មេរៀនទី 29 ៖ ថ្ងៃទី 3
អេធើរ 1–2
សេចក្តីផ្ដើម
គម្ពីរអេធើរ គឺជាការសង្ខេបរបស់មរ៉ូណៃ អំពីប្រវត្តិសាស្ត្រនៃសាសន៍យ៉ារេឌ ។ ពួកសាសន៍យ៉ារេឌគឺជាប្រជាជន ដែលបានមកកាន់អឌ្ឍគោលខាងលិច រាប់សតវត្សរ៍មុនប្រជាជនរបស់លីហៃ ។ ក្រោយពីទឹកជំនន់នៅជំនាន់របស់ណូអេ កូនចៅជាច្រើនរបស់ពួកអ្នកដែលបានរួចជីវិត បានប្រែជាទុច្ចរិត ។ មានប្រជាជនមួយក្រុមបានព្យាយាមសង់ប៉មមួយឡើង « ដែលខ្ពល់ដល់ផ្ទៃមេឃ » ( លោកុប្បត្តិ 11:4 ) ។ ដំណើររឿងរបស់ជាតិសាសន៍យ៉ារេឌ បានចាប់ផ្ដើមជាមួយនឹងការសង់ប៉មនៃក្រុងបាបិល ។ ព្រះអម្ចាស់បានដោះស្រាយជាមួយនឹងសេចក្ដីទុច្ចរិតដែលរីករាលដាល ដោយការបំភាន់ភាសា និង ធ្វើឲ្យប្រជាជានខ្ចាត់ខ្ចាយពេញផ្ទៃផែនដី ( សូមមើល លោកុប្បត្តិ 11:5–8; អេធើរ 1:33 ) ។ ដំណើររឿងនៅក្នុងគម្ពីរអេធើរនេះ ចាប់ផ្ដើមជាមួយនឹងយ៉ារេឌ និង បងប្រុសលោក ដែលស្វែងរកជំនួយពីព្រះអម្ចាស់ ពេលទ្រង់បានបំភាន់ភាសារបស់ប្រជាជននៅឯប៉មនៃក្រុងបាបិល ។ ព្រះអម្ចាស់បានរក្សាភាសារបស់យ៉ារេឌ បងប្រុសលោក ព្រមទាំងគ្រួសារ និង មិត្តភក្ដិរបស់ពួកគេ ហើយបានដឹកនាំពួកគេឆ្លងកាត់វាលរហោស្ថានទៅកាន់ដែនដីសន្យា ។ បន្ទាប់មក ព្រះអម្ចាស់បានណែនាំបងរបស់យ៉ារេឌ ឲ្យសង់ភេត្រាចំនួនប្រាំបី ដើម្បីដឹកប្រជាជនលោកឆ្លងកាត់សមុទ្រ ។
អេធើរ 1:1–33
មរ៉ូណៃកត់ត្រាពីពង្សាវតារបស់អេធើរ ត្រឡប់ទៅកាលពីយ៉ារេឌនៅឯប៉មនៃក្រុងបាបិល ។
ដើម្បីជួយឲ្យអ្នកយល់ថាតើគម្ពីរអេធើរចេញមកពីណា សូមរំឭក « សេចក្ដីសង្ខេបរបស់ ម៉ូសាយ 7–24 » ពីមេរៀននៃមេរៀនទី 12 ៖ ថ្ងៃទី 1 ( ទំព័រ 115-132 ) ។ សូមមើលការធ្វើដំណើរ ទី 4 ហើយកត់ចំណាំពីអ្វីដែលប្រជាជនលិមហៃបានរកឃើញក្នុងការធ្វើដំណើរនេះ ។
មើលទៅដើមដំបូងនៃគម្ពីរអេធើរ ហើយរកមើលការពិពណ៌នាសង្ខេបអំពីគម្ពីរនេះ នៅខាងក្រោមចំណងជើង ។ ការពិពណ៌នានេះពន្យល់ថា បញ្ជីរបស់សាសន៍យ៉ារេឌ គឺយកចេញមកពីផ្ទាំងមាស 24 សន្លឹក ដែលរកឃើញដោយប្រជាជនលិមហៃ ។
