មេរៀនទី 3 ៖ ថ្ងៃទី 2
នីហ្វៃទី1 8
សេចក្តីផ្តើម
នៅក្នុងនីហ្វៃទី1 8 យើងបានអានអំពីការនិមិត្តរបស់លោកលីហៃស្តីអំពីដើមឈើជីវិត ។ លោកបានទទួលអារម្មណ៍នៃសេចក្តីអំណរដ៏មហិមា នៅពេលលោកទទួលទានផ្លែឈើនោះ ដែលតំណាងឲ្យពរជ័យទាំងឡាយនៃដង្វាយធួន ។ ហើយលោកបានឃើញហ្វូងមនុស្សជាច្រើនក្រុមដែលបានឆ្លើយតបផ្សេងគ្នាពីដើមឈើ និង ផ្លែរបស់វា ។ ដើម្បីជួយអ្នករៀបចំមេរៀននេះ អ្នកអាចច្រៀង ឬ អានពាក្យទាំងនេះ « ដំបងដែក» ( ទំនុកតម្កើង )លេខ 172 ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាអំពីរបៀបដែលដង្វាយធួនបាននាំមកនូវសេចក្តីអំណរដ៏មហិមាដល់អ្នក និង អ្វីដែលអ្នកត្រូវតែធ្វើនៅពេលនេះ និងសម្រាប់ពេលអនាគតដើម្បីទទួលបានពរជ័យទាំងអស់ដែលបានមកពីដដ្វាយធួន ។ សូមសញ្ចឹងគិតអំពីអ្វី ដែលជាឧបសគ្គ ដែលអ្នកអាចយកឈ្នះដើម្បីទទួលពរជ័យទាំងនេះ ។
នីហ្វៃទី1 8:1–18
លោកលីហៃទទួលទានផ្លែឈើនៃជីវិត ហើយបបួលគ្រួសាររបស់លោកឲ្យទទួលទានដែរ
សូមគិតដល់គ្រាមួយនៅក្នុងជីវិតរបស់អ្នក នៅពេលមួយដែលបានអ្នកទទួលអារម្មណ៍នៃសេចក្តីស្រលាញ់របស់ព្រះអម្ចាស់ដែលមានមកលើអ្នកដោយផ្ទាល់ ។ សូមពិចារណាពីរបៀបដែលអ្នកធ្វើការជ្រើសរើស ដែលនឹងមានឥទ្ធិពលលើការខិតទៅជិតព្រះអម្ចាស់ និង សមត្ថភាពរបស់អ្នកដើម្បីទទួលអារម្មណ៍នូវសេចក្តីស្រលាញ់របស់ទ្រង់ ។ ខណៈដែលអ្នកសិក្សានីហ្វៃទី1 8 សូមរកមើលនូវអ្វីដែលគ្រូបង្រៀនឲ្យអ្នកធ្វើ និង អ្វីដែលអ្នកគួរជៀសវាង ដើម្បីឲ្យអ្នកអាចខិតទៅជិតព្រះអម្ចាស់ និង ទទួលអារម្មណ៍នៃសេចក្តីស្រលាញ់របស់ទ្រង់កាន់តែមានអំណាចនៅក្នុងជីវិតរបស់អ្នក ។
សូមអាននីហ្វៃទី1 8:2 ហើយរកមើលអ្វីដែលលោកលីហៃបានមានបទពិសោធន៍អំឡុងពេលនៅទីរហោស្ថាន ។ សូមអាននីហ្វៃទី 1 8:5–12 ហើយរកមើលអ្វីដែលលេចឡើងជារូបភាពនៅចំកណ្តាល ឬ ចំណុចដែលគួរឲ្យចាប់អារម្មណ៍នៃសុបិនរបស់លោកលីហៃ ។
បន្ទាប់ពីរកមើលរូបភាពនៅចំកណ្តាល សូមធ្វើបញ្ជីពាក្យ និង ឃ្លាមួយចំនួនដែលលីហៃបានប្រើប្រាស់ដើម្បីពិពណ៌នាអំពីផ្លែឈើនៅក្នុង នីហ្វៃទី 1 8:10–11 ។
ជាញឹកញាប់ ព្រះអម្ចាស់ប្រើប្រាស់វត្ថុដែលយើងស្គាល់ និមិត្តរូបដើម្បីជួយយើងយល់អំពីសេចក្តីពិតដ៏នៅអស់កល្បជានិច្ច ។ ដើម្បីជួយអ្នកស្គាល់ពីអ្វីដែលតំណាងឲ្យដើមឈើ និង ផ្លែឈើនៅក្នុងសុបិនរបស់លីហៃ សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមរបស់អែលឌើរ នែល អេ ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « ដើមឈើជីវិត…គឺជាសេចក្តីស្រលាញ់នៃព្រះ ( សូមមើលនីហ្វៃទី1 11:25 ) ។ សេក្តីស្រលាញ់របស់ព្រះសម្រាប់កូនចៅរបស់ទ្រង់ គឺត្រូវបានបង្ហាញឡើងយ៉ាងជ្រាលជ្រៅបំផុតនៅក្នុងអំណោយទានរបស់ទ្រង់ នៃព្រះយេស៊ូវ ជាព្រះប្រោសលោះ ៖ ‹ ព្រះទ្រង់ស្រលាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ›( សូមមើលយ៉ូហាន 3:16 ) ។ ដើម្បីទទួលទានសេចក្តីស្រលាញ់របស់ព្រះគឺ ត្រូវទទួលទានដង្វាយធួននៃព្រះគ្រីស្ទ និង ការរួចពីទោសទាំងឡាយ [ មានសិទ្ធិសេរីភាពពីការបង្ខាំង ឬ អំពើបាប ] ហើយនាំមកនូវសេចក្តីអំណរវិញ » ( « Lessons from Laman and Lemuel » Ensign ខែ វិច្ឆិកា ឆ្នាំ 1999 ទំព័រ 8 ) ។
ដើម្បីជួយអ្នកឲ្យស្គាល់ពីគោលការណ៍នៃដំណឹងល្អមួយដែលត្រូវបានបង្ហាញនៅក្នុងនីហ្វៃទី1 8:10–12 សូមគូសបន្ទាត់ពីក្រោមខគម្ពីរបស់អ្នកអំពីអ្វីដែលលីហៃបានធ្វើជាមួយនឹងផ្លែឈើនោះនៅក្នុងនីហ្វៃទី1 8:11 ហើយគូសបន្ទាត់ពីក្រោមលទ្ធផលទាំងឡាយនៅក្នុងនីហ្វៃទី 1 8:12 ។ សូមគិតអំពីរបៀបទាំងឡាយដែលអ្នកអាច « ទទួលទាន » ដង្វាយធួនដូចជាលីហៃ « ទទួលទាន » ផ្លែឈើ ។
បទពិសោធន៍របស់លីហៃបានបង្ហាញថា ការមករកព្រះយេស៊ូវគ្រីស្ទ និង ការទទួលទានដង្វាយធួនរបស់ទ្រង់គឺនាំមកនូវសុភមង្គល និង សេចក្តីអំណរ ។
-
សូមឆ្លើយនឹងសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើនៅពេលណាដែល ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះបាននាំមកនូវសុភមង្គល និង សេចក្តីអំណរចូលមកក្នុងជីវិតអ្នក ?
សូមពិចារណាអំពីមូលហេតុដែលយើង ក៏ដូចជាលីហៃដែរ គឺគួរតែមានបំណងចង់ឲ្យគ្រួសារ និងមិត្តភក្តិរបស់យើងទទួលបទពិសោធន៍ពីពរជ័យនៃដង្វាយធួន បន្ទាប់ពីយើងបានទទួលបទពិសោធន៍អំពីការណ៍ទាំងនោះហើយ ។ សូមអាន នីហ្វៃទី1 8:3–4,13–18 ហើយរកមើលរបៀបដែលសមាជិកក្នុងគ្រួសាររបស់លីហៃមានប្រត្តិកម្មតបតទៅនឹងការអញ្ជើញឲ្យទទួលទានផ្លែឈើនៃដើមឈើជីវិត ។
យើងមិនអាចសម្រេចចិត្តថា តើអ្នកផ្សេងទៀតនឹងជ្រើសរើសដើម្បីទទួលទានសេចក្តីស្រលាញ់របស់ព្រះដែរឬអត់នោះទេ ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏អាចអញ្ជើញ និង លើកទឹកចិត្តពួកគេដូចជាលីហៃបានធ្វើផងដែរ ។ សូមពិចារណាអំពីរបៀបដែលអ្នកអាចអញ្ជើញ និង លើកទឹកចិត្តនរណាម្នាក់ដែលអ្នកស្គាល់ ឲ្យមករកព្រះគ្រីស្ទ ហើយទទួលពរជ័យទាំងឡាយនៃដង្វាយធួន ។
នីហ្វៃ1 8:19–35
លីហៃឃើញភាពជោគជ័យរបស់មនុស្សមួយចំនួន និង ភាពបរាជ័យរបស់មនុស្សផ្សេងទៀតនៅពេលដែលពួកគេតម្រង់ទៅឯដើមឈើជីវិត ហើយទទួលទានផ្លែឈើនោះ
