មេរៀនទី 31 ៖ ថ្ងៃទី 4
មរ៉ូណៃ 7:1–19
សេចក្តីផ្ដើម
មរ៉ូណៃ បានកត់ត្រាពីទេសនកថាមួយ ដែលមរមនជាឪពុករបស់លោកបានផ្ដល់ដល់ « បងប្អូនជាទីស្រឡាញ់ » របស់លោក ជាច្រើនឆ្នាំមកហើយ ( មរ៉ូណៃ 7:2 ) ។ មេរៀននេះ រួមមាននូវផ្នែកដំបូងនៃទេសនកថារបស់មរមន ដែលមាននៅក្នុង មរ៉ូណៃ 7 ។ វារៀបរាប់អំពីការបង្រៀនរបស់លោកក្នុងការធ្វើកិច្ចការសុចរិត ដោយស្មោះអស់ពីចិត្ត និង ការពន្យល់របស់លោកអំពីរបៀបដែលយើងអាចដឹងរវាងការណ៍ល្អ និង អាក្រក់ ។ នៅក្នុងមេរៀនបន្ទាប់ អ្នកនឹងរៀនអំពីទេសនកថាដែលនៅសល់ទាំងប៉ុន្មានរបស់មរមន ដែលនៅក្នុង មរ៉ូណៃ 7 ។
មរ៉ូណៃ 7:1–10
មរមន បង្រៀនដល់អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ អំពីកិច្ចការ និង គោលបំណង
តើអ្នកធ្លាប់ឃើញអ្វីមួយដែលផ្នែកខាងក្នុងវាមិនល្អ ដូចដែលឃើញនៅខាងក្រៅ ដែរឬទេ ? ឧទាហរណ៍មួយអំពីការណ៍នេះ អាចជាផ្លែឈើមួយ ដូចជាផ្លែប៉ោមមួយ ដែលជូរ ឬ ទុំពេក ។ សូមរាយឧទាហរណ៍ពីរបីទៀត ដែលអ្នកអាចគិតឃើញ ៖
ចូរពិចារណាថា តើឧទាហរណ៍អំពីវត្ថុទាំងនេះ ដែលឃើញថាល្អនៅខាងក្រៅ ប៉ុន្តែការពិតគឺមិនល្អនោះ អាចប្រៀបធៀបទៅនឹងអាការៈខាងក្រៅ និង គោលបំណងក្នុងខ្លួនមនុស្សដោយរបៀបណា ។ មរ៉ូណៃ បានកត់ត្រាពាក្យសម្ដីរបស់មរមនជាឪពុកលោក អំពីស្ថានភាពនៃដួងចិត្តរបស់យើង ពេលយើងធ្វើកិច្ចការសុចរិត ។ សូមអាន មរ៉ូណៃ 7:2–3 ដើម្បីរកមើលអ្នកស្ដាប់ ដែល មរមន បានថ្លែងដល់ ។
មរមន បានសំដៅដល់បងប្អូនរបស់លោក ដែលលោកបាននិយាយដល់នោះ ថាជា « អ្នកដើរតាមព្រះគ្រីស្ទដោយសុខសាន្ត » ( មរ៉ូណៃ 7:3 ) ។ សូមសិក្សា មរ៉ូណៃ 7:4–5 ដើម្បីរកមើលរបៀប ដែលមរមនបានដឹងថា ពួកសាសន៍នីហ្វៃទាំងនេះ គឺជាសិស្សដ៏ពិតរបស់ព្រះអង្គសង្គ្រោះ ។
តើអ្នកគិតថា មនុស្សម្នាក់ អាចធ្វើពុតជាសុចរិតបានទេ ? ហេតុអ្វីបាន ឬ ហេតុអ្វីមិនបាន ?
