ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 1 ៖ ថ្ងៃ​ទី 2 ផែនការ​នៃ​សេចក្តី​សង្គ្រោះ


 1 ៖ ថ្ងៃ​ទី 2

ផែនការ​នៃ​សេចក្តី​សង្រ្គោះ

សេចក្តីផ្តើម

ព្រះ​វរបិតា​សួគ៌​របស់​យើង​បាន​ប្រទាន​ដល់​យើង​ដែល​ជា​កូន​ចៅ​របស់​ទ្រង់​នូវ​ផែនការ​មួយ​ដែល​ក្នុង​គោល​បំណង​ដើម្បី​ដឹកនាំ​យើង​ទាំង​អស់​គ្នា​ទៅ​កាន់​សុភមង្គល និង​ភាព​តម្កើង​ឡើង​ដ៏​អស់កល្ប​ជានិច្ច ។ ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ផែនការ​របស់​ទ្រង់ ។ ដង្វាយ​ធួន​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់ និង ធ្វើ​ឲ្យ​យើង​អាច​ប្រែចិត្ត ហើយ​និង​ជ្រះ​ស្អាត​ពី​អំពើបាប​របស់​យើង ដូច្នេះ​យើង​អាច​មាន​សេចក្តី​អំណរ​នៅ​ជីវិត​នេះ និង ភាព​អស់កល្ប​ជានិច្ច ។

រូបភាព
រូប​សំណាក​ព្រះគ្រីស្ទ

មេរៀន​នេះ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​សេចក្តី​សង្ខេប​មួយ​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ​វរបិតា​សួគ៌ ។ វា​អាច​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​អំពី​របៀប​ដែល​សេចក្តី​ពិត​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​អ្នក​នឹង​រៀន​នៅ​ឆ្នាំ​នេះ​មាន​ទាក់ទង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក និង ទាក់ទង​ទៅ​នឹង​គោលបំណង​របស់​អ្នក​នៅ​លើ​ផែនដី​នេះ ។ នៅពេល​ដែល​ការយល់​ដឹង​របស់​អ្នក​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​រីកចម្រើន នោះ​សេចក្តី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះ និង ព្រះរាជ្យបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ​ក៏​នឹង​កើន​ឡើង ហើយ​លទ្ធភាព​ដើម្បី​បំពេញ​ចំណែក​របស់​អ្នក​នៅ​ក្នុង​ផែនការ​នេះ​នឹង​រីកចម្រើន​ផងដែរ ។ ផែនការ​នៃ​សេចក្តីសង្គ្រោះ​គឺ​ជា « ភាព​ពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​នាំ​មក​នូវ ភាពអមតៈ និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​កូន​ចៅ​មនុស្ស ។ វាមាន​ទាំង​ការ​បង្កបង្កើត ការ​ធ្លាក់ និង ដង្វាយ​ធួន​ដែល​ភ្ជាប់​មក​ជាមួយ​នូវ​ក្រិតវិន័យ​ទាំង​អស់​ដែល​ព្រះ​បាន​ប្រទាន​មក ពិធី​បរិសុទ្ធ និង គោលលទ្ធិ​ទាំងឡាយ ។ ផែនការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​ត្រូវ​បាន​តម្កើង​ឡើង និង រស់​នៅ​ជា​រៀង​រហូត​ជាមួយ​និង​ព្រះ » ( សេចក្តី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ « ផែនការណ៏​នៃសេចក្តី​ប្រោសលោះ » scriptures.lds.org) ។

ផែនការ​ណ៍​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​គោលបំណង​នៃ​មតភាព​របស់​យើង

ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ​វរបិតា​សួគ៌​របស់​យើង​ឆ្លើយ​នូវ​សំណួរ​ជា​ច្រើន​ដែល​ជួន​កាល​មនុស្ស​ភាគច្រើន​បាន​មាន​នៅ​ក្នុង​ជីវិត​រស់​ពួកគេ ។ តើ​អ្នក​ធ្លាប់​បាន​ពិចារណា​អំពី​សំណួរ​ដូច​ជា ៖ « តើ​ខ្ញុំ​បាន​មក​ពី​ទី​ណា ? » « ហេតុ​អ្វី​ខ្ញុំ​នៅ​ទីនេះ ? » « តើ​ខ្ញុំ​នឹង​ទៅ​កន្លែង​ណា​បន្ទាប់​ពី​ជីវិត​នេះ ? »

ពី​មុន​យើង​បាន​កើត​មក​នៅ​លើ​ផែន​ដី​នេះ យើង​បាន​រស់​នៅ​ក្នុង​ទី​វត្តមាន​នៃ​ព្រះវរបិតាសួគ៌​ក្នុង​នាម​ជា​កូនខាង​វិញ្ញាណ​របស់​ទ្រង់ ។ យើង​ពិត​ជាកូន​ចៅរបស់​ទ្រង់ ហើយ​ទ្រង់​ស្រលាញ់​យើង ។ ផែនការ​នៃ​សេចក្តីសង្គ្រោះរបស់​ទ្រង់​គឺ​ជា​ផ្លូវ​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​ប្រែក្លាយ​ដូច​ជា​ទ្រង់ ហើយ​រីករាយ​ជាមួយ​នឹង​ពរ​ជ័យ​ទាំងអស់​របស់​ទ្រង់ ។ យើង​យល់ ហើយ​បាន​ទទួល​យក​ផែនការ​នេះ មុន​យើង​មកកាន់​ផែនដី​នេះ ។

ព្រះគម្ពីរ​មរមន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​យើង​ឲ្យ​យល់​ដឹង​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ ពួក​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​បាន​ប្រើ​ប្រាស់ ពាក្យ​ផ្សេងៗគ្នា​ជាច្រើន​នៅ​ពេល​និយាយ​សំដៅ​ទៅ​រកផែន​ការណ៍​នេះ ។

  1. សូម​អាន​ខគម្ពីរ​ទាំង​នេះ​ដែល​បាន​កត់ត្រា​ខាង​ក្រោម ហើយ​កំណត់​ឈ្មោះ​ទាំងឡាយ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ​វរបិតា​សួគ៌​នៅ​ក្នុង​ខគម្ពីរ​និមួយៗ ។ នៅ​ក្នុង​សៀវភៅ​កត់ត្រា​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​សរសេរ​ឈ្មោះ​ឲ្យ​នៅ​ក្បែរ​នឹង​សេចក្តីយោង​នៃ​បទគម្ពីរ ។ សម្រាប់​ឈ្មោះ​ដំបូង​គឺ​ត្រូវ​បាន​កំណត់​ដោយ​អ្នក ។

    1. នីហ្វៃ​ទី2 9:6 « ផែនការ​ប្រោស​ប្រណី​នៃ​ព្រះ​ដ៏​បង្កបង្កើត​ដ៏មហិមា »

    2. នីហ្វៃទី2 11:5

    3. អាលម៉ា 12:25

    4. អាលម៉ា 24:14

    5. អាលម៉ា 42:8

    6. អាលម៉ា 42:15

ពាក្យ​ទាំងឡាយ​ដូចជា ប្រោសប្រណី ការ​ដោះលែង សេចក្តី​សង្គ្រោះ សុភមង្គល និង ការប្រោសលោះ ​គូសបញ្ជាក់​អំពី​គោលលទ្ធិ​ថា ផែនការនៃ​ព្រះ​វរបិតា​សួគ៌​គឺ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​នាំ​មក​នូវ សេចក្តីសង្គ្រោះ និង សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​កូនចៅ​របស់​ទ្រង់ ។

  1. សូម​ឆ្លើយ​ចំពោះ​សំណួរខាង​ក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក​ដូច​តទៅ ៖ តើ​ការដឹង​ថា ព្រះវរបិតាសួគ៌​មាន​ផែនការ​មួយ​សម្រាប់​សុភមង្គល និង ការតម្កើង​ឡើង​របស់​អ្នក ធ្វើ​ឲ្យ​មាន​ភាពខុស​គ្នា​យ៉ាង​ដូច​ម្តេច​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

