មេរៀនទី 16 ៖ ថ្ងៃទី 2
អាលម៉ា 12
សេចក្តីផ្ដើម
ពាក្យសម្ដីរបស់អាមូលេកក្នុង អាលម៉ា 11 បានធ្វើឲ្យស៊ីអ៊ែសរ៉ុមភ្ញាក់ដឹងខ្លួនពីកំហុសគាត់ ដែលបានកុហក និង បោកបញ្ឆោតប្រជាជន ។ បន្ទាប់ពីអាមូលេកបាននិយាយទៅកាន់ប្រជាជនអាំម៉ូណៃហាហើយ អាលម៉ាបានឈរឡើងចំពោះមុខពួកគេ ។ ដោយសារប្រជាជននៅអាំម៉ូណៃហាបានក្លាយជាទុច្ចរិត នោះអាលម៉ាបានផ្ដោតលើសេចក្ដីពិតទាំងឡាយ ដែលនឹងជួយពួកគេឲ្យប្រែចិត្តពីចិត្តរឹងរូស និង អំពើបាបផ្សេងទៀតរបស់ពួកគេ ។ លោកបានសង្កត់ធ្ងន់លើអន្ទាក់របស់សាតាំង ការជំនុំជម្រះដែលកើតមានដល់ពួកទុច្ចរិត និង ផែនការនៃសេចក្ដីប្រោសលោះ ដែលប្រទានតាមរយៈព្រះរាជបុត្រានៃព្រះ ដែលធ្វើឲ្យពួកអ្នកដែលប្រែចិត្ត មានលទ្ធភាពត្រឡប់ទៅកាន់វត្តមានព្រះវិញ ។
អាលម៉ា 12:1–7
អាលម៉ាបើកបង្ហាញពីគោលបំណងទុច្ចរិតរបស់ស៊ីអ៊ែសរ៉ុម
សូមគិតថា តើអន្ទាក់មួយ ដាក់យ៉ាងណា ដើម្បីទាក់បានសត្វមួយ ៖ រង្វង់ខ្សែពួរមួយ ត្រូវបានដាក់នៅជុំវិញចំណីមួយដុំ ។ ពេលសត្វដើរចូលក្នុងរង្វង់ខ្សែ ដើម្បីស៊ីចំណី នោះអន្ទាក់ត្រូវបានកន្ត្រាក់តឹង ហើយសត្វនោះត្រូវជាប់ក្នុងអន្ទាក់ ។
សូមរំឭកពីរបៀបដែលស៊ីអ៊ែសរ៉ុមបានព្យាយាមទាក់ចាប់អាមូលេក ឲ្យចូលក្នុងអន្ទាក់មួយ នៅក្នុង អាលម៉ា 11:21–25 ។ បន្ទាប់ពីអាមូលេកបានស្គាល់ពីបំណងរបស់ស៊ីអ៊ែសរ៉ុម ហើយបានឆ្លើយតបចំពោះគាត់រួច នោះអាលម៉ាបានក្រោកឈរឡើង ដើម្បីនិយាយទៅស៊ីអ៊ែសរ៉ុម និង បណ្ដាជនដែលនៅទីនោះ ( សូមមើល អាលម៉ា 12:1–2 ) ។ សូមរកមើលក្នុង អាលម៉ា 12:3–6 នូវពាក្យ និង ឃ្លាទាំងឡាយ ដែលអាលម៉ាបានប្រើ ដើម្បីពិពណ៌នាពីមធ្យោបាយរបស់ស៊ីអ៊ែសរ៉ុម ដែលអាលម៉ាបាននិយាយថា មកពីអារក្ស ( សូមមើល អាលម៉ា 12:5 ) ។
តាមរយៈ អាលម៉ា 12:3 តើអាលម៉ាអាចស្គាល់ពីផែនការរបស់ស៊ីអ៊ែរ៉ុមដោយរបៀបណា ?
នៅក្នុង អាលម៉ា 12:6 តើអាលម៉ាបាននិយាយថា គោលបំណងអាក្រក់នោះគឺជាអ្វីខ្លះ ?
