មេរៀនទី 4 ៖ ថ្ងៃទី 2
នីហ្វៃទី1 16
សេចក្តីផ្តើម
ដោយបានទទួលអារម្មណ៍ពីអំណាចនៃពាក្យសម្តីរបស់នីហ្វៃ នោះបងប្រុសរបស់លោកបានបន្ទាបខ្លួនចំពោះមុខព្រះអម្ចាស់ ។ ខណៈដែលគ្រួសារបានធ្វើដំណើរនៅក្នុងទីរហោស្ថាន នោះព្រះអម្ចាស់បានប្រទានដល់ពួកគេនូវលីអាហូណាដើម្បីដឹកនាំពួកគេនៅក្នុងការធ្វើដំណើរនោះ ។ គ្រួសារបានទទួលបទពិសោធន៍នូវទុក្ខលំបាកជាច្រើននៅតាមផ្លូវពេលពួកគេធ្វើដំណើរ មានរួមទាំងធ្នូរបស់ពួកគេឈប់យឺតទៀត និង ការបាក់ធ្នូរបស់នីហ្វៃដែលជាបញ្ហាដល់ការរកទទួលទាន ។ ខណៈដែលមនុស្សភាគច្រើននៅក្នុងគ្រួសារបានរអ៊ូររទាំដោយសារតែការបាត់បង់នេះ នោះនីហ្វៃ បានធ្វើធ្នូថ្មីមួយ ហើយបានស្វែងរកពាក្យទូន្មានពីព្រះអម្ចាស់អំពីកន្លែងដែលត្រូវទៅបរបាញ់ ។ ការសិក្សាក្នុងនីហ្វៃទី1 16 បានផ្តល់ឱកាសមួយសម្រាប់អ្នកដើម្បីពិចារណាអំពីរបៀបដែលអ្នកអាចឆ្លើយតបទាំងការកែតម្រូវ និង ទុក្ខវេទនា ។ ទ្រង់នឹងដឹកនាំអ្នកឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងជីវិតអ្នកបើសិនអ្នកស្វែងរក និង ធ្វើតាមពាក្យទូន្មានរបស់ទ្រង់ដោយបន្ទាបខ្លួន ដូចជាព្រះអម្ចាស់បានដឹកនាំគ្រួសាររបស់លីហៃឆ្លងកាត់ទុក្ខលំបាកជាច្រើនរបស់ពួកគេ ។
នីហ្វៃទី1 16:1–6
នីហ្វៃបានឆ្លើយតបទៅនឹងការរអ៊ូររទាំរបស់បងប្រុសលោក
តើអ្នកធ្លាប់បានឃើញនរណាម្នាក់ត្រូវបានកែតម្រូវ ឬ ត្រូវបានស្តីបន្ទោសចំពោះឥរិយាមិនត្រឹមត្រូវទេ ? តើមនុស្សម្នាក់នោះបានមានប្រត្តិកម្មតបតវិញរបៀបណា ?
លេមិន និង លេមយួល បានមានអារម្មណ៍ថាត្រូវបានស្តីបន្ទោសពីនីហ្វៃនៅពេលលោកបានបង្រៀនពួកគេថា ពួកទុច្ចរិតនឹងត្រូវបោះបង់ចេញ ហើយមិនអនុញ្ញាតឲ្យទទួលទានដើមជីវិត ( សូមមើល នីហ្វៃទី115:36–16:1 ) ។ សូមអាននីហ្វៃទី1 16:1–2 ហើយសូមគូសបន្ទាត់ពីក្រោមរបៀបដែលនីហ្វៃមានប្រសាសន៍ថា មនុស្សមួយចំនួនមានប្រត្តិកម្មតបតចំពោះការឭសេចក្តីពិតនៅពេលដែលពួកគេមិនរស់នៅតាមសេចក្តីពិតនោះ ។
ឃ្លាថា « កាត់ទំលុះគេរហូតដល់ដួងចិត្ត » មានន័យថា វាលាតត្រដាងនូវកំហុសរបស់ពួកគេ ។ តើអ្នកគិតថា « អ្នកណាដែលមានទោស រាប់សេចក្តីពិតទុកជាការលំបាក » មានន័យដូចម្តេច ?
