មេរៀនទី 16 ៖ ថ្ងៃទី 4
អាលម៉ា 14–16
សេចក្តីផ្ដើម
បន្ទាប់ពីបានស្ដាប់អាលម៉ា និង អាមូលេកផ្សព្វផ្សាយហើយ ប្រជាជនមួយចំនួននៅអាំម៉ូណៃហា បានជឿ ហើយបានប្រែចិត្ត រួមទាំងស៊ីអែសរ៉ុមផងដែរ ។ អ្នកផ្សេងទៀតបានខឹង ហើយបានធ្វើឲ្យអាលម៉ា និង អាមូលេកត្រូវចាប់ដាក់គុក ។ ប្រជាជនទុច្ចរិតនៅអាំម៉ូណៃហា បានបណ្ដេញមនុស្សដែលជឿ និង បានដុតប្រពន្ធ និង កូនៗរបស់ពួកគេ ។ ជាច្រើនថ្ងៃក្រោយមក ព្រះអម្ចាស់បានដោះលែងអាលម៉ា និង អាមូលេកពីគុក ហើយបានបំផ្លាញពួកអ្នកដឹកនាំទុច្ចរិតនៅអាំម៉ូណៃហា ។ នៅឯដែនដីសៃដុម ស៊ីអែសរ៉ុមបានរងទុក្ខទាំងខាងរាងកាយ និង ខាងវិញ្ញាណ ។ គាត់បានទទួលស្គាល់ពីសេចក្ដីជំនឿរបស់គាត់លើព្រះយេស៊ូវគ្រីស្ទ ចំពោះអាលម៉ា ហើយបានទទួលការព្យាបាល ។ កងទ័ពលេមិនបានបំផ្លាញទីក្រុងអាំម៉ូណៃហា ជាការបំពេញដល់ការព្យាករណ៍ ។ ការដឹកនាំដែលប្រកបដោយការព្យាករណ៍របស់អាលម៉ា បាននាំឲ្យកងទ័ពនីហ្វៃបញ្ឈប់ការឈ្លានពានរបស់ពួកលេមិន ។ អាលម៉ា អាមូលេក និង អ្នកផ្សេងជាច្រើនទៀត បានពង្រឹងសាសនាចក្រនៅទូទាំងដែនដីនៃសាសន៍នីហ្វៃ ។
អាលម៉ា 14
អាលម៉ា និង អាមូលេកត្រូវបានគេចាប់ដាក់គុក ហើយពួកអ្នកជឿត្រូវបានបណ្ដេញចេញ ឬ ត្រូវបានដុត
សូមគិតពីការកើតឡើងមួយ ពេលដែលអ្នកបានឃើញ ឬ ឮពីនរណាម្នាក់ដែលគ្មានទោស ត្រូវរងទុក្ខនៅក្នុងដៃនៃមនុស្សផ្សេងទៀត—ឧទាហរណ៍ ដូចជាឧប្បត្តិហេតុមួយពីនរណាម្នាក់ដែលត្រូវបានគេបៀតបៀន ដោយសារការជឿរបស់គាត់ ។ សូមពិចារណាទៅលើសំណួរខាងក្រោមនេះ ៖
-
តើអ្នកមានអារម្មណ៍បែបណា ចំពោះមនុស្សដែលកំពុងរងទុក្ខនោះ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណា ចំពោះមនុស្សដែលធ្វើទុក្ខដល់អ្នកដែលរងទុក្ខ ?
-
តើអ្នកគិតថា ហេតុអ្វីពេលខ្លះការណ៍អាក្រក់ៗកើតឡើងចំពោះអ្នកគ្មានទោស និង មនុស្សសុចរិតទៅវិញ ?
