មេរៀនទី 26 ៖ ថ្ងៃទី 4
នីហ្វៃទី3 20–22
សេចក្តីផ្ដើម
អំឡុងថ្ងៃទីពីរនៃការបម្រើរបស់ទ្រង់ក្នុងចំណោមពួកសាសន៍នីហ្វៃ ព្រះយេស៊ូវគ្រីស្ទបានបម្រើសាក្រាម៉ង់ដល់ប្រជាជនម្ដងទៀត ។ ទ្រង់បានថ្លែងទីបន្ទាល់ថា នៅថ្ងៃចុងក្រោយ ព្រះវរបិតានឹងបំពេញសេចក្ដីសញ្ញារបស់ទ្រង់ ក្នុងការប្រមូលវង្សអ៊ីស្រាអែល និង ប្រទានពរដល់គ្រប់ជាតិសាសន៍ទាំងអស់នៅលើផែនដី ។ ទ្រង់ក៏បានពន្យល់ផងដែរថា ការលេចមកនៃព្រះគម្ពីរមរមននៅថ្ងៃចុងក្រោយ នឹងជាទីសម្គាល់មួយថា ព្រះវរបិតាបានចាប់ផ្ដើមបំពេញសេចក្ដីសញ្ញារបស់ទ្រង់ ។
នីហ្វៃទី3 20:1–9
ព្រះអង្គសង្គ្រោះបម្រើសាក្រាម៉ង់ដល់ប្រជាជនម្ដងទៀត
ប្រសិនបើអ្នកជាយុវជនម្នាក់ ហើយកាន់បព្វជិតភាពអើរ៉ុន សូមសញ្ជឹងគិតសំណួរតទៅនេះ ៖ តើវាមានន័យយ៉ាងណាសម្រាប់អ្នក ដែលអាចជួយបម្រើសាក្រាម៉ង់នោះ ? តើអ្នកបង្ហាញដល់ព្រះអម្ចាស់យ៉ាងណាថា អ្នកយល់ពីលក្ខណៈដ៏ពិសិដ្ឋនៃពិធីបរិសុទ្ធនេះ ?
ប្រសិនបើអ្នកជាយុវនារីម្នាក់ ឬ ជាយុវជនម្នាក់ដែលពុំទាន់កាន់បព្វជិតភាព សូមសញ្ជឹងគិតពីសំណួរតទៅនេះ ៖ តើអ្នកមានអារម្មណ៍យ៉ាងណា ពេលអ្នកឃើញយុវជនដែលមានភាពសក្ដិសមបម្រើសាក្រាម៉ង់ ? តើអ្នកធ្វើអ្វី អំឡុងពេលនៃការបម្រើសាក្រាម៉ង់ ដែលបង្ហាញថាអ្នកយល់ពីលក្ខណៈពិសិដ្ឋរបស់វា ?
ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 20:3–5 នៅដើមថ្ងៃទីពីរនៃការបម្រើរបស់ទ្រង់ក្នុងចំណោមពួកសាសន៍នីហ្វៃ ព្រះអង្គសង្គ្រោះបានប្រទាននូវនំប៉័ង និង ស្រាដោយអព្ភូតហេតុ ដើម្បីបម្រើសាក្រាម៉ង់ម្ដងទៀត ។ សូមអាន នីហ្វៃទី3 20:1 ហើយរកមើលអ្វីដែលទ្រង់បានសុំប្រជាជនឲ្យធ្វើ មុននឹងទ្រង់រៀបចំ និង ចែកសាក្រាម៉ង់ ។ តើអ្នកគិតថា ការអធិស្ឋាននៅក្នុងចិត្តអ្នក អាចជះឥទ្ធិពលដល់បទពិសោធន៍នៃការទទួលទានសាក្រាម៉ង់ជារៀងរាល់សប្ដាហ៍របស់អ្នកយ៉ាងណាដែរ ?