-
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរបស់អ្នក សូមធ្វើបញ្ជីរាយនាមនូវឈ្មោះមួយចំនួនដែលអ្នកអាចគោរពប្រតិបត្តិ សូម្បីតែនៅពេលសេចក្តីពិតមួយគឺពិបាកដើម្បីស្តាប់ ហើយ « ចាក់ទំលុះ [ អ្នក ] រហូតដល់ដួងចិត្ត » ( នីហ្វៃទី1 16:2 ) ។ ហេតុអ្វីបានជាអ្នកគិតថា មានយុវវ័យមួយចំនួនយល់ឃើញថា វាពិបាកដើម្បីគោរពប្រតិបត្តិដល់សេចក្តីពិតដ៏ច្បាស់លាក់ ? សូមប្រៀបធៀបបញ្ជីរឿងរបស់អ្នកជាមួយនឹងអ្វីដែលនីហ្វៃបានប្រាប់ដល់លេមិន និង លេមយួល នៅក្នុងនីហ្វៃទី1 16:3–4 ។
យោងទៅតាមនីហ្វៃទី1 16:5 តើលេមិន និង លេមយួលបានជ្រើសរើសដើម្បីឆ្លើយតបចំពោះការណែនាំរបស់នីហ្វៃដោយរបៀបណា ? តើពាក្យ ឬ ឃ្លាបែបណានៅក្នុងខគម្ពីរនេះដែពិពណ៌នាអំពីអ្វីដែលយើងគួរតែធ្វើនៅពេលសេចក្តីពិតមួយចាក់ទំលុះយើងរហូតដល់ដួងចិត្ត ? សូមគូសចំណាំចម្លើយទាំងឡាយចំពោះសំណួរទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
នីហ្វៃទី1 16:7–33
គ្រួសាររបស់លីហៃត្រូវបានដឹកនាំដោយលីអាហូណា
សូមឆ្លើយចំពោះសុន្ទរកថាខាងក្រោមនេះ ពិត ( ព ) ឬ មិនពិត ( ម.ព ) នៅក្នុងចំណោទសួរនេះដោយគូសរង្វង់សម្រាប់ចម្លើយរបស់អ្នក ៖
-
នីហ្វៃបានរៀបការជាមួយកូនស្រីច្បងរបស់អ៊ីសម៉ាអែល ។
-
លីហៃត្រូវបានប្រទានឲ្យត្រីវិស័យមួយដូចជាដុំមូលដែលត្រូវបានហៅថាលីអាហូណា ។
-
ដុំមូលនេះមានទ្រនិចបួនដែលចង្អុលប្រាប់ទិសដល់លីហៃ និង គ្រួសារលោក ។
-
បន្ទាប់ពីគ្រួសាររបស់លីហៃបានទទួលដុំមូលនេះ នោះការធ្វើដំណើររបស់ពួកគេចូលទីរហោស្ថានប្រែជាងាយស្រួលជាង ។
នៅពេលអ្នកសិក្សានៅក្នុងនីហ្វៃទី1 16:7–10 និង វគ្គជំពូកសង្ខេប សូមពិនិត្យមើលចម្លើយទាំងឡាយរបស់អ្នកឡើងវិញចំពោះសំណួរបីដំបូង ( សូមមើលអាលម៉ា 37:38 ផងដែរ ) ។ សូមអាននីហ្វៃទី1 16:17–19 ដើម្បីកំណត់ថា តើអ្នកឆ្លើយសំណួរទីបួននេះបានត្រឹមត្រូវដែរឬទេ ។ ( ចម្លើយដែលត្រឹមត្រូវគឺមាននៅខាងចុងនៃមេរៀននេះ ) ។
