មេរៀនទី 17 ៖ ថ្ងៃទី 2
អាលម៉ា 19–20
សេចក្តីផ្ដើម
ដូចដែលបានកត់ត្រាទុកនៅក្នុង អាលម៉ា 19–20 ស្ដេចឡាម៉ូណៃ បានមានបទពិសោធន៍ពីការផ្លាស់ប្ដូដ៏ធំនៅក្នុងដួងចិត្ត ដែលដឹកនាំឲ្យប្រជាជនរបស់ទ្រង់ជាច្រើនប្រែចិត្តជឿ ។ អាំម៉ូន និង ស្ដេចឡាម៉ូណៃបានធ្វើដំណើរទៅកាន់ដែនដីមិឌដូណៃ ដើម្បីទៅជួយរំដោះបងប្អូនរបស់អាំម៉ូនដែលជាប់គុក ។ នៅតាមផ្លូវ ពួកលោកបានជួបនឹងបិតារបស់ឡាម៉ូណៃ ដែលជាស្ដេចគ្រប់គ្រងលើដែនដីពួកសាសន៍លេមិនទាំងអស់ ។ ទីបន្ទាល់ដ៏រឹងមាំរបស់អាំម៉ូន និង ការការពារដែលប្រកបដោយក្ដីស្រឡាញ់របស់ឡាម៉ូណៃ បាននាំឲ្យបិតារបស់ឡាម៉ូណៃ ទន់ព្រះទ័យ ហើយយល់ព្រមដោះលែងបងប្អូនរបស់អាំម៉ូន ។ ដោយសារទីបន្ទាល់ និង គំរូរបស់អាំម៉ូន មនុស្សជាច្រើនបានទទួលអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ហើយបានរៀនដំណឹងល្អ និង ប្រែចិត្តជឿ ។
អាលម៉ា 19
ស្ដេចឡាម៉ូណៃ និង ប្រជាជនរបស់ទ្រង់ជាច្រើនប្រែចិត្ត និង ទទួលបុណ្យជ្រមុជទឹក
សូមគិតអំពីឥទ្ធិពលនៃរលកដែលច្រានចេញជារង្វង់ទៅខាងក្រៅ ដែលកើតមានឡើងពេលអ្នកទម្លាក់គ្រួសមួយដុំទៅក្នុងថ្លុកទឹកមួយ ។
តើទង្វើរបស់មនុស្សម្នាក់ អាចដូចជាគ្រួសដែលគេទម្លាក់ទៅក្នុងទឹកដោយរបៀបណា ?
សូមសរសេរ អាំម៉ូន នៅចំណុចកណ្ដាល ( វង្វង់ពងក្រពើរ ) នៃរូបខាងក្រោមនេះ ។
សូមអាន អាលម៉ា 19:1, 6 ដើម្បីរកមើល ថាតើនរណាជាមនុស្សទីមួយដែលបានទទួលឥទ្ធិពលពីទីបន្ទាល់របស់អាំម៉ូន ហើយសូមសរសេរឈ្មោះនៅក្នុងប្រអប់ទីមួយនៃរូបនេះ ។ សូមជ្រើសរើសឃ្លាមួយចេញពីខទាំងនេះ ដែលអ្នកមានអារម្មណ៍ថា ពិពណ៌នាបានល្អបំផុតពីអ្វីដែលបានកើតឡើងចំពោះឡាម៉ូណៃ ។ សូមសរសេរឃ្លានោះ និង យោបល់របស់អ្នកអំពីអត្ថន័យឃ្លានោះ ៖
សូមពិនិត្យមើល អាលម៉ា 19:7–10 រកមើលមនុស្សដែលបានទទួលឥទ្ធិពលបន្ទាប់ទៀត តាមរយៈទីបន្ទាល់របស់អាំម៉ូន ហើយសូមសរសេរនៅប្រអប់ទីពីរនៃរូបភាព ។ យោងតាម អាលម៉ា 19:10 តើអ្វីដែលអស្ចារ្យអំពីសេចក្ដីជំនឿរបស់អគ្គមហេសីនៃស្ដេចឡាម៉ូណៃ ?
