មេរៀនទី 19 ៖ ថ្ងៃទី 1
អាលម៉ា 33–35
សេចក្តីផ្ដើម
ដោយប្រើប្រាស់នូវការបង្រៀនដែលមានក្នុងព្រះគម្ពីរ អាលម៉ាបានជួយដល់ពួកសាសន៍សូរាំជាច្រើនឲ្យយល់ថា ពួកគេអាចថ្វាយបង្គំព្រះ ដោយមិនគិតពីស្ថានភាពរបស់ពួកគេ ។ លោកបានលើកទឹកចិត្តពួកគេឲ្យសម្លឹងទៅព្រះយេស៊ូវគ្រីស្ទ និង ជឿលើដង្វាយធួនរបស់ទ្រង់ ។ អាមូលេកបានបញ្ជាក់ពីការបង្រៀនរបស់អាលម៉ា និង បានប្រកាសនូវទីបន្ទាល់ផ្ទាល់ខ្លួនរបស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ។ អាមូលេកបានសង្កត់ធ្ងន់ថា មានតែតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលមនុស្សលោកអាចបានសង្គ្រោះ ។ លោកបានសន្យាថា បុគ្គលទាំងឡាយអាចទទួលពរជ័យទាំងអស់នៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ពេលពួកគេអនុវត្តសេចក្ដីជំនឿទៅកាន់ការប្រែចិត្ត ។ ពួកសាសន៍សូរាំជាច្រើនបានស្ដាប់តាមការព្រមានរបស់អាលម៉ា បានប្រែចិត្ត ហើយបានចូលរួមនឹងពួកនីហ្វៃ ។
អាលម៉ា 33:1–10
អាលម៉ាបង្រៀនពួកសាសន៍សូរាំមួយក្រុមថា ពួកគេអាចថ្វាយបង្គំព្រះ នៅក្រៅកន្លែងថ្វាយបង្គំរបស់ពួកគេ
សូមរំឭកឡើងវិញ ដូចដែលមានកត់ត្រានៅក្នុង អាលម៉ា 32 អាលម៉ាបានបង្រៀនពួកសាសន៍សូរាំអំពីសេចក្ដីត្រូវការក្នុងការដាំព្រះបន្ទូលនៃព្រះនៅក្នុងចិត្តពួកគេ និង ក្នុងការអនុវត្តសេចក្ដីជំនឿនៅក្នុងព្រះបន្ទូលនៃព្រះ ។ សូមអាន អាលម៉ា 33:1 ហើយរកមើលសំណួរទាំងឡាយដែលពួកសាសន៍សូរាំមាន អំពីអ្វីដែលអាលម៉ាបានបង្រៀនពួកគេ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីរបៀបដែលអ្នកនឹងឆ្លើយដល់សំណួររបស់ពួកសាសន៍សូរាំ អំពីថាតើពួកគេគប្បីចាប់ផ្ដើមអនុវត្តសេចក្ដីជំនឿរបស់ពួកគេដោយរបៀបណា ។ បន្ទាប់មក ពេលអ្នកសិក្សា អាលម៉ា 33–34 សូមប្រៀបធៀបការឆ្លើយតបរបស់អ្នក ទៅនឹងអ្វីដែលអាលម៉ា និង អាមូលេកបានបង្រៀនពួកសាសន៍សូរាំ ។
ពេលអាលម៉ាបានចាប់ផ្ដើមឆ្លើយដល់សំណួររបស់ពួកសាសន៍សូរាំ លោកបានកែតម្រូវនូវគំនិតខុសឆ្គងមួយស្ដីអំពីការថ្វាយបង្គំដែលកំពុងរារាំងពួកគេពីការអនុវត្តសេចក្ដីជំនឿពួកគេឲ្យបានពេញលេញ ។ សូមអាន អាលម៉ា 33:2 ហើយរកមើលគំនិតខុសឆ្គងនេះ ។ សូមរំឭកឡើងវិញថា ពួកសាសន៍សូរាំពុំបានអនុញ្ញាតឲ្យប្រជាជនក្រីក្រចូលក្នុងកន្លែងថ្វាយបង្គំរបស់ពួកគេ ដើម្បីថ្វាយបង្គំនោះទេ ( សូមមើល អាលម៉ា 32:1–3 ) ។ យោងទៅតាម អាលម៉ា 33:2 តើអាលម៉ាបានប្រាប់ដល់ប្រជាជនថា ពួកគេគប្បីធ្វើអ្វីខ្លះ ដើម្បីស្វែងរកចម្លើយ ដែលនឹងកែតម្រូវដល់គំនិតខុសឆ្គងនេះ ?
