មេរៀនទី 27 ៖ ថ្ងៃទី 4
នីហ្វៃទី3 28–30
សេចក្តីផ្ដើម
មុនពេលការយាងចាកចេញរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានសួរពួកសិស្សទាំងដប់ពីរនាក់របស់ទ្រង់ ថាតើអ្វីដែលពួកគេប្រាថ្នាចង់បានពីទ្រង់ ។ ពួកគេប្រាំបួននាក់បានស្មើសុំត្រឡប់ទៅទ្រង់វិញភ្លាមៗ ពេលដែលការបម្រើរបស់ពួកគេនៅលើផែនដីបានបញ្ចប់ ។ មានបីនាក់បានសុំបន្តនៅលើផែនដី ដើម្បីបន្តធ្វើកិច្ចការក្នុងការនាំព្រលឹងទាំងឡាយមកកាន់ព្រះគ្រីស្ទ រហូតទាល់តែទ្រង់ត្រឡប់មកវិញ ។ ព្រះអម្ចាស់បានគោរពដល់បំណងប្រាថ្នាដ៏សុចរិតទាំងពីរនេះ ។ មរមនបានផ្ដល់នូវព័ត៌មានមួយចំនួនទាក់ទងនឹងការបម្រើរបស់សាសន៍នីហ្វៃទាំងបីនាក់នៅលើផែនដី ។
ពេលដែលមរមនបានបញ្ចប់បញ្ជីរបស់លោកអំពីការយាងមករបស់ព្រះអង្គសង្គ្រោះក្នុងចំណោមពួកសាសន៍នីហ្វៃ នោះលោកបានពន្យល់ថា ការលេចចេញមកនៃព្រះគម្ពីរមរមន នឹងជាទីសម្គាល់មួយថា ព្រះអម្ចាស់កំពុងបំពេញនូវសេចក្ដីសញ្ញារបស់ទ្រង់ជាមួយវង្សអ៊ីស្រាអែលហើយ ។ ចុងបញ្ចប់នៃ នីហ្វៃទី3 មរមនបានកត់ត្រានូវព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអញ្ជើញមនុស្សទាំងអស់គ្នាឲ្យប្រែចិត្ត ហើយត្រូវបានរាប់ជាមួយនឹងវង្សអ៊ីស្រាអែល ។
នីហ្វៃទី3 28:1–11
ព្រះយេស៊ូវគ្រីស្ទប្រទានទៅតាមបំណងប្រាថ្នារបស់ពួកសិស្សទាំងដប់ពីរនាក់របស់ទ្រង់
សូមសញ្ជឹងគិត ថាតើអ្នកនឹងឆ្លើយតបដោយរបៀបណា ប្រសិនបើព្រះយេស៊ូវគ្រីស្ទលេចអង្គទ្រង់មកចំពោះអ្នក ហើយសួរថា « តើអ្នករាល់គ្នាប្រាថ្នាអ្វីពីយើង ? »
សូមសរសេរដោយសង្ខេបពីបំណងប្រាថ្នាសុចរិតរបស់អ្នក ដែលអ្នកនឹងចែកចាយជាមួយទ្រង់ ។
សូមអាន នីហ្វៃទី3 28:1–3 ហើយរកមើល ថាតើពួកសិស្សសាសន៍នីហ្វៃទាំងប្រាំបួននាក់ បានឆ្លើយតបយ៉ាងណា ពេលព្រះអម្ចាស់បានសួរពួកគេថា « តើអ្នករាល់គ្នាប្រាថ្នាអ្វីពីយើង ? » កត់ចំណាំពីរបៀបដែលព្រះអង្គសង្គ្រោះបានមានព្រះទ័យដឹងពីបំណងប្រាថ្នារបស់ពួកគេ ។
សូមអាន នីហ្វៃទី3 28:4–7 ហើយរកមើលអ្វីដែលពួកសិស្សបីនាក់ទៀត ប្រាថ្នាពីព្រះអង្គសង្គ្រោះ ។ កត់ចំណាំពីរបៀបដែលព្រះអង្គសង្គ្រោះបានមានព្រះទ័យដឹងពីបំណងប្រាថ្នារបស់ពួកសិស្សទាំងបីនាក់នេះ ។ សូមសញ្ជឹងគិតពីមូលហេតុដែលអ្នកគិតថា ព្រះអម្ចាស់បានមានបន្ទូលថា « មានពរដល់អ្នករាល់គ្នាជាងនេះទៅទៀត » ដោយសារតែបំណងប្រាថ្នារបស់ពួកគេ ។
