មេរៀនទី 10 ៖ ថ្ងៃទី 3
អេណុស
សេចក្តីផ្ដើម
ក្រោយពីសញ្ជឹងគិតពីពាក្យពេចន៍របស់ឪពុកលោករួចមក អេណុសបានអធិស្ឋានទូលសុំ ហើយបានទទួលការផ្តាច់បាបរបស់លោក ។បន្ទាប់មក លោកបានអធិស្ឋានសម្រាប់សុខុមាភាពខាងវិញ្ញាណនៃពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិន ហើយបានចំណាយពេលនៃជីវិតរបស់លោកដើម្បីធ្វើការសម្រាប់សេចក្តីសង្គ្រោះរបស់ពួកគេ ។
អេណុស 1:1–8
ក្រោយពីសញ្ជឹងគិតពីពាក្យពេចន៍របស់ឪពុកលោកហើយ អេណុសអធិស្ឋានទូលសុំ ហើយបានទទួលការផ្តាច់របស់លោក
សូមអាន អេណុស 1:1, 3 ហើយកត់ចំណាំពីឥទ្ធិពលដែលលោកយ៉ាកុបបានមានលើលោកអេណុស ។បើទោះជាអេណុសគឺជាកូនប្រុស និង ជាចៅប្រុសរបស់ព្យាការីក៏ដោយ ក៏លោកនៅតែត្រូវការមានបទពិសោធន៍ពីអំណាចនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្លួនលោកផ្ទាល់ផងដែរ ។
សូមគិតដល់ពេលមួយនៅពេលអ្នកបានមានអារម្មណ៍ថា ស្រេកឃ្លានជាខ្លាំង ។សូមគូសរង្វង់ជុំវិញពាក្យមួយចំនួនខាងក្រោមនេះដែលពិពណ៌នាពីអ្វីដែលអ្នកមានអារម្មណ៍ នៅពេលអ្នកស្រេកឃ្លាន ៖
-
ទទេ
-
ខ្សោយ
-
មិនពេញចិត្ត
-
ស្រេកឃ្លានជាខ្លាំង
-
ឈឺចាប់
-
អន្ទះសា
-
ចំណង់ខ្លាំង
សូមផាត់ពណ៌ចំណាំឃ្លា « ព្រលឹងខ្ញុំស្រេកឃ្លាន » ក្នុង អេណុស 1:4 ។តើអ្នកគិតថា ឃ្លានេះមានអត្ថន័យបែបណា ?
ឃ្លា « ព្រលឹងខ្ញុំស្រេកឃ្លាន » អាចរួមមាននូវអារម្មណ៍ទាំងឡាយដូចជាភាពទទេខាងវិញ្ញាណ ឬ ការឈឺចាប់ ឬ បំណងចង់ឲ្យបានពេញខាងវិញ្ញាណ ។លោកអេណុសបានសរសេរអំពីពេលមួយនៅពេលលោកបានមានបទពិសោធន៍ពីការស្រេកឃ្លានខាងវិញ្ញាណ ។លោកបានសរសេរថា ពាក្យពេចន៍របស់ឪពុកលោក « បានជ្រួតជ្រាបទៅក្នុងដួងចិត្ត [ លោក ] » ( អេណុស 1:3 ) ។នៅពេលលោកសាកលគិតពីពាក្យពេចន៍ទាំងនេះ លោកបានមានបទពិសោធន៍ពីបំណងប្រាថ្នាទាំងឡាយដែលដឹកនាំលោកឲ្យប្រព្រឹត្តក្នុងសេចក្តីជំនឿ ។សកម្មភាពដ៏ស្មោះត្រង់របស់លោកបាននាំមកនូវការផ្លាស់ប្តូរក្នុងជីវិតរបស់លោក និង ពរជ័យពីព្រះអម្ចាស់ ។
-
សូមចាប់ផ្តើមធ្វើលំហាត់មួយចំនួនដើម្បីជួយអ្នកយល់ដឹងពីបទពិសោធន៍របស់អេណុស និង ធ្វើឲ្យវាពាក់ព័ន្ធក្នុងជីវិតរបស់អ្នក ដោយការបែងចែកទំព័រមួយពីសៀវភៅកំណត់ហេតុការសិក្សាព្រះកម្ពីររបស់អ្នក ឲ្យទៅជាប្រាំមួយផ្នែក ហើយដាក់ផ្លាកសញ្ញាលើផ្នែកនីមួយៗដូចខាងក្រោមនេះ ៖
អ្វីដែលអេណុសប្រាថ្នាចង់បាន ៖ |
អ្វីដែលខ្ញុំប្រាថ្នាចង់បាន ៖ |
