មេរៀនទី 25 ៖ ថ្ងៃទី 4
នីហ្វៃទី3 15–16
សេចក្តីផ្ដើម
កាលដែលព្រះអង្គសង្គ្រោះបន្តបង្រៀនដល់ប្រជាជននៅឯព្រះវិហារបរិសុទ្ធនៅដែនដីបរិបូរណ៍ នោះទ្រង់បានប្រកាសថា ក្រិត្យវិន័យលោកម៉ូសេត្រូវបានបំពេញនៅក្នុងទ្រង់ ហើយថា ទ្រង់ជាពន្លឺ និង ជាក្រិត្យវិន័យដែលមនុស្សគប្បីសម្លឹងដល់ ។ បន្ទាប់មក ព្រះអង្គសង្គ្រោះបានពន្យល់ដល់ពួកសិស្សសាសន៍នីហ្វៃទាំងដប់ពីរនាក់ថា ប្រជាជននៅទ្វីបអាមេរិក គឺជា « ចៀមឯទៀត » មួយចំនួន ដែលទ្រង់បានមានបន្ទូលទៅកាន់ប្រជាជននៅឯយេរ៉ូសាឡិម ( សូមមើល យ៉ូហាន 10:14–16 ) ។ ទ្រង់ក៏បានសន្យាផងដែរថា អ្នកទាំងឡាយណាដែលប្រែចិត្ត ហើយត្រឡប់ទៅកាន់ទ្រង់វិញ នឹងត្រូវបានរាប់ក្នុងចំណោមរាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ ។
នីហ្វៃទី3 15:1–10
ព្រះអង្គសង្គ្រោះប្រកាសថា ទ្រង់បានបំពេញក្រិត្យវិន័យរបស់លោកម៉ូសេ
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីព្រះអម្ចាស់ស្នើឲ្យយើងគោរពប្រតិបត្តិក្រិត្យវិន័យ និង បទបញ្ញត្តិជាក់លាក់ទាំងឡាយ ដូចជាការបង់ដង្វាយមួយភាគក្នុងដប់ គោរពថ្ងៃបរិសុទ្ធ និង គោរពឪពុកម្ដាយយើង ជាដើម ? កាលដែលព្រះយេស៊ូវគ្រីស្ទបានបន្តណែនាំដល់ពួកសាសន៍នីហ្វៃ នោះទ្រង់បានបង្រៀនពួកគេពីគោលបំណងដ៏សំខាន់ដែលនៅពីក្រោយក្រិត្យវិន័យ និង បទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ សូមរកមើលគោលបំណងនេះ ពេលអ្នកសិក្សា នីហ្វៃទី3 15 ។
កាលដែលព្រះអង្គសង្គ្រោះបានបញ្ចប់ការមានបន្ទូលទៅកាន់បណ្ដាជនហើយ ទ្រង់បានជ្រាបថា មានមនុស្សខ្លះក្នុងចំណោមពួកគេមានសំណួរមួយ ។ សូមអាន នីហ្វៃទី3 15:1–2 ហើយសរសេរពីអ្វីដែលប្រជាជនស្ញប់ស្ញែង និង ឆ្ងល់ ៖
ដើម្បីយល់ពីមូលហេតុដែលពួកសាសន៍នីហ្វៃមានភាពស្ញប់ស្ងែង និង ឆ្ងល់ពីការប្រកាសរបស់ព្រះអង្គសង្គ្រោះដែលថា « សេចក្ដីទាំងឡាយពីបុរាណ » នៃក្រិត្យវិន័យលោកម៉ូសេបានកន្លងផុតទៅ ហើយ « អ្វីៗទាំងអស់បានក្លាយទៅជាថ្មី » នោះវានឹងជួយក្នុងការយល់ថា អស់រយៈពេលរាប់សតវត្សរ៍មកហើយដែលពួកសាសន៍នីហ្វៃបានស្គាល់ និង រស់នៅក្រោមក្រិត្យវិន័យរបស់លោកម៉ូសេ ។ ក្រិត្យវិន័យ ក្រិត្យក្រម និង របៀបរៀបរយនៃសាសនាចក្ររបស់ពួកគេ គឺផ្អែកលើក្រិត្យវិន័យលោកម៉ូសេ ជាក្រិត្យវិន័យដែលត្រូវបានប្រទានពីបុរាណ ដោយព្រះយេស៊ូវគ្រីស្ទក្នុងពេលមុនជីវិតរមែងស្លាប់ ដើម្បីរៀបចំមនុស្សសម្រាប់ការយាងមករបស់ទ្រង់ និង ដើម្បីចង្អុលបង្ហាញពួកគេទៅកាន់ការបូជាដ៏ធួនរបស់ទ្រង់ ។ ឥឡូវនេះ អង្គដែលប្រទានក្រិត្យវិន័យដ៏ឥតខ្ចោះ កំពុងឈរនៅចំពោះពួកគេ ដោយប្រកាសថា ដង្វាយធួនបានសម្រេចហើយ ( សូមមើល នីហ្វៃទី3 11:10–14 ) ហើយថា នៅក្នុងទ្រង់ នោះក្រិត្យវិន័យលោកម៉ូសេត្រូវបានបំពេញ ( សូមមើល នីហ្វៃទី3 9:16–20; 12:46–47 ) ។ ការប្រកាសរបស់ទ្រង់ដែលថា សេចក្ដីទាំងឡាយពីបុរាណរបស់ក្រិត្យវិន័យលោកម៉ូសេ « បានកន្លងហួសទៅ » ហើយអ្វីៗដែលថ្មីត្រូវជំនួសក្រិត្យវិន័យ បានផ្លាស់ប្ដូរភ្លាមៗនូវរបៀបដែលពួកគេត្រូវថ្វាយបង្គំព្រះ ។
ព្រះអង្គសង្គ្រោះបានឆ្លើយតបចំពោះកង្វល់របស់ពួកគេ ដោយការសង្កត់ធ្ងន់លើគោលការណ៍ដ៏សំខាន់មួយ ។ សូមអាន នីហ្វៃទី3 15:3–5, 9 ហើយគូសចំណាំឃ្លាទាំងឡាយនៅក្នុងការឆ្លើយតបរបស់ព្រះអង្គសង្គ្រោះ ដែលអាចធានាអះអាងដល់ពួកសាសន៍នីហ្វៃថា ប្រភពនៃក្រិត្យវិន័យគឺមិនបានផ្លាស់ប្ដូរទេ ។
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ព្រះយេស៊ូវកំពុងបង្រៀនអ្វីដល់ពួកសាសន៍នីហ្វៃ ពេលដែលទ្រង់មានបន្ទូលថា « យើងជាក្រិត្យវិន័យ » ? ( នីហ្វៃទី3 15:9 ) ។
ចេញពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងខទាំងនេះ យើងអាចរៀនថា ព្រះយេស៊ូវគ្រីស្ទគឺជាប្រភពនៃក្រិត្យវិន័យ និង បទបញ្ញត្តិទាំងអស់នៃដំណឹងល្អ ។ សូមពិចារណាពីមូលហេតុដែលសេចក្ដីពិតនេះសំខាន់ដល់ពួកសាសន៍នីហ្វៃ ពេលដែលពួកគេបានរៀនថា ក្រិត្យវិន័យលោកម៉ូសេពីបុរាណត្រូវបានជំនួសដោយក្រិត្យវិន័យដែលខ្ពស់ជាង ហើយបានទទួលបទពិសោធន៍ពីការផ្លាស់ប្ដូរក្នុងរបៀបនៃការថ្វាយបង្គំរបស់ពួកគេ ។
សូមអាន នីហ្វៃទី3 15:9–10 ហើយគូសចំណាំអ្វីដែលព្រះអម្ចាស់ចង់ឲ្យយើងធ្វើ ដែលជាលទ្ធផលនៃគោលលទ្ធិនេះ ។ សូមប្រើនូវអ្វីដែលអ្នករៀននៅក្នុងខទាំងនេះ ដើម្បីបំពេញគោលការណ៍តទៅនេះ ៖ បើយើង ដល់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការរក្សា នោះទ្រង់នឹងប្រទានដល់យើងនូវ ។
-
សូមគិតអំពីបទបញ្ញត្តិទាំងឡាយដូចជា ការបង់ដង្វាយមួយភាគក្នុងដប់ ការគោរពថ្ងៃបរិសុទ្ធ និង ការគោរពឪពុកម្ដាយយើង ហើយឆ្លើយតបសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើមនុស្សម្នាក់អាចធ្វើតាមបទបញ្ញត្តិ ហើយនៅតែមិនសម្លឹងដល់ព្រះគ្រីស្ទដោយរបៀបណាទៅ ?