ដើម្បីកែតម្រូវដល់គំនិតខុសឆ្គងរបស់ពួកសាសន៍សូរាំ អំពីការថ្វាយបង្គំព្រះ នោះអាលម៉ាបានដកស្រង់បទគម្ពីរដែលបានសរសេរដោយព្យាការីម្នាក់ឈ្មោះស៊ីណូស ។ ស៊ីណូសបានបង្រៀនប្រជាជនអ៊ីស្រាអែលក្នុងជំនាន់នៃព្រះគម្ពីរសញ្ញាចាស់ ប៉ុន្តែការព្យាករណ៍របស់លោកត្រូវបានកត់ត្រាតែនៅក្នុងព្រះគម្ពីរមរមនប៉ុណ្ណោះ ។ សូមអាន អាលម៉ា 33:3 ហើយរកមើលពាក្យដែលអាលម៉ាបានប្រើដើម្បីពិពណ៌នាពីការថ្វាយបង្គំ ។
សូមពិចារណាក្នុងការសរសេរនូវគោលការណ៍តទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នក នៅក្បែរ អាលម៉ា 33:3 ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ យើងអាចថ្វាយបង្គំព្រះជានិច្ចតាមរយៈការអធិស្ឋាន ។
សូមអាន អាលម៉ា 33:4–11 ហើយសូមគូសចំណាំកាលៈទេសៈនីមួយៗ ដែលស៊ីណូសបានអធិស្ឋាន ។ តើព្រះអម្ចាស់បានធ្វើអ្វី រាល់ដងដែលស៊ីណូសបានអធិស្ឋាន ? ដើម្បីជួយអ្នកប្រដូចខទាំងនេះទៅនឹងជីវិតអ្នក សូមគូសបន្ទាត់ផ្គូផ្គងកាលៈទេសៈទាំងឡាយដែលស៊ីណូសបានអធិស្ឋាន ទៅនឹងកាលៈទេសៈស្រដៀងគ្នាទាំងឡាយដែលអាចមានក្នុងជីវិតអ្នកផ្ទាល់ ។ ( សូមជ្រើសរើសស្ថានភាពទាំងឡាយដែលទាក់ទងគ្នាបំផុតទៅនឹងជីវិតអ្នក ។ ពុំមានចម្លើយខុស ឬ ត្រូវនៅក្នុងលំហាត់នេះទេ ) ។
កាលៈទេសៈរបស់ស៊ីណូស |
កាលៈទេសៈរបស់អ្នក |
---|---|
នៅក្នុងទីវាលរហោស្ថាន |
នៅកន្លែងធ្វើការ |
ស្ដីអំពីពួកមារសត្រូវរបស់លោក |
នៅព្រះវិហារ |
នៅទីវាលរបស់លោក |
ការអធិស្ឋានជាគ្រួសារ |
នៅក្នុងផ្ទះរបស់លោក |
ពេលអ្នកពុំដឹងថាត្រូវធ្វើអ្វី ឬ ពេលអ្នកភ័យខ្លាច |
នៅក្នុងបន្ទប់របស់លោក |
ពេលអ្នកមានអារម្មណ៍ឯកោ |
នៅក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់ |
ការអធិស្ឋានផ្ទាល់ខ្លួន |
ពេលលោកត្រូវបណ្ដេញចេញ និង ត្រូវគេស្អប់ |
នៅក្នុងគ្រប់កាលៈទេសៈលំបាកទាំងឡាយរបស់អ្នក |
នៅក្នុងគ្រប់សេចក្ដីទុក្ខវេទនារបស់លោក |
ពេលអ្នកមានបញ្ហាជាមួយមិត្តភក្ដិ |
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការអធិស្ឋាននៅក្នុងកាលៈទេសៈទាំងអស់នេះ អាចផ្ដល់ពរជ័យដល់ជីវិតអ្នកយ៉ាងណាដែរ ? សូមសរសេរគោលដៅផ្ទាល់ខ្លួនមួយ ពីរបៀបដែលអ្នកអាចអធិស្ឋានកាន់តែញឹកញាប់ ។
សូមពិចារណាពីការគូសចំណាំឃ្លាទាំងឡាយនៅក្នុង អាលម៉ា 33:4–5, 8–9 ដែលលើកឡើងពីសេចក្ដីមេត្តាករុណានៃព្រះ ហើយសូមសញ្ជឹងគិត ថាតើការអធិស្ឋានកាន់តែញឹកញាប់ អាចជួយអ្នកទទួលអារម្មណ៍ពីសេចក្ដីមេត្តាករុណា និង សេចក្ដីស្រឡាញ់នៃព្រះតាមរបៀបណា ។ សូមរកមើលពីមូលហេតុដែលសេចក្ដីមេត្តាករុណានេះអាចកើតមាន ពេលអ្នកបន្តសិក្សា អាលម៉ា 33 ។
អាលម៉ា 33:11–23
អាលម៉ាបង្រៀនពួកសាសន៍សូរាំឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ
មូលហេតុមួយ ដែលពួកសាសន៍សូរាំមួយចំនួនមានបញ្ហាក្នុងការដឹងពីរបៀបថ្វាយបង្គំព្រះ គឺដោយសារពួកគេពុំបានដឹងថា សេចក្ដីជំនឿរបស់ពួកគេ គប្បីជឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ ពួកគេពុំបានយល់ ឬ ជឿលើតួនាទីរបស់ទ្រង់ នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះទេ ( សូមមើល អាលម៉ា 33:14 ) ។ សូមអាន អាលម៉ា 33:12–16 ដែលក្នុងនោះអាលម៉ាបានពិភាក្សាពីការបង្រៀនរបស់ស៊ីណូស ហើយបន្ទាប់មកបានណែនាំពីពាក្យសម្ដីរបស់ស៊ីណូស ដែលជាព្យាការីក្នុងជំនាន់ព្រះគម្ពីរសញ្ញាចាស់ម្នាក់ទៀត ។ សូមរកមើលពរជ័យទាំងឡាយ ដែលអាលម៉ាបានកំណត់ឲ្យឃើញថាមានដល់យើង ដោយសារព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងចង់គូសចំណាំឃ្លា « ដោយសារព្រះរាជបុត្រារបស់ព្រះអង្គ » រាល់ដងដែលឃើញវា ។ ចេញពីខទាំងនេះ យើងរៀនសេចក្ដីពិតនេះ ៖ យើងទទួលសេចក្ដីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ រួមទាំងការអត់ទោសដល់អំពើបាបទាំងឡាយរបស់យើង ដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមសញ្ជឹងគិតពីសេចក្ដីមេត្តាករុណាដែលព្រះវរបិតាសួគ៌បានប្រទានដល់អ្នក រួមទាំងលទ្ធភាពក្នុងការប្រែចិត្ត និង បានការអត់ទោសពីអំពើបាបទាំងឡាយរបស់អ្នក ដោយសារដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
ក្រៅពីការរំឭកដល់ពួកសាសន៍សូរាំ អំពីការបង្រៀនរបស់ស៊ីណូស និង ស៊ីណុក អាលម៉ាក៏បានរំឭកពួកគេ ពីគ្រាមួយដែលម៉ូសេបានបង្រៀនអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះផងដែរ ។ ពេលម៉ូសេ និង កូនចៅនៃសាសន៍អ៊ីស្រាអែលនៅក្នុងទីវាលរហោស្ថាន មានសត្វពស់ពិសចិកប្រជាជន ។ ព្រះអម្ចាស់បានប្រាប់ដល់ម៉ូសេ ឲ្យធ្វើសត្វពស់លង្ហិនមួយ រួចចងវានៅលើបង្គោលមួយ ហើយបញ្ជាឲ្យពួកអ៊ីស្រាអែល ដែលត្រូវពស់ចិកនោះ សម្លឹងមើល ។ ពស់លង្ហិននៅលើបង្គោលនោះ គឺជា « គំរូ » មួយ ឬ ជានិមិត្តរូបមួយពីព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង ( សូមមើល អាលម៉ា 33:19 ) ។
សូមអាន អាលម៉ា 33:19–20 ហើយរកមើលពីអ្វីដែលបានកើតឡើងដល់ពួកសាសន៍អ៊ីស្រាអែល ដែលបានជ្រើសរើសសម្លឹងមើលពស់លង្ហិននោះ ពេលដែលពួកគេត្រូវពស់ចិក និង អ្វីដែលបានកើតឡើងដល់ពួកអ្នក ដែលជ្រើសរើសមិនសម្លឹងមើល ។
សូមពិចារណាពីចម្លើយចំពោះសំណួរតទៅនេះ ៖ តើដំណើររឿងនៃសាសន៍អ៊ីស្រាអែល និង ពស់លង្ហិន បង្រៀនយើងអ្វីខ្លះ ដែលយើងត្រូវតែធ្វើដើម្បីទទួលបានការព្យាបាលខាងវិញ្ញាណ ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីសម្លឹងទៅព្រះអង្គសង្គ្រោះ ដើម្បីទ្រង់អាចជួយអ្នកខាងវិញ្ញាណ ?
