មេរៀនទី 27 ៖ ថ្ងៃទី 1
នីហ្វៃទី3 23
សេចក្តីផ្ដើម
បន្ទាប់ពីដកស្រង់ពាក្យរបស់អេសាយហើយ ព្រះយេស៊ូវគ្រីស្ទបានបញ្ជាពួកសាសន៍នីហ្វៃឲ្យពិចារណាមើលពាក្យសម្ដីរបស់ពួកព្យាការី ។ ព្រះអង្គសង្គ្រោះក៏បានកែតម្រូវពួកសាសន៍នីហ្វៃផងដែរ ពីការមិនបានឧស្សាហ៍ព្យាយាមក្នុងការរក្សាបញ្ជីរបស់ពួកគេ ។
នីហ្វៃទី3 23:1–5
ព្រះយេស៊ូវគ្រីស្ទបញ្ជាប្រជាជនឲ្យពិចារណាមើលពាក្យសម្ដីរបស់ពួកព្យាការី
សូមសញ្ជឹងគិតពីបទពិសោធន៍ទាំងឡាយរបស់អ្នកក្នុងការសិក្សាព្រះគម្ពីរអំឡុងឆ្នាំកន្លងមកនេះ ។ សរសេរពីរបីពាក្យ ឬ ឃ្លាខ្លីៗ ដែលពិពណ៌នាពីពរជ័យទាំងឡាយដែលមានដល់ជីវិតអ្នក ដែលជាលទ្ធផលមកពីការសិក្សាព្រះគម្ពីររបស់អ្នក ។
ពេលអ្នកមើលទៅបញ្ជីរបស់អ្នក សូមពិចារណាថាតើពរជ័យទាំងនេះអាចនឹងបង្រៀនអ្នកពីអ្វីខ្លះ អំពីសារៈសំខាន់នៃការសិក្សាព្រះគម្ពីរ ។
បន្ទាប់ពីដកស្រង់ការបង្រៀនមួយចំនួនរបស់អេសាយហើយ ( សូមមើល នីហ្វៃទី3 22 ) ព្រះអង្គសង្គ្រោះបានបញ្ជាប្រជាជនឲ្យពិចារណាមើលពាក្យសម្ដីរបស់អេសាយ និង ពួកព្យាការីដោយឧស្សាហ៍ព្យាយាម ។ សូមអាន នីហ្វៃទី3 23:1–5 ហើយរកមើលមូលហេតុ ដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា ពួកយើងគប្បីពិចារណាមើលពាក្យសម្ដីរបស់អេសាយ និង ពួកព្យាការី ។ សូមពិចារណាក្នុងការគូសចំណាំនូវពាក្យ និង ឃ្លាទាំងឡាយដែលនឹងជួយអ្នកចងចាំពីអ្វីដែលអ្នករៀន ។
មូលហេតុមួយដែលយើងត្រូវបានបញ្ជាឲ្យសិក្សាពាក្យសម្ដីរបស់អេសាយពីព្រោះ « លោកបានមានប្រសាសន៍ជាប្រាកដ ពីគ្រប់ទាំងការណ៍ដែលទាក់ទងនឹង [ រាស្ត្ររបស់ព្រះអម្ចាស់ ] គឺជាវង្សអ៊ីស្រាអែល » ( នីហ្វៃទី3 23:2 ) ។ ដោយសារអ្នកបានធ្វើសេចក្ដីសញ្ញាជាមួយព្រះអម្ចាស់ នោះអ្នកជាផ្នែកនៃវង្សអ៊ីស្រាអែល ។ ការសរសេររបស់អេសាយ គឺមានទាក់ទងនឹងអ្នក ។ មូលហេតុមួយទៀតដែលយើងគប្បីសិក្សាពាក្យសម្ដីរបស់អេសាយ គឺដោយសារពាក្យទាំងនោះនឹងត្រូវបានបំពេញ ( សូមមើល នីហ្វៃទី3 23:3 ) ។
សូមកត់ចំណាំនៅក្នុង នីហ្វៃទី3 23:1 ថា ព្រះយេស៊ូវគ្រីស្ទបានបញ្ជាដល់ពួកសាសន៍នីហ្វៃជាពិសេសឲ្យ « ពិចារណាមើល [ ពាក្យរបស់អេសាយ ] ដោយព្យាយាម » ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា អ្វីជាភាពខុសគ្នារវាងការអានពាក្យសម្ដីរបស់ពួកព្យាការី និង ការពិចារណាមើលពាក្យសម្ដីរបស់ពួកព្យាការីដោយព្យាយាម ?
