មេរៀនទី 16 ៖ ថ្ងៃទី 1
អាលម៉ា 11
សេចក្តីផ្ដើម
អាមូលេកបានដេញដោលគ្នាជាមួយនឹងអ្នកច្បាប់ស៊ីអ៊ែសរ៉ុម ដែលបានព្យាយាមធ្វើឲ្យលោកបដិសេធព្រះដ៏ពិត និង មានព្រះជន្មរស់ ។ ខណៈដែលលោកបានការពារសេចក្ដីជំនឿរបស់លោក ទាស់នឹងការព្យាយាមរបស់ស៊ីអ៊ែសរ៉ុម ក្នុងការដាក់អន្ទាក់លោក នោះអាមូលេកបានថ្លែងទីបន្ទាល់ថា សេចក្ដីសង្គ្រោះពីអំពើបាប បានមកមានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ អាមូលេកបានថ្លែងទីបន្ទាល់យ៉ាងរឹងមាំថា មនុស្សលោកទាំងអស់នឹងបានរស់ឡើងវិញ និង ត្រូវជំនុំជម្រះដោយព្រះ ។ ដោយសារដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ អ្នកនឹងបានរស់ឡើងវិញ ហើយនៅថ្ងៃមួយ នឹងឈរនៅចំពោះព្រះ និង ផ្ដល់នូវដំណើររឿងនៃជីវិតអ្នកនៅលើផែនដី ។
អាលម៉ា 11:1–25
អាមូលេកច្រានចោលនូវការល្បួងរបស់ស៊ីអ៊ែសរ៉ុម ដែលល្បួងលោកឲ្យបដិសេធថាមានព្រះ ។
សូមគិតពីអ្វីមួយដែលជាកម្មសិទ្ធរបស់អ្នក វាមានតម្លៃយ៉ាងខ្លាំងចំពោះអ្នក ដែលអ្នកនឹងមិនលក់វាឡើយ ។ សូមគិតពីមូលហេតុដែលវាមានតម្លៃដល់ម្ល៉េះចំពោះអ្នក ។ នៅក្នុង អាលម៉ា 11 ពេលដែលអាលម៉ា និង អាមូលេក បានបន្តបង្រៀនប្រជាជនអាំម៉ូណៃហា មានអ្នកច្បាប់ទុច្ចរិតម្នាក់ឈ្នោះស៊ីអ៊ែសរ៉ុម បានមកប្រទល់មុខគ្នានឹងអាមូលេក ហើយបានឲ្យប្រាក់ដល់លោក ជាការប្ដូរនឹងអ្វីមួយដែលមានតម្លៃខ្លាំងបំផុតចំពោះអាមូលេកនោះ ។ ព្រះគម្ពីរពិពណ៌នាអំពីស៊ីអ៊ែសរ៉ុមថា ជា « មនុស្សដែលស្ទាត់ជំនាញនឹងមធ្យោបាយទាំងឡាយខាងអារក្ស » ( អាលម៉ា 11:21 ) ដែលមានន័យថា គាត់បានរៀនពីរបៀបប្រើប្រាស់យុទ្ធសាស្ត្រ ផែនការ ការបំភាន់ និង ល្បិចដូចគ្នា ដែលសាតាំងប្រើប្រាស់ដើម្បីទាក់ចិត្តមនុស្សផ្សេងទៀត ឲ្យចេញពីសុចរិតភាព និង សេចក្ដីពិត ។
សូមពិនិត្យមើល អាលម៉ា 11:21–22 ហើយរកមើល ថាតើប្រាក់ប៉ុន្មានដែលស៊ីអ៊ែសរ៉ុមបានផ្ដល់ដល់អាមូលេក និង អ្វីដែលគាត់ចង់ឲ្យអាមូលេកធ្វើជាថ្នូរនឹងប្រាក់នោះ ។ មួយ « អុនតៃ » គឺជាប្រាក់ដែលមានតម្លៃបំផុតនៃប្រាក់កាក់របស់ពួកសាសន៍នីហ្វៃ ( សូមមើល អាលម៉ា 11:6, 11–13 ) ។ មួយអុនតៃមានតម្លៃប្រហែលនឹងប្រាក់កម្រៃមួយសប្ដាហ៍របស់ចៅក្រមម្នាក់ ( សូមមើល អាលម៉ា 11:3 ) ។
សូមឆ្លើយសំណួរខាងក្រោមទាំងនេះ ៖
-
តើពេលណាដែលអ្នកបានឃើញនរណាម្នាក់ បដិសេធការទាក់ចិត្តនៃលោកិយ ដូចជាអ្វីដែលបានផ្ដល់ដល់អាមូលេកនោះ ?
