មេរៀនទី 18 ៖ ថ្ងៃទី 4
អាលម៉ា 32
សេចក្តីផ្ដើម
បន្ទាប់ពីបានឃើញទម្រង់ក្បត់សាសនានៃការថ្វាយបង្គំរបស់ពួកសាសន៍សូរាំហើយ នោះអាលម៉ា និង ដៃគូទាំងឡាយរបស់លោក បានផ្សព្វផ្សាយព្រះបន្ទូលនៃព្រះដល់ពួកគេ ។ ពួកលោកបានចាប់ផ្ដើមមានជោគជ័យខ្លះៗ ក្នុងចំណោមប្រជាជនដែលក្រីក្រ និង ត្រូវបណ្ដេញចេញពីកន្លែងថ្វាយបង្គំរបស់ពួកសាសន៍សូរាំ ។ ដោយប្រើប្រាស់នូវភាពស្រដៀងគ្នានឹងការដាំ និង ថែទាំគ្រាប់ពូជមួយ នោះអាលម៉ាបានបង្រៀនពួកគេពីអ្វីដែលពួកគេត្រូវតែធ្វើដើម្បីទទួល និង ថែទាំសេចក្ដីជំនឿនៅក្នុងព្រះបន្ទូលនៃព្រះ ។ អាលម៉ាបានអញ្ជើញពួកគេ ( និង ពួកយើង ) ឲ្យពិសោធលើព្រះបន្ទូល និង ឲ្យថែទាំសេចក្ដីជំនឿ និង ទីបន្ទាល់របស់ពួកគេជាប្រចាំថ្ងៃ ។
អាលម៉ា 32:1–16
អាលម៉ាបង្រៀនពួកសាសន៍សូរាំ ដែលបានបន្ទាបខ្លួន ដោយសារភាពក្រីក្ររបស់ពួកគេ ។
-
សូមស្រមៃថា មានមិត្តម្នាក់បានសួរអ្នកថា តើមនុស្សម្នាក់អាចដឹងថា សាសនាចក្រពិតដោយរបៀបណា ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរការឆ្លើយតបរបស់អ្នក អំពីរបៀបដើម្បីទទួលបានទីបន្ទាល់មួយ ។ បន្ទាប់មក សូមសរសេររបៀបដើម្បីទទួល និង ពង្រឹងទីបន្ទាល់មួយ នៅបន្ទាត់បន្ទាប់ទៀតនៃសៀវភៅកំណត់ហេតុរបស់អ្នក ។ ពេលអ្នកសិក្សា អាលម៉ា 32 សូមធ្វើបញ្ជីមួយនៅក្រោមចំណងជើងនេះ ពីការយល់ដឹងជ្រាលជ្រៅដែលអ្នកបានរកឃើញ ពីរបៀបទទួល និង ពង្រឹងទីបន្ទាល់ ។ អ្នកនឹងបន្តបន្ថែមចូលក្នុងបញ្ជីនេះ ពេញមួយមេរៀននេះ ហេតុដូច្នោះហើយ វាជាការល្អក្នុងការទុកចន្លោះបន្ថែម រវាងកិច្ចការទីមួយនៃសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ និង កិច្ចការទី 2 ។
នៅក្នុងមេរៀនមុន ( អាលម៉ា 31 ) អ្នកបានអានអំពីរបៀបដែលអាលម៉ា និង បងប្អូនប្រុសរបស់លោកបានសង្កេតពីការថ្វាយបង្គំខុសឆ្គងរបស់ពួកសាសន៍សូរាំ ដែលជាពួកសាសន៍នីហ្វៃមួយក្រុម ដែលបានវង្វេងចេញពីសេចក្ដីពិត ។ ក្រោយពីការអធិស្ឋានដោយសេចក្ដីជំនឿរបស់អាលម៉ារួចមក លោក និង បងប្អូនប្រុសរបស់លោក បានចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អក្នុងចំណោមប្រជាជននេះ ។ សូមអាន អាលម៉ា 32:1–3 ហើយរកមើល ថាក្រុមណាមួយនៃពួកសាសន៍សូរាំ ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងសារដំណឹងរបស់ពួកអ្នកផ្សព្វផ្សាយសាសនា ។
