មេរៀនទី 17 ៖ ថ្ងៃទី 3
អាលម៉ា 21–22
សេចក្តីផ្ដើម
អើរ៉ុន ជាមនុស្សម្នាក់ក្នុងចំណោមបងប្អូនប្រុសទាំងឡាយរបស់អាំម៉ូន បានព្យាយាមបង្រៀនដល់ពួកសាសន៍អាម៉ាលេកៃ និង ពួកសាសន៍អាមូឡុន អំពីព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន ប៉ុន្តែប្រជាជនបានបដិសេធលោក ។ លោក និង ដៃគូរបស់លោកមួយចំនួន បានជាប់គុកក្នុងដែនដីមិឌដូណៃ ។ ពួកលោកបន្តស្មោះត្រង់ អំឡុងពេលនៃការលំបាករបស់ពួកលោក ។ បន្ទាប់ពី អាំម៉ូន និង ស្ដេចឡាម៉ូណៃបានជួយដោះលែងពួកគេហើយ អើរ៉ុនបានបង្រៀនបិតាស្ដេចឡាម៉ូណៃ ពីរបៀបដើម្បី « បានកើតពីព្រះ » ( អាលម៉ា 22:15 ) ។ ស្ដេចបានរៀនថា តាមរយៈការប្រែចិត្តពីអំពើបាបរបស់ទ្រង់ នោះទ្រង់អាចស្គាល់ព្រះ ហើយទីបំផុតទទួលជីវិតដ៏នៅអស់កល្បជានិច្ច ។ ភាពស្មោះត្រង់របស់អើរ៉ុន និង បងប្អូនរបស់លោក បានជួយដល់ពួកសាសន៍លេមិនជាច្រើន ឲ្យបានស្គាល់ព្រះ និង របៀបនៃការប្រោសលោះរបស់ទ្រង់ ។
អាលម៉ា 21:1–23
អើរ៉ុន និង បងប្អូនរបស់លោកផ្សព្វផ្សាយដំណឹងល្អ មិនថាមានការលំបាក និង ត្រូវជាប់គុកយ៉ាងណាក៏ដោយ
សូមគិតពីពេលមួយ ពេលដែលអ្នកព្យាយាមយ៉ាងខ្លាំង ដើម្បីរក្សាបទបញ្ញត្តិទាំងឡាយ តែអ្នកនៅតែជួបនឹងការលំបាក ។ បន្ទាប់មក សូមពិចារណាពីសំណួរតទៅនេះ ៖ ទោះជាអ្នកជួបនឹងការលំបាក តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីនៅតែស្មោះត្រង់ ? កាលដែលអ្នកសម្លឹងមើលទៅបទពិសោធន៍នោះ តើអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់បានប្រទានពរយ៉ាងណាខ្លះដល់អ្នក អំឡុងគ្រានោះ ?
ខណៈដែលអាំម៉ូនកំពុងបង្រៀនស្ដេចឡាម៉ូណៃ និង ប្រជាជនរបស់ទ្រង់ ( សូមមើល អាលម៉ា 17–19 ) អើរ៉ុន និង ដៃគូរបស់លោកបានជួបនូវការលំបាកដ៏ក្រៃលែង ពេលពួកលោកបានព្យាយាមបង្រៀននៅផ្នែកផ្សេងទៀតនៃដែនដី ។ សម្រាប់សេចក្ដីសង្ខេបអំពីការលំបាកដែលអើរ៉ុន និង ដៃគូរបស់លោកបានរងទុក្ខពេលនៅក្នុងគុក សូមអាន អាលម៉ា 20:28–30 ។ បន្ទាប់មក សូមអានវគ្គបទគម្ពីរចេញពី អាលម៉ា 21:1–17 ដោយរកមើលសកម្មភាពតទៅនេះ ។ សូមរកមើលរបៀបដែលអើរ៉ុន និង បងប្អូនរបស់លោក បានដោះស្រាយនឹងការលំបាកទាំងនេះ ។
-
សូមចម្លងតារាងខាងក្រោមនេះទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយទុកកន្លែងសម្រាប់យោបល់របស់អ្នក បន្ទាប់ពីគម្ពីរនីមួយៗ ៖
ឧបសគ្គ ឬ ការលំបាក
របៀបដែលអើរ៉ុន និង ដៃគូរបស់លោកបានឆ្លើយតប
បន្ទាប់ពីអានវគ្គគម្ពីរនីមួយៗហើយ សូមសរសេរពីឧបសគ្គ ឬ ការលំបាកទាំងឡាយ ដែលអើរ៉ុន និង ដៃគូរបស់លោកបានជួប នៅកូឡោនខាងឆ្វេងនៃតារាង ។ នៅកូឡោនខាងស្ដាំ សូមសរសេរពីរបៀបដែលអើរ៉ុន និង ដៃគូរបស់លោកបានឆ្លើយតប ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា ហេតុអ្វីវាអាចជាការងាយស្រួលសម្រាប់ពួកលោក ដើម្បីនឹងបាក់ទឹកចិត្ត បោះបង់ក្ដីសង្ឃឹម និង ត្រឡប់ទៅផ្ទះវិញ ទៅកាន់កន្លែងដែលគេរាក់ទាក់នៅក្នុងចំណោមពួកសាសន៍នីហ្វៃនោះ ?
