មេរៀនទី 18 ៖ ថ្ងៃទី 2
អាលម៉ា 30
សេចក្តីផ្ដើម
ក្រោយពីចម្បាំងដ៏ធំមួយជាមួយនឹងពួកសាសន៍លេមិនរួចមក សេចក្ដីសុខសាន្តបានមាននៅពាសពេញដែនដីសារ៉ាហិមឡា ។ នៅពាក់កណ្ដាលនៃគ្រាដ៏សុខសាន្ដនោះ មានបុរសម្នាក់ឈ្មោះកូរីហូរ បានចាប់ផ្ដើមផ្សព្វផ្សាយថា ពុំមានព្រះគ្រីស្ទទេ ។ ការបង្រៀនខុសឆ្គងរបស់គាត់ បានដឹកនាំពួកអ្នកដែលជឿតាមគាត់ ធ្វើអំពើបាប ។ គាត់បាននិយាយទាស់នឹងពួកអ្នកដឹកនាំសាសនាចក្រ ដោយប្រកាសថា ពួកគេកំពុងបង្រៀន « សណ្ដាប់ដ៏ឆ្កួតលីលាទាំងឡាយ » ( អាលម៉ា 30:27 ) ។ កូរីហូរត្រូវបាននាំមកចំពោះមុខអាលម៉ា ដែលលោកបានបង្រៀនគាត់ថា គ្រប់អ្វីៗទាំងអស់ធ្វើបន្ទាល់ពីព្រះគ្រីស្ទ ។ ទីបំផុត កូរីហូរបានសារភាពថា ទង្វើរបស់គាត់ គឺត្រូវបានដឹកនាំដោយអារក្ស ។
អាលម៉ា 30:1–29
កូរីហូរ ជាអ្នកទទឹងនឹងព្រះគ្រីស្ទ ចំអកឲ្យគោលលទ្ធិនៃព្រះគ្រីស្ទ
សូមស្រមៃថា មនុស្សម្នាក់បានរៀបចំអាហារសម្រាប់អ្នក ។ អាហារនោះមើលទៅមានក្លិនឈ្ងុយឆ្ងាញ់ណាស់ ប៉ុន្តែពេលអ្នកបានទទួលទានវា អ្នកបានឈឺជាខ្លាំង ។ សូមគិតមួយស្របក់ ថាតើការបង្រៀនក្លែងក្លាយ អាចមានភាពស្រដៀងគ្នាទៅនឹងការផ្ដល់អាហារដែលមើលទៅឈ្ងុយឆ្ងាញ់ ប៉ុន្តែមានថ្នាំពុលនៅក្នុងនោះ។
ពីមុននេះ អ្នកបានសិក្សាអំពីពួកអ្នកទទឹងនឹងព្រះគ្រីស្ទ គឺសេរេម ( សូមមើល យ៉ាកុប 7 ) និង នីហូរ ( សូមមើល អាលម៉ា 1 ) ។ សូមចាំថា និយមន័យមួយនៃអ្នកទទឹងនឹងព្រះគ្រីស្ទគឺ « នរណាក៏ដោយ ឬ អ្វីក៏ដោយ ដែលក្លែងបន្លំផែនការនៃដំណឹងល្អដ៏ពិតនៃសេចក្ដីសង្គ្រោះ និង ដែលប្រឆាំងនឹងព្រះគ្រីស្ទដោយបើកចំហរ ឬ ដោយសម្ងាត់ក្ដី » ( Guide to the Scriptures, “Antichrist” scriptures.lds.org ) ។ ថ្ងៃនេះ អ្នកនឹងរៀនអំពីបុរសម្នាក់ទៀត ដែលជាសត្រូវម្នាក់នៃព្រះគ្រីស្ទ ហើយដែលការបង្រៀនក្លែងក្លាយរបស់គាត់ បានបោកបញ្ឆោតអ្នកដទៃទៀត និង បានដឹកនាំពួកគេឲ្យធ្វើអំពើបាប ។ មនុស្សជាច្រើននៅក្នុងពិភពលោកសព្វថ្ងៃនេះ ប្រើប្រាស់ការទាស់ទែងស្រដៀងគ្នានឹងកូរីហូរ ដើម្បីជំទាស់នឹងពួកអ្នកដែលបង្ហាញជំនឿរបស់ពួកគេទៅលើព្រះ ។
