មេរៀនទី 28 ៖ ថ្ងៃទី 2
មរមន 1–2
សេចក្តីផ្ដើម
ទោះបីមរមនបានធំឡើងនៅក្នុងពេលមួយនៃសេចក្ដីទុច្ចរិតដ៏ធំក្ដី ក៏លោកបានជ្រើសរើសដើម្បីស្មោះត្រង់ដែរ ។ ដោយសារតែភាពស្មោះត្រង់របស់លោក នោះលោកត្រូវបានហៅឲ្យថែរក្សាបញ្ជីទាំងឡាយរបស់សាសន៍នីហ្វៃ ។ ពេលមរមនមានអាយុ 15 ឆ្នាំ លោកត្រូវបាន « ព្រះអម្ចាស់ ទ្រង់បានយាងមកជួប … ហើយបានភ្លក់ ហើយបានស្គាល់នូវសេចក្តីល្អសប្បុរសនៃព្រះយេស៊ូវ » ( មរមន 1:15 ) ។ នៅឆ្នាំដដែលនោះ ពួកសាសន៍នីហ្វៃបានចាត់តាំងលោកឲ្យដឹកនាំពួកពលទ័ពរបស់ពួកគេ ( សូមមើល មរមន 2:1 ) ។ លោកមានបំណងប្រាថ្នាជួយពួកសាសន៍នីហ្វៃឲ្យប្រែចិត្ត ប៉ុន្តែដោយសារតែការតាំងចិត្តបះបោររបស់ពួកគេ នោះលោកត្រូវបានព្រះអម្ចាស់ហាមឃាត់ក្នុងការផ្សព្វផ្សាយទៅដល់ពួកគេ ។ ពួកសាសន៍នីហ្វៃបានបាត់បង់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និង អំណោយទានរបស់ព្រះផ្សេងៗទៀត ហើយត្រូវបានទុកឲ្យពឹងលើកម្លាំងរបស់ខ្លួនពួកគេផ្ទាល់ ពេលពួកគេធ្វើចម្បាំងជាមួយពួកសាសន៍លេមិន ។
មរមន 1:1–5
មរមនត្រូវបានប្រទានឲ្យទទួលខុសត្រូវចំពោះបញ្ជីពិសិដ្ឋទាំងឡាយ ។
តើពាក្យអ្វីខ្លះ ដែលអ្នកចង់ឲ្យមនុស្សប្រើ ពេលគេពិពណ៌នាអំពីអ្នក ?
តើអ្នកធ្លាប់ត្រូវបានគេពិពណ៌នាថាជា ពួកមរមនម្នាក់ទេ ? តើវាន័យយ៉ាងណាចំពោះអ្នក ដែលមាននរណាម្នាក់ពិពណ៌នាអំពីអ្នក ថាជាពួកមរមនម្នាក់ ?
ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បានមានប្រសាសន៍អំពីឈ្មោះហៅក្រៅថា មរមន ដែលមនុស្សមួយចំនួនប្រើប្រាស់ ពេលសំដៅដល់សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយថា ៖
« ខណៈដែលពេលខ្លះ ខ្ញុំសោកស្ដាយដែលមនុស្សពុំហៅសាសនាចក្រនេះ ដោយឈ្មោះត្រឹមត្រូវ នោះខ្ញុំក៏រីករាយ ដែលឈ្មោះក្រៅដែលពួកគេប្រើនោះ គឺជាកិត្តិយសដ៏ធំធេងមួយនៃបុរសដ៏អស្ចារ្យម្នាក់ និង នៃគម្ពីរមួយដែលផ្ដល់នូវទីបន្ទាល់ដែលមិនអាចប្រៀបផ្ទឹមបាន អំពីព្រះអង្គប្រោសលោះនៃពិភពលោក ។
« អ្នកណាដែលបានស្គាល់បុរសមរមន តាមរយៈការអាន និង ការសញ្ជឹងគិតពីពាក្យសម្ដីរបស់លោក អ្នកណាដែលអាននូវរតនៈសម្បត្តិនៃប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ ដែលត្រូវបានចងក្រង និង រក្សាទុកនៅក្នុងទំហំដ៏ធំដោយលោក នឹងបានដឹងថា មរមនមិនមែនជាពាក្យនៃឈ្មោះអាក្រក់នោះទេ ប៉ុន្តែថា ជាតំណាងឲ្យការល្អដ៏អស្ចារ្យបំផុត—ជាការណ៍ល្អដែលជារបស់ផងព្រះ » ( “Mormon Should Mean ‘More Good’” Ensign ខែ វិច្ឆិកា ឆ្នាំ 1990 ទំព័រ 52–53 ) ។
