មេរៀនទី 15 ៖ ថ្ងៃទី 4
អាលម៉ា 8–10
សេចក្តីផ្ដើម
បន្ទាប់ពីអាលម៉ាបានបង្រៀននៅទីក្រុងសារ៉ាហិមឡា គេឌាន និង មេលេក និងមានមនុស្សជាច្រើនទៀតទទួលយកនូវសារលិខិតរបស់លោកហើយ នោះបែរជាប្រជាជននៅដែនដអាំម៉ូណៃហាបានបដិសេធសារលិខិតរបស់លោក និង បណ្ដេញលោកចេញពីទីក្រុងរបស់គេទៅវិញ ។ ទោះជាយ៉ាងណា ដោយគោរពតាមបញ្ជារបស់ព្រះអម្ចាស់ នោះអាលម៉ាបានត្រឡប់ទៅអាំម៉ូណៃហាវិញ ។ ព្រះអម្ចាស់បានរៀបចំអាមូលេកឲ្យទទួលអាលម៉ានៅទីក្រុងអាំម៉ូណៃហា ហើយបានចូលរួមជាមួយលោកនៅក្នុងការថ្លែងទីបន្ទាល់ទៅកាន់ប្រជាជន ។ អាលម៉ា និង អាមូលេក បានព្រមានដល់ប្រជាជនអាំម៉ូណៃហាថា ប្រសិនបើពួកគេមិនប្រែចិត្តទេ នោះពួកគេនឹងត្រូវបំផ្លិចបំផ្លាញ ។ អាមូលេកបានគោរពដល់ព្រះដោយស្មោះត្រង់ ហើយបានប្រើប្រាស់កិត្តិយស ឈ្មោះល្អ និង ឥទ្ធិពលរបស់លោកក្នុងការគាំទ្រដល់ព្យាការីអលម៉ា និង ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
អាលម៉ា 8
អាលម៉ាបានគោរពប្រតិបត្តិដោយត្រឡប់ទៅអាំម៉ូណៃហាវិញ ជាកន្លែងដែលលោករៀបចំអាមូលេកឲ្យផ្សព្វផ្សាយ
បន្ទាប់ពីអាលម៉ាបានបង្រៀនដំណឹងល្អនៅសារ៉ាហិមឡា និង គេឌាន ( សូមមើល អាលម៉ា 5–7 ) លោកបានធ្វើតំណើរទៅដែនដីមេលេក ។ សូមអាន អាលម៉ា 8:4–5 ហើយរកមើលពីរបៀបដែលប្រជាជននៅមេលេកទទួលការបង្រៀនរបស់អាលម៉ា ។ ( ឃ្លា « របៀបដ៏បរិសុទ្ធនៃព្រះ » នៅក្នុង អាលម៉ា 8:4 គឺសំដៅទៅលើបព្វជិតភាព ដូចដែលអ្នកនឹងឃើញនៅក្នុង អាលម៉ា 13 ) ។
បន្ទាប់ពីអាលម៉ាបានបញ្ចប់ការបង្រៀននៅមេលេកហើយ លោកបានធ្វើតំណើរទៅអាំម៉ូណៃហាដើម្បីផ្សព្វផ្សាយ ។ លោកបានទទួលបទពិសោធន៍ខុសពីមុនយ៉ាងខ្លាំង ជាមួយនឹងប្រជាជនដែលបានរស់នៅទីនោះ ។ សូមសិក្សារូបភាព និង វគ្គបទគម្ពីរខាងក្រោមនេះ ហើយបន្ទាប់មកសូមសរសេរចំណងជើងមួយ សម្រាប់រូបភាព និង វគ្គបទគម្ពីរនីមួយៗ ដោយការសង្ខេបនូវអ្វីដែលបានកើតឡើងចំពោះអាលម៉ា ខណៈដែលលោកនៅក្នុងក្រុងអាំម៉ូណៃហា ៖
សូមពិចារណាសំណួរខាងក្រោមនេះ ( អ្នកមិនចាំបាច់សរសេរចម្លើយរបស់អ្នកនោះទេ ) ៖
-
ទេវតាដែលលេចមកឲ្យអាលម៉ាឃើញ គឺជាទេវតាដដែលដែលបានលេចមកឲ្យលោក និង បុត្រាទាំងឡាយនៃអាលម៉ាឃើញពីពេលមុន ។ តើបន្ទូលរបស់ទេវតា អាចលួងលោមដល់អាលម៉ាយ៉ាងណាដែរ ( សូមមើល អាលម៉ា 8:15 ) ?
