មេរៀនទី 7 ៖ថ្ងៃទី 2
នីហ្វៃទី 2 17–20
សេចក្តីផ្ដើម
នៅក្នុងនីហ្វៃទី 2 17–20 នីហ្វៃបានកត់ត្រាថា អេសាយបានព្យាយាមបញ្ចុះបញ្ចូលស្តេចនៃស្រុកយូដា និង រាស្ត្ររបស់ទ្រង់ឲ្យដាក់ទីទុកចិត្តលើព្រះអម្ចាស់ជាជាងការជាប់ទាក់ទងខាងលោកិយនេះ ។ដោយប្រើប្រាស់និមិត្តរូប និង ស្រមោលជាច្រើន—និមិត្តរូប ឬ វត្ថុតំណាងទាំងឡាយដែលបង្រៀន និង ធ្វើទីបន្ទាល់ពីសេចក្តីពិតដ៏មហិមា—នោះអេសាយបានព្យាករទាក់ទងនឹងព្រឹត្តិការណ៍ពីសម័យរបស់លោកនូវការប្រសូត្ររបស់ព្រះយេស៊ូវគ្រីស្ទ និង ការបំផ្លិចបំផ្លាញនៃពួកទុច្ចរិតនៅពេលការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។
នីហ្វៃទី 2 17–18
នគររបស់ស្រុកយូដាត្រូវបានប្រទានពរនៅពេលពួកគេដាក់ទីទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ
ដើម្បីជួយរៀបចំអ្នកសម្រាប់មេរៀនថ្ងៃនេះ សូមគិតពីគ្រាមួយដែលអ្នកបានប្រឈមនឹងស្ថានភាពភ័យខ្លាចមួយ ។តើអ្នកនឹកឃើញពីប្រតិកម្មតបតលើកដំបូងរបស់អ្នកដែរឬទេ ?នៅពេលអ្នកសិក្សានីហ្វៃទី 2 17–18សូមព្យាយាមរកមើលដំបូន្មានរបស់អេសាយចំពោះអ្នកទាំងឡាយដែលឃើញថា ខ្លួនពួកគេថិតនៅក្នុងស្ថានភាពដ៏លំបាក ឬ គួរឲ្យភ័យខ្លាច ។
សម្រាប់ការសិក្សារបស់អ្នកពីនីហ្វៃទី 2 17–18អ្នកនឹងត្រូវតែដឹងអំពីសាសន៍តូចៗបីគឺ សាសន៍ស៊ីរី សាសន៍អ៊ីស្រាអែលនិង សាសន៍យូដា រួមទាំងអាណាចក្រអាសស៊ើរដ៏ធំក្រៃលែងជាងដែលព្យាយាមច្បាំងដណ្តើមយកសាសន៍តូចជាងទាំងនេះ ។សូមពិនិត្យមើលផែនទី និង តារាងដែលមានភ្ជាប់មកខាងក្រោមនេះ ។
សាសន៍ |
ស៊ីរី |
អ៊ីស្រាអែល ( អេប្រាអិម ) |
យូដា |
ស្តេច |
រេស៊ីន |
ពេកា |
អេហាស |
រាជធានី |
ដាម៉ាស |
សាម៉ារី |
យេរូសាទ្បិម |
សូមអាន នីហ្វៃទី 2 17:1–2ហើយមើលផែនទី ។« សាសន៍ស៊ីរីបានចូលដៃនឹងពួកអេប្រាអិមហើយ » មានន័យថា ស្រុកទាំងពីរនេះបានបង្កើតសម្ពន្ធមិត្ត ឬ កិច្ចព្រមព្រាងមួយ ។សូមព្យាយាមកំណត់ថា តើនរណាវាយប្រហារទៅលើអ្នកណា ។សូមដឹងថាឃ្លា « ពួកវង្សដេវីឌ » ក្នុងខទី 2 សំដៅលើអេហាស និង ប្រជាជនស្រុកយូដា ។