អ្វីដែលអេណុសបានធ្វើ ៖ |
អ្វីដែលខ្ញុំត្រូវធ្វើ ៖ |
អ្វីដែលអេណុសមានបទពិសោធន៍ ៖ |
បទពិសោធន៍របស់ខ្ញុំ |
-
សូមអាន អេណុស 1:2–3 ហើយរកមើលឃ្លាទាំងឡាយក្នុងខគម្ពីរនីមួយៗដែលបង្ហាញពីអ្វីដែលអេណុសបានប្រាថ្នាចង់ឲ្យមានក្នុងជីវិតរបស់លោក ។សូមសរសេរឃ្លាទាំងនេះក្នុងផ្នែកដែលសរសេរថា « អ្វីដែលអេណុសប្រាថ្នាចង់បាន » ក្នុងតារាងនៃសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
បំណងប្រាថ្នារបស់អេណុសសម្រាប់ការផ្តាច់បាបរបស់លោក ជួយយើងឲ្យយល់ដឹងពីអ្វីដែលលោកចង់មានន័យក្នុង អេណុស 1:4 នៅពេលដែលលោកបានសរសេរថា « ព្រលឹងខ្ញុំស្រេកឃ្លាន »លើសពីការស្រេកឃ្លានការអភ័យទោស អេណុសក៏ប្រាថ្នាចង់បាន « ជីវិតដ៏នៅអស់កល្បជានិច្ច និង សេចក្តីអំណរនៃពួកបរិសុទ្ធ » ( អេណុស 1:3 ) ។លោកចង់មានអារម្មណ៍សុភមង្គលដែលបានមកពីការធ្វើឲ្យខ្លួនមានភាពសក្តិសមដើម្បីរស់នៅជាមួយព្រះអម្ចាស់ និង មនុស្សដទៃដែលសុចរិត ។
-
សូមពិចារណាបើសិនអ្នកមានអារម្មណ៍ដូចគ្នាទៅនឹងការស្រេកឃ្លានខាងវិញ្ញាណដែលអេណុសបានពិពណ៌នា ។ក្នុងតារាងនៃសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ក្នុងផ្នែកដែលសរសេរថា « អ្វីដែលខ្ញុំប្រាថ្នាចង់បាន » សូមសរសេរអំពីបំណងប្រាថ្នាខាងវិញ្ញាណមួយចំនួន ដែលអ្នកស្រេកឃ្លានក្នុងជីវិតរបស់អ្នក ។
បំណងប្រាថ្នារបស់អេណុសបាននាំលោកឲ្យអនុវត្តសេចក្តីជំនឿរបស់លោក ហើយប្រព្រឹត្តឡើង ។ក្នុង អេណុស 1:2 សូមរកមើល ហើយគូសចំណាំពាក្យដែលអេណុសបានប្រើដើម្បីពិពណ៌នាពីកិច្ចប្រឹងប្រែងដែលលោកបានធ្វើ ។សូមចំណាំថា អេណុសមិនបានពុះពារ ជាមួយនឹងព្រះទេ តែ នៅចំពោះព្រះ នៅក្នុងការអធិស្ឋាន ។ការពុះពារបែបនេះរួមមាននូវការតស៊ូខាងផ្លូវចិត្ត និង ខាងវិញ្ញាណ ដើម្បីបង្ហាញព្រះវរបិតាសួគ៌នូវភាពស្មោះត្រង់នៃបំណងប្រាថ្នា និង ឆន្ទៈរបស់យើងក្នុងការប្រែចិត្ត ហើយធ្វើការផ្លាស់ប្តូរនូវអ្វីដែលចាំបាច់ក្នុងជីវិតរស់នៅរបស់យើង ។ក្នុង អេណុស 1:4 អេណុសបានកត់ត្រាសេចក្តីពិស្តារមួយចំនួនដែលពិពណ៌នាពីការពុះពាររបស់លោក ។
-
សូមអាន អេណុស 1:4 ហើយគូសចំណាំលើរឿងទាំងឡាយដែលអេណុសបានធ្វើដើម្បីបង្ហាញថា លោកមានភាពស្មោះត្រង់នៅពេលលោកព្យាយាមផ្តាច់បាបរបស់លោក ។សូមរាយពីអ្វីដែលអ្នករកឃើញនៅខាងក្រោម « អ្វីដែលអេណុសបានធ្វើ » ក្នុងតារាងនៃសៀវភៅកំណត់ហេតុការសិក្សាគម្ពីររបស់អ្នក ។