សូមអាន នីហ្វៃទី3 28:8–10 ដើម្បីឃើញពីរបៀបដែលព្រះអង្គសង្គ្រោះបានពិពណ៌នា ពីពរជ័យទាំងឡាយដែលពួកសាសន៍នីហ្វៃទាំងបីនាក់នឹងទទួល ដោយសារតែបំណងប្រាថ្នារបស់គេ ក្នុងការបម្រើក្នុងចំណោមពួកមនុស្សរមែងស្លាប់ ។ សូមពិចារណាក្នុងការសរសេរសេចក្ដីពិតតទៅនេះ នៅគែមព្រះគម្ពីររបស់អ្នក ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ព្រះអម្ចាស់ប្រទានពរយើង ទៅតាមបំណងប្រាថ្នាសុចរិតរបស់យើង ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះមកពី អែលឌើរ ណែល អេ. ម៉ាកស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីឃើញពីសារៈសំខាន់នៃបំណងប្រាថ្នាដ៏សុចរិត ៖
« អ្វីដែលយើងប្រាថ្នាចង់បានឥតឈប់ ជាច្រើនដង គឺជាអ្វីដែលយើងនឹងក្លាយជានៅទីបំផុត ហើយជាអ្វីដែលយើងនឹងទទួលនៅក្នុងភាពអស់កល្បជានិច្ច ។ …
« ហេតុដូច្នោះហើយ បំណងប្រាថ្នាសុចរិតត្រូវតែមានឥតឈប់ឈរ ប្រធាន ព្រិកហាំ យ៉ង់ បានមានប្រសាសន៍ថា ដោយសារតែ ‹ បុរស និង ស្ត្រី ដែលប្រាថ្នាចង់ទទួលបាននូវកន្លែងនៅក្នុងនគរសេឡេស្ទាល នឹងឃើញថា ពួកគេត្រូវតែប្រយុទ្ធជារៀងរាល់ថ្ងៃ › ( នៅក្នុង Journal of Discourses 11:14 ) » ( “According to the Desire of [Our] Hearts” Ensign ខែ វិច្ឆិកា ឆ្នាំ 1996 ទំព័រ 21–22 ) ។
-
សូមឆ្លើយសំណួរមួយ ឬ ទាំងពីរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើពេលណា ដែលអ្នកបានមានអារម្មណ៍ថា ត្រូវបានប្រទានពរដោយព្រះអម្ចាស់ ពេលដែលអ្នកបានប្រព្រឹត្តទៅតាមបំណងប្រាថ្នាដ៏សុចរិតរបស់អ្នក ?
-
តើអ្នកនឹងចាប់ផ្ដើមធ្វើអ្វីថ្ងៃនេះ ដើម្បីបីបាច់ដល់បំណងប្រាថ្នាសុចរិតនៅក្នុងជីវិត ដើម្បីអ្នកអាចមានលក្ខណៈសក្ដិសមនឹងពរជ័យទាំងឡាយរបស់ព្រះអម្ចាស់ ?
-
នីហ្វៃទី3 28:12–35
មរមនពិពណ៌នាពីការបម្រើរបស់សាសន៍នីហ្វៃទាំងបីនាក់
មនុស្សជាច្រើនបានឮពីរឿងព្រេង រឿងទេវកថា និង រឿងចចាមអារាម អំពីការមកជួយរបស់សាសន៍នីហ្វៃទាំងបីនាក់ ។ ជាជាងផ្អែកលើរឿងមិនពិត នោះចូរស្វែងរកមើលពីអ្វីដែលព្រះគម្ពីរនិយាយពីបេសកកម្មរបស់ពួកគេ និង របៀបដែលពួកគេអាចធ្វើការបម្រើដោយអំណាច « ដូចជាទេវតានៃព្រះ » ( នីហ្វៃទី3 28:30 ) ។
សូមអាន នីហ្វៃទី3 28:12–17 ដើម្បីរៀនពីអ្វីដែលបានកើតឡើងចំពោះសាសន៍នីហ្វៃទាំងបីនាក់ ។ យោងតាម នីហ្វៃទី3 28:15 តើអ្វីជាមូលហេតុមួយ ដែលពួកសិស្សត្រូវឆ្លងកាត់ការផ្លាស់ប្ដូរនេះ ?