នគរនៃសាសន៍អ៊ីស្រាអែល និង សាសន៍ស៊ីរីចង់ច្បាំងយកនគរនៃសាសន៍យូដា ហើយបង្ខំឲ្យសាសន៍យូដាចុះសម្ពន្ធមិត្តជាមួយនឹងពួកគេដើម្បីប្រឆាំងនឹងអាណាចក្រអាសស៊ើរដ៏មានអំណាច ។អាសស៊ើរកំពុងគំរាមកំហែងដើម្បីច្បាំងយកតំបន់ទាំងមូលនៃពិភពលោកនៅគ្រានោះ ។សាសន៍អ៊ីស្រាអែល និង សាសន៍ស៊ីរីបានជឿថា ដោយការច្បាំងយកឈ្នះពួកយូដានោះពួកគេអាចមានមនុស្ស និង ធនធានកាន់តែច្រើនដើម្បីប្រយុទ្ធចូលដល់អាសស៊ើរ ( សូមមើល នីហ្វៃទី 2 17:5–6 ) ។ស្តេចអេហាសបានសញ្ចឹងគិតដោយយកចិត្តទុកដាក់ពីការធ្វើសម្ពន្ធមិត្តជាមួយសាសន៍អ៊ីស្រាអែល និង សាសន៍ស៊ីរី ។
សូមពិចារណាពីអ្វីដែលអ្នកនឹងធ្វើ បើសិនអ្នកធ្វើជាស្តេចអេហាសវិញនោះ ។ភាគីម្ខាងគឺ អាសស៊ើរកំពុងគំរាមកំហែងវាយប្រហារប្រជាជនរបស់អ្នក ។ឯភាគីម្ខាងទៀតគឺ ស៊ីរី និង អ៊ីស្រាអែលកំពុងតែគំរាមកំហែងធ្វើការវាយប្រហារ បើសិនអ្នកមិនចូលរួមសម្ពន្ធភាពជាមួយពួកគេដើម្បីវាយប្រហារលើអាសស៊ើរ ។អេសាយ បានរស់នៅក្នុងនគរនៃស្រុកយូដា ហើយព្រះអម្ចាស់បានបញ្ជូនលោកជាមួយនឹងសារមួយឲ្យទៅជួបអេហាស ។តើអ្នកគិតថា អ្នកនឹងមានអារម្មណ៍បែបណាចំពោះសារពីព្យាការីនេះបើសិនអ្នកជាស្តេចអេហាសនោះ ?
-
សូមអាននីហ្វៃទី 2 17:3–8ហើយគូសបន្ទាត់ពីក្រោមសាររបស់ព្រះអម្ចាស់ទៅកាន់អេហាស និង ប្រជាជនរបស់ទ្រង់ ដែលប្រទានតាមរយៈព្យាការីអេសាយ ។( ពាក្យ « ឧសដែលហុយផ្សែង » ក្នុងខទី 4 សំដៅលើចន្លុះដែលអណ្តាតភ្លើងរបស់វាឆេះឡើង ដែលតំណាងឲ្យនគរទាំងពីរនេះដែលត្រូវបែកបាក់ និង ត្រូវគេដណ្តើមយកបាន ) ។សូមស្រម៉ៃគិតថា អ្នកបានឮអេសាយនិយាយការណ៍នេះទៅកាន់អេហាស ។ក្រោយមកមិត្តម្នាក់បានសួរអ្នកថា តើអេសាយបាននិយាយអ្វីខ្លះ ។សូមសរសេរប្រយោគពីរ ឬ បីក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកដោយពិពណ៌នាពីរបៀបដែលអ្នកនឹងឆ្លើយតបចំពោះមិត្តអ្នក ។
អេសាយបានព្យាយាមជួយដល់ស្តេច និង រាស្រ្តរបស់ទ្រង់ឲ្យពឹងផ្អែករកជំនួយពីព្រះអម្ចាស់ ជាជាងការដាក់ទីទុកចិត្តលើសម្ពន្ធមិត្តផ្នែកខាងនយោបាយដែលមិនឋិតឋេរ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សារព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីវាសំខាន់សម្រាប់យើងដើម្បីបែរទៅរកព្រះអម្ចាស់នៅពេលយើងត្រូវការជំនួយជាជាងការពឹងផ្អែកលើមនុស្សដទៃដើម្បីជួយយើង ?