មរមន បានថ្លែងពីបញ្ហានេះនៅក្នុង មរ៉ូណៃ 7:6 ។ ពេលអ្នកសិក្សាខនេះ អ្នកអាចនឹងចង់គូសចំណាំឃ្លា « ស្មោះអស់ពីចិត្ត » ។ ការពន្យល់មកពី អែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ខាងក្រោមនេះ អាចជួយអ្នកឲ្យយល់ថា ការស្មោះអស់ពីចិត្តមានន័យយ៉ាងណា ។ សូមគូសបន្ទាត់ពីក្រោមផ្នែកនៃការពន្យល់ទាំងឡាយរបស់លោក ដែលលេចធ្លោចំពោះអ្នក ។
« យើងមិនត្រឹមតែត្រូវធ្វើអ្វីដែលត្រឹមត្រូវប៉ុណ្ណោះទេ ។ យើងត្រូវតែធ្វើទង្វើ ដើម្បីហេតុផលត្រឹមត្រូវ ។ ពាក្យនៅសម័យទំនើបគឺ បំណងល្អ ។ ជាញឹកញាប់ព្រះគម្ពីរបង្ហាញប្រាប់ពីលក្ខណៈខាងគំនិតបញ្ញាដ៏ត្រឹមត្រូវនេះ ជាមួយនឹងពាក្យថា អស់ពីដួងចិត្ត ឬ ស្មោះអស់ពីចិត្ត ។
« ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ថា ព្រះទ្រង់យល់ពីបំណងរបស់យើង ហើយនឹងជំនុំជម្រះយើងទៅតាមសកម្មភាពរបស់យើង » ( Pure in Heart [1988] ទំព័រ 15 ) ។
មរមន ពិពណ៌នាពីលទ្ធផលដែលមនុស្សម្នាក់ព្យាយាមធ្វើកិច្ចការល្អដោយពុំស្មោះអស់ពីចិត្ត ។ សូមពិនិត្យមើល មរ៉ូណៃ 7:7–10 ហើយរកមើលអ្វីដែលកើតឡើង ពេលយើងធ្វើទង្វើសុចរិតដោយពុំស្មោះអស់ពីចិត្ត ។ ចេញពីខទាំងនេះ យើងរៀនថា ដើម្បីទទួលបានពរជ័យសម្រាប់កិច្ចការល្អ យើងត្រូវតែធ្វើវាដោយស្មោះអស់ពីចិត្ត ។ ស្មោះអស់ពីចិត្តរួមមាន ការធ្វើកិច្ចការល្អចេញពីសេចក្ដីស្រឡាញ់ចំពោះព្រះ និង អ្នកដទៃទៀត ។
-
សូមឆ្លើយសំណួរតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្វីខ្លះជាភាពខុសគ្នា ដែលអ្នកបានកត់ចំណាំ ពេលអ្នកធ្វើកិច្ចការល្អដោយគោលបំណងត្រឹមត្រូវ ដែលផ្ទុយទៅនឹងការធ្វើអ្វីមួយដែលល្អ ដោយបំណងដ៏អាត្មានិយមនោះ ?
-
ដើម្បីជួយអ្នកយល់ឲ្យកាន់តែច្បាស់អំពីគោលការណ៍ដែលថា ដើម្បីទទួលបានពរជ័យសម្រាប់កិច្ចការល្អ យើងត្រូវតែធ្វើវាដោយស្មោះអស់ពីចិត្ត នោះសូមពិចារណាសាច់រឿងដូចតទៅនេះ ៖ មិត្តម្នាក់ដែលអានព្រះគម្ពីរមរមន សុំឲ្យអ្នកជួយពន្យល់ មរ៉ូណៃ 7:9 ហើយនិយាយថា « ខ្ញុំអានថា ប្រសិនបើមនុស្សម្នាក់អធិស្ឋានដោយពុំស្មោះអស់ពីចិត្ត ‹ ការអធិស្ឋាននោះពុំមានផលប្រយោជន៍អ្វីដល់ជននោះឡើយ ត្បិតព្រះទ្រង់ពុំទទួលមនុស្សបែបនេះទេ › ។ ជាញឹកញាប់ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំពុំបានអធិស្ឋានដោយស្មោះអស់ពីចិត្ត ។ តើខ្ញុំគួរតែឈប់អធិស្ឋានឬ ? » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីរបៀបដែលអ្នកនឹងឆ្លើយតបដល់សំណួរនេះ ហើយពន្យល់ពីមូលហេតុដែលអ្នកឆ្លើយតបរបៀបនោះ ។