-
ហេតុអ្វីវាអាចជាការលំបាកសម្រាប់អាលម៉ាក្នុងការត្រឡប់ទៅអាំម៉ូណៃហាវិញ ( សូមមើល អាលម៉ា 8:16 ) ?
ថ្វីបើជាបទបញ្ញត្តិដ៏លំបាកក៏ដោយ ក៏អាលម៉ាបាន « ត្រឡប់ទៅដែនដីអាំម៉ូណៃហាយ៉ាងរួសរាន់វិញ » ( អាលម៉ា 8:18 ) ។ ប្រធាន ហាវើដ ដបុលយូ. ហឹនធើរ បានបង្រៀនថា ព្រះអម្ចាស់ស្រឡាញ់ការគោរពប្រតិបត្តិបែបនេះ ៖ « ពិតណាស់ ព្រះអម្ចាស់ស្រឡាញ់ការប្ដេជ្ញាចិត្តដោយគ្មានងាករេ ដើម្បីគោរពប្រតិបត្តិដល់ដំបូន្មានរបស់ទ្រង់ ជាងអ្វីៗទាំងអស់ផ្សេងទៀត » ( “Commitment to God” Ensign ខែ វិច្ឆិកា ឆ្នាំ 1982 ទំព័រ 58 ) ។
-
សូមជ្រើសរើសស្ថានភាពមួយ ឬ ច្រើនជាងមួយពីស្ថានភាពខាងក្រោមនេះ ។ បន្ទាប់មក សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើបុគ្គលម្នាក់ៗអាចទទួលបានពរជ័យដោយរបៀបណា ប្រសិនបើគាត់គោរពប្រតិបត្តិនោះ ៖
-
នៅពេលដែលយុវនារីម្នាក់កំពុងចាកចេញពីផ្ទះដើម្បីទៅសាលារៀន នោះម្ដាយនាងសុំនាងឲ្យពាក់អាវដែលរមទម្យជាងនោះ ។
-
សង្ឃថ្មីម្នាក់ត្រូវបានអញ្ជើញដោយប៊ីស្សព ឬ ប្រធានសាខារបស់គាត់ឲ្យខំធ្វើឲ្យសម្រេចដើម្បីទទួលបាននូវរង្វាន់កាតព្វកិច្ចចំពោះព្រះ ។
-
អ្នកផ្សព្វផ្សាយសាសនាពីរនាក់ទទួលអារម្មណ៍បំផុសឲ្យទៅសួរសុខទុក្ខក្រុមគ្រួសារមិនសូវសកម្មមួយ ដែលម្ដាយមិនមែនជាសមាជិកសាសនាចក្រ ។
-
អ្នកអាចនឹងចង់សរសេរគោលការណ៍ដូចតទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅជិត អាលម៉ា 8:18–20 ៖ ប្រសិនបើយើងឆ្លើយតបយ៉ាងរួសរាន់ចំពោះព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះទ្រង់នឹងជួយយើងឲ្យបំពេញតាមបទបញ្ញត្តិរបស់ទ្រង់ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីពេលមួយដែលអ្នកបានមានអារម្មណ៍ថា ព្រះអម្ចាស់បានជួយអ្នកឲ្យធ្វើជាមនុស្សសុចរិត និង ជាអ្នកគោរពប្រតិបត្តិ ទោះបីជានៅក្នុងកាលៈទេសៈដ៏លំបាកក៏ដោយ ។
សូមអាន អាលម៉ា 8:27–32 រកមើលរបៀបបន្ថែមទៀត ដែលព្រះអម្ចាស់បានជួយអាលម៉ាធ្វើអ្វីដែលលោកត្រូវបានបញ្ជាឲ្យធ្វើ ។
អាលម៉ា 9
អាលម៉ាព្រមានដល់ប្រជាជនអាំម៉ូណៃហា ឲ្យប្រែចិត្ត និង រៀបចំខ្លួនសម្រាប់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ
