មេរៀនទី 28 ៖ ថ្ងៃទី 4
មរមន 7:1–8:11
សេចក្តីផ្ដើម
បន្ទាប់ពីចម្បាំងចុងក្រោយរវាងពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិនរួចមក មរមនបានសរសេរទៅកាន់ពួកកូនចៅរបស់មនុស្សក្នុងព្រះគម្ពីរមរមន នាពេលអនាគត អំពីសារៈសំខាន់នៃការស្គាល់ថាពួកគេជានរណា ហើយអ្វីដែលពួកគេត្រូវធ្វើ ដើម្បីបានសង្គ្រោះ ។ ដោយមានសេចក្ដីស្រឡាញ់យ៉ាងធំធេងចំពោះកូនចៅដែលរស់នៅក្នុងពេលអនាគតរបស់សត្រូវលោក នោះមរមនបានបង្រៀនពីសារៈសំខាន់នៃការធ្វើតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បី « នឹងបានស្រួលដល់អ្នករាល់គ្នាហើយ នៅក្នុងថ្ងៃជំនុំជម្រះ » ( មរមន 7:10 ) ។ បន្ទាប់ពីមរមនបានស្លាប់ទៅ មរ៉ូណៃត្រូវទុកឲ្យនៅម្នាក់ឯង ដើម្បីសរសេរអំពីការបំផ្លិចបំផ្លាញនៃប្រជាជនរបស់លោក ។
មរមន 7
នៅក្នុងទីបន្ទាល់ចុងក្រោយរបស់មរមន លោកទូន្មានដល់សំណល់នៃពួកសាសន៍លេមិន ឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ និង ធ្វើតាមដំណឹងល្អរបស់ទ្រង់
នៅក្នុង មរមន 6 អ្នកបានរៀនថា មានពួកសាសន៍នីហ្វៃ 230,000 នាក់ ដែលមានរបួស និង ស្លាប់ នៅក្នុងចម្បាំងលើកចុងក្រោយជាមួយពួកសាសន៍លេមិន ។ សូមស្រម៉ៃថា អ្នកបានរស់ជីវិតពីចម្បាំងដ៏ធំបែបនេះ ប៉ុន្តែមិត្តភក្ដិ និង គ្រួសាររបស់អ្នកមិនបានរស់ទេ ។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ចំពោះកូនចៅរបស់មនុស្សដែលបានសម្លាប់មនុស្សជាទីស្រឡាញ់របស់អ្នក និង បានច្បាំងយកជាតិសាសន៍របស់អ្នកនោះ ? សូមអាន មរមន 7:1–4 ហើយរកមើលថា មរមនបានសរសេរអ្វីទៅកាន់កូនចៅរបស់ពួកសាសន៍លេមិន ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើមរមនចង់ឲ្យពួកសាសន៍លេមិន និង កូនចៅរបស់គេដឹងអំពីអ្វី ?
-
តើការណ៍នេះខុសគ្នា ឬ ដូចគ្នាយ៉ាងដូចម្ដេចដែរ ទៅនឹងរបៀបដែលអ្នកបានគិតថា អ្នកអាចនឹងមានអារម្មណ៍ចំពោះកូនចៅរបស់មនុស្សដែលបានសម្លាប់មិត្តភក្ដិ និង គ្រួសារអ្នក នៅក្នុងស្ថានភាពដែលបានស្រមើស្រម៉ៃនេះ ?
-
តើអ្នកមើលឃើញលក្ខណៈរបស់ព្រះអង្គសង្គ្រោះ នៅក្នុងការឆ្លើយតបរបស់មរមនចំពោះសត្រូវរបស់លោកយ៉ាងណាខ្លះ ?