នៅពេលដែលអ្នកអាន អាលម៉ា 14 សូមភ្ជាប់សំណួរទាំងនេះទៅនឹងបទពិសោធន៍របស់អាលម៉ា និង អាមូលេក ។
សូមអាន អាលម៉ា 14:1–10 ដោយរកមើលនរណាដែលបានរងទុក្ខ ហើយពួកគេរងទុក្ខដោយរបៀបណា ? បន្ទាប់មក សូមបំពេញតារាងខាងក្រោមនេះ ៖
នរណាបានរងទុក្ខ ? |
តើពួកគេបានរងទុក្ខដោយរបៀបណា ? |
---|---|
ដូចដែលបានកត់ត្រាទុកក្នុង អាលម៉ា 14:10 តើអាមូលេកបានចង់ធ្វើអ្វី ? សូមអាន អាលម៉ា 14:11 ហើយរកមើលសេចក្ដីពិតមួយ ដែលអាចជួយនរណាម្នាក់ដែលកំពុងជួបការលំបាកក្នុងការយល់ពីមូលហេតុ ដែលពេលខ្លះមនុស្សទុច្ចរិតត្រូវបានបណ្ដោយឲ្យធ្វើទុក្ខទោសដល់ពួកអ្នកដែលគ្មានទោស ឬ ជនសុចរិតនោះ ។
របៀបមួយដើម្បីទាញយកសេចក្ដីពិតមួយចេញពី អាលម៉ា 14:11 គឺ ៖ ព្រះអម្ចាស់អនុញ្ញាតឲ្យមនុស្សសុចរិតរងទុក្ខនៅក្នុងដៃនៃពួកទុច្ចរិត ដើម្បីឲ្យសេចក្ដីជំនុំជម្រះរបស់ទ្រង់អាចមានសេចក្តីយុត្តិធម៌ ។ សូមកត់ចំណាំថា វាត្រូវបានបើកសម្ដែងដល់អាលម៉ាថា ពួកអ្នកដែលបានស្លាប់ គឺត្រូវបានទទួលយកដោយព្រះអម្ចាស់ « ក្នុងសិរីល្អ » ( អាលម៉ា 14:11 ) ។ ប្រធាន ហិនរី ប៊ី. អាវរិង នៃគណៈប្រធានទីមួយ បានបង្រៀនអំពីព្រឹត្តិការណ៍នេះ ជាមួយនឹងទស្សនៈដ៏អស់កល្បជានិច្ចមួយថា ៖ « អាមូលេកត្រូវបានប្រទានពរជ័យឲ្យឃើញពីសេចក្ដីល្អ និង ភាពយុត្តិធម៌នៃព្រះ គឺសូម្បីតែនៅក្នុងសោកនាដកម្មដ៏រន្ធត់មួយ » ( “Amulek: The Blessings of Obedience” នៅក្នុង Heroes from the Book of Mormon [1995] ទំព័រ 110 ) ។
សូមអាន អាលម៉ា 60:12–13 ហើយយោងវាទៅ អាលម៉ា 14:10–11 ។ យើងរៀនថា ក្នុងចំណោមមូលហេតុទាំងឡាយ ដែលមនុស្សសុចរិតត្រូវបានបណ្ដោយឲ្យរងទុក្ខ គឺដើម្បីផ្សារភ្ជាប់ទីបន្ទាល់របស់ពួកគេទៅនឹងជីវិតរបស់ពួកគេ ( សូមមើល គ. និង ស. 135:3 ) និង ដើម្បីឈរជាសាក្សីទាស់នឹងពួកទុច្ចរិត ។
ការយល់ពីមូលហេតុដែលព្រះបណ្ដោយឲ្យមនុស្សសុចរិតរងទុក្ខ អាចជាគោលការណ៍ដ៏ពិបាកមួយសម្រាប់យើងដើម្បីយល់ ។ សូមសញ្ជឹងគិតពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដែលថ្លែងដោយ ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល ដើម្បីយល់បន្ថែមទៀត ពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមនុស្សអនុវត្តសិទ្ធិជ្រើសរើសរបស់ពួកគេ សូម្បីបើពួកគេធ្វើការជ្រើសរើសខុសក៏ដោយ ៖
