មេរៀនទី 9 ៖ ថ្ងៃទី 2
នីហ្វៃទី 2 33
សេចក្តីផ្ដើម
នីហ្វៃបានបញ្ចប់កំណត់ត្រារបស់លោកដោយប្រកាសថា ពាក្យសរសេរទាំងឡាយរបស់លោកធ្វើទីបន្ទាល់ពីព្រះគ្រីស្ទ ហើយបញ្ចុះបញ្ចូលមនុស្សឲ្យធ្វើល្អ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។លោកបានមានប្រសាសន៍ថា បើទោះជាលោកបានសរសេរ « នៅក្នុងភាពទន់ខ្សោយ » ក៏ដោយ ក៏សារលិខិតរបស់លោកគឺជា « តម្លៃដ៏ធំ » ហើយពាក្យសម្ដីរបស់លោកនឹង « បានធ្វើជាខ្លាំង » សម្រាប់អ្នកទាំងឡាយដែលនឹងអានពាក្យទាំងនោះ ( សូមមើល នីហ្វទី 2 33:3–4 ) ។លោកបានធ្វើទីបន្ទាល់ថា ការសរសេររបស់លោកគឺជា « ព្រះបន្ទូលនៃព្រះគ្រីស្ទ » ហើយថា មនុស្សទាំងឡាយនឹងមានទំនួលខុសត្រូវចំពោះព្រះសម្រាប់ការឆ្លើយតបរបស់ពួកគេចំពោះព្រះបន្ទូលទាំងនោះ ( សូមមើល នីហ្វៃទី 2 33:10–15 ) ។
-
នៅក្នុងមេរៀនមុន អ្នកត្រូវបានអញ្ជើញឲ្យព្យាយាម « អធិស្ឋានជានិច្ច » រយៈពេល 24 ម៉ោង ។នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរគំនិត និង អារម្មណ៍ទាំងឡាយរបស់អ្នកអំពីបទពិសោធន៍របស់អ្នក ។
នីហ្វៃទី 2 33:1–15
នីហ្វៃពន្យល់ពីគោលបំណងនៃការសរសេររបស់លោក
សូមគិតមួយភ្លែតពីមូលហេតុដែលអ្នកអាចនឹងចង់ឲ្យព្រះវិញ្ញាណបរិសុទ្ធនាំសារលិខិតមួយចូលខាងក្នុងចិត្តរបស់អ្នក ។
តើមានភាពខុសគ្នាបែបណារវាងសារលិខិតមួយ ចូលទៅក្នុង ចិត្តរបស់មនុស្សម្នាក់ និង សារលិខិតមួយ ចូលខាងក្នុង ចិត្តរបស់មនុស្សម្នាក់ ?
សូមអាន នីហ្វទី 2 33:1 ហើយរកមើលថា តើជាពាក្យ—ចូលទៅក្នុង ឬ ចូលខាងក្នុង— ដែលនីហ្វៃបានប្រើដើម្បីពិពណ៌នាពីកន្លែងដែលព្រះវិញ្ញាណបរិសុទ្ធនាំយកសារលិខិតទាំងឡាយមកកាន់យើង ។អ្នកអាចនឹងចង់គូសចំណាំអ្វីដែលអ្នករកឃើញ ។
តើអ្នកគិតថា ហេតុអ្វីវាសំខាន់ថា ព្រះវិញ្ញាណបរិសុទ្ធនាំយកសេចក្តីពិត ចូលទៅក្នុង ចិត្តរបស់យើង ប៉ុន្តែមិនមែន ចូលខាងក្នុង ចិត្តរបស់យើង ?