មរមនជាព្យាការី បានកើតមកនៅក្នុងគ្រាមួយ ពេលដែលមនុស្សស្ទើរតែគ្រប់គ្នាដែលនៅក្នុងដែនដី រស់នៅក្នុងភាពទុច្ចរិត ។ នៅពេលនោះ មានព្យាការីម្នាក់ឈ្មោះអាំម៉ារុន ដែលត្រូវបានបានបញ្ជាឲ្យលាក់ទុកបញ្ជីពិសិដ្ឋទាំងអស់ ( សូមមើល នីហ្វៃទី4 1:47–49 ) ។ អាំម៉ារុនបានជួបនឹងក្មេងប្រុសមរមន ដែលពេលនោះមានអាយុ 10 ឆ្នាំ ហើយបានផ្ដល់ការណែនាំដល់លោក ទាក់ទងនឹងការទទួលខុសត្រូវនាពេលអនាគតរបស់លោកចំពោះបញ្ជីទាំងឡាយ ។ សូមអាន មរមន 1:2 ហើយរកមើលពាក្យ និង ឃ្លាទាំងឡាយ ដែលអាំម៉ារុនបានប្រើក្នុងការពិពណ៌នាពីមរមនដ៏ក្មេងខ្ចីរូបនេះ ។
ពាក្យមួយដែលអាំម៉ារុនបានប្រើដើម្បីពិពណ៌នាអំពីមរមន គឺពាក្យម៉ឺងម៉ាត់ ។ ពាក្យម៉ឺងម៉ាត់ មានន័យថា ហ្មត់ចត់ មធ្យ័ត សុចរិត ឬ បរិសុទ្ធ ។ អ្នកអាចនឹងចង់សរសេរនិយមន័យនេះ នៅគែមព្រះគម្ពីររបស់អ្នក ។ តើអ្នកគិតថា អ្នកគប្បីតែម៉ឺងម៉ាត់ចំពោះរឿង ឬ ស្ថានភាពអ្វីខ្លះនៅក្នុងជីវិត ? វាសំខាន់ក្នុងការយល់ថា មនុស្សម៉ឺងម៉ាត់អាចមានសេចក្ដីសប្បាយ និង សំណើច ប៉ុន្តែពួកគេយល់ថា ពេលណាវាសមរម្យក្នុងការមានភាពសប្បាយរីករាយ ហើយពេលណាដែលសមរម្យក្នុងការមានភាពហ្មត់ចត់ ។
អាំម៉ារុនក៏បានពិពណ៌នាផងដែរថា មរមន « ចេះសង្កេតដោយឆាប់រហ័ស » ( មរមន 1:2 ) ។ តើអ្នកគិតថា ការចេះសង្កេតដោយឆាប់រហ័ស មានន័យយ៉ាងណា ? អែលឌើរ ដាវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ពាក្យសង្កេត ត្រូវបានប្រើប្រាស់នៅក្នុងព្រះគម្ពីរក្នុងរបៀបពីរយ៉ាង ៖
« អំណោយទានខាងវិញ្ញាណដែលហាក់ដូចជាសាមញ្ញ និង ប្រហែលជាត្រូវបានគេមិនសូវពេញចិត្ត —នោះគឺសមត្ថភាពក្នុងការ ‹ ចេះសង្កេតដោយឆាប់រហ័ស › ( មរមន 1:2 )—វាសំខាន់ខ្លាំងណាស់សម្រាប់អ្នក និង សម្រាប់ខ្ញុំ នៅក្នុងពិភពលោកដែលយើងរស់នៅពេលឥឡូវនេះ ហើយនឹងពិភពដែលយើងនឹងរស់នៅ ។ …
« សូមពិចារណាពីភាពចាំបាច់នៃអំណោយទានខាងវិញ្ញាណដ៏សំខាន់នេះ ។ ដូចដែលត្រូវបានប្រើប្រាស់នៅក្នុងព្រះគម្ពីរ ពាក្យសង្កេត មានការប្រើប្រាស់ចម្បងពីរយ៉ាង ។ ការប្រើប្រាស់មួយ បង្ហាញថា ‹ មើល › ឬ ‹ ឃើញ › ឬ ‹ កត់ចំណាំ ›—ដូចដែលយើងរៀននៅក្នុង អេសាយ 42:20 ។ …
« ការប្រើប្រាស់ទីពីរនៃពាក្យសង្កេត គឺ ‹ គោរពប្រតិបត្តិ › ឬ ‹ រក្សា ›—ដូចមានក្នុង [ គោលលទ្ធិ និង សេចក្ដីសញ្ញា 54:6 ] ។ …
