មេរៀនទី 10 ៖ ទី 4
យ៉ារ៉ុម និង អោមណៃ
សេចក្តីផ្ដើម
គម្ពីរយ៉ារ៉ុម និង អោមណៃ មាននូវការសរសេរចុងក្រោយដែលចេញពីផ្ទាំងតូចនៃនីហ្វៃ ។យ៉ារ៉ុមបានទទួលផ្ទាំងពីអេណុស ជាឪពុករបស់លោក និង បានកត់ត្រាការតស៊ូ និង ពរជ័យរបស់ពួកសាសន៍នីហ្វៃអស់រយៈពេលប្រមាណជា 60 ឆ្នាំ ។បន្ទាប់មកលោកបានប្រគល់ផ្ទាំងនេះទៅឲ្យកូនប្រុសរបស់លោកគឺអោមណៃ ។គម្ពីរអោមណៃមានការសរសេរទាំងឡាយរបស់អ្នកថែរក្សាកំណត់ត្រាសាសន៍នីហ្វៃប្រាំនាក់ផ្សេងៗពីគ្នា និង គ្របដណ្តប់អស់រយៈពេលប្រមាណជា 230 ឆ្នាំ ។
យ៉ារ៉ុម 1:1–15; អោមណៃ 1:5–7
យ៉ារ៉ុមពិពណ៌នាពីរបៀបដែលពួកសាសន៍នីហ្វៃរីកចម្រើនឡើងនៅពេលពួកគេរក្សាបទបញ្ញតិ្តទាំងឡាយនៃព្រះអម្ចាស់
ដើម្បីរៀបចំការសិក្សាគោលការណ៍ដ៏សំខាន់ដែលបានបង្រៀនក្នុងយ៉ារ៉ុម និង អោមណៃ សូមអានបទពិសោធន៍តទៅនេះដែលបានចែកចាយដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វនៃគណៈប្រធានទីមួយ ៖
« ខ្ញុំចងចាំពីពេលខ្ញុំកំពុងរៀបចំទទួលការបំពាក់បំប៉នជាអ្នកបើកបរយន្តហោះចម្បាំងម្នាក់ ។យើងបានចំណាយពេលយ៉ាងច្រើនក្នុងការបំពាក់ប៉នផ្នែកយោធាដំបូងក្នុងការហ្វឹកហាត់សមខាងកាយសម្បទា ។ខ្ញុំនៅតែមិនទាន់ដឹងច្បាស់ប្រាកដពីមូលហេតុដែលការរត់ហាត់ជាច្រើនត្រូវបានចាត់ទុកថាជាផ្នែករៀបចំដ៏សំខាន់នៃការក្លាយខ្លួនជាអ្នកបើកបរយន្តហោះម្នាក់សោះ ។ទោះយ៉ាងណាក៏ដោយ យើងបានរត់ ហើយយើងបានរត់ហើយនិងបានរត់ថែមទៀត ។
« ខណៈពេលខ្ញុំកំពុងរត់ ខ្ញុំបានចាប់ផ្តើមអង្កេតឃើញអ្វីមួយដែលរំខានចិត្តខ្ញុំយ៉ាងប្រាកដណាស់ ។ជាញឹកញាប់ បុរសទាំងឡាយបានរត់ហួសទៅ ជាបុរសដែលជក់បារី ផឹកស្រា និង ប្រព្រឹត្តគ្រប់រឿងទាំងឡាយដែលផ្ទុយពីដំណឹងល្អ និង ជាពិសេសេ ផ្ទុយពីច្បាប់ពាក្យគតិបណ្ឌិត ។
« ខ្ញុំចងចាំពីការគិតថា ‹ គិតមួយភ្លេតសិន !តើមិនមែនខ្ញុំត្រូវរត់ទៅដោយឥតនឿយហត់ទេឬអី ? ›ប៉ុន្តែខ្ញុំមានការនឿយហត់ ហើយខ្ញុំរត់យឺតជាងមនុស្សដែលមិនធ្វើតាមច្បាប់ពាក្យគតិបណ្ឌិតសោះ ។ខ្ញុំសារភាពថា វារំខានដល់ចិត្តខ្ញុំពិតមែននៅពេលនោះ ។ខ្ញុំបានសួរខ្លួនឯងថា តើសេចក្តីសន្យាជាការពិត ឬ ក៏មិនពិត »( « Continue in Patience »EnsignឬLiahonaខែ ឧសភា ឆ្នាំ 2010ទំព័រ 58 ) ។
តើអ្នកធ្លាប់ឆ្ងល់ទេថា បើ ឬ ដោយរបៀបណាទៅដែលព្រះអម្ចាស់នឹងបំពេញសេចក្តីសន្យារបស់ទ្រង់ដើម្បីប្រទានពរដល់អ្នកដោយសារតែការរក្សាបទបញ្ញតិ្តរបស់ទ្រង់ ?
