សេចក្ដីណែនាំមកកាន់គម្ពីរអេធើរ
ហេតុអ្វីសិក្សាគម្ពីរនេះ ?
ពេលអ្នកសិក្សាគម្ពីរអេធើរ អ្នកនឹងរៀនអំពីពួកសាសន៍យ៉ារេឌ—ជាប្រជាជនមួយក្រុម ដែលបានធ្វើដំណើរទៅកាន់អឌ្ឍគោលខាងលិច ហើយបានរស់នៅទីនោះអស់ជាច្រើនសតវត្សរ៍ មុនពេលប្រជាជនរបស់លីហៃមកដល់ ។ គម្ពីរនេះនឹងជួយអ្នករៀនពីគោលការណ៍សំខាន់ៗ ទាក់ទងនឹងការអធិស្ឋាន វិវរណៈ និង ទំនាក់ទំនងរវាងការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និង ការទទួលការចេះដឹងខាងវិញ្ញាណ ។ វានឹងជួយអ្នកផងដែរ ឲ្យយល់ពីតួនាទីរបស់ពួកព្យាការី នៅក្នុងការលួងលោមប្រជាជនឲ្យប្រែចិត្ត និងយល់អំពីលទ្ធផលដែលកើតមានដល់ពួកអ្នកទាំងឡាយ ដែលបដិសេធព្រះយេស៊ូវគ្រីស្ទ និង ពួកព្យាការីរបស់ទ្រង់ ។
តើនរណាបានសរសេរគម្ពីរនេះ ?
មរ៉ូណៃបានសង្ខេបគម្ពីរនេះចេញពីផ្ទាំងមាស 24 ផ្ទាំង ដែលហៅថា ផ្ទាំងអេធើរ ។ វាត្រូវបានដាក់ឈ្មោះតាមព្យាការីអេធើរ ដែលជាព្យាការីចុងក្រោយគេរបស់ពួកសាសន៍យ៉ារេឌ និង ជាអ្នកដែលបានបង្កើតបញ្ជីមួយអំពីប្រវត្តិសាស្ត្ររបស់ពួកគេនោះ ( សូមមើល អេធើរ 15:33–34 ) ។ នៅក្នុងជំនាន់ស្ដេចម៉ូសាយ ប្រជាជនលិមហៃមួយចំនួនបានរកឃើញផ្ទាំងទាំងឡាយរបស់អេធើរ ពេលដែលពួកគេកំពុងស្វែងរកដែនដីសារ៉ាហិមឡា ( សូមមើល ម៉ូសាយ 8:7–11; អេធើរ 1:2 ) ។ ពួកព្យាការី និង អ្នករក្សាបញ្ជីសាសន៍នីហ្វៃ បានប្រគល់ផ្ទាំងអេធើរបន្តរហូតដល់មរ៉ូណៃ ។ មរ៉ូណៃបានថ្លែងថា លោកពុំបានបញ្ចូល « មួយភាគរយ » នៃបញ្ជីនេះនៅក្នុងការសង្ខេបរបស់លោកផង ( អេធើរ 15:33 ) ។
តើនៅពេលណា ហើយនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរឡើង ?
ប្រភពដើមដែលបានយកមកប្រើប្រាស់ដើម្បីបង្កើតគម្ពីរអេធើរនេះ ត្រូវបានសរសេរឡើងរាប់សតវត្សរ៍ មុនមរ៉ូណៃបានធ្វើការសង្ខេបរបស់លោកម៉្លេះ ។ បញ្ជីទីមួយរបស់សាសន៍យ៉ារេឌត្រូវបានបង្កើតឡើង ពេលបងរបស់យ៉ារេឌបានសរសេរការនិមិត្ត ដែលលោកបានទទួលមុនពេលប្រជាជនលោកឆ្លងកាត់សមុទ្រ ( សូមមើល អេធើរ 4:1 ) ។ ពុំមាននិយាយអំពីអ្នកថែរក្សាបញ្ជីណាផ្សេងទៀតក្នុងចំណោមសាសន៍យ៉ារេឌទេ រហូតដល់អេធើរ ( សូមមើល អេធើរ 13:3; 15:33 ) ។ មរ៉ូណៃបានសង្ខេបគម្ពីរអេធើរ ( សូមមើល មរមន 8:3–6; មរ៉ូណៃ 10:1 ) ។ មរ៉ូណៃពុំបានថ្លែងពីទីកន្លែងដែលលោកនៅ ពេលលោកធ្វើការសង្ខេបនេះទេ ទោះយ៉ាងណា លោកបានសរសេរថា ពួកសាសន៍យ៉ារេឌត្រូវបានបំផ្លិចបំផ្លាញនៅក្នុង « ផ្ទៃដែនដីខាងជើង » ( អេធើរ 1:1 ) ដែលចង្អុលបង្ហាញថា លោកប្រហែលជាអាចនឹងនៅលើដែនដីដែលពួកគេត្រូវបានបំផ្លាញចោលនោះ ។