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើមានរបៀបជាក់លាក់អ្វីខ្លះ ដែលអ្នកអាចសម្លឹងទៅកាន់ព្រះយេស៊ូវគ្រីស្ទ នៅក្នុងជីវិតអ្នករាល់ថ្ងៃ ?
សូមអាន អាលម៉ា 33:22–23 ហើយគូសចំណាំអ្វីដែលយើងត្រូវជឿ អំពីព្រះយេស៊ូវគ្រីស្ទ ដើម្បីអនុវត្តសេចក្ដីជំនឿលើទ្រង់ ។
អាលម៉ា 34:1–14
អាមូលេកបង្រៀនពួកសាសន៍សូរាំអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ
ទីបន្ទាល់របស់អាមូលេក ទៅកាន់ពួកសាសន៍សូរាំ ដូចដែលមានកត់ត្រាក្នុង អាលម៉ា 34 បានផ្ដល់នូវទីបន្ទាល់ទីពីរចំពោះទីបន្ទាល់របស់អាលម៉ាចំពោះព្រះយេស៊ូវគ្រីស្ទ ។ សូមអានមួយផ្នែកនៃទីបន្ទាល់របស់អាមូលេក ដែលមានក្នុង អាលម៉ា 34:8–9 ហើយពិចារណាក្នុងការគូសចំណាំនូវអ្វី ដែលអាមូលេកបានបង្រៀនអំពីការត្រូវការនូវដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមសញ្ជឹងគិតពីសំណួរនេះ ៖ តើជីវិតខ្ញុំនឹងទៅជាយ៉ាងណា បើព្រះយេស៊ូវគ្រីស្ទពុំបានយាងមក ហើយបំពេញតួនាទីដ៏ពិសេសរបស់ទ្រង់ទេនោះ ?
សូមអាន អាលម៉ា 34:10–14 ហើយរកមើលឃ្លាទាំងឡាយដែលរួមបញ្ចូលពាក្យ ដ៏និរន្តរ៍ និង អស់កល្បជានិច្ច ។ សូមសរសេរសេចក្ដីពិតតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ដង្វាយធួនដ៏និរន្តរ៍ និង អស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ផ្ដល់នូវសេចក្ដីសង្គ្រោះដល់មនុស្សលោកទាំងអស់ ។
ដើម្បីជួយយើងឲ្យយល់ ថាតើដង្វាយធួនគឺនិរន្តរ៍ និង អស់កល្បជានិច្ចមានន័យយ៉ាងណា នោះប៊ីស្សព រីឆាឌ ស៊ី. អែជ្ជលី នៃគណៈប៊ីស្សពជាអធិបតី បានបង្រៀនថា ៖ « ក្នុងការនិយាយដល់ដង្វាយធួនរបស់ព្រះគ្រីស្ទ ខ្ញុំចូលចិត្តនិយមន័យក្នុងវចនានុក្រមនូវពាក្យ និរន្តរ៍ និង អស់កល្បជានិច្ច ពីព្រោះខ្ញុំជឿថា វាពន្យល់យ៉ាងត្រឹមត្រូវពីអ្វីដែលព្រះឲ្យន័យ ។ និរន្តរ៍ ៖ ‹ ពុំមានព្រំដែន ឬ ការកំណត់ › ។ ហើយនិយមន័យរបស់ អស់កល្បជានិច្ច ៖ ‹ ពុំមានការចាប់ផ្ដើម ឬ ចុងបញ្ចប់ › ( The American Heritage Dictionary of the English Language, 4th ed. [2000], “infinite,” “eternal,” ទំព័រ 898, 611 ) » ( “For Thy Good” Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 66 ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ អាចជានិរន្ដរ៍ និង អស់កល្បជានិច្ចតាមរបៀបណាខ្លះ ?