បន្ទាប់ពីមរ៉ូណៃបានបញ្ចប់បញ្ជីរបស់ឪពុកលោកហើយ លោកបានយកបញ្ជីរបស់សាសន៍យ៉ារេឌ ហើយបានបង្កើតនូវកំណែទម្រង់ខ្លីមួយពីបញ្ជីនេះ ដើម្បីដាក់បញ្ចូលក្នុងព្រះគម្ពីរមរមន ។ សូមអាន អេធើរ 1:1–4 ហើយរកមើលអ្វីដែលមរ៉ូណៃបានមានប្រសាសន៍ថា លោកពុំបានបញ្ចូលក្នុងការចងក្រងរបស់លោកពីបញ្ជីរបស់សាសន៍យ៉ារេឌ ។ បន្ទាប់មក សូមអាន អេធើរ 1:5 ហើយរកមើលថា ដំណើររឿងណា ដែលមរ៉ូណៃបានបញ្ចូលនៅក្នុងបញ្ជីរបស់លោក ។ ប៉មដែលត្រូវបាននិយាយដល់នៅក្នុង អេធើរ 1:5 គឺជាប៉មនៃក្រុងបាបិល ។ ដូចមានពន្យល់នៅក្នុង អេធើរ 1:33 ព្រះអម្ចាស់ « បានបំភាន់ » ( ធ្វើឲ្យច្រឡំ ឬ ធ្វើឲ្យច្របូកច្របល់ ) ភាសារបស់ប្រជាជនដែលព្យាយាមសង់ប៉ម ដើម្បីកុំឲ្យពួកគេអាចយល់គ្នាទៅវិញទៅមក ហើយទ្រង់បានធ្វើឲ្យប្រជាជនត្រូវខ្ចាត់ខ្ចាយពេញផ្ទៃផែនដី ។
ដូចមានកត់ត្រានៅក្នុង អេធើរ 1:6–33 មានបុរសម្នាក់ឈ្មោះអេធើរ បានសរសេរបញ្ជីរបស់យ៉ារេឌ ។ មរ៉ូណៃបានកត់ត្រាពីពូជពង្សរបស់អេធើរ ត្រឡប់ទៅដល់បុរសម្នាក់ឈ្មោះយ៉ារេឌ ដែលបានរស់នៅក្នុងជំនាន់នៃប៉មនៃក្រុងបាបិល ។
អេធើរ 1:33–43
បងរបស់យ៉ារេឌអធិស្ឋានសុំជំនួយ ហើយសមាជិកគ្រួសារ និង មិត្តភក្ដិលោកទទួលបានសេចក្ដីមេត្តាករុណា និង ការដឹកនាំ
តើអ្នកធ្លាប់នៅក្នុងប្រទេស ឬ តំបន់មួយ ដែលប្រជាជននិយាយភាសាមួយដែលអ្នកមិនយល់ដែរឬទេ ? តើអ្នកគិតថា អ្នកនឹងមានអារម្មណ៍យ៉ាងណា បើអ្នកពុំអាចយល់ពីភាសាដែលអ្នកផ្សេងទៀតនៅជុំវិញអ្នកកំពុងនិយាយនោះ ? ប្រសិនបើអ្នកអាចជ្រើសរើសមនុស្សតែពីរបីនាក់ ដើម្បីប្រាស្រ័យទាក់ទងជាមួយនៅក្នុងស្ថានភាពនោះ តើអ្នកនឹងជ្រើសរើសនរណា ? ស្ថានភាពនេះបានកើតឡើងចំពោះបុរសម្នាក់ឈ្មោះយ៉ារេឌ និង បងប្រុសលោក ក៏ដូចជាគ្រួសាររបស់ពួកលោក ដែលបានរស់នៅក្នុងអំឡុងពេលប៉មនៃក្រុងបាបិល ។ សូមអាន អេធើរ 1:33–37 ហើយរកមើលមនុស្សដែលយ៉ារេឌចង់ប្រាស្រ័យទាក់ទងជាមួយ ។ បន្ទាប់ពីបងរបស់យ៉ារេឌ បានទទួលការសន្យាពីព្រះអម្ចាស់ថា ភាសារបស់ពួកលោកនឹងមិនត្រូវបំភាន់ ( សូមមើល អេធើរ 1:34–35 ) នោះលោកបានអធិស្ឋានសម្រាប់មិត្តភក្ដិរបស់លោក ( សូមមើល អេធើរ 1:36–37 ) ។ ដូចដែលបានបង្ហាញដោយបងរបស់យ៉ារេឌ ចរិតលក្ខណៈមួយរបស់ប្រជាជនដែលស្មោះត្រង់ គឺអធិស្ឋានសម្រាប់មិត្តភក្ដិរបស់គេ ដើម្បីឲ្យបានទទួលពរជ័យពីព្រះអម្ចាស់ដែរ ។