ពាក្យ ការទូលអង្វរដ៏ខ្លាំង ក្នុង អេណុស 1:4 មានន័យថា ទូលសុំដោយបន្ទាបខ្លួន និង មានបំណងប្រាថ្នាដ៏មហិមា ។ការអធិស្ឋានរបស់យើងអាចមិនយូរដូចជាអេណុសបានធ្វើ ប៉ុន្តែការអធិស្ឋានទាំងនោះត្រូវតែមានភាពស្មោះត្រង់ ។
-
ក្នុងតារាងនៃសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នៅខាងក្រោម « អ្វីដែលខ្ញុំត្រូវធ្វើ » សូមសរសេរគំនិតរបស់អ្នកអំពីរបៀបដែលអ្នកអាចបង្ហាញព្រះអម្ចាស់នូវភាពស្មោះត្រង់ដែលអ្នកទូលសុំពរជ័យខាងវិញ្ញាណរបស់ទ្រង់ ។
-
កិច្ចប្រឹងប្រែងដ៏ស្មោះស្ម័គ្រ និងស្មោះរបស់អេណុសបាននាំមកនូវពរជ័យដ៏ធំក្នុងជីវិតរបស់លោក ។សូមអានអេណុស 1:5–8ហើយគូសចំណាំអ្វីដែលអេណុសបានមានបទពិសោធន៍ ។សូមសរសេរសេចក្តីទាំងនេះក្នុងផ្នែក « អ្វីដែលអេណុសបានមានបទពិសោធន៍ » ក្នុងតារាងនៃសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។នៅពេលអ្នកអានខទី 5 និង 6 សូមកត់សម្គាល់ពីរបៀបដែលអេណុសបានដឹងថា លោកត្រូវបានអភ័យទោសឲ្យ ។សំឡេងដែលបានពិពណ៌នាក្នុងខទី 5គឺជាសំឡេងដែលបានចូលមកក្នុងគំនិតរបស់អេណុស ( សូមមើល អេណុស 1:10 ) ។
អេណុស 1:7–8បង្រៀនថានៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះអំពើបាបរបស់យើងត្រូវបានអភ័យទោស ហើយយើងអាចត្រូវបានសង្គ្រោះ ។បំណងប្រាថ្នារបស់យើងដើម្បីធ្វើឲ្យល្អប្រសើរឡើង ការអធិស្ឋានស្មោះអស់ពីចិត្ត និង កិច្ចប្រឹងប្រែងរបស់យើងដើម្បីប្រែចិត្តគឺជាវិធីដែលយើងអាចបង្ហាញសេចក្តីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយបានពន្យល់ពីរបៀបដែលកំហុសរបស់យើងអាចត្រូវបានលាងជម្រះចេញនៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និង ប្រែចិត្តពីអំពើបាបរបស់យើង ។
« នៅពេលយើងបានប្រែចិត្តយ៉ាងពិតប្រាកដ នោះព្រះគ្រីស្ទនឹងយកចេញនូវបន្ទុកនៃកំហុសដែលជាអំពើបាបរបស់យើង ។យើងអាចដឹងដោយខ្លួនឯងថា យើងត្រូវបានអភ័យទោស និង ធ្វើឲ្យជ្រះស្អាត ។ព្រះវិញ្ញាណបរិសុទ្ធនឹងបញ្ជាក់ការណ៍នេះដល់យើង ទ្រង់ជាអង្គដែលធ្វើឲ្យបរិសុទ្ធ ។គ្មានទីបន្ទាល់ណាទៀតនៃការអភ័យទោសអាចមានអំណាចមហិមាជាងនេះនោះទេ ។ …
« [ព្រះអម្ចាស់] បានប្រកាសចុះ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថាបានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់មិនចាំពីអំពើបាបទាំងនោះទៀតទេ ›(គ.និង ស.58:42 ) ។
