មេរៀនទី 22 ៖ ថ្ងៃទី 1
ហេលេមិន 1–2
សេចក្តីផ្ដើម
បន្ទាប់ពីពេហូរ៉ានជាមេចៅក្រមបានស្លាប់ទៅ មាននូវការទាស់ទែងជាខ្លាំងនៅក្នុងចំណោមពួកសាសន៍នីហ្វៃ អំពីថាតើកូនប្រុសណាមួយរបស់លោក—ពេហូរ៉ាន ពេអានកៃ និង ពេគូមេណៃ—ដែលគួរក្លាយជាមេចៅក្រមថ្មី ។ ពេហូរ៉ានត្រូវបានជ្រើសតាំងដោយប្រជាជនជាមេចៅក្រមថ្មី ។ អ្នកដើរតាមម្នាក់របស់ពេអានកៃ ជាបុរសម្នាក់ឈ្មោះគិសគូមេន ដែលជាអ្នកនៅក្នុងក្រុមសម្ងាត់ បានធ្វើឃាតពេហូរ៉ាន ហើយបន្ទាប់មក ពេគូមេណៃត្រូវបានតែងតាំងជាមេចៅក្រម ។ ដោយទាញយកប្រៀបពីការទាស់ទែង និង ការបែកខ្ញែកនេះ នោះពួកសាសន៍លេមិនអាចវាយដណ្ដើមបានទីក្រុងសារ៉ាហិមឡា ជារដ្ឋធានីរបស់សាសន៍នីហ្វៃ ហើយសម្លាប់ពេគូមេណៃ ។ មរ៉ូណៃហាដែលជាមេបញ្ជាការរបស់សាសន៍នីហ្វៃ ដណ្ដើមបានទីក្រុងសារ៉ាហិមឡាមកវិញ ហើយហេលេមិនត្រូវបានតែងតាំងជាមេចៅក្រម ។ គិសគូមេនត្រូវប្រហារជីវិត ពេលដែលព្យាយាមសម្លាប់ហេលេមិន ហើយកាឌីអានតុនបានក្លាយជាអ្នកដឹកនាំរបស់ក្រុមសម្ងាត់នោះ ។
ហេលេមិន 1
ការទាស់ទែងគ្នាលើបញ្ហាថានរណាជាមេចៅក្រម ធ្វើឲ្យពួកសាសន៍លេមិនវាយយកបានទីក្រុងសារ៉ាហិមឡា ដែលជារដ្ឋធានីរបស់ពួកសាសន៍នីហ្វៃ
សូមគិតពីពេលចុងក្រោយបំផុត ដែលអ្នកមានជម្លោះជាមួយនរណាម្នាក់ ឬ បានឃើញអ្នកផ្សេងទៀតមានជម្លោះ ។ តើការទាស់ទែងគ្នាបែបនេះបង្កឲ្យមានបញ្ហាអ្វីខ្លះ ? ពេលអ្នកសិក្សា ហេលេមិន 1 សូមរកមើលបញ្ហាទាំងឡាយដែលកើតមកពីការទាស់ទែងគ្នាក្នុងពួកសាសន៍នីហ្វៃ ហើយសញ្ជឹងគិតពីអ្វីដែលអ្នកអាចរៀនចេញពីបទពិសោធន៍របស់ពួកគេ ។
សូមអានវគ្គបទគម្ពីរខាងក្រោមនេះ ហើយសរសេរចម្លើយចំពោះសំណួរទាំងឡាយនៅក្នុងចន្លោះដែលបានផ្ដល់ឲ្យ ៖
-
ហេលេមិន 1:1–4 តើអ្វីដែលបណ្ដាលឲ្យមានការទាស់ទែងគ្នា និង ការបែកខ្ញែកក្នុងចំណោមប្រជាជននីហ្វៃ ?
-
ហេលេមិន 1:5–8 តើនរណាដែលត្រូវបានតែងតាំងជាមេចៅក្រម ? តើបងប្អូនប្រុសពីរនាក់របស់មេចៅក្រមថ្មីបានមានប្រតិកម្មយ៉ាងណា ?
-
ហេលេមិន 1:9–12 តើគិសគូមេនបានធ្វើអ្វី ហើយសេចក្ដីសញ្ញាអ្វីដែលគិសគូមេន និង ក្រុមសម្ងាត់របស់វាបានធ្វើជាមួយគ្នា ?