-
តើមានរបៀបណាខ្លះដែលយុវវ័យអាចត្រូវបានល្បួងឲ្យដាក់ទំនាក់ទំនងរបស់គេជាមួយមនុស្សដទៃពីមុនការដាក់ទំនាក់ទំនងរបស់គេជាមួយព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ?
-
ព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងប្រទានដល់អេហាស និង នគរនៃស្រុកយូដានូវទីសម្គាល់មួយដែលថា ទ្រង់នឹងការពារពួកគេ ហើយថា ពួកគេនឹងមិនត្រូវការពឹងផ្អែកលើសម្ពន្ធមិត្តខាងលោកិយនោះទេ ។សូមអាននីហ្វៃទី 2 17:14ដើម្បីរកមើលទីសំគាល់នោះ ។សូមគូសរង្វង់ពាក្យអេម៉ាញូអែល ក្នុងខនេះ ។សូមសរសេរ « ម៉ាថាយ1:22–23 » នៅក្បែរខនេះ » ។សូមអានម៉ាថាយ1:22–23ដើម្បីស្វែងរកអត្ថន័យនៃឈ្មោះ អេម៉ាញូអែល ។
តើទីសំគាល់ដែលមានន័យថា « ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ » នឹងជួយអេហាសនៅគ្រានេះយ៉ាងណាដែរ ?តើការព្យាករណ៍របស់អេសាយបែបនេះក៏អាចសំដៅលើការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទជាច្រើនសតវត្សរ៍ក្រោយមកនោះបែបណាដែរ ?
សម្រាប់ជាការយល់ដឹងបន្ថែមពីទីសម្គាល់អំពីបុត្រម្នាក់ដែលនឹងប្រសូតមក សូមសញ្ចឹងគិតពីការពន្យល់បកស្រាយដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដូចតទៅនេះ ៖ « មានគោលគ្រឹះចំរុះ ឬ ជាការប្រៀបធៀបទាំងឡាយចំពោះការព្យាករណ៍នេះ ដែលដូចគ្នាខ្លាំងណាស់ទៅនឹងការសរសេររបស់អេសាយ ។អត្ថន័យចំបំផុតគឺប្រហែលត្រូវបានផ្តោតទៅលើភរិយារបស់អេសាយជាស្រ្តីបរិសុទ្ធល្អម្នាក់ ដែលបានផ្តល់កំណើតដល់បុត្រាម្នាក់នៅពេលនេះ [ សូមមើលនីហ្វៃទី 2 18:3 កូនប្រុសនេះក្លាយជានិមិត្តរូប និង ស្រមោលមួយនៃការបំពេញការព្យាករណ៍នៅពេលក្រោយមកទៀត ដែលធំធេងជាង ដែលនឹងត្រូវបានសម្រេចតាមរយៈការប្រសូត្ររបស់ព្រះយេស៊ូវគ្រីស្ទ » ( Christ and the New Covenant [1997] ទំព័រ 79 ) ។
