មេរៀនទី 20 ៖ ថ្ងៃទី 1
អាលម៉ា 39
សេចក្តីផ្ដើម
អាលម៉ាបានស្ដីបន្ទោសដល់កូនប្រុសរឹងចចេសរបស់លោកគឺកូរីអានតុន ដែលបានបោះបង់ចោលការបម្រើ ហើយបានប្រព្រឹត្តអំពើបាបខាងកាមគុណដ៏ធ្ងន់ធ្ងរ ។ អាលម៉ាបានបង្រៀនកូរីអានតុនពីភាពធ្ងន់ធ្ងរនៃទង្វើរបស់គាត់ ហើយបានបង្ហាញពីការខកចិត្តរបស់លោក ដែលកូរីអានទុនបានធ្វើទង្វើខុសឆ្គងដ៏ធ្ងន់ធ្ងរបែបនោះ ។ អាលម៉ាបានបញ្ជាកូរីអានតុនឲ្យឈប់ទៅតាម « សេចក្ដីសម្រើបនៃភ្នែករបស់ខ្លួនទៀតឡើយ » ហើយឲ្យប្រែចិត្ត ( អាលម៉ា 39:9 ) ។ សារដំណឹងរបស់អាលម៉ាចំពោះកូរីអានតុន មាននៅក្នុង អាលម៉ា 39–42 ។
អាលម៉ា 39:1–6
អាលម៉ាពន្យល់ពីភាពធ្ងន់ធ្ងរនៃអំពើបាបខាងកាមគុណ ទៅកាន់កូរីអានតុនកូនប្រុសលោក ។
សូមពិចារណាសេចក្ដីថ្លែងតទៅនេះ ៖ អំពើបាបមួយចំនួនគឺធ្ងន់ធ្ងរជាងអំពើបាបមួយចំនួនផ្សេងទៀត ។
-
សូមឆ្លើយតបចំពោះសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកយល់ស្របទេថា អំពើបាបមួយចំនួនគឺធ្ងន់ធ្ងរជាងអំពើបាបមួយចំនួនផ្សេងទៀត ? ហេតុអ្វីយល់ស្រប ឬ ហេតុអ្វីមិនយល់ស្រប ?
ដូចមានកត់ត្រានៅក្នុង អាលម៉ា 39 អាលម៉ាបានផ្ដល់ដំបូន្មានដល់កូរីអានតុន កូនប្រុសរបស់លោក ដែលអាចជួយអ្នកយល់ពីលក្ខណៈធ្ងន់ធ្ងរនៃអំពើបាបជាក់លាក់ទាំងឡាយ ។ កូរីអានតុនបានរួមដំណើរជាមួយអាលម៉ា និង ស៊ីបឡុនជាបងប្រុសគាត់ ទៅបម្រើបេសកកម្មដើម្បីផ្សព្វផ្សាយដំណឹងល្អទៅកាន់ពួកសាសន៍សូរាំ ។ ពេលនៅទីនោះ កូរីអានតុនបានប្រព្រឹត្តអំពើបាបខាងកាមគុណដ៏ធ្ងន់ធ្ងរមួយ ។
សូមអាន អាលម៉ា 39:1–4 ហើយរកមើលអ្វី ដែលកូរីអានតុនបានធ្វើខុស ។ ដើម្បីជួយអ្នកឲ្យយល់ខទាំងនេះ វាអាចជាប្រយោជន៍ក្នុងការដឹងថា ស្រីខូច គឺស្ត្រីដែលអសីលធម៌ ឬ ជាស្រីលក់ខ្លួន ។ វាសំខាន់ក្នុងការយល់ថា « ព្រះអម្ចាស់ពុំអាចទតមើលអំពើបាប សូម្បីតែបន្តិចបន្តួច » ( គ. និង ស. 1:31 ) ជាពិសេស អំពើបាបខាងកាមគុណ គឺធ្ងន់ធ្ងរណាស់ ។ សូមកត់ចំណាំផងដែរថា កូរីអានតុនបានចាកចេញពីបេសកកម្មរបស់គាត់ដោយចេតនា ដើម្បីទៅតាមស្រីខូចអ៊ីសាបែល ដែលនាំឲ្យអំពើបាបរបស់គាត់មានភាពធ្ងន់ធ្ងរ ។