« សាតាំងនឹងព្យាយាមធ្វើឲ្យយើងជឿថា អំពើបាបរបស់យើងមិនត្រូវបានអភ័យទោសឲ្យឡើយដោយសារយើងអាចចងចាំអំពើបាបទាំងនោះ ។សាតាំងជាអ្នកកុហក វាព្យាយាមធ្វើឲ្យយើងស្រពិចស្រពិល ហើយនាំយើងឲ្យចេញពីផ្លូវនៃការប្រែចិត្ត និង ការអភ័យទោស ។ព្រះមិនបានសន្យាថាយើងនឹងមិនចងចាំអំពើបាបរបស់យើងនោះទេ ។ការចងចាំនឹងជួយយើងឲ្យចៀសផុតពីការធ្វើកំហុសដដែលម្តងទៀត ។ប៉ុន្តែបើសិនយើងនៅតែពិត ហើយស្មោះត្រង់ នោះការចងចាំនៃអំពើបាបរបស់យើងនឹងធ្លាក់ចុះនៅពេលនោះដែរ ។ការណ៍នេះនឹងក្លាយជាផ្នែកមួយចាំបាច់នៃដំណើរការនៃការជាសះស្បើយ និង នៃការញែកចេញជាបរិសុទ្ធ » EnsignឬLiahonaខែ ឧសភា ឆ្នាំ 2007 ទំព័រ 101 ) ។
ដើម្បីជួយអ្នកឲ្យអនុវត្តតាមពាក្យសម្តីរបស់ប្រធាន អុជដូហ្វ សូមសញ្ជឹងគិតសំណួរតទៅនេះ ៖ តើពេលណា ដែលអ្នកបានមានអារម្មណ៍ថា ព្រះអម្ចាស់បានអភ័យទោសដល់អំពើបាបរបស់អ្នក ។តើអ្នកបានដឹងថា អ្នកត្រូវបានអភ័យទោសយ៉ាងដូចម្តេច ?តើអ្នកបានមានអារម្មណ៍ពីការអភ័យទោសរបស់ព្រះអម្ចាស់ថ្មីៗនេះទេ ?
-
បន្ទាប់ពីសញ្ជឹងគិតសំណួរខាងលើ សូមកត់ត្រាក្នុងផ្នែក « បទពិសោធន៍របស់ខ្ញុំ » ក្នុងតារាងនៃសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវបទពិសោធន៍របស់អ្នកពីអារម្មណ៍នៃការអភ័យទោស ។ឬ អ្នកអាចសរសេរអំពីអ្វីដែលអ្នកសង្ឃឹមថានឹងទទួលបានបទពិសោធន៍នៅពេលអ្នកអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
អេណុស 1:9–27
អេណុសអធិស្ឋានសម្រាប់ពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិន និង ធ្វើការជាមួយមនុស្សដទៃទៀតដើម្បីសេចក្តីសង្គ្រោះរបស់ពួកគេ
គំនូរសរង្វង់នេះបង្ហាញពីការអធិស្ឋានរបស់អេណុស ។លោកបានអធិស្ឋានជាដំបូងសម្រាប់ខ្លួនឯង ហើយបន្ទាប់មក បានពង្រីកការអធិស្ឋានរបស់លោកដោយបញ្ចូលមនុស្សដទៃទៀតទៅក្នុងការអធិស្ឋានរបស់ខ្លួន ។សូមអានអេណុស 1:9–10 ហើយគូសចំណាំក្នុងព្រះគម្ពីររបស់អ្នកនូវមនុស្សដែលអេណុសបានអធិស្ឋានឲ្យជាលើកទីពីរ ។សូមអានអេណុស 1:11–14 ហើយគូសចំណាំនូវមនុស្សដែលអេណុសបានអធិស្ឋានឲ្យជាលើកទីបី ។
-
សូមឆ្លើយតបទៅនឹងសំណួរតទៅនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ផ្អែកទៅលើការពិពណ៌នារបស់អេណុសអំពីបំណងប្រាថ្នារបស់ពួកសាសន៍លេមិនក្នុងអេណុស 1:14 តើមានអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពីការអធិស្ឋានរបស់លោកសម្រាប់ពួកគេ ?
