វគ្កទី 20 ៖ ថ្ងៃទី 2
អាលម៉ា 40–41
សេចក្តីផ្ដើម
ដូចមានកត់ត្រានៅក្នុង អាលម៉ា 40–41 អាលម៉ាបង្រៀនកូរីអានតុនជាកូនប្រុសលោក ពីគោលការណ៍សំខាន់ទាក់ទងនឹងជីវិតបន្ទាប់ពីការស្លាប់ ។ អាលម៉ាបានពន្យល់ថា តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ មនុស្សលោកទាំងអស់នឹងបានរស់ឡើងវិញ ។ អាលម៉ាក៏បានបង្រៀនដល់កូរីអានតុនផងដែរ អំពីពិភពវិញ្ញាណ ជាកន្លែងដែលអ្នកស្លាប់រងចាំនៅក្នុងស្ថានភាពបរមសុខ ឬ ក្នុងការជាប់ឃុំឃាំងវិញ្ញាណរហូតដល់ដំណើររស់ឡើងវិញ អាស្រ័យទៅតាមជម្រើសទាំងឡាយរបស់ពួកគេនៅក្នុងជីវិតរមែងស្លាប់នេះ ។ កូរីអានតុនបានរៀនពីអាលម៉ាថា ផែនការនៃការសាងឡើងវិញ មិនត្រឹមតែរួមបញ្ចូលនូវដំណើររស់ឡើងវិញខាងរាងកាយនោះទេ ប៉ុន្តែជាដំណើររស់ឡើងវិញខាងវិញ្ញាណផងដែរ ដែលយើងទទួលផលចំពោះទង្វើ និង បំណងប្រាថ្នាទាំងឡាយរបស់យើង ។ នៅទីបំផុត អាលម៉ាបានសង្កត់ធ្ងន់ថា ចំណុចសំខាន់នៃផែនការនៃការសាងឡើងវិញនេះ គឺជាសេចក្ដីពិតដែលថា ទុច្ចរិតភាពពុំដែលនាំទៅកាន់សុភមង្គលឡើយ ។
អាលម៉ា 40
អាលម៉ាបង្រៀនកូរីអានតុន អំពីពិភពវិញ្ញាណ និង ដំណើររស់ឡើងវិញ
សូមស្រមៃថា អ្នកមានមិត្តម្នាក់ដែលមានបទពិសោធន៍ពីការស្លាប់នៃមនុស្សជាទីស្រឡាញ់ម្នាក់ នាពេលថ្មីៗនេះ ។ ដោយដឹងថាអ្នកជាមនុស្សខាងសាសនា នោះមិត្តរបស់អ្នកបានមករកអ្នក ដោយមានសំណួរដូចខាងក្រោមនេះ ៖
-
តើអ្វីដែលអាចធ្វើឲ្យយើងរស់ឡើងម្ដងទៀត ? តើនរណានឹងបានរស់ឡើងវិញ ?
-
តើយើងទៅកន្លែងណាពេលយើងស្លាប់ទៅ ហើយវាយ៉ាងណាដែរ ?
-
តើអ្វីទៅជាដំណើររស់ឡើងវិញ ? តើអ្វីជាភាពខុសគ្នា រវាងរូបកាយរមែងស្លាប់របស់យើង និង រូបកាយដែលរស់ឡើងវិញរបស់យើង ? តើអ្វីខ្លះកើតឡើង បន្ទាប់ពីយើងបានរស់ឡើងវិញ ?
ព័ត៌មាននៅក្នុង អាលម៉ា 40 អាចជួយឆ្លើយសំណួរទាំងនេះបាន ។ ជំពូកនេះគឺជាការបន្តនៃការបង្រៀនរបស់អាលម៉ាដល់កូរីអានតុនកូនប្រុសលោក ។ កូរីអានតុនបានមានកង្វល់អំពីដំណើររស់ឡើងវិញនៃអ្នកស្លាប់ ។
-
សូមអានវគ្គបទគម្ពីរទាំងបីខាងក្រោមនេះ ។ សូមជ្រើសរើសវគ្គបទគម្ពីរមួយ ឬ ច្រើនជាងមួយ ហើយពន្យល់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើអ្វីដែលអាលម៉ាបានបង្រៀនឆ្លើយដល់សំណួរដែលទាក់ទងយ៉ាងណាដែរ ។ ( ប្រសិនបើអ្នកមានពេលនៅចុងបញ្ចប់នៃមេរៀន នោះអ្នកអាចនឹងចង់ត្រឡប់មករំឭកពីអ្វីដែលអាលម៉ាបានបង្រៀននៅក្នុងខផ្សេងៗទៀត ) ។
-
សូមសិក្សា អាលម៉ា 40:1–5 ។ តើអ្វីដែលធ្វើឲ្យយើងអាចរស់ឡើងម្ដងទៀត ? តើនរណាខ្លះនឹងបានរស់ឡើងវិញ ?