-
តើការដឹងថា ដង្វាយធួនគឺជានិរន្តរ៍ និង អស់កល្បជានិច្ច បង្កើនការដឹងគុណរបស់អ្នកចំពោះព្រះអង្គសង្គ្រោះតាមរបៀបណា ? តើវាបង្កើននូវសេចក្ដីជំនឿរបស់អ្នកលើទ្រង់តាមរបៀបណាដែរ ?
-
អាលម៉ា 34:15–41
អាមូលេកបង្រៀនពីរបៀបដើម្បីទទួលពរជ័យទាំងឡាយនៃដង្វាយធួន
សូមអាន អាលម៉ា 34:15–17 ដើម្បីឃើញពីអ្វីដែលអាមូលេកបានបង្រៀនដល់ពួកសាសន៍សូរាំថាពួកគេត្រូវធ្វើ ដើម្បីទទួលពរជ័យទាំងឡាយ ដែលព្រះអង្គសង្គ្រោះមានព្រះរាជបំណងប្រទានដល់យើង តាមរយៈដង្វាយធួនរបស់ទ្រង់ ។ សូមសរសេរសេចក្ដីពិតតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ដើម្បីទទួលបាននូវពរជ័យពេញលេញនៃដង្វាយធួន យើងត្រូវតែអនុវត្តសេចក្ដីជំនឿទៅរកការប្រែចិត្ត ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពី ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ នៃគណៈប្រធានទីមួយ ៖
« យើងត្រូវការសេចក្ដីជំនឿដ៏រឹងមាំមួយ ដើម្បីអាចប្រែចិត្ត ។ … បើយើងជឿថា ព្រះទ្រង់ជ្រាបគ្រប់ការណ៍ទាំងអស់ ពេញដោយក្ដីស្រឡាញ់ និង ពេញដោយសេចក្ដីមេត្តាករុណា នោះយើងនឹងអាចដាក់ការទុកចិត្តរបស់យើងលើទ្រង់ដោយពុំងាករេ ដើម្បីបានសេចក្ដីសង្គ្រោះរបស់យើង ។ សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នឹងផ្លាស់ប្ដូរការគិត ការជឿ និង ការប្រព្រឹត្តរបស់យើង ដែលមិនស្របនឹងព្រះបំណងរបស់ព្រះ ។
« ការប្រែចិត្តដ៏ពិត នាំយើងត្រឡប់ទៅធ្វើអ្វីដែលត្រឹមត្រូវវិញ ។ … ការប្រែចិត្តមានន័យថា ការផ្លាស់ប្ដូរគំនិត និង ដួងចិត្ត—យើងឈប់ធ្វើអ្វីៗដែលខុស ហើយយើងចាប់ផ្ដើមធ្វើអ្វីៗដែលត្រឹមត្រូវវិញ ។ វានាំមកដល់យើងនូវអាកប្បកិរិយាថ្មីមួយចំពោះព្រះ ចំពោះមនុស្សម្នាក់ និង ចំពោះជីវិតជាទូទៅ » ( “Point of Safe Return” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 100 ) ។
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ពេលយើងប្រែចិត្ត ?