សូមអាន នីហ្វៃទី3 20:8 ។ សូមកត់ចំណាំថា ពួកសាសន៍នីហ្វៃបានប្រើប្រាស់ស្រានៅពេលនោះ ប៉ុន្តែការប្រើប្រាស់ទឹកគឺជាការអនុវត្តន៍បច្ចុប្បន្នរបស់សាសនាចក្រ ( សូមមើល គ. និង ស. 27:2 ) ។ សូមកត់ចំណាំផងដែរថាតើនំប៉័ង និង ទឹកតំណាងឲ្យអ្វី ។ ពេលយើងទទួលទានសាក្រាម៉ង់ជាទៀងទាត់ យើងបង្ហាញពីឆន្ទៈរបស់យើង ក្នុងការធ្វើឲ្យដង្វាយធួនរបស់ព្រះអង្គសង្គ្រោះជាផ្នែកនៃជីវិតរបស់យើង ។
យោងតាម នីហ្វៃទី3 20:8 តើព្រះយេស៊ូវគ្រីស្ទបានសន្យាអ្វី ដល់អ្នកទាំងឡាយដែលទទួលទានសាក្រាម៉ង់ ? សូមគិតពីទំហំនៃនំប៉័ង និង ទឹកនៅក្នុងសាក្រាម៉ង់ ។ ប្រសិនបើអ្នកឃ្លាន និង ស្រេកខាងរូបកាយ តើនំប៉័ង និង ទឹកនៃសាក្រាម៉ង់បំពេញឲ្យការឃ្លាន និង ការស្រេករបស់អ្នកដែរឬទេ ? ដើម្បីយល់កាន់តែច្បាស់ ថាតើយើងអាចបានពោរពេញ ដោយតាមរយៈការទទួលទានសាក្រាម៉ង់យ៉ាងណាដែរនោះ សូមអាន នីហ្វៃទី3 20:9 ហើយបំពេញបញ្ចប់គោលការណ៍នេះ ៖ បើយើងទទួលទានសាក្រាម៉ង់ដោយភាពសក្ដិសម នោះយើងបានពោរពេញដោយ ។
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះពី អែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយគូសបន្ទាត់ពីក្រោមរបៀបទាំងឡាយ ដែលលោកថា អ្នកអាចត្រូវបានប្រទានពរ ពេលអ្នកបានពោរពេញដោយព្រះវិញ្ញាណ ៖
« ចូរយើងធ្វើឲ្យខ្លួនយើងឲ្យសក្ដិសមនឹងការសន្យារបស់ព្រះអង្គសង្គ្រោះដែលថា ដោយការទទួលទានសាក្រម៉ង់យើងនឹង ‹ បានពោរពេញ › (នីហ្វៃទី3 20:8; សូមមើលផងដែរ នីហ្វៃទី3 18:9 ) ដែលមានន័យថា យើងនឹង ‹ បានពោរពេញទៅដោយព្រះវិញ្ញាណ › ( នីហ្វៃទី3 20:9 ) ។ ព្រះវិញ្ញាណ—ព្រះវិញ្ញាណបរិសុទ្ធ—គឺជាអង្គលួងលោម អង្គស្វែងរកទិសដៅ អង្គទំនាក់ទំនង អង្គបកស្រាយ អង្គសាក្សីរបស់យើង និង ជាអង្គធ្វើឲ្យយើងបរិសុទ្ធ—ជាអង្គដឹកនាំផ្លូវដ៏ច្បាស់លាស់ និង ជាអង្គបន្សុទ្ធរបស់យើង សម្រាប់ដំណើរនៃជីវិតរមែងស្លាប់របស់យើង ទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។
« … ចេញពីទង្វើដែលហាក់បីដូចជាតូច នៃការរំឭកឡើងវិញដោយមានមនសិការ និង គារវភាព នូវសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់យើង នោះពរជ័យនៃបុណ្យជ្រមុជដោយទឹក និង ដោយព្រះវិញ្ញាណក៏បានដល់យើងជាថ្មីទៀត ដើម្បីយើងអាចមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយយើងជានិច្ច ។ នៅក្នុងរបៀបនេះ យើងទាំងអស់គ្នានឹងត្រូវបានដឹកនាំ ហើយនៅក្នុងរបៀបនេះ យើងទាំងអស់គ្នាអាចបានសម្អាត » ( “Always Have His Spirit” Ensign ខែ វិច្ឆិកា ឆ្នាំ 1996 ទំព័រ 61 ) ។
-
សូមគិតអំពីពេលមួយ ដែលអ្នកបានមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ពេលអ្នកទទួលទានសាក្រាម៉ង់ ។ សូមអានការអធិស្ឋានសាក្រាម៉ង់នៅក្នុង មរ៉ូណៃ 4:3 និង 5:2 ។ តើការទទួលទានសាក្រាម៉ង់រៀងរាល់សប្ដាហ៍ ជួយអ្នកឲ្យបានពោរពេញដោយព្រះវិញ្ញាណដោយរបៀបណាដែរ ? សូមសរសេរពីរបៀបខ្លះៗទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
នីហ្វៃទី3 20:10–46
ព្រះអង្គសង្គ្រោះបង្រៀនពួកសាសន៍នីហ្វៃ អំពីសេចក្ដីសញ្ញាទាំងឡាយដែលនឹងត្រូវបានបំពេញនៅថ្ងៃចុងក្រោយ ។
សូមគិតអំពីគុណសម្បត្តិដ៏សំខាន់បំផុតមួយចំនួនក្នុងចំណោមគុណសម្បត្តិដ៏សំខាន់បំផុតនានារបស់អ្នក ។ តើគុណសម្បត្តិប្រភេទណាដែលអ្នកផ្ដោតទៅលើ ? តើវាជាចរិតលក្ខណៈខាងសាច់ឈាម លក្ខណៈជាបុគ្គលដោយឡែកពីគេ ឬ គុណសម្បត្តិខាងវិញ្ញាណ ?