-
ប្រសិនបើការផ្តោតរបស់យើងគឺទៅលើការសម្លឹងទៅកាន់ព្រះយេស៊ូវគ្រីស្ទ ហើយមិនគ្រាន់តែជាការគោរពប្រតិបត្តិដល់ច្បាប់ទាំងឡាយនោះ តើការគោរពប្រតិបត្តិរបស់យើងចំពោះបទបញ្ញត្តិទាំងឡាយអាចនឹងផ្លាស់ប្ដូរនៅក្នុងរបៀបណាខ្លះ?
-
របៀបមួយដែលការគោរពប្រតិបត្តិរបស់យើងចំពោះបទបញ្ញត្តិទាំងឡាយអាចផ្លាស់ប្ដូរ ប្រសិនបើយើងសម្លឹងទៅព្រះគ្រីស្ទ គឺថា ការជំរុញទឹកចិត្តរបស់យើងក្នុងការគោរពប្រតិបត្តិនឹងផ្លាស់ប្ដូរពីការគោរពដោយព្រោះកាតព្វកិច្ច ឬ សូម្បីដោយព្រោះសេចក្ដីស្រឡាញ់ច្បាប់នោះ ទៅជាដោយព្រោះសេចក្ដីស្រឡាញ់ចំពោះព្រះអម្ចាស់វិញ ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ អែលឌើរ ម៉ាវីន ជេ. អាស្តុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « វាជាការលួងលោមខាងវិញ្ញាណ និង ជាពរជ័យអ្វីម្ល៉េះ ក្នុងការដឹងថា ប្រសិនបើយើងសម្លឹងទៅព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ហើយស៊ូទ្រាំដល់ទីបញ្ចប់ នោះជីវិតដ៏នៅអស់កល្បជានិច្ច និង ភាពលើកតម្កើងនឹងជារបស់យើង ។ … យើងកាន់តែងាយខិតចូលទៅជិតព្រះ ពេលយើងសម្លឹងទៅទ្រង់ ។ ការសម្លឹងទៅកាន់ព្រះ បង្រៀនយើងឲ្យបម្រើ និង រស់នៅដោយពុំមានការបង្ខិតបង្ខំ [ ពុំមានការបង្ខំ ឬ ដាក់សម្ពាធឲ្យធ្វើអ្វីមួយ ] » ( “There Are Many Gifts” Ensign ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 21 ) ។
-
សូមជ្រើសរើសបទបញ្ញត្តិមួយដែលអ្នកអាចនឹងងឿងឆ្ងល់ថា មូលហេតុអ្វីអ្នកត្រូវគោរពប្រតិបត្តិ ហើយពិចារណាថាតើការគោរពដល់បទបញ្ញត្តិនោះអាចដឹកនាំអ្នកទៅកាន់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ។ អ្នកអាចនឹងចង់ដាក់គោលដៅមួយ ដើម្បីគោរពប្រតិបត្តិដល់បទបញ្ញត្តិដែលអ្នកបានជ្រើសរើសនោះឲ្យកាន់តែខ្លាំង ហើយសរសេរនូវគំនិតមួយចំនួនអំពីរបៀបដើម្បីធ្វើវាឲ្យបានសម្រេច ។ សូមកត់ត្រាគំនិតទាំងឡាយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
