មេរៀនទី 30 ៖ ថ្ងៃទី 4
អេធើរ 12
សេចក្តីផ្ដើម
បន្ទាប់ពីរៀបរ៉ាប់ពីប្រវត្តិសាស្ត្រជាច្រើនឆ្នាំរបស់ពួកសាសន៍យ៉ារេឌ មរ៉ូណៃបានចាប់ផ្ដើមប្រាប់ពីការបម្រើរបស់ព្យាការីអេធើរ ។ បន្ទាប់មក មរ៉ូណៃបានផ្អាកពីដំណើររឿងខាងប្រវត្តិសាស្ត្រ ហើយបានកត់ត្រាពរជ័យមួយចំនួនដែលមានដល់ពួកអ្នកដែលអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ លោកក៏បានសារភាពពីកង្វល់មួយផងដែរ ។ លោកព្រួយបារម្ភថា ពួកអ្នកដែលនឹងអានព្រះគម្ពីរមរមននៅថ្ងៃចុងក្រោយ នឹងមិនទទួលវា ដោយសារភាពទន់ខ្សោយនៅក្នុងការសរសេររបស់លោក និង អ្នកសរសេរផ្សេងៗទៀត ។ ព្រះអម្ចាស់បានសន្យាដល់មរ៉ូណៃថា ទ្រង់ពង្រឹងភាពទន់ខ្សោយរបស់អស់អ្នកណាដែលបន្ទាបខ្លួនគេចំពោះទ្រង់ ហើយមានសេចក្ដីជំនឿ ។
អេធើរ 12:1–4
អេធើរ ប្រកាសពីការប្រែចិត្តដល់ពួកសាសន៍យ៉ារេឌ
ហេតុអ្វីវាសំខាន់ដែលទូកត្រូវមានយុថ្កាមួយ ? តើគ្រោះថ្នាក់ និង ការលំបាកអ្វីខ្លះ ដែលទូកអាចជួបប្រទះ បើវាអត់មានយុថ្កានោះ ? សូមដាក់ស្លាកទៅលើទូកនៅក្នុងរូបភាពថា ជីវិតខ្ញុំ ។ ចូរគិតអំពីសំណួរទាំងឡាយខាងក្រោមនេះ ៖
-
បើទូកតំណាងឲ្យជីវិតអ្នក តើរលកអាចប្រដូចទៅនឹងអ្វី ?
-
បើយើងប្រៀបធៀបរលកទៅនឹងការលំបាក និង សេចក្ដីទុច្ចរិត តើជីវិតមនុស្សម្នាក់អាចនឹងទៅជាយ៉ាងណា ប្រសិនបើគាត់ពុំមានយុថ្កានោះ ? ( សូមមើល មរមន 5:18 ) ។
-
តើព្រះអម្ចាស់បានប្រទានអ្វីដល់អ្នក ដើម្បីជួយទប់អ្នកឲ្យមានសុវត្ថិភាពនៅនឹងកន្លែង ដូចជាយុថ្កាមួយនោះ ?
ពេលអ្នកសិក្សា អេធើរ 12 រកមើលពីអ្វីដែលអ្នកត្រូវតែធ្វើ ដើម្បីឲ្យដូចជាទូកមួយដែលមានយុថ្កា—មាំ ហើយមានសុវត្ថិភាព ថ្វីបើមានរលក និង សម្ពាធប្រឈមមុខអ្នកក៏ដោយ ។ អេធើរ 12 ចាប់ផ្ដើមជាមួយនឹងមរ៉ូណៃណែនាំពីព្យាការីអេធើរ ដែលបានរស់នៅក្នុងពេលមួយ ដែលប្រជាជនបានបដិសេធពួកព្យាការី និង បានរស់នៅក្នុងសេចក្ដីទុច្ចរិត ។ សូមអាន អេធើរ 12:1–3 ហើយរកមើលអ្វីក៏ដោយ ដែលធ្វើឲ្យអ្នកស្ងើចសរសើរអំពីសកម្មភាពរបស់ អេធើរ អំឡុងពេលដ៏លំបាកទាំងនេះ ។
ខណៈដែលកំពុងទូន្មានដល់ប្រជាជនឲ្យប្រែចិត្ត អេធើរ បានបង្រៀនពីអ្វីដែលមនុស្សជឿលើព្រះម្នាក់ អាចមានក្ដីសង្ឃឹម ទោះជាត្រូវបានហ៊ុំព័ទ្ធដោយការលំបាក និង សេចក្ដីទុច្ចរិតក៏ដោយ ។ សូមអាន អេធើរ 12:4 ហើយគូសចំណាំអ្វីដែលជាសេចក្ដីសង្ឃឹមនោះ ។ ( ពេលអ្នកអាន វាអាចជាប្រយោជន៍ក្នុងការដឹងថា « កន្លែងមួយដែលនៅខាងស្ដាំព្រះហស្ដនៃព្រះ » មានន័យថា ត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញ ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ) ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ការមានសេចក្ដីសង្ឃឹម « ជាប្រាកដ » ខុសគ្នាពីការគ្រាន់តែប្រាថ្នាអ្វីមួយ យ៉ាងដូចម្ដេចដែរ ?