សូមអាន អាលម៉ា 32:4–6 ហើយរកមើល ថាតើឥទ្ធិពលនៃភាពក្រីក្ររបស់ពួកគេគឺជាពរជ័យមួយយ៉ាងណាដែរ ។
គោលការណ៍មួយដែលមានក្នុងខទាំងនេះគឺ ៖ ការបន្ទាបខ្លួនរៀបចំយើងឲ្យទទួលព្រះបន្ទូលនៃព្រះ ។ សូមសរសេរ បន្ទាបខ្លួន នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នៅខាងក្រោមចំណងជើង « របៀបដើម្បីទទួល និង ពង្រឹងទីបន្ទាល់មួយ » ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីមូលហេតុដែលអ្នកគិតថា ការបន្ទាបខ្លួនគឺជាការសំខាន់ចំពោះការទទួល និង ពង្រឹងទីបន្ទាល់ ។
សូមអាន អាលម៉ា 32:13–16 រកមើលរបៀបផ្សេងៗ ដែលមនុស្សអាចបន្ទាបខ្លួន ។ ផ្អែកលើអ្វីដែលអាលម៉ាបានបង្រៀន តើអ្នកនឹងជ្រើសរើសបន្ទាបខ្លួន ឬ ជ្រើសរើសដើម្បីត្រូវបង្ខំឲ្យបន្ទាបខ្លួន ? ហេតុអ្វី ?
សូមពិចារណាថា អ្នកគិតថា មានចិត្តរាបសាដោយខ្លួនឯង « ដោយព្រោះព្រះបន្ទូល » ( អាលម៉ា 32:14 ) វាមានន័យយ៉ាងណា ។ តើវាអាចអនុវត្តបានយ៉ាងណា ចំពោះអាកប្បកិរិយារបស់អ្នកចំពោះសកម្មភាពសាសនាចក្រ ថ្នាក់សិក្ខាសាលា ឬ រាត្រីជួបជុំក្រុមគ្រួសារ ?
សូមជ្រើសរើសដើម្បីមានចិត្តរាបសា ដោយការធ្វើតាមការបំផុសទាំងឡាយ ដែលអ្នកបានទទួលទាក់ទងនឹងការបន្ទាបខ្លួនផ្ទាល់ខ្លួនរបស់អ្នក ។
អាលម៉ា 32:17–43
អាលម៉ាបង្រៀនពួកសាសន៍សូរាំពីរបៀបដើម្បីពង្រីកសេចក្ដីជំនឿរបស់គេ
ខណៈដែលកំពុងបង្រៀនដល់ពួកសាសន៍សូរាំ អាលម៉ាបានកំណត់ពីគំនិតខុសឆ្គងមួយដែលមនុស្សជាច្រើនមាន អំពីការទទួលនូវទីបន្ទាល់មួយ ។ សូមអាន អាលម៉ា 32:17–18 ហើយរកមើលគំនិតខុសឆ្គងនេះ ។
សូមពិចារណាមួយស្របក់ ថាតើការរំពឹងចង់បានទីសម្គាល់មួយ អាចជាឧបសគ្គយ៉ាងណា ក្នុងការស្ថាបនាសេចក្ដីជំនឿ និង ទីបន្ទាល់ ។ ( អ្នកអាចនឹងចង់សរសេរ គ. និង ស. 63:9–11 នៅគែមព្រះគម្ពីររបស់អ្នក នៅក្បែរ អាលម៉ា 32:17–18 ហើយអានវាដើម្បីទទួលបានការយល់ដឹងបន្ថែម ) ។
សូមអាន អាលម៉ា 32:21 ជាចំណេះចំណានខគម្ពីរមួយ ហើយរកមើលនិយមន័យរបស់អាលម៉ា ថាអ្វីជាសេចក្ដីជំនឿ និង អ្វីដែលមិនមែន ។ ( អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។
សូមអាន អាលម៉ា 32:22 ។ សូមសញ្ជឹងគិតពីអ្វីដែលអ្នកអាចធ្វើ ដើម្បីធ្វើឲ្យមានសេចក្ដីជំនឿ និង ទីបន្ទាល់ផ្ទាល់ខ្លួនកាន់តែប្រសើរឡើង ។