អំឡុងពេលនៃការទាស់ទែងគ្នាក្នុងចំណោមសាសន៍នីហ្វៃនេះ មានបុរសម្នាក់ឈ្មោះកូរីអានទុមមើរ បានដឹកនាំពួកសាសន៍លេមិនច្បាំងទាស់នឹងទីក្រុងសារ៉ាហិមឡា ។ សូមអាន ហេលេមិន 1:18–22 ហើយរកមើលអ្វីដែលពួកសាសន៍លេមិនអាចធ្វើបាន ពេលដែលពួកសាសន៍នីហ្វៃមានការទាស់ទែងគ្នា ។
សេចក្ដីពិតមួយដែលយើងអាចរៀនចេញពីដំណើររឿងនេះគឺ ៖ ការទាស់ទែងគ្នានាំឲ្យមានការបែកបាក់គ្នា ហើយធ្វើឲ្យយើងរងគ្រោះធ្លាក់ក្នុងឥទ្ធិពលរបស់មារសត្រូវ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ ហេលេមិន 1:18 ។
-
ដើម្បីជួយអ្នកឲ្យកាន់តែយល់ច្បាស់ពីគោលការណ៍នេះ សូមឆ្លើយនូវសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យុវនារីម្នាក់ឈ្លោះប្រកែកជាមួយឪពុកម្ដាយនាងអំពីមិត្តនាង ។ តើការទាស់ទែងគ្នានេះអាចប៉ះពាល់ដល់អាកប្បកិរិយារបស់នាងយ៉ាងណា ចំពោះការស្ដាប់ដល់ដំបូន្មានឪពុកម្ដាយនាងពីផ្នែកផ្សេងៗទៀតក្នុងជីវិតនាង ?
-
យុវជនម្នាក់មានអារម្មណ៍ខឹងចំពោះមនុស្សម្នាក់នៅក្នុងកូរ៉ុមបព្វជិតភាពរបស់គាត់ ។ តើការទាស់ទែងនេះអាចប៉ះពាល់ដល់របៀបដែលគាត់ប្រព្រឹត្តនៅព្រះវិហារយ៉ាងណាដែរ ?
-
សូមគិតពីផ្នែកមួយនៅក្នុងជីវិតអ្នក ដែលអ្នកមានអារម្មណ៍ថា មាននូវការទាស់ទែងគ្នារវាងអ្នក និង មនុស្សផ្សេងទៀត ។ តើមានអ្វីមួយជាក់លាក់ដែលអ្នកអាចធ្វើបាន ដើម្បីកំចាត់ចោលនូវការទាស់ទែងនៅក្នុងជីវិតអ្នក ? តើអ្នកអាចសម្រេចការណ៍នេះបានដោយរបៀបណា ?
-
ហេលេមិន 1:22–30 កត់ត្រាថា បន្ទាប់ពីពួកសាសន៍លេមិនវាយយកបានទីក្រុងសារ៉ាហិមឡាហើយ ពួកគេបានចាប់ផ្ដើមទៅទីក្រុងបរិបូរណ៍ភ្លាមៗ ដើម្បីវាយយកទីក្រុងនោះថែមទៀត ។ ពលទ័ពរបស់នីហ្វៃមានលទ្ធភាពហ៊ុំព័ទ្ធពួកសាសន៍លេមិន ហើយយកឈ្នះពួកគេ ។ ពួកសាសន៍លេមិនជាច្រើនត្រូវសម្លាប់ ហើយពួកអ្នកដែលសុំចុះចាញ់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅដែនដីរបស់គេវិញ ។
ហេលេមិន 2
ហេលេមិនក្លាយជាមេចៅក្រម ហើយអ្នកបម្រើរបស់លោកការពារមិនឲ្យពួកក្រុមសម្ងាត់យកជីវិតលោក ។
មុនពេលអ្នកសិក្សា ហេលេមិន 2 សូមគិតអំពីរបៀបយុវនារី ឬ យុវជនដ៏ស្មោះត្រង់ម្នាក់ នឹងព្យាយាមដោះស្រាយកំហុស ឬ អំពើបាបមួយ ។ តើគេនឹងព្យាយាមដើម្បីលាក់បាំងវា ឬ ស្វែងរកការអត់ទោសពីព្រះអម្ចាស់ និង ពីសំណាក់ពួកអ្នកដែលត្រូវគេធ្វើឲ្យឈឺចាប់ ?