អាលម៉ាបានបង្រៀនថា ព្រះវិញ្ញាណបរិសុទ្ធ អាចជួយយើងឲ្យស្គាល់ពីការល្បួងទាំងឡាយរបស់មារសត្រូវ ។ នៅក្នុងមេរៀនអំពី អាលម៉ា 11 អ្នកបានរៀនថា ប្រសិនបើយើងពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចយកឈ្នះលើការល្បួងបាន ។ ចំណុចដ៏សំខាន់មួយអំពីការយកឈ្នះលើការល្បួង គឺត្រូវមានព្រះវិញ្ញាណជួយយើងឲ្យស្គាល់ពីការល្បួង និង គ្រោះថ្នាក់ដែលវាអាចមានដល់យើង ។ បន្ទាប់មក យើងអាចជ្រើសរើសដើម្បីបន្តនៅបរិសុទ្ធ និង ស្មោះត្រង់ ដោយការចៀសវាងពីការល្បួងនោះ ។ តើអ្នកមានបទពិសោធន៍មួយ ពេលដែលព្រះវិញ្ញាណបរិសុទ្ធបានជួយអ្នកឲ្យស្គាល់ និង ចៀសវាងពីការល្បួងមួយនៃការល្បួងទាំងឡាយរបស់អារក្សដែរឬទេ ?
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអ្វីដែលអ្នកអាចធ្វើ ហើយនឹងធ្វើ ដើម្បីពង្រីកសមត្ថភាពរបស់អ្នកក្នុងការស្គាល់ និង ឆ្លើយតបចំពោះការខ្សឹបប្រាប់នៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីអ្នកអាចស្គាល់ និង ចៀសវាងពី « អន្ទាក់ » នៃមារសត្រូវ ។
អាលម៉ា 12:7–18
អាលម៉ាបង្រៀនពីការជំនុំជម្រះចុងក្រោយនៃមនុស្សលោកទាំងអស់
សូមគិតអំពីអាជីពមួយដែលអ្នកចាប់អារម្មណ៍ចង់ប្រកបធ្វើ ។ សូមធ្វើការប៉ាន់ប្រមាណថា ប្រាក់ប៉ុន្មានដែលអ្នកអាចនឹងត្រូវចំណាយសម្រាប់ថ្លៃបង្ហាត់បង្រៀន ( ចំណាយសម្រាប់ការណែនាំ ) នៅសាលារៀនមួយ ឬ នៅកម្មវិធីហ្វឹកហ្វឺនមួយ ដើម្បីទទួលបានចំណេះដឹងដែលត្រូវការ ដើម្បីបានទទួលជោគជ័យក្នុងអាជីពនោះ ។
សូមអានការដកស្រង់តទៅនេះ ដោយរកមើល « ថ្លៃបង្ហាត់បង្រៀន » ដែល អែលឌើរ ដាវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ គឺថាត្រូវតែចំណាយ ដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ ៖ « ការយល់ដឹងខាងព្រលឹងវិញ្ញាណ ដែលអ្នក និង ខ្ញុំត្រូវបានប្រទានពរឲ្យទទួល និង ដែលត្រូវបានបញ្ជាក់ថាពិតនៅក្នុងដួងចិត្តយើងនោះ គឺមិនអាចត្រូវបានផ្ដល់ដល់ [ អ្នកផ្សេងទៀត ] ឡើយ ។ ថ្លៃបង្ហាត់បង្រៀនពីភាពឧស្សាហ៍ព្យាយាម និង ពីការរៀនដោយការសិក្សា និង ដោយសេចក្ដីជំនឿផងដែរនោះ ត្រូវតែចំណាយដើម្បីទទួលបាន និង ‹ ធ្វើជាម្ចាស់ › ដោយផ្ទាល់លើចំណេះដឹងបែបនោះ ។ មានតែតាមរបៀបនេះប៉ុណ្ណោះ ដែលអាចឲ្យអ្វីដែលត្រូវបានដឹងនៅក្នុងគំនិត ត្រូវបានស្គាល់នៅក្នុងដួងចិត្តផងដែរ » ( “Watching with All Perseverance” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2010 ទំព័រ 43 ) ។
សូមរកមើលភស្ដុតាងនៅក្នុង អាលម៉ា 12:7–8 ដែលស៊ីអ៊ែសរ៉ុមបានចាប់ផ្ដើមមានបំណងនឹងបង់ថ្លៃដល់ « ថ្លៃបង្ហាត់បង្រៀន » ខាងវិញ្ញាណ ដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ ។ តើមានអ្វីខ្លះដែលអ្នកឃើញ ដែលចង្អុលបង្ហាញថា ស៊ីអ៊ែសរ៉ុមបានចាប់ផ្ដើមផ្លាស់ប្ដូរចិត្តរបស់គាត់ ដើម្បីគាត់អាចរៀនពីសេចក្ដីពិតទាំងឡាយខាងវិញ្ញាណនោះ ?