-
តើសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ជួយឲ្យយើងមានសេចក្ដីសង្ឃឹម « ប្រាកដ » ថានឹងបានកន្លែងមួយនៅខាងស្ដាំព្រះហស្ដនៃព្រះ យ៉ាងដូចម្ដេចដែរ ?
-
តើឃ្លាអ្វីខ្លះ នៅក្នុង អេធើរ 12:4 ដែលពិពណ៌នាពីសកម្មភាពទាំងឡាយរបស់មនុស្សម្នាក់ ដែលមានសេចក្ដីសង្ឃឹម និង ជំនឿលើព្រះយេស៊ូវគ្រីស្ទនោះ ?
-
នៅលើរូបភាពទូកនៅខាងដើមមេរៀននេះ សូមដាក់ស្លាកឲ្យយុថ្កាជាមួយនឹងពាក្យថា សេចក្ដីជំនឿ និង សេចក្ដីសង្ឃឹម ។
អេធើរ 12:4 បង្រៀនពីគោលការណ៍ថា ពេលយើងមានសេចក្ដីសង្ឃឹម និង ជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងទទួលបានកម្លាំងដើម្បីមានភាពខ្ជាប់ខ្ជួន ហើយនៅជាប់ក្នុងកិច្ចការល្អដ៏បរិបូរ ។
ចូរសញ្ជឹងគិតពីពេលវេលាទាំងឡាយ ដែលជាការពិបាកសម្រាប់អ្នក ដើម្បីមានភាពខ្ជាប់ខ្ជួន ( មិនងាករេ ) និង នៅជាប់ក្នុងកិច្ចការល្អដ៏បរិបូរណ៍នោះ ។ ដើម្បីជួយអ្នកនៅក្នុងស្ថានភាពទាំងនេះ និង ឆ្លងកាត់ជីវិតអ្នក សូមរកមើលរបៀបទាំងឡាយ ដែលអ្នកអាចពង្រីកសេចក្ដីជំនឿរបស់អ្នកលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ពេលដែលអ្នកបន្តសិក្សា អេធើរ 12 ។
អេធើរ 12:5–22
មរ៉ូណៃរៀបរាប់ពីអព្ភូតហេតុ និង កិច្ចការដ៏អស្ចារ្យទាំងឡាយ ដែលបានមកតាមសេចក្ដីជំនឿ
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមបញ្ចប់ប្រយោគតទៅនេះ ជាមួយនឹងសេចក្ដីពិតនៃដំណឹងល្អណា ដែលអ្នកកំពុងស្វែងរកសាក្សីខាងវិញ្ញាណពីសេចក្ដីពិតនោះ ៖ ខ្ញុំចង់ទទួលបានសាក្សីខាងវិញ្ញាណមួយពី …
មនុស្សមួយចំនួនមានអារម្មណ៍ថា ពួកគេត្រូវតែឃើញភស្ដុតាងពីសេចក្ដីពិតមួយជាមុន ហើយឲ្យសេចក្ដីពិតនោះបង្ហាញច្បាស់ដល់គេសិន មុនពេលដែលពួកគេនឹងរស់នៅតាមសេចក្ដីពិតនោះ ។ អេធើរ បាននិយាយពីអាកប្បកិរិយានោះដែលនៅក្នុង អេធើរ 12:5–6 ។ សូមអានខទាំងនេះ ហើយគូសចំណាំផ្នែកទាំងនោះ នៃដំបូន្មានរបស់លោក ដែលលេចធ្លោចំពោះអ្នក ។ ( អេធើរ 12:6 ជាវគ្គចំណេះចំណានខគម្ពីរមួយ ) ។
យោងតាម អេធើរ 12:6 តើយើងត្រូវតែមានអ្វីជាមុនសិន មុននឹងទទួលបានសាក្សីមួយពីព្រះអម្ចាស់ ? តើអ្វីដែលលេចឡើងក្នុងគំនិតអ្នក ពេលគិតអំពី « ការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នក » ?
