មេរៀនទី 19 ៖ ថ្ងៃទី 2
អាលម៉ា 36
សេចក្តីផ្ដើម
បន្ទាប់ពីអាលម៉ាបានត្រឡប់ពីបេសកកម្មទៅកាន់ពួកសាសន៍សូរាំរបស់លោកវិញ លោកបានប្រមូលកូនប្រុសទាំងបីរបស់លោក ហើយបានផ្ដល់ដំបូន្មានដល់ពួកគេម្នាក់ៗដោយឡែកពីគ្នា ( សូមមើល អាលម៉ា 35:16 ) ។ ដំបូន្មានរបស់លោកទៅកាន់ហេលេមិន មានកត់ត្រានៅក្នុង អាលម៉ា 36–37 ដំបូន្មានរបស់លោកទៅកាន់ស៊ិបឡុន មានកត់ត្រានៅក្នុង អាលម៉ា 38 ដំបូន្មានរបស់លោកទៅកាន់កូរីអានតុន មានកត់ត្រានៅក្នុង អាលម៉ា 39–42 ។ អាលម៉ាបានធ្វើទីបន្ទាល់ដល់ហេលេមិនថា ព្រះនឹងដោះលែងពួកអ្នកដែលដាក់សេចក្ដីទុកចិត្តលើទ្រង់ ។ ដើម្បីបង្ហាញពីសេចក្ដីពិតនេះ អាលម៉ាបានពិពណ៌នាពីរបៀបដែលលោកត្រូវបានដោះលែងពីការឈឺចាប់នៃអំពើបាបរបស់លោក ជាច្រើនឆ្នាំមុន ។ បន្ទាប់ពីការអំពាវនាដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ លោកបានកើតពីព្រះ ហើយបានពេញដោយសេចក្ដីអំណរ ។ បន្ទាប់មកលោកបានធ្វើកិច្ចការដើម្បីនាំអ្នកដទៃទៀតមកកាន់ព្រះយេស៊ូវគ្រីស្ទ ។
អាលម៉ា 36:1–5
អាលម៉ាបង្រៀនហេលេមិន ជាកូនប្រុសលោក អំពីអំណាចនៃព្រះក្នុងការគាំទ្រយើងក្នុងការលំបាករបស់យើង ។
សូមសញ្ជឹងគិត ថាតើទីបន្ទាល់ ឬ ការបង្រៀនជាក់លាក់មួយរបស់សមាជិកគ្រួសារ មិត្តភក្ដិ ឬ អ្នកដឹកនាំសាសនាចក្រម្នាក់ បានផ្ដល់ពរជ័យដល់ជីវិតអ្នកតាមរបៀបណាខ្លះ ។
សូមអាន អាលម៉ា 36:1–5 ហើយស្រមៃថា ខ្លួនអ្នកស្ថិតនៅក្នុងស្ថានភាពរបស់ហេលេមិន ពេលដែលលោកបានស្ដាប់ដល់ទីបន្ទាល់របស់ឪពុកលោក ។ តើមានអ្វីខ្លះ ដែលអាលម៉ាចង់ឲ្យហេលេមិនចងចាំ ? ( សូមមើល ខ 2 ) ។ តើមានអ្វីខ្លះ ដែលអាលម៉ាចង់ឲ្យហេលេមិនរៀនពីលោក ? ( សូមមើល ខ 3 ) ។
សូមសរសេរគោលការណ៍តទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ អាលម៉ា 36:3 ៖ ពេលយើងដាក់ការទុកចិត្តរបស់យើងលើព្រះ នោះទ្រង់គាំទ្រយើងនៅក្នុងគ្រប់ការលំបាក និង សេចក្ដីវេទនារបស់យើង ។ សូមគិតពីពេលមួយ ដែលអ្នកមានការលំបាកមួយក្នុងជីវិតអ្នក ។ នៅក្នុងចន្លោះដែលបានផ្ដល់ឲ្យនេះ សូមសរសេររបៀបពីរបីយ៉ាង ដែលព្រះបានជួយ និង គាំទ្រអ្នកក្នុងគ្រានោះ ។
អាលម៉ា 36:6–22
អាលម៉ាពិពណ៌នាពីការបះបោររបស់លោក ហើយពន្យល់ពីរបៀបដែលលោកបានទទួលការអត់ទោស
អាលម៉ាពិពណ៌នាដល់ហេលេមិន កូនប្រុសលោក ពីរបៀបដែលព្រះបានដោះលែងលោកចេញពីភាពឈឺចាប់នៃអំពើបាបទាំងឡាយរបស់លោក ។ សូមអាន អាលម៉ា 36:6–10 ហើយរំឭកពីអ្វីដែលបានកើតឡើងចំពោះអាលម៉ាក្នុងយុវវ័យរបស់លោក ពេលលោកបានទៅជាមួយនឹងពួកបុត្រានៃម៉ូសាយ ព្យាយាមបំផ្លាញសាសនាចក្រ ។