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះដែលថ្លែងដោយ អែលឌើរ ដាវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយគូសចំណាំពីរបៀបដែលលោកបានចង្អុលបង្ហាញពីលក្ខណៈថាយើងជានរណា ៖ « អ្នកអាចនឹងចូលចិត្តតន្ត្រី អត្តពលកម្ម ឬ ជាប់ចិត្តទៅនឹងគ្រឿងយន្ត ហើយថ្ងៃមួយ អ្នកអាចនឹងធ្វើការនៅក្នុងជំនួញមួយ ឬ វិជ្ជាជីវៈ ឬ នៅក្នុងផ្នែកសិល្បៈ ។ ដូចដែលសកម្មភាព និង ការងារបែបនេះសំខាន់យ៉ាងនេះ នោះវាក៏ពុំបានចង្អុលបង្ហាញពីលក្ខណៈថាយើងជានរណានោះទេ ។ ដែលជាដំបូង និង សំខាន់បំផុត យើងគឺជាតួអង្គខាងវិញ្ញាណ ។ យើងជាបុត្រា [ និង បុត្រី ] នៃព្រះ និង ជាពូជនៃអ័ប្រាហាំ » ( “Becoming a Missionary” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 47 ) ។
ជាពូជនៃអ័ប្រាហាំ មានន័យថា យើងជាកូនចៅរបស់អ័ប្រាហាំពិតៗ ឬ យើងបានក្លាយជាកូនប្រុសស្រីរបស់លោក តាមរយៈការគោរពប្រតិបត្តិដល់ក្រិត្យវិន័យ និង ពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ទាំងអស់គ្នាទទួលសេចក្ដីសន្យា និង សេចក្ដីសញ្ញាដូចគ្នា ដែលព្រះបានធ្វើជាមួយអ័ប្រាហាំ ។
ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 20:11–13 ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាសន៍នីហ្វៃអំពីសេចក្ដីសញ្ញា និង សេចក្ដីសន្យាដែលបានធ្វើដល់អ័ប្រាហាំ និង កូនចៅរបស់លោក ដែលជាវង្សអ៊ីស្រាអែល ។ ទ្រង់បានបង្រៀនថា ព្រះវរបិតានឹងបំពេញសេចក្ដីសញ្ញារបស់ទ្រង់ក្នុងការប្រមូលវង្សអ៊ីស្រាអែលនៅក្នុងថ្ងៃចុងក្រោយ ។ សូមអាន នីហ្វៃទី3 20:13 ហើយកត់ចំណាំថា ការចេះដឹងអ្វីដែលវង្សអ៊ីស្រាអែលនឹងទទួលបាន ដែលជាផ្នែកដ៏ចាំបាច់មួយនៃការប្រមូលផ្ដុំនេះ ។ តើអ្នកគិតថា ហេតុអ្វីការចេះដឹងនេះចាំបាច់ ?