-
តើវិធីសាស្ត្រក្នុងការសិក្សាព្រះគម្ពីរណាខ្លះ ដែលអាចជួយឲ្យអ្នកពិចារណាមើលពាក្យសម្ដីរបស់អេសាយ និង ពួកព្យាការីដោយមានប្រសិទ្ធិភាព និង ប្រកបដោយអត្ថន័យ ? ( អ្នកអាចនឹងចង់រំឭកឡើងវិញនូវមេរៀន មេរៀនទី 1 ៖ ថ្ងៃទី 1 « ការសិក្សាបទគម្ពីរទាំងឡាយ » ដើម្បីចងចាំពីជំនួយសំខាន់ៗមួយចំនួនក្នុងការសិក្សាព្រះគម្ពីរ ) ។
-
អែលឌើរ មើរិល ជេ. ប៊ែតមែន ជាសមាជិកកិត្តិយសមួយរូបនៃពួកចិតសិបនាក់ បានកត់សម្គាល់ពរជ័យមួយចំនួនដែលចូលមកក្នុងជីវិតយើង ពេលដែលយើងពិចារណាមើលពាក្យសម្ដីរបស់ពួកព្យាការី ៖ « មានពរជ័យជាក់លាក់ទាំងឡាយដែលបានមក ពេលដែលមនុស្សម្នាក់ពិចារណាមើលព្រះគម្ពីរ ។ ពេលមនុស្សម្នាក់សិក្សាព្រះបន្ទូលនៃព្រះអម្ចាស់ ហើយគោរពប្រតិបត្តិតាមព្រះបន្ទូល នោះគាត់ខិតកាន់តែជិតព្រះអង្គសង្គ្រោះ ហើយមានបំណងប្រាថ្នាកាន់តែខ្លាំងក្នុងការរស់នៅក្នុងជីវិតមួយដ៏សុចរិត ។ អំណាចក្នុងការទប់ទល់នឹងការល្បួងកើនឡើង ហើយអាចយកឈ្នះលើភាពទន់ខ្សោយខាងវិញ្ញាណ ។ ស្នាមរបួសខាងវិញ្ញាណត្រូវបានព្យាបាល » ( “Coming unto Christ by Searching the Scriptures” Ensign ខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 28 ) ។
សូមអាន នីហ្វៃទី3 23:5 ហើយរកមើលការសន្យាដែលព្រះអង្គសង្គ្រោះបានប្រទានដល់យើងទាំងអស់គ្នា ប្រសិនបើយើងសិក្សា និង ធ្វើតាមការអញ្ជើញទាំងឡាយក្នុងព្រះគម្ពីរ ។
-
សូមស្រមៃថា អ្នកមានមិត្ត ឬ សមាជិកគ្រួសារម្នាក់ ដែលកំពុងជួបការពិបាកក្នុងការសិក្សាព្រះគម្ពីរឲ្យបានទៀងទាត់ ។ ដោយប្រើប្រាស់នូវអ្វីដែលអ្នកបានរៀននៅក្នុង នីហ្វៃទី3 23:1–5 សូមសរសេរអ្វីដែលអ្នកអាចនឹងនិយាយ ដើម្បីលើកទឹកចិត្តដល់មនុស្សម្នាក់នេះ ឲ្យសិក្សាពាក្យសម្ដីរបស់ពួកព្យាការីដោយព្យាយាម និង ទទួលបទពិសោធន៍ដ៏មានអត្ថន័យមួយ ជាមួយនឹងព្រះគម្ពីរ ។
នីហ្វៃទី3 23:6–14
ព្រះយេស៊ូវគ្រីស្ទស្ដីបន្ទោសដល់ពួកសិស្សរបស់ទ្រង់ ដែលពុំបានកត់ត្រាទុកនូវព្រឹត្តិការណ៍សំខាន់ៗ
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះពី ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល ៖
« ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ទ្រង់ផ្ទាល់បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរក្សាបញ្ជី ទៅដល់ពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិន [ សូមមើល នីហ្វៃទី3 23:6–13 ] ។ …