កូរីហូរបានចាប់ផ្ដើមផ្សព្វផ្សាយក្នុងចំណោមពួកសាសន៍នីហ្វៃ ។ សូមអាន អាលម៉ា 30:6, 12 ហើយរកមើលឃ្លាទាំងឡាយ ដែលចង្អុលបង្ហាញថា កូរីហូរជាអ្នកទទឹងនឹងព្រះគ្រីស្ទ ។
សូមអាន អាលម៉ា 30:12–18 ហើយផ្គូរផ្គងការបង្រៀនក្លែងក្លាយទាំងឡាយរបស់កូរីហូរ ជាមួយនឹងទំនាក់ទំនងរបស់វា ។
ការបង្រៀនក្លែងក្លាយមួយចំនួនរបស់កូរីហូរ ជាអ្នកទទឹងនឹងព្រះគ្រីស្ទ |
ការបកស្រាយ និង ទំនាក់ទំនងដែលអាចមាននៃការបង្រៀនក្លែងក្លាយ |
---|---|
| |
| |
| |
|
|
|
|
|
( ចម្លើយសម្រាប់លំហាត់ផ្គូរផ្គងនេះ មាននៅចុងបញ្ចប់នៃមេរៀននេះ ) ។
អាលម៉ា 30:18 បង្រៀនពីគោលការណ៍នេះ ៖ សាតាំងប្រើប្រាស់គោលលទ្ធិក្លែងក្លាយ ដើម្បីទាក់ទាញចិត្តយើងឲ្យប្រព្រឹត្តអំពើបាប ។
ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ៖
« ឥរិយាបទរបស់យើងមិនត្រូវបានគ្រប់គ្រងទាំងស្រុងដោយកម្លាំងធម្មជាតិនោះទេ ។ ឥរិយាបទចាប់ផ្ដើមជាមួយនឹងការជឿផងដែរ ។
« ការជឿកើតពីទស្សនវិជ្ជា ឬ គោលលទ្ធិ ។ គោលលទ្ធិអាចជាខាងវិញ្ញាណ ឬ ខាងផ្លូវលោកិយ ល្អត្រឹមត្រូវ ឬ វិនាស ពិត ឬ ក្លែងក្លាយ ។ …
« គោលលទ្ធិពិត បើបានយល់ នោះគឺនាំឲ្យផ្លាស់ប្ដូរអាកប្បកិរិយា និង ឥរិយាបទ » ( “Little Children” Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 17 ) ។
-
សូមជ្រើសរើសការបង្រៀនពីរ ឬ ច្រើនជាងនោះ ចេញពីការបង្រៀនក្លែងក្លាយរបស់កូរីហូរ ដែលមានរាយនៅក្នុងតារាងលំហាត់ផ្គូរផ្គង ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអ្វីដែលជាគោលលទ្ធិពិតទាំងឡាយ ហើយប្រាប់ថាតើការដឹងពីសេចក្ដីពិត ជះឥទ្ធិពលដល់អាកប្បកិរិយា និង ឥរិយាបទរបស់អ្នកយ៉ាងណា ។
បន្ទាប់ពីជោគជ័យរបស់គាត់នៅក្នុងដែនដីសារ៉ាហិមឡា កូរីហូរបានទៅដែនដីយើសុន ដើម្បីផ្សព្វផ្សាយដល់ប្រជាជនអាំម៉ូន ។ សូមអាន អាលម៉ា 30:19–20 ហើយរកមើល បើសិនជាពួកគេទទួលការបង្រៀនក្លែងក្លាយរបស់គាត់ឬទេ ។
ប្រជាជនអាំម៉ូន « ឈ្លាសវៃជាងពួកនីហ្វៃចំនួនច្រើន » ហើយ « ដេញវាចេញពីដែនដី » ( អាលម៉ា 30:20–21 ) ។ ចេញពីអ្វីដែលអ្នកបានរៀនអំពីប្រជាជនអាំម៉ូន តើអ្នកគិតថា ហេតុអ្វីបានជាពួកគេពុំជឿដល់ការបង្រៀនក្លែងក្លាយរបស់កូរីហូរ ?