សូមអាន នីហ្វៃទី3 20:25–26 ហើយរកមើលពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀន អំពីរបៀបដែលពួកកូនចៅរបស់លីហៃត្រូវបានប្រទានពរ ដោយសារតែសេចក្ដីសញ្ញាដែលព្រះវរបិតាបានធ្វើជាមួយអ័ប្រាហាំ ។ ព្រះអង្គសង្គ្រោះបានសង្កត់ធ្ងន់ថា ព្រះវរបិតាបានបញ្ជូនទ្រង់មកជបនឹងពួកសាសន៍នីហ្វៃ ហើយសង្គ្រោះពួកគេពីអំពីបាប « មកពី [ ពួកគេជា ] កូនចៅក្នុងសេចក្ដីសញ្ញា » ( នីហ្វៃទី3 20:26 ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីរបៀបដែលអ្នកត្រូវបានប្រទានពរដោយសារសេចក្ដីសញ្ញាដែលអ្នកបានធ្វើជាមួយព្រះវរបិតាសួគ៌នៅបុណ្យជ្រមុជទឹក ។ ដោយសារអ្នកបានទទួលបុណ្យជ្រមុជទឹកជាសមាជិកម្នាក់នៃសាសនាចក្រ នោះអ្នកជាពូជរបស់អ័ប្រាហាំ ហើយអ្នកមានការទទួលខុសត្រូវមួយក្នុងការជួយបំពេញសេចក្ដីសញ្ញាដែលព្រះបានធ្វើជាមួយអ័ប្រាហាំ ។
សូមអាន នីហ្វៃទី3 20:27 ហើយគូសចំណាំឃ្លាទាំងឡាយដែលបង្រៀនពីគោលការណ៍តទៅនេះ ៖ ក្នុងនាមជាពូជរបស់អ័ប្រាហាំ យើងមានការទទួលខុសត្រូវលើសេចក្ដីសញ្ញាមួយ ក្នុងការផ្ដល់ពរដល់មនុស្សទាំងអស់នៅលើផែនដី ។
ពេលអ្នកអានសេចក្ដីថ្លែងការណ៍តទៅនេះដែលថ្លែងដោយ អែលឌើរ ដាវីឌ អេ. បែដណា សូមរកមើលពីរបៀបដែល—ក្នុងនាមជាពូជរបស់អ័ប្រាហាំ—យើងត្រូវផ្ដល់ពរដល់មនុស្សទាំងអស់នៅលើផែនដីបានដោយរបៀបណា ៖ « អ្នក និង ខ្ញុំ នៅថ្ងៃនេះ និង ជានិច្ចតទៅ ត្រូវផ្ដល់ពរដល់មនុស្សទាំងអស់នៅក្នុងគ្រប់ជាតិសាសន៍ទាំងអស់នៅលើផែនដី ។ អ្នក និង ខ្ញុំ នៅថ្ងៃនេះ និង ជានិច្ចតទៅ ត្រូវថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និង ប្រកាសពីសារដំណឹងនៃការស្ដារឡើងវិញ ។ អ្នក និង ខ្ញុំ នៅថ្ងៃនេះ និង ជានិច្ចតទៅ ត្រូវអញ្ជើញមនុស្សទាំងអស់ឲ្យទទួលពិធីបរិសុទ្ធទាំងឡាយនៃសេចក្ដីសង្គ្រោះ ។ ការប្រកាសពីដំណឹងល្អ ពុំមែនជាកាតព្វកិច្ចខាងបព្វជិតភាពក្រៅម៉ោងមួយនោះទេ ។ វាមិនមែនគ្រាន់តែជាសកម្មភាពមួយ ដែលយើងចូលរួមត្រឹមពេលកំណត់មួយ ឬ ជាការចាត់តាំងមួយ ដែលយើងត្រូវតែបំពេញក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនោះទេ ។ ជាងនោះទៅទៀត កិច្ចការផ្សព្វផ្សាយសាសនា គឺជាការបង្ហាញពីអត្តសញ្ញាណ និង កេរ្តិ៍មរតកខាងវិញ្ញាណរបស់យើង ។ យើងត្រូវបានតែងតាំងជាមុននៅក្នុងជីវិតមុនផែនដី ហើយបានកើតមកក្នុងជីវិតរមែងស្លាប់នេះ ដើម្បីបំពេញសេចក្ដីសញ្ញា និង សេចក្ដីសន្យាដែលព្រះបានធ្វើជាមួយអ័ប្រាហាំ ។ យើងនៅទីនេះ នៅលើផែនដីនៅពេលនេះ ដើម្បីតម្កើងបព្វជិតភាព និង ដើម្បីផ្សព្វផ្សាយដំណឹងល្អ ។ នោះហើយដែលយើងជានរណា ហើយនោះហើយជាមូលហេតុដែលយើងនៅទីនេះ—នៅថ្ងៃនេះ និង ជានិច្ចតទៅ » ( “Becoming a Missionary” ទំព័រ 47 ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ក្នុងនាមជាយុវវ័យម្នាក់ តើអ្នកអាចធ្វើអ្វីនៅពេលឥឡូវនេះ ដើម្បីផ្ដល់ពរដល់អ្នកផ្សេងទៀតនៅក្នុងពិភពលោកនេះ ?