-
តើការឃើញពីការណ៍នេះ បានបំផុសអ្នកឲ្យនៅស្មោះត្រង់យ៉ាងណាដែរ ?
សូមអាន អាលម៉ា 11:23–25 ដើម្បីឃើញ ថាតើអាមូលេកបានឆ្លើយតបយ៉ាងណាចំពោះការផ្ដល់ឲ្យរបស់ស៊ីអ៊ែសរ៉ុម ។ បន្ទាប់មក សូមឆ្លើយសំណួរដែលនៅក្នុងសៀវភៅណែនាំការសិក្សារបស់អ្នកខាងក្រោមនេះ ៖
-
តើអ្នកគិតថា ហេតុអ្វីអាមូលេកមិនចាប់អារម្មណ៍លើការផ្ដល់ឲ្យរបស់ស៊ីអ៊ែសរ៉ុម ?
-
តាមរយៈ អាលម៉ា 11:25 តើអ្វីជាផែនការរបស់ស៊ីអ៊ែសរ៉ុម នៅក្នុងការផ្ដល់ឲ្យប្រាក់ចំនួនប្រាំមួយអុនតៃទៅអាមូលេក ?
-
តើការណ៍នេះស្រដៀងគ្នាយ៉ាងណាដែរ ទៅនឹងអ្វីដែលសាតាំងធ្វើ ពេលមនុស្សព្រមធ្លាក់ចូលក្នុងការល្បួងរបស់វានោះ ?
-
សូមបំពេញលំហាត់ខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ដើម្បីរកឃើញឲ្យកាន់តែច្បាស់ ពីរបៀបដែលអាមូលេកអាចទប់ទល់មិនចុះចាញ់ការផ្ដល់ឲ្យរបស់ស៊ីអ៊ែសរ៉ុម សូមអាន អាលម៉ា 11:22 ហើយបំពេញសេចក្ដីថ្លែងតទៅនេះ ៖ « ខ្ញុំនឹង ពុំធ្វើអ្វីដែលផ្ទុយនឹងព្រះវិញ្ញាណនៃព្រះអម្ចាស់ឡើយ » ។ បន្ទាប់មក សូមសរសេរពាក្យបីបួនមាត់ផ្សេងទៀត ដែលអ្នកអាចដាក់បាននៅក្នុងចន្លោះនោះ ដែលជាសេចក្ដីថ្លែងពិតផងដែរ ( ឧទាហរណ៏ សូមពិចារណាពីពាក្យ ធ្វើ អាន ស្លៀកពាក់ មើល និង សរសេរ ) ។
-
សូមសរសេរសេចក្ដីថ្លែងមួយ ដោយផ្អែកលើ អាលម៉ា 11:22 ដែលអាចជួយអ្នកឲ្យចាំពីរបៀបដែលអ្នកអាចយកឈ្នះការល្បួង ដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ។ អ្វីដែលអ្នកសរសេរ គួរតែបង្ហាញពីសេចក្ដីពិតដែលចេញពីពាក្យសម្ដីអ្នកផ្ទាល់ថា ពេលយើងពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចយកឈ្នះការល្បួងបាន ។
-
សូមផ្អាកក្នុងការសិក្សារបស់អ្នកមួយស្របក់ ហើយពិចារណាពីសំណួរតទៅនេះ ៖ តើការរស់នៅ ដើម្បីឲ្យខ្ញុំអាចងាយស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និង ធ្វើតាមការបំផុសរបស់ទ្រង់ ជួយខ្ញុំឲ្យឈ្នះការល្បួងយ៉ាងណាដែរ ?