-
សូមសិក្សា អាលម៉ា 40:6–7, 11–14 ។ តើយើងទៅកន្លែងណាពេលយើងស្លាប់ទៅ ហើយកន្លែងនោះមានលក្ខណៈយ៉ាងដូចម្តេចដែរ ? ( ពេលអាលម៉ាបង្រៀនថា វិញ្ញាណមនុស្សទាំងអស់ត្រូវបាននាំ « ត្រឡប់ទៅផ្ទះវិញ គឺទៅជួបនឹងព្រះដែលទ្រង់បានប្រទានជីវិតដល់គេ » ( អាលម៉ា 40:11 ) លោកបង្រៀនថា បន្ទាប់ពីការស្លាប់របស់យើង ប៉ុន្តែ ពីមុនដំណើររស់ឡើងវិញរបស់យើង នោះវិញ្ញាណរបស់យើងនឹងត្រឡប់ទៅពិភពនៃវិញ្ញាណ ពុំមែនទៅកាន់ទិសដៅចុងក្រោយ ដែលបន្ទាប់ពីការជំនុំជម្រះរបស់ព្រះនោះទេ ។ វាអាចជាប្រយោជន៍ក្នុងការទាញយកព័ត៌មានពីលេខយោងនៅក្នុងខ 13 ដើម្បីយល់ពីអ្វីដែលអាលម៉ាចង់មានន័យ ពេលលោកនិយាយដល់ « ភាពងងឹងខាងក្រៅ » នោះ ។ អាលម៉ា 40:14 ក៏ជួយយើងឲ្យយល់ផងដែរថា ការនិយាយពីភាពងងឹតខាងក្រៅនេះ គឺជាការនិយាយសំដៅដល់ស្ថានភាពមុនដំណើររស់ឡើងវិញ ដែលយើងតែងហៅថា កន្លែងឃុំវិញ្ញាណ ហើយពុំមែនទៅកាន់កន្លែងចុងក្រោយបង្អស់ ឬ កន្លែងជាអចិន្ត្រៃរបស់ពួកអ្នកដែលត្រូវជាប់ឃុំឃាំងនោះទេ ) ។
-
សូមសិក្សា អាលម៉ា 40:21–26 ។ តើអ្វីទៅជាដំណើររស់ឡើងវិញ ? តើអ្វីជាភាពខុសគ្នា រវាងរូបកាយរមែងស្លាប់របស់យើង និង រូបកាយដែលរស់ឡើងវិញរបស់យើង ? តើអ្វីខ្លះកើតឡើង បន្ទាប់ពីយើងបានរស់ឡើងវិញ ?