« ដូចនេះ ពេលយើងចេះសង្កេតដោយឆាប់រហ័ស យើងមើល ឬ កត់ចំណាំ និង គោរពប្រតិបត្តិដោយឆាប់រហ័ស ។ ធាតុគ្រឹះទាំងពីរនេះ—ការមើល និង ការគោរពប្រតិបត្តិ—គឺសំខាន់ក្នុងការចេះសង្កេតដោយឆាប់រហ័ស ។ ហើយព្យាការីមរមន គឺជាគំរូដ៏គួរឲ្យស្ងើចសរសើរអំពីអំណោយទាននេះ » ( “Quick to Observe” Ensign ខែ ធ្នូ ឆ្នាំ 2006 ទំព័រ 31–32 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីការគិតរបស់អ្នក អំពីរបៀបដែលចរិតលក្ខណៈនៃការចេះសង្កេតដោយឆាប់រហ័សនេះ អាចជួយអ្នកក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ។
សូមអាន មរមន 1:3–5 ហើយរកមើលការណែនាំរបស់អាំម៉ារុនដល់មរមន ។ តើចរិតលក្ខណៈរបស់មរមនដែលមានភាពម៉ឺងម៉ាត់ និង ចេះសង្កេតដោយឆាប់រហ័ស អាចជួយលោកជាមួយនឹងការទទួលខុសត្រូវទាំងនេះដោយរបៀបណាដែរ ?
មរមន 1:6–19
មរមនត្រូវបានហាមឃាត់ដោយព្រះអម្ចាស់ ក្នុងការផ្សព្វផ្សាយ ដោយសារតែការបះបោរប្រកបដោយតាំងចិត្តរបស់ប្រជាជន
តើអ្នកធ្លាប់បាត់បង់អ្វីមួយដែលមានតម្លៃខ្លាំងឬទេ ? ខណៈនៅក្នុងយុវវ័យរបស់លោកនៅឡើយ មរមនបានឃើញចម្បាំងជាច្រើនរវាងពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិន និង ការរីករាលដាលនៃសេចក្ដីទុច្ចរិតដ៏ធំធេងនៅលើដែនដី ( សូមមើល មរមន 1:6–13 ) ។ ដោយសារសេចក្ដីទុច្ចរិតរបស់ពួកសាសន៍នីហ្វៃ បានក្លាយជាធំធេងដល់ម៉្លេះ នោះមរមនបានកត់ត្រាថា ពួកគេបានបាត់បង់អំណោយទានដ៏មានតម្លៃជាច្រើនពីព្រះអម្ចាស់ ។
-
សូមធ្វើកូឡោនពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ ដាក់ចំណងជើងកូឡោនទីមួយថា « អំណោយទានដែលពួកសាសន៍នីហ្វៃបានបាត់បង់ » ។ សូមអាន មរមន 1:13–14, 18 ហើយរកមើលថា អំណោយទានអ្វីខ្លះដែលព្រះអម្ចាស់បានដកចេញពីពួកសាសន៍នីហ្វៃ ។ សូមសរសេរការរកឃើញទាំងឡាយរបស់អ្នកនៅក្នុងកូឡោនទីមួយ ។ ដាក់ចំណងជើងកូឡោនទីពីរថា « មូលហេតុដែលព្រះអម្ចាស់ដកយកអំណោយទានរបស់ទ្រង់ » ។ សូមអាន មរមន 1:14, 16–17, 19 ហើយរកមើលមូលហេតុទាំងឡាយ ដែលព្រះអម្ចាស់បានដកយកអំណោយទានទាំងឡាយរបស់ទ្រង់ពីពួកសាសន៍នីហ្វៃ ។ សរសេរការរកឃើញទាំងឡាយរបស់អ្នកនៅក្នុងកូឡោនទីពីរ ។
ចេញពីខទាំងនេះ យើងអាចរៀនថា សេចក្ដីទុច្ចរិត និង ការឥតជំនឿច្រានចេញនូវអំណោយទានទាំងឡាយរបស់ព្រះអម្ចាស់ និង ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ ថ្វីបើការបះបោររបស់ពួកសាសន៍នីហ្វៃខ្លាំងក្លាក្រៃលែងក្ដី ក៏គោលការណ៍នេះអនុវត្តបានផងដែរចំពោះយើងម្នាក់ៗ ពេលដែលយើងមិនគោរពប្រតិបត្តិដល់បទបញ្ញត្តិណាមួយរបស់ព្រះ ។
បើអ្នកបានរស់នៅក្នុងជំនាន់មរមន តើអំណោយទានរបស់ព្រះណាមួយ ដែលមានលើកឡើងក្នុង មរមន 1:13–14, 18 ដែលអ្នកសោកស្ដាយបំផុតក្នុងការបាត់បង់ទៅនោះ ?
