មេរៀនទី 30 ៖ ថ្ងៃទី 2
អេធើរ 6
សេចក្តីផ្ដើម
បន្ទាប់ពីការរៀបចំទៅតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ហើយ ពួកសាសន៍យ៉ារេឌបានចេញភេត្រារបស់គេ ហើយបានទុកចិត្តលើព្រះអម្ចាស់ ក្នុងការនាំពួកគេដោយសុវត្ថិភាព ឆ្លងកាត់ការធ្វើដំណើរដ៏លំបាកទៅកាន់ដែនដីសន្យា ។ ព្រះអម្ចាស់បានបញ្ជូនខ្យល់បោកបក់ភេត្រានៅលើរលក និង បានលិចកប់ទៅក្នុងសមុទ្រជាច្រើនដង តែខ្យល់ដដែលនោះក៏បានរុញច្រានពួកគេឲ្យឆ្ពោះទៅដែនដីសន្យាផងដែរ ។ បន្ទាប់ពីពួកគេបោះទីតាំងនៅលើដែនដីថ្មីហើយ ប្រជាជនបានជ្រើសរើសស្ដេចមួយអង្គ ថ្វីបើមានការព្រមានពីបងរបស់យ៉ារេឌក៏ដោយ ។
អេធើរ 6:1–12
ព្រះអម្ចាស់រុញច្រានភេត្រារបស់ពួកសាសន៍យ៉ារេឌដោយខ្យល់ ទៅកាន់ដែនដីសន្យា
មានពេលជាច្រើនដង ដែលយើងអាចមានអារម្មណ៍ថា វាពិបាកនឹងធ្វើអ្វីដែលព្រះអម្ចាស់សុំ ដូចជាការចែកចាយដំណឹងល្អជាមួយមិត្តភក្ដិ ការរក្សាភាពស្អាតស្អំខាងសីលធម៌ ការជ្រើសរើសមិត្តភក្ដិដែលមានបទដ្ឋានខ្ពស់ និង ការដាក់អាទិភាពត្រឹមត្រូវនៅក្នុងជីវិត ។ តើអ្នកអាចគិតពីឧទាហរណ៍ផ្សេងៗទៀតបានទេ ពីពេលដែលវាពិបាកក្នុងការធ្វើអ្វីដែលព្រះអម្ចាស់សុំឲ្យធ្វើនោះ ?
ដំណើររឿងនៃការធ្វើដំណើររបស់ពួកសាសន៍យ៉ារេឌ ទៅកាន់ដែនដីសន្យា បង្រៀនពីគោលការណ៍ទាំងឡាយ ដែលអាចដឹកនាំអ្នក ពេលអ្នកឃើញថាវាពិបាកនឹងធ្វើអ្វីដែលព្រះអម្ចាស់បញ្ជា ។ សូមអាន អេធើរ 2:24–25 ហើយរកមើលអ្វីដែលព្រះអម្ចាស់បានព្រមានដល់ពួកសាសន៍យ៉ារេឌថា នឹងធ្វើឲ្យការធ្វើដំណើររបស់ពួកគេទៅកាន់ដែនដីសន្យាមានការពិបាក ។
ដើម្បីទប់ទល់នឹងការលំបាកទាំងនេះ ព្រះអម្ចាស់បានបញ្ជាពួកសាសន៍យ៉ារេឌឲ្យធ្វើភេត្រា ដែល « ជិតដូចជាចាន » ( អេធើរ 2:17 ) ដោយមានប្រហោងនៅខាងលើ និង នៅខាងក្រោម ដែលពួកគេអាចដកឆ្នុកចេញដើម្បីមានខ្យល់ ។ សូមអាន អេធើរ 6:1–4 ហើយរកមើលរបៀបផ្សេងៗទៀត ដែលព្រះអម្ចាស់បានឲ្យពួកសាសន៍យ៉ារេឌរៀបចំ សម្រាប់ការលំបាកទាំងឡាយនៃការធ្វើដំណើរតាមសមុទ្រ ។
វាអាចជាប្រយោជន៍ក្នុងការយល់ថា « ដោយទីពឹងដល់ព្រះអម្ចាស់ជាព្រះរបស់ពួកគេ » ( អេធើរ 6:4 ) គឺមានន័យថា ពួកសាសន៍យ៉ារេឌបានផ្ទុកផ្ដាក់ខ្លួនគេទៅលើព្រះ ដើម្បីថែរក្សា និង ការពារពួកគេ ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីវាអាចជាការពិបាកសម្រាប់ពួកសាសន៍យ៉ារេឌ ក្នុងការទុកចិត្តលើព្រះអម្ចាស់ ក្នុងស្ថានភាពនេះ ?
-
តើអ្នកគិតថា ហេតុអ្វីក៏ទាំងការរៀបចំ និង ការទីពឹងលើព្រះអម្ចាស់ជាការចាំបាច់ដូច្នេះ ?
-
ពេលអ្នកអាន អេធើរ 6:5–11 សូមព្យាយាមស្រម៉ៃថា វាយ៉ាងដូចម្ដេចដែរ ក្នុងការដែលធ្វើដំណើរនៅក្នុងភេត្រារបស់ពួកសាសន៍យ៉ារេឌនោះ ។
-
ដើម្បីជួយអ្នករៀបចំក្នុងការរកមើលគោលការណ៍ដំណឹងល្អនានា ដែលអ្នកអាចរៀនចេញពីដំណើររឿងនេះ សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើពួកសាសន៍យ៉ារេឌ បានបង្ហាញពីការទុកចិត្តរបស់ពួកគេទៅលើព្រះអម្ចាស់យ៉ាងដូចម្ដេចដែរ ក្នុងអំឡុងពេលនៃការធ្វើដំណើរដ៏ពិបាករបស់គេ ? ( សូមមើល អេធើរ 6:7, 9 ) ។
-
តើព្រះបានប្រទានពរយ៉ាងណា ក្នុងការធ្វើដំណើររបស់គេ ?
