មេរៀនទី 22 ៖ ថ្ងៃទី 2
ហេលេមិន 3–4
សេចក្តីផ្ដើម
អំឡុងពេលដែលត្រូវបានពិពណ៌នានៅជំពូកបំដូងៗនៃគម្ពីរហេលេមិន គឺពួកសាសន៍នីហ្វៃមានសេចក្ដីរីករាយជាមួយនឹងគ្រានៃសន្តិភាព និង បានស៊ូទ្រាំនឹងគ្រានៃការទាស់ទែងគ្នា ។ ពួកសាសន៍នីហ្វៃរាប់រយពាន់នាក់បានចូលរួមសាសនាចក្រអំឡុងគ្រានៃសន្តិភាព ។ ក្រោយពីការចម្រើនឡើងដ៏ធំធេងនេះ សមាជិកសាសនាចក្រដែលបន្ទាបខ្លួនបានលូតលាស់ឡើងនៅក្នុងសេចក្ដីជំនឿរបស់ពួកគេ ថ្វីបើត្រូវបានធ្វើទុក្ខបុកម្នេញដោយពួកអ្នកដែលបានប្រែជាឆ្មើងឆ្មៃយ៉ាងណាក៏ដោយ ។ ដោយសារពួកសាសន៍នីហ្វៃជាច្រើនបានក្លាយជាទុច្ចរិត នោះពួកគេបានបាត់បង់នូវដែនដីភាគខាងត្បូងទាំងអស់របស់ពួកគេ ទៅពួកសាសន៍លេមិន ។
ហេលេមិន 3
ពួកសាសន៍នីហ្វៃជាច្រើនផ្លាស់ទីលំនៅទៅឯទិសខាងជើង ខណៈដែលសាសនាចក្រចម្រើនឡើង នៅកណ្ដាលសេចក្ដីទុច្ចរិត និង ការធ្វើទុក្ខបុកម្នេញ
សូមអាន ហេលេមិន 3:1–2 ហើយកត់សម្គាល់ថា អស់ប៉ុន្មានឆ្នាំ « គ្មានការទាស់ទែងគ្នា » នៅក្នុងចំណោមប្រជាជននីហ្វៃទេ ។ ឥឡូវនេះសូមអាន ហេលេមិន 3:3, 19 ហើយរកមើលពាក្យ ឬ ឃ្លាទាំងឡាយដែលបង្ហាញពីអ្វីៗដែលបានផ្លាស់ប្ដូរក្នុងចំណោមពួកសាសន៍នីហ្វៃ ។
ហេលេមិន 3:4–16 ពន្យល់ថា កាលដែលការទាស់ទែងគ្នាកើនឡើងក្នុងចំណោមពួកសាសន៍នីហ្វៃ នោះមានប្រជាជនជាច្រើនបានផ្លាស់ប្ដូរទៅឯទិសខាងជើង ។ ពួកសាសន៍នីហ្វៃជាច្រើនបានក្លាយជាទុច្ចរិត ហើយបានចូលរួមនឹងពួកសាសន៍លេមិន ។
ថ្វីបើមានការទាស់ទែងគ្នា និង សេចក្ដីទុច្ចរិតក៏ដោយ ក៏ហេលេមិនបានជ្រើសរើសដើម្បីរស់នៅផ្សេងពីនោះ ។ ហេលេមិនកំពុងបម្រើជាមេចៅក្រមរបស់ពួកសាសន៍នីហ្វៃ ហើយក៏ជាព្យាការីម្នាក់ក្នុងចំណោមពួកគេផងដែរ ។ សូមអាន ហេលេមិន 3:20 ហើយរកមើលពីរបៀបដែលបានរៀបរាប់ពីហេលេមិន ។ ( ពាក្យសមភាព មានន័យថា ភាពស្មើគ្នា ឬ ពុំមានលំអៀង ឬ អនុគ្រោះនិយម ) ។
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ស្ងើចសរសើរអំពីហេលេមិន ? តើអ្នកគិតថា ហេតុអ្វីបានជាលោកបន្តរឹងមាំ អំឡុងពេលនៃការទាស់ទែងគ្នា និង សេចក្ដីទុច្ចរិតនេះ ? អ្នកអាចនឹងចង់គូសចំណាំពាក្យរហូត នៅក្នុង ហេលេមិន 3:20 ។
សូមអាន ហេលេមិន 3:22–26 ហើយគូសចំណាំពីរបៀបដែលពួកសាសន៍នីហ្វៃបានចាប់ផ្ដើមផ្លាស់ប្ដូរសម្រាប់ការណ៍ដែលល្អជាងមុន ។ តើមានប្រជាជនប៉ុន្មាននាក់បានចូលរួមក្នុងសាសនាចក្រ ?
