មេរៀនទី 1៖ ថ្ងៃទី 3
ទំព័រចំណងជើង បុព្វកថា និង ទីបន្ទាល់នៃពួកសាក្សី
សេចក្តីផ្តើម
សូមស្រមៃគិតថា មានមិត្តភក្តិម្នាក់បានសួរអ្នកថា តើហេតុអ្វីបានជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវការព្រះគម្ពីរមរមនធ្វើអីទៀត បើយើងមានព្រះគម្ពីរប៊ីបហើយនោះ ។ ( ប្រហែលជាអ្នកធ្លាប់មានបទពិសោធន៍អំពីរឿងនេះរួចហើយ ! ) តើអ្នកនឹងនិយាយទៅកាន់មិត្តភក្តិរបស់អ្នកយ៉ាងដូចម្តេច ?
ព្រះគម្ពីរមរមនគឺចាប់ផ្តើមជាមួយទំព័រចំណងជើង និង បុព្វកថាមួយដែលពន្យល់អំពីគោលបំណងនៃព្រះគម្ពីរដ៏ពិសិដ្ឋនេះ ដែលរួមមានទាំងឥទ្ធិពលដែលព្រះគម្ពីរនេះមានចំពោះទីបន្ទាល់ និង ការទំនាក់ទំនងរបស់យើងជាមួយនឹងព្រះ ។ នៅទំព័រដំបូងមួយចំនួននៃព្រះគម្ពីរមរមនក៏មាននូវទីបន្ទាល់នៃពួកសាក្សីទាំងឡាយដែលបានឃើញផ្ទាំងមាសដែលបានបកប្រែជាព្រះគម្ពីរ និង បានថ្លែងទីបន្ទាល់អំពីប្រភពដ៏ទេវភាពរបស់ព្រះគម្ពីរនេះ ។
នៅពេលអ្នករៀនចប់មេរៀននេះ សូមគិតអំពីរបៀបដែលអ្នកអាចទាញយកអត្ថប្រយោជន៍បានច្រើនបំផុតពីការសិក្សារបស់អ្នកក្នុងព្រះគម្ពីរមរមននៅឆ្នាំនេះ និង អំពីរបៀបដែលព្រះគម្ពីរមរមនអាចជួយអ្នកអភិវឌ្ឍទីបន្ទាល់ឲ្យកាន់តែរឹងមាំលើព្រះអង្គសង្គ្រោះគឺព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់ ។
ទំព័រចំណងជើង
ព្យាការីយ៉ូសែបស៊្មីធ បានពន្យល់ថា ព្យាការីមរ៉ូណៃពីជំនាន់ដើមបានដាក់បញ្ចូលទាំងទំព័រចំណងជើងនៃព្រះគម្ពីរមរមននៅលើផ្ទាំងមាស ៖ « ទំព័រចំណងជើងនៃព្រះគម្ពីរមរមនគឺជាការបកប្រែយ៉ាងពិតប្រាកដ ដែលបានដកស្រង់ចេញពីសន្លឹកចុងក្រោយគេបង្អស់ដែលនៅខាងឆ្វេងនៃការប្រមូលផ្តុំ ឬសៀវភៅផ្ទាំងទាំងឡាយដែលមានបញ្ជីប្រវត្តិនេះដែលត្រូវបានបកប្រែ…និង… បាននិយាយថា ទំព័រចំណងជើងមិនមែនជាការតាក់តែងឡើងតាមរបៀបសម័យទំនើបនោះទេ ហើយក៏មិនមែនតាមគំនិតខ្ញុំ ឬមនុស្សណាម្នាក់ដែលបានរស់នៅ ឬកំពុងរស់នៅក្នុងជំនាន់នេះដែរ »(ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [2007] ទំព័រ 60–61)។
នៅពេលដែលអ្នកអានកថាខណ្ឌទីមួយពីទំព័រចំណងជើង សូមរកមើលពាក្យ ឬឃ្លាទាំងឡាយដែលមរ៉ូណៃបានប្រើដើម្បីថ្លែងទីបន្ទាល់ពីការចូលរួមរបស់ព្រះអម្ចាស់ក្នុងការនាំមកនូវព្រះគម្ពីរមរមន ។
-
នៅក្នុងសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់អ្នក សូមពន្យល់ពីមូលហេតុដែលថាវាគឺសារៈសំខាន់ចំពោះអ្នកដើម្បីដឹងអំពីរបៀបដែលព្រះអម្ចាស់ចូលរួមក្នុងការសរសេរ និងការបកប្រែព្រះគម្ពីរមរមន ។