ព្យាការីយ៉ារ៉ុម ដែលជាកូនប្រុសរបស់អេណុស បានពន្យល់ពីរបៀបដែលសេចក្តីសន្យាដ៏ជាក់លាក់របស់ព្រះអម្ចាស់ចំពោះដូនតាលោក ត្រូវបានបញ្ជាក់ ឬ ត្រូវបានបង្ហាញថា ជាការពិត ។សូមអានយ៉ារ៉ុម 1:9 ហើយគូសចំណាំសេចក្តីសន្យាដែលព្រះអម្ចាស់បានបញ្ជាក់ដល់ប្រជាជន ។
-
យ៉ារ៉ុមបានបង្ហាញថា នៅពេលយើងគោរពបទបញ្ញតិ្តនៃព្រះ នោះយើងនឹងចម្រើនឡើង ។ដើម្បីឃើញពីគំរូនៃសេចក្តីពិតនេះ សូមសិក្សាខគម្ពីរយោងខាងក្រោម ហើយឆ្លើយសំណួរដែលមានអមមកជាមួយ ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យ៉ារ៉ុម 1:4–5, 8 ។តើមានគំរូអ្វីខ្លះស្តីពីរបៀបដែលពួកសាសន៍នីហ្វៃបានគោរពប្រតិបត្តិ និង របៀបដែលពួកគេបានទទួលពរជ័យ ?
-
យ៉ារ៉ុម 1:7, 10–12 ។តើព្យាការី និង អ្នកដឹកនាំដទៃទៀតមានតួនាទីអ្វីក្នុងការជួយពួកសាសន៍នីហ្វៃឲ្យគោរពប្រតិបត្តិ និង រីកចម្រើនឡើង ?
-
អោមណៃ 1:5–7 ។តើសេចក្តីសន្យារបស់ព្រះត្រូវបានបញ្ជាក់នៅពេលខាងមុខតាមរបៀបខុសគ្នាយ៉ាងដូចម្តេច ?
-
សូមអានអ្វីដែលប្រធាន អុជដូហ្វ បានបង្រៀន និង ថ្លែងទីបន្ទាល់អំពីបទពិសោធន៍របស់លោកអំពីចម្ងល់ថា បើព្រះអម្ចាស់នឹងបញ្ជាក់សេចក្តីសន្យាដែលបានប្រទានឲ្យក្នុងច្បាប់ពាក្យគតិបណ្ឌិតដែរឬទេនោះ ៖ « ចម្លើយមិនបានមកភ្លាមៗនោះទេ ។ប៉ុន្តែនៅទីបំផុត ខ្ញុំបានរៀនថា សេចក្តីសន្យានៃព្រះមិនតែងតែត្រូវបានបំពេញឆាប់រហ័សដូច ឬ តាមរបៀបដែលយើងរំពឹងទុកនោះទេ សេចក្តីសន្យាទាំងនោះមកស្របទៅតាមពេលវេលារបស់ទ្រង់ និង មធ្យោបាយរបស់ទ្រង់ ។ជាច្រើនឆ្នាំក្រោយមក ខ្ញុំអាចឃើញភស្តុតាងដ៏ច្បាស់លាស់នៃពរជ័យខាងសាច់ឈាមដែលមានមកដល់អ្នកទាំងឡាយណាដែលគោរពច្បាប់ពាក្យគតិបណ្ឌិត—ដែលបន្ថែមលើពរជ័យខាងវិញ្ញាណដែលមកភ្លាមៗមកពីការគោរពប្រតិបត្តិដល់ក្រិត្យវិន័យណាមួយនៃព្រះ ។ចំពោះការគិតនូវអ្វីដែលបានកើតឡើងនេះ ខ្ញុំដឹងយ៉ាងប្រាដកថាសេចក្តីសន្យានៃព្រះអម្ចាស់ បើទោះជាប្រហែលជាមិនតែងតែកើតឡើងភ្លាមៗ ក៏តែងតែនៅច្បាស់លាស់ » ( « Continue in Patience » ទំព័រ 58 បន្ថែមជាអក្សរទ្រេត )។
-
ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពិពណ៌នាពីបទពិសោធន៍មួយនៅពេលព្រះអម្ចាស់បានប្រទានពរ ឬ ធ្វើឲ្យអ្នករីកចម្រើនឡើងតាមរយៈការរក្សាបទបញ្ញតិ្តរបស់ទ្រង់ ។តាមរយៈបទពិសោធន៍របស់អ្នក តើអ្នកអាចថ្លែងទីបន្ទាល់អ្វីពីព្រះអម្ចាស់ និង សេចក្តីសន្យារបស់ទ្រង់ ?