ជាញឹកញាប់ មរមនបានប្រើប្រាស់ឃ្លា « ម៉្លោះហើយ យើងអាចឃើញថា » « ម៉្លោះហើយ យើងឃើញថា » និង « យើងឃើញថា » ដើម្បីចង្អុលបង្ហាញពីសេចក្ដីពិតទាំងឡាយ ដែលលោកចង់ឲ្យយើងរៀន ។ នៅក្នុង ហេលេមិន 3:27–30 ឃ្លាទាំងនេះត្រូវបានប្រើប្រាស់ជាច្រើនដង ដែលបង្ហាញថា មរមនចង់ឲ្យយើងរៀននូវមេរៀនសំខាន់ៗមួយចំនួន ។ សូមអាន ហេលេមិន 3:27–30 ហើយគូសចំណាំឃ្លាសំខាន់ៗ ហើយរកមើលមេរៀនទាំងឡាយដែលមរមនចង់ឲ្យយើងរៀន ។
-
សូមបំពេញកិច្ចការខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមសរសេរពីអ្វីដែលមរមនចង់ឲ្យអ្នកដឹង អំពីព្រះបន្ទូលរបស់ព្រះ ដែលចេញពី ហេលេមិន 3:27–30 ។
-
សូមសរសេរពីរបៀបដែលការសិក្សារបស់អ្នកចេញពីព្រះគម្ពីរ បានជួយអ្នកឲ្យចៀសវាងពីសេចក្ដីទុច្ចរិត និង រក្សាអ្នកឲ្យនៅលើផ្លូវឆ្ពោះទៅកាន់វត្តមានរបស់ព្រះ ។
-
សូមអាន ហេលេមិន 3:32–34 ហើយកត់ចំណាំថា សមាជិកសាសនាចក្រខ្លះបានចាប់ផ្ដើមធ្វើទុក្ខបុកម្នេញដល់សមាជិកសាសនាចក្រផ្សេងទៀត ។ ពួកអ្នកដែលធ្វើទុក្ខបុកម្នេញ គឺជាមនុស្សដែលបាននិយាយថាពួកគេនៅក្នុងសាសនាចក្រ ប៉ុន្តែពួកគេតាមពិតទៅគឺពោរពេញដោយសេចក្ដីឆ្មើងឆ្មៃ ហើយពុំបានជឿលើការបង្រៀនរបស់សាសនាចក្រនោះទេ ។ ទង្វើរបស់ពួកគេបណ្ដាលឲ្យសមាជិកសាសនាចក្រដែលមានការបន្ទាបខ្លួន រងនូវទុក្ខវេទនាជាច្រើន ។ សូមពិចារណា ថាតើវាពិបាកយ៉ាងណា ក្នុងការដែលទៅកាន់សាសនាចក្រ ហើយត្រូវរងទុក្ខបុកម្នេញដោយសមាជិកសាសនាចក្រផ្សេងទៀត ដោយសារតែអ្នកជ្រើសរើសធ្វើតាមព្យាការី និង បទបញ្ញត្តិរបស់ព្រះនោះ ។
សូមអាន ហេលេមិន 3:35 ដើម្បីរៀនពីរបៀបដែលសមាជិកសាសនាចក្រដែលស្មោះត្រង់បានប្រព្រឹត្តអំឡុងពេលនៃការរងទុក្ខបុកម្នេញ និង ទុក្ខវេទនារបស់ពួកគេ ។
-
ដោយផ្អែកលើការសិក្សារបស់អ្នកពី ហេលេមិន 3:35 សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើសេចក្ដីជំនឿរបស់សមាជិកសាសនាចក្រដែលបន្ទាបខ្លួន បានកើនឡើង ឬ ថយចុះ អំឡុងពេលនៃទុក្ខវេទនារបស់ពួកគេ ?
