សេចក្ដីណែនាំមកកាន់គម្ពីរនីហ្វៃទី3
ហេតុអ្វីសិក្សាគម្ពីរនេះ ?
ពេលអ្នកសិក្សា នីហ្វៃទី3 អ្នកនឹងរៀនអំពីព្រះបន្ទូល និង សកម្មភាពទាំងឡាយរបស់ព្រះអង្គសង្គ្រោះ អំឡុងពេលនៃការបម្រើរបស់ទ្រង់នៅក្នុងចំណោមប្រជាជននៃព្រះគម្ពីរមរមន ។ ពួកអ្នកដឹកនាំសាសនាចក្របានមានប្រសាសន៍ថា នីហ្វៃទី3 ជា « ដំណឹងល្អទីប្រាំ » នៃព្រះអម្ចាស់របស់យើង ដោយសារតែដូចដំណឹងល្អទាំងបួននៅក្នុងព្រះគម្ពីរសញ្ញាថ្មីដែរ វាផ្ដោតលើការបង្រៀន និង ការបម្រើផ្ទាល់របស់ព្រះយេស៊ូវគ្រីស្ទតែម្ដង ( សូមមើល Gordon B. Hinckley “The Cornerstones of Our Faith” Ensign ខែ វិច្ឆិកា ឆ្នាំ 1984 ទំព័រ 52 ) ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា « នីហ្វៃទី3 រួមមាននូវវគ្គបទគម្ពីរមួយចំនួនដែលធ្វើឲ្យរំជួលចិត្ត និង ប្រកបដោយព្រះចេស្ដាបំផុត នៅក្នុងព្រះគម្ពីរទាំងអស់ ។ វាថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ពួកព្យាការីរបស់ទ្រង់ និង ពីគោលលទ្ធិទាំងឡាយនៃសេចក្ដីសង្គ្រោះ » ( “The Savior’s Visit to America” Ensign ខែ ឧសភា ឆ្នាំ 1987 ទំព័រ 6 ) ។ ដោយការឃើញពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានបង្ហាញសេចក្ដីអាណិតអាសូរដល់ប្រជាជន « ម្ដងម្នាក់ៗ » ( នីហ្វៃទី3 11:15; 17:21 ) នោះអ្នកអាចយល់កាន់តែច្បាស់ថា ការខ្វល់ខ្វាយរបស់ទ្រង់សម្រាប់អ្នកគឺចំពោះបុគ្គលម្នាក់ៗរៀងៗខ្លួន ។ អ្នកអាចរៀនផងដែរពីមេរៀនសំខាន់ៗ ដោយការកត់សម្គាល់ពីរបៀបដែលប្រជាជនមួយចំនួនបានរៀបចំខ្លួនគេ ដើម្បីជួបនឹងព្រះអង្គសង្គ្រោះ ខណៈដែលអ្នកផ្សេងទៀតរារាំងខ្លួនពួកគេពីការទទួលបទពិសោធន៍នៃពរជ័យដ៏រុងរឿងទាំងឡាយ ។
តើនរណាបានសរសេរគម្ពីរនេះ ?
មរមនបានសង្ខេបបញ្ជីទាំងឡាយពីផ្ទាំងធំរបស់នីហ្វៃ ដើម្បីបង្កើតជាគម្ពីរ នីហ្វៃទី3 ឡើង ។ គម្ពីរនេះត្រូវបានដាក់ឈ្មោះតាមនីហ្វៃ ជាកូនប្រុសរបស់នីហ្វៃ ដែលការបម្រើរបស់លោកមានចាប់តាំងពីមុន អំឡុងពេល និង បន្ទាប់ពីការយាងមករបស់ព្រះអង្គសង្គ្រោះមកដល់ពួកសាសន៍នីហ្វៃ ។ អំឡុងពេលនៃភាពទុច្ចរិតដ៏ធំធេងដែលកើតឡើងពីមុនការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ នីហ្វៃបានបម្រើ « ដោយអានុភាព និង សិទ្ធិអំណាចដ៏ធំ » ( នីហ្វៃទី3 7:17 ) ។ ប៉ុន្តែ ការបម្រើរបស់នីហ្វៃគឺគ្រាន់តែជាការនាំផ្លូវមុនការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលព្រះបន្ទូល និង កិច្ចការរបស់ទ្រង់បង្កើតជាការផ្ដោតដ៏សំខាន់បំផុតនៅក្នុង នីហ្វៃទី3 ។ ខណៈពេលធ្វើការសង្ខេបរបស់លោកអំពី នីហ្វៃទី3 មរមនក៏បានបន្ថែមនូវការអធិប្បាយ និង ទីបន្ទាល់របស់លោកផងដែរទៅក្នុងគម្ពីរនេះ ( សូមមើល នីហ្វៃទី3 5:8–26; 26:6–12; 29–30 ) ។
តើនៅពេលណា ហើយនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរឡើង ?
បញ្ជីដើមដែលត្រូវបានប្រើប្រាស់ជាប្រភពសម្រាប់គម្ពីរ នីហ្វៃទី3 ទំនងជាត្រូវបានសរសេររវាងឆ្នាំ 1 ម.គ.ស. និង 34 ម.គ.ស. ។ មរមនបានសង្ខេបបញ្ជីទាំងនោះនៅរវាងឆ្នាំ 345 គ.ស. និង 385 គ.ស. ។ មរមនពុំបានកត់ត្រាថាលោកនៅកន្លែងណាទេ ពេលលោកចងក្រងគម្ពីរនេះ ។