តួនាទី​នៃ​សិទ្ធិ​ជ្រើសរើស និង ការ​ធ្លាក់​របស់ អ័ដាម និង អេវ៉ា​នៅ​ក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ

អ័ដាម និង អេវ៉ា គឺ​ជា​កូនចៅ​ដំបូង​របស់​ព្រះ ដែល​បាន​មក​កាន់​ផែនដី​នេះ ។ ទ្រង់​បាន​ដាក់​ពួកគេ​ក្នុង​សួនច្បារអេដែន ហើយ​បាន​ប្រទាន​ឲ្យ​ពួកគេ​នូវ​សិទ្ធិ​ជ្រើសរើស​—« ជា​សមត្ថភាព និង ឯកសិទ្ធិ… ដើម្បី​ជ្រើសរើស ហើយ​ដើម្បី​ប្រព្រឹត្ត​ដោយ​ខ្លួន​ឯង » ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សិទ្ធិ​ជ្រើស​រើស » scriptures.lds.org ) ។ ទ្រង់​បាន​បញ្ជា​ពួកគេ​មិន​ឲ្យ​បរិភោគ​ផ្លែ​ឈើ​នៃ​ការ​ដឹង​ល្អ និង​អាក្រក់​ឡើយ ។ ការ​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​នេះ​មាន​ន័យ​ថា ពួក​គេ​អាច​បន្ត​រស់នៅ​ក្នុង​សួន​ច្បារ​នេះ តែ​ពួកគេ​មិន​អាច​រីកចម្រើន​ដោយ​ការ​ទទួល​បទពិសោធន៍​ផ្ទុយ​គ្នា​ក្នុង​ជីវិតរ​មែង​ស្លាប់​ឡើយ ។ ពួកគេ​មិន​អាច​ស្គាល់​ភាពរីករាយ​ព្រោះ​តែ​ពួកគេ​មិន​អាច​មាន​បទពិសោធន៍​នៃ​ការ​សោកសៅ និង​ការ​ឈឺចាប់ ។

សូម​អាន នីហ្វៃទី2 2:17–20 ហើយ​រកមើល​សម្រាប់​អ្វី​ដែល​បាន​កើតឡើង​ចំពោះ អ័ដាម និង​ អេវ៉ា​បន្ទាប់​ពី​ពួកគេ​ជ្រើស​រើស​មិន​គោរព​តាម​ព្រះ​បញ្ញត្តិ​របស់​ព្រះ ។ សូម​ពិពណ៌នា​នៅ​ក្នុង​ចន្លោះ​ដែល​បាន​ផ្តល់​ឲ្យ​នូវ​អ្វី​ដែល អ័ដាម និង អេវ៉ា​បាន​ជ្រើសរើស​ដើម្បី​ធ្វើ និង ឥទ្ធិពល​ពីរ​ដែល​កើត​មក​ពី​ជម្រើស​នោះ—ដែល​ជា​ទូទៅ​សំដៅ​ទៅ​លើ​ការ​ធ្លាក់—​ដែល​បាន​មាន​មក​លើ​ពួកគេ ៖

សូម​អាន នីហ្វៃទី2 2:22–26 ហើយ​រកមើលលទ្ធផល​ជាច្រើន​ទៀត​ដែល​កើត​មក​ពី​ជម្រើស​ដែល​ អ័ដាម និង អេវ៉ា​បាន​ធ្វើ ។ សូម​គូស​ចំណាំ​នូវ​សេចក្តី​ពិត​បន្ថែម​នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​អ្នក ដែល​អ្នក​រៀន​អំពី​ឥទ្ធិ​ពល​នៃ​ការ​ធ្លាក់ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​បញ្ចប់​កថាខណ្ឌ​នេះ​ដោយ​ការ​ពិពណ៌នា​អំពី​ឥទ្ធិពល​ទាំងឡាយ​នៃ​ការ​ធ្លាក់​របស់ អ័ដាម និង អេវ៉ា​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ។ សូម​បញ្ចូល​ទាំង​គំនិត​អំពី​ជម្រើស​ទាំង​ឡាយ សិទ្ធិ​សេរីភាព រាងកាយ​សាច់ឈាម សេចក្តី​ស្លាប់កូន​ចៅ និង ​អំពើ​បាប ។