មនុស្សមួយចំនួនបកស្រាយដោយខុសឆ្គងថា « ការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នក » គឺតែងតែសំដៅលើការលំបាក ។ អែលឌើរ រីឆាដ ជី. ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់នូវការយល់ជ្រាលជ្រៅពីអត្ថន័យនៃ « ការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នក » ៖ « អ្នកអាចរៀនប្រើសេចក្ដីជំនឿឲ្យបានកាន់តែមានប្រសិទ្ធភាព ដោយការអនុវត្តន៍គោលការណ៍នេះ ដែលបង្រៀនដោយមរ៉ូណៃថា ៖ ‹ … អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន › [ អេធើរ 12:6 អក្សរទ្រេតត្រូវបានបន្ថែម ] ។ ដូចនោះ គ្រប់ពេលដែលអ្នកសាកល្បងសេចក្ដីជំនឿរបស់អ្នក ដែលអនុវត្តដោយភាពសក្ដិសមទៅលើការបំផុសមួយ នោះអ្នកនឹងទទួលបានភស្ដុតាងនៃការបញ្ជាក់ពីព្រះវិញ្ញាណ ។ អារម្មណ៍ទាំងនោះ នឹងធ្វើឲ្យសេចក្ដីជំនឿរបស់អ្នកបានរឹងមាំ ។ ពេលអ្នកធ្វើតាមគំរូនោះជាដដែលៗ នោះសេចក្ដីជំនឿរបស់អ្នកនឹងកាន់តែរឹងមាំ » ( “The Sustaining Power of Faith in Times of Uncertainty and Testing” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2003 ទំព័រ 76 ) ។
សូមអានវគ្គបទគម្ពីរខាងក្រោមនេះ ហើយរកមើលពរជ័យទាំងឡាយដែលបានមក បន្ទាប់ប្រជាជនបានអនុវត្តសេចក្ដីជំនឿ ៖
-
អេធើរ 12:11 ។ តើអ្វីជាពរជ័យនោះ ?
-
អេធើរ 12:12–13 ។ តើពរជ័យអ្វី ដែលមានដល់អាលម៉ា និង អាម៉ូលេក ?
-
អេធើរ 12:19–22, 30–31 ។ តើពរជ័យអ្វី ដែលមានដល់បងរបស់យ៉ារេឌ តាមរយៈសេចក្ដីជំនឿ ?
វាអាចជាប្រយោជន៍ក្នុងការកត់ចំណាំពីការប្រើប្រាស់នៃពាក្យ បន្ទាប់ពី/ក្រោយពី នៅក្នុង អេធើរ 12:7, 12, 17, 18, និង 31 ។
-
ដោយផ្អែកលើអ្វីដែលអ្នកបានសិក្សានៅក្នុង អេធើរ 12 នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរជាពាក្យសម្ដីរបស់អ្នកផ្ទាល់ អំពីអ្វីដែលអ្នកមានអារម្មណ៍ថា មរ៉ូណៃបានបង្រៀន អំពីការទទួលសាក្សីខាងវិញ្ញាណពីព្រះអម្ចាស់ ។
គោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងឡាយ ដែលមរ៉ូណៃបានបង្រៀនគឺថា ៖ បើយើងប្រាថ្នាចង់បានសាក្សីមួយ នោះយើងត្រូវតែអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទជាមុនសិន ។
-
សូមអានសាច់រឿងខាងក្រោមនេះ ហើយបន្ទាប់មក សរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើមនុស្សម្នាក់ដែលនៅក្នុងស្ថានភាពពីរ ឬ ច្រើននោះ អាចបង្ហាញសេចក្ដីជំនឿលើព្រះអម្ចាស់យ៉ាងដូចម្ដេច ៖
-
យុវនារីម្នាក់ ចង់ទទួលសាក្សីមួយពីសេចក្ដីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមន ។
-
យុវជនម្នាក់ មានបំណងប្រាថ្នាដ៏ខ្លាំង ដើម្បីជួយដល់មនុស្សជាទីស្រឡាញរបស់គាត់ ទទួលដំណឹងល្អ ។
-
យុវនារីម្នាក់ ស្វែងរកព្រះអម្ចាស់ ដើម្បីប្រទានពរដល់ឪពុកនាងដែលឈឺ ។
-
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីគ្រាមួយដែលអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់ បានទទួលសាក្សី ឬ អព្ភូតហេតុមួយ ក្រោយពីបានបង្ហាញសេចក្ដីជំនឿហើយនោះ ។
ចូរបែរទៅគិតអំពីគោលការណ៍ ឬ គោលលទ្ធិ ដែលអ្នកចង់ទទួលបានសាក្សីខាងវិញ្ញាណមួយ ( សូមមើល កិច្ចការ 2 នៅក្នុងមេរៀននេះ ) ។ តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីបង្ហាញសេចក្ដីជំនឿរបស់អ្នក មុនពេលទទួលបានសាក្សី ?