« បើយើងសម្លឹងមើលទៅលើភាពរមែងស្លាប់ ថាជាជីវិតទាំងមូល នោះការឈឺចាប់ ទុក្ខព្រួយ ការបរាជ័យ និង ជីវិតដ៏ខ្លី នឹងជាសេចក្ដីលំបាកហើយ ។ ប៉ុន្តែ បើយើងមើលទៅជីវិតថាជាអ្វីដែលអស់កល្បជានិច្ច ដែលលាតសន្ធឹងយ៉ាងឆ្ងាយ ពីជីវិតមុនផែនដីក្នុងអតីតកាល និង ទៅក្នុងអនាគតក្រោយសេចក្ដីស្លាប់ដ៏អស់កល្បជានិច្ច នោះអ្វីទាំងអស់ដែលកើតឡើង អាចនឹងត្រូវបានដាក់ចូលក្នុងទស្សនវិស័យដ៏ត្រឹមត្រូវ ។ …
« … ប្រសិនបើមនុស្សសុចរិតទាំងអស់ត្រូវបានការពារ ហើយមនុស្សទុច្ចរិតទាំងអស់ត្រូវបំផ្លាញ នោះកម្មវិធីទាំងមូលរបស់ព្រះវរបិតា នឹងត្រូវទុកជាមោឃៈ ហើយគោលការណ៍មូលដ្ឋាននៃដំណឹងល្អ គឺសិទ្ធិជ្រើសរើស នឹងត្រូវបញ្ចប់ ។ គ្មានមនុស្សណាដែលត្រូវតែរស់នៅដោយសេចក្ដីជំនឿនោះទេ » ( Teachings of Presidents of the Church: Spencer W. Kimball [2006] ទំព័រ 15 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមកត់ត្រាថាតើសេចក្ដីពិតដែលអ្នកបានរៀននៅក្នុង អាលម៉ា 14:11 និង សេចក្ដីថ្លែងការណ៍របស់ប្រធាន ឃឹមបឹល ជួយអ្នកយល់ពីមូលហេតុដែលពេលខ្លះ ព្រះបណ្ដោយឲ្យមនុស្សសុចរិតរងទុក្ខនៅក្នុងដៃនៃមនុស្សទុច្ចរិត ។
សូមអាន អាលម៉ា 14:12–13 ហើយរកមើលពីអ្វីដែលអាលម៉ា បានបង្រៀនអាមូលេក ដើម្បីជួយលោកឲ្យតស៊ូនឹងការលំបាកដែលពួកគេកំពុងជួបប្រទះ ។ តើអ្នកគិតថា ហេតុអ្វីអាលម៉ាអាចឆ្លើយតបជាមួយនឹងទំនុកចិត្តបែបនោះ ?
សូមអានសេចក្ដីថ្លែងការណ៍ដោយ អែលឌើរ រីឆាដ ជី. ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីជួយអ្នកយល់ពីអ្វីដែលអាលម៉ា បានបង្រៀនអាមូលេក អំពីការទុកចិត្តលើព្រះអម្ចាស់ ៖ « ជីវិតនេះគឺជាបទពិសោធន៍នៅក្នុងការទុកចិត្តដ៏ជ្រាលជ្រៅ—គឺទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ទុកចិត្តលើការបង្រៀនរបស់ទ្រង់ ទុកចិត្តលើសមត្ថភាពរបស់យើង កាលដែលត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីគោរពប្រតិបត្តិដល់ការបង្រៀនទាំងនោះ ដើម្បីបានសុភមង្គលឥឡូវនេះ និង ជីវិតដែលពោរពេញដោយគោលបំណងមួយ ជាជីវិតដ៏នៅអស់កល្បជានិច្ចដ៏រីករាយក្រៃលែង ។ ដើម្បីទុកចិត្តមានន័យថា គោរពដោយស្ម័គ្រចិត្ត ដោយពុំដឹងពីទីបញ្ចប់ តាំងពីដំបូងមក ( សូមមើល សុភា. 3:5–7 ) ។ ដើម្បីបង្កើតផលផ្លែ នោះការទុកចិត្តរបស់អ្នកលើព្រះអម្ចាស់ ត្រូវតែមានកាន់តែខ្លាំងក្លា និង កាន់តែឋិតឋេរ ជាងទំនុកចិត្តរបស់អ្នកលើអារម្មណ៍ និង បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក » ( “Trust in the Lord” Ensign ខែ វិច្ឆិកា ឆ្នាំ 1995 ទំព័រ 17 ) ។