ក្រោយមក នៅក្នុងនីហ្វៃទី1 អ្នកនឹងអានអំពីរបៀបដែលនីហ្វៃ ក៏ត្រូវបានបើកបង្ហាញឲ្យឃើញនូវការនិមិត្តអំពីដើមជីវិតផងដែរ ។ លោកបានកត់ត្រាពីអ្វី ដែលជាអត្ថន័យនៃនិមិត្តរូប និង រូបភាពផ្សេងៗនៅក្នុងការនិមិត្តនោះ ។ សូមប្រើប្រាស់តារាងខាងក្រោមនេះដើម្បីរកមើលអំពីនិមិត្តរូប និង ការបកស្រាយទាំងឡាយរបស់វា ។ សូមស្វែងរកនៅក្នុងព្រះគម្ពីររបស់អ្នកដើម្បីបំពេញលំហាត់ខាងក្រោមនេះ ។ អ្នកបានសិក្សា និង រៀនរួចហើយអំពីការបកស្រាយនៃនិមិត្តរូបពីរដំបូង ។
និមិត្តរូបមកពីសុបិនរបស់លីហៃ |
ការបកស្រាយនៃនិមិត្តរូបដែលប្រទានឲ្យនីហ្វៃ |
---|---|
ដើមឈើ ( សូមមើល នីហ្វៃទី1 8:10 វាត្រូវបានហៅថាជាដើមឈើជីវិតនៅក្នុងនីហ្វៃទី1 15:22 ) |
សេចក្តីស្រលាញ់នៃព្រះ ( សូមមើល នីហ្វៃទី 1 11:25 ) |
ផ្លែនៃដើមឈើនោះ ( សូមមើល នីហ្វៃទី1 8:12 ) |
អំណោយទានដ៏មហិមាបំផុតនៃអំណោយទានរបស់ព្រះ—ពរជ័យនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ( សូមមើលនីហ្វៃទី1 15:36 ) |
ទន្លេនៃទឹក ( កខ្វក់ ) ( សូមមើលនីហ្វៃទី 1 8:13 ) |
( សូមមើល នីហ្វៃទី1 12:16; 15:27 ) |
ដំបងដែក ( សូមមើល នីហ្វៃទី 1 8:19 ) |
( សូមមើលនីហ្វៃទី1 11:25; 15:23–24 ) |
អ័ព្ទនៃសេចក្តីងងឹត ( សូមមើល នីហ្វៃទី 1 8:23 ) |
( សូមមើល នីហ្វៃទី 1 12:17 ) |
អគារដ៏ធំ និង ទូលាយមួយ ( សូមមើលនីហ្វៃទី1 8:26 ) |
( សូមមើលនីហ្វៃទី1 11:36; 12:18 ) |
វាអាចជាការមានប្រយោជន៍ដើម្បីគូសចំណាំពីក្រោមខគម្ពីររបស់អ្នក ដោយសរសេរនូវការបកស្រាយនៃនិមិត្តរូបនិមួយៗ ( ចម្លើយនៅក្នុងតារាងទីពីរនៃតារាងខាងលើ ) ក្បែរទៅនឹងខគម្ពីរមួយ ឬ ខគម្ពីរជាច្រើនដែលនិមិត្តរូបត្រូវបានបញ្ជាក់ប្រាប់ ( ខគម្ពីរទាំងឡាយនៅក្នុងតារាងទីមួយនៃតារាង ) ។
នៅពេលអ្នកអានការដកស្រង់ខាងក្រោមនេះរបស់ប្រធាន ប៊យដ៍ ឃេ. ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ សូមគូសបន្ទាត់ពីក្រោមអ្វីដែលលោកបានមានប្រសាសន៍ស្តីអំពីមូលហេតុដែលវាសំខាន់សម្រាប់យើងដើម្បីសិក្សាសុបិនរបស់លីហៃ ៖
« អ្នកប្រហែលជាគិតថា សុបិន ឬ ការនិមិត្តរបស់លីហៃមិនមានន័យពិសេសអ្វីសម្រាប់អ្នកនោះទេ ប៉ុន្តែវាពិតជាមានន័យ ។ អ្នកនៅក្នុងការសុបិននោះ ហើយយើងទាំងអស់គ្នាក៏នៅក្នុងសុបិននោះដែរ ។ …
« សុបិន ឬ ការនិមិត្តរបស់លីហៃអំពីដំបងដែកគឺមាននៅក្នុងសុបិន ហើយមានគ្រប់ការណ៍ទាំងអស់ដែលពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវតែយល់ដឹងនៅក្នុងជីវិតសាកល្បងនេះ » ( « Finding Ourselves in Lehi’s Dream »Ensignខែ សីហា ឆ្នាំ 2010 ទំព័រ 22 ) ។