អេសាយបានព្យាករថា ពីមុនបុត្រនេះធំដឹងក្តីឡើង អាសស៊ើរនឹងឈ្នះលើកងទ័ពនៃសាសន៍អ៊ីស្រាអែល ( អេប្រាអិម ) និង សាសន៍ស៊ីរី( សូមមើលនីហ្វៃទី 2 17:15–25 ) ។ទីសំគាល់ដែលមានន័យថា « អង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ » មានបំណងដើម្បីបញ្ជាក់ដល់ស្តេចអេហាសថា ព្រះនឹងនៅជាមួយយើងនៅពេលយើងដាក់ទីទុកចិត្តលើទ្រង់ បើទោះជាឋិតនៅក្នុងអំឡុងពេលលំបាក និង ភ័យខ្លាចក៏ដោយ ។ សូមពិចារណាក្នុងការសរសេរគោលការណ៍នេះក្នុងព្រះគម្ពីររបស់អ្នក ។
សូមអាន នីហ្វៃទី 2 18:6–8ហើយគូសបន្ទាត់ពីក្រោមឃ្លា « ទឹកស៊ីឡោម » ។ទឹកស៊ីឡោម តំណាងឲ្យអេសាយ ជាឥទិ្ធពល និង ព្រះចេស្តានៃការគាំទ្ររបស់ព្រះដែលនៅឋិតថេរ ហើយស្ងប់ស្ងាត់ដែលចាំបាច់ដល់ផ្នែកមួយនៃជីវិតនយោបាយរបស់ជាតិ ( សូមមើលនីហ្វៃទី 2 18:6 ) ។ អេសាយបានប្រើប្រាស់ការយោងទៅទឹកស៊ីឡោមជាភាពផ្ទុយគ្នាមួយ ពីព្រោះមនុស្សនៅស្រុកអ៊ីស្រាអែល និង មនុស្សនៅស្រុកយូដាបានបដិសេធព្រះមែស៊ី—« ទឹកស៊ីឡោម » ឬ ព្រះចេស្តានៃការគាំទ្ររបស់ព្រះដែលនៅឋិតថេរ ទន់ភ្លន់ និង ស្ងប់ស្ងាត់ ។ហេតុដូច្នេះហើយ ដូចដែលអេសាយបានព្យាករ ស្តេចស្រុកអាសស៊ើរ និង ឥទ្ធិពលដ៏គួរឲ្យភ័យខ្លាចហើយនិង អំណាចដ៏សាហាវនៃការលុកលុយចូលពីសំណាក់កងទ័ពរបស់ទ្រង់—តំណាងដោយ « ទឹកទន្លេដែលហូរខ្លាំង ហើយច្រើនមកលើគេ »— បានឈ្នះលើសាសន៍ស៊ីរី និង សាសន៍អ៊ីស្រាអែល ។
អេសាយជាកវីនិពន្ធម្នាក់ បានប្រើប្រាស់លំហូរខ្សែទឹកពីរ ប៉ុន្តែមានលក្ខណៈខុសប្លែកពីគ្នាដោយឡែកដើម្បីពន្យល់ពីអ្វីដែលនឹងកើតឡើងចំពោះស្រុកយូដា ។ក្រោយមក កងទ័ពអាសស៊ើរបានមកដល់ពាសពេញស្រុកយូដា—តំណាងដោយពាក្យថាស្រុក ។ប៉ុន្តែកងទ័ពនេះមិនបានវាយឈ្នះលើក្រុងយេរ៉ូសាឡិម—តំណាងដោយសេចក្តីថ្លែងថា « ព្រមទាំងលិចហូរកាត់ស្រុកឡើងត្រឹមក » ។
សូមអាននីហ្វៃទី 2 18:9–12ហើយចំណាំមើលថាតើព្រះអម្ចាស់បានទូន្មានប៉ុន្មានដង ដល់សាសន៍យូដាមិនឲ្យចូលរួមនឹងសាសន៍ស៊ីរី និង សាសន៍អ៊ីស្រាអែល ។ដូចមានកត់ត្រាក្នុងនីហ្វៃទី 2 18:13 តើព្រះអម្ចាស់បានទូន្មានដល់សាសន៍យូដា តាមរយៈអេសាយ ឲ្យទៅស្វែងរកជំនួយនៅកន្លែងណាវិញ ?