សូមអាន នីហ្វៃទី3 28:18–23 រកមើលពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់សាសន៍នីហ្វៃទាំងបីនាក់ ដើម្បីពួកគេអាចអនុវត្តនូវបំណងប្រាថ្នាដ៏សុចរិតរបស់ពួកគេ ។ គិតអំពីអ្វីដែលខទាំងនេះបង្រៀនយើង អំពីព្រះហឫទ័យរបស់ព្រះអម្ចាស់ក្នុងការប្រទានពរដល់យើង ពេលដែលយើងរស់នៅទៅតាមបំណងប្រាថ្នាដ៏សុចរិតរបស់យើង ។
សូមសិក្សា នីហ្វៃទី3 28:25–31 ហើយរកមើលនរណាដែលបានទទួលអត្ថប្រយោជន៍ ហើយនឹងនៅតែទទួលអត្ថប្រយោជន៍ពីការបម្រើរបស់សាសន៍នីហ្វៃទាំងបីនាក់ ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
នីហ្វៃទី3 28:36–40
មរមនរៀនអំពីលក្ខណៈនៃរូបកាយដែលត្រូវបានផ្លាស់ប្ដូរ
សូមគិតអំពីពេលមួយ ដែលអ្នកមានសំណួរមួយអំពីដំណឹងល្អ ឬ មានឧបសគ្គមួយដែលអ្នកកំពុងប្រឈម ។ សូមអាន នីហ្វៃទី3 28:36 ហើយរកមើលអ្វីដែលមរមនពុំបានយល់ អំពីស្ថានភាពខាងរូបកាយរបស់សាសន៍នីហ្វៃទាំងបីនាក់ បន្ទាប់ពីការផ្លាស់ប្ដូរដែលពួកគេបានមាន ។ សញ្ជឹងគិតពីចម្លើយរបស់អ្នកចំពោះសំណួរតទៅនេះ ៖ ជាធម្មតា តើអ្នកបែរទៅរកនរណា ពេលអ្នកមានសំណួរមួយអំពីដំណឹងល្អ ។ សូមអាន នីហ្វៃទី3 28:36–37 ដើម្បីរៀនពីអ្វីដែលមរមនបានធ្វើ ដើម្បីរកមើលចម្លើយចំពោះសំណួររបស់លោក ។
សិក្សា នីហ្វៃទី3 28:37–40 ហើយរកមើលអ្វីដែលមរមនបានរៀន អំពីការផ្លាស់ប្ដូរ ដែលកើតមានឡើងចំពោះរូបកាយរបស់សាសន៍នីហ្វៃទាំងបីនាក់ ។ ស្ថានភាពដែលសាសន៍នីហ្វៃទាំងបីនាក់មានសេចក្ដីរីករាយជាមួយ ត្រូវបានហៅថា « ការផ្លាស់ប្ដូររូប » ដែលដូចជាការប្រែរូប ( សូមមើល នីហ្វៃទី3 28:17 ) គ្រាន់តែវាមានរយៈពេលវែងជាង ។ រូបកាយដែលត្រូវបានផ្លាស់ប្ដូរ គឺនៅតែជារូបកាយរមែងស្លាប់ ប៉ុន្តែ ដូចព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា រូបកាយខាងសាច់ឈាមរបស់ពួកគេ ត្រូវបានផ្លាស់ប្ដូរពីស្ថានភាពទេឡេស្ទាល ទៅជាស្ថានភាពទេរេសស្ទ្រាល ពួកគេបានរួចពីសេចក្ដីវេទនាខាងរូបកាយនៃរូបកាយរមែងស្លាប់របស់ពួកគេ ( សូមមើល History of the Church 4:210 ) ។ រូបកាយដែលត្រូវបានផ្លាស់ប្ដូរ អាចលេចមក ឬ អាចបាត់ទៅ តាមដែលពួកគេជ្រើសរើស និង តាមព្រះហឫទ័យរបស់ព្រះ ( សូមមើល នីហ្វៃទី3 28:27–30 ) ។ ពួកគេជួយក្នុងការនាំព្រលឹងទាំងឡាយមកកាន់សេចក្ដីសង្គ្រោះ ហើយពួកគេស្ថិតនៅក្នុងស្ថានភាពដែលបានផ្លាស់ប្ដូរ រហូតដល់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ជាពេលដែលពួកគេនឹងទទួលការផ្លាស់ប្ដូរមួយទៀត ដើម្បីក្លាយជាតួអង្គដែលរស់ឡើងវិញ មានសិរីរុងរឿង ( សូមមើល នីហ្វៃទី3 28:7–8, 39–40 ) ។
