មេរៀនទី 15 ៖ ថ្ងៃទី 3
អាលម៉ា 6–7
សេចក្តីផ្ដើម
បន្ទាប់ពីបង្រៀនប្រជាជននៅសារ៉ាហិមឡា និង រៀបចំសាសនាចក្រឲ្យមានរបៀបរៀបរយហើយ អាលម៉ាបានទៅកាន់ទីក្រុងគេឌាន ។ លោកបានឃើញថា បណ្ដាជននៅទីនោះស្មោះត្រង់ជាងបណ្ដាជននៅសារ៉ាហិមឡា ។ ហេតុដូច្នោះហើយ លោកបានលើកទឹកចិត្តប្រជាជននៅគេឌានឲ្យបន្តពឹងផ្អែកទៅលើព្រះអម្ចាស់ និង បន្តព្យាយាមអនុវត្តនូវដង្វាយធួនរបស់ទ្រង់នៅក្នុងជីវិតពួកគេ ។ ទីបន្ទាល់របស់អាលម៉ាអំពីព្រះយេស៊ូវគ្រីស្ទ អាចជួយអ្នកឲ្យកាន់តែយល់ច្បាស់ថែមទៀត អំពីទំហំនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និង បង្រៀនអ្នកពីរបៀបដើម្បីទទួលបានពរជ័យពីដង្វាយធួនរបស់ទ្រង់ជារៀងរាល់ថ្ងៃ កាលដែលអ្នកបន្តដើរតាមផ្លូវទៅកាន់នគររបស់ព្រះ ។
អាលម៉ា 6
អាលម៉ាពង្រឹងសាសានចក្រនសារ៉ាហិមឡា ហើយទៅផ្សព្វផ្សាយនៅទីក្រុងគេឌាន
សូមបំពេញប្រយោគដូចតទៅនេះ ៖ ខ្ញុំចូលរួមនៅព្រះវិហារពីព្រោះ ។
នៅពេលដែលអ្នកសិក្សា អាលម៉ា 6 សូមគិត ថាតើការយល់ពីគោលបំណងនៃការប្រជុំនៅសាសនាចក្រ អាចធ្វើឲ្យការប្រជុំទាំងនោះកាន់តែមានអត្ថន័យចំពោះអ្នកយ៉ាងណា ។
មុនពេលអាលម៉ាបានចាកចេញពីសារ៉ាហិមឡា លោកបានពង្រឹងសាសនាចក្រនៅទីនោះ ។ សូមអាន អាលម៉ា 6:1–4 ហើយរកមើលឃ្លាចំនួនពីរ ឬ បី ដែលពិពណ៌នាអំពីទំនួលខុសត្រូវទាំងឡាយរបស់អ្នកដឹកនាំបព្វជិតភាពនៅក្នុងសាសនាចក្រ ។
គោលការណ៍សំខាន់មួយ ដែលយើងរៀនពីបទពិសោធន៍របស់អាលម៉ាគឺ ៖ នៅក្នុងជំនាន់របស់យើង ក៏ដូចជានៅក្នុងជំនាន់ទាំងឡាយក្នុងព្រះគម្ពីរមរមនដែរ គឺថា សាសនាចក្រត្រូវបានស្ថាបនាឡើងសម្រាប់សុខុមាលភាពរបស់មនុស្សទាំងអស់ ។ សូមអាន អាលម៉ា 6:5–6 ហើយគូសចំណាំឃ្លាពីរដូចតទៅនេះ ៖ « ដើម្បីស្ដាប់ព្រះបន្ទូលនៃព្រះ » និង « រួមគ្នាតមអាហារ ហើយអធិស្ឋានឲ្យអស់ពីចិត្តដែរ ដើម្បីសុខុមាលភាពដល់ព្រលឹងនៃពួកអ្នកដែលពុំស្គាល់ព្រះ » ។ ឃ្លាទាំងនេះកំណត់ពីរបៀប ដែលសាសនាចក្រផ្ដល់ឱកាសសម្រាប់មនុស្សទាំងអស់ដើម្បីលូតលាស់ និង ជួយអ្នកផ្សេងទៀត ។ សូមគិតអំពីរបៀបដែលសមាជិកសាសនាចក្រនៅសារ៉ាហិមឡា បំពេញប្រយោគដែលអ្នកបានបំពេញខាងលើ ។
-
សូមសរសេរគំនិតមួយចំនួននៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើការទៅកាន់ព្រះវិហារសម្រាប់មូលហេតុដែលមាននៅក្នុង អាលម៉ា 6:5–6 អាចធ្វើឲ្យមានភាពខុសគ្នាយ៉ាងណា ចំពោះបទពិសោធន៍របស់អ្នកនៅព្រះវិហារ ។