សូមអាន អាលម៉ា 39:5 ហើយរកមើលពីរបៀបដែលអាលម៉ាបានពន្យល់ពីភាពធ្ងន់ធ្ងរនៃអំពើបាបខាងកាមគុណ ប្រៀបធៀបទៅនឹងអំពើបាបផ្សេងៗទៀត ។ អំពើគួរខ្ពើមឆ្អើមគឺជាអ្វីមួយដែលពោរពេញដោយអំពើបាប ទុច្ចរិត ឬ ថោកទាប ។ ចេញពីខទាំងនេះ យើងរៀនថា អំពើបាបខាងកាមគុណគឺជាអំពើគួរខ្ពើមឆ្អើមនៅចំពោះព្រះនេត្រនៃព្រះអម្ចាស់ ។ សូមពិចារណា តើអ្នកគិតថា ហេតុអ្វីអំពើបាបខាងកាមគុណត្រូវបានចាត់លេខរៀងថាធ្ងន់ធ្ងរ នៅបន្ទាប់នឹងការធ្វើឃាតកម្ម ។
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ការពន្យល់អំពីមូលហេតុដែលអំពើខាងកាមគុណគួរឲ្យខ្ពើមឆ្អើមចំពោះព្រះអម្ចាស់ ៖ « ដោយការចាត់នូវភាពធ្ងន់ធ្ងរបែបនេះចំពោះចំណង់ខាងសាច់ឈាម ដែលចំណង់នោះត្រូវបានប្រទានឲ្យមនុស្សគ្រប់គ្នា តើព្រះកំពុងប្រាប់អ្វីខ្លះដល់យើង អំពីទីតាំងរបស់វាក្នុងផែនការរបស់ទ្រង់ សម្រាប់បុរស និង ស្ត្រីទាំងអស់ ? ខ្ញុំសូមផ្ដល់យោបល់ដល់អ្នកថា ទ្រង់កំពុងធ្វើយ៉ាងច្បាស់លាស់ដូច្នោះ—គឺបង្ហាញពីផែនការនៃជីវិតនោះឯង ។ ច្បាស់ណាស់ថា ក្នុងចំណោមកង្វល់ដ៏ធំបំផុតរបស់ទ្រង់ ទាក់ទងនឹងភាពរមែងស្លាប់ គឺថាតើមនុស្សម្នាក់ចូលមកក្នុងពិភពលោកនេះដោយរបៀបណា ហើយមនុស្សម្នាក់ចេញពីពិភពលោកនេះទៅដោយរបៀបណា ។ ទ្រង់បានដាក់នូវកម្រិតយ៉ាងតឹងរឹងណាស់ចំពោះបញ្ហាទាំងនេះ » ( “Personal Purity” Ensign ខែ វិច្ឆិកា ឆ្នាំ 1998 ទំព័រ 76 ) ។
សូមអាននូវកថាខណ្ឌខាងក្រោមនេះ ហើយរកមើល និង គូសចំណាំនូវចម្លើយទាំងឡាយចំពោះសំណួរតទៅនេះ ៖ តើអ្វីខ្លះដែលជាពរជ័យក្នុងការរក្សានូវភាពបរិសុទ្ធខាងផ្លូវភេទ ?