-
ដោយនិយាយដល់ អាលម៉ា 40:11–12 នោះ ប្រធាន ចច ឃ្យូ. ខានុន នៃគណៈប្រធានទីមួយ បានពន្យល់ថា អាលម៉ា « ពុំមានគោលបំណងនាំឲ្យមានគំនិតថា ពួកគេត្រូវបានជូនទៅក្នុងវត្តមានរបស់ព្រះផ្ទាល់ភ្លាមៗនោះទេ ។ ជាក់ស្ដែង លោកប្រើឃ្លានោះនៅក្នុងន័យដែលមានគុណសម្បត្តិគ្រប់គ្រាន់ » ( Gospel Truth: Discourses and Writings of President George Q. Cannon, sel. Jerreld L. Newquist, 2 vols. [1957–74], 1:73 ) ។
អែលឌើរ នែល អេ. ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាចំណុចមួយចំនួនពីអ្វីដែលយើងនឹងមានបទពិសោធន៍ បន្ទាប់ពីយើងបានរស់ឡើងវិញ ៖
« នៅថ្ងៃជំនុំជម្រះ … នឹងមាននូវវត្ថុវិស័យដែលរួមបញ្ចូលអ្វីៗទាំងអស់ ។ យើងមិនត្រឹមតែមាននូវអ្វីដែលព្រះគម្ពីរមរមនហៅថា ‹ នឹកឃើញឡើងវិញយ៉ាងជាក់ច្បាស់ › និង ‹ ការចងចាំដ៏ឥតខ្ចោះ › ពីទង្វើខុសឆ្គងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែការណ៍ដែលពេញដោយអំណរក៏នឹងត្រូវបាននាំមក និង ត្រូវបានស្ដារឡើងវិញផងដែរ ។ យើងនឹងបានដឹង ‹ ដូចជាយើងដឹងក្នុងពេលឥឡូវនេះ › ។ ( អាលម៉ា 5:18; 11:43; សូមមើលផងដែរ គ. និង ស. 93:33 ) ។ យើងនឹងឃើញ ‹ ដោយភ្នែក › ( ម៉ូសាយ 12:22; 15:29 ) ដោយសារទិន្នន័យចែកចាយមួយ ។
« ក្នុងចំណោម ‹ អ្វីៗទាំងអស់ [ ដែល ] នឹងបានសាងឡើង › ( អាលម៉ា 40:23 ) នឹងចងចាំ ហើយនៅទីបំផុត គឺរួមទាំងការចងចាំពីជីវិតមុនផែនដីរបស់យើង ។ សូមពិចារណានៅក្នុងគំនិត និង ដួងចិត្ត ពីសេចក្ដីអំណរនៃការបានផ្គុំគ្នាវិញ ដោយការចងចាំដែលទាក់ទង ទាំងសណ្ឋានទីមួយ និង ទីពីរ ។
« ពេលនោះ អារម្មណ៍ដ៏លើសលប់នឹងកើតមានចំពោះយើង ពេលដែលព្រះដ៏ប្រកបដោយសេចក្ដីស្រឡាញ់ ទ្រង់ជ្រាបថាវាជាការប្រសើរណាស់ដែលការចងចាំត្រូវបានសាងឡើងវិញយ៉ាងពេញលេញនោះ ! ការដាស់តឿនដ៏ច្រើនសន្ធឹកសន្ធាប់អំពីការពិតនេះ នឹងកាន់តែបង្កើននូវការដឹងគុណរបស់យើង ចំពោះសេចក្ដីអត់ធ្មត់របស់ព្រះដែលទ្រង់មានតាំងពីយូរមកហើយ និង សម្រាប់សេចក្ដីករុណាដែលប្រកបដោយសេចក្ដីស្រឡាញ់នៃដង្វាយធួនដែលព្រះយេស៊ូវស្ម័គ្រធ្វើ ! » ( Lord Increase Our Faith [1994] ទំព័រ 103 ) ។
ដំណើររស់ឡើងវិញ គឺជាការផ្គុំគ្នាឡើងវិញនូវវិញ្ញាណ និង រូបកាយ ដោយគ្រប់អ្វីៗទាំងអស់ត្រូវបានសាងទៅជារូបរាងដ៏ត្រឹមត្រូវ និង ល្អឥតខ្ចោះឡើងវិញ ។ បន្ទាប់ពីដំណើររស់ឡើងវិញ យើងម្នាក់ៗនឹងឈរនៅក្នុងវត្តមានរបស់ព្រះដើម្បីទទួលការជំនុំជម្រះ ។ សូមអាន អាលម៉ា 40:25–26 ហើយរកមើលការពិពណ៌នារបស់អាលម៉ា អំពីស្ថានភាពចុងក្រោយរបស់ពួកអ្នកដែលជ្រើសរើសភាពសុចរិតនៅក្នុងជីវិតនេះ ដោយប្រៀបធៀបទៅនឹងស្ថានភាពចុងក្រោយនៃពួកអ្នកដែលជ្រើសរើសភាពទុច្ចរិត ។ សូមពិចារណា ថាតើវគ្គនេះអាចជះឥទ្ធិពលដល់បំណងប្រាថ្នារបស់អ្នក ក្នុងការមានភាពស្អាតស្អំចំពោះព្រះ យ៉ាងណាដែរ ។