វាអាចជាប្រយោជន៍ដែលសង្កត់ធ្ងន់លើសេចក្ដីពិតនេះ ដោយការសរសេរវានៅជិត អាលម៉ា 14:12–13 នៅក្នុងព្រះគម្ពីររបស់អ្នក ៖ ពេលយើងទុកចិត្តលើព្រះអម្ចាស់ ទ្រង់ពង្រឹងយើងអំឡុងពេលនៃការលំបាករបស់យើង ។
-
សូមជ្រើសរើសស្ថានភាពមួយ ឬ ច្រើនជាងនោះពីស្ថានភាពខាងក្រោមនេះ ហើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពន្យល់ថាតើគោលការណ៍ដែលអ្នកទើបបានសរសេរនៅក្នុងព្រះគម្ពីររបស់អ្នក អាចជួយបុគ្គលម្នាក់ៗឲ្យពិពណ៌នាយ៉ាងណាដែរអំពី ៖
-
កីឡាករមួយចំនួននៅក្នុងក្រុមកីឡារបស់យុវជនម្នាក់ គេចចេញពីគាត់ និង ចំអក ឬ ចំអន់គាត់ដោយបើកចំហរ អំពីការកាន់ខ្ជាប់របស់គាត់ចំពោះបទដ្ឋាននៃដំណឹងល្អ ។ ពួកគេហាក់រៀបចំផែនការដោយបានគ្រោងទុកជាមុននូវសកម្មភាពបន្ថែមពីលើការហាត់សមនោះ ដោយពួកគេដឹងថា គាត់នឹងមិនចូលរួមក្នុងសកម្មភាពនោះឡើយ ដោយព្រោះមកពីជំនឿរបស់គាត់ ។
-
យុវនារីម្នាក់ដាក់ពាក្យសុំធ្វើការនៅហាងមួយ ដែលមិត្តល្អម្នាក់ធ្វើការ ។ នាងមិនបានទទួលការងារនោះទេ ហើយក្រោយមកមិត្តរបស់នាងប្រាប់នាងថា ម្ចាស់ហាងនិយាយថា គាត់នឹងមិនដែលជួលពួកមរមនឲ្យធ្វើការទេ ។
-
ពេលយុវជនម្នាក់សុំឲ្យយុវជនមួយក្រុមផ្សេងទៀតនៅសាលា ឲ្យឈប់ប្រើភាសាមិនសមរម្យនៅក្បែរគាត់ ពួកគេបានរុញគាត់ ហើយគំរាមធ្វើបាបគាត់ជាងនេះទៅទៀត បើគាត់ប្រាប់ពួកគេម្ដងទៀតពីរបៀបដើម្បីនិយាយនោះ ។
-
សូមអាន អាលម៉ា 14:14–17 ហើយគិតថាតើសេចក្ដីជំនឿរបស់អាលម៉ា និង អាមូលេក បានជួយពួកលោកយ៉ាងណាដែរ ពេលពួកលោកបន្តរងទុក្ខនៅក្នុងដៃនៃពួកអ្នកដឹកនាំទុច្ចរិតនៅអាំម៉ូណៃហា ។ តើអ្នកគិតថា ហេតុអ្វីការមិនផ្ដល់ចម្លើយនៅក្នុងស្ថានភាពនោះ គឺជាការឆ្លើយតបដ៏ល្អបំផុត ? ( សូមមើលផងដែរ ម៉ាថាយ 27:11–14 ) ។
អាលម៉ា 14:18–28 ប្រាប់ថាតើអាលម៉ា និង អាមូលេក បានរងទុក្ខនូវការណ៍ជាច្រើនយ៉ាងណា មុនពេលដែលព្រះបានរំដោះពួកលោក ហើយបានបំផ្លាញពួកអ្នកដឹកនាំទុច្ចរិតជាច្រើននៅអាំម៉ូណៃហា ។ ឃ្លាថា « សង្កៀតធ្មេញ » ( ខ 21 ) មានន័យថា ការទង្គិចធ្មេញរបស់គេជាមួយគ្នាដោយកំហឹង ឬ ដោយច្រឡោត ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមកត់ត្រាពីការណ៍ណាមួយក្នុងចំណោមការណ៍ទាំងឡាយដែលអាលម៉ា និង អាមូលេកបានរងទុក្ខ នៅក្នុង អាលម៉ា 14:18–25 ដែលអាចជាការលំបាកបំផុតសម្រាប់អ្នក ហើយពន្យល់ពីមូលហេតុ ។ បន្ទាប់មក សូមសរសេរអំពីបទពិសោធន៍ផ្ទាល់ខ្លួន ឬ បទពិសោធន៍របស់នរណាម្នាក់ដែលអ្នកស្គាល់ ដែលបានព្យាយាមរស់នៅដោយសុចរិត ប៉ុន្តែនៅតែប្រឈមនឹងការលំបាកនានា ។