សូមអាន អាលម៉ា 34:17–27 ហើយរកមើលអ្វីដែលអាមូលេកបានបង្រៀន អំពីពេលណាដែលយើងគប្បីអធិស្ឋាន និង អំពីអ្វីដែលយើងគួរអធិស្ឋាន ។ តើអ្នកគិតថា ដំបូន្មាននេះបានជួយដល់ពួកសាសន៍សូរាំ ដែលបានគិតថា ពួកគេអាចថ្វាយបង្គំតែម្ដងក្នុងមួយសប្ដាហ៍នោះ ដោយរបៀបណាដែរ ? សូមជ្រើសរើសខមួយដែលអ្នកគិតថា អាចជួយអ្នកបានជាពិសេស ។ សូមគិតអំពីរបៀបដែលអ្នកអាចធ្វើតាមដំបូន្មាន អំពីការអធិស្ឋាន នៅក្នុងខនេះ អំឡុងពេលសប្ដាហ៍ខាងមុខនេះ ។
អាមូលេកបានបង្រៀនថា យើងគប្បីមានឆន្ទៈក្នុងការទទួលយកនូវពរជ័យទាំងឡាយនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ដោយការប្រែចិត្តពីអំពើបាបទាំងឡាយរបស់យើងឥឡូវនេះ ជាជាងរង់ចាំប្រែចិត្តនៅពេលក្រោយ ។ សូមអាន អាលម៉ា 34:30–35 ហើយគូសបន្ទាត់ពីក្រោមពាក្យ ឬ ឃ្លាទាំងឡាយដែលកំណត់ពីមូលហេតុ ដែលយើងពុំគួរពន្យាពេលក្នុងការប្រែចិត្តរបស់យើង ។ នៅក្នុងខ 31 សូមរកមើលពរជ័យដែលអាមូលេកបាននិយាយថា នឹងមានដល់ពួកអ្នកដែលជ្រើសរើសដើម្បីប្រែចិត្តឥឡូវនេះ ។ សូមរំឭកខ 32 ដោយយកចិត្តទុកដាក់ ហើយបន្ទាប់មកពិចារណាថា ៖ តើខនេះអាចជះឥទ្ធិពលដល់របៀបដែលខ្ញុំរស់នៅរាល់ថ្ងៃដោយរបៀបណា ?
សូមរំឭក អាលម៉ា 34:33 ហើយពិចារណាពីអ្វីដែល ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បានមានប្រសាសន៍ថា ៖ « ដូចដែលវាអាចត្រូវនឹងគោលការណ៍ដំណឹងល្អដែរ ការពន្យាពេលគឺជាចោរលួចនៃជីវិតអស់កល្បជានិច្ច ដែលជាជីវិតរស់នៅក្នុងវត្តមានរបស់ព្រះវរបិតា និង ព្រះរាជបុត្រា ។ មានមនុស្សជាច្រើនក្នុងចំណោមពួកយើង សូម្បីតែសមាជិកនៃសាសនាចក្រផងដែរ ដែលមានអារម្មណ៍ថា ពុំចាំបាច់ប្រញាប់ប្រញាល់ទេ នៅក្នុងការប្រតិបត្តិតាមគោលការណ៍ដំណឹងល្អ និង ក្នុងការរក្សាបទបញ្ញត្តិទាំងឡាយនោះ » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ 1969 ទំព័រ 121 ) ។
អាលម៉ា 35
ពួកសាសន៍សូរាំដែលប្រែចិត្តបានស្នាក់នៅក្នុងចំណោមពួកសុចរិត
ពួកសាសន៍សូរាំជាច្រើនបានស្ដាប់តាមការព្រមានរបស់អាមូលេក ក្នុងការមិនពន្យាពេលធ្វើការប្រែចិត្តរបស់ពួកគេ ហើយពួកគេបានប្រែចិត្ត និង បានផ្លាស់ប្ដូរជីវិតគេ ។ ពួកអ្នកគ្រប់គ្រងសាសន៍សូរាំ បានបណ្ដេញពួកគេចេញពីដែនដីរបស់គេ ហើយប្រជាជនទាំងនេះបានមកឯដែនដីយើសុន ជាកន្លែងដែលពួកគេត្រូវបានស្វាគមន៍ដោយប្រជាជនអាំម៉ូន—ដែលត្រូវបានហៅថា អាន់តៃ-នីហ្វៃ-លីហៃ នោះ ( សូមមើល អាលម៉ា 35:6–7 ) ។ ពួកសាសន៍សូរាំដែលទុច្ចរិត និង ពួកសាសន៍លេមិន បានខឹង ដែលប្រជាជនអាំមូនបានទទួលពួកសាសន៍សូរាំដែលប្រែចិត្ត ហើយពួកគេបានចាប់ផ្ដើមរៀបចំធ្វើសង្គ្រាមទាស់នឹងពួកសាសន៍នីហ្វៃ ( សូមមើល អាលម៉ា 35:8–11 ) ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 33–35 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