នៅពេលដែលអ្នកអានកថាខណ្ឌទីពីរនៅលើទំព័រចំណងជើង សូមរកមើលពីអ្វីដែលជាគោលបំណងចម្បងបីយ៉ាងដែលមរ៉ូណៃបានផ្តល់ឲ្យសម្រាប់ការចាប់ផ្តើមសរសេរព្រះគម្ពីរមរមន ។ ( អ្នកអាចនឹងចង់គូសចំណាំចំពោះគោលបំណងទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ) ។ « វង្សអ៊ីស្រាអែល »សំដៅដល់អ្នកទាំងឡាយណាដែលជាពូជពង្សរបស់យ៉ាកុបព្រមទាំងអ្នកទាំងឡាយណាដែលជារាស្ត្រនៃសេចក្តីសញ្ញានៅក្នុងសាសនាចក្រនៃព្រះអម្ចាស់ ( សូមមើលសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « វង្សអ៊ីស្រាអែល » )។ លើសពីនេះទៀត ឃ្លាថា « យូដា និង សាសន៍ដទៃ » សំដៅទៅលើកូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ ។ នៅក្នុងកថាខណ្ឌទីពីរ សូមធ្វើឲ្យសារលិខិតនៃទំព័រចំណងជើងនេះក្លាយជាខ្លួនអ្នកផ្ទាល់ដោយការដាក់ជំនួសឈ្មោះរបស់អ្នកសម្រាប់« សំណល់នៃវង្សអ៊ីស្រាអែល » និង ពួកសាសន៍យូដា និង សាសន៍ដទៃ » ។
-
នៅក្នុងសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់អ្នក សូមពន្យល់ពីរបៀបនៃការដឹងពីគោលបំណងនៃព្រះគម្ពីរមរមនទាំងនេះដែលជួយអ្នកឲ្យយល់អំពីសារៈសំខាន់របស់ព្រះគម្ពីរ ។
ខាងក្រោមគឺជាប្រសាសន៍របស់ ប្រធានអ៊ែសរ៉ា ថាហ្វ ប៊ែនសឹនអំពី « បេសកកម្មដ៏សំខាន់ » ឬគោលបំណងនៃព្រះគម្ពីរមរមន ៖
« បេសកកម្មដ៏ចម្បងរបស់ព្រះគម្ពីរមរមន ដូចដែលបានកត់ត្រាទុកនៅទំព័រចំណងជើង គឺ‹ ដើម្បីបញ្ចុះបញ្ចូល ដល់សាសន៍យូដា និង សាសន៍ដទៃថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ជាព្រះដ៏នៅអស់កល្បជានិច្ច ដែលបានសម្តែងរូបអង្គទ្រង់ដល់គ្រប់ទាំងសាសន៍ › ។
« អ្នកដែលស្វែងរកសេចក្តីពិតដោយស្មោះត្រង់ អាចទទួលទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទនៅពេលដែលគាត់ពិចារណាប្រកបដោយការអធិស្ឋានអំពីពាក្យសំដីដែលប្រកបដោយការបំផុសគំនិតរបស់ព្រះគម្ពីរមរមន ។
« ជាងពាក់កណ្តាលនៃខគម្ពីរទាំងអស់នៅក្នុងព្រះគម្ពីរមរមនគឺពោលសំដៅទៅលើព្រះអម្ចាស់របស់យើង ។ ទម្រង់ឈ្មោះនៃព្រះគ្រីស្ទមួយចំនួនត្រូវបានរៀបរាប់ជាញឹកញាប់នៅក្នុងខគម្ពីរនិមួយៗក្នុងព្រះគម្ពីរមរមនច្រើនជាងព្រះគម្ពីរសញ្ញាថ្មី » ( « Come unto Christ,” Ensign, ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័ 83 ) ។
ដូចដែលទំព័រចំណងជើងប្រកាសថា ព្រះគម្ពីរមរមនគឺជាសាក្សីមួយដែលថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ នៅពេលអ្នកសិក្សាព្រះគម្ពីរមរមននៅឆ្នាំនេះ សូមផ្តោតទៅលើអ្វីដែលអ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ និង សូមទូលសុំព្រះវរបិតាសួគ៌នៅក្នុងការអធិស្ថានដើម្បីបញ្ជាក់ចំពោះអ្វីដែលអ្នកកំពុងតែរៀនតាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។