សូមអានដំបូន្មានខាងក្រោមនេះពី ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីឃើញថាតើការពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ អាចជួយអ្នកយកឈ្នះលើការល្បួងយ៉ាងណា ៖
« បើអ្នកកំពុងតែរអិលធ្លាក់ទៅក្នុងការណ៍ទាំងឡាយ ដែលអ្នកមិនគួរធ្លាក់ចូល ឬ បើអ្នកកំពុងប្រាស្រ័យទាក់ទងនឹងមនុស្ស ដែលកំពុងតែទាញអ្នកចេញទៅក្នុងទិសដៅខុស នោះគឺជាពេលវេលាដើម្បីការពារឯករាជ្យភាពរបស់អ្នក សិទ្ធិជ្រើសរើសរបស់អ្នក ។ ចូរស្ដាប់ដល់សំឡេងនៃព្រះវិញ្ញាណ ហើយអ្នកនឹងមិនត្រូវបានដឹកនាំឲ្យវង្វេងឡើយ ។ …
« … ក្នុងនាមជាអ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ខ្ញុំសូមសន្យាថា អ្នកនឹងត្រូវបានការពារពីការវាយប្រហាររបស់មារសត្រូវ បើអ្នកនឹងស្ដាប់តាមការបំផុសដែលមកពីព្រះវិញ្ញាណបរិសុទ្ធនោះ » ( “Counsel to Youth” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 18 ) ។
-
ដើម្បីពិចារណាពីការអនុវត្តដែលអាចប្រព្រឹត្តទៅបានពីអ្វីដែលអ្នកបានរៀន នោះសូមឆ្លើយនូវសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើស្ថានភាពអ្វីខ្លះ ដែលពួកយុវវ័យត្រូវបានល្បួងឲ្យកែសម្រួលទីបន្ទាល់របស់ខ្លួន ឬ មិនអើពើរនឹងទីបន្ទាល់ ដើម្បីរឿងខាងលោកិយ ?
-
តើយោបល់អ្វីខ្លះ ដែលអ្នកផ្ដល់ដល់សិស្សរួមថ្នាក់ម្នាក់ ដែលនឹងជួយគាត់ឲ្យពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ ពេលប្រឈមនឹងការល្បួងបែបនេះ ?
-
សូមអនុវត្តអ្វីដែលអ្នកបានរៀន ដោយការចងចាំពីគំរូរបស់អាមូលេក ពេលក្រោយនៅពេលដែលអ្នកត្រូវបានល្បួងឲ្យកែសម្រួលការជឿ ឬ តម្លៃរបស់អ្នក ។ សូមចាំថា អ្នកអាចមានបទពិសោធន៍ពីការមានទំនុកចិត្ត និង ការបញ្ជាក់អះអាងដែលកាន់តែអស្ចារ្យជាងមុន ពេលដែលអ្នករស់នៅដោយសក្ដិសម និង ធ្វើតាមការបំផុសរបស់ព្រះវិញ្ញាណបរិសុទ្ធ ។
អាលម៉ា 11:26–40
អាមូលេកថ្លែងទីបន្ទាល់ពីព្រះរាជបុត្រានៃព្រះ និង យកឈ្នះការព្យាយាមរបស់ស៊ីអ៊ែសរ៉ុម ក្នុងការបង្ខូចពាក្យសម្ដីរបស់លោក ។
ស៊ីអ៊ែសរ៉ុមវាយប្រហារសេចក្ដីជំនឿរបស់អាមូលេកលើព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីធ្វើឲ្យទាក់ទងទៅនឹងខ្លួនយើងផ្ទាល់ នូវអ្វីដែលបានកើតឡើង បន្ទាប់ពីស៊ីអ៊ែសរ៉ុមបរាជ័យក្នុងការធ្វើឲ្យអាមូលេកបដិសេធថាមានព្រះ នោះសូមគិតពីពេលមួយ ដែលប្រហែលមាននរណាម្នាក់ទាស់នឹងការជឿរបស់អ្នក ។ សូមអានពីការសន្ទនារបស់ស៊ីអ៊ែសរ៉ុម នៅក្នុង អាលម៉ា 11:26–34 ហើយបន្ទាប់មកមើលពីរបៀបដែលស៊ីអ៊ែសរ៉ុមមួលបង្កាច់ពាក្យរបស់អាមូលេក នៅក្នុង អាលម៉ា 11:35 ។