នីហ្វៃទី3 15:11–16:5
ព្រះយេស៊ូវគ្រីស្ទមានបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ទាក់ទងនឹងចៀមឯទៀតរបស់ទ្រង់
តើអ្នកធ្លាប់មានអារម្មណ៍ថា ត្រូវគេបំភ្លេច ឬ ទុកចោលឲ្យនៅឯកោ ហើយឆ្ងល់ថាបើព្រះវរបិតាស្គាល់ថាអ្នកជានរណាដែរឬទេ ? ទោះបីជាយើងអាចនឹងមានអារម្មណ៍ថាឯកោ ឬ ជួនកាលមានអារម្មណ៍មិនសំខាន់ដូចអ្នកដទៃទៀត ក៏ព្រះខ្វល់ខ្វាយពីរាស្ត្ររបស់ទ្រង់ និង បង្ហាញអង្គទ្រង់ដល់ពួកគេ ។ សូមរកមើលភស្ដុតាងនៃសេចក្ដីពិតនេះ ពេលអ្នកសិក្សាអ្វីដែលនៅសល់ក្នុង នីហ្វៃទី3 15 និង ដើមដំបូងនៃ នីហ្វៃទី3 16 ។
ដូចមានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាថ្មី និង ព្រះគម្ពីរមរមន ព្រះយេស៊ូវគ្រីស្ទបានធ្វើការបម្រើក្នុងចំណោមប្រជាជននៅក្នុងពិភពបុរាណ និង នៅក្នុងទ្វីបអាមេរិក ។ សូមអាន នីហ្វៃទី3 15:11–17 រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់បានប្រាប់ដល់ពួកអ្នកទាំងឡាយដែលនៅយេរ៉ូសាឡិម អំពីរាស្ត្រទ្រង់នៅក្នុងទ្វីបអាមេរិក ។
« ចៀមឯទៀត » គឺសំដៅដល់អ្នកដើរតាមអ្នកគង្វាល ព្រះយេស៊ូវគ្រីស្ទ ផ្សេងទៀត ។ ក្រោលគឺជាទ្រុងចៀម ប៉ុន្តែពាក្យក្រោល ដែលត្រូវបានប្រើនៅក្នុងករណីនេះ គឺមានន័យដល់ក្រុមមនុស្សមួយក្រុមដែលមានជំនឿលើព្រះយេស៊ូវគ្រីស្ទដូចគ្នា ។ យោងតាម នីហ្វៃទី3 15:17 តើព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងបង្ហាញអង្គទ្រង់ដល់ចៀមឯទៀតរបស់ទ្រង់ដោយរបៀបណា ?