« ការស្និទ្ធស្នាលខាងរូបកាយរវាងប្តី និង ប្រពន្ធ គឺមានភាពស្រស់ស្អាត ហើយពិសិដ្ឋ ។ វាត្រូវបានតែងតាំងឡើងដោយព្រះ សម្រាប់ការបង្កើតកូនចៅ និង សម្រាប់ការបង្ហាញសេចក្តីស្រឡាញ់រវាងប្តី និង ប្រពន្ធ ។ ព្រះទ្រង់បានដាក់បញ្ញត្តិថា ភាពស្និទ្ធស្នាលខាងផ្លូវភេទគឺបម្រុងទុកសម្រាប់អាពាហ៍ពិពាហ៍ ។
« នៅពេលដែលអ្នកមានភាពបរិសុទ្ធខាងផ្លូវភេទ នោះអ្នករៀបចំខ្លួនដើម្បីចុះ និង រក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ ។ អ្នករៀបចំខ្លួនដើម្បីស្ថាបនាអាពាហ៍ពិពាហ៍ដែលរឹងមាំ ហើយនាំកូនចៅមកកាន់ពិភពលោក ដែលជាផ្នែកនៃគ្រួសារដ៏អស់កល្ប និង ជាទីស្រឡាញ់ ។ អ្នកការពារខ្លួនពីការខូចខាតខាងវិញ្ញាណ និង ខាងសតិអារម្មណ៍ ដែលកើតមកពីការមានទំនាក់ទំនងស្និទស្នាលខាងផ្លូវភេទនៅក្រៅចំណងអាពាហ៍ពិពាហ៍ ។ អ្នកក៏ការពារខ្លួនពីជម្ងឺដ៏គ្រោះថ្នាក់ផងដែរ ។ ការរក្សានូវបរិសុទ្ធខាងផ្លូវភេទ ជួយអ្នកឲ្យមានទំនុកចិត្ត និង ភាពរីករាយដ៍ពិត និង ពង្រីកសមត្ថភាពរបស់អ្នកដើម្បីធ្វើការសម្រេចចិត្តបានល្អនាពេលបច្ចុប្បន្ន និង ពេលអនាគត » ( ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ 2011 ] ទំព័រ 35 ) ។
ឥឡូវនេះ សូមអានកថាខណ្ឌខាងក្រោមនេះ រកមើលចម្លើយចំពោះសំណួរតទៅនេះ ៖ តើអ្វីខ្លះជាបទដ្ឋានរបស់ព្រះអម្ចាស់ដើម្បីរក្សាភាពបរិសុទ្ធខាងផ្លូវភេទ ?
« បទដ្ឋានរបស់ព្រះអម្ចាស់ទាក់ទងទៅនឹងភាពបរិសុទ្ធខាងផ្លូវភេទ គឺមានភាពច្បាស់លាស់ និង គ្មាន ការផ្លាស់ប្តូរ ។ ចូរកុំឱ្យមានទំនាក់ទំនងផ្លូវភេទជាមួយអ្នកណាមុនអាពាហ៍ពិពាហ៍ ហើយចូរមានសេចក្តីស្មោះត្រង់ទាំងស្រុងចំពោះប្តី ឬ ប្រពន្ធរបស់អ្នកក្រោយអាពាហ៍ពិពាហ៍ ។ ចូរកុំអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយ មិត្តភក្តិរបស់អ្នក ឬ អ្នកផ្សេងទៀតលួងលោមដល់អ្នកថា ភាពស្និទ្ធស្នាលខាងផ្លូវភេទមុនពេលអាពាហ៍ពិពាហ៍ គឺជាការទទួលយកបានឲ្យសោះ ។ វាមិនពិតទេ ។ អំពើបាបខាងផ្លូវភេទ គឺធ្ងន់ធ្ងរក្រៃលែងនៅក្នុងព្រះនេត្រព្រះ ។ វាបំផ្លាញអំណាចដ៏ពិសិដ្ឋរបស់ព្រះដែលបានប្រទានមកយើងដើម្បីបង្កើតជីវិត ។ ព្យាការីអាលម៉ាបានបង្រៀនថា អំពើបាបខាងផ្លូវភេទ គឺធ្ងន់ធ្ងរជាងអំពើបាបផ្សេងៗទៀត លើកលែងតែអំពើឃាតកម្ម ឬ ការបដិសេធព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ( សូមមើល អាលម៉ា 39:5 ) ។