ដូចដែលបានកត់ត្រានៅក្នុង អាលម៉ា 19:11–13 តើអគ្គមហេសីរបស់ឡាម៉ូណៃបានទទួលឥទ្ធិពលយ៉ាងណា តាមរយៈទីបន្ទាល់របស់ស្វាមីព្រះនាង ?
-
សូមអាន អាលម៉ា 19:13–14 ហើយឆ្លើយតបចំពោះសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា « ស្រុតចុះ…ដោយព្រះវិញ្ញាណ » ឬ « បានពោរពេញដោយសេចក្ដីអំណរ » មានន័យយ៉ាងណា ? តើពេលណាដែលអ្នកបានទទួលអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណយ៉ាងខ្លាំង នៅក្នុងជីវិតរបស់អ្នក ?
សូមអាន អាលម៉ា 19:15 រកមើលថានរណាបន្ទាប់ទៀត ដែលបានទទួលឥទ្ធិពលពីទីបន្ទាល់របស់អាំម៉ូន ហើយសរសេរនៅក្នុងរង្វង់ទីបីនៃរូបភាព ។
សូមអាន អាលម៉ា 19:16–17 ដើម្បីរកមើលនរណាបន្ទាប់ទៀត ដែលបានទទួលឥទ្ធិពល ហើយសរសេរនៅក្នុងរង្វង់ទីបួន ។
សូមគិតអំពីរបៀបដែលអ្នកបម្រើទាំងអស់របស់ស្ដេច បានទទួលឥទ្ធិពល ដោយសារតែហេតុការណ៍នានា ជាមួយនឹងអាំម៉ូន ឡាម៉ូណៃ និង អគ្គមហេសីរបស់ទ្រង់ ។ នៅក្នុង អាលម៉ា 19:15–17 សូមគូសចំណាំពាក្យ និង ឃ្លាទាំងឡាយណា ដែលបង្ហាញថា ពួកអ្នកបម្រើរបស់ឡាម៉ូណៃ បានបែរមករកព្រះ ។
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើបទពិសោធន៍ខាងវិញ្ញាណរបស់ឡាម៉ូណៃ និង គ្រួសាររបស់ទ្រង់ បានដឹកនាំអ័ប៊ីសយ៉ាងណាខ្លះក្នុងការសម្រេចចិត្តរបស់នាង ក្នុងការចែកចាយទីបន្ទាល់ជាមួយអ្នកដទៃទៀត បន្ទាប់ពី « មិនដែលឲ្យគេដឹង » ( អាលម៉ា 19:17 ) អស់ជាច្រើនឆ្នាំមកហើយនោះ ?