បន្ថែមឃ្លា ចងចាំពីសេចក្ដីមេត្តាករុណានៃព្រះ និង ជ្រើសរើសដើម្បីជឿ ទៅក្នុងបញ្ជី « របៀបដើម្បីទទួល និង ពង្រឹងទីបន្ទាល់មួយ » ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
អាលម៉ាបានបង្រៀនពួកសាសន៍សូរាំ ពីរបៀបដែលពួកគេអាចចាប់ផ្ដើមជឿលើព្រះបន្ទូលនៃព្រះ ដោយការសាកល្បងធ្វើការពិសោធន៍មួយ ។ សូមគិតពីការពិសោធន៍មួយចំនួន ដែលអ្នកបានធ្វើនៅក្នុងថ្នាក់វិទ្យាសាស្ត្រ ឬ ថ្នាក់ផ្សេងទៀត និង ជំហានដែលអ្នកបានធ្វើ ។ សូមកត់ចំណាំថា ការពិសោធន៍ទាំងឡាយតម្រូវឲ្យមានសកម្មភាពពីអ្នកស្រាវជ្រាវ ។ ដូចគ្នាដែរ ដំណើរការនៃការទទួល ឬ ពង្រឹងនូវទីបន្ទាល់មួយ តម្រូវឲ្យមានសកម្មភាពពីអ្នកដែរ ។ សូមអាន អាលម៉ា 32:27 ហើយរកមើលការពិសោធន៍ដែលអាលម៉ាបានអញ្ជើញពួកសាសន៍សូរាំឲ្យសាកល្បង ។
វាអាចជាប្រយោជន៍ក្នុងការដឹងថា ពាក្យ សមត្ថភាពទាំងឡាយ មានន័យថា អំណាច ឬ សមត្ថភាពទាំងឡាយដែលយើងត្រូវបានប្រទានពរឲ្យមាន ដើម្បីដឹង និង យល់ពីពិភពដែលនៅជុំវិញយើង ។ សមត្ថភាពទាំងនោះរួមមាននូវញាណទាំងឡាយរបស់យើងដូចជា សោតវិញ្ញាណ ចក្ខុវិញ្ញាណ និង កាយវិញ្ញាណ ការគិតសមហេតុផល និង ការចងចាំ ។
សូមបន្ថែមឃ្លា ការពិសោធន៍ដល់ ( ឬ ធ្វើទៅតាម ) ព្រះបន្ទូល ទៅក្នុងបញ្ជី « របៀបដើម្បីទទួល និង ពង្រឹងទីបន្ទាល់មួយ » ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ពេលអ្នកអាន អាលម៉ា 32:28 អ្នកអាចនឹងចង់គូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នក នូវឃ្លាទាំងឡាយដូចជា « ចាប់ផ្ដើមរីកឡើង » « ពង្រីកព្រលឹងរបស់ខ្ញុំ » « បំភ្លឺយោបល់របស់ខ្ញុំ » និង « មានរសជាតិឆ្ងាញ់ចំពោះខ្ញុំ » ។ អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនពីរបៀបដែលសេចក្ដីជំនឿរបស់យើងលូតលាស់ឡើង ៖
« យើងលូតលាស់នៅក្នុងសេចក្ដីជំនឿ យើងឈានមួយជំហានម្ដងៗ ពីកម្រិតទាបទៅកម្រិតដែលកាន់តែខ្ពស់ ។ យើងបន្ថែមព្រះគុណលើព្រះគុណ រហូតដល់ទីបំផុតយើងទៅដល់ស្ថានភាពមួយ ដែលយើងបានធ្វើឲ្យសេចក្ដីជំនឿរបស់យើងបានឥតខ្ចោះ យ៉ាងហោចណាស់ក៏ដល់ស្ថានភាពសុចរិត សីលធម៌ទូទៅ ដែលមនុស្សអាចមាន ហើយពេលនោះយើងស្ថិតនៅកន្លែងដែលបន្តទៅកាន់ភាពអស់កល្បជានិច្ចនៅក្នុងការចម្រើនដ៏អស់កល្ប ។ …
