មេរៀនទី 22 ៖ ថ្ងៃទី 3
ហេលេមិន 5
សេចក្តីផ្ដើម
ពួកសាសន៍នីហ្វៃបានបន្តនៅក្នុងសេចក្ដីទុច្ចរិតរហូតដល់ភាគច្រើននៃពួកគេ បានជ្រើសរើសអ្វីដែលអាក្រក់ជាជាងសេចក្ដីសុចរិត ។ ដោយបានបំផុសដោយពាក្យសម្ដីរបស់ឪពុករបស់ពួកលោក នោះនីហ្វៃ និង លីហៃ បានឧទ្ទិសខ្លួនដល់ការផ្សព្វផ្សាយដំណឹងល្អ ។ ហេលេមិនជាឪពុករបស់ពួកលោក បានបង្រៀនពួកលោកអំពីសារៈសំខាន់នៃការស្ថាបនាជីវិតពួកលោកលើគ្រឹះនៃព្រះអង្គសង្គ្រោះ ។ បន្ទាប់ពីបង្រៀនពួកសាសន៍នីហ្វៃហើយ លីហៃ និង នីហ្វៃ បានផ្សព្វផ្សាយដល់ពួកសាសន៍លេមិន ហើយត្រូវបានបោះចូលទៅក្នុងគុក ។ បន្ទាប់ពីព្រះអម្ចាស់បានដោះលែងនីហ្វៃ និង លីហៃ ចេញពីគុកដោយអព្ភូតហេតុរួចមក ភាគច្រើននៃពួកសាសន៍នីហ្វៃបានប្រែចិត្តជឿដល់ដំណឹងល្អ ។
ហេលេមិន 5:1–13
ហេលេមិនបានបង្រៀនដល់នីហ្វៃ និង លីហៃ ជាកូនប្រុសលោក ឲ្យចងចាំពីបទបញ្ញត្តិរបស់ព្រះ និង អំណាចរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការជួយដល់ពួកលោក ។
សូមអានពាក្យ និង ឃ្លាទាំងប្រាំមួយខាងក្រោមនេះ ។ ដើម្បីជួយអ្នកបំពេញសកម្មភាពបន្ទាប់នេះ សូមព្យាយាមចងចាំពាក្យ និង ឃ្លានីមួយៗ ។ អ្នកនឹងត្រូវស្នើឲ្យសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយចេញពីការចងចាំ ៖ ក្រុមគ្រួសារ ឪពុកម្ដាយ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ព្យាការី ការប្រែចិត្តនាំទៅរកសេចក្ដីសង្គ្រោះ រក្សាបទបញ្ញត្តិ ។
-
សូមបិទសៀវភៅណែនាំការសិក្សារបស់អ្នក ហើយសរសេរពាក្យ និង ឃ្លាទាំងប្រាំមួយនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយចេញពីការចងចាំ ។
ពិនិត្យមើលចម្លើយរបស់អ្នក ។ សូមគិតមួយស្របក់ ថាបើវាងាយស្រួល ឬ ពិបាកក្នុងការចងចាំឃ្លាទាំងឡាយ ។ តើអ្នកគិតថា វាមានភាពខុសប្លែកមួយទេ ដែលអ្នកត្រូវបានប្រាប់ថា អ្នកនឹងត្រូវស្នើឲ្យសរសេរពាក្យ និង ឃ្លាទាំងនោះចេញពីការចងចាំនោះ ?