យើងរៀនពីគំរូរបស់អេណុសថា នៅពេលយើងមានពិសោធន៍ពីពរជ័យទាំងឡាយនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងព្យាយាមជួយមនុស្សដទៃទៀតឲ្យទទួលបានសេចក្តីសង្គ្រោះដែរ ។ដើម្បីជួយអ្នកឲ្យចងចាំសេចក្តីពិតនេះ អ្នកអាចចង់សរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមនេះទាំងអស់ ឬ តែមួយផ្នែកពីប្រធាន ហាវើដ ដបុលយូ ហឹនធើរ នៅគែមនៃព្រះគម្ពីររបស់អ្នក ៖
« រាល់ពេលដែលយើងមានបទពិសោធន៍ពីពរជ័យនៃដង្វាយធួននៅក្នុងជីវិតយើង នោះយើងមិនអាចទប់បានទេ តែយើងមានក្តីព្រួយបារម្ភចំពោះសុខុមាលភាពរបស់បងប្អូនរបស់យើង ។ …
« ការចង្អុលបង្ហាញដ៏អស្ចារ្យមួយនៃការប្រែចិត្តជឿរបស់មនុស្សម្នាក់ គឺជាបំណងប្រាថ្នាដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃទៀត » ( The Teachings of Howard W. Hunter, ed. Clyde J. Williams [ឆ្នាំ 1997 ]ទំព័រ 248–49 ) ។
សូមអានអេណុស 1:19–20, 26 ហើយគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយដែលបង្ហាញពីភាពស្ម័គ្រស្មោះនៃបំណងប្រាថ្នារបស់អេណុសដែលមានសម្រាប់ពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិនបន្ទាប់ពីលោកបានអធិស្ឋានសម្រាប់ពួកគេ ។
សូមអានអេណុស 1:27 ហើយរកមើលភស្តុតាងនៃសេចក្តីអំណរដែលអេណុសបានមានបទពិសោធន៍សម្រាប់កិច្ចប្រឹងប្រែងរបស់លោក និង ការបញ្ជាក់ពីជីវិតដ៏នៅអស់កល្បដែលលោកបានទទួល ។
-
ដើម្បីជួយអ្នកឲ្យអនុវត្តអ្វីដែលអ្នកបានរៀនក្នុងមេរៀននេះ សូមសម្រេចចិត្តប្រកបដោយការអធិស្ឋានពីរបៀបមួយ ឬ ច្រើនជាងនោះ ដែលអ្នកអាចធ្វើតាមគំរូរបស់អេណុស ។សូមជ្រើសរើសសេចក្តីថ្លែងមួយខាងក្រោមនេះ ហើយសរសេរបំពេញវាក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ដូចជាអេណុសដែរ ខ្ញុំមានបំណងប្រាថ្នាដើម្បីទទួលបានការផ្តាច់បាបរបស់ខ្ញុំ ។ខ្ញុំនឹងបង្ហាញដល់ព្រះអម្ចាស់ថា ខ្ញុំ មានភាពស្មោះត្រង់ក្នុងបំណងប្រាថ្នានេះដោយ …
-
ដូចជាអេណុសដែរ ខ្ញុំប្រាថ្នាចង់ជួយសមាជិកគ្រួសារ និង មិត្តភក្ដិខ្ញុំឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។មនុស្សម្នាក់ដែលខ្ញុំនឹងព្យាយាមជួយ គឺ ( ឈ្មោះរបស់មនុស្សម្នាក់នោះ ) ។ខ្ញុំនឹងព្យាយាមជួយមនុស្សនេះដោយ …
-
លោកអេណុសបានអធិស្ឋានសម្រាប់ពួកសាសន៍លេមិនដែលគេអាចចាត់ទុកថាជាសត្រូវរបស់លោក ។ដូចជាអេណុសដែរ ខ្ញុំចង់បង្ហាញសេចក្តីស្រឡាញ់នៃព្រះអម្ចាស់ដែលមានដល់អ្នកទាំងឡាយដែលមិនមានសណ្តានចិត្តល្អចំពោះខ្ញុំ ។របៀបមួយដែលខ្ញុំនឹងធ្វើ គឺ …
-
សូមព្យាយាមធ្វើឲ្យបានសម្រេចនូវអ្វីដែលអ្នកបានសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។នៅពេលអ្នកអនុវត្តសេចក្តីជំនឿលើដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និង ប្រែចិត្ត នោះអ្នកអាចទទួលបានបទពិសោធន៍នៃការអភ័យទោស សេចក្តីអំណរ និង មានបំណងប្រាថ្នាកាន់តែខ្លាំងឡើងដើម្បីជួយដល់មនុស្សដទៃ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាអេណុស 1ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