ព្រះអម្ចាស់បានប្រទានពរដល់គ្រួសាររបស់យ៉ារេឌ និង បងប្រុសលោក និង មិត្តភក្ដិរបស់ពួកលោក ដើម្បីភាសារបស់ពួកគេមិនត្រូវបានបំភាន់ ។ បន្ទាប់មក យ៉ារេឌបានសុំឲ្យបងប្រុសលោកអធិស្ឋានដល់ព្រះ សួរទ្រង់ថា កន្លែងណាដែលគ្រួសារពួកលោកត្រូវទៅ ។ ( សូមមើល អេធើរ 1:38–40 ) ។
សូមអាន អេធើរ 1:40–43 ហើយរកមើលការណែនាំទាំងឡាយ ដែលព្រះអម្ចាស់បានប្រទានដល់ពួកសាសន៍យ៉ារេឌ ដើម្បីដឹកនាំពួកគេនៅក្នុងការធ្វើដំណើរ ។ តើអ្នកគិតថា ហេតុអ្វីវាសំខាន់សម្រាប់យ៉ារេឌ និង បងប្រុសលោក ក្នុងការធ្វើតាមការណែនាំទាំងនេះដែលបានមកពីព្រះអម្ចាស់ ?
អេធើរ 2:1–12
ពួកសាសន៍យ៉ារេឌបានចាប់ផ្ដើមដំណើររបស់គេឆ្ពោះទៅកាន់ដែនដីសន្យា
សូមអាន អេធើរ 2:1–3 ដើម្បីរកមើលថា តើពួកសាសន៍យ៉ារេឌឆ្លើយតបបានល្អយ៉ាងណា ចំពោះការណែនាំដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ អំពីការរៀបចំក្នុងការធ្វើដំណើរទៅកាន់ដែនដីសន្យានោះ ( សូមមើល អេធើរ 1:41–42 ) ។ បន្ទាប់មក អាន អេធើរ 2:4–6 ហើយរកមើលអ្វីដែលបានកើតឡើងបន្ទាប់ទៀត ។ សូមកត់ចំណាំថា ដោយសារតែពួកសាសន៍យ៉ារេឌបានគោរពដល់ការណែនាំរបស់ព្រះអម្ចាស់ នោះទ្រង់បានប្រទានការណែនាំបន្ថែមទៀតដល់ពួកគេ ។ សូមសញ្ជឹងគិតពីពរជ័យ និង ការដឹកនាំទាំងឡាយ ដែលពួកសាសន៍យ៉ារេឌបានទទួល ដោយសារតែពួកគេបានធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ។
ចេញពីបទពិសោធន៍របស់ពួកសាសន៍យ៉ារេឌ យើងរៀនពីគោលការណ៍នេះ ៖ ពេលយើងប្រព្រឹត្តដោយសេចក្ដីជំនឿ តាមការណែនាំដែលព្រះអម្ចាស់បានប្រទានដល់យើង នោះយើងអាចទទួលបានការដឹកនាំបន្ថែមទៀតពីទ្រង់ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ អេធើរ 2:6 ។