« ចូរកុំធ្វើអ្វីដែលអាចដឹកនាំឲ្យមានអំពើរំលងខាងផ្លូវភេទ ។ ចូរប្រព្រឹត្តជាមួយនឹងអ្នកដទៃដោយការគោរព មិនមែនជាវត្ថុដែលប្រើដើម្បីបំពេញតណ្ហា និង ចំណង់ដ៏អាត្មានិយមនោះឡើយ ។ មុនពេលរៀបអាពាហ៍ពិពាហ៍ ចូរកុំចូលរួមក្នុងការថើបដែលប្រកបដោយតណ្ហា ដេកលើមនុស្សម្នាក់ទៀត ឬ ប៉ះពាល់លើផ្នែកណាមួយដែលសម្ងាត់ ឬ ពិសិដ្ឋ លើរាងកាយរបស់មនុស្សផ្សេង ទោះដោយមាន ឬ មិនមានសម្លៀកបំពាក់ក្តី ។ ចូរកុំធ្វើអ្វីដែលដាស់ឡើងនូវអារម្មណ៍ខាងផ្លូវភេទ ។ ចូរកុំដាស់សតិអារម្មណ៍ទាំងនោះនៅលើខ្លួនរបស់អ្នកផ្ទាល់ ។ ចូរយកចិត្តទុកដាក់លើការបំផុសពីព្រះវិញ្ញាណ ដើម្បីឲ្យអ្នកអាចមានភាពស្អាតស្អំ និង គុណធម៌ ។ ព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងដកថយពីនរណាដែលមានអំពើរំលងខាងផ្លូវភេទ ។
« ចូរចៀសវាងពីស្ថានភាពដែលបង្កើនឲ្យមានការល្បួង ដូចជាសកម្មភាពយប់អាធ្រាត្រ ឬ គេងផ្លូវយប់ឆ្ងាយពីផ្ទះ ឬ សកម្មភាពទាំងឡាយដែលពុំមានមនុស្សពេញវ័យគ្រប់គ្រង ។ ចូរកុំចូលរួមនៅក្នុងការពិភាក្សា ឬ ប្រព័ន្ធផ្សព្វផ្សាយណា ដែលដាស់អារម្មណ៍ខាងផ្លូវភេទ ។ ចូរកុំចូលរួមនៅក្នុងភាពអាសគ្រាមក្នុងគ្រប់ទម្រង់ ។ ព្រះវិញ្ញាណអាចជួយអ្នកដឹង នៅពេលដែលអ្នកស្ថិតក្នុងហានិភ័យ និង ប្រទានកម្លាំងដល់អ្នក ដើម្បីឲ្យអ្នកដកខ្លួនចេញពីស្ថានភាពនោះ ។ ចូរមានសេចក្តីជំនឿ និង គោរពប្រតិបត្តិដល់ដំបូន្មានដ៏សុចរិតរបស់ឪពុកម្តាយ និង ពួកអ្នកដឹកនាំរបស់ អ្នក ។
« អាកប្បកិរិយាស្រឡាញ់ភេទដូចគ្នា និង រួមភេទដូចគ្នា គឺជាអំពើបាបដ៏ធ្ងន់ធ្ងរ ។ ប្រសិនបើអ្នកឃើញថា ខ្លួនអ្នកមានបញ្ហាជាមួយនឹងចំណាប់អារម្មណ៍លើភេទដូចគ្នា ឬ អ្នកកំពុងតែត្រូវបានល្បួងឲ្យចូលរួមនៅក្នុងអាកប្បកិរិយាមិនសមរម្យ ចូរស្វែងរកការប្រឹក្សាពីឪពុកម្តាយ និង ប៊ីស្សពរបស់អ្នក ។ ពួកគាត់នឹងជួយអ្នក ។