អាលម៉ា 30:21–29 ប្រាប់ពីកូរីហូរបានទៅកាន់ដែនដីគេឌាន បន្ទាប់ពីនោះ « ហើយនៅទីនេះ វាពុំបានជោគជ័យច្រើនទេ » ( អាលម៉ា 30:21 ) ។ ការទាស់ទែងមួយចំនួនរបស់កូរីហូរប្រឆាំងនឹងសាសនាចក្រ និង ការបង្រៀនរបស់វាមាននៅក្នុង អាលម៉ា 30:24, 27 ដែលមានការបង្រៀនពីរចំណុចគឺ ៖ ( 1 ) ពួកអ្នកដែលជឿលើព្រះគឺនៅក្នុងសេវកភាព និង ( 2 ) សាសនាដកហូតនូវសេរីភាព ។ ការទាស់ទែងទាំងនេះ នៅតែត្រូវបានប្រើប្រាស់ដោយពួកអ្នកជំទាស់នឹងសាសនានៅសព្វថ្ងៃនេះ ។
ប្រធាន ហិនរី ប៊ី. អាវរិង នៃគណៈប្រធានទីមួយ បានបង្រៀនថា ការជឿរបស់យើងទៅលើព្រះផ្ដល់ដល់យើងនូវសេរីភាព ៖ « ដូចជាបុរស និង ស្ត្រីទាំងឡាយដែលបានឈ្លោះទាស់ទាំងខុសឆ្គង តាំងពីដើមដំបូងមកដែរ កូរីហូរបានឈ្លោះទាស់ថា ការទទួលយកដំបូន្មានពីពួកអ្នកបម្រើរបស់ព្រះគឺជាការបោះបង់នូវសិទ្ធិឯករាជ្យភាពដែលព្រះប្រទានឲ្យ ។ ប៉ុន្តែការឈ្លោះទាស់នេះ គឺខុស ពីព្រោះវាបំប្លែងពីភាពពិត ។ ពេលយើងច្រានចោលនូវដំបូន្មាន ដែលមកពីព្រះ នោះយើងពុំបានជ្រើសរើសដើម្បីមានសេរីភាពពីឥទ្ធិពលខាងក្រៅឡើយ ។ យើងជ្រើសរើសឥទ្ធិពលមួយទៀតហើយ ។ យើងច្រានចោលនូវការការពារពីព្រះវរបិតាដែលគង់នៅឋានសួគ៌ ដែលពោរពេញដោយក្ដីស្រឡាញ់ឥតខ្ចោះ មានគ្រប់អស់ទាំងព្រះចេស្ដា ជ្រាបដឹងគ្រប់អ្វីទាំងអស់ ដែលព្រះបំណងទាំងមូលរបស់ទ្រង់ គឺដូចជាព្រះបំណងរបស់ព្រះរាជបុត្រាទ្រង់ដែរ គឺដើម្បីប្រទានដល់យើងនូវជីវិតដ៏នៅអស់កល្បជានិច្ច ដើម្បីប្រទានដល់យើងទាំងអស់គ្នានូវអ្វីទាំងអស់ដែលទ្រង់មាន និង ដើម្បីនាំយើងទៅផ្ទះម្ដងទៀត ជាក្រុមគ្រួសារទៅក្នុងព្រះហស្ដនៃសេចក្ដីស្រឡាញ់របស់ទ្រង់ ។ នៅក្នុងការច្រានចោលនូវដំបូន្មានរបស់ទ្រង់ នោះយើងជ្រើសរើសឥទ្ធិពលនៃអំណាចមួយផ្សេងទៀត ដែលគោលបំណងរបស់វា គឺធ្វើឲ្យយើងវេទនា ហើយការជំរុញរបស់វាគឺសេចក្ដីស្អប់ខ្ពើម ។ យើងមានសិទ្ធិជ្រើសរើសខាងសីលធម៌ ដែលជាអំណោយមួយពីព្រះ ។ លើសពីគ្រាន់តែជាសិទ្ធិជ្រើសរើសដើម្បីមានសេរីភាពពីឥទ្ធិពល នោះវាជាសិទ្ធិដែលព្រះប្រទានដែលមិនអាចដោះដូរបាន ដើម្បីចុះចូលខ្លួនយើងទៅនឹងអំណាចអ្វីក៏ដោយដែលយើងជ្រើសរើស » ( “Finding Safety in Counsel” Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 25 ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីអ្វីដែលអ្នកនឹងផ្ដល់យោបល់ដល់មនុស្សម្នាក់ឲ្យធ្វើ ដើម្បីការពារខ្លួនគាត់ពីការជឿដល់គោលលទ្ធិក្លែងក្លាយ ដូចជាអ្វីៗដែលបានបង្រៀនដោយកូរីហូរ ។