ចេញពីបទពិសោធន៍របស់មរមន យើងរៀនថា បើយើងសួរព្រះអម្ចាស់ដើម្បីបានយល់ នោះយើងនឹងទទួលវិវរណៈ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីរ ឬ សៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមកត់ត្រានូវបទពិសោធន៍មួយ ដែលអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់ បានស្វែងរកចម្លើយពីព្រះអម្ចាស់តាមរយៈការអធិស្ឋានដ៏អស់ពីចិត្ត ។
នីហ្វៃទី3 29
មរមនថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងបំពេញសេចក្ដីសញ្ញារបស់ទ្រង់ជាមួយនឹងវង្សអ៊ីស្រាអែល នៅថ្ងៃចុងក្រោយ
បន្ទាប់ពីមរមនបានសរសេរអំពីការយាងមករបស់ព្រះអង្គសង្គ្រោះចំពោះប្រជាជនក្នុងព្រះគម្ពីរមរមនហើយ លោកបានព្យាករពីការបំពេញការសន្យារបស់ព្រះអម្ចាស់នៅថ្ងៃចុងក្រោយ ។ សូមសញ្ជឹងគិតពីចម្លើយរបស់អ្នកចំពោះសំណួរតទៅនេះ ៖ តើពេលណា ដែលអ្នកបានរៀន ឬ បានឃើញពីការបំពេញនូវការសន្យាមួយក្នុងចំណោមការសន្យាទាំងឡាយរបស់ព្រះ ?
ពិចារណាក្នុងការគូសចំណាំពាក្យកាលណា និង ពាក្យនោះ ពេលអ្នកសិក្សា នីហ្វៃទី3 29:1–3 ។ ពាក្យទាំងនេះនឹងជួយអ្នករកឃើញព្រឹត្តិការណ៍មួយ ដែលប្រាប់ថា ព្រះអម្ចាស់កំពុងរក្សាការសន្យាទាំងឡាយរបស់ទ្រង់ចំពោះវង្សអ៊ីស្រាអែល នៅថ្ងៃចុងក្រោយ ។ ( ឃ្លាថា « ពាក្យទាំងឡាយនេះ » នៅក្នុង នីហ្វៃទី3 29:1 សំដៅដល់ការសរសេរទាំងឡាយនៅក្នុងព្រះគម្ពីរមរមន ) ។
យើងរៀនចេញពី នីហ្វៃទី3 29:1–3 ថា ការលេចចេញមកនៃព្រះគម្ពីរមរមន គឺជាទីសម្គាល់មួយថា ព្រះអម្ចាស់កំពុងបំពេញសេចក្ដីសញ្ញារបស់ទ្រង់ជាមួយនឹងវង្សអ៊ីស្រាអែល ។
ព្រះគម្ពីរមរមនអះអាងដល់យើងថា ព្រះអម្ចាស់កំពុងរៀបចំរាស្ត្ររបស់ទ្រង់ សម្រាប់ការយាងមករបស់ទ្រង់ ( សូមមើល នីហ្វៃទី3 29:2 ) ។ ពេលអ្នកអានសេចក្ដីថ្លែងការណ៍តទៅនេះមកពី អែលឌើរ រ័សុល អិម. ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ សូមគូសចំណាំពីរបៀបដែលព្រះគម្ពីរមរមនជួយយើងរៀបចំសម្រាប់ការយាងមករបស់ព្រះអង្គសង្គ្រោះ ៖
« ព្រះគម្ពីរមរមនគឺជាទីសម្គាល់ដ៏ជាក់ស្ដែងថា ព្រះអម្ចាស់បានចាប់ផ្ដើមប្រមូលកូនចៅអ៊ីស្រាអែលនៃសេចក្ដីសញ្ញារបស់ទ្រង់ ។ …