« ជនរងគ្រោះដោយការរំលោភបំពានខាងផ្លូវភេទ ពុំមែនជាអំពើបាបទេ និង មិនត្រូវការការប្រែចិត្តទេ ។ ប្រសិនបើអ្នកជាជនរងគ្រោះដោយការរំលោភបំពាន នោះចូរដឹងថា អ្នកមិនមានកំហុសទេ ហើយថា ព្រះស្រឡាញ់អ្នក ។ ចូរពិភាក្សាជាមួយនឹងឪពុកម្តាយរបស់អ្នក ឬ មនុស្សពេញវ័យផ្សេងទៀតដែលអ្នកទុកចិត្ត និង ស្វែងរកការប្រឹក្សាពីប៊ីស្សពរបស់អ្នកភ្លាម ។ ពួកគាត់អាចគាំទ្រអ្នកខាងវិញ្ញាណ និង ជួយអ្នកឲ្យទទួលបានការការពារ និង ជំនួយដែលអ្នកត្រូវការ ។ ដំណើរការនៃការព្យាបាលអាចចំណាយពេលវែង ។ ចូរទុកចិត្តលើព្រះអង្គសង្គ្រោះ ។ ទ្រង់នឹងព្យាបាលអ្នក និង ប្រទានដល់អ្នកនូវសេចក្តីសុខសាន្ត ។
« ប្រសិនបើអ្នកត្រូវបានល្បួងឲ្យប្រព្រឹត្តអំពើរំលងខាងផ្លូវភេទតាមរូបភាពណាមួយនោះ ចូរស្វែងរកជំនួយពីឪពុកម្តាយ និង ប៊ីស្សពរបស់អ្នក ។ ចូរអធិស្ឋានទៅកាន់ព្រះវរបិតារបស់អ្នកដែលគង់នៅឯស្ថានសួគ៌ ទ្រង់នឹងជួយអ្នកឲ្យទ្រាំទ្របាននឹងការល្បួង ហើយយកឈ្នះលើគំនិត និង អារម្មណ៍ដែលមិនសមរម្យ ។ ប្រសិនបើអ្នកបានប្រព្រឹត្តអំពើរំលងខាងផ្លូវភេទ នោះចូរពិភាក្សាជាមួយនឹងប៊ីស្សពរបស់អ្នកឥឡូវនេះ រួចចាប់ផ្តើមដំណើរការនៃការប្រែចិត្ត ដើម្បីឲ្យអ្នកអាចរកឃើញសេចក្តីសុខសាន្ត និង មានភាពជាដៃគូពេញលេញពីព្រះវិញ្ញាណ ។
« ចូរធ្វើការតាំងចិត្តផ្ទាល់ខ្លួន ដើម្បីឲ្យមានភាពបរិសុទ្ធខាងផ្លូវភេទ ។ តាមរយៈពាក្យសម្ដី និង សកម្មភាពរបស់អ្នក ចូរលើកទឹកចិត្តអ្នកដទៃឲ្យធ្វើដូចគ្នា » ( ដើម្បីកម្លាំងនៃយុវជន ទំព័រ 35–37 ) ។
ចេញពីអ្វីដែលអ្នកទើបតែបានអាន សូមពិចារណាថាតើសារដំណឹងអ្វី ដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់ចង់ឲ្យអ្នកផ្ដោតទៅលើ ។
អាលម៉ា 39:7–19
អាលម៉ាលើកទឹកចិត្តកូរីអានតុនឲ្យប្រែចិត្ត
សូមស្រមៃថា អ្នកកំពុងមានការសន្ទនាមួយជាមួយនឹងឪពុកម្ដាយអ្នក ជាមួយអ្នកដឹកនាំយុវជន ឬ យុវនារី ឬ ប៊ីស្សព ឬ ប្រធានសាខារបស់អ្នក អំពីសារៈសំខាន់នៃភាពបរិសុទ្ធខាងផ្លូវភេទ ។ សូមពិចារណាពីរបៀបដែលអ្នកអាចឆ្លើយតបចំពោះឪពុកម្ដាយអ្នក ឬ អ្នកដឹកនាំសាសនាចក្រ ពេលដែលពួកគាត់ទូន្មានអ្នកអំពីសារៈសំខាន់នៃការរក្សាភាពបរិសុទ្ធខាងផ្លូវភេទ ។ សូមអាន អាលម៉ា 39:7–8 ដើម្បីរកមើលពីអ្វីដែលជាគោលបំណងរបស់អាលម៉ា នៅក្នុងការបង្រៀនកូរីអានតុនអំពីភាពធ្ងន់ធ្ងរនៃអំពើបាបរបស់គាត់ ។ សូមពិចារណា ថាតើការឆ្លើយតបរបស់អ្នកចំពោះដំបូន្មានរបស់ឪពុកម្ដាយអ្នក ឬ អ្នកដឹកនាំសាសនាចក្រមានឥទ្ធិពលយ៉ាងណា ពេលដឹងថា វាជាការអញ្ជើញដែលប្រកបដោយក្ដីស្រឡាញ់ ដើម្បីឲ្យរក្សាភាពបរិសុទ្ធ ឬ ប្រែចិត្ត ហើយដើម្បីឲ្យបានរួចពីការជំនុំជម្រះរបស់ព្រះ ។
អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាពីមូលហេតុដែលឪពុកម្ដាយ ក៏ដូចអាលម៉ាដែរ អញ្ជើញកូនៗរបស់ខ្លួនឲ្យប្រែចិត្ត ៖ « ការអញ្ជើញឲ្យប្រែចិត្ត គឺជាការបង្ហាញពីសេចក្ដីស្រឡាញ់ ។ … ប្រសិនបើយើងមិនអញ្ជើញអ្នកផ្សេងឲ្យផ្លាស់ប្ដូ ឬ ប្រសិនបើយើងពុំតម្រូវខ្លួនយើងឲ្យមានការប្រែចិត្តទេ នោះយើងបរាជ័យនៅក្នុងកាតព្វកិច្ចគ្រឹះដែលយើងមានចំពោះគ្នាទៅវិញទៅមក និង ចំពោះខ្លួនយើងផ្ទាល់ ។ ឪពុកម្ដាយដែលបើកដៃឲ្យ មិត្តភក្ដិដែលបណ្ដែតបណ្ដោយ អ្នកដឹកនាំសាសនាចក្រដែលភ័យខ្លាច គឺតាមពិតទៅខ្វល់ខ្វាយពីខ្លួនឯង ជាងសុខុមាលភាព និង សុភមង្គលរបស់មនុស្សដែលពួកគេអាចជួយបាន ។ មែនហើយ ការហៅឲ្យប្រែចិត្ត ជួនកាលត្រូវបានគេគិតថា ជាការមិនចេះអត់ឱន ឬ ជាការអាក់អន់ចិត្ត ហើយសូម្បីតែអាចជាការតូចចិត្ត ប៉ុន្តែបើត្រូវបានដឹកនាំដោយព្រះវិញ្ញាណ នោះភាពពិត វាគឺជាទង្វើនៃការខ្វល់ខ្វាយដ៏ពិតប្រាកដមួយ » ( “The Divine Gift of Repentance” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 39 ) ។
-
សូមសរសេរអ្វីដែលមានដូចតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ការប្រែចិត្តរួមមាន … បន្ទាប់មក ពេលអ្នកសិក្សា អាលម៉ា 39:9–14 សូមធ្វើបញ្ជីមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីអ្វីដែលអាលម៉ាបានបង្រៀនកូរីអានតុន អំពីការប្រែចិត្ត ដែលអាចជួយបំពេញសេចក្ដីថ្លែងនេះ ។
សូមប្រើប្រាស់សំណួរ និង ការអធិប្បាយខាងក្រោមនេះ ដើម្បីជួយអ្នកយល់ និង អនុវត្តដំបូន្មានរបស់អាលម៉ា ។ ព្យាយាមដើម្បីរកមើល ហើយសរសេរសេចក្ដីពិតឲ្យបានយ៉ាងហោចណាស់មួយ សម្រាប់ខនីមួយៗ ដែលមានរាយនៅខាងក្រោម ដែលអាចជួយបំពេញសេចក្ដីថ្លែងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ អ្នកមិនចាំបាច់ឆ្លើយដល់សំណួរទាំងឡាយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនោះទេ ។
សូមអាន អាលម៉ា 39:9 ។ ( អាលម៉ា 39:9 គឺជាចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។ តើឃ្លាថា « កុំទៅតាមសេចក្ដីសម្រើបនៃភ្នែករបស់ខ្លួន » និង « ត្រូវចៀសវាងនូវអំពើទាំងនេះ » ដែលមានទាក់ទងអ្វីទៅនឹងការលះបង់អំពើបាប ?