អោមណៃ 1:1–30
អ្នកថែរក្សាកំណត់ត្រាបានរៀបរាប់ពីប្រវត្តិពួកសាសន៍នីហ្វៃ
ពូជពង្សរបស់យ៉ារ៉ុមបានសរសេរគម្ពីរអោមណៃ ដែលគ្រប់ដណ្តប់រយៈពេលប្រមាណជា 230ឆ្នាំ ។សូមគូសចំណាំឈ្មោះនៃបុរសផ្សេងៗ ដែលបានថែរក្សាផ្ទាំងតូចបន្ទាប់ពីយ៉ារ៉ុម ។អ្នកអាចស្វែងរកឈ្មោះទាំងនេះក្នុងអោមណៃ 1:1, 4, 9, 10, 12 និង 25 ។
គម្ពីរអោមណៃពិពណ៌នាពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួនពីប្រវត្តិសាសន៍ក្នុងព្រះគម្ពីរមរមន ។អ្នកអាចចងចាំថា នៅសម័យរបស់នីហ្វៃ ពួកសាសន៍នីហ្វៃបានចាកចេញពីពួកសាសន៍លេមិន ហើយតាំងទីលំនៅកន្លែងមួយដែលពួកគេហៅថា ដែនដីនីហ្វៃ ។ការផ្លាស់ទីលំនៅនេះត្រូវបានបង្ហាញនៅលើផែនទីដោយសញ្ញាព្រួញពីដែនដីតាំងទីលំនៅដំបូងទៅដែនដីនីហ្វៃ ។
សូមអានអោមណៃ 1:12–13ហើយរកមើលពីរបៀបដែលពួកសាសន៍នីហ្វៃបានមករស់នៅក្នុងដែនដីសារ៉ាហិមឡា ។អ្នកអាចចង់គូសបន្ទាត់ពីក្រោមឃ្លាទាំងឡាយណាក្នុងខគម្ពីរទាំងនេះដែលបង្ហាញពីពួកសាសន៍នីហ្វៃបានធ្វើដំណើរតាមរយៈការណែនាំ និង ព្រះចេស្តានៃព្រះអម្ចាស់ ។នៅលើផែនទី សញ្ញាព្រួញពីដែនដីនីហ្វៃទៅដែនដីសារ៉ាហិមឡាតំណាងឲ្យការផ្លាស់ទីលំនៅនេះ ។
សូមអានអោមណៃ 1:14–19ហើយរកមើលភាពស្រដៀងគ្នា និង ភាពខុសគ្នារវាងពួកសាសន៍នីហ្វៃ និង ប្រជាជនដែលពួកគេបានរកឃើញក្នុងដែនដីសារ៉ាហិមឡា ។
-
សូមឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការគ្មានព្រះគម្ពីរបានប៉ះពាល់លើប្រជាជនសារ៉ាហិមឡាយ៉ាងដូចម្តេច ?
-
តើការដឹងរឿងនេះអាចជួយអ្នកឲ្យមានអំណរគុណកាន់តែខ្លាំងលើព្រះគម្ពីរ និង កាន់តែឧស្សាហ៍ព្យាយាមក្នុងការសិក្សាព្រះគម្គីរយ៉ាងដូចម្តេចដែរ ?