ប្រធាន ព្រិកហាំ យ៉ង់ បានផ្ដល់នូវដំបូន្មានដ៏មានប្រយោជន៍នេះ អំពីរបៀបដែលយើងអាចទទួលបាននូវបំណងប្រាថ្នាដើម្បីអធិស្ឋានដោយស្មោះអស់ពីចិត្ត ៖ « មិនថាអ្នក ឬ ខ្ញុំមានអារម្មណ៍ចង់អធិស្ឋាន ឬ អត់នោះទេ ពេលដែលពេលវេលាអធិស្ឋានមកដល់ នោះចូរអធិស្ឋានចុះ ។ បើយើងមិនមានអារម្មណ៍នឹងអធិស្ឋានទេ យើងគប្បីអធិស្ឋានរហូតទាល់តែយើងចង់ » ( Teachings of Presidents of the Church: Brigham Young [1997] ទំព័រ 45 ) ។
សូមគិតអំពីរបៀបដែលដំបូន្មានរបស់ ប្រធាន យ៉ង់ អាចទាក់ទងនឹងការគោរពប្រតិបត្តិដល់បទបញ្ញត្តិផ្សេងៗទៀត ក្រៅពីការអធិស្ឋាន ។ ការធ្វើអ្វីដែលត្រឹមត្រូវជាញឹកញាប់ អាចជួយនាំមកនូវបំណងប្រាថ្នាមួយ ដើម្បីបន្តគោរពប្រតិបត្តិដល់បទបញ្ញត្តិនោះ សម្រាប់មូលហេតុដ៏ត្រឹមត្រូវ ។
-
ដើម្បីអនុវត្តការបង្រៀនរបស់មរមន អំពីសារៈសំខាន់នៃការធ្វើកិច្ចការល្អដោយស្មោះអស់ពីចិត្ត សូមជ្រើសរើសបទបញ្ញត្តិមួយចេញពីបទបញ្ញត្តិទាំងឡាយនេះ ៖ ការតមអាហារ ការបង់ដង្វាយមួយភាគដប់ ការបម្រើអ្នកដទៃ ការសិក្សាព្រះគម្ពីរ ការគោរពឪពុកម្ដាយ ការរស់នៅឲ្យមានភាពស្អាតស្អំខាងសីលធម៌ ។ ( ការរក្សាភាពស្អាតស្អំខាងសីលធម៌ រួមមានការប្រកបដោយគុណធម៌ ពេលប្រើប្រាស់អ៊ិនធើរណិត ឬ ប្រព័ន្ធផ្សព្វផ្សាយសង្គម ។ វាក៏រួមបញ្ចូលផងដែរនូវការណ៍មិនធ្វើអ្វីៗ ដែលអាចនាំទៅកាន់ការរំលងខាងផ្លូវភេទ ) ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកធ្លាប់បានទទួលពរជ័យយ៉ាងដូចម្ដេច ពេលអ្នកបានព្យាយាមគោរពប្រតិបត្តិដល់បទបញ្ញត្តិនោះដោយស្មោះអស់ពីចិត្ត ?
-
តើដំបូន្មានអ្វីដែលអ្នកនឹងផ្ដល់ដល់មិត្តរបស់អ្នក អំពីរបៀបគោរពប្រតិបត្តិដល់បទបញ្ញត្តិនោះដោយស្មោះអស់ពីចិត្ត ?
-
មរ៉ូណៃ 7:11–19
មរមនបង្រៀនអំពីរបៀបវិនិច្ឆ័យរវាងការល្អ និង ការអាក្រក់
តើយើងអាចប្រាប់ថា អ្វីមួយអាក្រក់ដោយមិនបានសាកល្បងវាផ្ទាល់បានដោយរបៀបណា ? មរមន បានផ្ដល់ដំបូន្មាន ដើម្បីជួយយើង ពេលដែលប្រឈមនឹងស្ថានភាពបែបនោះ ។
-
សូមអាន មរ៉ូណៃ 7:11–13 ហើយរកមើលរបៀបក្នុងការវិនិច្ឆ័យការល្អចេញពីការអាក្រក់ ។ អ្នកអាចនឹងចង់គូសចំណាំឃ្លាទាំងឡាយដែលអ្នកចាប់អារម្មណ៍ ។ សូមសង្ខេបអ្វីដែលអ្នករៀនចេញពីខទាំងនេះ ដោយការបំពេញសេចក្ដីថ្លែងខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
អ្វីដែលមកពីព្រះ …
-
អ្វីដែលមកពីអារក្ស …
-
មរមន បានអះអាងបញ្ជាក់ថា ព្រះ អញ្ជើញ ហើយញុះញង់យើងឲ្យធ្វើល្អជានិច្ច ។ សូមកត់ចំណាំថា យោងទៅតាម មរ៉ូណៃ 7:12 អារក្សក៏អញ្ជើញ និង ញុះញង់យើងផងដែរ ។ ចូរគិតអំពីរបៀបមួយចំនួន ដែលអារក្សអញ្ជើញ និង ញុះញង់យើងឲ្យធ្វើអំពើបាប ។