បើទោះជានៅពេលយើងគោរពប្រតិបត្តិតាមក៏ដោយ ក៏យើងនឹងនៅតែទទួលបទពិសោធន៍នៃការសាកល្បងដែរ ។ ការសាកល្បងជាច្រើនដែលយើងប្រឈមមុខ គឺមិនមែនជាកម្មផលមកពីការជ្រើសរើសខុសនោះទេ ។ ផ្ទុយទៅវិញ ការសាកល្បងទាំងអស់នោះគឺមកកាន់យើងជាលទ្ធផលធម្មជាតិនៃជីវិតរមែងស្លាប់ ប៉ុន្តែការសាកល្បងទាំងនោះផ្តល់ឱកាសដល់យើងដើម្បីរៀន និង រីកចម្រើនអំឡុងការធ្វើដំណើរនៃជីវិតរមែងស្លាប់របស់យើង គឺដូចនឹងអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើដែរ ( សូមមើល គ. និង ស. 122:7–8 ) ។ ការពិសោធន៍មួយក្នុងចំណោមការពិសោធន៍ទាំងឡាយរបស់យើងក្នុងជីវិតនេះគឺជារបៀបដែលយើងឆ្លើយតបចំពោះការសាកល្បងទាំងនេះ ។
យោងទៅលើការពិពណ៌នារបស់នីហ្វៃអំពីដុំមូលមួយនៅក្នុងនីហ្វៃទី1 16:10 តើការប្រទានឲ្យអំណោយទាននេះមានប្រយោជន៍បែបណាដល់លីហៃ និង គ្រួសាររបស់លោក ពេលដែលពួកគេធ្វើដំណើរទៅកាន់ដែនដីសន្យា ? សូមរកមើល ហើយគូសចំណាំពីរបៀបដែលលីអាហូណាបានផ្តល់ផលប្រយោជន៍ដល់គ្រួសារលីហៃនៅក្នុងនីហ្វៃទី1 16:16 ។
សូមស្រាវជ្រាវនីហ្វៃទី1 16:20–22ហើយសូមស្វែងរករបៀបដែលសមាជិកមួយចំនួននៃគ្រួសាររបស់លីហៃបានមានប្រតិកម្មតបត នៅពេលដែលនីហ្វៃបានធ្វើបាក់ធ្នូរបស់លោក ។ សូមសិក្សា នីហ្វៃទី1 16:23–25, 30–32 សូមរកមើលពីប្រតិកម្មរបស់នីហ្វៃចំពោះការសាល្បងនេះ ។ តើប្រតិកម្មរបស់លោកបានមានឥទ្ធិពលលើគ្រួសាររបស់លោកយ៉ាងដូចម្តេចដែរ ?
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើមានរឿងអ្វីខ្លះដែលអ្នកបានរៀនពីការប្រៀបធៀបពីប្រតិកម្មផ្សេងៗគ្នារបស់នីហ្វៃ និង គ្រួសាររបស់គាត់ចំពោះការសាកល្បងដូចគ្នា ?