-
មរមនបន្តសរសេរទៅកាន់កូនចៅរបស់ពួកសាសន៍លេមិន ។ សូមអាន មរមន 7:5–7 ហើយគូសចំណាំសេចក្ដីពិតយ៉ាងហោចណាស់បី ដែលមរមនបានទូន្មានដល់កូនចៅនៃពួកសាសន៍លេមិន ឲ្យជឿអំពីព្រះអង្គសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ ។
-
ចូរជ្រើសរើសសេចក្ដីពិតមួយចេញពីសេចក្ដីពិតទាំងឡាយអំពីព្រះយេស៊ូវគ្រីស្ទ ដែលអ្នកបានរកឃើញ ហើយសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើការជឿលើគោលលទ្ធិនោះ បានជះឥទ្ធិពលលើជីវិតអ្នកយ៉ាងដូចម្ដេចខ្លះ ។
មរមនអាចមានអារម្មណ៍ថាត្រឹមត្រូវក្នុងការសរសេរពាក្យពេចន៍នៃការផ្ដន្ទាទោសដល់ពួកសាសន៍លេមិន ដែលបានសម្លាប់ប្រជាជនលោកអស់ជាច្រើន ប៉ុន្តែ ដោយសារការចេះដឹងពីសេចក្ដីពិត នោះលោកបានសរសេរដើម្បីបង្រៀនពួកគេពីអ្វីដែលពួកគេ ( និង យើង ) ត្រូវតែធ្វើ ដើម្បីក្លាយជាគ្មានទោសនៅចំពោះមុខព្រះ នៅវេទិកាជំនុំជម្រះ ។ សូមអាន មរមន 7:8–10 ហើយរកមើលថា មរមនបានថ្លែងទីបន្ទាល់ថា មនុស្សម្នាក់ត្រូវតែធ្វើអ្វី ? អ្នកអាចនឹងចង់គូសចំណាំពីអ្វីដែលអ្នករកឃើញក្នុងព្រះគម្ពីររបស់អ្នក ។
ខទាំងនេះបង្រៀនថា ព្រះអម្ចាស់ប្រទានសេចក្ដីសង្គ្រោះដល់មនុស្សទាំងអស់ ហើយនឹងប្រោសលោះពួកអ្នកទាំងឡាយណាដែលទទួលគោលការណ៍ និង ពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អរបស់ទ្រង់ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នក ។ សូមកត់ចំណាំ មរមនបានបង្រៀនថា របៀបដែលយើងបានដឹងពីរបៀបរស់នៅតាមគោលការណ៍នេះ គឺតាមរយៈការសិក្សាព្រះគម្ពីររបស់យើង ( សូមមើល មរមន 7:8 ) ។ វាអាចជាប្រយោជន៍ក្នុងការយល់ថា ឃ្លា « បញ្ជីនេះ » គឺសំដៅដល់ព្រះគម្ពីរមរមន ហើយ « បញ្ជីដែលនឹងឲ្យដល់ពួកសាសន៍ដទៃ ពីពួកសាសន៍យូដា » គឺសំដៅដល់ព្រះគម្ពីរប៊ីប ។ ស្រដៀងគ្នានេះដែរពាក្យ « នេះ » នៅក្នុង មរមន 7:9 គឺសំដៅដល់ព្រះគម្ពីរមរមន ហើយ ពាក្យ « នោះ » គឺសំដៅដល់ព្រះគម្ពីរប៊ីប ។ អ្នកអាចនឹងចង់គូសចំណាំពាក្យសម្គាល់ទាំងនេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។
កាលដែលអ្នកបញ្ចប់ មរមន 7 សូមយកពេលមួយស្របក់ សញ្ជឹងគិតពីគំរូរបស់មរមន អំពីសេចក្ដីសប្បុរស និង សេចក្ដីអាណិតអាសូរ ដូចជាលក្ខណៈនៃព្រះគ្រីស្ទ នៅក្នុងការសរសេរសារដំណឹងនៃសេចក្ដីសង្ឃឹម និង ការលើកទឹកចិត្តបែបនេះ ទៅដល់កូនចៅរបស់ពួកអ្នកដែលជាសត្រូវដ៏ល្វីងជូរចត់របស់លោក ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមកត់ត្រានូវគំនិតរបស់អ្នក អំពីសំណួរតទៅនេះ ៖ តើខ្ញុំអាចធ្វើតាមគំរូរបស់មរមន ហើយប្រព្រឹត្តចំពោះអ្នកផ្សេងទៀត រួមទាំងពួកអ្នកដែលប្រព្រឹត្តមិនល្អចំពោះខ្ញុំ នៅក្នុងរបៀបមួយដែលឆ្លុះបញ្ចាំងពីតម្លៃដ៏អស់កល្បរបស់ពួកគេ បានដោយរបៀបណា ?