សូមអាន មរមន 1:15 ហើយរកមើលអ្វីដែលមរមនបានមានបទពិសោធន៍ ខណៈដែលពួកសាសន៍នីហ្វៃផ្សេងទៀតបាត់បង់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និង អំណោយទានផ្សេងទៀតរបស់ព្រះនោះ ។ តើអ្នកគិតថា មរមនអាចមានបទពិសោធន៍ខាងវិញ្ញាណដោយរបៀបណា សូម្បីតែលោកស្ថិតនៅក្នុងកណ្ដាលភាពទុច្ចរិតដ៏ធំធេងនោះ ?
មរមន 2:1–15
មរមនដឹកនាំពលទ័ពសាសន៍នីហ្វៃ និង មានទុក្ខព្រួយចំពោះសេចក្ដីទុច្ចរិតរបស់ពួកគេ
សូមពិចារណានូវសាច់រឿងតទៅនេះ ៖ បុរសអាយុ 30 ឆ្នាំម្នាក់ រស់នៅផ្ទះជាមួយឪពុកម្ដាយគាត់ ហើយជ្រើសរើសមិនរកការងារធ្វើទេ ។ តែគាត់រស់នៅដោយសារកម្លាំងឪពុកម្ដាយគាត់ទៅវិញ ហើយចំណាយពេលរបស់គាត់ដោយឥតប្រយោជន៍ទៅលើសកម្មភាពដែលគ្មានផលប្រយោជន៍ ដូចជាចំណាយពេលច្រើនបំផុតទៅលើការលេងវីដេអូហ្គេមជាដើម ។ សូមបញ្ច្រាស់សាច់រឿងនេះ ជាមួយនឹងការពិពណ៌នាពីក្មេងប្រុសមរមន ពេលអ្នកសិក្សា មរមន 2 ។
សូមអាន មរមន 2:1–2 ហើយរកមើលថា ការទទួលខុសត្រូវអ្វីដែលត្រូវបានប្រគល់ដល់មរមន ហើយលោកមានអាយុប៉ុន្មានពេលលោកទទួលវា ។
មិនយូរប៉ុន្មាន បន្ទាប់ពីការចាត់តាំងរបស់មរមន ក្នុងនាមជាអ្នកដឹកនាំពលទ័ពសាសន៍នីហ្វៃ នោះពួកពលទ័ពសាសន៍លេមិន បានសន្ធប់មកលើពួកសាសន៍នីហ្វៃយ៉ាងខ្លាំង ដែលធ្វើឲ្យពួកសាសន៍នីហ្វៃភ័យខ្លាច និង ដកថយ ។ ពួកសាសន៍លេមិនរុញច្រានពួកគេចេញពីទីក្រុងមួយទៅទីក្រុងមួយ រហូតដល់ពួកសាសន៍នីហ្វៃបានប្រមូលផ្ដុំគ្នានៅនឹងកន្លែងមួយ ។ នៅទីបំផុត ពលទ័ពរបស់មរមនបានតទល់នឹងពួកសាសន៍លេមិន ហើយបានធ្វើឲ្យពួកគេរត់គេចទៅ ( សូមមើល មរមន 2:3–9 ) ។
-
សូមអាន មរមន 2:10–15 ហើយរកមើលស្ថានភាពខាងវិញ្ញាណរបស់ពួកសាសន៍នីហ្វៃ បន្ទាប់ពីចម្បាំងទាំងនេះ ។ បន្ទាប់មក ឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីពួកសាសន៍នីហ្វៃមានទុក្ខព្រួយ ?
