មេរៀនទី 20 ៖ ថ្ងៃទី 4
អាលម៉ា 43–44
សេចក្តីផ្ដើម
នៅក្នុង អាលម៉ា 43–44 មរមនបានចាប់ផ្ដើមសរសេរអំពីសង្គ្រាមរវាងពួកសាសន៍លេមិន និង សាសន៍នីហ្វៃ ។ កាលដែលអាលម៉ា និង កូនប្រុសទាំងឡាយរបស់លោកបន្តបម្រើដល់ប្រជាជន នោះពួកសាសន៍សូរាំបានចូលរួមនឹងពលទ័ពសាសន៍លេមិនក្នុងការវាយប្រហារដល់ពួកសាសន៍នីហ្វៃ ។ មេទ័ពមរ៉ូណៃបានបង្ហាញពីសេចក្ដីជំនឿ និង ប្រាជ្ញា នៅក្នុងការការពារពួកសាសន៍នីហ្វៃ ទាស់នឹងពួកទ័ពសាសន៍លេមិន ។ ទោះបីពួកគេមានចំនួនច្រើនក្ដី ក៏ការរៀបចំរបស់ពួកទ័ពសាសន៍នីហ្វៃ និង សេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ បានធ្វើឲ្យពួកគេមានប្រៀបក្នុងចម្បាំងនោះ ។ ពេលពួកគេបានដឹងថា ពួកគេនឹងត្រូវធ្វើឲ្យចុះចាញ់ នោះពួកសាសន៍លេមិនបានធ្វើសេចក្ដីសញ្ញានៃសន្តិភាពមួយ ហើយបានចាកចេញពីដែនដីមួយរយៈ ។
អាលម៉ា 43
ការរៀបចំ និង យុទ្ធសាស្ត្ររបស់មេទ័ពមរ៉ូណៃ ជួយរំខានដល់ការរៀបចំរបស់ទ័ពសាសន៍លេមិន ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរនូវបញ្ជីមួយដែលរាយពីផែនការ គោលដៅ និង បំណងមួយចំនួនរបស់អ្នក សម្រាប់អនាគតអ្នក ។ ពេលអ្នកសរសេរ សូមពិចារណាក្នុងការបញ្ចូលនូវគោលដៅ និង បំណងប្រាថ្នាខាងវិញ្ញាណ ដូចជាបេសកកម្ម អាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ និង ក្រុមគ្រួសារ ។
បន្ទាប់ពីអ្នកសរសេរបញ្ជីរបស់អ្នករួចហើយ សូមកំណត់ពីបំណងប្រាថ្នា និង គោលដៅទាំងឡាយ ដែលអ្នកមានអារម្មណ៍ថា សាតាំងមិនចង់ឲ្យអ្នកសម្រេចបាន ។ នៅពេលដែលអ្នកសិក្សា អាលម៉ា 43–44 សូមរកមើលគោលការណ៍ទាំងឡាយដែលនឹងជួយអ្នកសម្រេចបាននូវគោលដៅសុចរិតរបស់អ្នក ទោះបើមានមារសត្រូវខំប្រឹងប្រែងក្នុងការរារាំងភាពជោគជ័យរបស់អ្នកក៏ដោយនោះ ។
នៅក្នុង អាលម៉ា 43:1–4 ទោះបីមានការប្រឹងប្រែងរបស់អាលម៉ា ក្នុងការនាំពួកសាសន៍សូរាំឲ្យត្រឡប់មកក្នុងសាសនាចក្រវិញក៏ដោយ ក៏មានពួកគេជាច្រើនបានចូលរួមនឹងពួកសាសន៍លេមិននៅក្នុងការរៀបចំដើម្បីវាយប្រហារមកលើពួកសាសន៍នីហ្វៃដែរ ។ សូមអាន អាលម៉ា 43:5–8 ហើយរកមើល « គោលបំណង » ( ផែនការ ) របស់សេរ៉ាហិមណា ជាអ្នកដឹកនាំពួកសាសន៍លេមិន ។ អ្នកអាចនឹងចង់គូសចំណាំពីគោលបំណងទាំងឡាយរបស់សេរ៉ាហិមណា ពេលអ្នករកវាឃើញ ។ សូមសញ្ជឹងគិត ថាតើគោលបំណង ឬ បំណងប្រាថ្នារបស់សេរ៉ាហិមណាចំពោះពួកសាសន៍នីហ្វៃ អាចដូចគ្នាទៅនឹងគោលបំណងរបស់សាតាំងមានចំពោះអ្នកយ៉ាងណាដែរ ។
