មេរៀនទី 11 ៖ ថ្ងៃទី 4
ម៉ូសាយ 5–6
សេចក្តីផ្ដើម
ម៉ូសាយ 5មានរួមទាំងសុន្ទរកថារបស់ស្តេចបេនយ៉ាមីន ទៅកាន់ប្រជារាស្ត្ររបស់ទ្រង់ដែលបានចាប់ផ្តើមក្នុងម៉ូសាយ 2 ។ដោយសារតែសេចក្តីជំនឿរបស់ពួកគេលើបន្ទូលរបស់ស្តេចបេនយ៉ាមីន នោះមនុស្សបានទទួលបទពិសោធន៍នៃការផ្លាស់ប្តូរយ៉ាងធំក្នុងដួងចិត្ត ។ពួកគេបានចូលក្នុងសេចក្តីសញ្ញាមួយជាមួយព្រះ ហើយយកព្រះនាមនៃព្រះយេស៊ូវគ្រីស្ទមកដាក់លើខ្លួនពួកគេ ។ដូចមានកត់ត្រាក្នុង ម៉ូសាយ 6ស្តេចបេនយ៉ាមីនបានផ្ទេរអំណាចគ្រប់គ្រងលើនគររបស់ទ្រង់ទៅឲ្យបុត្រារបស់ទ្រង់គឺម៉ូសាយ ហើយម៉ូសាយបានគ្រប់គ្រងដោយសុចរិត ដោយធ្វើតាមគំរូរបស់ឪពុកលោក ។
ម៉ូសាយ 5:1–4
ប្រជារាស្ត្ររបស់ស្តេចបេនយ៉ាមីនបានទទួលបទពិសោធន៍នៃការផ្លាស់ប្តូរយ៉ាងធំ ។
សូមគិតអំពីសំណួរតទៅនេះ ៖ តើអ្នកធ្លាប់ប្រាថ្នាថា អ្នកអាចផ្លាស់ប្តូរអ្វីមួយក្នុងខ្លួនអ្នកផ្ទាល់ដែរឬទេ ?តើអ្នកបានធ្វើអ្វីពីវា ?
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាពីភាពចាំបាច់សម្រាប់យើងម្នាក់ៗដើម្បីមានបទពិសោធន៍នៃការផ្លាស់ប្តូរយ៉ាងធំក្នុងជីវិតរស់នៅរបស់យើង ៖ « សារៈសំខាន់នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យមានការផ្លាស់ប្តូរនូវមូលដ្ឋានគ្រឹះ និង ការផ្លាស់ប្តូរជាអចិន្ត្រៃនៃធម្មជាតិរបស់យើងនេះឯង ដែលអាចធ្វើទៅបានតាមរយៈការពឹងផ្អែកលើ ‹ បុណ្យគុណ និង សេចក្តីមេត្តាករុណា និង ព្រះគុណនៃព្រះមែស៊ីដ៏បរិសុទ្ធ ›( នីហ្វៃទី2 2:8 ) ។នៅពេលយើងជ្រើសរើសធ្វើតាមចៅហ្វាយ នោះយើងជ្រើសរើសដើម្បីផ្លាស់ប្តូរ—ដើម្បីកើតជាថ្មីម្តងទៀតខាងវិញ្ញាណ » ( « Ye Must Be Born Again » EnsignឬLiahonaខែ ឧសភា ឆ្នាំ 2007 ទំព័រ 20 ) ។
អ្នកអាចចង់សរសេរឃ្លាតទៅនេះក្នុងព្រះគម្ពីររបស់អ្នកក្បែរម៉ូសាយ 5:2 ៖ « នៅពេលយើងជ្រើសរើសធ្វើតាមលោកចៅហ្វាយ ( ព្រះអម្ចាស់ ) នោះយើងជ្រើសរើសដើម្បីផ្លាស់ប្តូរ » ។
តើអ្នកគិតថា តាមរបៀបណាខ្លះ ដែលយើងជ្រើសរើសដើម្បីផ្លាស់ប្តូរនៅពេលយើងជ្រើសរើសដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ?