នៅក្នុងព្រះគម្ពីរមរមន មានដំណើររឿងចំនួនបីអំពីទេវតាលេចមកជួបអាលម៉ា និង ពួកបុត្រានៃម៉ូសាយ ។ អាលម៉ា 36 រួមមានដំណើររឿងពិស្ដារបំផុត ពីអ្វីដែលអាលម៉ាបានមានបទពិសោធន៍ អំឡុងពេលបីថ្ងៃ និង បីយប់ ដែលលោកពុំអាចកម្រើក ឬ និយាយបាន ។ ( ដើម្បីអានដំណើររឿងផ្សេងទៀត សូមមើល ម៉ូសាយ 27 និង អាលម៉ា 38 ) ។ សូមអាន អាលម៉ា 36:11–16 ហើយគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយដែលអាលម៉ាបានប្រើដើម្បីពិពណ៌នាពីសេចក្ដីភ័យខ្លាច ឬ ការឈឺចាប់ដែលលោកបានមានបទពិសោធន៍ បន្ទាប់ពីទេវតាបានលេចមកជួប ។
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានជួយយើងឲ្យយល់ពីអត្ថន័យនៃពាក្យ ត្រូវញាំញី និង ត្រូវកើតទុក្ខ ៖
« ត្រូវញាំញី មានន័យថា ‹ ទារុណកម្ម › ។ នៅជំនាន់បុរាណ ឧបករណ៍ធ្វើទារុណកម្ម គឺជាគ្រោងមួយដែលគេចងកជើង និង កដៃរបស់ជនរងគ្រោះទៅនឹងប្រដាប់រវៃមួយ ដែលពេលរវៃទៅធ្វើឲ្យគៀបយ៉ាងឈឺចាប់ ដែលមិនអាចទ្រាំបាន ។
« រនាស់គឺជាគ្រោងមួយដែលមានចម្រុងជាច្រើន ។ ពេលអូសកាត់ដី វារាស់ដីឡើង ។ ជាញឹកញាប់ព្រះគម្ពីរនិយាយពីព្រលឹង និង គំនិត ដែល ‹ ត្រូវកើតទុក្ខ › ដោយកំហុស » ( “The Touch of the Master’s Hand” Ensign ឧសភា 2001 ទំព័រ 23 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីគំនិតរបស់អ្នក ពីមូលហេតុដែលអាលម៉ាបានប្រើពាក្យធ្ងន់ៗ ដើម្បីពិពណ៌នាពីអារម្មណ៍របស់លោក ។ សូមសរសេរផងដែរ ថាតើពាក្យទាំងនេះពិពណ៌នាពីកំហុស និង ការឈឺចាប់របស់មនុស្សម្នាក់ដែលបានធ្វើអំពើបាប ហើយពុំបានប្រែចិត្តយ៉ាងណាដែរ ។
អ្នកអាចនឹងចង់សរសេរសេចក្ដីពិតតទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ អាលម៉ា 36:11–16 ៖ អំពើបាបអាចនាំទៅកាន់ការឈឺចាប់ និង ការសោកស្ដាយ ។
សូមអាន អាលម៉ា 36:17–18 ហើយរកមើលអ្វីដែលអាលម៉ាបានចងចាំពីឪពុករបស់លោកព្យាករ ។ សូមកត់ចំណាំពីអ្វីដែលអាលម៉ាបានធ្វើ ពេលលោកបានចងចាំពីអ្វីដែលឪពុកលោកបានបង្រៀនលោក ។
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់នូវការយល់ដឹងដ៏ជ្រាលជ្រៅដូចតទៅនេះពីបទពិសោធន៍របស់អាលម៉ា ៖ « អាលម៉ាបានរំជួលចិត្តដោយការបង្រៀនរបស់ឪពុកលោក ប៉ុន្តែវាសំខាន់ខ្លាំងណាស់ថា ការព្យាករណ៍ដែលលោកបានចងចាំនោះ គឺជាការព្យាករណ៍មួយអំពី ‹ ការយាងមកនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដើម្បីមកធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោក › ។ ( អាលម៉ា 