ដូចមានកត់ត្រានៅក្នុង អាលម៉ា 40:16–22 ដំណើររស់ឡើងវិញដែលអាលម៉ាបាននិយាយដល់ គឺមានទំនាក់ទំនងទៅនឹងពេលវេលានៅលើផែនដីនេះ ។ ព្រះយេស៊ូវគ្រីស្ទគឺជាអង្គទីមួយដែលបានរស់ឡើងវិញ បន្ទាប់មកគឺជាមនុស្សសុចរិតដែលបានរស់នៅ និង បានស្លាប់ ចាប់តាំងពីជំនាន់អ័ដាម រហូតដល់ពេលនៃដំណើររស់ឡើងវិញរបស់ព្រះគ្រីស្ទ ( សូមមើល អាលម៉ា 40:16, 20; គ. និង ស. 133:54–55 ) ។ ដំណើររស់ឡើងវិញនេះ គឺជាអ្វីដែលអាលម៉ាសំដៅដល់ថាជា « ដំណើររស់ឡើងវិញជាលើកទីមួយ » ។
អាលម៉ា 41
អាលម៉ាបង្រៀនកូរីអានតុនអំពីផែនការនៃការសាងឡើងវិញ
សូមពិចារណាពីសេចក្ដីពិតទាំងឡាយដែលអាលម៉ាបានបង្រៀន អំពីដំណើររស់ឡើងវិញ ពិភពវិញ្ញាណ និង ការជំនុំជម្រះ សូមគិតថាតើវាអាចជះឥទ្ធិពលដល់សកម្មភាពរបស់មនុស្សម្នាក់យ៉ាងណា ប្រសិនបើគាត់ជឿនូវការណ៍ខាងក្រោមនេះ ៖
-
ពុំមានជីវិតបន្ទាប់ពីការស្លាប់នោះទេ ។
-
បន្ទាប់ពីយើងស្លាប់ យើងនឹងត្រូវបានធ្វើឲ្យល្អឥតខ្ចោះ ដោយមិនគិតថា កិច្ចការរបស់យើងនៅលើផែនដីល្អ ឬ អាក្រក់នោះទេ ។
-
នៅឯការជំនុំជម្រះ យើងនឹងទទួលវង្វាន់សម្រាប់កិច្ចការល្អរបស់យើង ហើយត្រូវទទួលទោសចំពោះកិច្ចការអាក្រក់របស់យើង ។
នៅក្នុង អាលម៉ា 41 យើងរៀនថា កូរីអានតុនបានមានការភាន់ច្រឡំ ដោយសារអ្វីដែលមនុស្សមួយចំនួនបង្រៀនអំពីដំណើររស់ឡើងវិញ ។ សូមពិចារណាក្នុងការគូសចំណាំឃ្លា « វង្វេងទៅឆ្ងាយ » នៅក្នុង អាលម៉ា 41:1 ហើយបន្ទាប់មកអានខនេះ ដោយរកមើលអ្វីដែលបណ្ដាលឲ្យមនុស្សខ្លះវង្វេងទៅឆ្ងាយ ។ ដើម្បីជួយអ្នកយល់ពីខនេះ វាអាចជាប្រយោជន៍សម្រាប់អ្នកក្នុងការដឹងថា បង្វែរន័យបទគម្ពីរ មានន័យថា មួលបង្កាច់ ធ្វើឲ្យខូច ឬ ផ្លាស់ប្ដូរអត្ថន័យនៃបទគម្ពីរ ។
តើគោលគំនិតអ្វីខ្លះ ដែលអាលម៉ាបាននិយាយថា លោកនឹងបកស្រាយឲ្យច្បាស់សម្រាប់កូរីអានតុន ?
ការសាងឡើងវិញ មានន័យថា នាំត្រឡប់មកវិញម្ដងទៀត ។ អាលម៉ាចង់ឲ្យកូរីអានតុនយល់ថា មាននូវទិដ្ឋភាពខាងសាច់ឈាម និង ខាងវិញ្ញាណ ចំពោះអ្វីដែលលោកបានហៅថា « ផែនការនៃការសាងឡើងវិញ » ( អាលម៉ា 41:2 ) ។ សូមពិនិត្យមើល អាលម៉ា 41:2–5 ហើយគូសចំណាំអ្វីដែលនឹងត្រូវបានសាងឡើងវិញខាងសាច់ឈាមដល់យើង បន្ទាប់ពីសេចក្ដីស្លាប់ និង អ្វីដែលនឹងត្រូវបានសាងឡើងវិញខាងវិញ្ញាណ ។ ( ការចាំបាច់ នៅក្នុងខនេះមានន័យថា ជាការតម្រូវឲ្យមាន ឬ មិនអាចអត់បាន ) ។
តើអ្វីជាទិដ្ឋភាពខាងសាច់ឈាមនៃផែនការនៃការសាងឡើងវិញ ដែលបានលើកឡើងក្នុង អាលម៉ា 41:2 ?