សូមពិនិត្យមើលឡើងវិញនូវសេចក្តីសង្ខេបនៃជំពូកនៅម៉ូសាយ 3និងម៉ូសាយ 4ដើម្បីរំលឹកពីការផ្តោតជាចម្បងទាំងឡាយនៃសុន្ទរកថារបស់ស្តេចបេនយ៉ាមីន ។នៅចុងបញ្ចាប់នៃទេសនកថារបស់ទ្រង់ សេ្តចបេនយ៉ាមីនបានសួរប្រជារាស្ត្រថា តើពួកគេបានជឿលើបន្ទូលទាំងឡាយដែលទ្រង់បានបង្រៀនពួកគេអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទដែរឬទេ ( សូមមើលម៉ូសាយ 5:1 ) ។សូនអានម៉ូសាយ 5:2–4ហើយរកមើលអ្វីដែលបានផ្លាស់ប្តូរក្នុងដួងចិត្តនៃប្រជាជនបន្ទាប់ពីពួកគេបានស្តាប់ពាក្យសំដីស្តេចរបស់ពួកគេ ។នៅពេលអ្នកអាន វានឹងផ្តល់ជាប្រយោជន៍ក្នុងការដឹងថាពាក្យ « បំណង » ( ម៉ូសាយ 5:2 ) សំដៅលើអាកប្បកិរិយា បំណងប្រាថ្នា ឬ និស្ស័យរបស់បុគ្គលម្នាក់ៗ ។
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះពីអែលឌើរ ដាវីឌ អេ បែដណា ៖ ដំណឹងល្អនៃយេស៊ូវគ្រីស្ទមានអ្វីៗផ្សេងទៀតជាច្រើនក្រៅពីការចៀសវាង ការយកឈ្នះ និង ការលាងជម្រះពីអំពើបាប និង ឥទ្ធិពលអាក្រក់ក្នុងជីវិតរស់នៅរបស់យើង ។ វាក៏តម្រូវឲ្យមានជាចាំបាច់នូវការធ្វើអំពើល្អ ជាមនុស្សល្អ និង ក្លាយខ្លួនកាន់តែប្រសើរ ។… ដើម្បីឲ្យដួងចិត្តមានការផ្លាស់ប្តូរដោយព្រះវិញ្ញាណបរិសុទ្ធ ដូចជា ‹ យើងខ្ញុំពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តអំពើល្អជានិច្ចវិញ › ( ម៉ូសាយ 5:2 )វាគឺជាទំនួលខុសត្រូវចំពោះសេចក្តីសញ្ញាដែលយើងបានទទួលដូចគ្នាទៅនឹងប្រជារាស្ត្ររបស់ស្តេចបេនយ៉ាមីនដែលបានធ្វើសញ្ជឹងដែរ ។ការផ្លាស់ប្ដូរយ៉ាងធំនេះមិនមែនជាលទ្ធផលសាមញ្ញមកពីការខិតខំធ្វើការ ឬ ការបង្កើតនូវការដាក់កំហិតផ្ទាល់ខ្លួនដ៏អស្ចារ្យនោះទេ ។ប៉ុន្ដែវាជាលទ្ធផលនៃការផ្លាស់ប្ដូរជាមូលដ្ឋាននៅក្នុងបំណងប្រាថ្នា ការជំរុញ និង ធម្មជាតិរបស់យើងដែលធ្វើឲ្យទៅរួចតាមរយៈដង្វាយធួននៃព្រះគ្រីស្ទជាព្រះអម្ចាស់ ។គោលបំណងខាងវិញ្ញាណរបស់យើងគឺត្រូវយកឈ្នះទាំងអំពើបាប និង ចំណង់ចង់ធ្វើបាប » ( « Clean Hands and a Pure Heart » Ensignខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 81–82 ) ។
-
សូមឆ្លើយសំណួរខាងក្រោមក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ដើម្បីមានបទពិសោធន៍ពី « ការផ្លាស់ប្តូរយ៉ាងធំ » ក្នុងដួងចិត្ត មានន័យយ៉ាងណា ? ( ម៉ូសាយ 5:2 ) ។
-
នៅពេលយើងជ្រើសរើសដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ តើហេតុអ្វីយើងត្រូវការផ្លាស់ប្តូរចំណងរបស់យើង មិនត្រឹមតែឥរិយាបទរបស់យើង ?
-
តើអ្នកគិតថា ហេតុអ្វីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទគឺចាំបាច់សម្រាប់ការផ្លាស់ប្តូរមួយដែលកើតឡើងក្នុងខ្លួនយើង ?