« ចូរខិតខំធ្វើគម្រោងទាំងឡាយជាមុន ហើយពេលអ្នកបានឈានមួយជំហានទៅក្នុងការទទួលបាននូវសេចក្ដីជំនឿ នោះវានឹងផ្ដល់ដល់អ្នកនូវការអះអាងនៅក្នុងព្រលឹងអ្នកថា អ្នកអាចឈានទៅមុខទៀត ហើយអាចបោះជំហានទៅជំហានបន្ទាប់ទៀត ហើយអំណាច ឬ ឥទ្ធិពលរបស់អ្នកនឹងកើនឡើងជាលំដាប់ » ( Lord, Increase Our Faith, Brigham Young University Speeches of the Year [Oct. 31, 1967] ទំព័រ 9, 11 ) ។
-
បន្ទាប់ពីអាន អាលម៉ា 32:28 ហើយ សូមបំពេញកិច្ចការពីរ ឬ ច្រើនជាងនោះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើសកម្មភាពអ្វីខ្លះ ដែលយើងត្រូវតែធ្វើ ឬ មិនត្រូវធ្វើ ពេលយើងធ្វើការពិសោធន៍ដល់ព្រះបន្ទូលនេះ ? ( បញ្ជីនៃចម្លើយដែលអាចមានមួយចំនួន មានរួមបញ្ចូលនៅចុងបញ្ចប់នៃមេរៀននេះ ) ។
-
តើអ្នកគិតថា « ទុកកន្លែងមួយសម្រាប់ឲ្យ [ ព្រះបន្ទូលនៃព្រះ ] អាចដុះនៅក្នុងចិត្តរបស់អ្នក » មានន័យយ៉ាងណា ?
-
តើពេលណាដែលអ្នកបានមានអារម្មណ៍ថា ព្រះបន្ទូលនៃព្រះពង្រីកព្រលឹងអ្នក និង បំភ្លឺការយល់ដឹងរបស់អ្នក ? សូមពិពណ៌នាជាពាក្យសម្ដីផ្ទាល់របស់អ្នក ថាវាមានអារម្មណ៍យ៉ាងណា ។
-
សូមអាន អាលម៉ា 32:29–34 ហើយគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយដែលពិពណ៌នាពីអ្វីដែលបុគ្គលម្នាក់ៗនឹងរៀនអំពីព្រះបន្ទូលនៃព្រះ ពេលគេធ្វើការពិសោធន៍នោះ ។ ពាក្យ ថែទាំ មានន័យថា ចិញ្ចឹម ថែរក្សា ឬ ខ្វល់ខ្វាយ ។
សូមគិតមួយស្របក់ ថាតើដំណើរការនៃការជួយឲ្យរុក្ខជាតិមួយដុះលូតលាស់ ស្រដៀងគ្នាយ៉ាងណាដែរ ទៅនឹងការជួយឲ្យទីបន្ទាល់អ្នកលូតលាស់ ។ សូមពិចារណាផងដែរ ពីមូលហេតុដែលសេចក្ដីជំនឿ និង ទីបន្ទាល់របស់មនុស្សម្នាក់មិនបានឥតខ្ចោះ បន្ទាប់ពីការធ្វើពិសោធន៍ជាមួយនឹងព្រះបន្ទូលនៃព្រះហើយនោះ ។ តើអ្នកគិតថា មានអ្វីថែមទៀតដែលត្រូវធ្វើ ដើម្បីមានទីបន្ទាល់មួយដ៏យូរអង្វែង អំពីដំណឹងល្អ ?
សូមអាន អាលម៉ា 32:35–40 រកមើលដោយយកចិត្តទុកដាក់ ពីអ្វីដែលអាលម៉ាបាននិយាយថា យើងត្រូវតែធ្វើដើម្បីធ្វើឲ្យការពិសោធន៍នោះបានពេញលេញ ។ សូមសញ្ជឹងគិតពីអ្វីដែលអ្នកត្រូវតែធ្វើដើម្បីដើមរុក្ខជាតិ ឬ ទីបន្ទាល់របស់អ្នក បានលូតលាស់ ។ តើអ្វីនឹងកើតឡើង បើអ្នកមិនបានធ្វើការណ៍ទាំងនេះ ?
សូមបិទព្រះគម្ពីររបស់អ្នក ហើយមើលថាតើអ្នកអាចឆ្លើយបានប៉ុន្មានសំណួរខាងក្រោមនេះ ៖
-
តើយើងត្រូវតែធ្វើអ្វីខ្លះ ដើម្បីឲ្យសេចក្ដីជំនឿលើព្រះបន្ទូលនៃព្រះរបស់យើង បានលូតលាស់ឡើងទៅជាដើមឈើដែលផ្ដល់ផលផ្លែ ?
