មេរៀនទី 22 ៖ ថ្ងៃទី 4
ហេលេមិន 6–9
សេចក្តីផ្ដើម
ក្រោយពីកិច្ចប្រឹងប្រែងក្នុងកិច្ចការផ្សព្វផ្សាយសាសនារបស់នីហ្វៃ និង លីហៃ ភាពសុចរិតរបស់ពួកសាសន៍លេមិនបានកើនឡើង ។ ជាអកុសល អំឡុងពេលជាមួយគ្នានេះ ពួកសាសន៍នីហ្វៃបានប្រែជាទុច្ចរិត ហើយគាំទ្រដល់ក្រុមចោរប្លន់កាឌីអានតុន ដែលជាលទ្ធផលគឺព្រះវិញ្ញាណនៃព្រះអម្ចាស់បានចេកចេញពីពួកគេ ។ ព្យាការីនីហ្វៃបានព្យាករថា បើសិនសាសន៍នីហ្វៃបន្តរស់នៅក្នុងសេចក្ដីទុច្ចរិត នោះពួកគេនឹងត្រូវវិនាស ។ ជាការតបវិញ ពួកចៅក្រមដែលពុករលួយបានពង្វក់ប្រជាជនជាច្រើនឲ្យខឹងទាស់នឹងនីហ្វៃ ខណៈដែលប្រជាជនមួយចំនួនបានការពារព្យាការីយ៉ាងក្លាហាន ។ ជាសក្ខីបទមួយថា ពាក្យសម្ដីរបស់លោកនឹងត្រូវបានបំពេញ នោះនីហ្វៃបានបើកសម្ដែងថា មេចៅក្រមត្រូវបានធ្វើឃាតដោយប្អូនប្រុសរបស់គាត់ ។ ពេលពាក្យសម្ដីរបស់នីហ្វៃត្រូវបានបញ្ជាក់ថាត្រឹមត្រូវ នោះមានប្រជាជនមួយចំនួនបានទទួលលោកថាជាព្យាការីម្នាក់ ។
ហេលេមិន 6
ពួកសាសន៍លេមិនប្រែជាសុចរិត ហើយប្រយុទ្ធតទល់នឹងក្រុមចោរប្លន់កាឌីអានតុន ខណៈដែលពួកសាសន៍នីហ្វៃគាំទ្របក្សព័ន្ធសម្ងាត់
-
សូមគូររូបខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយទុកចន្លោះសម្រាប់សរសេរនៅខាងលើ និង នៅខាងក្រោម ៖
កាលដែលអ្នកបានសិក្សាគម្ពីរហេលេមិន អ្នកបានឃើញថា ពួកសាសន៍នីហ្វៃបានធ្វើការជ្រើសរើសទាំងឡាយ ដែលនាំឲ្យព្រះវិញ្ញាណនៃព្រះអម្ចាស់ចាកចេញពីជីវិតគេ ខណៈដែលពួកសាសន៍លេមិនបានធ្វើការជ្រើសរើសទាំងឡាយដែលអញ្ជើញព្រះវិញ្ញាណឲ្យរីកលូតលាស់ឡើងនៅក្នុងជីវិតគេ ។ សូមអាន ហេលេមិន 6:1–5, 16–17, 34–36 រកមើលអ្វីដែលពួកសាសន៍លេមិនបានធ្វើ ដែលបណ្ដាលឲ្យព្រះវិញ្ញាណនៃព្រះអម្ចាស់កើនឡើង ហើយសរសេរវានៅខាងលើព្រួញខាងលើ ។ នៅក្នុងខទាំងឡាយដដែលនោះ សូមរកមើលអ្វីដែលពួកសាសន៍នីហ្វៃបានធ្វើ ដែលបណ្ដាលឲ្យព្រះវិញ្ញាណនៃព្រះអម្ចាស់ថយចុះ ហើយសរសេរវានៅខាងក្រោមព្រួញខាងក្រោម ។
គោលការណ៍សំខាន់មួយដែលយើងអាចរៀនចេញពីពួកសាសន៍នីហ្វៃ និង លេមិន គឺ ៖ ពេលយើងជឿ ហើយគោរពប្រតិបត្តិដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះទ្រង់នឹងចាក់ព្រះវិញ្ញាណរបស់ទ្រង់មកលើយើង ។ ផ្ទុយពីគោលការណ៍នេះគឺពិតផងដែរថា ៖ បើយើងមិនមានឆន្ទៈក្នុងការជឿ និង គោរពប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ នោះព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងចាកចេញពីយើង ។
សូមក្រឡេកមើលអ្វីដែលអ្នកបានសរសេរនៅលើរូបភាពនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមគិតអំពីរបៀបដែលសកម្មភាពនៅពាក់កណ្ដាលខាងលើទាំងនោះជាគំរូនៃការមានឆន្ទៈក្នុងការជឿ និង គោរពប្រតិបត្តិដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ខណៈដែលសកម្មភាពទាំងឡាយនៅខាងក្រោម គឺជាគំរូនៃការពង្រឹងដួងចិត្ត និង មិនមានឆន្ទៈក្នុងការស្ដាប់តាមព្រះអម្ចាស់ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមជ្រើសរើសសកម្មភាពមួយពីសកម្មភាពវិជ្ជមានទាំងឡាយ ( នៅពាក់កណ្កាលខាងលើនៃរូបរបស់អ្នក ) ដែលអ្នកកំពុងធ្វើ ឬ បានធ្វើក្នុងជីវិតអ្នក ។ តើសកម្មភាពនេះបានអញ្ជើញព្រះវិញ្ញាណបរិសុទ្ធចូលក្នុងជីវិតអ្នកដូចម្ដេចដែរ ?