« ទោះបីជាការស្ដីបន្ទោសដោយស្លូតបូត និង មេត្តាក៏ដោយ ក៏ខ្ញុំត្រេកអរដែលខ្ញុំមិនមែនជាម្នាក់ដែលត្រូវស្ដីបន្ទោសចំពោះការដែលមិនបានបំពេញកាតព្វកិច្ចក្នុងការរក្សាបញ្ជីទាំងឡាយឲ្យមានបច្ចុប្បន្នភាព ។ …
« … សូមចងចាំថា ព្រះអង្គសង្គ្រោះបានស្ដីបន្ទោសដល់អ្នកទាំងឡាយដែលពុំបានកត់ត្រាទុកនូវព្រឹត្តិការណ៍សំខាន់ៗ » ( “The Angels May Quote from It” New Era ខែ កុម្ភៈ ឆ្នាំ 2003 ទំព័រ 32, 34–35 ) ។
អ្វីដែលនៅសល់នៅក្នុង នីហ្វៃទី3 23 រួមមានដំណើររឿងដែល ប្រធាន ឃឹមបឹល បានពិពណ៌នា ពេលដែលព្រះអង្គសង្គ្រោះបានស្ដីបន្ទោសពួកសាសន៍នីហ្វៃ ដែលពុំបានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៅក្នុងបញ្ជីទាំងឡាយរបស់ពួកគេ ។ សូមអាន នីហ្វៃទី3 23:6–11 ហើយរកមើលអ្វីដែលពួកសាសន៍នីហ្វៃពុំបានកត់ត្រាទុក ។ តើអ្នកគិតថា ហេតុអ្វីវាសំខាន់សម្រាប់ពួកសាសន៍នីហ្វៃក្នុងការកត់ត្រាទុកនូវការបំពេញនៃការព្យាករណ៍ ដែលបានព្យាករដោយសាំយូអែលជាសាសន៍លេមិន ? តើការមានបញ្ជីនោះនៅក្នុងព្រះគម្ពីរមរមន ជួយយើងនៅក្នុងជំនាន់របស់យើងយ៉ាងដូចម្ដេចដែរ ?
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ហេតុអ្វីវាអាចជាការសំខាន់សម្រាប់អ្នក ក្នុងការសរសេរនូវព្រឹត្តិការណ៍ខាងវិញ្ញាណ និង ការបំផុសទាំងឡាយដែលកើតឡើងក្នុងជីវិតអ្នក ?
ប្រសិនបើមានព្រឹត្តិការណ៍ខាងវិញ្ញាណមួយថ្មីៗនៅក្នុងជីវិតអ្នក ដែលអ្នកពុំបានកត់ត្រាទុក សូមពិចារណាក្នុងការសរសេរវានៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នកឥឡូវនេះ ។ សៀវភៅសរសេរដ៏សាមញ្ញមួយ ឬ ក្រដាសមួយសន្លឹក គឺគ្រប់គ្រាន់ហើយសម្រាប់រក្សាកំណត់ហេតុផ្ទាល់ខ្លួន ។ សូមអាន នីហ្វៃទី3 23:12–14 ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ បន្ទាប់ពីពួកសាសន៍នីហ្វៃបានគោរពប្រតិបត្តិដល់បទបញ្ញត្តិក្នុងការសរសេរនូវការបំពេញនៃការព្យាករណ៍របស់សាំយូអែលជាសាសន៍លេមិនរួចមក ។
ព្រះអង្គសង្គ្រោះ « បានពន្យល់ប្រាប់អស់ទាំងបទគម្ពីរ » ដែលមានន័យថា ទ្រង់បានពន្យល់ពីអត្ថន័យនៃបទគម្ពីរទាំងឡាយ ។