បន្ទាប់មកសូមអាន អាលម៉ា 43:9–11 ហើយរកមើលគោលបំណង ឬ បំណងប្រាថ្នារបស់ពួកសាសន៍នីហ្វៃ ។ ឥឡូវនេះសូមសញ្ជឹងគិត ថាតើបំណងប្រាថ្នាទាំងនេះ អាចដូចគ្នាទៅនឹងបំណងប្រាថ្នាដ៏សុចរិតដែលអ្នកមានយ៉ាងណា ។
មេទ័ពមរ៉ូណៃ ជាមេទ័ពឯករបស់ពលទ័ពសាសន៍នីហ្វៃ បានរៀបចំប្រជាជនរបស់លោកឲ្យការពារដែនដី និង ក្រុមគ្រួសាររបស់ពួកគេ ពីគោលបំណងអាក្រក់របស់សេរ៉ាហិមណា ។ សូមអាន អាលម៉ា 43:16–19 ដោយរកមើលថាការរៀបចំអ្វីខ្លះ ដែលមេទ័ពមរ៉ូណៃ និង ពួកសាសន៍នីហ្វៃបានរៀបចំ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមគូរនូវរបស់ពីរយ៉ាងដែលមរ៉ូណៃបានឲ្យទៅពួកបុរសៗរបស់លោក ដើម្បីរៀបចំពួកគេក្នុងការធ្វើសង្គ្រាម ។
ឥឡូវនេះ សូមអាន អាលម៉ា 43:20–22 ដើម្បីរកមើលពីរបៀបដែលពួកសាសន៍លេមិនបានមានប្រតិកម្មចំពោះការរៀបចំរបស់ពួកសាសន៍នីហ្វៃ ។ សូមសញ្ជឹងគិតពីមូលហេតុដែលពួកសាសន៍លេមិនបានដកថយការវាយប្រហាររបស់ពួកគេ សូម្បីតែពួកគេមានគ្នាច្រើនជាងពួកសាសន៍នីហ្វៃក៏ដោយនោះ ។
ពេលយើងសិក្សាពីដំណើររឿងនៃចម្បាំងខាងរូបកាយនៅក្នុងព្រះគម្ពីរមរមន នោះយើងអាចប្រដូចវាទៅនឹងចម្បាំងខាងវិញ្ញាណដែលយើងប្រឈមមុខជាមួយផងដែរ ។
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្វីខ្លះ ដែលអ្នកអាចរៀនចេញពីការរៀបចំសម្រាប់សង្គ្រាមរបស់មរ៉ូណៃ អំពីការការពារខ្លួនអ្នកពីការវាយប្រហារ និង ការល្បួងរបស់សាតាំង ?
បន្ទាប់ពីពួកសាសន៍លេមិនបានដកថយហើយ មរ៉ូណៃពុំបានដឹងពីកន្លែងដែលសត្រូវរបស់លោកនឹងធ្វើការវាយប្រហារបន្ទាប់ទៀតនោះទេ ។ ប្រសិនបើអ្នកជាមរ៉ូណៃ តើអ្នកអាចនឹងធ្វើអ្វី ដើម្បីព្យាយាមរៀបចំទប់ទល់នឹងការវាយប្រហារមួយទៀតនោះ ?
សូមអាន អាលម៉ា 43:23–24 ដើម្បីរកមើលពីអ្វីដែលមរ៉ូណៃបានធ្វើ ។
ចេញពីគំរូរបស់មរ៉ូណៃ យើងរៀនថា ៖ បើយើងស្វែងរក ហើយធ្វើតាមដំបូន្មានដែលប្រកបដោយការព្យាករណ៍ នោះយើងនឹងការពារខ្លួនយើងពីមារសត្រូវកាន់តែបានល្អ ។ ដូចជាព្យាការីអាលម៉ាអាចប្រាប់ដល់មរ៉ូណៃពីរបៀបការពារពួកសាសន៍នីហ្វៃពីពួកមារសត្រូវរបស់ពួកគេដែរ នោះព្យាការីរបស់ព្រះអម្ចាស់នៅសព្វថ្ងៃនេះ ក៏បង្រៀនយើងពីរបៀបការពារខ្លួនយើងពីការវាយប្រហារខាងវិញ្ញាណរបស់ពួកមារសត្រូវដែរ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរប្រយោគពីរបីអំពីដំបូន្មានដែលប្រកបដោយការព្យាករណ៍ ដែលបានផ្ដល់នៅថ្ងៃចុងក្រោយនេះ ដែលអាចជួយអ្នកឲ្យការពារខ្លួនអ្នកពីគោលបំណង ឬ ការល្បួងរបស់សាតាំង បើអ្នកស្ដាប់តាមនោះ ។