ពរជ័យនៃសមាជិកភាពក្នុងសាសនាចក្រគឺមានបំណងដើម្បីផ្ដល់ដល់បុត្រាបុត្រីទាំងអស់នៃព្រះ ។ អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
« គ្រប់គ្នា អធិស្ឋានសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនា ។ សូមឲ្យធ្វើដូច្នោះជានិច្ច ។ នៅក្នុងវិញ្ញាណដដែលនោះ យើងក៏គួរតែអធិស្ឋានសម្រាប់ពួកអ្នកដែលកំពុង ( ឬ អ្នកដែលត្រូវការ ) ជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនាផងដែរ ។ នៅឯសារ៉ាហិមឡា សមាជិកត្រូវបានបញ្ជាឲ្យ ‹ រួមគ្នាតមអាហារ ហើយអធិស្ឋានឲ្យអស់ពីចិត្ត › [ អាលម៉ា 6:6 ] សម្រាប់ពួកអ្នកដែលមិនទាន់បានចូលរួមនឹងសាសនាចក្ររបស់ព្រះនៅឡើយ ។ យើងអាចធ្វើដូចគ្នាដែរ ។
« យើងក៏អាចអធិស្ឋានជារៀងរាល់ថ្ងៃ ដើម្បីទទួលបានបទពិសោធន៍នៃការផ្សព្វផ្សាយសាសនាផ្ទាល់ខ្លួនរបស់យើងផ្ទាល់ ។ សូមអធិស្ឋានថា នៅក្រោមការគ្រប់គ្រងដ៏ទេវភាពនៃការណ៍ទាំងឡាយបែបនោះ នោះឱកាសផ្សព្វផ្សាយសាសនាដែលអ្នកចង់បាន គឺកំពុងត្រូវបានរៀបចំរួចជាស្រេចនៅក្នុងដួងចិត្តរបស់នរណាម្នាក់ ដែលចង់បានយ៉ាងខ្លាំង និង ដែលស្វែងរកនូវអ្វីដែលអ្នកមាន ។ ‹ មានមនុស្សជាច្រើននៅលើផែនដីនៅឡើយ … ដែលលាក់ពីសេចក្ដីពិត ពីព្រោះពួកគេមិនដឹងជាទៅរកសេចក្ដីពិតឯណាទេ › [ គ. និង ស. 123:12 ] ។ សូមអធិស្ឋានថា ពួកគេនឹងរកឃើញអ្នក ! ហើយបន្ទាប់មក ចូរវាងវៃ ព្រោះមានមនុស្សច្រើនណាស់នៅក្នុងពិភពរបស់អ្នក ដែលមានអារម្មណ៍ថា មានអំណត់អត់នៅក្នុងជីវិតរបស់ពួកគេ ពុំមែនជាអំណត់អត់នំប៉័ង មិនមែនស្រេកទឹកនោះទេ ប៉ុន្តែជាអំណត់អត់ការឮព្រះបន្ទូលនៃព្រះអម្ចាស់ [ សូមមើល អេម៉ុស 8:11 ] » ( “Witnesses unto Me” Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 15 ) ។
ដើម្បីធ្វើតាមដំបូន្មានរបស់ អែលឌើរ ហូឡិន សូមពិចារណាអំពីការអធិស្ឋានដើម្បីព្រះវរបិតាជួយអ្នកទទួលស្គាល់ និង អនុវត្តទៅលើឱកាសផ្សព្វផ្សាយសាសនាដែលកំពុងត្រូវបានរៀបចំសម្រាប់អ្នក ។ សូមស្វែងរកឱកាសទាំងឡាយ ដើម្បីអញ្ជើញអ្នកដទៃទៀតឲ្យមករួមទទួលពរជ័យដែលអ្នកទទួលក្នុងនាមជាសមាជិកម្នាក់នៃសាសនាចក្រ ។
អាលម៉ា 7:1–13
អាលម៉ាបង្រៀនប្រជាជនគេឌានអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ
សូមគិតស្រមៃថា អ្នកកំពុងមានការសន្ទនាមួយអំពីការប្រែចិត្ត ជាមួយមិត្តភក្ដិរបស់អ្នកដែលជាសមាជិកសកម្មនៅក្នុងសាសនាចក្រ ។ មិត្តរបស់អ្នកពុំបានគិតថា ពួកគេបានប្រព្រឹត្តអំពើបាបអ្វីធ្ងន់ធ្ងរនោះទេ ហើយឆ្ងល់ថា ពួកគេអាចទទួលបទពិសោធន៍យ៉ាងពិតប្រាកដ អំពីអំណាចនៃដង្វាយធួនដោយរបៀបណា ។ សូមគិតអំពីអ្វីដែលអ្នកអាចនឹងចែកចាយជាមួយមិត្តទាំងនេះ ។ សូមចងចាំគំនិតទាំងនេះ ពេលអ្នកសិក្សា អាលម៉ា 7:1–13 ។
បន្ទាប់ពីចាកចេញពីសារ៉ាហិមឡា អាលម៉ាបាននិយាយជាមួយនឹងប្រជាជននៅក្នុងទីក្រុងគេឌាន ។ សូមអាន អាលម៉ា 7:3–6 ដើម្បីឃើញពីស្ថានភាពខាងវិញ្ញាណយ៉ាងណា ដែលអាលម៉ាសង្ឃឹមចង់ឃើញក្នុងចំណោមប្រជាជននៅគេឌាន ។ បន្ទាប់មក សូមអាន អាលម៉ា 7:17–19 ដើម្បីរកមើលថាតើសេចក្ដីសង្ឃឹមរបស់អាលម៉ាត្រូវបានបញ្ជាក់ឬយ៉ាងណា ។ នៅលើបន្ទាត់តទៅនេះ សូមពិពណ៌នាអំពីស្ថានភាពខាងវិញ្ញាណរបស់ប្រជាជនគេឌាន ៖
សូមអាន អាលម៉ា 7:7–10 ហើយរកមើលព្រឹត្តិការណ៍ ដែលអាលម៉ាមានអារម្មណ៍ថាសំខាន់បំផុតសម្រាប់ប្រជាជនដើម្បីដឹង និង អ្វីដែលប្រជាជនត្រូវធ្វើដើម្បីរៀបចំសម្រាប់ការណ៍នោះ ។
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ហេតុអ្វីអាលម៉ាប្រាប់ប្រជាជនដែលមានសេចក្ដីជំនឿរឹងមាំរួចទៅហើយនោះ ( សូមមើល អាលម៉ា 7:17 ) ថាពួកគេត្រូវប្រែចិត្ត ដើម្បីរៀបចំខ្លួនសម្រាប់ការយាងមករបស់ព្រះអង្គសង្គ្រោះ ? ( សូមមើល រ៉ូម 3:23 ) ។
អាលម៉ាបានបង្រៀនប្រជាជនគេឌានពីគោលការណ៍ដ៏សំខាន់នេះ ៖ ព្រះយេស៊ូវគ្រីស្ទរងទុក្ខដើម្បីសង្គ្រោះយើងពីអំពើបាប និង សេចក្ដីស្លាប់ ព្រមទាំងជួយយើងឲ្យឆ្លងកាត់ឧបសគ្គទាំងឡាយក្នុងជីវិតរមែងស្លាប់ ។ សូមអាន អាលម៉ា 7:11–13 ហើយគូសចំណាំក្នុងព្រះគម្ពីររបស់អ្នក ពីលក្ខខណ្ឌដែលព្រះអង្គសង្គ្រោះស្ម័គ្រព្រះទ័យ « លើកដាក់លើ » ព្រះអង្គទ្រង់ផ្ទាល់ សម្រាប់ជាប្រយោជន៍ដល់យើង ។
វាអាចជាប្រយោជន៍ក្នុងការដឹងថា ជំងឺឈឺចាប់ គឺជាភាពទន់ខ្សោយ ពិការភាព ឬ ជំងឺទាំងឡាយ—ជាពាក្យដែលក្តោបន័យឲ្យបញ្ហាជាច្រើនប្រភេទ ។ ពាក្យជួយ មានន័យថាជួយនៅក្នុងគ្រានៃសេចក្ដីត្រូវការ ឬ គ្រាទុក្ខព្រួយ ។ វាជាពាក្យឫសនៃភាសាឡាតាំង ដែលមានន័យថារត់ទៅរកជំនួយរបស់នរណាម្នាក់ ដែលនាំទៅកាន់ព្រះរាជបំណងរបស់ព្រះ ដែលមានព្រះទ័យប្រាថ្នាជួយយើង ។