តើអ្នកអាចគិតពីការបំផុសមួយ ដែលអ្នកបានទទួលពីព្រះអម្ចាស់ ពេលអធិស្ឋាន ពេលសិក្សាព្រះគម្ពីរ ឬ ពេលចូលរួមក្នុងការប្រជុំនៅសាសនាចក្រដែរឬទេ ? សូមចាំទុកពីការបំផុសនោះ ពេលអ្នកអានសេចក្ដីថ្លែងការណ៍របស់ អែលឌើរ រីឆាដ ជី. ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អំពីរបៀបដែលជាញឹកញាប់យើងទទួលបានចម្លើយចំពោះការអធិស្ឋាន ៖ « ដោយកម្រណាស់ ដែលអ្នកនឹងទទួលបានការឆ្លើយតប [ ចំពោះការអធិស្ឋាន ] ទាំងអស់ក្នុងពេលតែមួយនោះ ។ វានឹងមកមួយផ្នែកម្ដងៗ ជាសំណុំទាំងឡាយ ដើម្បីឲ្យសមត្ថភាពអ្នកលូតលាស់ ។ ដោយផ្នែកនីមួយៗបានមកដោយសេចក្ដីជំនឿ នោះអ្នកនឹងត្រូវបានដឹកនាំទៅកាន់ផ្នែកផ្សេងៗទៀត រហូតទាល់តែអ្នកបានចម្លើយពេញលេញទាំងស្រុង ។ គំរូនោះ តម្រូវឲ្យអ្នកអនុវត្តនូវសេចក្ដីជំនឿលើសមត្ថភាពក្នុងការឆ្លើយតបរបស់ព្រះវរបិតាយើង ។ ខណៈដែលវាពិបាកខ្លាំងនៅពេលខ្លះ នោះវាផ្ដល់លទ្ធផលជាការលូតលាស់ផ្ទាល់ខ្លួនដ៏សក្ដិសម » ( “Using the Supernal Gift of Prayer” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 9 ) ។
-
សូមសរសរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើអ្នកឆ្លើយតប ( ឬ អាចឆ្លើយតប ) ចំពោះការបំផុសខាងវិញ្ញាណ ដែលអ្នកបានគិតពីខាងលើ ដោយរបៀបណា ។ អ្នកក៏អាចបញ្ចូលនូវពរជ័យទាំងឡាយដែលអ្នកបានទទួល ( ឬ អាចទទួល ) ពីការប្រព្រឹត្តតាមការបំផុសនោះ ។
ដូចមានកត់ត្រានៅក្នុង អេធើរ 2:7–12 ព្រះអម្ចាស់បានប្រាប់ដល់បងរបស់យ៉ារេឌថា ពេលលោក និង ប្រជាជនលោកមកដល់ដែនដីសន្យា ពួកគេនឹងត្រូវ « បម្រើទ្រង់ដែលជាព្រះដ៏ពិតតែមួយ បើពុំនោះសោតទេ ពួកគេនឹងត្រូវកំចាត់ចេញ » ( អេធើរ 2:8 ) ។
អេធើរ 2:13–15
ព្រះអម្ចាស់ស្ដីបន្ទោសដល់បងរបស់យ៉ារេឌ ដែលមិនបានអំពាវនាវដល់ទ្រង់ក្នុងការអធិស្ឋាន
សូមអាន អេធើរ 2:13–15 ហើយរកមើលអ្វីដែលបានកើតឡើង ពេលដែលពួកសាសន៍យ៉ារេឌបានមកដល់សមុទ្រដ៏ធំ ដែលចែកដែនដី ។ ពួកគេត្រូវបានដឹកនាំឲ្យឆ្លងកាត់ទីវាលរហោស្ថានដោយព្រះអម្ចាស់ ពីព្រោះពួកគេបានស្ដាប់តាមព្រះអម្ចាស់ និង បានរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ ទោះយ៉ាងណា បន្ទាប់ពីពួកគេបានបោះជំរុំនៅជិតសមុទ្រដ៏ធំអស់រយៈពេលបួនឆ្នាំ ព្រះអម្ចាស់បានយាងមកជួបនឹងបងរបស់យ៉ារេឌ ហើយបានស្ដីបន្ទោសដល់លោកដែលមិនបានអធិស្ឋាន ។