-
ក្នុងនាមជាសមាជិកផ្សព្វផ្សាយ តើយើងអាចទទួលបានប្រយោជន៍អ្វីពីការសិក្សាដំណើររឿងនេះ ?
-
សូមអាន អាលម៉ា 21:16–17 ហើយរកមើលរបៀបដែលព្រះអម្ចាស់បានជួយអើរ៉ុន និង បងប្អូនរបស់លោក ឲ្យធ្វើកិច្ចការរបស់ទ្រង់ ខណៈដែលពួកលោកនៅស៊ូទ្រាំដោយសេចក្ដីជំនឿ ។ តាមរយៈអើរ៉ុន និង បងប្អូនរបស់លោក យើងរៀនពីគោលការណ៍នេះថា ៖ បើយើងតស៊ូឆ្លងកាត់ការលំបាករបស់យើងដោយស្មោះត្រង់ នោះព្រះអម្ចាស់នឹងជួយយើងធ្វើកិច្ចការរបស់ទ្រង់ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
សូមគិតពីកិច្ចការរបៀបណា ដែលព្រះមានសម្រាប់ធ្វើឥឡូវនេះ និង នៅក្នុងពេលអនាគត និង ឧបសគ្គដែលអ្នកអាចនឹងជួប ក្នុងការព្យាយាមសម្រេចកិច្ចការនេះ ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពី ប្រធាន ថូម៉ាស អេស. ម៉នសុន ដែលបានបង្រៀនថា យើងអាចមានការលំបាកនានា ពេលយើងព្យាយាមធ្វើកិច្ចការរបស់ព្រះអម្ចាស់ ៖
« ដើម្បីឈោងជួយ ដើម្បីបង្រៀន ដើម្បីមានឥទ្ធិពលប៉ះដល់ព្រលឹងដ៏មានតម្លៃដែលព្រះវរបិតាយើងបានរៀបចំសម្រាប់សារដំណឹងរបស់ទ្រង់ គឺជាភារកិច្ចដ៏ធំមហិមា ។ ជោគជ័យ ពិតជាពុំមានដោយងាយស្រួលនោះឡើយ ។ ជាទូទៅ ជោគជ័យកើតចេញពីទឹកភ្នែក ទុក្ខលំបាក ទំនុកចិត្ត និង ទីបន្ទាល់ ។ …
« … អ្នកបម្រើរបស់ព្រះ ទទួលយកការលួងលោមពីការអះអាងរបស់ព្រះអម្ចាស់ ‹ ខ្ញុំក៏នឹងនៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ › ( ម៉ាថាយ 28:20 ) ។ ការសន្យាដ៏ប្រពៃនេះគាំទ្រដល់អ្នក ។ … វាលួងលោមអ្នកអំឡុងពេលបាក់ទឹកចិត្តទាំងនោះ ដែលកើតមានចំពោះមនុស្សគ្រប់គ្នា » ( “Tears, Trials, Trust, Testimony” Ensign ខែ ឧសភា ឆ្នាំ 1987 ទំព័រ 43 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីបទពិសោធន៍មួយ ពេលដែលអ្នកតស៊ូឆ្លងកាត់ទុក្ខលំបាកដោយស្មោះត្រង់ ។ ឬ អ្នកអាចសរសេរពីរបៀបដែលអ្នកដាក់ផែនការ ដើម្បីនៅស្មោះត្រង់ ក្នុងឧបសគ្គមួយក្នុងពេលបច្ចុប្បន្ន ដោយប្រើនូវគោលការណ៍នៅក្នុងមេរៀននេះ ។ សូមសរសេរផងដែរ អំពីស្ថានភាពមួយចំនួនក្នុងពេលអនាគត ពេលដែលអ្នកគិតថា អ្នកអាចនឹងត្រូវតស៊ូឆ្លងកាត់ទុក្ខលំបាក ពេលធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។
សូមអាន អាលម៉ា 21:18–23 ដើម្បីឃើញពីអ្វីដែលអាំម៉ូនបានធ្វើ បន្ទាប់ពីជួយដល់អើរ៉ុន និង បងប្អូនរបស់លោកឲ្យបានរួចពីគុកហើយ ។ រកមើលថាតើជីវិតរបស់ពួកសាសន៍លេមិនបានផ្លាស់ប្ដូរយ៉ាងណា ដោយសារតែអាំម៉ូនបានបង្រៀនដំណឹងល្អដល់ពួកគេ ។
សូមគិតថាតើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ បានផ្លាស់ប្ដូរជីវិតរបស់មនុស្សម្នាក់ដែលអ្នកស្គាល់ដោយរបៀបណា ។ សូមពិចារណាពីរបៀបដែលអ្នកអាចចែកចាយដំណឹងល្អជាមួយនរណាម្នាក់ដែលអ្នកស្គាល់ ឬ គិតអំពីនរណាម្នាក់ដែលអាចទទួលឥទ្ធិពលពីគំរូរបស់អើរ៉ុន និង បងប្អូនលោក ។ សូមពិចារណាក្នុងការចែកចាយជាមួយបុគ្គលនោះ ពីអ្វីដែលអ្នកបានរៀនពីគំរូរបស់អើរ៉ុន និង បងប្អូនលោក កាលដែលពួកលោកបានតស៊ូយ៉ាងស្មោះត្រង់នៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។
អាលម៉ា 22
បិតារបស់ឡាម៉ូណៃ ដែលជាស្ដេចគ្រប់គ្រងលើអស់ទាំងដែនដី ជឿលើដំណឹងល្អ ពេលដែលត្រូវបានបង្រៀនដោយអើរ៉ុន
រំឭកឡើងវិញពេលដែលអាំម៉ូនបានជួបជាមួយបិតារបស់ឡាម៉ូណៃ ដែលមានរំឭកនៅក្នុងមេរៀនពីមុននេះ ។ សូមអានឡើងវិញនូវសំណើរជាក់លាក់របស់ស្ដេច ទៅកាន់អាំម៉ូន ដែលមានកត់ត្រានៅក្នុង អាលម៉ា 20:27 ។ ពេលអ្នកអាន អាលម៉ា 22:1–3 សូមរកមើលពីរបៀបដែលស្ដេចបានឆ្លើយតបចំពោះការមកជួបរបស់អើរ៉ុន ។
សូមអាន អាលម៉ា 22:4–6 ហើយរកមើលពីអ្វីដែលធ្វើឲ្យរំខានដល់ព្រះទ័យរបស់បិតាស្ដេចឡាម៉ូណៃ ។ សូមពិនិត្យមើល អាលម៉ា 22:7–14 រកមើលសេចក្ដីពិតដែលអើរ៉ុនបានបង្រៀនដល់បិតារបស់ឡាម៉ូណៃ ។
សូមសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ( វាអាចជាប្រយោជន៍ក្នុងការនឹកចាំពីការពិភាក្សាស្រដៀងគ្នានេះ អំពីស្ដេចឡាម៉ូណៃ នៅក្នុង អាលម៉ា 17–18 ) ៖
-
ហេតុអ្វីស្ដេចត្រូវតែជឿលើព្រះ ដើម្បីយល់ពីការប្រែចិត្ត ?
-
តើការដឹងអំពីការធ្លាក់ ជួយដល់ស្ដេចឲ្យយល់ពីការប្រែចិត្តដោយរបៀបណាដែរ ?
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ហេតុអ្វីបានជាសំខាន់ម៉្លេះ ក្នុងការយល់ពីការធ្លាក់របស់លោកអ័ដាម និង ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ដើម្បីយល់ពីការប្រែចិត្ត ?
សូមពិនិត្យមើល អាលម៉ា 22:15 រកមើលពីអ្វីដែលបិតាស្ដេចឡាម៉ូណៃមានព្រះឆន្ទៈនឹងលះបង់ ដើម្បីបានទទួលសេចក្ដីអំណរ និង ជីវិតដ៏នៅអស់កល្បជានិច្ច ហើយសូមពិចារណាពីការគូសចំណាំវានៅក្នុងព្រះគម្ពីររបស់អ្នក ។
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ហេតុអ្វីឥរិយាបទរបស់បិតាស្ដេចឡាម៉ូណៃ គឺសំខាន់សម្រាប់មនុស្សគ្រប់គ្នាដែលមានបំណងប្រាថ្នាមកស្គាល់ព្រះ ដើម្បីមានឥរិយាបទបែបនេះដែរនោះ ?