សូមអាន អាលម៉ា 19:18–22 ដើម្បីឃើញថា តើប្រជាជនដែលបានប្រមូលផ្ដុំគ្នានៅដំណាក់របស់ស្ដេច បានបកស្រាយយ៉ាងណាពីអ្វីដែលពួកគេបានឃើញ ។ សូមស្រមៃថាអ្នកជាអ័ប៊ីស ។ តើអ្នកនឹងធ្វើអ្វីបន្ទាប់ទៀត បន្ទាប់ពីឃើញការវិវាទក្នុងចំណោមប្រជាជន ? ដើម្បីរៀនពីអ្វីដែលអ័ប៊ីសបានធ្វើ សូមអាន អាលម៉ា 19:23–29 ។
សូមអាន អាលម៉ា 19:30–36 ហើយពិចារណាអំពីឥទ្ធិពលដែលទីបន្ទាល់របស់អាំម៉ូនមានទៅលើអ្នកដទៃទៀត ។ សូមសរសេរនៅក្នុងរង្វង់ទីប្រាំនៃរូបភាពថា « ពួកសាសន៍លេមិនជាច្រើនផ្សេងទៀត » ។
-
សូមគិតពីមនុស្សទាំងអស់ដែលបានទទួលឥទ្ធិពលពីទីបន្ទាល់របស់អាំម៉ូន ហើយបន្ទាប់មក សូមបំពេញបញ្ចប់ឃ្លានេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ដោយការចែកចាយទីបន្ទាល់របស់ខ្ញុំ និង ធ្វើជាគំរូសុចរិត នោះខ្ញុំអាច …
តាមរយៈទីបន្ទាល់ និង គំរូរបស់លោក អាំម៉ូនបានជួយឡាម៉ូណៃ និង អ្នកដទៃទៀតបែរមករកព្រះអម្ចាស់ ។ សូមគិតពិចារណាពីមនុស្សទាំងឡាយ ដែលមានតួនាទីខាងវិញ្ញាណយ៉ាងសំខាន់នៅក្នុងជីវិតរបស់អ្នក ។ សូមគិតពីនរណាម្នាក់ ដែលមានគំរូសុចរិត និង ទីបន្ទាល់ ដែលជះឥទ្ធិពលដល់អ្នក ។ តើអ្នកអាចគិតអំពីរបៀបទាំងឡាយ ដែលមនុស្សនេះជះឥទ្ធិពលល្អដល់មនុស្សផ្សេងទៀតផងដែរទេ ?
-
សូមពិចារណាពីរបៀបដែលអ្នកអាចអនុវត្តនូវអ្វីដែលអ្នកបានរៀនមកពីគំរូរបស់អាំម៉ូន ដោយការឆ្លើយនូវសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើសមាជិកគ្រួសារ និង មិត្តភក្ដិរបស់អ្នក អាចបានទទួលពរជ័យយ៉ាងណា បើអ្នកធ្វើតាមគំរូរបស់អាំម៉ូន ក្នុងការរស់នៅដោយសុចរិត បម្រើអ្នកដទៃ និង ចែកចាយទីបន្ទាល់របស់អ្នកនោះ ?
-
តើគំរូ និង ទីបន្ទាល់របស់អ្នក អាចបណ្ដាលឲ្យមានជា « រលកដែលច្រានចេញជារង្វង់ទៅខាងក្រៅ » ហួសពីអ្វីដែលអ្នកអាចមើលឃើញថា កំពុងកើតឡើងក្នុងពេលបច្ចុប្បន្នជាមួយក្រុមគ្រួសារ មិត្តភក្ដិ និង អ្នកស្គាល់ យ៉ាងណាដែរ ?
-
អាលម៉ា 20
បិតារបស់ស្ដេចឡាម៉ូណៃមានការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត និង មានបំណងប្រាថ្នារៀនដំណឹងល្អ
សូមអានស្ថានភាពបីខាងក្រោមនេះ ហើយពិចារណាពីរបៀបដែលអ្នកនឹងឆ្លើយតប ៖
-
នៅក្នុងការប្រកួតកីឡាមួយ អាជ្ញាកណ្ដាលបានធ្វើការសម្រេចមិនត្រឹមត្រូវ ហើយហាក់ដូចជាប្រព្រឹត្តចំពោះអ្នកដោយអយុត្តិធម៌ ។
-
គ្រូម្នាក់បានចោទប្រកាន់អ្នកនៅមុខសិស្សក្នុងថ្នាក់ ថាអ្នកលបមើលឯកសារពេលប្រលង តែអ្នកពុំបានធ្វើសោះ ។
-