36:17 ) ។ នោះគឺជាព្រះនាម ហើយនោះគឺជាសារដំណឹងដែលមនុស្សគ្រប់រូបត្រូវតែបានឮ ។ អាលម៉ាបានឮវា ហើយលោកបានស្រែកចេញមកពីការថប់បារម្ភនៃស្ថាននរក ដែលកំពុងឆេះសន្ធោសន្ធៅ និង មនសិការមួយ ដែលនឹងមិនជាសះស្បើយ ។ ‹ ឱព្រះយេស៊ូវអើយ ព្រះអង្គជាព្រះរាជបុត្រានៃព្រះ សូមព្រះអង្គមានសេចក្ដីមេត្តាករុណាមកលើទូលបង្គំផង › ។ ( អាលម៉ា 36:18 ) ។ … មិនថាការអធិស្ឋានផ្សេងទៀតណាក៏ដោយ ដែលយើងអធិស្ឋាន មិនថាសេចក្ដីត្រូវការផ្សេងណាទៀតដែលយើងត្រូវការ ទាំងអស់គឺផ្អែកលើការអង្វរកនោះ ៖ ‹ ឱព្រះយេស៊ូវអើយ ព្រះអង្គជាព្រះរាជបុត្រានៃព្រះ សូមព្រះអង្គមានសេចក្ដីមេត្តាករុណាមកលើទូលបង្គំផង › ។ ទ្រង់បានរៀបចំដើម្បីប្រទានសេចក្ដីមេត្តាករុណានោះ ។ ទ្រង់បានប្រទានជីវិតទ្រង់ផ្ទាល់ ដើម្បីផ្ដល់សេចក្ដីមេត្តាករុណានោះ » ( However Long and Hard the Road [1985] ទំព័រ 85 ) ។
-
សូមគិតត្រឡប់ថយក្រោយ ពីពេលមួយដែលអ្នកបានអធិស្ឋានដើម្បីទទួលបានពរជ័យនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ រួមទាំងពរជ័យនៃការអត់ទោសចំពោះអំពើបាប ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីមូលហេតុដែលអ្នកគិតថា វាសំខាន់ដើម្បីសុំដល់ព្រះអម្ចាស់នូវពរជ័យនៃដង្វាយធួននៅក្នុងជីវិតអ្នក ។
-
សូមអាន អាលម៉ា 36:19–22 ហើយគូសចំណាំពាក្យ និង ឃ្លាទាំងឡាយដែលពិពណ៌នាពីរបៀបដែលអាលម៉ាបានផ្លាស់ប្ដូរ បន្ទាប់ពីលោកបានអធិស្ឋានសុំសេចក្ដីមេត្តាករុណាហើយ ។ សូមសរសេរពាក្យ និង ឃ្លាទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ហើយពន្យល់ពីអ្វីដែលពាក្យ និង ឃ្លាទាំងនេះបង្រៀនអ្នកអំពីអំណាចនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
ចេញពីបទគម្ពីរទាំងនេះ យើងរៀនពីគោលការណ៍នេះ ៖ បើយើងអនុវត្តសេចក្ដីជំនឿចំពោះដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងដោះលែងយើងចេញពីសេចក្ដីឈឺចាប់នៃអំពើបាបរបស់យើង ហើយបំពេញដល់យើងនូវសេចក្ដីអំណរ ។ សូមពិចារណាពីអ្វីដែលអ្នកអាចធ្វើ ដើម្បីអនុវត្តសេចក្ដីជំនឿថែមទៀតលើព្រះយេស៊ូវគ្រីស្ទ ដើម្បីអ្នកអាចបានការដោះលែងពីអារម្មណ៍នៃការឈឺចាប់ ឬ វិប្បដិសារីចំពោះអំពើបាបរបស់អ្នក ដូចជាអាលម៉ាដែរនោះ ។
សូមអានស្ថានភាពដូចតទៅនេះ ហើយពិចារណាថាតើអ្នកអាចនឹងឆ្លើយដោយរបៀបណា ៖ បើមានមិត្តម្នាក់ដែលកំពុងអានព្រះគម្ពីរមរមន មកសុំជំនួយអ្នក ដើម្បីយល់ពាក្យសម្ដីរបស់អាលម៉ានៅក្នុង អាលម៉ា 36:19 ។ មិត្តរបស់អ្នកសួរថា « បើខ្ញុំអាចចងចាំអំពើបាបរបស់ខ្ញុំ ហើយនៅតែមានអារម្មណ៍សោកស្ដាយចំពោះវា តើវាមានន័យថាខ្ញុំពុំត្រូវបានអត់ទោសទេ មែនទេ ? »