នៅក្បែរ អាលម៉ា 7:11–13 នៅក្នុងព្រះគម្ពីររបស់អ្នក ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អ្នកអាចនឹងចង់សរសេរសេចក្ដីថ្លែងការណ៍តទៅនេះមកពី អែលឌើរ ប្រូស ស៊ី. ហាហ្វីន ដែលបានបម្រើជាសមាជិកមួយរូបនៃពួកចិតសិបនាក់ ៖ « ដង្វាយធួនពុំមែនសម្រាប់តែអ្នកមានបាបនោះទេ » ( “Beauty for Ashes: The Atonement of Jesus Christ” Ensign ខែ មេសា ឆ្នាំ 1990 ទំព័រ 7 ) ។ ( អាលម៉ា 7:11–13 គឺជាចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។
-
តារាងខាងក្រោមនេះរួមមាននូវពាក្យទាំងឡាយចេញពី អាលម៉ា 7:11–13 ដែលពិពណ៌នាអំពីលក្ខខណ្ឌដែលព្រះអង្គសង្គ្រោះបានលើកដាក់លើព្រះអង្គទ្រង់ផ្ទាល់ ។ សូមគូសតារាងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក បន្ទាប់មក សូមជ្រើសរើសពាក្យមួយចំនួននៃពាក្យទាំងនេះ ហើយសរសេរឧទាហរណ៍អំពីរបៀបដែលអ្នក ឬ មនុស្សដែលអ្នកបានស្គាល់ បានមានបទពិសោធន៍អំពីលក្ខខណ្ឌទាំងនេះ ។ សូមគិតថាតើវាមានន័យយ៉ាងណា ដែលមានព្រះយេស៊ូវគ្រីស្ទលើកដាក់លើព្រះអង្គទ្រង់នូវការណ៍ទាំងនេះ ។
ការឈឺចាប់ | |
ទុក្ខវេទនា | |
ការល្បួង | |
ជំងឺ | |
សេចក្តីស្លាប់ | |
ជំងឺឈឺចាប់ | |
អំពើបាប |
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន បានចែកចាយនូវទីបន្ទាល់ខាងក្រោមនេះថា ដង្វាយធួនអាចលើកបន្ទុករបស់យើងចេញពីយើងបាន ៖
« តើអ្នកកំពុងតែប្រយុទ្ធនឹងបីសាចនៃការញៀន—គឺជាថ្នាំជក់ ឬ ថ្នាំញៀន ឬ ល្បែងស៊ីសង ឬ រោគពិសនៃរូបអាសគ្រាមដ៏ចង្រៃនាសម័យនេះឬ ? តើអាពាហ៍ពិពាហ៍របស់អ្នកស្ថិតនៅក្នុងបញ្ហា ឬ កូនរបស់អ្នកស្ថិតនៅក្នុងគ្រោះថ្នាក់ឬទេ ? តើអ្នកមានភាពភាន់ច្រឡំនឹងអត្តសញ្ញាណនៃភេទ ឬ កំពុងស្វែងរកការគោរពឲ្យតម្លៃខ្លួនឯងឬ ? តើអ្នក—ឬ នរណាម្នាក់ដែលអ្នកស្រឡាញ់—ប្រឈមនឹងជំងឺ ឬ សម្ពាធចិត្ត ឬ សេចក្ដីស្លាប់ឬ ? មិនថាអ្នកត្រូវបោះជំហានមួយណា ដើម្បីដោះស្រាយកង្វល់ទាំងនេះទេ សូមមករកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមុនគេបង្អស់ ។ សូមទុកចិត្តទៅលើការសន្យានៃឋានសួគ៌ ។ ទាក់ទងនឹងអ្វីដែលទើបនឹងបាននិយាយ ទីបន្ទាល់របស់អាលម៉ាគឺជាទីបន្ទាល់របស់ខ្ញុំដែរ ៖ លោកបាននិយាយថា ‹ ឪពុកដឹងថា នរណាដែលដាក់ទីទុកចិត្តរបស់ខ្លួនទៅលើព្រះ អ្នកនោះហើយដែលនឹងបានគាំទ្រនៅក្នុងការពិសោធន៍របស់គេ និង វិបត្តិរបស់គេ និង ការទុក្ខវេទនារបស់គេ › [ អាលម៉ា 36:3 ] ។