ព្រះយេស៊ូវគ្រីស្ទបានពន្យល់ពីមូលហេតុដែលព្រះវរបិតាសួគ៌ បានបញ្ជាទ្រង់កុំឲ្យផ្ដល់ការចេះដឹងបន្ថែមទៀតពីចៀមឯទៀតរបស់ទ្រង់ ដល់ពួកអ្នកដែលនៅយេរ៉ូសាឡិម ។ សូមពិនិត្យមើល នីហ្វៃទី3 15:18–20 ហើយគូសចំណាំការពន្យល់របស់ព្រះអង្គសង្គ្រោះ ។ ដោយឃើញថា ព្រះវរបិតាបានដកហូតនូវការចេះដឹងដែលធំជាង អំពីពួកសាសន៍នីហ្វៃ ពីពួកសាសន៍យូដា ដោយសារតែអំពើទុច្ចរិតរបស់ពួកយូដា នោះយើងអាចរៀនពីគោលការណ៍សំខាន់មួយទាក់ទងនឹងរបៀបដែលយើងទទួលបានការចេះដឹង និង សេចក្ដីពិតពីព្រះអម្ចាស់ ។ ផ្អែកលើខទាំងនេះ តើអ្នកនឹងបំពេញគោលការណ៍ខាងក្រោមនេះយ៉ាងដូចម្ដេចដែរ ? ព្រះប្រទានដល់យើងនូវការចេះដឹង និង សេចក្ដីពិតយោងទៅតាម របស់យើង ។
ព្រះអម្ចាស់បានមានបន្ទូលប្រាប់ពួកសាសន៍នីហ្វៃថា ពួកគេជាផ្នែកនៃចៀមឯទៀតនោះ ដែលទ្រង់បានមានបន្ទូលដល់ នៅយេរ៉ូសាឡិម ។ ពួកសាសន៍យូដាបានគិតថា ទ្រង់មានបន្ទូលដល់ពួកសាសន៍ដទៃ ( មិនមែនសាសន៍អ៊ីស្រាអែល ) ។ ពួកគេពុំបានយល់ថា ពួកសាសន៍ដទៃនឹងពុំ « ឮ » សំឡេងរបស់ព្រះអង្គសង្គ្រោះឡើយ ( សូមមើល នីហ្វៃទី3 15:21–23 ) ។
សូមអាន នីហ្វៃទី3 15:24 ហើយរកមើលរបៀបដែលព្រះអម្ចាស់បានធានាអះអាងយ៉ាងច្បាស់លាស់ដល់ពួកសាសន៍នីហ្វៃ ពីការថែរក្សារបស់ទ្រង់ចំពោះពួកគេ ។
សូមអាន នីហ្វៃទី3 16:1–3 ហើយរកមើលថានរណាផ្សេងទៀតដែលនឹងឮសំឡេងរបស់ព្រះអង្គសង្គ្រោះ ។ យើងពុំមានការកត់ត្រានៅក្នុងព្រះគម្ពីរពីនរណាផ្សេងទៀតដែលព្រះអង្គសង្គ្រោះបានយាងជួបនោះទេ ប៉ុន្តែវាច្បាស់ថា ទ្រង់បានយាងជួបនឹងក្រុមផ្សេងៗទៀត ហើយបាននាំពួកគេចូលក្នុង « ក្រោល » ទ្រង់ ។
តើព្រះយេស៊ូវគ្រីស្ទបង្ហាញថា ទ្រង់ខ្វល់ខ្វាយដល់ប្រជាជានដែលពុំបានឮសំឡេងទ្រង់ដូចម្ដេចដែរ ? សូមអាន នីហ្វៃទី3 15:22–23 និង នីហ្វៃទី3 16:4 ហើយរកមើលថាតើព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងបង្ហាញអង្គទ្រង់ដល់ពួកសាសន៍ដទៃដោយរបៀបណាដែរ ។
ចេញពីអ្វីដែលអ្នកបានសិក្សាមកដល់ត្រឹមនេះ នៅក្នុង នីហ្វៃទី3 15 និង 16 តើមានភស្ដុតាងអ្វី ដែលអ្នកបានឃើញថាព្រះខ្វល់ខ្វាយពីរាស្ត្រទ្រង់ និង បង្ហាញអង្គទ្រង់ដល់ពួកគេ ?