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះមកពី ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល ហើយគិតពីមូលហេតុដែលពាក្យចងចាំ គឺជាពាក្យដ៏សំខាន់ម៉្លេះ ពេលដែលយើងកំពុងព្យាយាមរស់នៅតាមដំណឹងល្អនោះ ៖ « ពេលអ្នកមើលក្នុងវចនានុក្រមរកមើលពាក្យដ៏សំខាន់បំផុត តើអ្នកដឹងថាជាពាក្យអ្វីទេ ? វាអាចជាពាក្យចងចាំ ។ ដោយសារអ្នកទាំងអស់គ្នាបានធ្វើសេចក្ដីសញ្ញាទាំងឡាយ—អ្នកដឹងពីអ្វីដែលត្រូវធ្វើ ហើយអ្នកដឹងពីរបៀបដើម្បីធ្វើវា—នោះសេចក្ដីត្រូវការដ៏ធំធេងបំផុតរបស់យើង គឺត្រូវចងចាំ » ( “Circles of Exaltation” [ ថ្លែងទៅកាន់គ្រូអប់រំខាងសាសនារបស់ប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 1968 ] ទំព័រ 5 ) ។
ថ្ងៃនេះ អ្នកនឹងសិក្សាអំពីមនុស្សពីរនាក់ ដែលបានធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងជីវិតរបស់ប្រជាជនរាប់ពាន់នាក់ ដោយសារពួកលោកបានចងចាំពីសេចក្ដីពិតទាំងឡាយដែលពួកលោកត្រូវបានបង្រៀនដោយឪពុកពួកលោក ។ អំឡុងពេលនៃវគ្គសិក្សាមេរៀនថ្ងៃនេះ សូមសញ្ជឹងគិតពីអ្វីដែលអ្នកគិតថា ព្រះអម្ចាស់ទ្រង់ចង់ឲ្យអ្នកចងចាំ ។
ដូចមានពន្យល់នៅក្នុង ហេលេមិន 5:1–4 នីហ្វៃបានលាលែងពីតំណែងជាមេចៅក្រម ដោយសារប្រជាជនបានក្លាយជាទុច្ចរិតយ៉ាងខ្លាំង ។ លោក និង លីហៃជាប្អូនប្រុសលោក ចង់បូជាពេលវេលាទាំងអស់របស់ពួកលោកចំពោះការផ្សព្វផ្សាយព្រះបន្ទូលនៃព្រះ ។ ពេលពួកលោកបានចាប់ផ្ដើមការបម្រើរបស់ពួកលោក នោះពួកលោកបានចងចាំនូវការបង្រៀនទាំងឡាយរបស់ហេលេមិន ជាឪពុកពួកលោក ។ សូមអានខទាំងឡាយខាងក្រោមនេះ ហើយសង្ខេបនៅក្នុងចន្លោះដែលផ្ដល់ឲ្យ នូវអ្វីដែលហេលេមិនបានសុំឲ្យកូនប្រុសរបស់លោកចងចាំ ។ អ្នកអាចនឹងចង់គូសចំណាំនូវពាក្យចងចាំ រាល់ពេលដែលឃើញវានៅក្នុងខទាំងនេះផងដែរ ។
-
ដើម្បីជួយអ្នកឲ្យកាន់តែយល់ច្បាស់ពីអ្វីដែលអ្នកទើបនឹងអាន សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការចងចាំពីគំរូសុចរិតរបស់អ្នកផ្សេងទៀត អាចជួយអ្នកឲ្យជ្រើសរើស « ធ្វើនូវអ្វីៗដែលជាការល្អ » ដូចម្ដេចដែរ ? ( ហេលេមិន 5:7 ) ។
-
តើអ្នកធ្វើអ្វី ដើម្បីចងចាំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
សូមអានឡើងវិញនូវ ហេលេមិន 5:12 រកមើលឃ្លាទាំងឡាយដែលគាំទ្រដល់គោលការណ៍នេះ ៖ បើយើងស្ថាបនាគ្រឹះរបស់យើងលើព្រះយេស៊ូវគ្រីស្ទ នោះសាតាំងនឹងគ្មានអំណាចមកលើយើងឡើយ ។ ( ហេលេមិន 5:12 គឺជាចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។
សូមស្រមៃថា អ្នកត្រូវបានស្នើឲ្យរចនាម៉ូតអគារមួយដែលនឹងមិនដែលរលំឡើយ ។ សូមគិតពីចម្លើយចំពោះសំណួរខាងក្រោមនេះ ៖
-
តើគ្រឹះប្រភេទណាដែលអគារបែបនេះត្រូវការ ?
-
តើគ្រឹះដ៏រឹងមាំមួយ ជួយដល់អគារឲ្យធន់នឹងអាកាសធាតុ គ្រោះធម្មជាតិ ឬ កាលៈទេសៈលំបាកផ្សេងៗទៀតដូចម្ដេចដែរ ?
-
តើពាក្យ ឬ ឃ្លាអ្វីខ្លះ នៅក្នុង ហេលេមិន 5:12 ដែលផ្ដល់យោបល់ថា ការកសាងនៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះប្រោសលោះរបស់យើង នឹងមិនបង្ការនូវការវាយប្រហាររបស់មារសត្រូវ ឬ ភាពមិនអនុគ្រោះនោះទេ តែនឹងផ្ដល់កម្លាំងដល់អ្នកដើម្បីយកឈ្នះវា ?
-
សូមសរសេរចម្លើយចំពោះសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា សាងគ្រឹះនៃជីវិតអ្នកនៅលើសិលានៃព្រះយេស៊ូវគ្រីស្ទ មានន័យដូចម្ដេច ? តើអ្នកកំពុងពុះពារព្យាយាមធ្វើការណ៍នេះនៅក្នុងជីវិតអ្នកដោយរបៀបណាដែរ ?
-
តើពេលណាដែលអ្នកអាចមានលទ្ធភាពទប់ទល់នឹងការល្បួង ឬ ការសាកល្បង ដោយសារតែគ្រឹះនៃជីវិតអ្នកគឺជាព្រះយេស៊ូវគ្រីស្ទនោះ ?