សូមរកមើលអ្វីដែលអាលម៉ា បានបង្រៀនស៊ីអ៊ែសរ៉ុម អំពីការទទួលបាននូវចំណេះដឹងខាងវិញ្ញាណ ពេលអ្នកអាន អាលម៉ា 12:9–11 ។ វាអាចជាប្រយោជន៍ក្នុងការដឹងថា « អាថ៌កំបាំងនៃព្រះ គឺជាសេចក្ដីពិតទាំងឡាយខាងវិញ្ញាណ ដែលស្គាល់បានតែតាមរយៈវិវរណៈប៉ុណ្ណោះ ។ ព្រះបើកសម្ដែងអាថ៌កំបាំងរបស់ទ្រង់ ដល់ពួកអ្នកដែលគោរពប្រតិបត្តិដល់ដំណឹងល្អ » ( Guide to the Scriptures, “Mysteries of God,” scriptures.lds.org ) ។ អ្នកអាចនឹងចង់សរសេរនិយមន័យនេះ នៅក្នុងព្រះគម្ពីររបស់អ្នក នៅជិត អាលម៉ា 12:9 ។ នៅក្នុង អាលម៉ា 12:9 អាលម៉ាបានពន្យល់ថា ព្រះនឹងប្រទានមួយផ្នែកនៃព្រះបន្ទូលរបស់ទ្រង់ដល់មនុស្សស្របទៅតាមអ្វីខ្លះ ?
តាមរយៈ អាលម៉ា 12:10–11 តើអ្វីជាទំនាក់ទំនងរវាងស្ថានភាពនៃចិត្តយើង និង ការទទួលសេចក្ដីពិតខាងវិញ្ញាណ ?
តើការធ្វើចិត្ត « រឹងរូស » មានន័យដូចម្ដេចដែរ ( សូមមើល អាលម៉ា 12:10–11 ) ហើយតើអ្នកគិតថា ស្ថានភាពបែបនោះបង្ហាញនៅក្នុងជីវិតរបស់មនុស្សម្នាក់ដោយរបៀបណាដែរ ?
សាររបស់អាលម៉ាទៅដល់ស៊ីអ៉ែសរ៉ុមបង្រៀនពីគោលការណ៍ដូចតទៅនេះ ៖ ព្រះអម្ចាស់បើកសម្ដែងសេចក្ដីពិតខាងវិញ្ញាណដល់យើង ស្របទៅតាមការយកចិត្តទុកដាក់ និង ការព្យាយាមដែលយើងផ្ដល់ដល់ព្រះបន្ទូលទ្រង់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីបទបញ្ញត្តិ ឬ ដំបូន្មានមួយពីព្រះអម្ចាស់ ដែលអ្នកបានពុះពារព្យាយាមធ្វើតាម ដោយផ្ដល់ « ការយកចិត្តទុកដាក់ និង ការព្យាយាម » ។ តើតាមរបៀបណាខ្លះ ដែលព្រះអម្ចាស់បានប្រទានពរដល់អ្នក ជាមួយនឹងការដឹកនាំ ការយល់ដឹង ឬ ការខ្សឹបប្រាប់បន្ថែមទៀតពីព្រះវិញ្ញាណរបស់ទ្រង់ ដោយសារអ្នកបានប្រព្រឹត្តតាមអ្វីដែលទ្រង់បានបង្រៀនអ្នក ?