ដូចដែលបានកត់ត្រានៅក្នុង អាលម៉ា 14:25 តើអ្វីដែលអាចធ្វើឲ្យអាលម៉ា និង អាមូលេក ក្រោកឈរឡើងបាន ? សូមអាន អាលម៉ា 14:26–29 ហើយគូសចំណាំឃ្លា និង ពាក្យទាំងឡាយ ដែលអ្នកមានអារម្មណ៍ថា បញ្ជាក់បានច្បាស់បំផុតពីសេចក្ដីពិតនេះ ៖ បើយើងអំពាវនាវដល់ព្រះអម្ចាស់ដោយសេចក្ដីជំនឿ នោះទ្រង់នឹងពង្រឹងយើង នៅក្នុងសេចក្ដីទុក្ខវេទនារបស់យើង ហើយនិងរំដោះយើង តាមរបៀបរបស់ទ្រង់ និង ក្នុងពេលវេលារបស់ទ្រង់ផ្ទាល់ ។
ព្រះអម្ចាស់អាចពង្រីកអំណាចរបស់ទ្រង់ ហើយរំដោះអ្នកចេញពីសេចក្ដីលំបាក និង ទុក្ខវេទនា តាមរបៀប និង ពេលវេលារបស់ទ្រង់ផ្ទាល់ ។ ពេលយើងរៀនទុកចិត្តលើព្រះឆន្ទៈរបស់ព្រះអម្ចាស់ នោះយើងនឹងរកឃើញនូវកម្លាំង និង អំណាចកាន់តែអស្ចារ្យជាងមុន ដើម្បីស៊ូទ្រាំនូវការលំបាកពេញមួយជីវិតយើង ។
អាលម៉ា 15–16
ស៊ីអែសរ៉ុមត្រូវបានព្យាបាល កងទ័ពលេមិនមួយកងពលបំផ្លិចបំផ្លាញទីក្រុងអាំម៉ូណៃហា ហើយអាលម៉ា និង អាមូលេក បន្តផ្សព្វផ្សាយដល់ពួកសាសន៍នីហ្វៃ
បន្ទាប់ពីចាកចេញពីអាំម៉ូណៃហា អាលម៉ា និង អាមូលេក បានទៅកាន់ទីក្រុងជិតនោះ គឺទីក្រុងសៃដុម ជាកន្លែងដែលពួកលោកបានជួបនឹងពួកអ្នកជឿដែលមកពីអាំម៉ូណៃហា រួមមានទាំងស៊ីអែសរ៉ុមផង ។ សូមអាន អាលម៉ា 15:3–5 ដើម្បីឃើញពីស្ថានភាពរបស់ស៊ីអែសរ៉ុម ។
សូមពិចារណាចំណុចដូចតទៅនេះ ៖ តើអ្វីដែលបានធ្វើឲ្យស៊ីអែសរ៉ុមឈឺ ? តើស៊ីអែសរ៉ុមបានធ្វើអ្វី ដើម្បីទទួលបានការដោះលែង និង សេចក្ដីសុខសាន្ត ?
សូមអាន អាលម៉ា 15:6–10 ដោយយកចិត្តទុកដាក់ ហើយគូសបន្ទាត់ពីក្រោមឃ្លាពីរ ឬ បី ដែលបង្ហាញថា អាលម៉ាបានជួយស៊ីអែសរ៉ុមឲ្យផ្ដោតលើព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ ។ ដើម្បីយល់ពីរបៀបមួយដែលអ្នកដឹកនាំបព្វជិតភាព អាចជួយប្រជាជនឲ្យទទួលបាននូវសេចក្ដីមេត្តាករុណាតាមរយៈដង្វាយធួន សូមអានបទពិសោធន៍ខាងក្រោមនេះពី អែលឌើរ ជេ អ៊ី. ជែនសិន នៃគណៈប្រធានពួកចិតសិប ៖
« ខណៈកំពុងបម្រើជាប៊ីស្សព ខ្ញុំបានធ្វើទីបន្ទាល់ពីពរជ័យជាច្រើននៃដង្វាយធួន នៅក្នុងជីវិតសមាជិកសាសនាចក្រដែលបានប្រព្រឹត្តអំពើរំលងធ្ងន់ធ្ងរ ។ …
« យុវមជ្ឈិមវ័យក្មេងម្នាក់នៅក្នុងវួដរបស់យើង បានកំពុងណាត់ដើរលេងជាមួយយុវនារីម្នាក់ ។ ពួកគេបានបណ្ដោយឲ្យសេចក្ដីស្នេហារបស់ពួកគេទៅហួសព្រំដែន ។ គាត់បានមកជួបខ្ញុំដើម្បីទទួលបានដំបូន្មាន និង ជំនួយ ។ ផ្អែកលើអ្វីដែលបានសារភាព និង លើការបំផុសពីព្រះវិញ្ញាណដល់ខ្ញុំ នោះក្នុងចំណោមអ្វីៗផ្សេងទៀត គឺគាត់ពុំត្រូវបានអនុញ្ញាតឲ្យទទួលទានសាក្រាម៉ង់មួយរយៈ ។ យើងបានជួបជាទៀងទាត់ ដើម្បីប្រាកដថា ការប្រែចិត្តនោះត្រូវបានធ្វើឡើង ហើយបន្ទាប់ពីពេលវលាសមរម្យកន្លងទៅ ខ្ញុំបានផ្ដល់សិទ្ធិឲ្យគាត់បានទទួលទានសាក្រាម៉ង់ម្ដងទៀត ។