-
សូមសិក្សាម៉ូសាយ 5:2, 4រកមើលអ្វីដែលប្រជាជនបានធ្វើដែលបណ្តាលឲ្យមានការផ្លាស់យ៉ាងធំក្នុងចិត្ត ។អ្នកអាចគូសចំណាំរឿងទាំងនេះក្នុងព្រះគម្ពីររបស់អ្នក ។សូមចងចាំថា បន្ទូលរបស់ស្តេចបេនយ៉ាមីនគឺរៀបរាប់អំពីអំណាចនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ហើយប្រជាជនបានមានសេចក្តីជំនឿយ៉ាងខ្លាំងលើបន្ទូលទាំងនេះ ។
គោលការណ៍មួយដែលយើងរៀនពីខទាំងនេះគឺថា ៖ នៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយទទួលយកព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចមានបទពិសោធន៍ពីការផ្លាស់ប្តូរយ៉ាងធំក្នុងដួងចិត្ត ។
-
ផ្អែកលើការសិក្សានៃម៉ូសាយ 5:1–4ហើយនិងគោលការណ៍ខាងលើ សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវអ្វីដែលអ្នកអាចធ្វើដើម្បីអនុវត្តសេចក្តីជំនឿកាន់តែខ្លាំងថែមទៀតលើព្រះអង្គសង្គ្រោះ ។តើយើងអាចធ្វើការណ៍ជាក់លាក់អ្វីខ្លះ ដោយចាប់ផ្តើមនៅថ្ងៃនេះ ដើម្បីអនុវត្តសេចក្តីជំនឿកាន់តែខ្លាំងឡើង ដើម្បីអ្នកអាចលើកទឹកចិត្ត និង រក្សាការផ្លាស់ប្តូរយ៉ាងធំក្នុងដួងចិត្តក្នុងជីវិតរបស់អ្នក ?
ម៉ូសាយ 5:5–15
ប្រជារាស្ត្ររបស់ស្តេចបេនយ៉ាមីន បានចូលទៅក្នុងសេចក្តីសញ្ញាជាមួយនឹងព្រះ ហើយត្រូវបានដាក់ឈ្មោះថ្មី
បន្ទាប់ពីប្រជារាស្ត្ររបស់ស្តេចបេនយ៉ាមីន បានមានបទពិសោធន៍ពីការផ្លាស់ប្តូរយ៉ាងធំក្នុងដួងចិត្ត នោះពួកគេបានមានបំណងចូលទៅក្នុងសេចក្តីសញ្ញាជាមួយព្រះអម្ចាស់ ។សូមរកមើលពាក្យ ឬ ឃ្លាទាំងឡាយក្នុងម៉ូសាយ 5:5ដែលបង្ហាញពីកម្រិតនៃការតាំងចិត្តដែលប្រជារាស្ត្ររបស់ស្តេចបេនយ៉ាមីន បានមានក្នុងការឆ្ពោះទៅរកការធ្វើសេចក្តីសញ្ញា និង រក្សាសេចក្តីសញ្ញានេះ ។
នៅពេលអ្នកចុះសេចក្តីសញ្ញាជាមួយនឹងព្រះ ទ្រង់កំណត់លក្ខខណ្ឌទាំងឡាយសម្រាប់សេចក្តីសញ្ញា ហើយយើងយល់ព្រមនឹងលក្ខខណ្ឌទាំងនោះ ។បន្ទាប់មក ព្រះសន្យានឹងយើងនូវពរជ័យច្បាស់លាស់ចំពោះការគោរពប្រតិបត្តិរបស់យើង ( សូមមើលគ.និង ស. 82:10 ) ។ការចុះសេចក្តីសញ្ញាគឺជាវិធីតែមួយគត់ដែលយើងបង្ហាញព្រះអម្ចាស់ថា យើងមានភាពស្មោះត្រង់នៅក្នុងបំណងប្រាថ្នារបស់យើងដើម្បីបម្រើដល់ទ្រង់ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើឃ្លាអ្វីខ្លះក្នុងម៉ូសាយ 5:5ដែលរំឭកអ្នកពីសេចក្តីសន្យាដែលយើងរំឭកក្នុងគ្រានីមួយៗដែលយើងទទួលពិធីសាក្រាម៉ង់ ?