នៅពេលដែលពួកសាសន៍អាសស៊ើរបានលុកលុយចូលស្រុកយូដា ហើយគំរាមកំហែងដល់ស្រុកយេរ៉ូសាឡិម នោះនគរនៃស្រុកយូដាបានមានស្តេចថ្មីមួយ ។ព្រះនាមរបស់ទ្រង់គឺហេសេគា ។ទ្រង់បានដាក់ទីទុកចិត្តលើព្រះអម្ចាស់ និង ព្យាការី អេសាយ ។នៅទីបំផុតទាហានអាសស៊ើរចំនួន 185,000នាក់ ត្រូវបានសម្លាប់នៅក្នុងជំរុំរបស់ពួកគេដោយទេវតាមួយអង្គរបស់ព្រះអម្ចាស់ ( សូមមើលពង្សាវតារក្សត្រទី 2 19:35;អេសាយ 37:36 ) ។
-
សូមឆ្លើយសំណួរមួយ ឬ ច្រើនជាងនោះខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្គីររបស់អ្នក ៖
-
តើអ្វីខ្លះជាគ្រោះថ្នាក់នៃការដាក់ទីទុកចិត្តរបស់អ្នកលើការណ៍ និង ឥទ្ធិពលខាងលោកិយនេះជាជាងការដាក់ទីទុកចិត្តលើព្រះអម្ចាស់នោះ ?( អ្នកអាចនឹងចង់គិតពីស្ថានភាពទាំងឡាយដែលអាចនឹងល្បួងអ្នកឲ្យធ្វើការសម្រេចចិត្តដោយផ្អែកលើភាពភ័យខ្លាច ) ។
-
តើនៅពេលណា ដែលអ្នកបានបែរទៅរកព្រះអម្ចាស់ដើម្បីទទួលកម្លាំងនៅពេលអ្នកទើបតែត្រូវបានល្បួងឲ្យបែរទៅរកប្រភពផ្សេងទៀត ?តើអ្នករៀនបានអ្វីខ្លះពីបទពិសោធន៍នេះ ?
-
ក្រោមការដឹកនាំរបស់ស្តេចហេសេគា នោះរាស្ត្រក្នុងស្រុកយូដាត្រូវបានប្រោសប្រណីពីការបំផ្លិចបំផ្លាញដោយសារតែពួកគេធ្វើតាមពាក្យទូន្មានរបស់អេសាយដែលមកបានពីព្រះអម្ចាស់ ។តើការធ្វើតាមពួកព្យាការីសម័យទំនើបអាចការពារអ្នកពីគ្រោះថ្នាក់ខាងវិញ្ញាណតាមយ៉ាងណាដែរ ?
-
នីហ្វៃទី 2 19:1–7
អេសាយនិយាយប្រៀបដូចជាព្រះមែស៊ី
តើអ្នកធ្លាប់ឆ្លងកាត់រយៈពេលដ៏យូរដោយមិនបានឃើញព្រះអាទិត្យ ឬ ទទួលអារម្មណ៍កក់ក្តៅពីព្រះអាទិត្យដែរឬទេ ?បើសិនអ្នកមិនធ្លាប់ទេ សូមស្រម៉ៃថា អ្នកឋិតនៅក្រោមម្លប់ជាប្រចាំដោយមិនអាចទៅរកពន្លឺ និង កម្ដៅពីព្រះអាទិត្យបាន ( ដូចឋិតនៅក្នុងបន្ទប់ងងឹតគ្រប់ពេល ) ។អេសាយបានប្រើប្រាស់គំនិតស្រដៀងគ្នានេះដើម្បីចង្អុលបង្ហាញពីស្ថានភាពខាងវិញ្ញាណរបស់ប្រជាជនដែលរស់នៅដោយគ្មានពន្លឺនៃព្រះគ្រីស្ទ ។
មានស្រុកពីរដែលពិពណ៌នាក្នុងនីហ្វៃទី 2 19:1–2 ។សូមអានខទាំងនេះ ហើយគូសចំណាំឈ្មោះរបស់ស្រុកទាំងពីរនេះ ។