-
តើសមាជិកសាសនាចក្រដែលបន្ទាបខ្លួនបានធ្វើអ្វី ដែលបានពង្រឹងដល់សេចក្ដីជំនឿរបស់ពួកគេ ?
-
តើពរជ័យអ្វីខ្លះ ដែលសមាជិកទាំងនេះបានទទួល ?
-
ដោយការសិក្សា ហេលេមិន 3:33–35 យើងអាចរៀនថា បុគ្គលម្នាក់ៗជាអ្នកកំណត់ ថាតើការធ្វើទុក្ខបុកម្នេញ និង ទុក្ខវេទនានឹងជះឥទ្ធិពលដល់ខ្លួនគាត់យ៉ាងណា ។ សូមបញ្ចប់សេចក្ដីថ្លែងនេះ ដោយផ្អែកលើអ្វីដែលអ្នកបានរៀនចេញពីខទាំងនេះ ៖ ថ្វីបើមានការធ្វើទុក្ខបុកម្នេញ និង ការសាកល្បងយ៉ាងណាក៏ដោយ ក៏សេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ អាចកើនឡើងបាន ពេលដែលយើង ។ ( មានរបៀបជាច្រើនដើម្បីបំពេញប្រយោគនេះ ) ។ អ្នកអាចនឹងចង់សរសេរប្រយោគរបស់អ្នកនៅក្នុងព្រះគម្ពីរនៅក្បែរ ហេលេមិន 3:33–35 ។
-
ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់ពីការបង្រៀនទាំងឡាយនៅក្នុងខទាំងនេះ សូមឆ្លើយសំណួរពីរ ឬ ទាំងអស់ខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការអធិដ្ឋាន ឬ ការតមអាហារ បានជួយអ្នកយ៉ាងណា នៅក្នុងពេលនៃការរងទុក្ខបុកម្នេញ ឬ ការសាកល្បងមួយ ?
-
តើអ្នកគិតថា ប្រគល់ដួងចិត្តរបស់អ្នកទៅកាន់ព្រះ មានន័យយ៉ាងណា ?
-
តើពេលណាមួយដែលសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទបានកើនឡើង អំឡុងពេលនៃការរងទុក្ខបុកម្នេញ ឬ ការសាកល្បងនោះ ?