អាលម៉ា 30:30–60
កូរីហូរទាមទារទីសម្គាល់មួយពីអាលម៉ា ហើយត្រូវក្លាយទៅជាគ ដោយអំណាចនៃព្រះ
ទីបំផុត កូរីហូរត្រូវបាននាំមកចំពោះមុខអាលម៉ា ។ សូមអាន អាលម៉ា 30:30–31 ហើយរកមើលការចោទប្រកាន់ទាំងឡាយ ដែលកូរីហូរបានចោទទាស់នឹងអាលម៉ា និង អ្នកដឹកនាំសាសនាចក្រផ្សេងៗទៀត ។ « បំប៉នខ្លួនលើការងាររបស់ប្រជាជន » កំណត់សេចក្ដីថា អាលម៉ា និង អ្នកផ្សេងៗទៀតមានបានដោយសារការបម្រើក្នុងសាសនាចក្ររបស់ពួកគេ ។ សូមគិតពីចម្លើយចំពោះសំណួរខាងក្រោមនេះ ៖
-
ចេញពីបទពិសោធន៍របស់អ្នកជាមួយនឹងអ្នកដឹកនាំសាសនាចក្ររបស់អ្នក តើហេតុអ្វីការចោទប្រកាន់នេះខុស ?
-
តើអ្នកគិតថា អ្នកនឹងឆ្លើយតបចំពោះការចោទប្រកាន់របស់កូរីហូរដោយរបៀបណា ប្រសិនបើអ្នកជាអាលម៉ានោះ ?
សូមអាន អាលម៉ា 30:32–35 ហើយរកមើលឲ្យឃើញពីការឆ្លើយតបរបស់អាលម៉ាដល់កូរីហូរ ។ សូមគិតថាតើអ្នកបានឃើញពីសេចក្ដីពិតពេញលេញនៃការឆ្លើយតបរបស់អាលម៉ាយ៉ាងណា នៅក្នុងជីវិតរបស់ពួកអ្នកដែលដឹកនាំវួដ ឬ សាខារបស់អ្នក ឬ ពីសមាជិកសាសនាចក្រផ្សេងទៀតដែលអ្នកកោតសរសើរនោះ ។
ប្រសិនបើអាចធ្វើទៅបាន សូមអញ្ជើញមិត្តម្នាក់ ឬ សមាជិកក្រុមគ្រួសារម្នាក់ឲ្យអាន អាលម៉ា 30:37–45 ជាមួយអ្នក ។ សូមឲ្យម្នាក់អានពាក្យសម្ដីរបស់អាលម៉ា ហើយម្នាក់ទៀតអានពាក្យសម្ដីរបស់កូរីហូរ ។ ពេលអ្នកទាំងពីរអាន សូមរកមើលពីអ្វីដែលអាលម៉ាបានថ្លែង ដែលជាភស្ដុតាងថាមានព្រះពិតមែន ។ ( ប្រសិនបើពុំអាចធ្វើទៅបាន ក្នុងការមានមនុស្សម្នាក់អានជាមួយអ្នកទេ នោះសូមស្រមៃឆ្លាស់គ្នារវាងបុរសពីរនាក់ ពេលដែលអ្នកអាន ) ។
-
សូមបំពេញកិច្ចការខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមសរសេរភស្ដុតាងមួយណាដែលអាលម៉ាបានរៀបរាប់ ដែលជាទីបន្ទាល់ដែលពោរពេញដោយអត្ថន័យជាពិសេសចំពោះអ្នក អំពីការមានព្រះ និង មូលហេតុដែលភស្តុតាងនោះគឺជាសាក្សីដ៏រឹងមពីការមានទ្រង់ ។