ជាច្រើនសតវត្សរ៍ពីមុនពេលអេសាយបានសរសេរខទាំងនេះ មានសង្រ្គាមជាច្រើនត្រូវបានប្រយុទ្ធក្នុងគោលបំណងដើម្បីគ្រប់គ្រងតំបន់នេះដែលឥឡូវនេះ ត្រូវបានគេស្គាល់ថាជាដែនដីបរិសុទ្ធ ។មនុស្សមួយចំនួនបានពោលសំដៅដល់តំបន់នេះថាជា « ស្រុកនៃម្លប់សេចក្តីស្លាប់ »ដោយសារមានមនុស្សជាច្រើនបានបាត់បង់ជីវិតរបស់ពួកគេក្នុងសង្រ្គាមនៅទីនោះ ។អំឡុងសម័យព្រះគម្ពីរសញ្ញាថ្មី ភូមិណាសារ៉ែត ទីក្រុងកាពើណិម ក្រុងណាអ៊ីន ភូមិកាណា បានតាំងនៅក្នុងតំបន់ទាំងឡាយដែលគេបានស្គាល់ជាផ្លូវការថា ស្រុកសាប់យូល៉ូន និង ស្រុកណែបថាលី ។ទីក្រុងទាំងនេះហើយដែលព្រះយេស៊ូវគ្រីស្ទបានចំណាយពេលរបស់ទ្រង់យ៉ាងច្រើនក្នុងការបម្រើដល់ប្រជាជនកាលពីជាង 500ឆ្នាំក្រោយមក ។នៅពេលបច្ចុប្បន្ននេះ គេបានស្គាល់ថាជាតំបន់កាលីឡេ ។
សូមគូសចំណាំនៅក្នុងនីហ្វៃទី 2 19:2ពីអ្វីដែលអេសាយបានមានប្រសាសន៍ថា ប្រជាជនក្នុងតំបន់នេះនឹងមើលឃើញនៅទីបំផុត ។
សេចក្ដីថ្លែងរបស់អេសាយដែលថា អ្នកទាំងឡាយដែល « ដើរក្នុងសេចក្តីងងឹត » ហើយអាស្រ័យនៅក្នុង « ស្រុកនៃម្លប់សេចក្តីស្លាប់នោះ » បាន « ឃើញពន្លឺយ៉ាងធំ » គឺជាការព្យាករណ៍មួយអំពីបេសកកម្មក្នុងជីវិតរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ ។ប្រជាជនដែលបានរស់នៅក្នុងតំបន់កាលីឡេកំពុងដើរក្នុងសេចក្តីងងឹតខាងវិញ្ញាណ ប៉ុន្តែនៅពេលព្រះយេស៊ូវគ្រីស្ទបានរស់នៅ និង បម្រើក្នុងចំណោមពួកគេ ពួកគេបានឃើញ « ពន្លឺយ៉ាងធំ » ។
-
សូមអាននីហ្វៃទី 2 19:6–7 ហើយគិតថា តើព្រះនាមព្រះគ្រីស្ទមួយណាក្នុងខទី 6 ដែលអាចនឹងមានអត្ថន័យជាពិសេសសម្រាប់ប្រជាជនក្នុងស្រុកយូដា ដោយត្រូវបានប្រាប់ពីកាលៈទេសៈរបស់ពួកគេហើយនោះ ។នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេររបៀបដែលព្រះនាមមួយ ឬ ច្រើនដងដែលពិពណ៌នាពីរបៀបដែលអ្នកមានអារម្មណ៍ចំពោះព្រះអង្គសង្រ្គោះ ។
នីហ្វៃទី 2 19–20
អេសាយពិពណ៌នាអំពីការបំផ្លិចបំផ្លាញរបស់ពួកទុច្ចរិតនៅឯការយាងមកជាលើកទីពីរ