បន្ទាប់ពីអាលម៉ាបានពន្យល់ពីរបៀបដែលយើងអាចបានស្គាល់សេចក្ដីពិតខាងវិញ្ញាណ នោះលោកបានបន្តឆ្លើយសំណួរដែលស៊ីអ៊ែសរ៉ុមបានសួរ នៅក្នុង អាលម៉ា 12:8 អំពីរបៀបដែលយើងនឹងត្រូវជំនុំជម្រះ ។ សូមរកមើលពីអ្វីដែលអាលម៉ាបានបង្រៀនស៊ីអ៊ែសរ៉ុម នៅក្នុង អាលម៉ា 12:12–15 អំពីដំណើររស់ឡើងវិញ និង ការជំនុំជម្រះ ។ សូមបំពេញចន្លោះតទៅនេះ ៖ យើងនឹងទទួលខុសត្រូវចំពោះព្រះ សម្រាប់ និងរបស់យើង ។
សូមពិចារណាពីសំណួរតទៅនេះ ៖ តើភាពខុសគ្នាអ្វី នឹងកើតឡើងក្នុងការជ្រើសរើសប្រចាំថ្ងៃរបស់អ្នក ប្រសិនបើអ្នកចាំថា អ្នកនឹងទទួលខុសត្រូវចំពោះពាក្យសម្ដី កិច្ចការ និង ការគិតរបស់អ្នកនោះ ?
សូមគូសចំណាំខយោងនៅលេខយោង 14ក ទៅចំណេះចំណាខគម្ពីរ ម៉ូសាយ 4:30 បន្ទាប់មកសូមអាន ឬ ទន្ទេញ ម៉ូសាយ 4:30 ។
-
សូមយោងទៅអ្វី ដែលអ្នកបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សម្រាប់ កិច្ចការទី 1 នៅក្នុងមេរៀនថ្ងៃនេះ—អំពីរបៀបដែលអ្នកអាចកាន់តែឆាប់ទទួលដឹងពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមបន្ថែមគំនិតរបស់អ្នក ថាតើការយល់ដឹងពីការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នកចំពោះព្រះ អាចពង្រីកបំណងប្រាថ្នាអ្នកក្នុងការស្គាល់ និង ចៀសវាងពីការល្បួងយ៉ាងណា ?
អាលម៉ា 12:19–37
អាលម៉ាពន្យល់ពីរបៀបដែលមនុស្សអាចយកឈ្នះលើឥទ្ធិពលនៃការធ្លាក់ តាមរយៈផែនការនៃការប្រោសលោះ
មានមេត្រួតត្រាម្នាក់នៅអាំម៉ូណៃហា ឈ្មោះ អាន់ទីអូណា ដែលពុំជឿថាមនុស្សអាចក្លាយជាអមតៈ ដោយបានថ្លែងថា ការធ្លាក់បានធ្វើឲ្យវាមិនអាចកើតឡើងបាន ( សូមមើល អាលម៉ា 12:20–21 ) ។ សូមពិនិត្យមើលខទាំងឡាយពី អាលម៉ា 12 ដែលមានរាយនៅក្នុងតារាងខាងក្រោមនេះ ហើយសូមសរសេរអ្វីដែលអាលម៉ាបានបង្រៀននៅក្នុងកូឡោនខាងក្រោមចំណងជើងថា ៖
ឥទ្ធិពលនៃការធ្លាក់ ( អាលម៉ា 12:22, 24 ) |
អ្វីដែលព្រះបានធ្វើ ដើម្បីនាំមកនូវសេចក្ដីប្រោសលោះដល់យើង ( អាលម៉ា 12:24–25, 28–33 ) |
អ្វីដែលយើងត្រូវតែធ្វើ ដើម្បីបានប្រោសលោះ ( អាលម៉ា 12:24, 30, 34, 37 ) |
---|---|---|
-
ពេលអ្នកបំពេញតារាងចប់ហើយ សូមឆ្លើយសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ជួយយើងឲ្យឈ្នះលើឥទ្ធិពលនៃការធ្លាក់ដោយរបៀបណា ?
-
តាមរយៈ អាលម៉ា 12:24 តើអ្វីទៅដែលអាលម៉ាបានបង្រៀនពីគោលបំណងនៃជីវិតពេលឥឡូវនេះ ដែលព្រះអង្គសង្គ្រោះបានធ្វើដើម្បីឲ្យមានលទ្ធភាពឈ្នះលើឥទ្ធិពលនៃការធ្លាក់ ?