សូមអាន នីហ្វៃទី3 16:5 ហើយរកមើលអ្វីដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយ បន្ទាប់ពីពួកសាសន៍ដទៃទទួលបានការចេះដឹងអំពីព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់ហើយនោះ ។
ព្រះយេស៊ូវបានសន្យាថាប្រទានពរដល់កូនចៅរបស់ទ្រង់—ជាវង្សអ៊ីស្រាអែល និង ពួកសាសន៍ដទៃ—ដោយប្រទានដល់ពួកគេនូវព្រះបន្ទូលរបស់ទ្រង់ ដែលត្រូវបានសរសេរដោយពួកសាសន៍នីហ្វៃ ។ ការសរសេររបស់ពួកសាសន៍នីហ្វៃ នឹងជួយឲ្យពួកសាសន៍ដទៃប្រែចិត្តជឿ ដែលបន្ទាប់មក ពួកគេនឹងជួយប្រមូលវង្សអ៊ីស្រាអែល នៅថ្ងៃចុងក្រោយ ( សូមមើល នីហ្វៃទី3 16:4–5 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរតទៅនេះ ៖ តើភស្ដុតាងអ្វីពីជីវិតអ្នកផ្ទាល់ ដែលអ្នកបានឃើញ ដែលបង្ហាញថាព្រះយេស៊ូវគ្រីស្ទខ្វល់ខ្វាយចំពោះយើងទាំងអស់គ្នា ?
នីហ្វៃទី3 16:6–20
ព្រះយេស៊ូវគ្រីស្ទប្រកាសពីពរជ័យ និង ផ្ដល់ការព្រមានដល់ពួកសាសន៍ដទៃដែលរស់នៅក្នុងថ្ងៃចុងក្រោយ
តើអ្នកធ្លាប់ចង់ក្លាយជាផ្នែកមួយនៃក្រុមមួយដែរឬទេ ? សូមគិតពីគំរូជាក់លាក់មួយ ។ តើមានតម្រូវការអ្វីដើម្បីក្លាយជាសមាជិកនៃក្រុមមួយបែបនោះ ? ក្រុមដែលអស្ចារ្យបំផុត ដែលអ្នកអាចក្លាយជាសមាជិកគឺ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជារាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ។
សូមអាន នីហ្វៃទី3 16:6–7 ហើយរកមើលអ្វីដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយ ដោយសារជំនឿរបស់ពួកសាសន៍ដទៃ និង ការឥតជំនឿរបស់វង្សអ៊ីស្រាអែល ។ វាអាចជាប្រយោជន៍ក្នុងការយល់ថា នៅថ្ងៃចុងក្រោយ នឹងមានពួកសាសន៍ដទៃដែលឥតជំនឿផងដែរ ដែលនឹងខ្ចាត់ព្រាត់ និង ប្រព្រឹត្តមិនល្អចំពោះសមាជិកនៃវង្សអ៊ីស្រាអែល ( សូមមើល នីហ្វៃទី3 16:8–9 ) ។ នៅថ្ងៃចុងក្រោយ ព្រះអម្ចាស់នឹងដកយកដំណឹងល្អរបស់ទ្រង់ពីពួកទុច្ចរិត ហើយបើកសម្ដែងវាទៅដល់ពួកសុចរិត ទាំងពួកសាសន៍អ៊ីស្រាអែល និង សាសន៍ដទៃ ( សូមមើល នីហ្វៃទី3 16:10–12 ) ។
សូមអាន នីហ្វៃទី3 16:13 ហើយរកមើលអ្វីជាតម្រូវការដើម្បីក្លាយជារាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ។ ដោយប្រើប្រាស់នូវអ្វីដែលអ្នកបានរៀននៅក្នុង នីហ្វៃទី3 16:13 សូមបំពេញគោលការណ៍តទៅនេះ ៖ បើយើង នោះយើងនឹងត្រូវបានរាប់ក្នុងចំណោមរាស្ត្ររបស់ទ្រង់ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកដឹងដោយរបៀបណា ថាអ្នកជាផ្នែកនៃរាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ?
-
តើវាបានផ្ដល់ពរជ័យដល់ជីវិតអ្នកយ៉ាងណា ដែលត្រូវបានរាប់ក្នុងចំណោមរាស្ត្ររបស់ទ្រង់ ?
-
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 15–16 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