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិភាក្សាពីបំណងរបស់សាតាំងក្នុងការព្យាយាមញុះញង់យើងឲ្យធ្វើអាក្រក់ឥតឈប់ឈរថា ៖ « សាតាំង ឬ លូស៊ីហ្វើរ ឬ បិតានៃសេចក្តីកុហក—ចូរហៅវាតាមអ្វីដែលអ្នកនឹងហៅចុះ—គឺវាមានពិត វាគឺជាតួអង្គនៃការអាក្រក់នោះឯង ។ បំណងរបស់វា គឺមាននៅក្នុងគ្រប់ករណីដែលអាក្រក់ ។ … វាជំទាស់ដ៏អស់កល្បជានិច្ចទៅនឹងសេចក្ដីស្រឡាញ់នៃព្រះ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និង កិច្ចការនៃសេចក្ដីសុខសាន្ត និង សេចក្ដីសង្គ្រោះ ។ វានឹងប្រយុទ្ធតទល់នឹងការណ៍ទាំងនេះ នៅពេលណា និង កន្លែងណាក៏ដោយ ដែលវាអាចធ្វើបាន ។ វាដឹងថា វានឹងត្រូវវាយឲ្យចាញ់ និង ត្រូវបណ្ដេញចេញនៅទីបំផុត ប៉ុន្តែវាបានប្ដេជ្ញាចិត្តដើម្បីយកមនុស្សទៅជាមួយវាឲ្យបានច្រើនបំផុត តាមដែលវាអាចធ្វើទៅបាន » ( “We Are All Enlisted” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 44 ) ។
-
ដើម្បីជួយអ្នករៀបចំអនុវត្តការបង្រៀនរបស់មរមន អំពីការវិនិច្ឆ័យរវាងការល្អ និង ការអាក្រក់ សូមរាយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវកម្មវិធីទូរទស្សន៍ ក្រុមតន្ត្រី ទំព័រអ៊ិនធើរណិត វីដេអូហ្គេម ឬ របស់ទ្រព្យផ្ទាល់ខ្លួន ដែលអ្នកចូលចិត្តមួយចំនួន ។ ( អ្នកអាចនឹងចង់កែប្រែបញ្ជីនេះ ទៅតាមចំណូលចិត្តរបស់អ្នក ) ។ អ្នកនឹងត្រឡប់មកបញ្ជីនេះនៅពេលក្រោយ នៅក្នុងមេរៀននេះ ។
សូមអាន មរ៉ូណៃ 7:15–17 ហើយរកមើលសេចក្ដីពិតទាំងឡាយ ដែលនឹងជួយអ្នកឲ្យដឹងអំពីរបៀបធ្វើការវិនិច្ឆ័យថា តើអ្វីមួយមកពីព្រះ ឬ មកពីអារក្ស ។
ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ត្រូវបានហៅផងដែរថាជា ពន្លឺនៃព្រះគ្រីស្ទ ( សូមមើល មរ៉ូណៃ 7:18 ) ។ ប្រធាន ប៊យដ៏ ឃេ. ផាកកឺ ប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់នូវការពន្យល់នេះ ដែលជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីពន្លឺនៃព្រះគ្រីស្ទ ៖
« ព្រះវិញ្ញាណបរិសុទ្ធ និង ពន្លឺនៃព្រះគ្រីស្ទ គឺខុសពីគ្នា ។ ខណៈដែលពេលខ្លះ ព្រះវិញ្ញាណបរិសុទ្ធ និង ពន្លឺនៃព្រះគ្រីស្ទ ត្រូវបានពិពណ៌នានៅក្នុងព្រះគម្ពីរ ដោយពាក្យដូចគ្នាក៏ដោយ ក៏វាគឺជាអ្វីពីរ ដែលដាច់ដោយឡែកពីគ្នាដែរ ។ …
« កាលណាយើងកាន់តែដឹងច្រើនអំពីពន្លឺនៃព្រះគ្រីស្ទច្រើនប៉ុណ្ណា នោះយើងក៏នឹងកាន់តែយល់អំពីជីវិត និង កាន់តែមានសេចក្ដីស្រឡាញ់ជ្រាលជ្រៅចំពោះមនុស្សលោកទាំងអស់ច្រើនប៉ុណ្ណោះដែរ ។ …
« ដោយមិនគិតថា តើពន្លឺនៅខាងក្នុងខ្លួននេះជាអ្វីទេ ការចេះដឹងអំពីត្រូវ និង ខុសនេះ គឺត្រូវបានហៅថា ពន្លឺនៃព្រះគ្រីស្ទ ញាណខាងសីលធម៌ ឬ សតិសម្បជញ្ញៈ ដែលវាអាចដឹកនាំយើងឲ្យទប់នូវទង្វើរបស់យើង—លុះត្រាតែយើងជំនះវា ឬ ធ្វើឲ្យវាស្ងប់ស្ងាត់ ។ …