-
សូមអាន ហេលេមិន 3:36–37 ហើយរកមើលពីស្ថានភាពខាងវិញ្ញាណរបស់ពួកសាសន៍នីហ្វៃភាគច្រើនបំផុត នៅពេលដែលហេលេមិនបានស្លាប់ ។
ហេលេមិន 4
ព្រះវិញ្ញាណនៃព្រះបានចេញពីពួកសាសន៍នីហ្វៃ ហើយពួកសាសន៍លេមិនវាយយកបានទីក្រុងភាគខាងត្បូងទាំងអស់របស់ពួកសាសន៍នីហ្វៃ
ដូចមានកត់ត្រានៅក្នុង ហេលេមិន 4 បន្ទាប់ពីហេលេមិនបានស្លាប់ទៅ នោះការឆ្មើងឆ្មៃ និង ការទាស់ទែងគ្នាក្នុងចំណោមពួកសាសន៍នីហ្វៃបានបណ្ដាលឲ្យពួកសាសន៍នីហ្វៃជាច្រើនចូលរួមនឹងពួកសាសន៍លេមិន ។ ពួកសាសន៍លេមិនប្រយុទ្ធក្នុងចម្បាំងមួយទាស់នឹងពួកសាសន៍នីហ្វៃ ។ សូមអាន ហេលេមិន 4:4–8 ហើយគូសចំណាំនៅលើផែនទី នូវទឹកដីដែលអ្នកគិតថា ពួកសាសន៍លេមិនវាយយកបាន ។
-
សូមបែងចែកទំព័រនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកជាពីរ ដោយគូរបន្ទាត់ឈរចុះក្រោមនៅពាក់កណ្ដាលទំព័រ ។ នៅផ្នែកខាងលើនៃផ្នែកម្ខាង សូមសរសេរថា ៖ ឃ្លាទាំងឡាយដែលបង្ហាញពីអាកប្បកិរិយា និង ទង្វើរបស់ពួកសាសន៍នីហ្វៃ ។ នៅផ្នែកម្ខាងទៀត សូមសរសេរថា ៖ ឃ្លាទាំងឡាយដែលបង្ហាញពីអ្វីដែលបានកើតឡើងដោយសារតែទង្វើទាំងនេះ ។ សូមអាន ហេលេមិន 4:11–13, 21–26 ហើយសរសេរយ៉ាងហោចណាស់ឲ្យបានបីឃ្លានៅពីក្រោមចំណងជើងនីមួយៗ ។
គោលការណ៍ដ៏សំខាន់មួយ ដែលយើងរៀនចេញពី ហេលេមិន 4 គឺ ៖ សេចក្ដីឆ្មើងឆ្មៃ និង សេចក្ដីទុច្ចរិត បំបែកយើងចេញពីព្រះវិញ្ញាណនៃព្រះអម្ចាស់ ហើយទុកយើងឲ្យមានតែកម្លាំងផ្ទាល់របស់យើង ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ ហេលេមិន 4:23–25 ។
នៅក្នុងបទពិសោធន៍របស់ពួកសាសន៍នីហ្វៃ ការដែលត្រូវបានទុកឲ្យមានតែកម្លាំងផ្ទាល់ខ្លួនរបស់ពួកគេ គឺតែងមានន័យថា ចាញ់ចម្បាំង និង បាត់បង់ដែនដី ( សូមមើល ហេលេមិន 4:25–26 ) ។ នៅក្នុងជីវិតយើង ការដែលត្រូវបានទុកឲ្យមានតែកម្លាំងផ្ទាល់ខ្លួនរបស់យើង គឺមានន័យថា បាត់បង់ភាពជាដៃគូនៃព្រះវិញ្ញាណ ។
-
សូមគិតពី « ចម្បាំង » អ្វីខ្លះ ដែលអ្នកប្រឈមមុខជាមួយនៅក្នុងជីវិតអ្នក ហើយសរសេរអំពីវាមួយ ឬ ច្រើនជាងនោះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមសរសេរយ៉ាងហោចណាស់ការណ៍មួយ ដែលអ្នកអាចធ្វើបានដើម្បីរក្សាភាពជាដៃគូនៃព្រះវិញ្ញាណនៅក្នុងជីវិតអ្នក ។ សូមសរសេរផងដែរពីអារម្មណ៍របស់អ្នក អំពីសារសំខាន់នៃការមានព្រះវិញ្ញាណនៅក្នុងជីវិតអ្នកដើម្បីជួយអ្នកឲ្យប្រឈមមុខនឹងចម្បាំងក្នុងជីវិត ជាមួយនឹងកម្លាំងនៃព្រះអម្ចាស់ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ហេលេមិន 3–4 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