សូមអាន នីហ្វៃទី3 24:1 ហើយកត់ចំណាំពីភាពស្រដៀងគ្នា រវាងផ្នែកទីមួយនៃខនេះ និង អ្វីដែលបានកើតឡើងក្នុង នីហ្វៃទី3 23:12–14 ។ សូមកត់ចំណាំថា បន្ទាប់ពីពួកសាសន៍នីហ្វៃបានកត់ត្រាទុកនូវអ្វីដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនពួកគេហើយ នោះទ្រង់បានប្រទានដល់ពួកគេនូវការចេះដឹង និង វិវរណៈបន្ថែមទៀត ដោយការពន្យល់ប្រាប់ពីការណ៍ទាំងនោះ ។
ដោយផ្អែកលើអ្វីដែលអ្នកបានរៀនចេញពី នីហ្វៃទី3 23:6–14 សូមបំពេញនូវគោលការណ៍តទៅនេះ ៖ ពេលខ្ញុំសរសេរនូវការបំផុស និង ព្រឹត្តិការណ៍ពិសិដ្ឋៗ នោះខ្ញុំអញ្ជើញ ។
ក្នុងចំណោមការទទួលខុសត្រូវផ្សេងៗទាំងឡាយ អ្នកអាចបំពេញគោលការណ៍ខាងលើតាមបែបនេះ ៖ ពេលខ្ញុំសរសេរនូវការបំផុស និង ព្រឹត្តិការណ៍ពិសិដ្ឋៗ នោះខ្ញុំអញ្ជើញព្រះអម្ចាស់ឲ្យប្រទានវិវរណៈបន្ថែមទៀតដល់ខ្ញុំ ។
ដើម្បីយល់ឲ្យបានកាន់តែពេញលេញ ពីសេចក្ដីពិតដែលអ្នកបានរៀន សូមអានសេចក្ដីថ្លែងការណ៍ទាំងពីរខាងក្រោមនេះពី អែលឌើរ រីឆាដ ជី. ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការចេះដឹងដែលបានកត់ត្រាទុកដោយយកចិត្តទុកដាក់ គឺជាការចេះដឹងដែលអាចប្រើប្រាស់បាននៅក្នុងពេលដែលចាំបាច់ ។ ព័ត៌មានដែលដក់ជាប់ខាងវិញ្ញាណ គប្បីត្រូវបានរក្សាទុកនៅក្នុងកន្លែងដ៏ពិសិដ្ឋមួយ ដែលទំនាក់ទំនងជាមួយព្រះអម្ចាស់អំពីរបៀបដែលអ្នករក្សាវាទុក ។ ការអនុវត្តន៍បែបនោះបង្កើននូវសក្ដានុពលរបស់អ្នកក្នុងការទទួលបាននូវពន្លឺបន្ថែមទៀត » ( “Acquiring Spiritual Knowledge” Ensign ខែ វិច្ឆិកា ឆ្នាំ 1993 ទំព័រ 88 ) ។
« សូមសរសេរទុកក្នុងកន្លែងដែលមានសុវត្ថិភាព នូវការណ៍ដ៏សំខាន់ទាំងឡាយដែលអ្នករៀនពីព្រះវិញ្ញាណ ។ អ្នកនឹងឃើញថា ពេលអ្នកសរសេរទុកនូវការបំផុសដ៏មានតម្លៃនានា ជាញឹកញាប់ការបំផុសនឹងមានកាន់តែច្រើនឡើង ។ ទន្ទឹមនឹងនោះដែរ ការចេះដឹងដែលអ្នកទទួល នឹងអាចប្រើប្រាស់បានអស់មួយជីវិតអ្នក » ( “To Acquire Knowledge and the Strength to Use It Wisely” Ensign ខែ វិច្ឆិកា ឆ្នាំ 2002 ទំព័រ 32 ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីការសរសេរទុកនូវវិវរណៈដែលយើងបានទទួលពីព្រះអម្ចាស់ អាចជួយយើងទទួលវិវរណៈបន្ថែមទៀត ?
-
តើការយកពេលវេលាក្នុងការសរសេរអំពីឥទ្ធិពលរបស់ព្រះអម្ចាស់ដែលមានក្នុងជីវិតយើង អាចជួយយើងឲ្យមានអំណរគុណចំពោះពរជ័យរបស់យើង និង បង្ហាញពីការដឹងគុណរបស់យើងចំពោះទ្រង់យ៉ាងដូចម្ដេចដែរ ?