-
សូមក្រឡេកមើលទៅសកម្មភាពទាំងឡាយដែលនៅពាក់កណ្ដាលខាងក្រោមនៃរូបរបស់អ្នក ។ ហេតុអ្វីអ្នកចង់ចៀសវាសពីការធ្វើការណ៍ទាំងនេះ ?
-
សូមជ្រើសរើសការណ៍មួយដែលអ្នកអាចធ្វើ ដើម្បីអញ្ជើញព្រះវិញ្ញាណនៃព្រះអម្ចាស់ឲ្យកើនឡើងនៅក្នុងជីវិតអ្នក ហើយពុះពារព្យាយាមដើម្បីធ្វើវានៅក្នុងសប្ដាហ៍ខាងមុខនេះ ។
ហេលេមិន 7
នីហ្វៃផ្សព្វផ្សាយទៅពួកសាសន៍នីហ្វៃដែលទុច្ចរិត ហើយបញ្ជាពួកគេឲ្យប្រែចិត្ត
ព្យាការីនីហ្វៃបានបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងដែនដីភាគខាងជើង អស់ប្រាំមួយឆ្នាំ ។ លោកបានត្រឡប់ទៅផ្ទះលោកវិញ បន្ទាប់ពីព្យាយាមបង្រៀនដល់ពួកសាសន៍នីហ្វៃ ដែលបានបដិសេធពាក្យសម្ដីលោក ហើយបន្តនៅក្នុងស្ថានភាពទុច្ចរិតរបស់គេ ។ លោកមានការខកចិត្តជាខ្លាំង ។ សូមអាន ហេលេមិន 7:6–11 ដើម្បីរៀនពីអ្វីដែលនីហ្វៃបានធ្វើ ។
បន្ទាប់ពីប្រជាជនបានប្រមូលផ្ដុំដើម្បីស្ដាប់នីហ្វៃអធិស្ឋាននៅលើប៉មនៅក្នុងសួនរបស់លោកហើយ នីហ្វៃបានចាប់ផ្ដើមបង្រៀនពួកគេ ( សូមមើល ហេលេមិន 7:12–29 ) ។ លោកបានព្រមានពួកគេពីលទ្ធផលនៃការសម្រេចចិត្តរបស់ពួកគេ ហើយបានសង្កត់ធ្ងន់លើគោលការណ៍នេះ ៖ បើយើងបដិសេធមិនប្រែចិត្តពីអំពីបាបរបស់យើង នោះយើងនឹងបាត់បង់ការការពារពីព្រះអម្ចាស់ និង ពរជ័យទាំងឡាយនៃជីវិតដ៏នៅអស់កល្បជានិច្ច ។
ហេលេមិន 8:1–26
ពួកចៅក្រមពុករលួយពង្វក់ដល់ប្រជាជនឲ្យខឹងទាស់នឹងនីហ្វៃ
តើអ្វីខ្លះជាឥទ្ធិពលមួយចំនួន ដែលរំខានអ្នកពីការស្ដាប់ដល់ពាក្យសម្ដីរបស់ព្យាការី ? ពេលអ្នកសិក្សា ហេលេមិន 8 សូមមើលឲ្យបានជ្រាលជ្រៅទៅក្នុងអ្វី ដែលអ្នកគប្បីធ្វើពេលប្រឈមនឹងឥទ្ធិពលបែបនោះ ។
សូមអាន ហេលេមិន 8:1–6 រកមើលពីរបៀបដែលពួកចៅក្រមសាសន៍នីហ្វៃ ( ដែលជាក្រុមចោរកាឌីអានតុនផងដែរនោះ ) បានមានប្រតិកម្មចំពោះការបង្រៀនរបស់នីហ្វៃ ។ ពេលអ្នកអាន សូមសញ្ជឹងគិតពីសំណួរតទៅនេះ ៖ តើអ្វីជាសារដំណឹងចម្បងរបស់ពួកចៅក្រមទៅកាន់ប្រជាជន ? យោងទៅតាម ហេលេមិន 8:4 ហេតុអ្វីពួកចៅក្រមពុំចាប់ខ្លួននីហ្វៃ ?