« ការទុកទីទុកចិត្តទៅលើធម្មជាតិដ៏ប្រកបដោយសេចក្ដីមេត្តាករុណានៃព្រះ គឺស្ថិតនៅចំណុចកណ្ដាលបំផុតនៃដំណឹងល្អដែលព្រះគ្រីស្ទបានបង្រៀន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ មិនត្រឹមតែលើកបន្ទុកនៃអំពើបាបចេញពីយើងប៉ុណ្ណោះទេ ប៉ុន្តែក៏លើកបន្ទុកនៃការខកចិត្ត និង ទុក្ខព្រួយរបស់យើង ព្រមទាំងដួងចិត្តឈឺចាប់ និង សេចក្ដីអស់សង្ឃឹមរបស់យើងផងដែរ [ សូមមើល អាលម៉ា 7:11–12 ] ។ តាំងពីដំបូងមក ការទុកចិត្តលើជំនួយបែបនេះ គឺបានផ្ដល់ដល់យើងទាំងមូលហេតុមួយ និង របៀបមួយដើម្បីអភិវឌ្ឍ ឲ្យដាក់ចុះបន្ទុករបស់យើង និង លើកយកមកនូវសេចក្ដីសង្គ្រោះរបស់យើងវិញ » ( “Broken Things to Mend” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 70–71 ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីអារម្មណ៍របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ និង អ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក តាមរយៈដង្វាយធួន ។ បន្ទាប់មក សូមឆ្លើយតបចំពោះសំណួរមួយ ឬ ទាំងពីរនៃសំណួរទាំងនេះ ៖
-
តើពេលណាដែលដង្វាយធួនបានជួយអ្នក នៅក្នុងរបៀបមួយដែលអាលម៉ាបានពិពណ៌នានៅក្នុង អាលម៉ា 7:11–13 ? តើដង្វាយធួនបានជួយអ្នកយ៉ាងណាដែរ អំឡុងពេលនោះ ?
-
តើដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ អាចជួយអ្នកជាមួយនឹងឧបសគ្គដែលអ្នកប្រឈមមុខនាពេលបច្ចុប្បន្ននេះយ៉ាងណាដែរ ? តើអ្នកនឹងធ្វើអ្វី ដើម្បីពឹងផ្អែកលើដង្វាយធួន ពេលដែលអ្នកប្រឈមមុខនឹងឧបសគ្គនេះ ?
-
ចំណេះចំណានខគម្ពីរ—អាលម៉ា 7:11–13
ដោយ អាលម៉ា 7:11–13 គឺជាចំណេះចំណានខគម្ពីរដ៏វែងមួយ នោះវារួមមាននូវពាក្យជាក់លាក់ទាំងឡាយ ដែលអាចជួយអ្នកចងចាំពីទំហំ និង ព្រះចេស្ដានៃដង្វាយធួនអស់ពេញជីវិតអ្នក ។ ដើម្បីជួយអ្នកឲ្យចាំពាក្យគន្លឹះទាំងនេះ សូមសរសេរឡើងវិញនូវ អាលម៉ា 7:11–13 នៅលើក្រដាសដាច់ដោយឡែកមួយ ដោយទុកចន្លោះពាក្យទាំងឡាយដែលមានក្នុងតារាងមុននៅក្នុងមេរៀននេះ ។ សូមអានការសរសេររបស់អ្នកពីខគម្ពីរនេះ រហូតទាល់តែអ្នកអាចបំពេញពាក្យដែលចន្លោះ ដោយមិនបាច់មើលក្នុងព្រះគម្ពីររបស់អ្នក ។ អ្នកអាចនឹងចង់រំឭកខទាំងនេះពីរបីថ្ងៃជាប់គ្នា ដើម្បីជួយអ្នកឲ្យចងចាំពីអ្វីដែលព្រះអង្គសង្គ្រោះអាចធ្វើសម្រាប់អ្នក និង អ្នកផ្សេងទៀតអស់មួយជីវិតអ្នក ។ សូមសាកល្បងចំណេះចំណានខគម្ពីររបស់អ្នកអំពី អាលម៉ា 7:11–13 ដោយការទន្ទេញវាឲ្យឮៗដល់ខ្លួនឯង ឬ ដល់សមាជិកគ្រួសារ ឬ មិត្តភក្ដិ ឬ ដោយការសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