មរមន 8:1–11
មរ៉ូណៃសរសេរពីមរណភាពរបស់ឪពុកលោក ពីសេចក្ដីបំផ្លិចបំផ្លាញរបស់ប្រជាជនលោក និង ការរស់នៅតែម្នាក់ឯងរបស់លោក
សូមគិតអំពីគ្រាមួយ ពេលដែលអ្នកនៅតែម្នាក់ឯង ។ តើអ្នកមានអារម្មណ៍បែបណា អំពីការនៅតែម្នាក់ឯង ? សូមស្រម៉ៃពីការរស់នៅតែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំ ។
សូមកត់ចំណាំពីកាលបរិច្ឆេទនៅក្នុងសេចក្ដីសង្ខេបជំពូក ឬ នៅផ្នែកខាងក្រោមទំព័រនៅក្នុង មរមន 7 និង 8 ។ តើរយៈពេលប៉ុន្មានឆ្នាំបានកន្លងផុតទៅ ក្នុងរវាងពេលដែលមរមនបានសរសេរពាក្យចុងក្រោយរបស់លោកនៅក្នុងជំពូក 7 និង ពេលដែលមរ៉ូណៃបានចាប់ផ្ដើមសរសេរនៅលើផ្ទាំងទាំងឡាយនៅក្នុងជំពូក 8 ?
សូមអាន មរមន 8:1–2 ហើយរកមើលអ្វីដែលបានកើតឡើង បន្ទាប់ពីចម្បាំងដ៏ធំនៅគូម៉ូរ៉ា ។ បន្ទាប់មក សូមអាន មរមន 8:3–9 ហើយគូសចំណាំឃ្លាទាំងឡាយ ដែលពិពណ៌នាពីកាលៈទេសៈទាំងឡាយរបស់មរ៉ូណៃ បន្ទាប់ពីការបំផ្លិចបំផ្លាញនៃប្រជាជនរបស់លោក ។ សញ្ជឹងគិតថាតើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកស្ថិតនៅក្នុងកាលៈទេសៈស្រដៀងនោះ ។
សូមគិតពីគ្រាមួយ ពេលដែលអ្នកមានអារម្មណ៍ឯកោនៅក្នុងការជឿ ឬ បទដ្ឋានរបស់អ្នក ។ តើការប្ដេជ្ញាចិត្តរបស់អ្នក ក្នុងការធ្វើតាមព្រះអង្គសង្គ្រោះ និង រក្សាបទបញ្ញត្តិរបស់ទ្រង់ អំឡុងពេលនោះ កើនឡើង នៅដដែល ឬ ថយចុះ ? ហេតុអ្វី ?
សូមមើល មរមន 8:1, 3 ម្ដងទៀត ដើម្បីរកមើលពីអ្វីដែលមរ៉ូណៃបានសម្រេចថាធ្វើ ដោយមិនគិតពីកាលៈទេសៈរបស់លោក ។ គំរូរបស់មរ៉ូណៃបង្ហាញថា សូម្បីតែពេលអ្នកនៅតែម្នាក់ឯងក្ដី ក៏អ្នកអាចជ្រើសរើសដើម្បីនៅស្មោះត្រង់ដែរ ។ អ្នកអាចនឹងចង់សរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
មានមនុស្សផ្សេងទៀតនៅក្នុងព្រះគម្ពីរមរមនដែលដូចជាមរ៉ូណៃដែរ គឺនៅតែស្មោះត្រង់ សូម្បីតែពេលនៅតែម្នាក់ឯងក្ដី ។ អ័ប៊ីណាដៃបានឈរ ហើយថ្លែងទីបន្ទាល់តែម្នាក់ឯង នៅចំពោះស្ដេចណូអេ និង ពួកសង្ឃរបស់ទ្រង់ ( សូមមើល ម៉ូសាយ 12–17 ) ។ អាលម៉ាជាសង្ឃតែម្នាក់គត់ ដែលបានជឿដល់ពាក្យរបស់អ័ប៊ីណាដៃ ហើយបានព្យាយាមការពារលោក ( សូមមើល ម៉ូសាយ 17:1–4 ) ។
អែលឌើរ រីឆាដ ជី. ស្កត បានចែកចាយរឿងដូចតទៅនេះ អំពីយុវជនម្នាក់ដែលបានជ្រើសរើសដើម្បីមានភាពស្មោះត្រង់ សូម្បីតែពេលគាត់ឈរតែម្នាក់ឯងក្ដី ៖