ឪពុកម្ដាយអ្នកចោទប្រកាន់អ្នកថា អ្នកធ្វើអ្វីមួយ ដែលតាមពិតទៅគឺជាប្អូនប្រុស ឬ ប្អូនស្រីអ្នកទេ ដែលជាអ្នកបានធ្វើ ។
ដូចដែលមានកត់ត្រានៅក្នុង អាលម៉ា 20 អាំម៉ូន និង ឡាម៉ូណៃ បានឃើញថា ពួកលោកស្ថិតនៅក្នុងស្ថានភាពមួយ ដែលពួកលោកអាចឆ្លើយតបដោយកំហឹងបាន ។ សូមស្រមៃថា អ្នកស្ថិតនៅក្នុងស្ថានភាពជាអាំម៉ូន និង ឡាម៉ូណៃ ពេលអ្នកសិក្សាជំពូកនេះ ។
សូមអាន អាលម៉ា 20:1–7 ដើម្បីឃើញពីអ្វីដែលបានកើតឡើង ពេលដែលឡាម៉ូណៃចង់ណែនាំអាំម៉ូនទៅកាន់បិតាទ្រង់ ដែលជាស្ដេចគ្រប់គ្រងលើដែនដីទាំងអស់នៃសាសន៍លេមិននោះ ។ បន្ទាប់មក សូមអានក្រុមខគម្ពីរនីមួយៗខាងក្រោមនេះ ហើយពិចារណាពីចម្លើយរបស់អ្នក ដើម្បីតបទៅនឹងសំណួរទាំងឡាយនោះ ។
បើសិនអ្នកស្ថិតនៅក្នុងស្ថានភាពជាអាំម៉ូន ហើយមាននរណាម្នាក់បានចោទប្រកាន់អ្នក ទាំងមិនត្រឹមត្រូវ ថា អ្នកកុហក និង លួចប្លន់ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ? | |
តើអ្វីដែលធ្វើឲ្យអ្នកស្ងើចសរសើរ ពីការឆ្លើយតបរបស់ឡាម៉ូណៃទៅកាន់បិតាទ្រង់ ? | |
តើអាំម៉ូនបានឆ្លើយតបយ៉ាងណា ចំពោះកំហឹងរបស់បិតាស្ដេចឡាម៉ូណៃ ? តើអាំម៉ូនបានបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះឡាម៉ូណៃយ៉ាងណា ? |
សូមអាន អាលម៉ា 20:26–27 ដើម្បីឃើញពីឥទ្ធិពលទាំងឡាយនៃការឆ្លើយតបរបស់អាំម៉ូន ។ តើបិតារបស់ឡាម៉ូណៃមានបំណងប្រាថ្នារៀនអំពីអ្វីខ្លះ បន្ទាប់ពីឃើញពីសេចក្ដីស្រឡាញ់ដែលអាំម៉ូនបានបង្ហាញនោះ ?
តើយើងអាចរៀនអ្វីខ្លះ មកពីការឆ្លើយតបរបស់អាំម៉ូន ចំពោះកំហឹងរបស់បិតាស្ដេចឡាម៉ូណៃនោះ ?
សូមសរសេរសេចក្ដីពិតដូចតទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ អាលម៉ា 20:26–27 ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ពេលយើងធ្វើទង្វើដោយសេចក្ដីស្រឡាញ់ វាអាចនាំអ្នកដទៃទៀតឲ្យទន់ចិត្ត ហើយឲ្យពួកគេស្វែងយល់ពីសេចក្ដីពិត ។ សូមគិតពិចារណា ពេលដែលអ្នកអាចមានឱកាសក្នុងការឆ្លើយតបចំពោះកំហឹងរបស់មនុស្សម្នាក់ ដោយសេចក្ដីស្រឡាញ់ នៅក្នុងផ្ទះ ជាមួយមិត្តភក្ដិ ឬ នៅសាលា ។
-
សូមសរសេរគោលដៅមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពិពណ៌នាពីរបៀបដែលអ្នកអាចឆ្លើយតបចំពោះកំហឹង ដោយសេចក្ដីស្រឡាញ់ ឲ្យកាន់តែប្រសើរជាងមុន ដូចដែលអាំម៉ូនបានធ្វើជាមួយនឹងស្ដេចនៃសាសន៍លេមិន ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 19–20 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