-
សូមសរសេរយ៉ាងហោចណាស់ភស្ដុតាងបីទៀត ដែលអ្នកបានឃើញនៅក្នុងជីវិតអ្នក ដែល « បង្ហាញថាមានព្រះមួយអង្គមែន » ( អាលម៉ា 30:44 ) ហើយពន្យល់ដោយសង្ខេប ពីរបៀបដែលភស្ដុតាងនីមួយៗនោះបានពង្រឹងការជឿទៅលើព្រះរបស់អ្នក ។
-
គោលលទ្ធិមួយដែលមានក្នុងខទាំងឡាយដែលអ្នកបានសិក្សាគឺ ៖ គ្រប់ការណ៍ទាំងអស់ធ្វើទីបន្ទាល់អំពីព្រះ ថាជាព្រះបង្កបង្កើតដ៏មហិមាមួយអង្គ ។ សូមពិចារណាពីអ្វីដែលកើតឡើងចំពោះសេចក្ដីជំនឿរបស់អ្នក ពេលដែលអ្នកជ្រើសរើសដើម្បីរកមើល ហើយចងចាំពីទីបន្ទាល់ទាំងនេះ ។
សូមកត់ចំណាំពីអ្វីដែលព្យាការីអាលម៉ាបានធ្វើ ពេលលោកប្រាស្រ័យទាក់ទងនឹងកូរីហូរ ៖ លោកបានកែតម្រូវការបង្រៀនក្លែងក្លាយ ( សូមមើល អាលម៉ា 30:32–35 ) លោកបានធ្វើទីបន្ទាល់ពីសេចក្ដីពិត ( សូមមើល អាលម៉ា 30:37–39 ) លោកបានប្ដូរបន្ទុកនៃការបង្ហាញភស្ដុតាងទៅកូរីហូរវិញ ( សូមមើល អាលម៉ា 30:40–42 ) ហើយលោកបានផ្ដល់ភស្ដុតាងទាំងឡាយថា មានព្រះ ( សូមមើល អាលម៉ា 30:44 ) ។ តើអ្នកអាចរៀនអ្វីខ្លះ ពីគំរូរបស់អាលម៉ា អំពីរបៀបដោះស្រាយជាមួយពួកអ្នកដែលឈ្លោះទាស់នឹងសេចក្ដីពិត ?
ពេលខ្លះ ការការពារតែមួយគត់ដែលយើងមាន ដើម្បីតទល់នឹងពួកអ្នកដែលវាយប្រហារមកលើសេចក្ដីជំនឿយើង គឺចែកចាយទីបន្ទាល់របស់យើងអំពីសេចក្ដីពិត ។ ពុំមានការខ្មាស់អៀនទេ នៅក្នុងការធ្វើបែបនេះ—អាលម៉ា ជាព្យាការីនៃព្រះ បានប្រើប្រាស់យុទ្ធសាស្ត្រនេះជាមួយនឹងកូរីហូរ ។ ដូច អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ៖ « ការឈ្លោះទាស់របស់កូរីហូរ ស្ដាប់ទៅដូចជានៅទាន់សម័យណាស់ សម្រាប់អ្នកអាននៅសម័យទំនើបនេះ ប៉ុន្តែអាលម៉ាបានប្រើប្រាស់អាវុធមួយដែលពុំចេះហួសសម័យ និង ដែលនៅទីបំផុតពុំអាចបដិសេធបាន នៅក្នុងការឆ្លើយតប—គឺអំណាចនៃទីបន្ទាល់ផ្ទាល់ខ្លួន » ( Christ and the New Covenant [1997] ទំព័រ 121 ) ។
ថ្វីបើមានភស្ដុតាង ឬ ទីសម្គាល់ជាច្រើន ដែលអាលម៉ាបានចែកចាយជាមួយកូរីហូរ ដើម្បីបង្ហាញថាមានព្រះក៏ដោយ ក៏កូរីហូរបានសុំទីសម្គាល់មួយទៀត ហើយត្រូវក្លាយទៅជាគ ( មានន័យថាគាត់ពុំអាចនិយាយបានទេ សូមមើល អាលម៉ា 30:45–50 ) ។ សូមអាន អាលម៉ា 30:51–53 រកមើលពីមូលហេតុដែលកូរីហូរបាននិយាយថា គាត់បានបង្រៀនអ្វីដែលគាត់បានធ្វើ ។