សូមអានការពន្យល់ខាងក្រោមនេះពី ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ នៃគណៈប្រធានទីមួយ ហើយគូសបន្ទាត់ពីក្រោមឃ្លាណាក៏ដោយ ដែលអ្នកជឿថានឹងជួយដល់មិត្តអ្នក ៖
« សាតាំងនឹងព្យាយាមធ្វើឲ្យយើងជឿថា អំពើបាបរបស់យើងមិនត្រូវបានអត់ទោសទេ ដោយសារយើងអាចចាំវា ។ សាតាំងជាមេកុហក វាព្យាយាមធ្វើឲ្យទស្សនៈរបស់យើងស្រអាប់ ហើយដឹកនាំយើងចេញពីផ្លូវនៃការប្រែចិត្ត និង ការអត់ទោស ។ ព្រះពុំបានសន្យាថា យើងនឹងមិនចងចាំអំពើបាបរបស់យើងទៀតនោះទេ ។ ការចងចាំនឹងជួយយើងឲ្យចៀសវាងពីការធ្វើកំហុសដដែលៗម្ដងទៀត ។ ប៉ុន្តែ បើយើងនៅតែពិត និង ស្មោះត្រង់ នោះការចងចាំពីអំពើបាបរបស់យើងនឹងត្រូវបន្ទន់ ពេលដែលពេលវេលាចេះតែទៅមុខ ។ នេះគឺជាផ្នែកដ៏ចាំបាច់នៃដំណើរការនៃការព្យាបាល និង ដំណើរការដែលធ្វើឲ្យបានបរិសុទ្ធ ។ អាលម៉ាបានថ្លែងទីបន្ទាល់ថា បន្ទាប់ពីលោកបានអំពាវនាវដល់ព្រះយេស៊ូវ ដើម្បីបានសេចក្ដីមេត្តាករុណាហើយ នោះលោកនៅតែអាចចងចាំពីអំពើបាបទាំងឡាយរបស់លោក ប៉ុន្តែការចងចាំពីអំពើបាបរបស់លោក ពុំបានធ្វើឲ្យលោកមានទុក្ខព្រួយ និង ពុំបានធ្វើទារុណកម្មដល់លោកទៀតនោះទេ ព្រះលោកបានដឹងថា លោកត្រូវបានអត់ទោសឲ្យហើយ ( សូមមើល អាលម៉ា 36:17–19 ) ។
« វាគឺជាការទទួលខុសត្រូវរបស់យើង ក្នុងការចៀសវាងពីអ្វីក៏ដោយដែលនឹងនាំយើងត្រឡប់ទៅកាន់ការចងចាំអំពើបាបចាស់ៗរបស់យើង ។ ពេលយើងបន្តមាន ‹ ចិត្តសង្រេង និង វិញ្ញាណទន់ទាប › ( នីហ្វៃទី3 12:19 ) នោះយើងអាចទុកចិត្តថា ព្រះនឹង ‹ មិនចាំពី [ អំពើបាបរបស់យើង ] ទៀតទេ › [ គ. និង ស. 58:42 ] » ( “Point of Safe Return” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 101 ) ។
វាក៏សំខាន់ផងដែរក្នុងការកត់ចំណាំថា អាលម៉ាពុំបាននិយាយថា លោកពុំចងចាំអំពើបាបរបស់លោកនោះទេ ប៉ុន្តែថាលោកពុំបានចងចាំនូវការឈឺចាប់នៃអំពើបាបរបស់លោកទៀត ហើយលោកពុំ « ត្រូវកើតទុក្ខ » ដោយការចងចាំរបស់លោកទៀតឡើយ ( អាលម៉ា 36:19 ) ។ ការប្រែចិត្តដ៏ពិតនឹងធ្វើឲ្យការឈឺចាប់ និង កំហុសនៃអំពើបាប ត្រូវរសាត់បាត់ទៅ ( សូមមើល អេណុស 1:6–8 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរចម្លើយមួយទៅកាន់មិត្តភក្ដិដែលបានលើកឡើងខាងលើ ហើយប្រើប្រាស់នូវការយល់ដឹងដែលអ្នកបានទទួលពីការពន្យល់របស់ប្រធាន អុជដូហ្វ ។ សូមបញ្ចូលក្នុងចម្លើយរបស់អ្នក ពីមូលហេតុដែលអ្នកគិតថា វាជាពរជ័យមួយដែលយើងនៅតែចងចាំពីអំពើបាបរបស់យើង សូម្បីតែយើងអាចនឹងពុំត្រូវ « កើតទុក្ខដោយការនឹកឃើញអំពើបាប [ របស់យើង ] ទៀត » ( អាលម៉ា 36:19 ) បន្ទាប់ពីការប្រែចិត្តរបស់យើងហើយក៏ដោយ ។