នៅជំនាន់របស់យើង ឃ្លាថា « សេចក្ដីសម្រើបនៃភ្នែករបស់ខ្លួន » ត្រូវបានប្រើប្រាស់យ៉ាងខ្លាំងចំពោះភាពអសីលធម៌ និង រូបភាព ឬ ការកម្សាន្តដែលអាសគ្រាមក្នុងគ្រប់របៀប ។ ឃ្លាថា « ត្រូវចៀសវាង » ដូចដែលបានប្រើនៅក្នុង អាលម៉ា 39:9 មានន័យថា បដិសេធខ្លួនឯងពីអ្វីមួយ ។ ឃ្លានេះមិនសូវជាមានប្រើចំពោះយើងសព្វថ្ងៃនេះទេ ។ ទោះយ៉ាងណា នៅជំនាន់របស់យ៉ូសែប ស៊្មីធ អត្ថន័យខ្លះនៃកិរិយាស័ព្ទ ចៀសវាង គឺមានន័យថា « លប់ចោល ទុកជាមោឃៈ ។ … ជំទាស់ … បញ្ឈប់ » ( Noah Webster’s First Edition of an American Dictionary of the English Language, facsimile ed. [1967] ) ។ ប្រសិនបើយើងយកនិយមន័យទាំងនេះទៅអនុវត្តចំពោះអ្វីដែលអាលម៉ាបង្រៀនកូនប្រុសលោក នោះយើងអាចយល់ពីសារៈសំខាន់នៃការដកចេញឲ្យអស់នូវគំនិតនៃភាពអសីលធម៌ ( រួមទាំងប្រភពទាំងឡាយនៃការល្បួងពីភាពអសីលធម៌ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង ) ពីជីវិតយើង ដើម្បីយើងអាច « គ្រងនគរព្រះទុកជាមរតក » ។ តើមានរបៀបអ្វីខ្លះ ដែលយុវវ័យពួកបរិសុទ្ធថ្ងៃចុងក្រោយ អាចខណ្ឌខ្លួនគេ ពីបញ្ហាទាក់ទងនឹងភាពបរិសុទ្ធខាងផ្លូវភេទ និង ចៀសវាងការទៅតាមសេចក្ដីសម្រើបនៃភ្នែកខ្លួន ?
សូមអាន អាលម៉ា 39:10 ។ តើការស្វែងរកការបីបាច់ខាងវិញ្ញាណ—ពីឪពុកម្ដាយ អ្នកដឹកនាំសាសនាចក្រ បងប្អូន ឬ មិត្តភក្ដិដែលទុកចិត្ត—ជួយមនុស្សម្នាក់ឲ្យប្រែចិត្តបានយ៉ាងណាដែរ ?
សូមអាន អាលម៉ា 39:11–12 ហើយសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ៖
-
តើមានអ្វីខ្លះដែលត្រូវតែផ្លាស់ប្ដូរនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ អំឡុងពេលនៃដំណើរការការប្រែចិត្ត ដើម្បីឲ្យគាត់មិនត្រូវដឹកនាំឲ្យចាកឆ្ងាយដោយអារក្សឲ្យប្រព្រឹត្តអំពើបាបម្ដងទៀតនោះ ?
-
តើការចៀសវាងពីការណ៍ឥតប្រយោជន៍ និង ឆ្កួតលីលា ជួយមនុស្សម្នាក់ឲ្យប្រែចិត្តបានដោយរបៀបណា ?
សូមអាន អាលម៉ា 39:13 ។ សូមនឹកឡើងវិញថា អាលម៉ាបានប្រាប់កូរីអានតុនថា កាលណាពួកសាសន៍សូរាំបានឃើញការប្រព្រឹត្តរបស់កូរីអានតុន ពួកគេនឹងមិនជឿលើពាក្យរបស់អាលម៉ាឡើយ ( សូមមើល អាលម៉ា 39:11 ) ។ វាអាចជាប្រយោជន៍ក្នុងការយល់ថា នៅក្នុងព្រះគម្ពីរ ឃ្លាថា « បែរទៅរកព្រះអម្ចាស់ » ចង្អុលប្រាប់ដល់ការប្រែចិត្ត ។ ការប្រែចិត្តគឺ « ការបែរដួងចិត្ត និង ឆន្ទៈទៅរកព្រះ » ( Bible Dictionary, “Repentance” ) ។
-
តើអ្នកគិតថា ប្រែចិត្តដោយ « អស់ពីដួងចិត្ត និង អស់ពីសមត្ថភាព និង អស់កម្លាំង » របស់អ្នក មានន័យថាដូចម្ដេច ?