ពេលកូរីហូរពុំអាចបង្រៀនគោលលទ្ធិក្លែងក្លាយទៀតបាន នោះគាត់បានព្រមទទួលថា គាត់បានបង្រៀនគំនិតខុសឆ្គងរបស់គាត់ « ព្រោះអីពាក្យទាំងនោះធ្វើឲ្យស្កប់ស្កល់ដល់គំនិតខាងរូបកាយ » ( អាលម៉ា 30:53 ) ។ ការមាន « គំនិតខាងរូបកាយ » គឺសំដៅលើការផ្ដោតលើសេចក្ដីសប្បាយខាងលោកិយ ឬ ការធ្វើឲ្យស្កប់ស្កល់ដល់ភាពត្រេកត្រអាលខាងរូបកាយ ។ ពួកអ្នកដែលបានជឿលើការបង្រៀនរបស់កូរីហូរ បានគិតថា ពួកគេអាចផ្ដេកផ្ដួលទៅតាមការសប្បាយខាងសាច់ឈាម និង សម្ភារនានា ហើយនឹងពុំមានផលអាក្រក់អ្វីនោះទេ ។ គំនិតទាំងនេះនាំទៅកាន់ជីវិតមួយពេញដោយអំពើបាប ( សូមមើល អាលម៉ា 30:18 ) ។
អាលម៉ា 30:54–59 ប្រាប់ថា កូរីហូរត្រូវបានបណ្ដេញចេញ បានទៅពីផ្ទះមួយទៅផ្ទះមួយសុំអាហារ ហើយទីបំផុតត្រូវគេជាន់ដល់ស្លាប់ ។ សូមអាន អាលម៉ា 30:60 ហើយរកមើលសេចក្ដីពិតដ៏សំខាន់មួយ អំពីអ្វីដែលកើតឡើងនៅទីបំផុត ដល់ពួកអ្នកដែលជ្រើសរើសធ្វើតាមសាតាំង ។ សូមគូសចំណាំឃ្លាតទៅនេះ នៅក្នុងព្រះគម្ពីររបស់អ្នក ៖ « អារក្សពុំដែលគាំទ្រដល់កូនចៅរបស់វា [ ពួកអ្នកធ្វើតាមវា ] ទេ នៅថ្ងៃចុងក្រោយបង្អស់ » ។ ( នៅក្នុងខនេះ កូនចៅ មានន័យថា ពួកអ្នកធ្វើតាម ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើសេចក្ដីពិតដែលអ្នកបានគូសចំណាំនៅក្នុង អាលម៉ា 30:60 បានបង្ហាញនៅក្នុងជីវិតរបស់កូរីហូរយ៉ាងណាដែរ ?
-
សូមប្រៀបធៀប អាលម៉ា 30:60 ជាមួយនឹង អាលម៉ា 36:3 ។ តើភស្ដុតាងអ្វី ដែលអ្នកបានឃើញនៅក្នុងជីវិតអ្នក ឬ នៅក្នុងជីវិតអ្នកផ្សេងទៀត ដែលបង្ហាញថា ព្រះនឹងបន្តគាំទ្រដល់ពួកអ្នកដែលព្យាយាមធ្វើតាមបទបញ្ញត្តិរបស់ទ្រង់ ?
-
សូមរំឭកឡើងវិញនូវគោលការណ៍ និង គោលលទ្ធិពិតទាំងឡាយ ដែលអ្នកបានសិក្សានៅថ្ងៃនេះ ។ សូមគិតពីរបៀបទាំងឡាយ ដែលអ្នកអាចចៀសវាងពីការបោកបញ្ឆោតដោយការបង្រៀនក្លែងក្លាយ ដូចជាការបង្រៀនទាំងឡាយរបស់កូរីហូរ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 30 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