ជំនួសឲ្យការរអ៊ូរទាំ នីហ្វៃបានធ្វើធ្នូថ្មីមួយ ហើយបានស្វែងរកការដឹកនាំដើម្បីស្គាល់កន្លែងទៅរកអាហារ ។ គំរូរបស់នីហ្វៃបង្ហាញថាបើសិនយើងធ្វើនូវរាល់អ្វីទាំងអស់ដែលយើងអាចធ្វើបាន ហើយស្វែងរកការដឹកនាំពីព្រះអម្ចាស់ នោះទ្រង់នឹងជួយយើងឲ្យឆ្លងកាត់ភាពលំបាកទាំងឡាយរបស់យើង ។
ក្នុងរយៈពេលព្រឹត្តិការណ៍ទាំងនេះ ព្រះអម្ចាស់បានពន្យល់ដល់លីហៃអំពីរបៀបដែលលីអាហូណាដើរ ។ នៅក្នុង នីហ្វៃទី1 16:26–29 សូមរកមើលអ្វីដែលត្រូវបានតម្រូវឲ្យមានសម្រាប់ព្រះអម្ចាស់ដើម្បីដឹកនាំគ្រួសារលោកលីហៃតាមរយៈលីអាហូណា ។
-
សូមគិតថា អ្នកកំពុងបង្រៀនកូនក្មេងម្នាក់អំពីលីអាហូណា ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពន្យល់ពាក្យសាមញ្ញៗអំពីរបៀបដែលលីអាហូណាបានដឹកនាំគ្រួសារលីហៃ និង អ្វីដែលពួកគេត្រូវធ្វើដើម្បីឲ្យលីអាហូណាបន្តដឹកនាំពួកគេ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើលីអាហូណាបង្ហាញដល់យើងដោយរបៀបណា « ដោយសារមធ្យោបាយដ៏តូចតាច នោះព្រះអម្ចាស់ទ្រង់អាចសម្រេចការណ៍យ៉ាងធំបាន » ? ( នីហ្វៃទី1 16:29 ) ។
ព្រះអម្ចាស់បានប្រទានដល់អ្នកនូវអំណោយទានជាច្រើនដើម្បីជួយអ្នកឲ្យទទួលបាននូវការដឹកនាំខ្លួនឯង ដូចជាប្រជាជនរបស់លីហៃបានទទួលផងដែរ ។ សូមអានសុន្ទរកថាបីខាងក្រោមនេះទាក់ទងនឹងអំណោយទានមួយចំនួននៃអំណោយទានទាំងនេះ ហើយពិចារណាពីរបៀបដែលអំណោយទាននិមួយៗមកពីព្រះអម្ចាស់ស្រដៀងគ្នាទៅនឹងលីអាហូណា ។
ពររបស់លោកអយ្យកោ
ប្រធាន ថូម៉ាស អេស. ម៉នសុន បានបញ្ជាក់ថា ពររបស់លោកអយ្យកោជាលីអាហូណាផ្ទាល់ខ្លួនមួយ ៖
« ព្រះអម្ចាស់ដដែលដែលបានប្រទានលីអាហូណាដល់លីហៃ ក៏ប្រទានដល់អ្នក និង ខ្ញុំនៅថ្ងៃនេះនូវអំណោយទានដ៏កម្រ និង មានតម្លៃដើម្បីផ្តល់ការដឹកនាំដល់ជីវិតរស់នៅរបស់យើង ដើម្បីផ្តល់សញ្ញាគ្រោះថ្នាក់សម្រាប់សុវត្ថិភាពរបស់យើង ហើយនិងបង្ហាញផ្លូវ បើទោះជាដំណើរផ្លូវដ៏សុវត្ថិភាពនោះ—មិនមែនទៅកាន់ដែនដីសន្យាក៏ដោយ ប៉ុន្តែឆ្ពោះទៅកាន់គេហដ្ឋាននៅស្ថានសួគ៌របស់យើង ។ អំណោយទានដែលខ្ញុំពោលដល់នោះគឺត្រូវបានគេស្គាល់ថាជាពររបស់លោកអយ្យកោរបស់អ្នក រាល់សមាជិកសាសនាចក្រគ្រប់រូបដែលមានភាពសក្តិសមមានសិទ្ធដើម្បីទទួលសម្បត្តិដ៏ពិសេស ហើយមានតម្លៃនេះ ។ …