-
យោងតាម មរមន 2:14 តើមរមនបានដឹងដោយរបៀបណាថា សេចក្ដីទុក្ខព្រួយរបស់ពួកគេ ពុំមែនជាការបង្ហាញពីការប្រែចិត្តដ៏ពិតនោះ ?
-
តើមានភាពខុសគ្នាអ្វីខ្លះ ដែលអ្នកអាចឃើញនៅក្នុង មរមន 2:13–14 រវាងពួកអ្នកដែលមានទុក្ខព្រួយដែលនាំទៅរកការប្រែចិត្ត និង ពួកអ្នកដែលទុក្ខព្រួយរបស់ពួកគេនាំទៅរកសេចក្ដីជាប់ទោស ( ត្រូវបានបញ្ឈប់ពីការរីកចម្រើនរបស់ពួកគេ ) ?
-
ខទាំងនេះបង្រៀនថា ប្រសិនបើសេចក្ដីទុក្ខព្រួយចំពោះអំពើបាបរបស់យើងនាំទៅរកការប្រែចិត្ត នោះវានឹងនាំយើងទៅរកព្រះគ្រីស្ទដោយដួងចិត្តរាបទាប ។ វាក៏បង្ហាញផងដែរនូវគោលការណ៍នេះថា សេចក្ដីទុក្ខព្រួយដែលមានចំពោះតែលទ្ធផលនៃអំពើបាប នាំទៅរកសេចក្ដីជាប់ទោស ( ឬ ត្រូវបានបញ្ឈប់ពីការរីកចម្រើនរបស់យើងឆ្ពោះទៅជីវិតដ៏នៅអស់កល្បជានិច្ច ) ។
-
សូមឆ្លើយសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើមនុស្សម្នាក់ដែលធ្វើអំពើបាប អាចនឹងបង្ហាញពីសេចក្ដីទុក្ខព្រួយខាងលោកិយយ៉ាងដូចម្ដេច—គឺជាទុក្ខព្រួយដែលនាំទៅរកសេចក្ដីជាប់ទោសនោះ ?
-
តើមនុស្សម្នាក់ដែលធ្វើអំពើបាប អាចនឹងបង្ហាញពីសេចក្ដីទុក្ខព្រួយដែលនាំទៅរកការប្រែចិត្តដោយរបៀបណា ?
-
សូមសញ្ជឹងគិត ថាតើអ្នកឆ្លើយតបដោយរបៀបណា ពេលអ្នកដឹងថា អ្នកបានធ្វើកំហុស ឬ អំពើបាប ។ បើអ្នកមករកព្រះអង្គសង្គ្រោះដោយដួងចិត្តរាបទាប ហើយប្រែចិត្ត នោះអ្នកអាចទទួលបទពិសោធន៍នៃសេចក្ដីសុខសាន្ត ហើយបានស្រុះស្រួលនឹងព្រះ ។
មរមន 2:16–29
មរមនទទួលផ្ទាំងទាំងឡាយ ហើយកត់ត្រាដំណើររឿងនៃភាពទុច្ចរិតរបស់ប្រជាជនលោក
ខណៈដែលចម្បាំងជាមួយនឹងពួកសាសន៍លេមិននៅតែបន្ត នោះមរមនបានឃើញថា ខ្លួនលោកនៅក្បែរនឹងភ្នំ ដែលអាំម៉ារុនបានលាក់ផ្ទាំងទាំងឡាយរបស់នីហ្វៃ ។ លោកបានយកផ្ទាំងទាំងឡាយរបស់នីហ្វៃ ហើយបានចាប់ផ្ដើមកត់ត្រាពីអ្វីដែលលោកបានសង្កេតក្នុងចំណោមប្រជាជន តាំងពីពេលដែលលោកនៅក្មេងមក ( សូមមើល មរមន 2:16–18 ) ។ សូមអាន មរមន 2:18–19 ហើយគូសចំណាំឃ្លាមួយចំនួន ដែលពិពណ៌នាអំពីស្ថានភាពខាងវិញ្ញាណដែលមរមនបានធំឡើងជាមួយ ។