-
តើអ្នកអាចអភិវឌ្ឍឲ្យកាន់តែប្រសើរឡើង នូវការធ្វើឲ្យព្រះអង្គសង្គ្រោះជាគ្រឹះក្នុងជីវិតរបស់អ្នកបានដោយរបៀបណា ?
-
ហេលេមិន 5:14–52
ព្រះអម្ចាស់ការពារនីហ្វៃ និង លីហៃ នៅក្នុងគុក ហើយកំចាត់ចោលនូវភាពងងឹងចេញពីពួកអ្នកចាប់ចងពួកលោក ពេលដែលពួកគេអំពាវនាវដល់ទ្រង់ ហើយប្រែចិត្ត
ដូចមានកត់ត្រានៅក្នុង ហេលេមិន 5:14–19 នីហ្វៃ និង លីហៃ បានផ្សព្វផ្សាយដំណឹងល្អជាមួយនឹងអំណាចដ៏អស្ចារ្យ នៅក្នុងដែនដីសារ៉ាហិមឡា ហើយបានជ្រមុជទឹកប្រជាជនរាប់ពាន់នាក់នៅទីនោះ ។ បន្ទាប់មក ពួកលោកបានធ្វើដំណើរទៅដែនដីនីហ្វៃ ដែលជាដែនដីរបស់ពួកសាសន៍លេមិន ។ សកម្មភាពបន្ទាប់នេះ គឺត្រូវបានរៀបចំឡើង ដើម្បីជួយអ្នកឲ្យយល់ពីបទពិសោធន៍ដ៏អស្ចារ្យរបស់នីហ្វៃ និង លីហៃ នៅក្នុងចំណោមពួកសាសន៍លេមិន ។
-
សូមគូរតារាងខាងក្រោមនេះ ពេញមួយទំព័រនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ បន្ទាប់មក សូមអានខទាំងឡាយនៅក្នុងប្រអប់នីមួយៗ ហើយគូររូបភាពសាមញ្ញមួយ ឬ សរសេរនូវការសង្ខេបខ្លីមួយពីអ្វីដែលក្រុមខនីមួយៗពិពណ៌នា ។
នីហ្វៃ និង លីហៃ នៅក្នុងចំណោមពួកសាសន៍លេមិន
នៅក្នុងបទពិសោធន៍នេះ ពពកនៃសេចក្ដីងងឹតអាចតំណាងឲ្យអំពើបាប ហើយបង្គោលភ្លើងដែលហ៊ុំព័ទ្ធជុំវិញមនុស្សម្នាក់ៗ អាចជាតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធ ។
សូមរំឭកឡើងវិញនូវខ 28 និង 34 ហើយសរសេរពីរបៀបដែលប្រជាជនបានមានអារម្មណ៍ ពេលដែលពួកគេនៅក្នុងពពកនៃសេចក្ដីងងឹត ៖
សូមរំឭកឡើងវិញនូវខ 43 និង 44 ហើយសរសេរពីរបៀបដែលប្រជាជនបានមានអារម្មណ៍ ពេលដែលពួកគេត្រូវហ៊ុំព័ទ្ធដោយបង្គោលភ្លើង ៖
សូមរំឭកឡើងវិញនូវខ 41 និង 42 ហើយសរសេរពីអ្វីដែលប្រជាជនបានធ្វើ ដើម្បីយកពពកនៃសេចក្ដីងងឹតចេញ ឬ និយាយម្យ៉ាងទៀតថា ដើម្បីប្រែចិត្តពីអំពើបាបរបស់ពួកគេ ។
សូមអាន ហេលេមិន 5:45–47 ហើយសញ្ជឹងគិតពីសេចក្ដីពិតអ្វីខ្លះ ដែលអ្នករៀនអំពីការប្រែចិត្ត ចេញពីបទពិសោធន៍នេះ ។ គោលការណ៍មួយគឺ ៖ ពេលយើងអនុវត្តសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តពីអំពើបាបរបស់យើង នោះព្រះវិញ្ញាណបរិសុទ្ធបំពេញដួងចិត្តរបស់យើងជាមួយនឹងសេចក្ដីសុខសាន្ត និង សេចក្ដីអំណរ ។