-
អ្នកអាចនឹងមានកង្វល់ថា អ្នកពុំមានបទពិសោធន៍អ្វីពិសេស ឬ ពិសិដ្ឋ ដែលមានតម្លៃគ្រប់គ្រាន់នឹងកត់ត្រាទុក ។ អែលឌើរ ចន អេច. ក្រូប៊ឺក ជាសមាជិកកិត្តិយសមួយរូបនៃពួកចិតសិប បានថ្លែងពីកង្វល់នេះថា ៖ « មនុស្សខ្លះនិយាយថា ‹ ខ្ញុំអត់មានអ្វីនឹងសរសេរទេ ។ ពុំមានអ្វីខាងវិញ្ញាណកើតឡើងចំពោះខ្ញុំទេ › ។ ខ្ញុំនិយាយថា ‹ សូមចាប់ផ្ដើមកត់ត្រា ហើយអ្វីៗខាងវិញ្ញាណនឹងកើតឡើង ។ វានៅទីនោះគ្រប់ពេល ប៉ុន្តែយើងកាន់តែស្គាល់ពីវា ពេលយើងសរសេរ › » ( “Writing Your Personal and Family History” Ensign ខែ ឧសភា ឆ្នាំ 1980 ទំព័រ 48 ) ។
អ្នកអាចចាប់ផ្ដើមអនុវត្តអ្វីដែលអ្នកបានរៀនអំពីការកត់ត្រាបទពិសោធន៍ខាងវិញ្ញាណ ដោយការយកក្រដាសមួយសន្លឹក សៀវភៅសរសេរ ឬ សៀវភៅកំណត់ហេតុតាមខ្លួននៅសប្ដាហ៍ខាងមុខនេះ ។ សូមកត់ត្រានូវការបំផុស បទពិសោធន៍ ឬ អារម្មណ៍ណាក៏ដោយ ដែលអ្នកមានក្នុងសប្ដាហ៍នោះ ។ កត់ត្រាផងដែរនូវរបៀបដែលអ្នកទទួលអារម្មណ៍បំផុស ឲ្យធ្វើតាមការបំផុសទាំងឡាយដែលអ្នកទទួលនោះ ។ បន្ទាប់ពីអ្នកបានធ្វើតាមសកម្មភាពទាំងនោះហើយ សូមសរសេរពីបទពិសោធន៍របស់អ្នក ។
ប្រាប់ដល់នរណាម្នាក់ ( សមាជិកគ្រួសារ មិត្តភក្ដិ ឬ អ្នកដឹកនាំសាសនាចក្រ ) អំពីផែនការរបស់អ្នកក្នុងការរក្សាកំណត់ត្រាមួយពីបទពិសោធន៍ខាងវិញ្ញាណរបស់អ្នក ។ សូមពិចារណាក្នុងការអញ្ជើញមនុស្សម្នាក់នេះ ឲ្យចូលរួមជាមួយអ្នកនៅក្នុងការខិតខំប្រឹងប្រែងនេះ ដោយការកត់ត្រាទុកនូវបទពិសោធន៍ខាងវិញ្ញាណមួយចំនួនរបស់គាត់ផ្ទាល់ ។ ដោយការអញ្ជើញមនុស្សម្នាក់ផ្សេងទៀតឲ្យធ្វើគម្រោងនេះជាមួយអ្នក នោះអ្នកអាចលើកទឹកចិត្ត និង រាយការណ៍ពីការរីកចម្រើនរបស់អ្នកទៅវិញទៅមក ។ ទោះយ៉ាងណា អ្នកគប្បីចងចាំថា វាពុំមែនជាការចាំបាច់—ហើយអាចមិនមែនជាការសមរម្យទេ—ក្នុងការចែកចាយបទពិសោធន៍ដ៏ពិសិដ្ឋរបស់អ្នកជាមួយគ្នាទៅវិញទៅមកនោះ ។
-
សូមសរសេរកំណត់ចំណាំដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 23 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