« សូមពិចារណាពីគំរូរបស់យុវជន [ នេះ ] ។ អស់ជាច្រើនឆ្នាំ ខ្ញុំបានមើលពីរបៀបដែលឪពុកម្ដាយរបស់គេ បានបង្រៀនគេតាំងពីនៅជាទារក ឲ្យរស់នៅតាមបទបញ្ញត្តិរបស់ព្រះដោយឥតងាករេ ។ ពួកគេបានចិញ្ចឹមគាត់ ជាមួយនឹងកូនៗផ្សេងទៀត តាមរយៈគំរូ និង សិក្ខាបទ នៅក្នុងសេចក្ដីពិត ។ ពួកគេបានជំរុញឲ្យមានការអភិវឌ្ឍន៍នូវការកាន់វិន័យ និង ការលះបង់ ដើម្បីសម្រេចនូវគោលដៅដ៏សក្ដិសមទាំងឡាយ ។ យុវជននេះបានជ្រើសរើសការហែលទឹក ដើម្បីបំពាក់បំប៉នគុណសម្បត្តិទាំងនោះ នៅក្នុងចរិតលក្ខណៈរបស់គាត់ ។ ការហាត់នៅព្រឹកព្រលឹមតម្រូវឲ្យមានការលត់ដំ និង ការលះបង់ ។ យូរៗទៅគាត់ធ្វើបានយ៉ាងល្អនៅក្នុងកីឡានោះ ។
« ពេលនោះឧបសគ្គបានមកដល់—ឧទាហរណ៍ ការប្រកួតជើងឯកហែលទឹកធ្វើឡើងនៅថ្ងៃអាទិត្យ ។ តើគាត់នឹងចូលរួមទេ ? តើគាត់នឹងទាញហេតុផល ដោយលើកលែងពីច្បាប់មិនហែលទឹកនៅថ្ងៃអាទិត្យរបស់គាត់ ដើម្បីជួយក្រុមរបស់គេឲ្យឈ្នះជើងឯកឬទេ ? ទេ គាត់នឹងមិនបន្ទន់ទៅតាមនោះទេ សូម្បីតែស្ថិតនៅក្រោមសម្ពាធដ៏ខ្លាំងពីមិត្តភក្ដិក៏ដោយ ។ គាត់ត្រូវបានចំអកដោយហៅឈ្មោះផ្សេងៗ ទាំងត្រូវគេបំពានខាងរាងកាយផង ។ ប៉ុន្តែ គាត់មិនបន្ទន់ទៅតាមនោះទេ ។ ការព្រងើយកន្ដើយពីមិត្តភក្ដិ ភាពឯកោ និង សម្ពាធ បាននាំមកនូវពេលវេលានៃភាពសោកសៅ និង ទឹកភ្នែក ។ ប៉ុន្តែ គាត់មិនបន្ទន់ទៅតាមនោះទេ ។ គាត់បានរៀនដោយផ្ទាល់ ពីអ្វីដែលយើងម្នាក់ៗត្រូវតែដឹង គឺជាភាពពិតនៃដំបូន្មានរបស់ប៉ុល ទៅកាន់ធីម៉ូថេ ថា ‹ អស់អ្នកណាដែលចង់រស់ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ › ( ធីម៉ូថេ ទី2 3:12 ) ។ អស់ជាច្រើនឆ្នាំ គំរូដ៏ខ្ជាប់ខ្ជួននៃការរស់នៅដោយសុចរិតនេះ—ដែលត្រូវបានត្បាញបញ្ចូលដោយការសម្រេចចិត្តដ៏ត្រឹមត្រូវរាប់រយ ហើយការសម្រេចចិត្តមួយចំនួនដែលប្រឈមនឹងឧបសគ្គយ៉ាងធំធេង—បានបង្កើតជាចរិតលក្ខណៈនៃភាពរឹងមាំ និង សមត្ថភាព ។ ឥឡូវនេះ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ គាត់ត្រូវបានស្ងើចសរសើរដោយពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ចំពោះសមត្ថភាពក្នុងការធ្វើការ ចំពោះការចេះដឹងរបស់គាត់ពីសេចក្ដីពិត ចំពោះភក្ដីភាពដ៏ឥតងាករេរបស់គាត់ និង ចំពោះការប្ដេជ្ញាចិត្តក្នុងការចែកចាយដំណឹងល្អ ។ មនុស្សម្នាក់ដែលត្រូវបានមិត្តភក្ដិគាត់មិនអើពើជាមួយពីមុននោះ ឥឡូវនេះបានក្លាយជាអ្នកដឹកនាំដ៏គួរឲ្យគោរពពីមិត្តភក្ដិគាត់វិញ » ( “First Things First” Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 8 ) ។