« … ពរជ័យរបស់អ្នកគឺមិនត្រូវបត់ទុក ហើយញាត់ទុកចោលនោះទេ ។ ពរជ័យនោះមិនត្រូវបានដាក់ក្នុងស៊ុំ ឬ ប្រាប់ជាសាធារណៈឡើយ ។ ជាការប្រសើរ ត្រូវតែអានពរជ័យនោះ ។ ត្រូវតែស្រលាញ់ពរជ័យនោះ ។ ត្រូវតែធ្វើតាមពរជ័យនោះ ។ ពររបស់លោកអយ្យកោរបស់អ្នកនឹងជួយអ្នកក្នុងគ្រាយប់ងងឹត ។ ពររបស់លោកអយ្យកោនឹងដឹកនាំអ្នកឆ្លងកាត់គ្រាគ្រោះថ្នាក់ទាំងឡាយក្នុងជីវិត ។ …. ពររបស់លោកអយ្យកោអ្នកគឺផ្តល់ឲ្យអ្នកជាលីអាហូណាផ្ទាល់ខ្លួនមួយដើម្បីបង្ហាញទិសអ្នក និង ដឹកនាំផ្លូវអ្នក » ( « Your Patriarchal Blessing: A Liahona of Light, » Ensign, ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 65–66 ) ។
ព្រះគម្ពីរ និង ពាក្យសម្តីទាំងឡាយរបស់ពួកព្យាការី
អែលឌើរ ដបុលយូ. រ៉ូលហ្វ ឃើរ ដែលបានបម្រើជាសមាជិកនៃពួកចិតសិបនាក់ បានបញ្ជាក់ថា ព្រះបន្ទូលនៃព្រះគ្រីស្ទ និង ពួកអ្នកបម្រើរបស់ទ្រង់គឺជាលីអាហូណាខាងវិញ្ញាណ ៖ « ព្រះបន្ទូលនៃព្រះគ្រីស្ទអាចជាលីអាហូណាផ្ទាល់ខ្លួនមួយសម្រាប់យើងម្នាក់ៗរាល់គ្នា ដែលបង្ហាញផ្លូវដល់យើង ។ សូមឲ្យយើងកុំខ្ជិសច្រអូសដោយព្រោះផ្លូវដែលងាយឡើយ ។ សូមឲ្យយើងមានសេចក្តីជំនឿដើម្បីធ្វើឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទក្លាយជាផ្នែកមួយនៃគំនិត និង ដួងចិត្តរបស់យើង នៅពេលដែលព្រះបន្ទូលទាំងនោះត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរដ៏ពិសិដ្ឋ និង នៅពេលព្រះបន្ទូលទាំងនោះត្រូវបានមានប្រសាសន៍ដោយពួកព្យាការីដែលរស់នៅ ពួកអ្នកមើលឆុត និង ពួកអ្នកដែលទទួលវិវរណៈ ។ សូមឲ្យយើងមានសេចក្តីជំនឿ និង ឧស្សាហ៍ព្យាយាមដើម្បីទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ត្បិតព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹង គឺជាលីអាហូណាខាងវិញ្ញាណរបស់យើងដែលនឹងប្រាប់ដល់យើងគ្រប់អ្វីទាំងអស់ដែលយើងត្រូវធ្វើ » ( « The Words of Christ—Our Spiritual Liahona, » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2004 ទំព័រ 37 ) ។
ព្រះវិញ្ញាណបរិសុទ្ធ
អែលឌើរ ដេវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវ័កដប់ពីរនាក់បានប្រៀបធៀបព្រះវិញ្ញាណបរិសុទ្ធ និង លីអាហូណា ៖ « នៅពេលអ្នកព្យាយាមកែតម្រូវអាកប្បកិរិយា និង សកម្មភាពទាំងឡាយរបស់យើងឲ្យកាន់តែត្រឹមត្រូវ នោះព្រះវិញ្ញាណបរិសុទ្ធនឹងក្លាយជារបស់យើងនៅពេលបច្ចុប្បន្ននេះ ដូចជាអ្វីដែលលីអាហូណាមានសម្រាប់លីហៃ និង គ្រួសាររបស់លោកនៅសម័យរបស់លោក ។ កត្តាទាំងអស់នេះហើយដែលបានបណ្តាលឲ្យលីអាហូណាធ្វើការសម្រាប់លីហៃ ហើយក៏ដូចជាការអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យចូលមកកាន់ជីវិតរស់នៅរបស់យើងដែរ ។ ហើយកត្តាអស់នេះហើយដែលបានបណ្តាលឲ្យលីអាហូណាមិនដំណើរការពីសម័យបុរាណ ហើយក៏ដូចជាបណ្តាលឲ្យយើងដកខ្លួនចេញពីព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ននេះដែរ » ( “That We May Always Have His Spirit to Be with Us” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 30 ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកនូវរបៀបពីរ ឬ បីដែលពរលោកអយ្យកោ ព្រះគម្ពីរ និង ពាក្យសម្តីទាំងឡាយនៃពួកព្យាការី ឬ ព្រះវិញ្ញាណបរិសុទ្ធដែលដូចទៅនឹងលីអាហូណា ។
-
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមពិពណ៌នាពីគ្រាមួយដែលធ្វើតាមការដឹកនាំពីប្រភពមួយនៃប្រភពដែលបានរាយនាមខាងលើនេះដែលបាននាំអ្នកឲ្យទទួលបានការដឹកនាំពីព្រះអម្ចាស់ ?
នីហ្វៃទី1 16:34–39
កូនស្រីទាំងប៉ុន្មានរបស់អ៊ីសម៉ាអែលបានទួញសោកចំពោះការស្លាប់របស់លោក ហើយ លេមិនរៀបចំផែនការណ៍ដើម្បីសម្លាប់លីហៃ និង នីហ្វៃ
នៅក្នុង នីហ្វៃទី1 16:34–38 យើងបានរៀនថា អ៊ីសម៉ាអែលបានស្លាប់បន្ទាប់ពីការធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃនៅក្នុងទីរហោស្ថាន ។ កូនស្រីទាំងឡាយរបស់លោកបានទួញសោកចំពោះការបាត់បង់ឪពុករបស់ពួកគេយ៉ាងខ្លាំង ហើយសមាជិកគ្រួសារមួយចំនួនបានរអ៊ូររទាំទាស់នឹងលោកលីហៃ និង នីហ្វៃ ហើយចង់ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ។ សូម្បីតែលេមិនក៏រួមគំនិតចង់ធ្វើឃាតនីហ្វៃ និង លោកលីហៃដែរ ។ បងប្រុសរបស់នីហ្វៃបានបង្ហាញភាពទន់ខ្សោយ និង ការឥតជំនឿម្តងទៀតដោយសារពួកគេមិនបានស្វែងរកព្រះហឫទ័យនៃព្រះអម្ចាស់ ។ ពួកគេបានបដិសេធព្រះវិញ្ញាណបរិសុទ្ធ និង ជំនួយដែលទ្រង់នឹងប្រទានដល់ពួកគេ ។
សូមអាន នីហ្វៃទី1 16:39 ហើយស្វែងរកអ្វីព្រះអម្ចាស់បានធ្វើនៅក្នុងស្ថានភាពនេះ ។ ចំពោះអ្វីដែលអ្នកបានរៀនពីខគម្ពីរនេះ ហេតុអ្វីព្រះអម្ចាស់វាយផ្ចាលយើង ?
ព្រះអម្ចាស់ដឹកនាំ និង វាយផ្ចាលយើងសម្រាប់ជាប្រយោជន៍ដល់យើងទៅវិញទេ ។ បើសិនយើងប្រព្រឹត្តតាមការដឹកនាំ ឬ ការវាយផ្ចាលដែលយើងទទួលពីព្រះអម្ចាស់ នោះទ្រង់នឹងប្រទានពរដល់យើង ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សានីហ្វៃទី1 16 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សម្រាប់សំណួរ គំនិត និង ការយល់ដឹងបន្ថែមទៀត ខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