-
គម្ពីរអោមណៃក៏ណែនាំនូវមនុស្សពីរក្រុមផ្សេងទៀតដែលអ្នកនឹងសិក្សាក្នុងព្រះគម្ពីរមរមននៅពេលក្រោយ ។ដើម្បីស្គាល់មនុស្សមួយក្រុមនៃក្រុមទាំងនេះ សូមអានអោមណៃ 1:20–22ហើយសរសេរពាក្យពួកសាសន៍យ៉ារេឌក្នុងព្រះគម្ពីររបស់អ្នកក្បែរនឹងខគម្ពីរទាំងនោះ ។កូរីអានទុមមើរគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលនៅរស់រានមានជីវិតពីរនាក់ចុងក្រោយគេនៃប្រជាជាតិសាសន៍យ៉ារេឌ មនុស្សម្នាក់ផ្សេងទៀតគឺជាព្យាការីអេធើរ ។អ្នកនឹងរៀនអំពីពួកសាសន៍យ៉ារេឌក្នុងការសិក្សារបស់អ្នកពីគម្ពីរអេធើរ ។
ដើម្បីរៀនអំពីក្រុមមនុស្សចុងក្រោយដែលបានពិពណ៌នាក្នុងអោមណៃ សូមគូសសញ្ញាព្រួញនៅលើផែនទីដែលឆ្ពោះពីដែនដីសារ៉ាហិមឡាទៅជិតដល់ដែនដីនីហ្វៃ ហើយបន្ទាប់មកត្រឡប់ទៅសារ៉ាហិមឡាវិញ ហើយគូសសញ្ញាព្រួញពីដែនដីសារ៉ាហិមឡាឆ្ពោះទៅរហូតដល់ដែនដីនីហ្វៃវិញ ។សញ្ញាព្រួញទាំងនេះតំណាងឲ្យការផ្លាស់ទីលំនៅនៃប្រជាជនស៊ីនិព្វ ដែលពោលសំដៅដល់នៅក្នុងអោមណៃ 1:27–30 ។( អ្នកអាចចង់សរសេរ « ប្រជាជនស៊ីនិព្វ »ក្បែរខគម្ពីរទាំងនេះ ) ។អ្នកនឹងរៀនអំពីក្រុមនេះនៅពេលអ្នកសិក្សាគម្ពីរម៉ូសាយ ។
ព្រះគម្ពីរមរមនមិនបានអះអាងថាជាកំណត់ត្រាមួយរបស់ប្រជាជនទាំងអស់ដែលបានតាំងទីលំនៅក្នុងទ្វីបអាមេរិកនោះទេ ។ក្រៅពីពួកសាសន៍យ៉ារេឌ ប្រជាជនសារ៉ាហិមឡា និង ពូជពង្សលីហៃ ក៏មានមនុស្សដទៃទៀតដែលបានមកកាន់ទ្វីបអាមេរិកផងដែរ ។ប្រធាន អានថូនី ដបុលយូ អាយវិនស៍ នៃគណៈប្រធានទីមួយបានថ្លែងនៅខែ មេសា ឆ្នាំ 1929 ក្នុងសន្និសីទទូទៅថា ៖ « ព្រះគម្ពីរមរមន … មិនប្រាប់យើងថា គ្មានមនុស្សណាម្នាក់នៅទីនេះពីមុន [ ប្រជាជននៃព្រះគម្ពីរមរមន ] នោះទេ ។ព្រះគម្ពីរមរមនមិនប្រាប់យើងថា មនុស្សមិនបានមកតាមក្រោយនោះ » ( in Conference Report ខែ មេសា ឆ្នាំ 1929 ទំព័រ 15 )។
សូមកត់សម្គាល់ក្នុងអោមណៃ 1:23–24ថា ផ្នែកចុងក្រោយនៃគម្ពីរនេះត្រូវបានសរសេរដោយអាម៉ាលេកៃ ។លោកបានរស់នៅអំឡុងសម័យស្តេចបេនយ៉ាមីន បន្ទាប់ពីការផ្លាស់ទីលំនៅរបស់ពួកសាសន៍នីហ្វៃទៅកាន់ដែនដីសារ៉ាហិមឡា ។សូមអានអោមណៃ 1:25–26 ហើយគូសចំណាំការអញ្ជើញមួយដែលអាម៉ាលេកៃ បានអញ្ជើញបីដង ។