បុព្វកថានៃព្រះគម្ពីរមរមន
តើអ្នកធ្លាប់ឆ្ងល់អំពីរបៀបដែលកំណោងនៃស្ពាន ឬសំណង់មួយអាចរក្សាលំនឹងមិនឲ្យរលំបាក់ដោយគ្មានឧបករណ៍ទ្រនៅពីក្រោមដោយរបៀបណាដែរឬទេ ? នៅពេលដែលកំណោងទ្វារមួយត្រូវបានសង់ឡើង នោះគែមជ្រុងទាំងពីរត្រូវបានសង់ឡើងដោយមានប្រដាប់ទ្រដើម្បីទ្រវា ។ នោះនៅចំណុចចន្លោះប្រហោងខាងលើនៃកំណោងទ្វារត្រូវបានវាស់យ៉ាងប្រុងប្រយ័ត្ន ហើយផ្ទាំងសិលាមួយដែលត្រូវបានហៅថា « សិលាគ្រឹះ » គឺត្រូវបានកាត់ដើម្បីដាក់បិទឲ្យចំទីតាំងត្រឹមត្រូវ ។ នៅពេលដែលសិលាគ្រឹះត្រូវបានដាក់នៅចំទីតាំងហើយ នោះកំណោងទ្វារនោះអាចឈរយ៉ាងរឹងមាំដោយពុំចាំបាច់មានអ្វីមកទ្រឡើយ ។ សូមនឹកគិតថាតើនឹងមានអ្វីកើតឡើងចំពោះកំណោងទ្វារបើសិនជាសិលាគន្លឹះត្រូវបានដកចេញ ។
សូមបើកមើលបុព្វកថានៃព្រះគម្ពីរមរមន ហើយអានកថាខណ្ឌទីប្រាំមួយដែលចាប់ផ្តើមជាមួយពាក្យ « អំពីបញ្ជីនេះ … » នៅពេលដែលអ្នកអានកថាខណ្ឌនេះ សូមរកមើលគោលការណ៍សំខាន់បីយ៉ាងដែលព្យាការី យ៉ូសែបស៊្មីធបានបង្រៀនអំពីព្រះគម្ពីរមរមន ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹនបានពន្យល់បន្ថែមទៀតអំពីរបៀបដែលព្រះគម្ពីរមរមនដើរតួជាសិលាគ្រឹះនៃសាសនាចក្ររបស់យើង ។ នៅពេលអ្នកអានការដកស្រង់នេះ សូមគូសបន្ទាត់ពីក្រោមឃ្លា ឬសេចក្តីថ្លែងទាំងឡាយដែលអាចជួយអ្នកឲ្យពិពណ៌នាប្រាប់ដល់អ្នកដទៃទៀតអំពីតួនាទីដ៏សំខាន់ដែលព្រះគម្ពីរមរមនដើរតួក្នុងសាសនារបស់យើង ។
« វាមានរបៀបបីយ៉ាងដែលព្រះគម្ពីរមរមន គឺជាសិលាគ្រឹះនៃសាសនាចក្ររបស់យើង ។ វាគឺជាសិលាគ្រឹះក្នុងភាពជាសាក្សីរបស់យើងអំពីព្រះគ្រីស្ទ ។ វាគឺជាសិលាគ្រឹះនៃគោលលទ្ធិរបស់យើង ។ វាគឺជាសិលាគ្រឹះនៃទីបន្ទាល់ ។
« ព្រះគម្ពីរមរមនគឺជាសិលាគន្លឹះក្នុងភាពជាសាក្សីរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់ផ្ទាល់ជាថ្មជ្រុងយ៉ាងឯកចំពោះអ្វីទាំងអស់ដែលយើងធ្វើ ។ ព្រះគម្ពីរមរមនធ្វើជាសាក្សីចំពោះសេចក្តីពិតរបស់ទ្រង់ដោយព្រះចេស្តា និងសេចក្តីច្បាស់លាស់ ។ …
« ព្រះអម្ចាស់ទ្រង់ផ្ទាល់បានថ្លែងថា ព្រះគម្ពីរមរមនមាននូវ ‘ ភាពពោរពេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ’ ( គ. និង ស. 20:9 ) ។ នោះមិនមែនមានន័យថាព្រះគម្ពីរមរមនមានគ្រប់ទាំងការបង្រៀន គ្រប់ទាំងគោលលទ្ធិដែលធ្លាប់បានបើកសម្តែងនោះឡើយ ។ តែផ្ទុយទៅវិញ វាមានន័យថា ក្នុងព្រះគម្ពីរមរមនយើងនឹងរកឃើញភាពពេញលេញនៃគោលលទ្ធិទាំងនោះដែលបានតម្រូវសម្រាប់សេចក្តីសង្រ្គោះរបស់យើង ។ ហើយវាត្រូវបានបង្រៀនយ៉ាងច្បាស់ និង យ៉ាងសាមញ្ញ េម្ល៉ះហើយសូម្បីតែកូនក្មេងក៏អាចរៀនពីរបៀបទាំងឡាយនៃសេចក្តីសង្គ្រោះ និង ភាពលើកតម្កើងបានដែរ ។ …