-
តើអ្នកគិតថា ផ្លែតំណាងឲ្យអ្វី ?
-
តើអ្វីកើតឡើង ពេលយើងមិនអើពើនឹងដើមនោះ ឬ មិនបានថែទាំវាដិតដល់នោះ ?
-
តើអ្នកគិតថា វានឹងទៅជាយ៉ាងណា ពេលដែលយើងមិនអើពើ ឬ មិនបានថែទាំទីបន្ទាល់ឲ្យដិតដល់នោះ ?
បើចាំបាច់ សូមបើកព្រះគម្ពីររបស់អ្នក ហើយរំឭក អាលម៉ា 32:35–40 ដើម្បីជួយអ្នកឆ្លើយសំណួរទាំងនេះ ។ សូមបន្ថែមឃ្លា ថែទាំដោយឧស្សាហ៍ព្យាយាម ទៅក្នុងបញ្ជី « របៀបដើម្បីទទួល និង ពង្រឹងទីបន្ទាល់មួយ » ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
សូមសង្ខេបក្នុងមួយប្រយោគ ពីអ្វីដែលអ្នកបានរៀនពី អាលម៉ា 32 អំពីអ្វីដែលជាតម្រូវការ ដើម្បីទទួល ឬ ពង្រឹងទីបន្ទាល់មួយ ហើយសរសេរគោលការណ៍នេះក្នុងព្រះគម្ពីររបស់អ្នក នៅក្បែរ អាលម៉ា 32:37–43 ។
អ្នកអាចនឹងសរសេរអ្វីមួយដូចជា ៖ បើយើងថែទាំសេចក្ដីជំនឿរបស់យើងលើព្រះបន្ទូលនៃព្រះទុកក្នុងចិត្តយើងដោយឧស្សាហ៍ព្យាយាម នោះសេចក្ដីជំនឿ និង ទីបន្ទាល់របស់យើងពីព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់នឹងរីកលូតលាស់ឡើង ។
សូមអាន អាលម៉ា 32:41–43 រកមើលពីរបៀបដែលអាលម៉ាបានពិពណ៌នាពីផលផ្លែ ដែលមានដល់ពួកអ្នកដែលថែទាំទីបន្ទាល់របស់ពួកគេដោយឧស្សាហ៍ព្យាយាម ។ អាលម៉ា 32:42 លើកឡើងពីសេចក្ដីព្យាយាម និង សេចក្ដីអត់ធ្មត់ ។ តើអ្នកគិតថា ហេតុអ្វីវាតម្រូវឲ្យមានសេចក្ដីព្យាយាម និង សេចក្ដីអត់ធ្មត់ ដើម្បីដាំដើមរុក្ខជាតិ—ឬ ដើម្បីឲ្យទីបន្ទាល់របស់អ្នក—បានលូតលាស់ឡើង ?
-
សូមឆ្លើយសំណួរមួយ ឬ ទាំងពីរ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ចំណេះចំណានខគម្ពីរ—អាលម៉ា 32:21
-
សូមអាន អាលម៉ា 32:21 ម្ដងទៀត ។ សូមព្យាយាមទន្ទេញខនេះ ហើយបន្ទាប់មកសូត្រវាដោយការចងចាំ ទៅកាន់មិត្ត ឬ សមាជិកគ្រួសារម្នាក់ ។ សូមសរសេរប្រយោគពីរបីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយពន្យល់ពីអ្វីដែលខនេះបង្រៀនអ្នកអំពីសេចក្ដីជំនឿ ។
ចម្លើយដែលអាចមានសម្រាប់កិច្ចការ 3ក ៖ ( ក ) ផ្ដល់កន្លែងឲ្យព្រះបន្ទូល ( ឬ គ្រាប់ពូជ ) ដើម្បីដុះនៅក្នុងចិត្តអ្នក ( ខ ) កុំបោះចោលគ្រប់ពូជដោយការឥតជំនឿរបស់អ្នក និង ( គ ) ទទួលស្គាល់ការលូតលាស់នៃគ្រាប់ពូជរបស់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 32 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