ចំណេះចំណានខគម្ពីរ—អេធើរ 12:6
-
ដើម្បីជួយអ្នកទន្ទេញចាំ អេធើរ 12:6 សូមអានវាជាច្រើនដង បន្ទាប់មកសរសេរខនេះឲ្យបានច្រើន តាមដែលអ្នកអាចចាំបាន នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ ក្រោយមកទៀត សូមប្រៀបធៀបអ្វីដែលអ្នកបានសរសេរជាមួយនឹងខជាក់លាក់នៅក្នុងគម្ពីរ ។ ចូរសិក្សាខនោះម្ដងទៀត ហើយសរសេរវាជាលើកទីពីរ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
អេធើរ 12:23–41
មរ៉ូណៃ បង្ហាញកង្វល់អំពីរបៀបដែលពួកសាសន៍ដទៃនឹងឆ្លើយតបចំពោះព្រះគម្ពីរមរមន
ដូចមានកត់ត្រានៅក្នុង អេធើរ 12:23–41 មរ៉ូណៃបានបង្ហាញពីកង្វល់របស់លោកថា ពួកអ្នកដែលនឹងទទួលព្រះគម្ពីរមរមននៅថ្ងៃចុងក្រោយ នឹងមិនទទួលស្គាល់វានោះទេ ដោយសារតែភាពទន់ខ្សោយក្នុងការសរសេររបស់លោក និង របស់អ្នកសរសេរផ្សេងៗទៀត ។ ពេលអ្នកអានអំពីការឆ្លើយតបរបស់ព្រះអម្ចាស់ចំពោះកង្វល់របស់មរ៉ូណៃ នៅក្នុង អេធើរ 12:26–27 សូមរកមើលរបៀបដែលព្រះអម្ចាស់បានមានបន្ទូលថា អ្វីដែលទន់ខ្សោយអាចក្លាយជារឹងមាំបាន ។ ( អេធើរ 12:27 ជាវគ្គចំណេះចំណានខគម្ពីរមួយ ) ។
ពេលខ្លះ បទគម្ពីរចង្អុលបង្ហាញពីគោលការណ៍នៃដំណឹងល្អមួយ ដោយការប្រើពាក្យ បើសិន និង នោះ ។ ពាក្យបើសិន ពិពណ៌នាពីអ្វីដែលយើងត្រូវតែធ្វើ ហើយពាក្យនោះ ពន្យល់ពីអ្វីដែលនឹងកើតឡើង ដែលជាលទ្ធផលនៃទង្វើរបស់យើង ។ សូមអាន អេធើរ 12:27 រកមើលគោលការណ៍ បើសិន–នោះ មួយ ហើយសរសេរវានៅខាងក្រោម ។
បើសិនយើង នោះព្រះអម្ចាស់នឹង ។
អ្នកនឹងពិភាក្សាពីខទាំងនេះកាន់តែជ្រាលជ្រៅថែមទៀតនៅក្នុងមេរៀន ជាមួយគ្រូរបស់អ្នក នៅសប្ដាហ៍នេះ ។ អ្នកនឹងសិក្សា និង រៀនចេះបន្ថែមទៀតផងដែរ អំពីការពិភាក្សារបស់មរ៉ូណៃអំពីសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និង សេចក្ដីសប្បុរស ដែលមាននៅក្នុង អេធើរ 12:28–41 ។
ចំណេះចំណានខគម្ពីរ—អេធើរ 12:27
ដើម្បីជួយអ្នកចងចាំគំនិតទាំងឡាយនៅក្នុង អេធើរ 12:27 សូមចម្លងអ្វីតទៅនេះនៅក្នុងក្រដាសមួយ ៖ បើសិន … មករក … បង្ហាញ … ភាពទន់ខ្សោយ ។ … ឲ្យ … ភាពទន់ខ្សោយ … រាបទាប … គុណ … មនុស្សទាំងអស់ … បន្ទាបខ្លួន … បើសិន … បន្ទាបខ្លួន … សេចក្ដីជំនឿ … ទន់ខ្សោយ … ខ្លាំងពូកែ ។
សូមអាន អេធើរ 12:27 ម្ដងទៀត ដោយកត់ចំណាំដល់ពាក្យទាំងនេះ ។ ចូរថ្លែងខនេះឡើងវិញឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ដោយមើលទៅលើតែពាក្យទាំងឡាយដែលនៅក្នុងក្រដាសរបស់អ្នកប៉ុណ្ណោះ ។ សូមដាក់ក្រដាសនោះនៅកន្លែងដែលអ្នកនឹងឃើញវានៅពេលក្រោយ នៅថ្ងៃនេះ ឬ ថ្ងៃស្អែក ( ឧទាហរណ៍ នៅក្នុងហោប៉ៅ ឬ ក្នុងព្រះគម្ពីររបស់អ្នក ) ។ រំឭក អេធើរ 12:27 ឡើងវិញ រាល់ពេលដែលអ្នកឃើញក្រដាសនោះ រហូតទាល់តែអ្នកទន្ទេញចាំវគ្គបទគម្ពីរនេះ ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អេធើរ 12 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