នៅពេលអ្នកសិក្សាសេចក្តីដែលនៅសេសសល់នៅក្នុង នីហ្វៃទី1 8 សូមពិចារណាពីអ្វីដែលអ្នកកំពុងរៀនអាចជួយអ្នក « យល់អំពីជីវិតសាកល្បងនេះ » យ៉ាងណា ។ សូមអាននីហ្វៃទី 1 8:21–33 សូមរកមើលពីរបៀបដែលទន្លេ អ័ព្ទនៃសេចក្តីងងឹត អគារដ៏ធំ និង ទូលាយមួយ បានរារាំងមនុស្សដែលមាននៅក្នុងសុបិនរបស់លីហៃពីការទទួលទាន ឬ សប្បាយរីករាយនឹងផ្លែនៃដើមឈើជីវិត ។ អ្នកអាចពិចារណាអំពីការគូសចំណាំពាក្យ និង ឃ្លាសំខាន់ៗនៅក្នុងព្រះគម្ពីររបស់អ្នកដែលសំដៅដល់ឧបសគ្គទាំងនេះ និង លទ្ធផលដែលបានកើតឡើងចំពោះមនុស្ស ។
តើមានឧបសគ្គអ្វីខ្លះដែលលីហៃបានឃើញ មានក្នុងជីវិតរបស់ពួកយើងនៅពេលសព្វថ្ងៃនេះ ? សូមគូសបន្ទាត់ពីក្រោមឧបសគ្គមួយចំនួនខាងក្រោមនេះ ដែលអ្នកបានយល់ឃើញថា បានរារាំងមនុស្សណាម្នាក់ពីការមករកព្រះអង្គសង្គ្រោះ និង ការទទួលអារម្មណ៍នៃសេចក្តីអំណរ ៖ រូបអាសគ្រាម ការស្វែងរកការទទួលស្គាល់ ឬ ការសរសើរពីមនុស្សដទៃ ការញៀន ភាពអាត្មានិយម សេចក្តីលោភលន់ ការច្រណែននឹងអ្នកដទៃ ការខកខានក្នុងការអធិស្ឋាន និង សិក្សាព្រះគម្ពីរ ការប្រើប្រាស់ឧបករណ៍កម្សាន្តអេឡិចត្រូនិចហួសហេតុ ការចូលរួមក្នុងសកម្មភាព ឬ លេងកីឡាណាមួយច្រើនពេក ការមិនស្មោះត្រង់ និង ការធ្វើតាមមនុស្សផ្សេងណាម្នាក់ ។ សូមគិតអំពីឧទាហរណ៍មួយចំនួនផ្សេងទៀតនាសម័យទំនើបនេះដែលជាផ្នែកនៃឧបសគ្គទាំងនេះ ។
គោលការណ៍នៃដំណឹងល្អខាងក្រោមនេះ គឺជារបៀបមួយដែលសង្ខេបនូវអ្វីៗដែលអ្នកអាចរៀនពីការសិក្សាអំពីឧបសគ្គទាំងឡាយនៅក្នុងនីហ្វៃទី1 8:21–33 ៖ ការឆ្មើងឆ្មៃ លោកិយ និង ការបណ្តោយខ្លួនឲ្យធ្លាក់ក្នុងការល្បួង អាចរារាំងអ្នកពីការទទួលបាននូវពរជ័យនៃដង្វាយធួន ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរសេចក្តីសង្ខេបពីខាងលើ និង អារម្មណ៍របស់អ្នកអំពីសេចក្តីពិតដ៏ពេញលេញ និង របៀបនានាដែលវាអាចអនុវត្តនៅក្នុងជីវិតរបស់អ្នក ។
សូមពិចារណាពីរបៀបដែលភាពកខ្វក់នៃលោកិយ ការល្បួងទាំងឡាយរបស់សាតាំង និង សេចក្តីឆ្មើងឆ្មៃនៃលោកិយនេះអាចកំពុងរារាំង ឬ ពន្យឺតការរីកចំរើនខាងវិញ្ញាណរបស់អ្នកដោយរបៀបណា ។
សូមសិក្សា នីហ្វៃទី1 8:21–33ម្តងទៀត ។ នៅពេលនេះ សូមរកមើលចម្លើយទាំងឡាយសម្រាប់សំណួរទាំងឡាយខាងក្រោមនេះ ៖
-
តើដំបងដែក ( ដែលជាព្រះបន្ទូលនៃព្រះ—ដែលមានរួមទាំងព្រះគម្ពីរ ពាក្យសម្តីដែលពោរពេញដោយការបំផុសគំនិតរបស់ពួកព្យាការី និង ពួកអ្នកដឹកនាំ ព្រមទាំងវិវរណៈផ្ទាល់ខ្លួន ) មានសារៈសំខាន់យ៉ាងណាចំពោះអ្នកទាំងឡាយដែលបានទទួលទានផ្លែឈើបានសម្រេចនោះ ?