អាលម៉ា 7:14–27
អាលម៉ាលើកទឹកចិត្តដល់ប្រជាជនឲ្យបន្តលើផ្លូវទៅកាន់នគរនៃព្រះ
សូមអាន អាលម៉ា 7:19 ដើម្បីចាំពីរបៀបដែលបានពិពណ៌នាពីស្ថានភាពខាងវិញ្ញាណរបស់ប្រជាជននៅគេឌាន ។ អាលម៉បានបង្រៀនពីគោលការណ៍ដ៏សំខាន់នេះ ៖ ដោយការរស់នៅតាមគោលការណ៍នៃដំណឹងល្អ នោះយើងដើរតាមផ្លូវទៅកាន់នគរនៃព្រះហើយ ។ ( នគរនៃព្រះគឺនគរសេឡេស្ទាល ) ។ សូមពិនិត្យមើល អាលម៉ា 7:14–16 ហើយគូសបន្ទាត់ពីក្រោមពាក្យ និង ឃ្លាទាំងឡាយ ដែលបង្ហាញពីអ្វីដែលយើងត្រូវធ្វើ ដើម្បីដើរតាមផ្លូវដែលនឹងដឹកនាំយើងទៅកាន់នគរនៃព្រះ ។ បន្ទាប់មក សូមពិនិត្យមើល អាលម៉ា 7:22–25 ហើយគូសបន្ទាត់ពីក្រោមពាក្យ និង ឃ្លាទាំងឡាយដែលបង្ហាញពីអ្វីដែលយើងត្រូវប្រែក្លាយ ដើម្បីដើរតាមផ្លូវនេះ ។
-
សូមគូសផ្លូវមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ចេញពីជ្រុងសៀវភៅខាងក្រោមខាងឆ្វេងនៃទំព័រ ទៅជ្រុងខាងស្ដាំខាងលើទំព័រ ។ សូមសរសេរ ជីវិតរមែងស្លាប់ នៅផ្នែកខាងក្រោមផ្លូវ ហើយសរសេរ នគរនៃព្រះ នៅផ្នែកខាងលើផ្លូវ ។ នៅតាមផ្លូវ សូមសរសេរនូវអ្វីដែលអ្នកគួរធ្វើ និង អ្វីដែលអ្នកគួរប្រែក្លាយ ដែលនឹងដឹកនាំអ្នកទៅកាន់នគរនៃព្រះ ។
-
សូមជ្រើសរើសសកម្មភាពមួយចេញពីផ្លូវ ហើយសរសេរថាតើអ្នកបានឃើញនរណាម្នាក់ធ្វើការណ៍នេះយ៉ាងណា ។ បន្ទាប់មក សូមជ្រើសរើសអាកប្បកិរិយាមួយចេញពីផ្លូវ ហើយសរសេរថាតើអ្នកបានឃើញនរណាម្នាក់ជាមនុស្សបែបនោះ ។ សូមដាក់គោលដៅមួយ ដែលនឹងជួយអ្នកឲ្យអភិវឌ្ឍលើចំណុចទាំងពីរនេះ ដើម្បីអ្នកអាចចូលក្នុងនគរនៃព្រះនៅថ្ងៃមួយ ។
សូមអាន អាលម៉ា 7:27 ហើយរកមើលពរជ័យទាំងឡាយដែលអាលម៉ាបានដឹងថា ប្រជាជននឹងទទួលបាន ប្រសិនបើពួកគេបន្តនៅក្នុងសេចក្ដីជំនឿ និង កិច្ចការល្អ ។ សូមចងចាំថា ពេលអ្នកដើរតាមដោយស្មោះត្រង់តាមផ្លូវដែលដឹកនាំទៅកាន់នគរនៃព្រះ នោះអ្នកក៏អាចទទួលបានពរជ័យផងដែរ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 6–7 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