-
បន្ទាប់ពីរយៈពេលជិតមួយឆ្នាំនៅលើទឹក ការធ្វើដំណើររបស់ ពួកសាសន៍យ៉ារេឌ បានមកទីបញ្ចប់ ។ សូមអាន អេធើរ 6:12 ហើយរកមើលថា ពួកគេបានមានអារម្មណ៍បែបណា ពេលពួកគេបានមកដល់ដែនដីសន្យា ។ ចូរសង្ខេបអ្វីដែលអ្នកបានរៀននៅក្នុងមេរៀននេះ មកដល់ត្រឹមនេះ ដោយការបំពេញសេចក្ដីថ្លែងគោលការណ៍តទៅនេះ ៖ ពេលយើងទុកចិត្តលើព្រះអម្ចាស់ និង ធ្វើតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹង ។
របៀបមួយក្នុងការបំពេញសេចក្ដីថ្លែងនេះ គឺបំពេញជាមួយនឹងឃ្លាថា « តម្រង់ផ្លូវនៃជីវិតយើង » ។ ដើម្បីធ្វើឲ្យការយល់ដឹងរបស់អ្នកពីគោលការណ៍នេះ មានកាន់តែជ្រៅជ្រះ សូមមើលត្រឡប់ទៅស្ថានភាពទាំងឡាយ ដែលមានរាយនៅខាងដើមមេរៀន ខណៈដែលយើងអាចមានអារម្មណ៍ថា វាពិបាកក្នុងការធ្វើនូវអ្វីដែលព្រះអម្ចាស់សុំឲ្យធ្វើ ។ ដូចជាទ្រង់បានធ្វើជាមួយនឹង ពួកសាសន៍យ៉ារេឌ ដែរ ព្រះអម្ចាស់រៀបចំយើងឲ្យយកឈ្នះលើការលំបាកទាំងឡាយ ដែលយើងនឹងប្រឈមនៅក្នុងជីវិត ពេលដែលយើងអធិស្ឋាន ធ្វើតាមព្យាការី និង រក្សាបទបញ្ញត្តិទាំងឡាយ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមកត់ត្រាថា តើមនុស្សម្នាក់អាចបង្ហាញការទុកចិត្តលើព្រះអម្ចាស់ដោយរបៀបណា ។ ដោយផ្អែកលើគំរូរបស់ពួកសាសន៍យ៉ារេឌ តើយើងគប្បីធ្វើអ្វី ពេលប្រឈមមុខនឹងបទបញ្ញត្តិដ៏លំបាកមួយមកពីព្រះអម្ចាស់ ?
-
សូមសញ្ជឹងគិតពីគោលការណ៍តទៅនេះ ៖ បើយើងទុកចិត្តលើព្រះអម្ចាស់ នោះមាសត្រូវ និង ការលំបាក អាចជួយយើងឲ្យរីកចម្រើន និង ទទួលបានពរជ័យដែលបានសន្យា ។ ( អ្នកអាចនឹងចង់សរសេរវានៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ អេធើរ 6:5–10 ) ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ ៖
-
តើអ្នកមានអារម្មណ៍ថា អ្នកបានរីកចម្រើន និង ទទួលបានពរជ័យយ៉ាងណា ដោយការស៊ូទ្រាំដោយស្មោះត្រង់ ចំពោះការលំបាកទាំងឡាយដែលអ្នកបានប្រឈម ឬ ដែលកំពុងតែប្រឈមនៅក្នុងជីវិតអ្នក ?
-
តើអ្នកអាចទុកចិត្តលើព្រះអម្ចាស់កាន់តែខ្លាំង និង ធ្វើតាមការណែនាំរបស់ទ្រង់ នៅក្នុងស្ថានភាពពិបាកៗដែលអ្នកអាចនឹងជួប យ៉ាងដូចម្ដេចដែរ ?
-
អេធើរ 6:13–18
ពួកសាសន៍យ៉ារេឌ បង្រៀនកូនចៅរបស់គេ ឲ្យដើរដោយរាបទាបនៅចំពោះព្រះអម្ចាស់
សូមស្រម៉ៃថា អ្នកទើបតែបានឆ្លងកាត់មហាសមុទ្រ និង មកដល់ដែនដីមួយដែលថ្មីទាំងស្រុងចំពោះអ្នក ដូចជាពួកសាសន៍យ៉ារេឌដែរ ។ សូមអាន អេធើរ 6:13–18 ហើយគិតអំពីសំណួរដូចតទៅនេះ ៖ តើអ្វីខ្លះជាឧទាហរណ៍មួយចំនួន អំពីអត្ថន័យនៃការដើរដោយរាបទាបចំពោះព្រះអម្ចាស់ ? តើឪពុកម្ដាយ និង អ្នកផ្សេងទៀតបានលើកទឹកចិត្តអ្នកឲ្យដើរដោយរាបទាបចំពោះព្រះអម្ចាស់ យ៉ាងដូចម្ដេចដែរ ? តើអ្នកគិតថា អ្វីជាទំនាក់ទំនងរវាងការដើរដោយរាបទាប និង ការដែលត្រូវបានបង្រៀនពីស្ថានលើ ? តើពេលណា ដែលអ្នកមានអារម្មណ៍ថា « ត្រូវបានបង្រៀនពីស្ថានលើ » ? ( អេធើរ 6:17 ) ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អេធើរ 6 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