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានធ្វើសេចក្ដីថ្លែងការណ៍ដូចតទៅនេះអំពី នីហ្វៃទី 2 33:1 ៖ « សូមកត់សម្គាល់ពីរបៀបដែលអំណាចនៃព្រះវិញ្ញាណបរិសុទ្ធបាននាំសារលិខិតនោះ ចូលទៅក្នុង ប៉ុន្តែមិនចាំបាច់ ចូលខាងក្នុង ចិត្ត ។គ្រូបង្រៀនម្នាក់អាចពន្យល់ បង្ហាញ បញ្ចុះបញ្ចូល និង ថ្លែងទីបន្ទាល់ ហើយធ្វើបែបនេះជាមួយនឹងអនុភាពខាងវិញ្ញាណដ៏អស្ចារ្យ និង មានប្រសិទ្ធិភាព ។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត បរិបទនៃសារលិខិត និង ទីបន្ទាល់នៃព្រះវិញ្ញាណបរិសុទ្ធ ជ្រាបចូលទៅក្នុងដួងចិត្តបាន នៅពេលដែលអ្នកទទួល អនុញ្ញាតឲ្យសារលិខិតនោះចូលតែប៉ុណ្ណោះ ។ការរៀនសូត្រដោយសេចក្តីជំនឿបើកផ្លូវឲ្យចូលខាងក្នុងចិត្ត » ( «Seek Learning by Faith» Ensign ខែ កញ្ញា ឆ្នាំ 2007 ទំព័រ 61 ) ។
អែលឌើរ ជើរ៉ល អិន ឡាន ដែលពេលនោះបម្រើជាសមាជិកម្នាក់នៃពួកចិតសិបនាក់ បានពន្យល់ពីមូលហេតុដែលព្រះវិញ្ញាណនឹងនាំព្រះបន្ទូលចូលទៅក្នុង ប៉ុន្តែមិនមែន ចូលខាងក្នុង ចិត្តរបស់យើងទេ ៖ « តើហេតុអ្វីគ្រាន់តែចូលទៅក្នុងចិត្ត ?ភ្នាក់ងារផ្ទាល់ខ្លួនគឺពិសិដ្ឋខ្លាំងណាស់ដែលព្រះវរបិតាសួគ៌នឹងមិនដែលបង្ខំចិត្តមនុស្សនោះទេ បើទោះដោយមានព្រះចេស្តាដែលឥតប្រៀបផ្ទឹមរបស់ទ្រង់ទាំងអស់ក៏ដោយ ។មនុស្សអាចព្យាយាមធ្វើដូច្នេះ ប៉ុន្តែព្រះមិនធ្វើដូច្នេះឡើយ ។និយាយម្យ៉ាងទៀត ព្រះអនុញ្ញាតឲ្យយើងជាអាណាព្យាបាលលើខ្លួនឯងផ្ទាល់ ឬ អ្នកយាមខ្លោងទ្វារនៃដួងចិត្តរបស់យើងផ្ទាល់ ។យើងត្រូវតែបើកចិត្តរបស់យើងដល់ព្រះវិញ្ញាណដោយឆន្ទៈផ្ទាល់របស់យើង ដ្បិតទ្រង់នឹងមិនបង្ខំរូបអង្គទ្រង់ផ្ទាល់មកលើយើងនោះទេ » ( “Opening Our Hearts,” Ensign ឬ Liahona ខែ ឧសភា ឆ្នាំ 2008 ទំព័រ 33 ) ។
តើអ្នកគិតថា មនុស្សត្រូវការធ្វើអ្វីដើម្បីបើកចិត្តរបស់ពួកគេសម្រាប់ព្រះវិញ្ញាណ ?
សូមអាន នីហ្វៃទី 2 33:2 រកមើលអ្វីដែលកើតឡើងនៅពេលមនុស្សជ្រើសរើសពង្រឹងចិត្តរបស់ពួកគេ ។វាអាចមានប្រយោជន៍ដើម្បីដឹងថា ឃ្លា « របស់ឥតប្រយោជន៍ » មានន័យថា « ឥតតម្លៃ » ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើចរិកលក្ខណៈ និង អាកប្បកិរិយាបែបណា ដែលអ្នកគិតថា មនុស្សម្នាក់ដែលបើកដួងចិត្ត នឹងបង្ហាញឲ្យឃើញនៅអំឡុងពេលនៃការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន អំឡុងពេលសិក្សាថ្នាក់សិក្ខាសាលាដែលសិក្សានៅផ្ទះ និង អំឡុងពេលការប្រជុំសាក្រាម៉ង់ ។
នៅក្នុង នីហ្វៃទី 2 33:1–2 យើងត្រូវបានបង្រៀនពីគោលការណ៍នេះ នៅពេលយើងបើកចិត្តរបស់យើង នោះសារលិខិតទាំងឡាយដែលមានមកពីព្រះវិញ្ញាណបរិសុទ្ធអាចចូលទៅក្នុងចិត្តរបស់យើង ។ អ្នកអាចចង់សរសេរគោលការណ៍នេះក្នុងព្រះគម្ពីររបស់អ្នក ។
-
សូមសរសេរក្នុងសៀវភៅការសិក្សាព្រះគម្ពីររបស់អ្នកនូវចម្លើយទាំងឡាយចំពោះសំណួរខាងក្រោមនេះ ៖
-
តើអ្នកបានមានអារម្មណ៍ថា សារលិខិតនៃដំណឹងល្អបានចូលក្នុងចិត្តរបស់អ្នកនៅពេលណា ?តើនៅក្នុងកាលៈទេសៈអ្វីខ្លះ ហើយតើមានលទ្ធផលអ្វីខ្លះ ?