អាលម៉ា 9 កត់ត្រាពីកិច្ចខិតខំប្រឹងប្រែងរបស់អាលម៉ា ក្នុងការបង្រៀនដល់ប្រជាជនអាំម៉ូណៃហា អំពីសេចក្ដីត្រូវការរបស់ពួកគេដើម្បីប្រែចិត្ត និង ទទួលបានការប្រោសលោះ តាមរយៈព្រះអង្គសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីព្យាយាមជួយដល់ប្រជាជនទុច្ចរិតទាំងនេះឲ្យទទួលស្គាល់ពីសេចក្ដីត្រូវការរបស់ពួកគេក្នុងការប្រែចិត្ត នោះអាលម៉ាបានអំពាវនាវដល់ពួកគេឲ្យចងចាំពីអ្វីដែលព្រះបានធ្វើសម្រាប់ពួកគេ និង ដូនតារបស់ពួកគេ ។
សូមមើលក្នុង អាលម៉ា 9:8–10, 13 រកមើលពាក្យផ្ទួននៃពាក្យចាំ និង ពាក្យភ្លេច ។ តើអ្នកគិតថា បណ្ដាជននៃទីក្រុងអាំម៉ូណៃហាមានការផ្លាស់ប្តូរបែបណា ប្រសិនបើពួកគេបានចងចាំពីការណ៍ទាំងឡាយដែលអាលម៉ាបាននិយាយនោះ ?
-
សូមឆ្លើយសំណួរដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ហេតុអ្វីវាសំខាន់ក្នុងការចងចាំបទពិសោធន៍ខាងវិញ្ញាណដែលអ្នកបានមានក្នុងអតីតកាល ? បន្ទាប់មក សូមសរសេរអំពីបទពិសោធន៍ខាងវិញ្ញាណមួយ ដែលអ្នកមិនចង់ភ្លេច ។
បន្ទាប់ពីការហៅប្រជាជនអាំម៉ូណៃហាឲ្យប្រែចិត្តហើយ អាលម៉ាបានបង្រៀនពួកគេថា ពួកគេគួររៀបចំខ្លួនសម្រាប់ពេលដែលព្រះអង្គសង្គ្រោះនឹងយាងមកផែនដី ។ សូមអាន អាលម៉ា 9:26–27 ហើយគូសចំណាំពាក្យ និង ឃ្លាទាំងឡាយដែលជួយអ្នកឲ្យយល់កាន់តែច្បាស់ពីលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ។ ( ពាក្យ សេចក្ដីយុត្តិធម៌ មានន័យថាភាពស្មើគ្នា និង យុត្តិធម៌ ) ។ តើពាក្យ និង ឃ្លាទាំងនេះបង្រៀនអ្នកអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះ ? ក្នុងសប្ដាហ៍ខាងមុខនេះ សូមយកពេលគិតអំពីពាក្យ និង ឃ្លាទាំងនោះ ។
អាលម៉ា 10
អាមូលេកពិពណ៌នាពីបទពិសោធន៍របស់លោកដែលមានជាមួយនឹងទេវតាមួយអង្គ ហើយទូន្មានប្រជាជនឲ្យប្រែចិត្ត
សូមគូសរង្វង់សេចក្ដីថ្លែងដែលពិពណ៌នាល្អបំផុត ពីរបៀបដែលអ្នកបានភ្ញាក់ពីដេកនៅព្រឹកនេះ ៖
-
ខ្ញុំបានភ្ញាក់ដោយខ្លួនឯង ដោយមិនបានប្រើនាឡិការោទ៍ ឬ ដាស់ដោយនរណាម្នាក់នោះទេ ។
-
ខ្ញុំបានភ្ញាក់ពេលនាឡិកាខ្ញុំរោទ៍លើកទីមួយ ឬ ពេលខ្ញុំត្រូវបានដាស់លើកដំបូង ។
-
នាឡិកាខ្ញុំរោទ៍ជាច្រើនដង ឬ ខ្ញុំត្រូវបានដាស់ជាច្រើនដង មុនពេលខ្ញុំភ្ញាក់ ។
សូមអាន អាលម៉ា 10:6 ហើយរកមើលថាតើមាន « ការហៅឲ្យភ្ញាក់ឡើង » ខាងវិញ្ញាណប៉ុន្មានដង ដែលអាមូលេកបានទទួល ខណៈដែលលោកបានបន្តបះបោរទាស់នឹងព្រះអម្ចាស់ ។ នៅលើបន្ទាត់ដែលផ្ដល់ឲ្យនេះ សូមសរសេរចម្លើយរបស់អ្នកចំពោះសំណួរនេះ ៖ តើអ្នកគិតថា ឃ្លាថា « ខ្ញុំធ្វើជាមិនឮ » និង « ខ្ញុំធ្វើជាមិនដឹង » ចង្អុលបង្ហាញពីស្ថានភាពខាងវិញ្ញាណរបស់អាមូលេកយ៉ាងណា មុនពេលដែលទេវតាបានយាងមកជួបលោក ?
ដូចដែលបានកត់ត្រានៅក្នុង អាលម៉ា 10:2–11 អាមូលេកបានពិពណ៌នាពីជីវិតរបស់លោកពីមុនដែលលោកជួបនឹងទេវតា និង ការប្រែចិត្តជឿរបស់លោកចំពោះដំណឹងល្អ ។ សូមពិនិត្យមើល អាលម៉ា 10:1–6 រកមើលព័ត៌មានពិស្ដា ដែលជួយអ្នកស្គាល់អាមូលេកបន្ថែមទៀត ។
អាមូលេកបានរៀបរាប់ថាតើទេវតាបានណែនាំលោកយ៉ាងណា ដើម្បីទទួលអាលម៉ាចូលក្នុងផ្ទះលោក និង ថែទាំលោក ។ សូមអាន អាលម៉ា 10:7–11 ហើយរកមើលថាតើអាមូលេក និង អ្នកផ្សេងទៀតបានទទួលពរជ័យយ៉ាងណា ដោយសារតែអាមូលេកបានគោរពតាមទេវតា ។
សូមសរសេរគោលការណ៍នេះនៅជិត អាលម៉ា 10:11–12 ៖ ពេលយើងឮ ហើយគោរពតាមការហៅរបស់ព្រះអម្ចាស់ នោះពរជ័យនឹងមានដល់យើង និង អ្នកផ្សេងទៀត ។ មានរបៀបជាច្រើនដែលព្រះអម្ចាស់អាច « ហៅ » យើង—តាមរយៈការបំផុសពីព្រះវិញ្ញាណ តាមរយៈអារម្មណ៍ តាមរយៈសុបិន តាមរយៈពាក្យសម្ដីនៃអ្នកដឹកនាំសាសនាចក្រ គ្រូបង្រៀន ឬ ឪពុកម្ដាយ តាមរយៈការហៅបម្រើមុខនាទីក្នុងសាសនាចក្រ តាមរយៈការលំបាក ឬ តាមរបៀបផ្សេងៗទៀត ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរតទៅនេះ ៖ តើពេលណាដែលអ្នកបានមានអារម្មណ៍ថាបានទទួលពរជ័យ ដោយសារអ្នកបានគោរពប្រតិបត្តិដល់ « ការហៅ » មួយមកពីព្រះអម្ចាស់ ?
ដូចដែលបានពិពណ៌នាក្នុងផ្នែកដែលនៅសល់ក្នុង អាលម៉ា 10 មនុស្សជាច្រើននៅអាំម៉ូណៃហា មិនស្ដាប់ពាក្យសម្ដីរបស់អាមូលេកនោះទេ ។ អាមូលេកបានព្រមានពួកគេថា បើពួកគេមិនប្រែចិត្តទេ ថ្ងៃនោះនឹងមកដល់ ពេលដែលពួកគេនឹងត្រូវបំផ្លិចបំផ្លាញ ។ សូមអាន អាលម៉ា 10:22–23 ហើយរកមើលពីមូលហេតុដែលប្រជាជនត្រូវបានសង្គ្រោះពីការបំផ្លិចបំផ្លាញនៅពេលនោះ ។ តើខទាំងនេះបង្រៀនអ្នកអ្វីខ្លះ អំពីសារៈសំខាន់នៃការធ្វើជាមនុស្សសុចរិត ទោះជាពេលដែលអ្នកនៅជុំវិញយើងមិនមែនជាមនុស្សសុចរិតក៏ដោយនោះ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 8–10 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