    « ព្រោះតែ​​អំពើ​រំលងរបស់ អ័ដាម និង អេវ៉ា ទើប​ខ្ញុំក៏ស្ថិត​នៅក្នុង​​ស្ថានភាព​ធ្លាក់ ហើយ … »

តួ​នាទី​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ

រូបភាព
ព្រះគ្រីស្ទ​បាន​រស់​ឡើង​វិញ​នៅ​ឯ​ផ្នូរ

អំពើ​បាប និង សេចក្តីស្លាប់​បំបែកយើងចេញ​ពី​ទី​វត្តមាន​របស់​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ឋានសួគ៌ ។ យើង​មិន​អាច​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះបាន​ទេ​បើ​គ្មាន​ជំនួយ​ដ៏​ទេវភាពនោះ ។ យើង​ត្រូវ​តែ​យល់​អំពី​តួនាទី​របស់​ព្រះ​យេស៊ូវគ្រីស្ទ និង ដង្វាយ​ធួន​របស់ទ្រង់​នៅក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះដើម្បី​យើង​អាចមាន​សេចក្តីជំនឿ​លើ​ទ្រង់ និង ធ្វើ​តាម​ផែនការ​របស់​ទ្រង់ ។ សូម​សិក្សាក្នុង ម៉ូសាយ 3:17–19 ​សូមរកមើល​ឃ្លាទាំងឡាយ​ដែល​ពិពណ៌នា​អំពីរបៀប​ដែល​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឈ្នះលើឥទ្ធិពល​នៃ​ការ​ធ្លាក់ ហើយ​ជួយ​យើង​ឲ្យ​ទទួល​បាន​នូវ​សុភមង្គល និង​អាច​ត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌​របស់យើង​វិញ ។ សូម​សង្ខេប​ខគម្ពីរ​ទាំង​នេះដោយពាក្យសំដី​របស់​អ្នកផ្ទាល់ ៖

គោលការណ៍​មួយ​ដែល​យើង​រៀនគឺ​ ៖ ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​ដែល​សំខាន់​បំផុត​នៅក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ហើយ​ដង្វាយ​ធួន​របស់​ទ្រង់​ គឺ​ជាអ្វីដែល​ធ្វើ​ឲ្យ​ផែនការ​មាន​ដំណើរ​ការ​បាន​សម្រាប់​កូនចៅ​របស់​ទ្រង់​ទាំងអស់ ។

  1. សូម​អាន​វគ្គ​គម្ពីរ​តាម​លំដាប់​លំដោ​យ​នេះ ៖ នីហ្វៃទី2 2:8,ម៉ូសាយ 3:7–11,16:4–8,អាលម៉ា 34:9,15–16, មរមន 9:13–14  ។ នៅក្នុងសៀវភៅ​កត់ត្រា​ការ​សិក្សា​ព្រះ​គម្ពីររបស់​អ្នក សូម​សរសេរ​កថាខណ្ឌ​មួយ​ដែល​នឹង​ពន្យល់​នូវ​អ្វី​ដែល​ពួកគេ​បង្រៀនអំពី​តួនាទី​ដ៏សំខាន់នៃ​ដង្វាយ​ធួន​របស់​ព្រះ​យេស៊ូវគ្រីស្ទ​នៅក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ អ្នក​អាច​នឹង​គូស​បន្ទាត់ពី​ក្រោម​ឃ្លាទាំងឡាយ​ដែល​មានអត្ថន័យ​ចំពោះ​អ្នក ។