សូមអាន អាលម៉ា 22:16 ដើម្បីឃើញពីរបៀបដែលអើរ៉ុនឆ្លើយសំណួររបស់ស្ដេច អំពីរបៀបដើម្បីទទួលជីវិតដ៏នៅអស់កល្បជានិច្ច ។ ( សូមពិចារណាក្នុងការគូសចំណាំពីសេចក្ដីពិតសំខាន់ៗ ដែលអ្នកឃើញថា កំពុងត្រូវបានបង្រៀននៅក្នុងខនេះ ) ។ តើការទទួលយក និង រស់នៅតាមសេចក្ដីពិតទាំងឡាយ ដែលអើរ៉ុនបានបង្រៀន ដឹកនាំមនុស្សម្នាក់ឲ្យទទួលជីវិតដ៏នៅអស់កល្បជានិច្ច ដោយរបៀបណាដែរ ?
សូមអាន អាលម៉ា 22:17–18 រកមើលពីរបៀបដែលស្ដេចបានឆ្លើយតបចំពោះការណែនាំរបស់អើរ៉ុន ។ សូមសញ្ជឹងគិតពីសំណួរតទៅនេះ ៖ តើយើងអាចរៀនអ្វី អំពីការកើតពីព្រះ ពីបិតារបស់ស្ដេចឡាម៉ូណៃ ?
អ្នកអាចនឹងចង់គូសចំណាំឃ្លានេះ ដែលនៅក្នុង អាលម៉ា 22:18 ៖ « ទូលបង្គំនឹងបោះបង់ចោលអស់ទាំងអំពើបាបរបស់ទូលបង្គំ ដើម្បីឲ្យបានស្គាល់ទ្រង់ » ។ សូមសញ្ជឹងគិតពីសេចក្ដីពិតតទៅនេះ ហើយសរសេរវានៅក្នុងព្រះគម្ពីររបស់អ្នក ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ យើងត្រូវតែមានឆន្ទៈនឹងលះបង់ចោលអស់ទាំងអំពើបាបរបស់យើង ដើម្បីផ្លាស់ប្ដូរខាងឯវិញ្ញាណ និង បានកើតពីព្រះ ។
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះ ដែលថ្លែងដោយ អែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជំរុញយើងឲ្យផ្លាស់ប្ដូរ ។ ‹ ប្រែចិត្ត › គឺជាសារដំណឹងរបស់ដំណឹងល្អដែលឮយ៉ាងញឹកញាប់បំផុត ហើយការប្រែចិត្តគឺមានន័យថា ជាការលះបង់ចោលនូវការអនុវត្តន៍ទាំងអស់របស់យើង—ទាំងការអនុវត្តន៍ផ្ទាល់ខ្លួន ក្នុងគ្រួសារ ជនជាតិ និង សាសន៍—ដែលផ្ទុយពីបទបញ្ញត្តិទាំងឡាយនៃព្រះ ។ គោលបំណងនៃដំណឹងល្អ គឺដើម្បីផ្លាស់ប្រែមនុស្សលោកធម្មតាទៅជាប្រជាជាតិសេឡេស្ទាល ហើយការណ៍នោះ គឺតម្រូវឲ្យមានការផ្លាស់ប្ដូរ » ( “Repentance and Change” Ensign ឬ លីអាហូណា ខែ ធ្នូ ឆ្នាំ 2003 ទំព័រ 37 ) ។
សូមសញ្ជឹងគិតពីអ្វីដែលអ្នកត្រូវធ្វើនៅក្នុងជីវិតអ្នកឥឡូវនេះ ដើម្បីផ្លាស់ប្ដូរខាងឯវិញ្ញាណ ។
សូមអាន អាលម៉ា 22:19–22 ដើម្បីឃើញពីហេតុការណ៍អ្វីខ្លះដែលបានកើតឡើង ក្រោយពីការអធិស្ឋានរបស់ស្ដេច ។ សូមអាន អាលម៉ា 22:23–27 រកមើលពីអ្វីដែលបិតារបស់ឡាម៉ូណៃបានធ្វើ ដោយសារទ្រង់បានទទួលការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត និង បានទទួលព្រះវិញ្ញាណនៃព្រះអម្ចាស់ដោយផ្ទាល់ព្រះអង្គទ្រង់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីអ្វីដែលអ្នកបានរៀន អំពីការកើតម្ដងទៀត ចេញពីការសិក្សាអំពីបិតារបស់ស្ដេចឡាម៉ូណៃ ។ សូមពន្យល់ ថាតើអ្នកគិតថា គំរូរបស់ទ្រង់អាចជួយយុវវ័យសព្វថ្ងៃនេះ ឲ្យធ្វើការផ្លាស់ប្ដូរដោយរបៀបណា នៅក្នុងជីវិតរបស់ពួកគេ ដើម្បីជួយពួកគេឲ្យបានកើតពីព្រះ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 21–22 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