មេរៀនទី 25 ៖ ថ្ងៃទី 3
នីហ្វៃទី3 14
សេចក្តីផ្ដើម
ទេសនកថារបស់ព្រះយេស៊ូវគ្រីស្ទនៅព្រះវិហារបរិសុទ្ធ បន្តនៅក្នុង នីហ្វៃទី3 13 ។ ទ្រង់បានបង្រៀនប្រជាជនអំពីការថ្កោលទោសអ្នកដទៃទៀត និង បានណែនាំពួកគេឲ្យស្វែងរកពរជ័យមកពីព្រះវរបិតាសួគ៌ តាមរយៈការអធិស្ឋាន ។ ព្រះអង្គសង្គ្រោះក៏បានព្រមានទាស់នឹងពួកព្យាការីក្លែងក្លាយផងដែរ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើតាមព្រះបំណងរបស់ព្រះ ។
នីហ្វៃទី3 14:1–6
ព្រះអង្គសង្គ្រោះបង្រៀនអំពីការថ្កោលទោសអ្នកដទៃ
សូមអានពាក្យទាំងឡាយនៃមេរៀនទីពីរ នៅក្នុងទំនុកតម្កើង « ខ្ញុំនឹងដើរតាមព្រះអង្គ » ( Hymns, លេខ 220 )—ឬ ច្រៀងវាឲ្យខ្លួនឯងស្ដាប់ បើអ្នកមានអារម្មណ៍ល្អក្នុងការធ្វើដូច្នោះ ៖
តើខ្ញុំថ្កោលទោសអ្នកផ្សេងម្ដេចទៅ
បើខ្ញុំមិនបានល្អខ្ចោះផង ?
ក្នុងដួងចិត្តលាក់បាំងដ៏ស្ងប់ស្ងាត់
ទុក្ខព្រួយដែលភ្នែកមិនអាចឃើញ ។
តើខ្ញុំអាចថ្កោលទោសនរណាទៅ ?
ខ្ញុំនឹងដើរតាមព្រះអង្គ ។
ដូចមានកត់ត្រានៅក្នុង នីហ្វៃទី3 14 ព្រះអង្គសង្គ្រោះបានបន្តបង្រៀនពួកសាសន៍នីហ្វៃនៅឯព្រះវិហារបរិសុទ្ធ ។ សូមអាន នីហ្វៃទី3 14:1–2 ហើយពិចារណាពីរបៀបដែលការណែនាំពីព្រះអង្គសង្គ្រោះ ទាក់ទងទៅនឹងមេរៀនទីពីរនៃទំនុកតម្កើងដែលអ្នកបានអាន ។ ( វាអាចជួយអ្នកក្នុងការយល់ថាឃ្លា « ដោយនូវរង្វាស់ណាដែលអ្នករាល់គ្នាវាល់ » សំដៅទៅលើបទដ្ឋានដែលមនុស្សម្នាក់វាស់ ឬ ថ្កោលទោសនរណាម្នាក់ ) ។
-
សូមសរសេរចម្លើយចំពោះសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើដំបូន្មានរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី3 14:1–2 ទាក់ទងទៅនឹងមេរៀនទីពីរនៃទំនុកតម្កើង « ខ្ញុំនឹងដើរតាមព្រះអង្គ » ដោយរបៀបណា ?
-
តើអ្នកនឹងបង្ហាញពីសេចក្ដីពិតដ៏សំខាន់ដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុង នីហ្វៃទី3 14:2 ជាពាក្យសម្ដីរបស់អ្នកផ្ទាល់ដោយរបៀបណាដែរ ? ( អ្នកអាចនឹងចង់សរសេរសេចក្ដីពិត ឬ គោលការណ៍នេះនៅគែមព្រះគម្ពីររបស់អ្នកផងដែរ ) ។
-
អែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់នូវការយល់ដឹងបន្ថែម ដែលជួយយើងឲ្យយល់ពីបញ្ជារបស់ព្រះអង្គសង្គ្រោះដែលថា « កុំឲ្យថ្កោលទោស » នៅក្នុង នីហ្វៃទី3 14:1 ។ ពេលអ្នកអានវា សូមគូសបន្ទាត់ពីក្រោមប្រភេទនៃការថ្កោលទោស ដែលលោកបានមានប្រសាសន៍ថា យើងគប្បីចៀសវាង និង មូលហេតុ ។
« មាននូវការថ្កោលទោសពីរប្រភេទ ៖ ការជំនុំជម្រះចុងក្រោយបំផុត ដែលយើងត្រូវបានហាមឃាត់មិនឲ្យធ្វើ និង ការវិនិច្ឆ័យដែលនៅចន្លោះ ដែលយើងត្រូវបានណែនាំឲ្យធ្វើ ប៉ុន្តែដោយផ្អែកលើគោលការណ៍ដ៏សុចរិត ។ …
« ការជំនុំជម្រះចុងក្រោយបំផុត … គឺជាពេលអនាគតនោះ ដែលយើងទាំងអស់គ្នានឹងឈរនៅចំពោះមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីទទួលការជំនុំជម្រះស្របទៅតាមកិច្ចការរបស់យើង ។ … ខ្ញុំជឿថា ការបញ្ជានៅក្នុងព្រះគម្ពីរដែលថា ‹ កុំឲ្យថ្កោលទោស › សំដៅច្បាស់លាស់បំផុត ចំពោះការជំនុំជម្រះចុងក្រោយបំផុតនេះ ។ …