« កាលដែលខ្ញុំអង្គុយនៅវេទិកាក្នុងការប្រជុំសាក្រាម៉ង់នោះ ក្រសែភ្នែករបស់ខ្ញុំត្រូវបានទាញទៅរកគាត់ ពេលដែលគាត់បានទទួលទានសាក្រាម៉ង់ដោយសក្ដិសម ។ ខ្ញុំបានធ្វើទីបន្ទាល់ពីព្រះហស្ដនៃសេចក្ដីមេត្តាករុណា សេចក្ដីស្រឡាញ់ និង សុវត្ថិភាព ដែលឱបក្រសោបគាត់ ពេលដែលការព្យាបាលនៃដង្វាយធួនបានធ្វើឲ្យព្រលឹងគាត់កក់ក្ដៅ និង បានលើកបន្ទុកគាត់ឡើង ដែលជាលទ្ធផលនៅក្នុងការអត់ទោស សេចក្ដីសុខសាន្ត និង សុភមង្គលដែលបានសន្យា » ( “Arms of Safety” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 49 ) ។
ប៊ីស្សព និង អ្នកដឹកនាំបព្វជិតភាពផ្សេងៗទៀត អាចជួយយើងឲ្យទទួលបានសេចក្ដីមេត្តាករុណា និង កម្លាំងដែលយើងត្រូវការ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ តើភស្ដុតាងអ្វីដែលអ្នករកឃើញនៅក្នុង អាលម៉ា 15:11–12 ដែលបង្ហាញថា ស៊ីអែសរ៉ុមបានប្រែចិត្ត និង ទទួលនូវសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ ?
គោលការណ៍មួយដែលអ្នកអាចសរសេរនៅក្នុងព្រះគម្ពីរ ឬ សៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សម្រាប់ អាលម៉ា 15:6–12 គឺ ៖ តាមរយៈសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានព្យាបាល និង ពង្រឹង ។ យោងទៅតាម អាលម៉ា 15:16, 18 តើគោលការណ៍នេះបង្ហាញជាក់ស្ដែងនៅក្នុងជីវិតអាមូលេកយ៉ាងណាដែរ ?
អាលម៉ា និង អាមូលេក បានស្ថាបនាសាសនាចក្រនៅក្នុងចំណោមប្រជាជនសៃដុម ហើយបន្ទាប់មកពួកលោកបានត្រឡប់ទៅដែនដីសារ៉ាហិមឡាវិញ ។
នៅក្នុង អាលម៉ា 16 យើងអានថា មានពលទ័ពលេមិនមួយកងបានឈ្លានពានដែនដីនីហ្វៃ និង បានបំផ្លាញទីក្រុងអាំម៉ូណៃហា នោះបានបំពេញដល់ការព្យាករណ៍របស់អាលម៉ា និង អាមូលេក ដែលថា បើសិនប្រជាជនមិនប្រែចិត្តទេ នោះពួកគេនឹងត្រូវបំផ្លាញ ( សូមមើល អាលម៉ា 9:12 ) ។ ពេលអ្នកអាន អាលម៉ា 16 សូមរកមើលថា នរណាដែលពួកសាសន៍នីហ្វៃងាកទៅរកជំនួយ ដើម្បីពួកគេអាចយកឈ្នះលើពលទ័ពលេមិន ។ សូមប្រដូចបទពិសោធន៍នេះ ទៅនឹងសង្គ្រាម និង មារសត្រូវរបស់អ្នកផ្ទាល់ ដែលអ្នកប្រឈមមុខជាមួយ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 14–16 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