-
ពេលដែលអំពើបាបរបស់យើងជះឥទ្ធិពលដល់អ្នកផ្សេងទៀត តើយើងត្រូវធ្វើអ្វី ដែលជាផ្នែកនៃការប្រែចិត្តរបស់យើង ?
-
ពេលប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរមួយ ហេតុអ្វីវាជាការចាំបាច់ក្នុងការស្វែងរកជំនួយពីប៊ីស្សព ឬ ប្រធានសាខានោះ ?
ចេញពី អាលម៉ា 39:9–13 យើងរៀនថា ៖ ការប្រែចិត្តរួមបញ្ចូលទាំងការទទួលស្គាល់ និង លះបង់នូវអំពើបាបរបស់យើង ហើយបែរទៅរកព្រះអម្ចាស់ ដោយអស់ពីដួងចិត្ត អស់ពីសមត្ថភាព និង អស់កម្លាំងរបស់យើង ។
សូមពិចារណា នូវអ្វីដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់ចង់ឲ្យអ្នកធ្វើបន្ថែមទៀត ដើម្បីបែរដួងចិត្ត និង ឆន្ទៈរបស់អ្នកឲ្យកាន់តែពេញលេញទៅរកទ្រង់នោះ ? តើអ្នកអាចធ្វើអ្វីខ្លះនៅសព្វថ្ងៃនេះ ដើម្បីចាប់ផ្ដើមធ្វើតាមការបំផុសទាំងនេះ ?
បើពុំមានព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ទេ វានឹងពុំអាចកើតឡើងទៅបានទេសម្រាប់អ្នក ក្នុងការទទួលបានការអត់ទោសពីអំពើបាបរបស់អ្នកនោះ ។ សូមអាន អាលម៉ា 39:15–16, 19 ហើយរកមើលរបៀប ដែលអាលម៉ាបានពិពណ៌នាពីការចេះដឹងដែលថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមក ហើយដកយកនូវអំពើបាបនៃពិភពលោក ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីមូលហេតុដែលការយាងមករបស់ព្រះយេស៊ូវគ្រីស្ទគឺជាដំណឹងល្អសម្រាប់កូរីអានតុន និង សម្រាប់អ្នក ។
ចំណេះចំណានខគម្ពីរ—អាលម៉ា 39:9
អែលឌើរ រីឆាដ ជី. ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ដូចខាងក្រោមនេះ អំពីការទន្ទេញចាំខគម្ពីរ ៖
« ការរៀន ការពិចារណា ការស្រាវជ្រាវ និង ការទន្ទេញចាំខគម្ពីរ គឺដូចជាការបំពេញទូរដាក់ឯកសារមួយនូវមិត្តភក្ដិ គុណតម្លៃ និង ការទុកចិត្ត ដែលអាចហៅរកបាននៅគ្រប់ពេល គ្រប់កន្លែងនៅក្នុងពិភពលោក ។
« អំណាចដ៏អស្ចារ្យអាចបានមកពីការទន្ទេញចាំខគម្ពីរ ។ ការទន្ទេញចាំខគម្ពីរមួយ គឺការបង្កើតមិត្តភាពថ្មីមួយ ។ វាគឺដូចជាការរកឃើញនូវបុគ្គលថ្មីម្នាក់ ដែលអាចជួយបាននៅពេលត្រូវការ ផ្ដល់នូវការបំផុស និង ការលួងលោម ព្រមទាំងជាប្រភពនៃការជំរុញទឹកចិត្តដើម្បីធ្វើការផ្លាស់ប្ដូរដែលត្រូវការ » ( “The Power of Scripture” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 6 ) ។
-
សូមព្យាយាមទន្ទេញ អាលម៉ា 39:9 ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរប្រយោគមួយ ឬ ពីរ ថាតើការទន្ទេញចាំនូវខនេះ អាចជាការការពារដល់អ្នក នៅក្នុងគ្រានៃការល្បួងបានយ៉ាងដូចម្ដេច ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 39 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