-
តើការណ៍នេះប្រាប់អ្វីខ្លះអំពីចិត្តរបស់អ្នកនៅពេលនោះ ?
-
សូមអាន នីហ្វៃទី 2 33:3–7 រកមើលសេចក្តីសង្ឃឹមរបស់នីហ្វៃសម្រាប់អ្នកទាំងឡាយដែលនឹងអានពាក្យសម្ដីរបស់លោក ។បន្ទាប់មក សូមបំពេញប្រយោគតទៅនេះ ដោយប្រើពាក្យសម្ដីផ្ទាល់ខ្លួនរបស់អ្នក ឬ ពាក្យសម្ដីទាំងឡាយរបស់នីហ្វៃ ។សូមដឹងថា ឃ្លាមួយចំនួនអាចមានចម្លើយច្រើនជាងមួយ ៖
នីហ្វៃទី 2 33:3—ខ្ញុំអធិស្ឋានពុំឈប់ឈរឲ្យ ។
នីហ្វៃ 2 33:4—ខ្ញុំដឹង ។
នីហ្វៃទី 2 33:6—ខ្ញុំសរសើរតម្កើង ។
នីហ្វៃទី 2 33:7—ខ្ញុំមាន ។
នៅពេលអ្នកបញ្ចប់ការសិក្សា នីហ្វៃទី 2 33 សូមចងចាំថា ខគម្ពីរទាំងនេះគឺជាទីបន្ទាល់ចុងក្រោយរបស់នីហ្វៃដែលបានកត់ត្រាក្នុងព្រះគម្ពីរ ។សូមអាន នីហ្វៃទី 2 33:10–14 ហើយស្រម៉ៃថា អ្នកកំពុងស្តាប់ពាក្យសម្ដីទាំងនេះពីនីហ្វៃផ្ទាល់ ។អ្នកអាចគូសបន្ទាត់ពីក្រោមឃ្លាទាំងឡាយដែលមានអត្ថន័យចំពោះអ្នក ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវឃ្លាមួយចំនួនចេញពី នីហ្វៃទី 2 33:10–14 ដែលមានន័យចំពោះអ្នក ហើយពន្យល់ពីមូលហេតុ ។សូមឆ្លើយសំណួរតទៅនេះផងដែរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ បើសិនមនុស្សជឿលើព្រះគ្រីស្ទ តើពួកគេនឹងមានអារម្មណ៍បែបណាចំពោះព្រះគម្ពីរមរមន ?( សូមមើល នីហ្វៃទី 2 33:10 ) ។
សូមអាន នីហ្វៃទី 2 33:15 ហើយសញ្ជឹងគិតពីពាក្យសម្ដីចុងក្រោយរបស់នីហ្វៃ ៖ « ខ្ញុំត្រូវតែគោរពធ្វើតាម » ។អ្នកអាចចង់សរសេរ « នីហ្វៃទី1 3:7 » ជាសេចក្តីយោងបទគម្ពីរក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរនឹង នីហ្វទី 2 33:15 ។សូមពិនិត្យមើលឡើងវិញ នីហ្វៃទី 1 3:7 ហើយរកមើលរបៀបដែលខគម្ពីរទាំងពីរនេះទាក់ទងគ្នា ។
-
សូមចំណាយពេលពីរ ឬ បីនាទីពិនិត្យមើលក្នុង នីហ្វៃទី 1 និង នីហ្វៃទី 2 ដើម្បីរកមើលគំរូនៃការគោរពប្រតិបត្តិរបស់នីហ្វៃ ។នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរគំរូមួយចំនួនដែលអ្នករកឃើញ ។សូមរកមើលវគ្គដែលពេញចិត្ត ឬ មានអត្ថន័យមួយដែលបានបញ្ចុះបញ្ចូលអ្នកឲ្យធ្វើល្អ នឹងកាន់តែល្អឡើង ឬ ដើម្បីជឿលើព្រះអង្គសង្គ្រោះ ដូចដែលនីហ្វៃបានមានប្រសាសន៍ ( សូមមើល នីហ្វៃទី 2 33:1 ) ។សូមសរសេរវគ្គនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ទីបន្ទាល់ចុងក្រោយរបស់នីហ្វៃ និង ការព្រមានរបស់លោកចំពោះអ្នកទាំងឡាយដែលអាចនឹងបដិសេធពាក្យសម្តីរបស់លោក បន្ថែមការទទួលខុសត្រូវចំពោះរបៀបដែលយើងប្រព្រឹត្តចំពោះព្រះគម្ពីរមរមន ។ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បានបង្រៀនថា ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងមានការទទួលខុសត្រូវដើម្បីសិក្សាព្រះគម្ពីរមរមន ៖
« ចំពោះខ្ញុំ ខ្ញុំគិតថា សមាជិកសាសនាចក្រនេះគ្រប់រូបនឹងមិនបានពេញលេញឡើយរហូតដល់គាត់បានអានព្រះគម្ពីរមរមនម្ដងហើយម្ដងទៀត ហើយពិចារណាវាយ៉ាងល្អិតល្អន់ ដើម្បីឲ្យគាត់អាចថ្លែងជាសាក្សីថា វាគឺពិតជាកំណត់ត្រាមួយដែលមានការបំផុសគំនិតពីព្រះដ៏មានមហិទ្ធិឫទ្ធិ ហើយថា ប្រវត្តិសាស្ត្ររបស់វាគឺជារឿងពិត » ។ …
« … គ្មានសមាជិកពីសាសនាចក្រនេះដែលអាចត្រូវបានអនុញ្ញាតឲ្យឈរក្នុងវត្តមាននៃព្រះ ដោយមិនបានអានព្រះគម្ពីរមរមនដោយយកចិត្តទុកដាក់ និង ហ្មត់ចត់នោះឡើយ » ( in Conference Report ខែ តុលា ឆ្នាំ 1961 ទំព័រ 18 ) ។
អ្នកមានឱកាសនេះដើម្បីសម្រេចចិត្តពីរបៀបដែលអ្នកនឹងប្រព្រឹត្តចំពោះពាក្យសម្តីរបស់នីហ្វៃ និង ព្រះគម្ពីរមរមន ។
-
សូមវាយតម្លៃការប្រឹងប្រែងរបស់អ្នកក្នុងការសិក្សាព្រះគម្ពីរមរមន ហើយសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវរបៀបមួយដែលអ្នកអាចធ្វើឲ្យការសិក្សារបស់អ្នកបានប្រសើរឡើង ។
ដើម្បីបញ្ចប់មេរៀននេះ សូមអានសេចក្តីសន្យារបស់ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ទៅកាន់អស់អ្នកទាំងឡាយណាដែលសិក្សាព្រះគម្ពីរមរមនដោយឧស្សាហ៍ព្យាយាម ៖ « មិនថា អ្នកបានអានព្រះគម្ពីរមរមនប៉ុណ្ណាដងនោះទេ នឹងមានមកកាន់ជីវិតរបស់អ្នក និង ក្នុងគេហដ្ឋានរបស់អ្នកនូវរង្វាស់បន្ថែមមួយពីព្រះវិញ្ញាណរបស់ព្រះអម្ចាស់ មាននូវការតាំងចិត្តមួយកាន់តែរឹងមាំ ដើម្បីដើរដោយគោរពប្រតិបត្តិចំពោះព្រះបញ្ញត្តិរបស់ទ្រង់ និង ទីបន្ទាល់មួយដ៏រឹងមាំអំពីការរស់នៅដ៏ពិតប្រាកដនៃព្រះរាជបុត្រានៃព្រះ » ( «A Testimony Vibrant and True» Ensign ខែ សីហា ឆ្នាំ 2005 ទំព័រ 6 ) ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី 2 33 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