ដូចដែលមានកត់ត្រានៅក្នុង អាលម៉ា 43:25–43 មរ៉ូណៃបានប្រព្រឹត្តតាមការចេះដឹងដែលលោកបានទទួលពីព្យាការី ដោយបានបែងចែកពលទ័ពរបស់លោក ហើយលាក់បំពួនពួកគេនៅតាមផ្លូវដែលពួកសាសន៍លេមិននឹងចូលមក ។ កាលដែលពួកសាសន៍លេមិនចូលមកដល់ នោះពាក់កណ្ដាលនៃពលទ័ពនីហ្វៃបានវាយប្រហារ ហើយរុញច្រានពួកលេមិនទៅទន្លេស៊ីដូន ។ បន្ទាប់ពីពួកសាសន៍លេមិនបានឆ្លងកាត់ទន្លេហើយ ពួកទ័ពសាសន៍នីហ្វៃពាក់កណ្ដាលទៀតបានធ្វើការវាយប្រហារ ។ ពេលពួកសាសន៍លេមិនបានឃើញថា ពួកគេត្រូវហ៊ុំព័ទ្ធ នោះពួកគេបានប្រយុទ្ធយ៉ាងសាហាវរហូតដល់ពួកសាសន៍នីហ្វៃចាប់ផ្ដើមរុញរា ។
អ្នកអាចរៀនពីគោលការណ៍ទាំងឡាយ អំពីរបៀបដើម្បីសម្រេចបាននូវគោលបំណង និង បំណងប្រាថ្នាសុចរិតរបស់អ្នក ចេញពីការសិក្សាអ្វីដែលនៅសេសសល់ក្នុង អាលម៉ា 43 ។ សូមអាន អាលម៉ា 43:43–54 ហើយទាញនូវភាពផ្ទុយគ្នាពីប្រភពនៃកម្លាំងរបស់ពួកសាសន៍លេមិន និង ប្រភពនៃកម្លាំងរបស់ពួកសាសន៍នីហ្វៃ ។
សូមសញ្ជឹងគិតអំពីបុព្វហេតុអ្វីខ្លះ ដែលពួកសាសន៍នីហ្វៃធ្វើការប្រយុទ្ធ ដែលល្អជាងបុព្វហេតុរបស់ពួកសាសន៍លេមិន ។ ពេលយើងធ្វើការប្រៀបធៀបមរ៉ូណៃ និង ពលទ័ពដ៏ស្មោះត្រង់របស់លោក ទៅនឹងចម្បាំងរបស់យើងជាមួយនឹងពួកមារសត្រូវ នោះយើងរៀនថា ពេលយើងអធិស្ឋានដើម្បីសុំជំនួយដើម្បីសម្រេចបាននូវផែនការ និង បំណងប្រាថ្នាសុចរិតរបស់យើង នោះព្រះនឹងជួយយើងឲ្យធ្វើវាបានសម្រេច ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីគ្រាមួយដែលអ្នកមានបទពិសោធន៍ ទទួលបានជំនួយរបស់ព្រះអម្ចាស់ជួយឲ្យសម្រេចបាននូវគោលបំណងសុចរិតរបស់អ្នក ។
អាលម៉ា 44
បន្ទាប់ពីជ័យជំនះរបស់ពួកសាសន៍នីហ្វៃហើយ នោះមេទ័ពមរ៉ូណៃបញ្ជាពួកសាសន៍លេមិនឲ្យធ្វើសេចក្ដីសញ្ញានៃសន្តិភាពមួយ
សូមរំឭកឡើងវិញថា នៅក្នុង អាលម៉ា 43 ពេលដែលមេទ័ពមរ៉ូណៃបានឃើញថា ពួកសាសន៍លេមិនត្រូវបានឡោមព័ទ្ធ និង តក់ស្លុត នោះលោកបានបញ្ជាពួកបុរសៗរបស់លោកឲ្យឈប់វាយប្រហារ ។ សូមអានពាក្យរបស់មរ៉ូណៃនៅក្នុង អាលម៉ា 44:1–6 ហើយរកមើលថា តើនរណាដែលមរ៉ូណៃបានផ្ដល់កិត្តិយសឲ្យ សម្រាប់ជ័យជំនះរបស់ពួកសាសន៍នីហ្វៃ ។
-
ផ្អែកលើទីបន្ទាល់របស់មរ៉ូណៃនៅក្នុង អាលម៉ា 44:4–6 សូមសរសេរសេចក្ដីពិតមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដែលអាចជួយអ្នកប្រឈមនឹងចម្បាំងខាងវិញ្ញាណ ។
ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសន្យាដល់ពួកយុវវ័យថា ព្រះអម្ចាស់នឹងការពារពួកគេ ពេលពួកគេរក្សាការស្មោះត្រង់ ។ ពេលអ្នកអានពាក្យសម្ដីរបស់លោក សូមគូសចំណាំផ្នែកទាំងនោះ ដែលលួងលោមដល់អ្នក និង ដែលអ្នកមានអារម្មណ៍ថា ត្រូវនឹងអ្នក ។