-
តើអ្នកគិតថា ការចុះសេចក្តីសញ្ញា និង ការរក្សាសេចក្តីសញ្ញាជួយអ្នកឲ្យរក្សាបាននូវ « ការផ្លាស់ប្តូរដួងចិត្ត » ដ៏ធំដោយរបៀបណា ?
-
សូមត្រឡប់ទៅមើលម៉ូសាយ 1:11–12 ។គោលបំណងមួយក្នុងគោលបំណងនានារបស់ស្តេចបេនយ៉ាមីនក្នុងការប្រមូលផ្ដុំប្រជារាស្ត្ររបស់ទ្រង់គឺត្រូវផ្តល់ឲ្យនូវឈ្មោះថ្មី ។សូមអានម៉ូសាយ 5:6–7ហើយគូសចំណាំលើឈ្មោះដែលស្តេចបេនយ៉ាមីន បានផ្តល់ឲ្យប្រជារាស្ត្រទ្រង់បន្ទាប់ពីពួកគេបានចុះសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះអម្ចាស់ ។
ខទាំងនេះបង្រៀនពីគោលការណ៍នេះ ៖ យើងលើកដាក់លើខ្លួននូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទតាមរយៈសេចក្តីសញ្ញាដ៏ពិសិដ្ឋទាំងឡាយ ។ សូមអានម៉ូសាយ 5:8–14ហើយរកមើលមូលហេតុដែលវាចាំបាច់សម្រាប់យើងក្នុងការលើកដាក់លើខ្លួននូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
តើមានពរជ័យអ្វីខ្លះពីការមានព្រះនាមនៃព្រះយេស៊ូវគ្រីស្ទដាក់ក្នុងដួងចិត្តយើង ?
តើអ្វីដែលអាចបណ្តាលឲ្យព្រះនាម « ត្រូវលប់ចេញ » ពីចិត្តរបស់អ្នក ឬ ចិត្តរបស់នរណាម្នាក់ ?
សូមអានម៉ូសាយ 5:15ហើយរកមើលសេចក្តីសន្យាដែលព្រះអម្ចាស់ធ្វើជាមួយពួកអ្នកដែលរក្សាសេចក្តីសញ្ញាទាំងឡាយរបស់ពួកគេ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីអារម្មណ៍របស់អ្នកនៅពេលអ្នកគិតអំពីការមានព្រះនាមនៃព្រះយេស៊ូវគ្រីស្ទចារក្នុងដួងចិត្តរបស់អ្នក ។សូមសរសេរមូលហេតុមួយ ឬ ច្រើនជាងនោះ ដែលអ្នកចង់រក្សាព្រះនាមនេះ ហើយនឹងមិនដែលចង់ឲ្យបាត់បង់ព្រះនាមនេះ ។
ម៉ូសាយ 6:1–7
ម៉ូសាយចាប់ផ្តើមគ្រងរាជ្រជាស្តេច
សូមអានម៉ូសាយ 6:3ហើយរកមើលអ្វីដែលស្តេចបេនយ៉ាមីនបានធ្វើពីមុនទ្រង់បានឲ្យហ្វូងមនុស្សត្រឡប់ទៅវិញ ។
តើស្តេចបេនយ៉ាមីនបានធ្វើអ្វី ដើម្បីជួយប្រជារាស្ត្ររបស់ទ្រង់ឲ្យចងចាំសេចក្តីសញ្ញាដែលពួកគេបានធ្វើ ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមកត់ត្រាទុកនូវរបៀបដែលពួកអ្នកដឹកនាំបព្វជិតភាព និង គ្រូបង្រៀនជួយអ្នករក្សាសេចក្តីសញ្ញារបស់អ្នក ។
ស្តេចបេនយ៉ាមីន បានសុគតក្នុងរយៈពេលបីឆ្នាំបន្ទាប់ពីទ្រង់បានផ្តល់សុន្ទរកថារបស់ទ្រង់ ។សូមអានម៉ូសាយ 6:6–7 ហើយរកមើលរបៀបដែលស្តេចម៉ូសាយបានធ្វើតាមគំរូរបស់បិតាទ្រង់ក្នុងនាមជាអ្នកដឹកនាំដ៏សុចរិតម្នាក់ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាម៉ូសាយ 5–6 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