ការព្យាករណ៍របស់អេសាយអំពីការបំផ្លិចបំផ្លាញនៃស្រុកអាសស៊ើរមានកត់ត្រាក្នុងនីហ្វៃទី 2 20គឺជាការព្យាករណ៍អំពីការបំផ្លិចបំផ្លាញនៃពួកទុច្ចរិតនៅពេលការយាងមកជាលើកទីពីរផងដែរ ។នៅពេលអ្នកអានជំពូកនេះ សូមចងចាំថា គឺដូចជាហេសេគាដែលបានទុកចិត្តលើពាក្យទូន្មានរបស់អេសាយដែលទទួលបានពីព្រះអម្ចាស់ ហើយត្រូវបានប្រទានពរដែរ បើសិនអ្នកដាក់ទីទុកចិត្តរបស់អ្នកលើព្រះអម្ចាស់ នោះអ្នកមិនត្រូវភ័យខ្លាចពីការជំនុំជម្រះដែលនឹងមានមកលើបណ្ដាជននៅលើផែនដីនេះក្នុងពេលដែលនាំទៅការយាងមកជាលើកទីពីរនោះឡើយ ។
តើមានប្រយោគអ្វីខ្លះដែលត្រូវបានសរសេរដដែលៗនៅក្នុងនីហ្វៃទី 2 19:12, 17, 21និងនីហ្វៃទី 2 20:4 ?អ្នកអាចនឹងចង់គូសចំណាំប្រយោគនេះក្នុងព្រះគម្ពីររបស់អ្នក ។សូមសរសេរប្រយោគនេះក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយគូសបន្ទាត់ពីក្រោមពាក្យសេចក្តីខ្ញាល់និងពាក្យព្រះហស្ត ។ពីក្រោមពាក្យសេចក្តីខ្ញាល់សរសេរសេចក្តីជំនុំជម្រះនៅខាងក្រោមពាក្យព្រះហស្តសរសេរសេចក្តីមេត្តាករុណា ។សូមអានប្រយោគនេះឲ្យឮៗ ដោយដាក់ជំនួសពាក្យសេចក្តីជំនុំជម្រះនិងសេចក្តីមេត្តាករុណា ។ ( « ទោះបើធ្វើទោសជាច្រើនដល់ម្ល៉េះក៏ដោយ គង់តែ [ សេចក្តីជំនុំជម្រះ ] របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺ [ សេចក្តីមេត្តាករុណា ] ទ្រង់នៅតែលូកមកទៀត » ) ។
-
សូមឆ្លើយសំណួរដូចខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើប្រយោគក្នុងលំហាត់សិក្សាខាងលើនេះពិពណ៌នាពីរបៀបដែលព្រះអម្ចាស់ឆ្លើយតបចំពោះជាតិសាសន៍ ក្រុមគ្រួសារ ឬ បុគ្គលម្នាក់ៗដែលបដិសេធទ្រង់យ៉ាងដូចម្តេច ?
-
តើអ្នកអាចអនុវត្តសេចក្តីពិតតទៅនេះក្នុងជីវិតអ្នកយ៉ាងដូចម្តេច ?ព្រះយេស៊ូវគ្រីស្ទគឺជាព្រះនៃសេចក្តីជំនុំជម្រះ និង សេចក្តីមេត្តាករុណា ។សេចក្តីមេត្តាករុណារបស់ទ្រង់ត្រូវបានលាតសន្ធឹងទៅពួកអ្នកទាំងឡាយដែលប្រែចិត្ត ហើយរក្សាបទបញ្ញាតិរបស់ទ្រង់ ។
-
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីគ្រាមួយដែលអ្នកគោរពប្រតិបត្តិតាមបទដទៃជាក់លាក់មួយ ហើយទទួលអារម្មណ៍នៃសេចក្តីមេត្តាករុណារបស់ព្រះ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សានីហ្វៃទី 2 17–20ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