បន្ទាប់ពីគិសគូមេនបានធ្វើឃាតពេហូរ៉ានហើយ វា និង សមាជិកនៃក្រុមសម្ងាត់របស់វាបានសន្យាចំពោះគ្នាទៅវិញទៅមកថា ពួកវានឹងមិនដែលប្រាប់នរណាឡើយ ថានរណាបានប្រព្រឹត្តអំពើឃាតកម្មនោះ ។ សូមអាន ហេលេមិន 2:3–4 ហើយយកចិត្តទុកដាក់លើឃ្លា « បានចុះសេចក្ដីសញ្ញាមួយថា ពុំឲ្យនរណាម្នាក់ដឹងនូវអំពើទុច្ចរិតរបស់វាឡើយ » ។ បន្ទាប់មកសូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា 58:43 ហើយរកមើលថាតើព្រះអម្ចាស់ចង់ឲ្យយើងប្រព្រឹត្តដោយរបៀបណា ពេលយើងបានធ្វើអ្វីដែលខុស ។
-
ផ្អែកលើការសិក្សារបស់អ្នកពី ហេលេមិន 2:3–4 និង គោលលទ្ធិ និង សេចក្ដីសញ្ញា 58:43 សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកពីភាពខុសគ្នា រវាងរបៀបដែលព្រះអម្ចាស់ចង់ឲ្យយើងធ្វើ ប្រសិនបើយើងធ្វើអំពើបាបមួយ និង របៀបដែលគិសគូមេន និង អ្នកដើរតាមវាបានធ្វើ ។
ហេលេមិនបានក្លាយជាមេចៅក្រមថ្មី បន្ទាប់ពីការស្លាប់របស់ពេហូរ៉ាន ហើយបន្ទាប់មកគិសគូមេន និង ក្រុមសម្ងាត់របស់វាបានសម្រេចចិត្តថាសម្លាប់ហេលេមិនផងដែរ ។ មានបុរសម្នាក់ឈ្មោះកាឌីអានតុន បានក្លាយជាអ្នកដឹកនាំនៃក្រុមសម្ងាត់នៅពេលនោះ ។ សូមអាន ហេលេមិន 2:2–9 ហើយសរសេរនៅក្នុងចន្លោះខាងក្រោម ពីរបៀបដែលគិសគូមេនត្រូវបានសម្លាប់ ៖
សូមអាន ហេលេមិន 2:10–14 ហើយរកមើលពីអ្វីដែលបានកើតឡើងចំពោះបក្សពួកចោរប្លន់កាឌីអានតុន ។ មរមនបានព្រមានថា ក្រុមសម្ងាត់ដូចជាបក្សពួកចោរប្លន់កាឌីអានតុន ដែលត្រូវបានហៅថា « បក្សព័ន្ធសម្ងាត់ » ( សូមមើលឧទាហរណ៍នៅ ហេលេមិន 3:23 ) នឹងបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញដល់ប្រជាជននីហ្វៃនៅទីបំផុត ។ ព្យាការីក្នុងព្រះគម្ពីរមរមនពីមុនៗ ក៏បានព្រមានទាស់នឹងការចូលរួមនឹងបក្សព័ន្ធសម្ងាត់ផងដែរ ( សូមមើល នីហ្វៃទី2 26:22; អាលម៉ា 1:12 ) ។ ព្រះគម្ពីរមរមនបង្រៀនពីគោលការណ៍នេះ ៖ បក្សព័ន្ធសម្ងាត់អាចនាំឲ្យមានការបំផ្លិចបំផ្លាញដល់សង្គម ។
អែលឌើរ អិម. រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានព្រមានពីគ្រោះថ្នាក់នៃបក្សព័ន្ធសម្ងាត់នៅសម័យនេះ ។ ពេលអ្នកអានការព្រមានរបស់លោក សូមគូសចំណាំនូវអ្វីដែលយើងអាចធ្វើបាន ដើម្បីឈរទាស់នឹងបក្សព័ន្ធសម្ងាត់ ។