សូមគិតពីអ្វីដែលអ្នកនឹងធ្វើ ប្រសិនបើមាននរណាម្នាក់ព្យាយាមលួងលោមអ្នកមិនឲ្យស្ដាប់ដល់អ្វីដែលព្យាការីបង្រៀននោះ ។ នៅក្នុង ហេលេមិន 8 ប្រជាជនមួយចំនួនបានចេញមកនិយាយទាស់នឹងអ្វីដែលពួកចៅក្រមនិយាយអំពីនីហ្វៃ ។ សូមអាន ហេលេមិន 8:7–9 ហើយពិចារណាក្នុងការគូសចំណាំនូវអ្វីដែលប្រជាជនបាននិយាយដើម្បីគាំទ្រដល់នីហ្វៃ ។
សូមមើល ហេលេមិន 8:10 ហើយកត់ចំណាំពីផលប៉ះពាល់ ដែលពាក្យសម្ដីរបស់ពួកគេបានមានទៅលើស្ថានភាពនោះ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍តទៅនេះនៅក្បែរ ហេលេមិន 8:7–10 ៖ បើយើងតទល់នឹងការអាក្រក់ នោះយើងអាចរារាំងវាកុំឲ្យរីកឡើង ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរកថាខណ្ឌខ្លីមួយដែលពន្យល់ពីមូលហេតុដែលអ្នកគិតថា គោលការណ៍ដែលបានថ្លែងខាងលើនេះ សំខាន់នៅក្នុងជំនាន់របស់យើងនេះ ។
-
សូមឆ្លើយសំណួរមួយ ឬ ច្រើនជាងនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកអាចទប់ទល់នឹងឥទ្ធិពលទាំងឡាយដែលលួងលោមអ្នកមិនឲ្យអើពើរ ឬ តទល់នឹងការបង្រៀនរបស់ព្យាការីយ៉ាងដូចម្តេច ?
-
តើអ្វីខ្លះជារបៀបត្រឹមត្រូវ ក្នុងការចេញមកនិយាយទាស់នឹងឥទ្ធិពលបែបនោះ ហើយគាំទ្រដល់ព្យាការីរបស់ព្រះអម្ចាស់ ?
-
តើពេលណាដែលអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់ បានក្រោកឈរឡើងទាស់នឹងឥទ្ធិពលបែបនោះ ? តើអ្វីខ្លះដែលជាលទ្ធផល ?
-
ដូចមានកត់ត្រានៅក្នុង ហេលេមិន 8:11–23 នីហ្វៃបានរំឭកប្រជាជនអំពីព្យាការីមួយទៅព្យាការីមួយទៀត ដែលបានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ លោកបានបង្រៀនពួកសាសន៍នីហ្វៃនូវគោលការណ៍នេះ ៖ ពេលយើងអនុវត្តសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ហើយគោរពប្រតិបត្តិ នោះយើងនឹងទទួលជីវិតដ៏នៅអស់កល្បជានិច្ច ។ ថ្វីបើមានព្យាការីជាច្រើន ដែលការបង្រៀនរបស់ពួកលោកបានបញ្ជាក់ដល់ពាក្យសម្ដីរបស់នីហ្វៃក៏ដោយ ក៏ប្រជាជនបានបដិសេធនីហ្វៃ និង សារដំណឹងរបស់លោក ។ សូមអាន ហេលេមិន 8:24–26 ហើយរកមើលលទ្ធផលទាំងឡាយដែលពួកសាសន៍នីហ្វៃប្រឈមជាមួយ បើសិនពួកគេបន្តបដិសេធទីបន្ទាល់របស់ពួកព្យាការី ។ បន្ទាប់មក សូមសញ្ជឹងគិតពីសំណួរតទៅនេះ ៖ តើអ្នកគិតថា ហេតុអ្វីពួកអ្នកដែលបដិសេធសេចក្ដីពិត ហើយបះបោរទាស់នឹងព្រះជានិច្ច ប្រឈមនឹងលទ្ធផលធ្ងន់ធ្ងរបែបនោះ ?