-
តើឃ្លាអ្វីទៅនៅក្នុងនីហ្វៃទី 1 8:30 ដែលពិពណ៌នាអំពីអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យព្រះបន្ទូលនៃព្រះដឹកនាំយើងទៅរកដើមឈើជីវិតប្រកបដោយសុវត្តិភាព ?
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីរបៀបដែលព្រះបន្ទូលនៃព្រះអាចដឹកនាំ និង ជួយយើងឲ្យរួចផុតពីការល្បួង ។
ខគម្ពីរទាំងនេះបង្រៀនអំពីគោលការណ៍នៃដំណឹងល្អដូចខាងក្រោមនេះ ៖ បើយើងតោងជាប់តាមព្រះបន្ទូលនៃព្រះ នោះព្រះបន្ទូលនៃព្រះនឹងជួយយើងឲ្យយកឈ្នះលើការល្បួង និង ឥទ្ធិពលនៃលោកិយ ។ ការតោងជាប់តាមព្រះបន្ទូលនៃព្រះជួយយើងឲ្យរីកចម្រើនកាន់តែខិតជិតព្រះអម្ចាស់ និង ទទួលបាននូវពរជ័យនៃដង្វាយធួន ។
-
ដើម្បីជួយអ្នកឲ្យមើលឃើញពីភស្តុងតាងនៃគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់អ្នក សូមឆ្លើយនឹងសំណួរមួយ ឬ ទាំងពីរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើនៅពេលណាដែល ព្រះបន្ទូលនៃព្រះបានដឹកនាំអ្នក និង បានជួយអ្នកឲ្យរួចផុតពីការល្បួង ភាពឆ្មើងឆ្មៃ ឬ ពីលោកិយ ?
-
តើនៅពេលណាដែលព្រះបន្ទូលនៃព្រះបានជួយអ្នកឲ្យកាន់តែខិតទៅជិតព្រះអង្គសង្គ្រោះ ?
-
លីហៃបានទូន្មានដល់គ្រួសាររបស់លោក « ដោយអស់ទាំងអារម្មណ៍របស់មេបាដ៏ទន់ភ្លន់ម្នាក់ ដើម្បីឲ្យពួកគេប្រុងស្តាប់តាមពាក្យទាំងឡាយរបស់លោក » ( នីហ្វៃទី1 8:37 ) ។ លោកបានមានបំណងចង់ឲ្យពួកគេ មានបទពិសោធន៍នៃសេចក្តីអំណរ និង ពរជ័យនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទដូចជាលោកបានទទួលដែរ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរគោលដៅមួយដើម្បីធ្វើឲ្យការសិក្សាព្រះបន្ទូលនៃព្រះរបស់អ្នកមានភាពរីកចម្រើនឡើង ។
នៅពេលអ្នកធ្វើតាម និង តោងជាប់តាមព្រះបន្ទូលនៃព្រះ នោះអ្នកអាចឈ្នះលើឧបសគ្គទាំងឡាយដែលនឹងរារាំងអ្នកពីការទទួលទានដង្វាយធួន និង ការទទួលបានសេចក្តីអំណរយ៉ាងពិតប្រាកដ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី1 8 ហើយបានបញ្ចប់មេរៀននេះនៅ (កាលបរិច្ឆេទ ) ។
សម្រាប់សំណួរ គំនិត និង ការយល់ដឹងបន្ថែមទៀត ខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