អេធើរ 2:14–15 ជួយយើងរៀនពីគោលការណ៍ទាំងនេះ ៖ ព្រះអម្ចាស់ពុំសព្វព្រះហឫទ័យទេ ពេលយើងមិនបានអំពាវនាវដល់ទ្រង់នៅក្នុងការអធិស្ឋាន ។ ព្រះអម្ចាស់មានព្រះបំណងចង់ឲ្យយើងអំពាវនាវដល់ទ្រង់នៅក្នុងការអធិស្ឋាន ។
ពេលអ្នកអានសេចក្ដីថ្លែងការណ៍តទៅនេះមកពី អែលឌើរ ដូណល អិល. ស្ទេហេលី ដែលបានបម្រើជាសមាជិកមួយរូបនៃពួកចិតសិប សូមគិតថាតើអ្នកអធិស្ឋានញឹកញាប់ប៉ុណ្ណា ៖ « ការអធិស្ឋានដោយក្លៀវក្លាជាប្រចាំថ្ងៃ ដើម្បីស្វែងរកការអត់ទោស និង ជំនួយពិសេស និង ការណែនាំ គឺចាំបាច់ចំពោះជីវិតយើង ហើយចាំបាច់ដល់ការបីបាច់ទីបន្ទាល់របស់យើង ។ ពេលយើងប្រញាប់ និយាយច្រំដែល មិនសូវខ្វល់ខ្វាយ ឬ ភ្លេចក្នុងការអធិស្ឋាន នោះយើងទំនងជានឹងបាត់បង់ភាពជិតស្និទ្ធនៃព្រះវិញ្ញាណ ដែលជាអ្វីចាំបាច់ខ្លាំងណាស់នៅក្នុងការណែនាំជាបន្តបន្ទាប់ ដែលយើងត្រូវការ ដើម្បីដោះស្រាយដោយជោគជ័យនូវឧបសគ្គនានានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង » ( “Securing Our Testimonies” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2004 ទំព័រ 39 ) ។
សូមឆ្លើយតបសំណួរតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នក ឬ នៅលើក្រដាសដោយឡែកមួយ ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណា អំពីភាពញឹកញាប់នៃការអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នក ?
-
តើអ្នកមានអារម្មណ៍យ៉ាងណា អំពីភាពស្មោះត្រង់នៃការអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នក ?
-
នៅក្នុងការអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នក តើអ្នកមានអារម្មណ៍ថា អ្នកពិតជាប្រាស្រ័យទាក់ទងជាមួយនឹងព្រះវរបិតាសួគ៌ឬទេ ? ហេតុអ្វីមាន ឬ ហេតុអ្វីអត់ ?
-
ប្រសិនបើអ្នកអាចធ្វើការផ្លាស់ប្ដូរមួយ ដែលនឹងអភិវឌ្ឍដល់ការអធិស្ឋានផ្ទាល់ខ្លួនរបស់អ្នក តើវាជាអ្វី ?