សូមកត់សម្គាល់ថា ការអញ្ជើញនីមួយៗនៃការអញ្ជើញទាំងបីនេះក្នុងការមករកព្រះគ្រីស្ទនៅក្នុងអោមណៃ 1:25–26ត្រូវបានបន្តតាមក្រោយដោយពាក្យហើយព្រមទាំងការណែនាំជាក់លាក់ដែលជួយយើងឲ្យដឹងពីរបៀបមករកព្រះគ្រីស្ទ ។សូមមើលអោមណៃ 1:25–26ម្ដងទៀត ហើយគូសចំណាំអ្វីដែលអាម៉ាលេកៃបានលើកទឹកចិត្តពួកយើងឲ្យធ្វើ ដើម្បីមករកព្រះគ្រីស្ទ ។
អ្នកគួរតែបានរកឃើញនូវដំបូន្មានខាងក្រោមនេះពីរបៀបដើម្បីមករកព្រះគ្រីស្ទ ៖
-
ជឿ
-
ទទួលទាននូវសេចក្តីសង្គ្រោះរបស់ទ្រង់ ( ទទួលពរជ័យនៃដង្វាយធួន )
-
ថ្វាយព្រលឹងអ្នកទាំងមូលដល់ទ្រង់ ( ថ្វាយចិត្ត បំណងប្រាថ្នា និង កិច្ចប្រឹងប្រែងអស់ពីសមត្ថភាពរបស់អ្នក—ដោយមិនទុកអ្វីឡើយ )។
-
តមអាហារ និង អធិស្ឋាន
-
កាន់ខ្ជាប់ដរាបដល់ចុងបំផុត
អាម៉ាលេកៃបានផ្តល់សេចក្តីសន្យាមួយនៅចុងបញ្ចប់នៃអោមណៃ 1:26ទៅកាន់អ្នកទាំងឡាយដែលធ្វើតាមពាក្យទូន្មាននេះ ។សូមស្វែងរកសេចក្តីសន្យានោះ ហើយបំពេញគោលការណ៍តទៅនេះ ៖ បើសិនយើងមករកព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះយើង ។
-
សូមជ្រើសរើសឃ្លាមួយនៃឃ្លាទាំងឡាយក្នុងពាក្យទូន្មានពីរបៀបដើម្បីមករកព្រះគ្រីស្ទ ដែលមានរាយនៅខាងលើនេះ ហើយសរសេរ ឬ ដកស្រង់ចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវការនិយាយរយៈពេលមួយទៅពីរនាទីដែលពន្យល់ពីរបៀបដែលយើងអាចមករកព្រះគ្រីស្ទតាមរយៈការអនុវត្តគោលការណ៍នេះ ។
ឧទាហរណ៍ អ្នកអាចសរសេរការនិយាយរបស់អ្នកពីរបៀបដែលការតមអាហារ និង ការអធិស្ឋានអាចជួយយើងឲ្យមករកព្រះគ្រីស្ទ ។ការនិយាយរបស់អ្នកអាចមានរួមមាន ( 1 ) ការអានអោមណៃ 1:25–26ហើយពន្យល់ជាពាក្យផ្ទាល់របស់អ្នកនូវឃ្លាដែលអ្នកជ្រើសរើស ( 2 ) ខគម្ពីរបន្ថែមទៀតដែលបញ្ជាក់ ឬ បន្ថែមអត្ថន័យដល់ឃ្លានេះ ( 3 ) បទពិសោធន៍មួយពីជីវិតរបស់អ្នក ឬ ពីជីវិតរបស់អ្នកណាម្នាក់ដែលអ្នកដឹងថា បង្ហាញគំរូមួយនៃឃ្លានេះ និង ( 4 ) គំនិត អារម្មណ៍ និង សក្ខីភាពរបស់អ្នក ។
គ្រូបង្រៀនរបស់អ្នកអាចសុំអ្នកឲ្យចែកចាយការនិយាយរបស់អ្នកនៅពេលក្រោយទៀតដែលអ្នកជួបគ្នា ។អ្នកក៏អាចចង់ចែកចាយការនិយាយរបស់អ្នកក្នុងរាត្រីជួបជុំក្រុមគ្រួសារ ឬ ក្នុងកម្មវិធីមួយចំនួនទៀត ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាយ៉ារ៉ុម–អោមណៃហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ )។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