ទំនួល​ខុស​ត្រូវរបស់​យើងនៅក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ

ព្រះវរបិតា​សួគ៌​របស់យើង​បានប្រទាន​ដល់​យើង​នូវ​ផែនការដ៏​ឥតខ្ចោះរបស់​ទ្រង់ដើម្បី​នាំមក​នូវ​សុភមង្គលដ៏​នៅអស់​កល្ប​ជានិច្ច និង ការ​តម្កើង​ឡើង​ជាមួយ​ទ្រង់ និង ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង ។ ព្រះ​យេស៊ូវគ្រីស្ទបានបំពេញ​តួនាទី​របស់ទ្រង់​នៅក្នុង​ផែនការ​នេះ ដោយ​យកឈ្នះលើ​សេចក្តីស្លាប់ ហើយ​ធ្វើ​ឲ្យ​យើង​ឈ្នះលើ​អំពី​បាប និង ត្រឡប់ទៅ​រស់នៅជាមួយព្រះវរបិតា​សួគ៌របស់យើង​ម្តង​ទៀត ។ ទោះជាយ៉ាង​ណាក៏ដោយ ការ​នេះ​មិនបានលុប​បំបាត់​ទំនួល​ខុសត្រូវ​របស់​យើង​នៅក្នុង​ផែនការ​នេះទេ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​សរសេរ ទំនួល​ខុសត្រូវ​មួយ​ចំនួន​របស់​ខ្ញុំ​ ក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ និង កត់​នូវ​អ្វី​ដែល​ខគម្ពីរ​និមួយៗ​បង្រៀន​អំពី​ទំនួល​ខុសត្រូវ​ផ្ទាល់​ខ្លួន​របស់​យើង​ដើម្បី​អញ្ជើញ​អំណាច​នៃ​ដង្វាយធួន​ឲ្យមកកាន់​ជីវិត​របស់​យើង ហើយ​ចូល​រួមទាំងស្រុង​សម្រាប់​ពរជ័យ​នៃ​សេចក្តី​សង្គ្រោះ​ដូច​ខាង​ក្រោម ៖

    1. នីហ្វៃទី2 2:25–27

    2. ម៉ូសាយ 3:12–13

    3. អាលម៉ា 12:24–25,32–34

    4. នីហ្វៃ​ទី3 27:13–14, 20–22, 27

ព្រះ​គម្ពីរ​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​យល់​ឃើញ​ថា នៅពេល​យើង​ជ្រើស​រើស​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ធ្វើ​តាម​ផែនការ​របស់​ព្រះ នោះ​យើង​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​តាម​រយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  1. ឧបមាថា អ្នក​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ឡើង​និយាយ​នៅ​ព្រះវិហារ​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ ការ​ប្រើ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ព្រះគម្ពីរ​ដែល​មាន​ក្នុង​កិច្ចការ​ដាក់​ឲ្យ​ធ្វើ​ខាង​លើ សូម​សរសេរ​ក្នុង​សៀវភៅ​កត់ត្រា​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក​ពីអ្វី​ដែល​អ្នក​នឹង​និយាយ អំពី​ទំនួលខុស​ត្រូវ​របស់​យើង​នៅ​ក្នុង​ផែនការ​នៃ​ព្រះវរបិតា​សួគ៌ ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ​ដើម្បី​បំពេញ​ទំនួល​ខុសត្រូវ​របស់​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​នៅក្នុង​ផែនការ​នៃ​ព្រះវរបិតា​សួគ៌ និង ដើម្បី​អញ្ជើញអំណាច​នៃ​ព្រះអង្គ​សង្គ្រោះមកកាន់​​ជីវិត​អ្នក ។ សូម​ពិចារណា​ដើម្បី​ចែកចាយ​គំនិត​របស់​អ្នក​ជា​មួយ​ឪពុក​ម្តាយ បង​ប្អូន​បង្កើត ឬមិត្ត​ស្និតស្នាល​របស់​អ្នក ។

ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ផ្តល់​នូវ​ចម្លើយ និង ការដឹកនាំ

ការ​យល់ដឹង​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ​ អាច​ដឹកនាំ​អ្នក​នៅ​ពេល​ធ្វើ​ការ​សម្រេចចិត្ត និង​ការ​ស្វែង​រក​ចម្លើយ​នានា​សម្រាប់​សំណួរ​ដែល​អ្នក ឬ​អ្នក​ដទៃ​អាច​នឹង​ជួប ។

  1. នៅ​ក្នុងសៀវភៅ​កត់ត្រាការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ឆ្លើយ​នឹងសំណួរ​មួយ​នៃ​សំណួរ​ទាំងឡាយ​ខាង​ក្រោម​ដោយ​ការ​ប្រាប់​អំពី​របៀប​ដែល​ការ​យល់ដឹង​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ផ្តល់​នូវ​ការ​ដឹកនាំ និង ចម្លើយ​ទាំងឡាយ ៖

    1. តើ​ការ​ដឹង​ថា​អ្នក​ពិត​ជា​បុត្រា ឬបុត្រី​របស់​ព្រះ​បាន​ជះឥទិ្ធពល​លើ​អារម្មណ៍​នៃ​តម្លៃ​ខ្លួន​អ្នក​យ៉ាង​ដូចម្តេច ?

    2. តើ​អ្នក​នឹង​ឆ្លើយ​តបយ៉ាង​ណា​ចំពោះ​នរណា​ម្នាក់​ដែល​និយាយ​ថា « វាគឺ​ជា​ជីវិត​របស់​ខ្ញុំ—​ហើយ​​ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ » ?

    3. តើ​ការ​យល់​ដឹង​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ អាច​ជួយ​មនុស្ស​ម្នាក់​ឲ្យយក​ឈ្នះ​លើ​អារម្មណ៍​ដែល​គិត​ថា ជីវិត​គឺ​គ្រាន់​តែ​សម្រាប់​ជា​ការ​សប្បាយ និង​ បំពេញ​តាម​ចំណង​នៃ​ការ​សប្បាយ​ផ្ទាល់​ខ្លួន​ឯងដោយ​របៀប​ណា ?

    4. តើ​អ្នក​អាច​ប្រើ​ចំណេះ​ដឹង​ពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ ដើម្បី​ជួយ​មនុស្ស​ម្នាក់​ដែល​កំពុង​តែ​ជួប​នូវ​ឧបសគ្គ​ទាំងឡាយ ហើយដែល​មាន​អារម្មណ៍ថា វា​គឺ​ដោយ​សារតែ​ព្រះ​មិន​ស្រលាញ់​គាត់ ឬ នាង​ដោយ​របៀប​ណា ?

ការ​យល់​ដឹង​ពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ អាច​ជួយ​អ្នក​ឲ្យ​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ដោយ​សារតែ​វា​ពន្យល់​អំពីមូលហេតុ ​ដែល​យើង​គប្បី​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​នោះ ( សូមមើល អាលម៉ា 12:32) ។

  1. សូម​អាន នីហ្វៃទី2 22:25 សូម​សង្ខេប​ពី​គោល​បំណង​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ដោយ​ការឆ្លើយ​នូវ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់ត្រាការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​បាន​នាំ​សេចក្តី​អំណរ​មក​កាន់​អ្នក និង​គ្រួសារ​របស់​អ្នក​តាម​របៀប​ណា​ខ្លះ ?

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « ផែនការ​នៃ​សេចក្តី​សង្គ្រោះ » ហើយ​បាន​បញ្ចប់​វា​នៅ ( កាលបរិច្ឆេទ ) ។

    សម្រាប់​សំណួរ គំនិត និង ការ​យល់ដឹង​បន្ថែម​ទៀត ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

បោះពុម្ព