ទិដ្ឋភាពខាងវិញ្ញាណនៃផែនការនៃការសាងឡើងវិញដែលមានពិពណ៌នាក្នុង អាលម៉ា 40:3–5 គឺ ៖ យើងនឹងត្រូវបានសាងឡើងវិញឲ្យមានសុភមង្គល ឬ ទុក្ខវេទនា ទៅតាមកិច្ចការ និង បំណងប្រាថ្នារបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ ។
-
សន្មត់ថាអ្នកត្រូវបានស្នើសុំឲ្យបង្រៀន អាលម៉ា 40:3–5 ដល់ថ្នាក់កុមារ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើអ្នកនឹងពន្យល់ពីគោលលទ្ធិនៃការសាងឡើងវិញខាងវិញ្ញាណដោយសាមញ្ញដោយរបៀបណា ដើម្បីឲ្យក្មេងៗបានយល់ពីអ្វីដែលអាលម៉ាបង្រៀន ។
សូមសញ្ជឹងគិតថា តើការយល់ពីគោលលទ្ធិនៃការសាងឡើងវិញ អាច និង គួរជះឥទ្ធិពលដល់សកម្មភាព និង បំណងប្រាថ្នារបស់អ្នកយ៉ាងណាដែរ ។
ពេលយើងយល់ពីគោលលទ្ធិនៃការសាងឡើងវិញ នោះយើងចាប់ផ្ដើមខ្វល់ខ្វាយដោយឯកឯងពីលទ្ធផលទាំងឡាយដែលនឹងមានដោយសារអំពើបាប និង ជម្រើសខុសឆ្គងរបស់យើង ។ តើមានវិធីណាមួយ ដើម្បីផ្លាស់ប្ដូរផលអវិជ្ជមាននៃបំណងប្រាថ្នា និង សកម្មភាពខុសឆ្គងរបស់យើងដែរទេ ? អាលម៉ាបានផ្ដល់ដល់កូរីអានតុននូវហេតុផលមួយដើម្បីមានសេចក្ដីសង្ឃឹម ។ សូមអាន អាលម៉ា 41:6–9 ហើយរកមើលអ្វីដែលយើងអាចធ្វើដើម្បីបានសេចក្ដីល្អ និង សុភមង្គលសាងឡើងវិញដល់យើង សូម្បីតែនៅពេលយើងបានធ្វើអំពើបាបដ៏ធ្ងន់ធ្ងរក៏ដោយនោះ ។ អ្នកអាចនឹងចង់គូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយនៅក្នុង អាលម៉ា 41:6–7 ដែលប្រាប់ថា យើងទទួលខុសត្រូវចំពោះអ្វីដែលយើងទទួលនៅក្នុងដំណើររស់ឡើងវិញ ។ សូមគិតអំពីសំណួរតទៅនេះ ៖ ផ្អែកលើខទាំងនេះ តើយើងជាអ្នកកាត់ក្ដីខ្លួនយើងផ្ទាល់ដោយរបៀបណាដែរ ?