អាលម៉ា 36:23–30
អាលម៉ាពន្យល់ពីមូលហេតុដែលលោកធ្វើការឥតឈប់ក្នុងការនាំអ្នកដទៃទៀតមកកាន់ការប្រែចិត្ត ។
តើអ្នកមានអារម្មណ៍យ៉ាងណា ពេលអ្នកចែកចាយម្ហូបដ៏ឆ្ងាញ់ជាមួយមិត្តម្នាក់ ? ពេលអ្នកទទួលបាននូវដំណឹងដ៏រំភើបមួយ តើអ្នកចង់ធ្វើអ្វីមុនគេបង្អស់ ? តើអ្នកគិតថា ហេតុអ្វីមនុស្សភាគច្រើនមានសេចក្ដីប្រាថ្នាស្ទើរតែឥតឈប់ឈរ ក្នុងការចែកចាយជាមួយនរណាម្នាក់ផ្សេងទៀត នូវអ្វីដែលពួកគេបានឮដូច្នេះ ? សូមអាន អាលម៉ា 36:23–24 ហើយរកមើលថាតើអារម្មណ៍ទាំងឡាយ ដែលបានពិពណ៌នានៅក្នុងសំណួរទាំងនេះ ទាក់ទងទៅនឹងបទពិសោធន៍របស់អាលម៉ា បន្ទាប់ពីការប្រែចិត្តជឿរបស់លោកយ៉ាងណាដែរ ។ តើអាលម៉ាចង់ឲ្យមនុស្សផ្សេងទៀតទទួលបទពិសោធន៍អ្វីខ្លះ ?
សូមអាន អាលម៉ា 36:25–26 ហើយរកមើលថាតើការប្រឹងប្រែងរបស់អាលម៉ាក្នុងការបង្រៀនដំណឹងល្អ បានជះឥទ្ធិពលដល់លោក និង អ្នកផ្សេងទៀតយ៉ាងណា ។ សូមបំពេញគោលការណ៍តទៅនេះ ដោយផ្អែកលើអ្វីដែលអ្នកបានរៀនចេញពីខទាំងនេះ អំពីការចែកចាយដំណឹងល្អ ៖ ពេលយើងចែកចាយដំណឹងល្អជាមួយអ្នកដទៃទៀត នោះយើងទទួល ។
-
សូមសរសេរគោលការណ៍ដែលបានបំពេញពេញលេញរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ហើយពន្យល់ពីមូលហេតុដែលអ្នកជឿថាគោលការណ៍នេះពិត ។ អ្នកអាចនឹងចង់បញ្ចូលនូវបទពិសោធន៍ទាំងឡាយដែលអ្នកមាន ពីការមានអារម្មណ៍នៃសេចក្ដីអំណរដែលបានមកពីការចែកចាយដំណឹងល្អជាមួយអ្នកដទៃទៀត ជាផ្នែកនៃការពន្យល់របស់អ្នក ។
សូមគិតពីនរណាម្នាក់ដែលអ្នកស្គាល់—មិត្តភក្ដិ សមាជិកគ្រួសារ ឬ សមាជិកវួដ ឬ សមាជិកសាខាម្នាក់—ដែលអាចទទួលផលពីទីបន្ទាល់របស់អ្នក អំពីព្រះអង្គសង្គ្រោះ និង ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ សូមសញ្ជឹងគិតពីរបៀបដែលអ្នកអាចចែកចាយជាមួយបុគ្គលនេះ ពីទីបន្ទាល់របស់អ្នកថាតើព្រះយេស៊ូវគ្រីស្ទអាចដោះលែងយើងពីសេចក្ដីឈឺចាប់ និង បំពេញដល់យើងនូវសេចក្ដីអំណរដោយរបៀបណា ។ អ្នកអាចនឹងចង់ពិចារណាក្នុងការសរសេរសំបុត្រ ឬ អ៊ីម៉ែលមួយទៅកាន់បុគ្គលនេះ ឬ អ្នកអាចនឹងចង់សរសេរលិខិតតូចៗមួយចំនួន ដើម្បីរៀបចំពេលវេលាជាក់លាក់មួយ ដែលអ្នកនឹងនិយាយជាមួយបុគ្គលនេះ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 36 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