ដូចមានកត់ត្រានៅក្នុង អេធើរ 2:16 បងរបស់យ៉ារេឌបានប្រែចិត្តពីអំពើបាបរបស់លោក ហើយបានអធិស្ឋានដល់ព្រះអម្ចាស់សម្រាប់សមាជិកគ្រួសារ និង មិត្តភក្ដិលោក ។ ព្រះអម្ចាស់បានប្រាប់លោកថា លោកត្រូវបានអត់ទោសឲ្យ ប៉ុន្តែថា លោកត្រូវតែបន្តនៅក្នុងភាពសុចរិត ដើម្បីត្រូវបានដឹកនាំទៅកាន់ដែនដីសន្យា ។
អេធើរ 2:16–25
ពួកសាសន៍យ៉ារេឌ បានសង់ភេត្រា ដើម្បីឆ្លងកាត់មហាសមុទ្រទៅកាន់ដែនដីសន្យា
សូមគិតពីការសម្រេចចិត្តផ្ទាល់ខ្លួនដ៏សំខាន់មួយ ដែលអ្នកកំពុងប្រឈមមុខ ឬ អាចនឹងប្រឈមមុខនៅពេលអនាគត ដូចជារបៀបដោះស្រាយជាមួយនឹងគ្រួសារមួយ ដែលពិបាក ឬ ស្ថានភាពសង្គម របៀបរៀនឲ្យពូកែនៅសាលា ត្រូវរៀបការជាមួយនរណា ឬ ត្រូវរកវិជ្ជាជីវៈអ្វី ។ តើអ្នកធ្លាប់គិតទេ ថាតើព្រះអម្ចាស់អាចនឹងប្រទានការណែនាំ ឬ ជួយអ្នកក្នុងស្ថានភាពនោះដោយរបៀបណា ? ពេលអ្នកសិក្សាខដែលនៅសល់ក្នុង អេធើរ 2 សូមសញ្ជឹងគិតពីការសម្រេចចិត្ត ដែលអ្នកបានកំណត់ ហើយរកមើលគោលការណ៍ទាំងឡាយ ដែលនឹងជួយអ្នកឲ្យទទួលបានជំនួយពីព្រះអម្ចាស់ ។
សូមអាន អេធើរ 2:16–17 ហើយរកមើលអ្វីដែលព្រះអម្ចាស់បានសុំឲ្យពួកសាសន៍យ៉ារេឌធ្វើ ដើម្បីបន្តឆ្ពោះទៅកាន់ដែនដីសន្យា ។ បងរបស់យ៉ារេឌបានប្រឈមមុខនឹងបញ្ហាបី ដែលកើតឡើងមកពីការធ្វើភេត្រា ។ សូមអាន អេធើរ 2:18–19 ហើយគូសចំណាំបញ្ហាទាំងបី ដែលបងរបស់យ៉ារេឌបានទូលទៅដល់ព្រះអម្ចាស់ ។
-
ដើម្បីជួយអ្នកឲ្យនឹកស្រម៉ៃក្នុងចិត្តឃើញពីអ្វីដែលអ្នកបានអាននៅក្នុង អេធើរ 2:16–19 សូមគូរអ្វីដែលអ្នកគិតថាជារូបភេត្រា នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
∂តារាងខាងក្រោមនេះ នឹងជួយអ្នករកឃើញពីរបៀបដែលព្រះអម្ចាស់បានជួយបងរបស់យ៉ារេឌ ដោះស្រាយបញ្ហារបស់លោកជាមួយនឹងភេត្រា ។ សូមសិក្សាខគម្ពីរទាំងឡាយនៅក្នុងតារាង ហើយបន្ទាប់មកប្រើប្រាស់ព័ត៌មាននោះ ដើម្បីបំពេញនៅក្នុង តារាងជួរឈរ « ដំណោះស្រាយចំពោះបញ្ហា » ។
ខគម្ពីរ |
បញ្ហាជាមួយនឹងភេត្រា |
ដំណោះស្រាយចំពោះបញ្ហា |
---|---|---|
គ្មានខ្យល់ | ||
គ្មានចង្កូត | ||
គ្មានពន្លឺ |