« បុរស ស្ត្រី និង កុមារគ្រប់រូប គ្រប់ជាតិសាសន៍ គ្រប់សាសនា ឬ គ្រប់ពណ៌សម្បុរ—គ្រប់ៗគ្នា មិនថាពួកគេរស់នៅទីណា ឬ ជឿអ្វី ឬ ធ្វើអ្វីនោះទេ—គឺពួកគេមាននូវពន្លឺនៃព្រះគ្រីស្ទនៅឋិតថេរក្នុងខ្លួនរបស់ពួកគេ ។ នៅក្នុងន័យនេះគឺថា មនុស្សទាំងអស់ ត្រូវបានបង្កើតមកឲ្យមានភាពស្មើៗគ្នា ។ ពន្លឺនៃព្រះគ្រីស្ទ ដែលនៅក្នុងខ្លួនមនុស្សគ្រប់គ្នា គឺជាទីបន្ទាល់មួយថា ព្រះពុំរើសមុខមនុស្សណាឡើយ » ( “The Light of Christ” Ensign ខែ មេសា ឆ្នាំ 2005 ទំព័រ 8–10 ) ។
សមាជិកសាសនាចក្រដែលបានជ្រមុជទឹកហើយ ក៏មានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធផងដែរ ដើម្បីជួយពួកគេឲ្យចេះញែកដឹងរវាងសេចក្ដីល្អ និង សេចក្ដីអាក្រក់ ។ ប្រធាន ផាកកឺ បានបង្រៀនថា « ព្រះវិញ្ញាណបរិសុទ្ធ អាចធ្វើការតាមរយៈពន្លឺនៃព្រះគ្រីស្ទ » ( “Light of Christ” ទំព័រ 10 ) ។
សូមពិនិត្យមើល មរ៉ូណៃ 7:18–19 ដើម្បីរកមើលដំបូន្មានរបស់ មរមន អំពីរបៀបឆ្លើយតបចំពោះពន្លឺនៃព្រះគ្រីស្ទដែលនៅខាងក្នុងខ្លួនយើង ។ អ្នកអាចនឹងចង់គូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយនៅក្នុងខទាំងនេះ ដែលចង្អុលបង្ហាញថា ពេលយើងព្យាយាមធ្វើតាមពន្លឺនៃព្រះគ្រីស្ទ នោះយើងអាចចេះញែកដឹងរវាងសេចក្ដីល្អ និង សេចក្ដីអាក្រក់បាន ។
សូមមើលបញ្ជីដែលអ្នកបានធ្វើនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នៅក្នុងកិច្ចការ 5 ។ សូមសញ្ជឹងគិតដោយប្រុងប្រយ័ត្នទៅលើអ្វីដែលមាននៅក្នុងបញ្ជីរបស់អ្នក ហើយ « ព្យាយាមស្វែងរកនៅក្នុងពន្លឺនៃព្រះគ្រីស្ទ » ( មរ៉ូណៃ 7:19 ) ដើម្បីកំណត់ថា តើអ្វីៗទាំងនេះមកពីព្រះ ឬ អត់ ។ សំណួរទាំងឡាយខាងក្រោមនេះ អាចមានប្រយោជន៍ក្នុងការពិចារណា ៖
-
តើការណ៍ទាំងនេះ អញ្ជើញអ្នកឲ្យធ្វើល្អ ឲ្យជឿលើព្រះគ្រីស្ទ ឲ្យស្រឡាញ់ព្រះ និង បម្រើទ្រង់ល្អយ៉ាងណា ?
-
តើមានអ្វីចេញពីការណ៍ទាំងនេះ ដែលបញ្ចុះបញ្ចូលអ្នកឲ្យ « ធ្វើអាក្រក់ … មិនឲ្យជឿដល់ព្រះគ្រីស្ទ … បដិសេធទ្រង់ [ ឬ ] មិនបម្រើព្រះ » ដែរឬទេ ? ( មរ៉ូណៃ 7:17 ) ។
-
តើអ្នកមានអារម្មណ៍ថា អ្នកគួរតែដកចេញនូវចំណុចណាមួយនៃចំណុចទាំងនេះ ចេញពីជីវិតរបស់អ្នកដែរឬទេ ? បើដូច្នោះ តើអ្នកនឹងធ្វើវាដោយរបៀបណា ?
មរមន បានសន្យាថា ពេលអ្នកជ្រើសរើសដកចេញនូវអ្វីៗដែលមិនល្អចេញពីជីវិតអ្នក ហើយព្យាយាម « ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » នោះអ្នកនឹងក្លាយជា « កូននៃព្រះគ្រីស្ទ » ( មរ៉ូណៃ 7:19 ) ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា មរ៉ូណៃ 7:1–19 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