សូមអានពីរបៀបដែលអាមូលេកកែពាក្យបង្កាច់បង្ខូចនេះ នៅក្នុង អាលម៉ា 11:36–37 ។ អ្នកអាចនឹងចង់គូសចំណាំ លេខយោង 34ក នៅក្នុងព្រះគម្ពីររបស់អ្នក និង អាន ហេលេមិន 5:10–11 ។ បន្ទាប់មក សូមពន្យល់ជាពាក្យសម្ដីរបស់អ្នកផ្ទាល់ ពីភាពខុសគ្នារវាងការដែលត្រូវបានសង្គ្រោះ « ក្នុងអំពើបាបរបស់យើង » និង ការដែលត្រូវបានសង្គ្រោះ « ពីអំពើបាបរបស់យើង » ( អក្សរត្រេតត្រូវបានបន្ថែម ) ៖
សូមអាន អាលម៉ា 11:40 ហើយរកមើលជំហានទីមួយ ដែលអាមូលេកបាននិយាយថាប្រជាជនត្រូវធ្វើ ដើម្បីបានសង្គ្រោះពីអំពើបាបរបស់ពួកគេ ។ មានមនុស្សខ្លះ ដែលប្រកាសថាជឿលើព្រះយេស៊ូវគ្រីស្ទ តែពួកគេពុំចង់ផ្លាស់ប្ដូរការប្រព្រឹត្តរបស់ពួកគេទេ ។ ការជឿលើព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ មានន័យថាមានសេចក្ដីជំនឿលើទ្រង់ ។
ដើម្បីយល់ឲ្យកាន់តែច្បាស់ ថាតើ « ការជឿលើព្រះនាមរបស់ទ្រង់ » ( ការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ) នាំទៅកាន់ការប្រែចិត្តយ៉ាងណានោះ សូមអានការដកស្រង់តទៅនេះពី ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ នៃគណៈប្រធានទីមួយ ៖ « យើងត្រូវការសេចក្ដីជំនឿដ៏រឹងមាំក្នុងព្រះគ្រីស្ទ ដើម្បីអាចប្រែចិត្តបាន ។ សេចក្ដីជំនឿរបស់យើង ត្រូវតែរួមបញ្ចូលទាំង ‹ គំនិតត្រឹមត្រូវអំពីនិស្ស័យ ភាពឥតខ្ចោះ និង លក្ខណៈ [ របស់ព្រះ ] › ( Lectures on Faith [1985] ទំព័រ 38 ) ។ បើយើងជឿថា ព្រះទ្រង់ជ្រាបគ្រប់ការណ៍ទាំងអស់ ពេញដោយក្ដីស្រឡាញ់ និង ពេញដោយសេចក្ដីមេត្តាករុណា នោះយើងនឹងអាចដាក់ការទុកចិត្តរបស់យើងលើទ្រង់ដោយពុំងាករេ ដើម្បីបានសេចក្ដីសង្គ្រោះរបស់យើង ។ សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នឹងផ្លាស់ប្ដូរការគិត ការជឿ និង ការប្រព្រឹត្តរបស់យើង ដែលមិនស្របនឹងព្រះបំណងរបស់ព្រះ » ( “Point of Safe Return” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 100 ) ។
តើសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ បានជំរុញអ្នកឲ្យផ្លាស់ប្ដូរការគិត ការជឿ និង ការប្រព្រឹត្តរបស់អ្នកយ៉ាងណាដែរ ?