ចេញពីអ្វីដែលអ្នកបានរៀនអំពីមរមន តើអ្នកគិតថា ហេតុអ្វីលោកមានទំនុកចិត្តថា លោកនឹងបាន « តម្កើងឡើងនៅថ្ងៃចុងក្រោយបង្អស់ » ? ( មរមន 2:19 ) ។ ( នៅក្នុងបរិបទនេះ « តម្កើងឡើងនៅថ្ងៃចុងក្រោយបង្អស់ » មានន័យថាត្រូវបានលើកតម្កើងឡើង—បានរស់ឡើងវិញដោយមានរូបកាយសេឡេស្ទាលមួយ ហើយត្រូវបាននាំចូលទៅក្នុងវត្តមានរបស់ព្រះ ដើម្បីនៅជាមួយទ្រង់ជារៀងរហូត ) ។
ជីវិតរបស់មរមន គឺជាទីបន្ទាល់មួយថា យើងអាចជ្រើសរើសរស់នៅដោយសុចរិត សូម្បីនៅក្នុងសង្គមដ៏ទុច្ចរិតមួយក៏ដោយ ។
សូមពិចារណាពីដំបូន្មានតទៅនេះ ៖ « អ្នកទទួលខុសត្រូវចំពោះជម្រើសទាំងឡាយដែលអ្នកជ្រើសរើស ។ ព្រះខ្វល់ខ្វាយពីអ្នក ហើយនឹងជួយអ្នកឲ្យធ្វើការជ្រើសរើសត្រឹមត្រូវ សូម្បីតែក្រុមគ្រួសារ និង មិត្តភក្តិទាំងឡាយរបស់អ្នកប្រើសិទ្ធិជ្រើសរើសរបស់ពួកគេ តាមរបៀបដែលពុំត្រឹមត្រូវក៏ដោយ ។ ចូរមានសេចក្ដីក្លាហានខាងសីលធម៌ ដើម្បីឈរដោយខ្ជាប់ខ្ជួននៅក្នុងការគោរពតាមព្រះហឫទ័យរបស់ព្រះ ទោះបីជាអ្នកត្រូវឈរតែម្នាក់ឯងក៏ដោយ ។ នៅពេលដែលអ្នកធ្វើដូច្នោះ នោះអ្នកធ្វើគំរូដល់អ្នកដទៃឲ្យធ្វើតាមដែរ » ( ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ 2011 ] ទំព័រ 2 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីពេលមួយ ដែលអ្នកបានឃើញមិត្ត ឬ សមាជិកគ្រួសារម្នាក់ ឈរយ៉ាងរឹងមាំនៅក្នុងការគោរពតាមព្រះហឫទ័យព្រះ សូម្បីពេលអ្នកផ្សេងទៀតមិនគោរពក៏ដោយ ។ សូមសរសេរផងដែរពីគំនិតរបស់អ្នក ថាតើគំរូរបស់មនុស្សនោះ និង គំរូរបស់មរមនជាប្រយោជន៍ដល់អ្នកយ៉ាងដូចម្ដេចដែរ ។
បាវចនារបស់ក្រុមយុវនារីគឺ « ឈរសម្រាប់សេចក្ដីពិត និង សេចក្ដីសុចរិត » ។ មិនថាអ្នកជាយុវនារី ឬ យុវជននោះទេ សូមគិតពីចំណុចជាក់លាក់មួយក្នុងជីវិតអ្នក ដែលអ្នកអាចប្ដេជ្ញាចិត្តឲ្យកាន់តែខ្លាំងដើម្បីឈរសម្រាប់អ្វីដែលត្រឹមត្រូវ ។ ព្រះអម្ចាស់នឹងជួយអ្នក ពេលអ្នកប្រឹងប្រែងព្យាយាមឈរសម្រាប់អ្វីដែលត្រឹមត្រូវ ទោះបីពេលដែលអ្នកផ្សេងទៀតនៅជុំវិញអ្នក អាចនឹងមិនធ្វើដូច្នោះក៏ដោយ ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា មរមន 1–2 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