« ពួកយុវវ័យសព្វថ្ងៃនេះ កំពុងត្រូវបានចិញ្ចឹមបីបាច់នៅក្នុងទឹកដីរបស់មារសត្រូវ ជាមួយនឹងបទដ្ឋានសីលធម៌ដ៏អន់ថយ ។ ប៉ុន្តែក្នុងនាមជាអ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ខ្ញុំសន្យាថា អ្នកនឹងត្រូវបានការពារពីការវាយប្រហាររបស់មារសត្រូវ ប្រសិនបើអ្នកនឹងស្ដាប់ដល់ការបំផុសដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធ ។
« ចូរស្លៀកពាក់រមទម្យ និយាយដោយគារវភាព ស្ដាប់តន្ត្រីដែលលើកទឹកចិត្ត ។ ចៀសវាងពីភាពអសីលធម៌ទាំងអស់ និង ពីការអនុវត្តដែលបន្ទាបបន្ថោកខ្លួន ។ ចូរគ្រប់គ្រងជីវិតអ្នក និង បញ្ជាខ្លួនឯងឲ្យក្លាហាន ។ ដោយសារពួកយើងពឹងផ្អែកជាខ្លាំងលើអ្នក នោះអ្នកនឹងទទួលពរជ័យយ៉ាងអស្ចារ្យ ។ អ្នកមិនដែលនៅឆ្ងាយពេកពីព្រះនេត្ររបស់ព្រះវរបិតាសួគ៌របស់អ្នកដែលពោរពេញដោយសេចក្ដីស្រឡាញ់នោះទេ » ( “Counsel to Youth” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 18 ) ។
នៅក្នុង អាលម៉ា 44:7–10 សេរ៉ាហិមណាបានប្រកាសថា គាត់មិនជឿថា ព្រះជាប្រភពនៃកម្លាំងរបស់ពួកសាសន៍នីហ្វៃនោះទេ ។ គាត់បានឲ្យពួកលេមិនលះបង់អាវុធរបស់ពួកគេ ប៉ុន្តែគាត់បដិសេធនឹងការធ្វើសេចក្ដីសញ្ញាសន្តិភាព ។ សូមអានការឆ្លើយតបរបស់មរ៉ូណៃនៅក្នុង អាលម៉ា 44:11 ។ សូមពិចារណាពីមូលហេតុដែលអ្នកគិតថា វាសំខាន់ចំពោះមរ៉ូណៃក្នុងការធ្វើឲ្យពួកសាសន៍លេមិនធ្វើសេចក្ដីសញ្ញាសន្តិភាព ?
ខណៈដែលមានពួកសាសន៍លេមិនជាច្រើនបានធ្វើសេចក្ដីសញ្ញាសន្តិភាព នោះសេរ៉ាហិមណាបានប្រមូលផ្ដុំពួកបុរសៗដែលនៅសល់ទាំងប៉ុន្មានរបស់គាត់ ដើម្បីប្រយុទ្ធនឹងពលទ័ពមរ៉ូណៃ ។ នៅពេលដែលពួកសាសន៍នីហ្វៃបានប្រទះនឹងពួកសាសន៍លេមិន ហើយបានចាប់ផ្ដើមសម្លាប់ពួកគេ នោះសេរ៉ាហិមណាបានឃើញថា ពលទ័ពរបស់គាត់ជិតត្រូវវិនាសហើយ នោះក៏បានសន្យាចូលទៅក្នុងសេចក្ដីសញ្ញាសន្តិភាព ( សូមមើល អាលម៉ា 44:12–20 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីរបៀបដែលអ្នកនឹងអនុវត្តនូវគោលការណ៍ និង សេចក្ដីពិតមួយចំនួន ដែលអ្នកបានរៀននៅក្នុងមេរៀននេះ ដើម្បីការពារខ្លួនអ្នកពីការល្បួង និង ការវាយប្រហាររបស់មារសត្រូវ និង ដើម្បីសម្រេចឲ្យបាននូវបំណងប្រាថ្នា និង គោលបំណងដ៏សុចរិតរបស់អ្នក ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 43–44 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