ្រង់យុត្តិធម៌ ។ ការតម្រូវនៃសេចក្ដីយុត្តិធម៌ផ្ដន្ទាទោសដល់កូនចៅម្នាក់ៗរបស់ព្រះវរបិតាសួគ៌ ហើយនឹងមិនអនុញ្ញាតឲ្យពួកយើងណាម្នាក់ស្នាក់នៅជាមួយទ្រង់ក្នុងស្ថានភាពដ៏ពោរពេញដោយអំពើបាបរបស់យើងនោះទេ ។ សូមពិចារណាសំណួរតទៅនេះ ៖ តើមានរបៀបណាមួយ ដើម្បីឲ្យការតម្រូវនៃសេចក្ដីយុត្តិធម៌ទាំងនេះត្រូវលប់ចោល ឬ ដកចេញឬទេ ?
មនុស្សជាច្រើនអាចឆ្លើយតបចំពោះសំណួរនេះ ដោយផ្ដល់យោបល់ថា បើយើងប្រែចិត្ត នោះយើងនឹងមិនចាំបាច់រងទុក្ខ ដោយសារលទ្ធផលនៃអំពើបាបទាំងឡាយរបស់យើងនោះទេ ។ ទោះជាចម្លើយនេះពិតជាត្រឹមត្រូវក៏ដោយ ក៏វាជាការសំខាន់ដើម្បីយល់ថា ដើម្បីលប់ចោល ឬ លើកទោសឲ្យលទ្ធផលទាំងឡាយ គឺមិនយុត្តិធម៌ទេ ព្រោះការតម្រូវនៃសេចក្ដីយុត្តិធម៌នឹងមិនត្រូវបានបំពេញឡើយ ។ អាលម៉ាបានបង្រៀនថា ការលប់ចោលនូវការផ្ដន្ទាទោស ដោយពុំបំពេញដល់ការតម្រូវនៃសេចក្ដីយុត្តិធម៌ គឺពុំអាចកើតឡើងបានទេ ។ សូមអាន អាលម៉ា 42:25 ហើយរកមើលអ្វីដែលនឹងកើតឡើង ប្រសិនបើព្រះគ្រាន់តែដកចេញនូវលទ្ធផលទាំងឡាយនៃអំពើបាប ហើយទុកឲ្យសេចក្ដីយុត្តិធម៌ មិនត្រូវបានបំពេញនោះ ។
សូមសញ្ជឹងគិតសំណួរតទៅនេះ មុនពេលអាន អាលម៉ា 42:15 ដើម្បីរកមើលចម្លើយ ៖ ប្រសិនបើការដាក់ទោសចំពោះអំពើបាបទាំងឡាយរបស់យើង ពុំអាចត្រូវបានដកចេញទេ តើយើងអាចមានសេចក្ដីសុខសាន្តក្នុងសតិសម្បជញ្ញៈ និង បានសាងឡើងវិញចំពោះវត្តមានរបស់ព្រះយ៉ាងណាទៅ ?
វាអាចជាប្រយោជន៍ក្នុងការយល់ពីឃ្លាថា « ធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ » មានន័យថា ធ្វើឲ្យស្កប់ស្កល់ ឬ បង់ថ្លៃសម្រាប់ការដាក់ទោសដែលសេចក្ដីយុត្តិធម៌តម្រូវឲ្យមាន ។
ចេញពី អាលម៉ា 42:15 យើងរៀនថា ៖ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ ដើម្បីឲ្យសេចក្ដីមេត្តាករុណាអាចត្រូវបានប្រទានដល់ពួកអ្នកប្រែចិត្ត ។ សូមបំពេញរូបភាពជញ្ជីងដែលអ្នកបានគូរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយសរសេរពាក្យ បានស្កប់ស្កល់ដោយសេចក្ដីមេត្តាករុណា—ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នៅខាងក្រោមឃ្លា « ការផ្ដន្ទាទោស … » ។
-
សូមស្រមៃថា អ្នកមានមិត្តម្នាក់ដែលកំពុងជួបបញ្ហា ក្រោមបន្ទុកដែលបានបង្កើតឡើង ដោយអំពើបាបទាំងឡាយរបស់គាត់ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីរបៀបដែលអ្នកនឹងពន្យល់ទៅមិត្តរបស់អ្នក ពីរបៀបដែលដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ អនុញ្ញាតឲ្យសេចក្ដីមេត្តាករុណាមានដល់យើងម្នាក់ៗ ។
សូមសញ្ជឹងគិត ថាតើវាមានអត្ថន័យយ៉ាងណាចំពោះអ្នក ដែលព្រះអង្គសង្គ្រោះស្ម័គ្រព្រះទ័យរងទុក្ខនូវការផ្ដន្ទាទោសដែលសេចក្ដីយុត្តិធម៌ទាមទារ ដើម្បីអ្នកអាចបានសេចក្ដីមេត្តាករុណានោះ ?