-
ហេតុអ្វីមនុស្សម្នាក់ត្រូវការសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដើម្បីប្រែចិត្ត ? ដោយប្រើប្រាស់នូវអ្វីដែលអ្នកបានរៀនពីអាមូលេក និង ប្រធាន អុជដូហ្វ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើអ្នកនឹងពន្យល់គោលការណ៍តទៅនេះដោយរបៀបណា ៖ សេចក្ដីជំនឿដ៏ពិតលើព្រះយេស៊ូវគ្រីស្ទ គឺជាការចាប់ផ្ដើមដំណើរការនៃការប្រោសលោះពីអំពើបាបរបស់យើង ។
អាលម៉ា 11:41–46
អាមូលេកបង្រៀនអំពីដំណើររស់ឡើងវិញ និង ការជំនុំជម្រះរបស់មនុស្សលោកទាំងអស់
មុនពេលអ្នកអានពីសេចក្ដីបញ្ចប់នៃទីបន្ទាល់របស់អាមូលេក ទៅកាន់ស៊ីអ៊ែសរ៉ុម សូមសញ្ជឹងគិតពីសំណួរតទៅនេះ ៖ ដោយការមិនជឿលើជីវិតបន្ទាប់ពីសេចក្ដីស្លាប់ តើសកម្មភាពរបស់មនុស្សម្នាក់អាចត្រូវបានជះឥទ្ធិពលលើយ៉ាងណា ?
-
សូមសរសេរពាក្យ ដំណើររស់ឡើងវិញ និង ការជំនុំជម្រះ ជាចំណងជើងនៃកូឡោនពីរផ្សេងគ្នា នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ បន្ទាប់មក សូមពិនិត្យមើល អាលម៉ា 11:41–45 រកមើលព័ត៌មានឲ្យបានច្រើនតាមដែលអ្នកអាចរកបាន អំពីដំណើររស់ឡើងវិញ និង ការជំនុំជម្រះ ហើយសរសេរពីអ្វីដែលអ្នករៀននៅក្រោមចំណងជើងនីមួយៗ ។ អ្នកអាចនឹងចង់សរសេរនៅផ្នែកខាងលើនៃទំព័រនៅក្នុងព្រះគម្ពីររបស់អ្នក ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ មនុស្សទាំងអស់នឹងបានរស់ឡើងវិញ ហើយនឹងត្រូវបានជំនុំជម្រះទៅតាមកិច្ចការរបស់ពួកគេ ។ ខទាំងនេះក៏បង្រៀនផងដែរថា ដំណើររស់ឡើងវិញ មានន័យថា ការផ្គុំគ្នាជាថ្មីនៃរូបកាយ និង វិញ្ញាណរបស់យើង ក្នុង « ប្រាណដ៏ល្អឥតខ្ចោះ » និង « ដោយត្រឹមត្រូវ » ដោយមិនត្រូវបំបែកគ្នាម្ដងទៀតឡើយ ( សូមមើល អាលម៉ា 11:43, 45 ) ។
-
សូមឆ្លើយសំណួរមួយ ឬ ទាំងពីរនៃសំណួរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការគិត និង អារម្មណ៍អ្វីខ្លះ ដែលអ្នកមាន ពេលអ្នកគិតអំពីការបានរស់ឡើងវិញ និង ត្រូវជំនុំជម្រះនោះ ?
-
តើការជឿរបស់អ្នកដែលថា អ្នកនឹងបានរស់ឡើងវិញ និង ត្រូវជំនុំជម្រះនោះ ជះឥទ្ធិពលយ៉ាងណាទៅលើរបៀបដែលអ្នកជ្រើសរើសរស់នៅរាល់ថ្ងៃ ?
-
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 11 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