-
តើអ្នកគិតថា ហេតុអ្វីវាសំខាន់សម្រាប់អ្នកក្នុងការយល់ថា អ្នកគឺជាពូជរបស់អ័ប្រាហាំ ?
-
នីហ្វៃទី3 21–22
ព្រះយេស៊ូវគ្រីស្ទប្រាប់ជាមុននូវទីសម្គាល់សម្រាប់ការប្រមូលផ្ដុំវង្សអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ
ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 21–22 ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាសន៍នីហ្វៃនូវការណ៍ជាច្រើនអំពីថ្ងៃចុងក្រោយ—ពីពេលដែលដំណឹងល្អនឹងត្រូវបានស្ដារឡើងវិញដល់ផែនដី ហើយពួកបរិសុទ្ធនឹងរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។
-
ដើម្បីជួយអ្នករកឃើញពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីការប្រមូលផ្ដុំវង្សអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 21–22 សូមអានបទគម្ពីរទាំងអស់នៅក្នុងគូឡោនខាងឆ្វេងនៃតារាងខាងក្រោមនេះ ។ បន្ទាប់មក សូមជ្រើសរើសសំណួរពីរ ដែលនៅក្នុងគូឡោនខាងស្ដាំ ដើម្បីឆ្លើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ខគម្ពីរ |
សំណួរ |
---|---|
សូមអាន នីហ្វៃទី3 21:1–2, 7 ។ ពេលដែលព្រះគម្ពីរមរមនចេញមកនៅថ្ងៃចុងក្រោយ វានឹងជាទីសម្គាល់មួយថា ព្រះវរបិតាបានចាប់ផ្ដើមប្រមូលវង្សអ៊ីស្រាអែលហើយ ។ |
|
សូមអាន នីហ្វៃទី3 21:9 ។ ឃ្លាថា « កិច្ចការដ៏ធំ ហើយអស្ចារ្យ » សំដៅដល់ការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ |
|
សូមអាន នីហ្វៃទី3 21:10–11 ហើយសញ្ជឹងគិតពីរបៀបដែលការពិពណ៌នានេះត្រូវទៅនឹងព្យាការី យ៉ូសែប ស្ម៊ីធ ។ |
|
សូមអាន នីហ្វៃទី3 21:22 ។ ប្រសិនបើប្រជាជនប្រែចិត្ត ហើយមិនពង្រឹងចិត្តរបស់គេ នោះពួកគេនឹងត្រូវបានរាប់ក្នុងចំណោមវង្សអ៊ីស្រាអែល ។ |
|
សូមអាន នីហ្វៃទី3 22:7–10 ហើយរកមើលការសន្យាទាំងឡាយ ដែលព្រះអង្គសង្គ្រោះបានធ្វើចំពោះរាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ ដែលត្រឡប់មករកទ្រង់វិញ បន្ទាប់ពីបានបំភ្លេចសេចក្ដីសញ្ញាទាំងឡាយដែលពួកគេបានធ្វើជាមួយទ្រង់ ។ |
|
សូមគិតពីនរណាម្នាក់ដែលអ្នកអាចចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ព្រះគម្ពីរមរមន និង ការស្ដារឡើងវិញនៃដំណឹងល្អ និង បេសកកម្មរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ដើម្បីជួយដល់មនុស្សនេះឲ្យទទួលពរជ័យទាំងឡាយនៃដំណឹងល្អដែលបានស្ដារឡើងវិញ ។ សូមសញ្ជឹងគិតផងដែរ ពីរបៀបដែលអ្នកអាចលើកទឹកចិត្តដល់អ្នកផ្សេងទៀតឲ្យមករកព្រះអម្ចាស់ រួមទាំងពួកអ្នកដែលដែលពោរពេញដោយសេចក្ដីជំនឿកាលពីមុន ប៉ុន្តែពុំមានជំនឿទៀត ។ ប្រសិនបើអ្នកគិតអំពីបុគ្គលជាក់លាក់ណាម្នាក់ សូមដាក់គោលដៅដើម្បីធ្វើតាមការបំផុសទាំងឡាយដែលអ្នកបានទទួល ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 20–22 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