ហេលេមិន 8:27–9:41
នីហ្វៃបើកបង្ហាញថា មេចៅក្រមត្រូវបានធ្វើឃាតដោយប្អូនប្រុសរបស់គាត់
ជាភស្ដុតាងថា ប្រជាជនគឺនៅក្នុងស្ថានភាពដ៏ពោរពេញដោយអំពើបាប ហើយថាអ្វីដែលលោកបានប្រាប់ពួកគេអំពីការបំផ្លិចបំផ្លាញរបស់ពួកគេ នឹងត្រូវបានបំពេញ នោះនីហ្វៃបានបើកបង្ហាញថា មេចៅក្រមរបស់សាសន៍នីហ្វៃគឺត្រូវបានគេធ្វើឃាត ។ នីហ្វៃក៏បានប្រកាសផងដែរថា ទាំងបុរសដែលត្រូវគេធ្វើឃាត និង ប្អូនប្រុសរបស់គាត់គឺជាសមាជិកនៃក្រុមចោរប្លន់កាឌីអានតុន ។ ( សូមមើល ហេលេមិន 8:27–28 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរគោលការណ៍តទៅនេះ ៖ ពាក្យសម្ដីរបស់ព្យាការីនឹងត្រូវបានបំពេញ ។ សូមស្រមៃថា អ្នកជាអ្នកអង្កេតការម្នាក់ ដែលកំពុងស៊ើបអង្កេតពីឃាតកម្មរបស់មេចៅក្រម ។ សូមស្វែងរកចម្លើយចំពោះសំណួរខាងក្រោមនេះ ដោយការអានខទាំងឡាយដែលនៅក្នុងវង់ក្រចក ។ សូមសរសេរចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ថ្ងៃទីមួយនៃការស៊ើបអង្កេត ៖
-
ពេលប្រជាជនប្រាំនាក់បានអង្កេតពីការអះអាងរបស់នីហ្វៃ តើពួកគេបានរកឃើញអ្វី ? ហេតុអ្វីពួកគេបានដួលទៅលើដី ? ( ហេលេមិន 9:1–5 )
-
តើនរណាដែលប្រជាជនបានសង្ស័យថាជាឃាតករ ? ( ហេលេមិន 9:7–8 )
ថ្ងៃទីពីរនៃការស៊ើបអង្កេត ៖
-
តើនរណាដែលបានបង្ហាញថាគ្មានទោស ? ( ហេលេមិន 9:10–14, 18 )
-
តើនរណាដែលត្រូវបានចោទប្រកាន់ ? ( ហេលេមិន 9:16, 19 )
-
តើនីហ្វៃបានផ្ដល់ភស្ដុតាងអ្វី ដែលបង្ហាញថាលោកគ្មានទោស ? ( ហេលេមិន 9:25–36 )
-
តើនរណាជាឃាតករ ? ( ហេលេមិន 9:37–38 )
-
សូមពិចារណាក្នុងការគូសចំណាំចម្លើយទាំងឡាយនៅក្នុងព្រះគម្ពីររបស់អ្នក ដែលឆ្លើយដល់សំណួរខាងក្រោមនេះ ៖
-
យោងតាម ហេលេមិន 9:5 តើពួកបុរសទាំងប្រាំអ្នកដែលបានរកឃើញមេចៅក្រមដែលត្រូវគេធ្វើឃាត ជឿ និង ភ័យខ្លាចចំពោះអ្វី ?
-
យោងតាម ហេលេមិន 9:36 តើនីហ្វៃបាននិយាយថា អ្វីដែលស៊ីអានទុមនឹងធ្វើទីបន្ទាល់ ពេលដែលគាត់សារភាពចំពោះការធ្វើឃាតបងប្រុសរបស់គាត់នោះ ?
-
យោងតាម ហេលេមិន 9:39–41 ហេតុអ្វីប្រជាជនមួយចំនួនជឿដល់នីហ្វៃ ?
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ហេលេមិន 6–9 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