មានមនុស្សដែលគិតថា ពួកគេអាចត្រឡប់ទៅកាន់ព្រះវិញ ដោយពុំចាំបាច់មានទំនួលខុសត្រូវផ្ទាល់ខ្លួនចំពោះសកម្មភាពរបស់គេនោះទេ ។ ជាញឹកញាប់ ពួកគេប្រកាសថា ជម្រើសដ៏ពោរពេញដោយអំពើបាបរបស់ពួកគេគឺជារឿងសប្បាយ ។ ជួនកាល ពួកអ្នកដែលចូលរួមក្នុងអំពើបាបអាចមើលទៅដូចជាសប្បាយណាស់ ។ ប៉ុន្តែ សូមអាន អាលម៉ា 41:10 ហើយរកមើលអ្វីដែលអាលម៉ាបានបង្រៀនអំពីអំពើទុច្ចរិត ។ ( អាលម៉ា 41:10 គឺជាចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។
-
នៅក្នុង អាលម៉ា 41:10 អាលម៉ាបានថ្លែងទីបន្ទាល់ដល់កូនប្រុសលោកថា « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ សូមបំពេញកិច្ចការខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមសរសេរពីមូលហេតុដែលអ្នកជឿថា សេចក្ដីថ្លែងរបស់អាលម៉ាពិត ។
-
សូមសរសេរឧទាហរណ៍មួយ ពីរបៀបដែលសាតាំងអាចនឹងព្យាយាមលួងលោមយើងឲ្យជឿថា យើងអាចបំពានបទបញ្ញត្តិរបស់ព្រះ ហើយនៅតែសប្បាយរីករាយនោះ ។
-
សូមគិតសរសេរសេចក្ដីថ្លែងការតទៅនេះដែលថ្លែងដោយ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅក្នុងព្រះគម្ពីររបស់អ្នកក្បែរនឹង អាលម៉ា 41:10 ៖ « អ្នកពុំអាចធ្វើខុស ហើយមានអារម្មណ៍ថាត្រូវនោះទេ ។ វាមិនអាចទៅរួចទេ ! » ( “A Message to the Rising Generation” Ensign ខែ វិច្ឆិកា ឆ្នាំ 1977 ទំព័រ 30 ) ។
អាលម៉ា 41:11 ពន្យល់ពីមូលហេតុដែលវាពុំអាចទៅរួចទេ ដើម្បីមានភាពរីករាយដ៏ពិតប្រាកដ ពេលជ្រើសរើសខុសនោះ ។ ដើម្បីជួយអ្នកយល់ខនេះ សូមបំពេញតារាងខាងក្រោម ដោយផ្គូផ្គងឃ្លាចេញពីបទគម្ពីរនីមួយៗ ជាមួយនឹងអត្ថន័យរបស់វា ។ ( ពេលអ្នកធ្វើចប់ហើយ សូមពិនិត្យមើលចម្លើយរបស់អ្នក ជាមួយនឹងចម្លើយទាំងឡាយនៅចុងបញ្ចប់នៃមេរៀន ) ។
ពាក្យ ឬ ឃ្លាទាំងឡាយចេញពី អាលម៉ា 41:11 ដែលពិពណ៌នាពីការស្ថិតនៅក្នុង « ស្ថានភាពខាងសាច់ឈាម » |
អត្ថន័យ |
---|---|
|
|
|
|
|
|
ឥឡូវនេះ ដែលអ្នកបានផ្ដល់និយមន័យដល់ឃ្លាទាំងនេះហើយ សូមអាន អាលម៉ា 41:11 ម្ដងទៀត ដើម្បីរកមើលមូលហេតុដែលវាពុំអាចទៅរួច ដើម្បីមានភាពរីករាយ ពេលជ្រើសរើសខុសនោះ ។ មនុស្សខ្លះដែលជ្រើសរើសសេចក្ដីទុច្ចរិត អាចគិតថា ពួកគេសប្បាយរីករាយនៅគ្រានោះ ប៉ុន្តែជម្រើសទាំងឡាយរបស់ពួកគេនឹងនាំទៅកាន់ទុក្ខព្រួយ និង គ្មានសុភមង្គលនៅទីបំផុត ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាការនៅក្នុង « ស្ថានភាពខាងសាច់ឈាម ឬ ពោរពេញដោយអំពើបាប ឬ « ស្ថានភាពខាងរូបកាយ » គឺផ្ទុយពីស្ថានភាពសុភមង្គល ?
-
តើមានឧទាហរណ៍អ្វីខ្លះ អំពីមូលហេតុដែលមនុស្សវ័យក្មេងអាចនឹងឃើញថា ពួកគេខ្វះភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានដាក់កំណត់ ឬ បន្ទុកដោយអំពើបាបរបស់ពួកគេ ឬ ត្រូវបានគ្រប់គ្រងដោយសាច់ឈាម ?