អ្វីដែលព្រះអម្ចាស់បានធ្វើ និង អ្វីដែលទ្រង់តម្រូវឲ្យបងរបស់យ៉ារេឌធ្វើ គឺខុសគ្នាសម្រាប់បញ្ហានីមួយៗ ។ ចេញពីបញ្ហា និង ដំណោះស្រាយនីមួយៗនេះ យើងអាចរៀនពីសេចក្ដីពិតផ្សេងៗគ្នា អំពីរបៀបដែលព្រះអម្ចាស់ជួយយើង ពេលយើងត្រូវការជំនួយ ។ សូមប្រៀបធៀបដំណោះស្រាយទាំងឡាយដែលអ្នកបានសរសេរនៅក្នុងតារាង ជាមួយនឹងអ្វីដែលមានក្នុងបញ្ជីខាងក្រោមនេះ ៖
គ្មានខ្យល់ ( អេធើរ 2:20–21 ) ។ ដើម្បីដោះស្រាយបញ្ហានេះ ព្រះអម្ចាស់បានប្រាប់បងរបស់យ៉ារេឌពីអ្វីដែលលោកគួរធ្វើ ។ ពេលនោះ បងរបស់យ៉ារេឌមានសេចក្ដីជំនឿនឹងធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ។
គ្មានចង្កូត ( អេធើរ 6:4–9 ) ។ ដើម្បីដោះស្រាយបញ្ហានេះ ព្រះអម្ចាស់បានប្រទានចម្លើយចំពោះបញ្ហានេះដោយទ្រង់ផ្ទាល់ ។
គ្មានពន្លឺ ( អេធើរ 2:22–3:6 ) ។ ដើម្បីដោះស្រាយបញ្ហានេះ ព្រះអម្ចាស់បានប្រទានការណែនាំខ្លះៗដល់បងរបស់យ៉ារេឌ ។ ពេលនោះ បងរបស់យ៉ារេឌត្រូវតែគិតពីដំណោះស្រាយចំពោះបញ្ហានេះ—ដោយផ្អែកលើព័ត៌មានដែលលោកមាន—រួចសុំការអនុញ្ញាត និង ជំនួយរបស់ព្រះអម្ចាស់នៅក្នុងការអនុវត្តន៍វា ។
ចេញពីបទពិសោធន៍បងរបស់យ៉ារេឌ យើងរៀនពីគោលការណ៍នេះ ៖ ពេលយើងប្រឹងប្រែងព្យាយាមធ្វើផ្នែករបស់យើង ដើម្បីដោះស្រាយបញ្ហា នោះយើងអាចទទួលបានជំនួយពីព្រះអម្ចាស់ ។ គិតអំពីការសម្រេចចិត្តផ្ទាល់ខ្លួន ដែលអ្នកបានគិតពីមុននេះ តើការដឹងពីគោលការណ៍នេះ អាចជួយអ្នកឲ្យទទួលបានជំនួយ ឬ ការដឹកនាំ ទាក់ទងនឹងការសម្រេចចិត្តនេះ យ៉ាងដូចម្ដេចដែរ ? តើអ្នកគិតថា ព្រះអម្ចាស់អាចនឹងរំពឹងឲ្យអ្នកធ្វើអ្វីខ្លះ នៅក្នុងការធ្វើការសម្រេចចិត្តរបស់អ្នក ?
-
សរសេរកថាខណ្ឌមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីអ្វីដែលអ្នកបានរៀនចេញពីបទពិសោធន៍បងរបស់យ៉ារេឌ អំពីការអធិស្ឋាន និង អំពីការទទួលជំនួយ និង ការណែនាំពីព្រះអម្ចាស់ នៅក្នុងជីវិតអ្នក ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អេធើរ 1–2 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