« ពិតណាស់ ព្រះអម្ចាស់ពុំបានភ្លេចទេ ! ទ្រង់បានប្រទានពរដល់យើង និង អ្នកផ្សេងទៀតទូទាំងពិភពលោកនេះ ជាមួយនឹងព្រះគម្ពីរមរមន ។ … វាជួយយើងដើម្បីធ្វើសេចក្ដីសញ្ញាទាំងឡាយជាមួយនឹងព្រះ ។ វាអញ្ជើញយើង ឲ្យចងចាំទ្រង់ និង ឲ្យស្គាល់ព្រះរាជបុត្រាសំណប់របស់ទ្រង់ ។ វាជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ » ( “Covenants” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 88 ) ។
-
សូមអាន នីហ្វៃទី3 29:4–6 ហើយធ្វើសកម្មភាពមួយ ឬ ទាំងពីរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមរកមើលវគ្គបទគម្ពីរជាក់លាក់ក្នុងព្រះគម្ពីរមរមនចំនួនបី ដែលអ្នកគិតថា អាចជួយនរណាម្នាក់ឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។ សម្រាប់វគ្គនីមួយៗ សូមសរសេរមួយ ឬ ពីរប្រយោគ ដែលពន្យល់ពីមូលហេតុដែលអ្នកជ្រើសរើសវគ្គបទគម្ពីរនោះ ។
-
សូមសរសេរកថាខណ្ឌមួយ ពីរបៀបដែលអ្នកគិតថា ព្រះគម្ពីរមរមនអាចជួយមនុស្សម្នាក់ឲ្យយល់ និង ទទួលអំណោយទាននៃវិវរណៈ ការព្យាករណ៍ និង ភាសា ឬ អំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ។
-
នីហ្វៃទី3 30
ព្រះអម្ចាស់ដាស់តឿនពួកសាសន៍ដទៃឲ្យប្រែចិត្ត និង មករកទ្រង់
មរមនបានបញ្ចប់បញ្ជីរបស់លោកពីការបម្រើរបស់ព្រះអង្គសង្គ្រោះ ដោយសរសេរនូវការណែនាំជាក់លាក់មួយចំនួន ដែលលោកបានទទួលពីព្រះយេស៊ូវគ្រីស្ទ ទាក់ទងនឹងពួកសាសន៍ដទៃ ។ សូមអាន នីហ្វៃទី3 30:1–2 ហើយពិចារណាក្នុងការគូសចំណាំសេចក្ដីណែនាំរបស់ព្រះអង្គសង្គ្រោះទៅកាន់ពួកសាសន៍ដទៃ ឲ្យបានច្រើនតាមដែលអ្នកអាចរកឃើញ ។ ពិចារណាក្នុងការគូសចំណាំផងដែរ នូវពរជ័យទាំងឡាយដែលមានដល់ពួកសាសន៍ដទៃ ប្រសិនបើពួកគេនឹងមករកព្រះគ្រីស្ទ ។ ថ្វីបើ នីហ្វៃទី3 30:2 គឺថ្លែងទៅកាន់ពួកអ្នកដែលនៅក្រៅសាសនាចក្រក៏ដោយ ក៏យើងអាចប្រើប្រាស់នូវការអញ្ជើញរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីវាស់វែងនូវឆន្ទៈរបស់យើងផ្ទាល់ ក្នុងការរស់នៅទៅតាមការតម្រូវទាំងឡាយនៃសេចក្ដីសញ្ញារបស់ទ្រង់បានផងដែរ ។
-
សូមសរសេរគោលការណ៍តទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ប្រសិនបើយើងមករកព្រះគ្រីស្ទ នោះយើងអាចត្រូវបានរាប់ក្នុងចំណោមរាស្ត្រទ្រង់ ។ សរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីមូលហេតុដែលវាជាពរជ័យមួយរបស់ព្រះអម្ចាស់ ក្នុងការបាន « រាប់ជាមួយនឹងរាស្ត្រ [ របស់ទ្រង់ ] គឺជាវង្សអ៊ីស្រាអែល » ( នីហ្វៃទី3 30:2 ) ។
-
សូមសរសេរកំណត់ចំណាំដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 28–30 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