-
ពាក្យថា « ស្ថានភាពពិសោធន៍ » នៅក្នុង អាលម៉ា 12:24 គឺជាឃ្លាដែលត្រូវបានប្រើប្រាស់ដោយអាលម៉ាតែម្នាក់ប៉ុណ្ណោះ នៅក្នុងព្រះគម្ពីរមរមន ( សូមមើលផងដែរ អាលម៉ា 42:4, 10, 13 ) ។ អែលឌើរ អិល. ថម ភែរី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាពីពេលពិសោធន៍នេះថា ៖ « គោលបំណងចម្បងនៃជីវិតលើផែនដី គឺដើម្បីអនុញ្ញាតឲ្យវិញ្ញាណរបស់យើង ដែលមានតាំងពីមុនផែនដីនោះ បានមកផ្គុំគ្នាជាមួយរូបកាយរបស់យើង សម្រាប់ពេលវេលានៃឱកាសដ៏អស្ចារ្យ នៅក្នុងភាពរមែងស្លាប់ ។ ការរួមគ្នានៃវិញ្ញាណ និង រូបកាយនេះ បានផ្ដល់ដល់យើងនូវឯកសិទ្ធិដើម្បីលូតលាស់ អភិវឌ្ឍ និង មានភាពចាស់ទុំឡើង ដែលយើងអាចធ្វើវាបានដោយមានវិញ្ញាណ និង រូបកាយផ្គុំចូលគ្នាប៉ុណ្ណោះ ។ ជាមួយនឹងរូបកាយរបស់យើង យើងឆ្លងកាត់ការលំបាកមួយចំនួននៅក្នុងអ្វីដែលត្រូវបានហៅថា ស្ថានភាពពិសោធន៍នៃជីវិតរបស់យើង ។ នេះជាពេលវេលានៃការរៀន និង សាកល្បង ដើម្បីបង្ហាញថាយើងមានភាពសក្ដិសមសម្រាប់ឱកាសអស់កល្បទាំងឡាយ ។ នេះគឺជាផ្នែកទាំងអស់នៃផែនការដ៏ទេវភាព ដែលព្រះវរបិតារបស់យើងមានសម្រាប់កូនចៅរបស់ទ្រង់ » ( “Proclaim My Gospel from Land to Land” Ensign ខែ ឧសភា ឆ្នាំ 1989 ទំព័រ 14 ) ។
អាលម៉ាបានថ្លែងទីបន្ទាល់ថា ភាពរមែងស្លាប់ គឺជាពេលវេលាមួយសម្រាប់យើង ដើម្បីរៀបចំទៅជួបព្រះ ។ អ្នកអាចនឹងចង់គូសចំណាំឃ្លាទាំងឡាយ ដែលបង្រៀនពីគោលលទ្ធិនេះ នៅក្នុង អាលម៉ា 12:24 ។ សូមអាន អាលម៉ា 34:32 ហើយយោងវាទៅ អាលម៉ា 12:24 ។
-
ដើម្បីអនុវត្តអ្វីដែលអ្នកបានរៀន សូមឆ្លើយសំណួរមួយ ឬ ទាំងពីរនៃសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការស្គាល់គោលបំណងនៃជីវិតរមែងស្លាប់ ជួយដឹកនាំអ្នកនៅក្នុងជីវិតអ្នកយ៉ាងណា ?
-
តើសេចក្ដីជំនឿរបស់អ្នកលើដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ជួយអ្នកនៅក្នុងការពិសោធន៍ក្នុងជីវិតរមែងស្លាប់របស់អ្នកយ៉ាងណាដែរ ?
-
សូមអាន អាលម៉ា 12:33–35 ហើយកត់សម្គាល់ពីភាពខុសគ្នានៅក្នុងអ្វីដែលនឹងកើតឡើង សម្រាប់ពួកអ្នកដែលប្រែចិត្ត និង ចំពោះអ្នកដែលមិនប្រែចិត្ត ។ វាអាចជួយអ្នកយល់កាន់តែយល់ច្បាស់ពីខទាំងនេះ ក្នុងការដែលដឹងថា ដើម្បីចូលក្នុងទីសម្រាករបស់ព្រះអម្ចាស់ រួមបញ្ចូលទាំងការទទួលនូវការផ្ដាច់បាបរបស់យើង និង ទីបំផុតចូលទៅក្នុងសិរីល្អនៃវត្តមានរបស់ព្រះអម្ចាស់ ( សូមមើល គ. និង ស. 84:24 ) ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 12 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