« ទីបំផុត ព្រះគម្ពីរមរមនគឺជាសិលាគន្លឹះនៃទីបន្ទាល់ ។ ក៏ដូចជាកំណោងទ្វារបាក់ស្រុតនៅពេលសិលាគន្លឹះត្រូវបានដកចេញ ក៏ដូចគ្នានឹងការឈរឡើងឬការធ្លាក់ចុះរបស់សាសនាចក្រដែរ គឺវាអាស្រ័យលើភាពពេញលេញនៃព្រះគម្ពីរមរមនយ៉ាងនោះដែរ ។ ខ្មាំងសត្រូវនៃសាសនាចក្រយល់ដឹងពីរឿងនេះយ៉ាងច្បាស់ ។ នេះជាហេតុដែលពួកវាខំប្រឹងយ៉ាងខ្លាំងដើម្បីបង្ហាញថាព្រះគម្ពីរមរមនខុសឆ្គង ដ្បិតបើសិនជាព្រះគម្ពីរនេះត្រូវបានគេមិនឲ្យតម្លៃ នោះព្យាការីយ៉ូសែប ស្ម៊ីធក៏ត្រូវគេមិនឲ្យតម្លៃយ៉ាងដូច្នោះដែរ ។ ក៏ដូចគ្នាជាមួយនឹងការប្រកាសពីកូនសោបព្វជិតភាព និងវិវរណៈ និង សាសនាចក្រដែលបានស្តារឡើងវិញរបស់យើងក៏ដូច្នោះដែរ ។ ប៉ុន្តែនៅក្នុងរបៀបដូចគ្នា បើសិនជាព្រះគម្ពីរមរមនពិត—ហើយឥឡូវមនុស្សរាប់លាននាក់បានធ្វើទីបន្ទាល់ថា ពួកគេមានទីបន្ទាល់នៃព្រះវិញ្ញាណថា ព្រះគម្ពីរមរមនគឺជាការពិតមែន—នោះបុគ្គលនោះត្រូវតែទទួលយកការប្រកាសនៃការស្តារឡើងវិញ និង អ្វីៗទាំងអស់ដែលមានមកជាមួយនឹងគម្ពីរនេះ »(« The Book of Mormon—Keystone of Our Religion »Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 5–6)។
-
សូមអានកថាខណ្ឌទីប្រាំបីនៃបុព្វកថារបស់ព្រះគម្ពីរមរមន ដែលចាប់ផ្តើមជាមួយពាក្យថា « យើងសូមអញ្ជើញមនុស្សទាំងអស់នៅគ្រប់ទិសទី … » ហើយសូមស្គាល់អំពីរបៀបដែលអ្នកអាចដឹងថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត ។ បន្ទាប់ពីអ្នកបានអានកថាខណ្ឌនេះ សូមបំពេញប្រយោគនេះនៅក្នុងសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់អ្នក ៖ នៅពេលយើងអាន ពិចារណា និងអធិស្ថានសួរ នោះព្រះវិញ្ញាណបរិសុទ្ធនឹង …
ទីបន្ទាល់នៃព្រះគម្ពីរមរមនពង្រឹងទីបន្ទាល់់របស់ពួកយើងចំពោះគោលការណ៍សំខាន់ៗនៃដំណឹងល្អក៏ដូចជាសិលាគន្លះពង្រឹងដល់សិលាដទៃៗទៀតនៃកំណោងទ្វារនោះដែរ ។ សូមអានកថាខណ្ឌទីប្រាំបួននៃបុព្វកថាដែលចាប់ផ្តើមជាមួយនឹងពាក្យ « អស់អ្នកណាដែលទទួលទីបន្ទាល់ដ៏ប្រសើរ … » ហើយសូមគូសបន្ទាត់ខាងក្រោមសេចក្តីពិតបីបន្ថែមទៀតដែលអ្នកនឹងទទួលទីបន្ទាល់នៅពេលអ្នកធ្វើតាមដំបូន្មានពីកថាខណ្ឌទីប្រាំបី ។ នៅពេលអ្នកអាន ពិចារណា និង អធិស្ឋានសួរអំពីព្រះគម្ពីរមរមន នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាសាក្សីថា ព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត ថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ថាយ៉ូសែបស៊្មីធគឺជាព្យាការីរបស់ព្រះ ហើយថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជានគររបស់ព្រះអម្ចាស់នៅលើផែនដីនេះ ។
-
នៅក្នុងសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់អ្នក សូមពន្យល់អំពីមូលហេតុដែលព្រះគម្ពីរមរមនត្រូវបានហៅថាជាសិលាគ្រឹ្លះនៃសាសនារបស់យើង ។
ទីបន្ទាល់នៃពួកសាក្សី
សូមស្រមៃគិតថា អ្នកគឺជាអ្នកវិនិច្ឆ័យម្នាក់ដែលកំពុងព្យាយាមដើម្បីយល់ដឹងពីសេចក្តីពិតចំពោះអ្វីដែលបានកើតឡើងក្នុងជម្លោះដោយពាក្យសំដីមួយរវាងភាគីទាំងពីរ ។ តើវាមានតម្លៃប៉ុណ្ណាក្នុងការមានសាក្សីម្នាក់ចំពោះអ្វីដែលបានកើតឡើង ? តើវាមានតម្លៃមហិមាប៉ុណ្ណាក្នុងការមានសាក្សីជាច្រើនចំពោះអ្វីដែលបានកើតឡើង ?
អូលីវើរ ខៅឌើរី
ដាវិឌ វិតមើរ
ម៉ាទិន ហារីស
ព្រះអម្ចាស់បានបង្ហាញដល់សាក្សីមួយចំនួននូវផ្ទាំងមាសទាំងឡាយដែល យ៉ូសែបស៊្មីធបានបកប្រែជាព្រះគម្ពីរមរមន ។ សូមអាន « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » សូមគូសចំណាំឃ្លាបី ឬបួនដែលពួកគេបានប្រើក្នុងការថ្លែងទីបន្ទាល់ចំពោះផ្ទាំងទាំឡាយ និង ការនាំមកនូវព្រះគម្ពីរមរមន ។ បន្ទាប់មកអាន « ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់ » ។ ចូរកត់សំគាល់ពីភាពខុសគ្នាចំពោះបទពិសោធន៍ទាំងឡាយរបស់មនុស្សពីរក្រុមដែលបានបង្ហាញនៅក្នុងតារាងខាងក្រោម ។
សាក្សីបីនាក់ |
សាក្សីប្រាំបីនាក់ |
---|---|
|
|
|
|
-
សូមឆ្លើយនឹងសំនួរខាងក្រោមនៅក្នុងសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើហេតុអ្វីវាសំខាន់ដែលត្រូវមានសាក្សីដទៃទៀតចំពោះផ្ទាំងមាសទាំងនេះដើម្បីបញ្ជាក់បន្ថែមចំពោះ យ៉ូសែបស៊្មីធ ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកដែលទាក់ទងនឹងព្រះគម្ពីរមរមន យ៉ូសែបស៊្មីធ ហើយនិងដំណឹងល្អនៃព្រះយស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ ។ បើសិនអ្នកមានអារម្មណ៍ថា អ្នកមិនទាន់មានទីបន្ទាល់ផ្ទាល់ខ្លួននៅឡើយ សូមសរសេរពីអ្វីដែលអ្នកនឹងធ្វើដើម្បីអភិវឌ្ឍទីបន្ទាល់លើព្រះគម្ពីរមរមននៅឆ្នាំនេះ ។ ដើម្បីពង្រឹងទីបន្ទាល់របស់អ្នក សូមចែកចាយអារម្មណ៍របស់អ្នកអំពីអ្វីដែលអ្នកបានសរសេរជាមួយឪពុក ឬម្តាយ ឬសមាជិកគ្រួសារ ឬមិត្តភក្តិរបស់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាមេរៀនចេញពីឯកសារបុព្វកថានៅក្នុងព្រះគម្ពីរមរមន » ហើយបានបញ្ចប់វានៅ ( កាលបរិច្ឆេទ ) ។
សម្រាប់សំណួរ គំនិត និង ការយល់ដឹងបន្ថែមទៀត ខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