« ព្រះគម្ពីរមរមនបង្រៀនថា បក្សព័ន្ឋសម្ងាត់ទាក់ទិននឹងបទឧក្រិដ្ឋ ធ្វើឲ្យមានបញ្ហាដ៏ធ្ងន់ធ្ងរមួយ មិនត្រឹមតែចំពោះបុគ្គលម្នាក់ៗ និង ក្រុមគ្រួសារប៉ុណ្ណោះទេ តែចំពោះប្រជាជាតិទាំងមូល ។ ក្នុងចំណោមបក្សព័ន្ឋសម្ងាត់បច្ចុប្បន្ន គឺក្រុមក្មេងពាល ការជួញដូរគ្រឿងញៀន និង ក្រុមឧក្រិដ្ឋជនដែលបានបង្កើតឡើង ។ បក្សព័ន្ឋសម្ងាត់ក្នុងសម័យយើងសព្វថ្ងៃ មានមុខងារដូចគ្នាខ្លាំងណាស់ទៅនឹងពួកចោរកាឌីអានតុននៃសម័យកាលព្រះគម្ពីរមរមន ។ … ក្នុងចំណោមគោលបំណងរបស់វាគឺដើម្បី ‹ ធ្វើឃាត និង ប្លន់ និង លួច និង ប្រព្រឹត្តអំពើសហាយស្មន់ និង អំពើទុច្ចរិតគ្រប់បែបយ៉ាង ដែលផ្ទុយនឹងក្រិត្យវិន័យនៃប្រទេសខ្លួន និង ក្រិត្យវិន័យនៃព្រះរបស់គេផង › [ ហេលេមិន 6:23 ] ។
« បើសិនជាយើងមិនបានប្រុងប្រយត្ន័ទេ នោះបក្សព័ន្ធសម្ងាត់សព្វថ្ងៃនេះអាចមានអំណាច និង ឥទ្ធិពលយ៉ាងលឿន និង ពេញលេញដូចដែលពួកវាបានធ្វើនៅក្នុងសម័យកាលព្រះគម្ពីរមរមនដូច្នោះដែរ ។ …
« ព្រះគម្ពីរមរមនបង្រៀនថា អារក្សគឺជា ‹ អ្នកនិពន្ធអំពើបាបទាំងអស់ › ហើយជាអ្នកបង្កើតបក្សព័ន្ធសម្ងាត់ទាំងនេះ [ ហេលេមិន 6:30 ] ។ … គោលបំណងរបស់វាគឺដើម្បីបំផ្លាញបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ និង ជាតិសាសន៍ទាំងឡាយ [ សូមមើល នីហ្វៃទី2 9:9 ] ។ ដល់កម្រិតមួយ វាបានទទួលជោគជ័យនៅអំឡុងសម័យកាលព្រះគម្ពីរមរមន ។ ហើយវាកំពុងមានជោគជ័យយ៉ាងខ្លាំងលើសលប់នៅសព្វថ្ងៃនេះ ។ នោះជាមូលហេតុដែលវាសំខាន់សម្រាប់យើង … ក្នុងការឈរយ៉ាងរឹងមាំសម្រាប់សេចក្ដីពិត និង ត្រឹមត្រូវ ដោយការធ្វើអ្វីៗដែលយើងអាចធ្វើបាន ដើម្បីថែរក្សាសហគមន៍របស់យើងឲ្យមានសុវត្ថិភាព ។
« … [ យើងអាច ] ‹ ឈរជាសាក្សីដល់ព្រះ › ដោយការធ្វើជាគំរូ រក្សាបទដ្ឋានរបស់សាសនាចក្រ និង ចែកចាយទីបន្ទាល់របស់យើងជាមួយពួកអ្នកនៅជុំវិញយើង [ សូមមើល ម៉ូសាយ 18:9 ] » ( ”Standing for Truth and Right” Ensign ខែ វិច្ឆិកា ឆ្នាំ 1997 ទំព័រ 38 ) ។
សូមគិតពីរបៀបមួយ ឬ ច្រើនជាងនោះ ដែលអ្នកអាចអនុវត្តនូវការបង្រៀនរបស់ អែលឌើរ បាឡឺដ ក្នុងការឈរសម្រាប់សេចក្ដីពិត និង ត្រឹមត្រូវនៅក្នុងសហគមន៍ និង ប្រទេសរបស់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ហេលេមិន 1–2 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