-
សូមអាន អាលម៉ា 41:12 ហើយរកមើលសំណួរដែលអាលម៉ាបានសួរដល់កូរីអានតុនអំពីការសាងឡើងវិញ ។ ឥឡូវនេះ សូមអាន អាលម៉ា 41:13 ហើយគូសចំណាំថា តើអាលម៉ាបានឆ្លើយសំណួរនេះដោយរបៀបណា ។
-
សូមស្រមៃថា អ្នកកំពុងនិយាយទៅកាន់មិត្តម្នាក់ដែលចង់មានភាពសប្បាយរីករាយ ប៉ុន្តែកំពុងជ្រើសរើសប្រព្រឹត្តផ្ទុយនឹងបទបញ្ញត្តិរបស់ព្រះ ។ ដោយប្រើនូវគោលលទ្ធិនៃការសាងឡើងវិញ ដែលអ្នកបានរៀនថ្ងៃនេះ សូមពន្យល់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីមូលហេតុដែលថា គាត់មិនកំពុងទទួលបទពិសោធន៍នៃភាពរីករាយនោះទេ និង ប្រាប់ពីមូលហេតុអ្វីដែលត្រូវតែធ្វើដើម្បីមានភាពរីករាយពិតប្រាកដនោះ ។
ដំបងប៊ូមឺរ៉ង់ គឺជាឧបករណ៍មួយ ដែលពីដំបូងឡើយ ត្រូវបានគេប្រើសម្រាប់ការប្រមាញ់ ។ ដោយសាររូបរាងរបស់វា ពេលគេបោះគប់វាដោយត្រឹមត្រូវ នោះវានឹងត្រឡប់មករកបុគ្គលដែលគប់វានោះវិញ ។ សូមអាន អាលម៉ា 41:14–15 រកមើលថាតើដំបងប៊ូមឺរ៉ង់ អាចជានិមិត្តរូបនៃសេចក្ដីពិតដែលបានបង្រៀននៅក្នុងខទាំងនេះដោយរបៀបណា ។ អ្នកអាចនឹងចង់គូសចំណាំឃ្លាថា « បានធ្វើទៅ » នៅក្នុងខ 15 ។ សូមពិចារណាពីពេលមួយ ដែលអ្នកបានធ្វើអំពើល្អ ឬ សេចក្ដីមេត្តា ហើយបានទទួលវាត្រឡប់មកវិញ ។
តើសកម្មភាពសុចរិតអ្វី ដែលអ្នកចង់ធ្វើទៅអ្នកដទៃទៀត ឬ អាកប្បកិរិយាសុចរិតអ្វី ដែលអ្នកចង់ឲ្យអ្នកដទៃទៀតឃើញ ហើយដែលអ្នកចង់ទទួលបានពីអ្នកផ្សេងមកវិញ ? តើអ្នកអាចដាក់គោលដៅអ្វីខ្លះ ដើម្បី « ធ្វើទៅ » នូវអាកប្បកិរិយា ឬ សកម្មភាពមួយក្នុងចំណោមអាកប្បកិរិយា ឬ សកម្មភាពទាំងនេះ ?
ចំណេះចំណានខគម្ពីរ—អាលម៉ា 41:10
-
សូមអាន អាលម៉ា 41:10 ហើយសរសេរអ្វីដែលមានដូចតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ប្រសិនបើសេចក្ដីទុច្ចរិតពុំដែលជាសុភមង្គល នោះ នឹងតែងតែនាំទៅកាន់សុភមង្គល ។ សូមសរសេរពាក្យមួយនៅក្នុងចន្លោះទំនេរ ដើម្បីបំពេញប្រយោគនោះបានល្អបំផុត ។ ឥឡូវនេះ សូមរាយនូវទង្វើសុចរិតមួយចំនួន ដែលអ្នកមានអារម្មណ៍ថា ក៏ត្រឹមត្រូវផងដែរសម្រាប់ចន្លោះទំនេរនោះ ( ឧទាហរណ៍ ការបម្រើអ្នកដទៃទៀត ) ។ សូមសរសេរទីបន្ទាល់របស់អ្នក ថាតើអ្នកបានឃើញទង្វើសុចរិតមួយចំនួនក្នុងចំណោមទង្វើសុចរិតទាំងនេះ បានដឹកនាំទៅកាន់សុភមង្គលដោយរបៀបណា ។
វាជាការសំខាន់ក្នុងការយល់ថា សុភមង្គលដែលបានមកពីសេចក្ដីសុចរិត គឺពុំតែងតែបានមកភ្លាមៗ ដោយខ្ជាប់ខ្ជួន ឬ ជាបន្តបន្ទាប់នៅក្នុងជីវិតរមែងស្លាប់នេះទេ ។ ទោះយ៉ាងណា សេចក្ដីសុខសាន្ត និង សុភមង្គលនឹងតែងតែបានមកតាមរបៀប និង ពេលវេលារបស់ព្រះ ចំពោះបុគ្គលដែលរស់នៅស្របទៅនឹងការបង្រៀន និង បទបញ្ញត្តិរបស់ទ្រង់ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 40–41 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