សូមអាន អាលម៉ា 42:22–24 ហើយគូសចំណាំនូវអ្វីដែលព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យមាន ដើម្បីឲ្យយើងបានទទួលសេចក្ដីមេត្តាករុណា ។ ឃ្លាថា « ជនដែលប្រែចិត្ត » នៅក្នុងខ 24 មានន័យថា ប្រែចិត្តដោយអស់ពីចិត្ត ។ ដោយផ្អែកលើអ្វីដែលអ្នកបានអាន សូមបំពេញគោលការណ៍តទៅនេះ ៖ បើយើងប្រែចិត្ត នោះយើងនឹងទទួល តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍សំដៅដល់ព្រះយស៊ូវគ្រីស្ទថាជាព្រះ ជាអ្នកសង្រួបសង្រួម ។ ព្រះជាអ្នកសង្រួបសង្រួម គឺជាអង្គមួយដែលឈររវាងក្រុមពីរ ដើម្បីជួយដោះស្រាយការមិនចុះសម្រុង ។ ពេលអ្នកអានពាក្យទាំងនេះ សូមរកមើលថា តើមនុស្សមានបាបត្រូវការព្រះអង្គសង្គ្រោះយ៉ាងណា ដើម្បីឲ្យសេចក្ដីមេត្តាករុណាមានដល់ពួកគេនោះ ។
« តាមរយៈក្រិត្យវិន័យដ៏អស់កល្បជានិច្ច នោះសេចក្ដីមេត្តាករុណាពុំអាចផ្ដល់ឲ្យបានឡើយ លុះត្រាតែមានមនុស្សម្នាក់ដែលសុខចិត្ត ហើយមានសមត្ថភាពទទួលយកបំណុលរបស់យើង ហើយបង់ថ្លៃនោះ ហើយរៀបចំលក្ខខណ្ឌសម្រាប់ការប្រោសលោះរបស់យើង ។
« លើកលែងតែមានព្រះជាអ្នកសង្រួបសង្រួមមួយអង្គ លើកលែងតែយើងមានមិត្តម្នាក់តែប៉ុណ្ណោះ នោះទម្ងន់ទាំងអស់នៃសេចក្ដីយុត្តិធម៌ គឺមិនអាចបន្ធូរបន្ថយ ពុំមានការអាណិតអាសូរបានឡើយ គឺត្រូវតែធ្លាក់មកលើយើងទាំងអស់ ។ ការទូទាត់ទាំងស្រុងសម្រាប់គ្រប់អំពើរំលង ទោះតូច ឬ ធំ នឹងត្រូវទាមទារពីយើងឲ្យគ្រប់គ្មានសល់ ។
« ប៉ុន្តែ ចូរដឹងការណ៍នេះថា ៖ សេចក្ដីពិត គឺសេចក្ដីពិតដ៏រុងរឿង ប្រកាសថា មាននូវព្រះជាអ្នកសង្រួបសង្រួមមួយអង្គ ។ …
« តាមរយៈទ្រង់ សេចក្ដីមេត្តាករុណាអាចមានដល់យើងម្នាក់ៗ ដោយពុំមានការអង្អាក់បង្អន់ដល់ក្រិត្យវិន័យដ៏អស់កល្បនៃសេចក្ដីយុត្តិធម៌ឡើយ ។ …
« ការផ្ដល់នូវសេចក្ដីមេត្តាករុណា នឹងមិនកើតឡើងដោយឯកឯងនោះទេ ។ វានឹងកើតឡើងតាមរយៈសេចក្ដីសញ្ញាជាមួយទ្រង់ ។ វានឹងផ្អែកលើលក្ខខណ្ឌរបស់ទ្រង់ ជាលក្ខខណ្ឌដ៏សប្បុរសរបស់ទ្រង់ » ( “The Mediator” Ensign ខែ ឧសភា ឆ្នាំ 1977 ទំព័រ 55–56 ) ។
កាលដែលអាលម៉ាបានបញ្ចប់នូវការទូន្មានរបស់លោកចំពោះកូរីអានតុន នោះលោកបានសង្ខេបអ្វីៗគ្រប់យ៉ាងដែលលោកព្យាយាមបង្រៀនដល់កូនប្រុសលោក ។ សូមអាន អាលម៉ា 42:26–31 ហើយគូសចំណាំនូវអ្វីដែលអាលម៉ាប្រាថ្នាចង់បានសម្រាប់កូរីអានតុន ពេលដែលគាត់បានយល់ពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយដែលអាលម៉ាបានបង្រៀនគាត់នៅក្នុងជំពូកនេះហើយនោះ ។ សូមកត់ចំណាំនូវបំណងប្រាថ្នារបស់អាលម៉ាសម្រាប់កូរីអានតុន ដើម្បីកុំឲ្យគាត់ដោះសារចំពោះអំពើបាបទាំងឡាយរបស់គាត់ ប៉ុន្តែជាការប្រសើរសម្រាប់គាត់ ដើម្បីទុកឲ្យគោលលទ្ធិ និង គោលការណ៍ទាំងឡាយដែលទាក់ទងទៅនឹងសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា និង ដង្វាយធួន « មានប្រសិទ្ធភាពយ៉ាងពេញទំហឹងនៅក្នុងចិត្ត [ គាត់ ] ចុះ » ( អាលម៉ា 42:30 ) ។ តើអ្នកអាចទុកឲ្យគោលលទ្ធិ និង គោលការណ៍ទាំងនេះមានប្រសិទ្ធភាពយ៉ាងពេញទំហឹងនៅក្នុងចិត្តរបស់អ្នកដោយរបៀបណាទៅ ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរគំនិតរបស់អ្នកអំពីសំណួរតទៅនេះ ៖ ប្រសិនបើអ្នកអាចបង្ហាញពីការដឹងគុណរបស់អ្នកចំពោះព្រះអង្គសង្គ្រោះដោយផ្ទាល់ សម្រាប់ការពលិកម្មរបស់ទ្រង់ជំនួសអ្នក នោះតើអ្នកនឹងទូលអ្វីខ្លះដល់ទ្រង់ ?
វាសំខាន់ក្នុងការដឹងថា កូរីអានតុនបានប្រែចិត្ត ហើយនៅទីបំផុត ការណ៍នោះបានមាននូវឥទ្ធិពលយ៉ាងធំធេងទៅលើការរីកលូតលាស់នៃសាសនាចក្រ ( សូមមើល អាលម៉ា 49:30 ) ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 42 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