សូមអាន មរមន 8:10–11 ហើយរកមើលរបៀបមួយ ដែលព្រះអម្ចាស់បានគាំទ្រដល់មរ៉ូណៃ និង មរមន ( មុនការស្លាប់របស់លោក ) អំឡុងកាលៈទេសៈដ៏លំបាកទាំងឡាយ ដែលពួកលោកបានប្រឈមមុខជាមួយនោះ ) ។ ការលើកទឹកចិត្តខាងក្រោមនេះដោយ ប្រធាន ថូម៉ាស អេស. ម៉នសុន អាចជួយអ្នកនៅក្នុងការសម្រេចចិត្តក្នុងការបន្តស្មោះត្រង់របស់អ្នក សូម្បីតែអ្នកនៅតែម្នាក់ឯងក្ដី ៖
« វាស្ទើរតែមិនអាចចៀសរួច ពេលយើងបន្តរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ នោះសេចក្ដីជំនឿរបស់យើង នឹងត្រូវជួបឧបសគ្គ ។ ពេលខ្លះ យើងអាចឃើញថា ខ្លួនយើងត្រូវបានហ៊ុំព័ទ្ធដោយមនុស្សផ្សេងទៀត ប៉ុន្តែបែរជាឈរនៅក្នុងចំណោមមនុស្សភាគតិចបំផុត ឬ ឈរតែម្នាក់ឯង ខ្វល់ខ្វាយថា តើអ្វីខ្លះដែលអាចទទួលយកបាន ហើយអ្វីខ្លះដែលមិនអាចទទួលយកបាន ។ តើយើងមានភាពក្លាហានខាងសីលធម៌ ដើម្បីឈរដោយរឹងមាំសម្រាប់ការជឿរបស់យើងដែរឬទេ ទោះជាយើងត្រូវឈរតែឯង ពេលធ្វើដូច្នោះនោះ ? …
« … ចូរយើងមានភាពក្លាហានឡើង ហើយប្រុងជំហរឈរសម្រាប់អ្វីដែលយើងជឿ ហើយបើយើងត្រូវតែឈរតែឯងនៅក្នុងដំណើរការនោះ ក៏យើងធ្វើដូច្នោះដោយក្លាហានដែរ ដែលយើងត្រូវបានពង្រឹង ដោយចំណេះដឹងថា តាមភាពពិត គឺយើងមិននៅតែឯងនោះទេ ពេលយើងឈរជាមួយនឹងព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌នោះ » ( “Dare to Stand Alone” Ensign និង លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 60, 67 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរចម្លើយចំពោះសំណួរខាងក្រោមនេះ ៖
-
តើនរណាផ្សេងទៀត ដែលអ្នកស្គាល់ ដែលជាគំរូនៃការឈរដោយស្មោះត្រង់ សូម្បីតែពេលគាត់ឈរតែឯងនោះ ?
-
តើសេចក្ដីថ្លែងការណ៍របស់ប្រធាន ម៉នសុន ជួយអ្នកឲ្យសម្រេចចិត្តក្នុងការបន្តស្មោះត្រង់ សូម្បីតែពេលអ្នកឈរតែឯង យ៉ាងដូចម្ដេចដែរ ?
-
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា មរមន 7:1–8:11 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