នៅក្នុង ហេលេមិន 5:48–52 យើងរៀនថា ពួកសាសន៍លេមិនប្រហែល 300 នាក់ គឺជាផ្នែកនៃអព្ភូតហេតុនេះ ហើយបានប្រែចិត្តជឿទាំងស្រុងលើដំណឹងល្អ ។ ពួកគេបានឆ្ពោះទៅមុខ ហើយបានបម្រើដល់ប្រជាជនរបស់ពួកគេរហូតដល់ « មានសាសន៍លេមិនភាគច្រើន » បានប្រែចិត្តជឿដែរ ( ហេលេមិន 5:50 ) ។ បន្ទាប់មក ពួកអ្នកប្រែចិត្តជឿទាំងនេះបានដាក់ « គ្រឿងសាស្ត្រាវុធពិជ័យសង្គ្រាមរបស់ពួកគេចុះ » ( ហេលេមិន 5:51 ) និង « បានប្រគល់ឲ្យពួកសាសន៍នីហ្វៃវិញនូវដែនដីទាំងឡាយ ដែលពួកគេយកបានមក » ( ហេលេមិន 5:52 ) ។ ក្នុងករណីច្រើនបំផុតនៅក្នុងព្រះគម្ពីរមរមន ប្រជាជនទទួលបាននូវដែនដីរបស់ពួកគេមកវិញតាមរយៈការធ្វើសង្គ្រាម ប៉ុន្តែនៅក្នុងករណីនេះ ពួកសាសន៍នីហ្វៃទទួលបាននូវដែនដីរបស់ពួកគេមកវិញ ដោយសារតែសត្រូវរបស់ពួកគេបានប្រែចិត្ត ហើយទទួលដំណឹងល្អ ។
-
សូមគិត ថាបើអ្នកកំពុងមានអារម្មណ៍នៃសេចក្ដីសុខសាន្ត និង សេចក្ដីអំណរនៅក្នុងជីវិតអ្នក ឬ អត់ ។ សូមគិតអំពីពពកនៃសេចក្ដីងងឹតណាក៏ដោយ ដែលអាចមាននៅក្នុងជីវិតអ្នក ដូចជាអំពើបាបដែលមិនទាន់បានកែប្រែចិត្ត ការទាស់ទែងគ្នាជាមួយសមាជិកគ្រួសារ ឬ មិត្តភក្ដិ ឬ គ្រាន់តែជាការបរាជ័យក្នុងការធ្វើអ្វីៗ ដូចជាការអានព្រះគម្ពីរ និង ការអធិស្ឋានជាប្រចាំ ។ សូមសរសេរនូវការណ៍ទាំងនេះមួយ ឬ ច្រើនជាងមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមសញ្ជឹងគិតពីអ្វីដែលអ្នកអាចធ្វើ ដើម្បីធ្វើតាមគំរូរបស់ពួកសាសន៍លេមិនដែលនៅក្នុង ហេលេមិន 5 ហើយសរសេរពីអ្វីដែលអ្នកអាចធ្វើ ដើម្បីអញ្ជើញព្រះអង្គសង្គ្រោះឲ្យកំចាត់ចោលនូវភាពងងឹតដែលអាចគ្របដណ្ដប់អ្នក ។ តើការប្រែចិត្តអាចជាផ្នែកនៃដំណោះស្រាយដែលអ្នកកំពុងស្វែងរកដោយរបៀបណាដែរ ? តើការប្រែចិត្តនឹងជួយអ្នកកសាងលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទដូចម្ដេចដែរ ?
ចំណេះចំណានខគម្ពីរ—ហេលេមិន 5:12
សូមអាន ហេលេមិន 5:12 ហើយរកមើលពាក្យទាំងឡាយដែលផ្ដល់យោបល់ថាជារបស់ដែលមើលឃើញដោយភ្នែកចំពោះអ្នក ( ឧទាហរណ៍ ថ្ម គ្រឹះ ខ្យល់ ដុំទឹកកកធ្លាក់ ព្យុះ ) ។ ដើម្បីជួយអ្នកទន្ទេញចាំខនេះ សូមយកក្រដាសមួយសន្លឹក ហើយសរសេរលើវានូវអក្សរទីមួយនៃពាក្យនីមួយៗនៅក្នុងខនេះ លើកលែងតែពាក្យមួយផ្ដល់យោបល់ថាជារបស់ដែលមើលឃើញដោយភ្នែក ។ បន្ទាប់មក សូមគូររូបភាពសាមញ្ញមួយដែលតំណាងឲ្យពាក្យនោះ នៅនឹងកន្លែងអក្សរមួយនោះ ។ សូមអនុវត្តសូត្រខនេះ ដោយប្រើប្រាស់តែក្រដាសរបស់អ្នកប៉ុណ្ណោះ ។ សូមដាក់ក្រដាសរបស់អ្នកនៅកន្លែងណា ដែលអ្នកនឹងឃើញវាជាញឹកញាប់ ដើម្បីជួយអ្នកចងចាំពីសេចក្ដីពិតទាំងឡាយនៅក្នុងខនេះ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ហេលេមិន 5 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