« … ហេតុអ្វីព្រះអង្គសង្គ្រោះបានបញ្ជាថា កុំឲ្យយើងធ្វើការជំនុំជម្រះចុងក្រោយបំផុត ? ខ្ញុំជឿថា បទបញ្ញត្តិនេះត្រូវបានប្រទានឲ្យ ដោយសារយើងសន្មត់ថាជាការត្រឹមត្រូវ ក្នុងការធ្វើការជំនុំជម្រះចុងក្រោយបំផុត នៅពេលណាក៏ដោយដែលយើងប្រកាសថា មនុស្សជាក់លាក់ណាម្នាក់នោះនឹងទៅស្ថាននរក ( ឬ ទៅស្ថានសួគ៌ ) សម្រាប់ទង្វើជាក់លាក់មួយ ឬ នៅពេលជាក់លាក់មួយនោះ ។ ពេលយើងធ្វើដូច្នេះ—ហើយមាននូវការល្បួងដ៏ធំដើម្បីធ្វើដូច្នោះ—នោះយើងធ្វើឲ្យខ្លួនយើង និង មនុស្សដែលយើងធ្វើជាជំនុំជម្រះនោះត្រូវឈឺចាប់ហើយ ។ …
« … តាមនិយមន័យ ការវិនិច្ឆ័យដ៏សុចរិតមួយត្រូវតែនៅចន្លោះនោះ ។ វានឹងត្រូវទប់ពីការប្រកាសថា មនុស្សម្នាក់ត្រូវបានធានាអះអាងថានឹងបានភាពតម្កើងឡើង ឬ ត្រូវទប់ពីការដេញមនុស្សម្នាក់ចេញ ដោយព្រោះគេត្រូវដុតនៅស្ថាននរក ។ វានឹងត្រូវទប់ពីការប្រកាសថា មនុស្សម្នាក់ត្រូវបានដកយកចេញនូវឱកាសក្នុងការទទួលបាននូវភាពតម្កើងឡើង ឬ សូម្បីតែជាឱកាសសម្រាប់មានមុខងារដ៏មានប្រយោជន៍មួយនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ ដំណឹងល្អ គឺជាដំណឹងល្អនៃសេចក្ដីសង្ឃឹម ហើយគ្មាននរណាម្នាក់ក្នុងចំណោមយើង មានអំណាចបដិសេធអំណាចនៃដង្វាយធួន ដែលនាំមកនូវការសម្អាតដល់អំពើបាបផ្ទាល់ខ្លួន នាំមកនូវការអត់ទោសផ្ទាល់ខ្លួន និង ការបង្កបង្កើតជីវិតជាថ្មីមួយ ក្នុងលក្ខខណ្ឌដ៏ត្រឹមត្រូវនោះទេ » ( “‘Judge Not’ and Judging” Ensign ខែ សីហា ឆ្នាំ 1999 ទំព័រ 7, 9 ) ។
សូមសញ្ជឹងគិតថាតើសេចក្ដីថ្លែងការណ៍របស់អែលឌើរ អូក ជួយអ្នកឲ្យយល់ពីការបញ្ជារបស់ព្រះអង្គដែលថា « កុំឲ្យថ្កោលទោស » ដោយរបៀបណា ។
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើគោលការណ៍ចេញពី នីហ្វៃទី3 14:2 ដែលថា យើងនឹងត្រូវបានថ្កោលទោសទៅតាមអ្វីដែលយើងថ្កោលទោសគេដែរនោះ ផ្លាស់ប្ដូររបៀបដែលយើងមើលទៅកំហុស និង ភាពទន់ខ្សោយរបស់អ្នកផ្សេងទៀតយ៉ាងណាដែរ ? សូមអាន នីហ្វៃទី3 14:12 ។ តើខនេះអាចទាក់ទងទៅនឹងគោលការណ៍នេះយ៉ាងណាដែរ ?
តើអ្នកធ្លាប់មានអ្វីតូចមួយនៅក្នុងភ្នែកអ្នកទេ ដូចជា រោមភ្នែក ឬ ធូលីតូចៗ ? ព្រះគម្ពីរសំដៅដល់ធូលីតូចៗនៅក្នុងភ្នែកនរណាម្នាក់ ថាជាកំទេច ។ កំទេចឈើដែលក្រាស់វែង គឺសំដៅថាជាធ្នឹម ។ ព្រះអង្គសង្គ្រោះបានប្រើរូបភាពទាំងនេះ ដើម្បីជួយយើងយល់ពីបញ្ហាទាំងឡាយដែលកើតឡើង ពេលដែលយើងថ្កោលទោសអ្នកផ្សេងទៀតដោយពុំសុចរិត ឬ ស្វែងរកកំហុសពួកគេដោយមិនសមរម្យ ។ សូមអាន នីហ្វៃទី3 14:3–5 ហើយសូមគិតថាតើ កំទេច និង ធ្នឹម តំណាងឲ្យអ្វី ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមគូររូបភាពមួយពីអ្វីដែលព្រះអង្គសង្គ្រោះបានពិពណ៌នានៅក្នុង នីហ្វៃទី3 14:4 ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា កំទេចតំណាងឲ្យអ្វី ?
-
តើអ្នកគិតថា ធ្នឹមតំណាងឲ្យអ្វី ?
-
តើអ្នកគិតថា ហេតុអ្វីមិនមែនពាក្យកំទេច តែជាពាក្យធ្នឹម ដែលត្រូវបានប្រើប្រាស់ដើម្បីតំណាងឲ្យកំហុសទាំងឡាយរបស់អ្នកទាំងឡាយដែលធ្វើការថ្កោលទោសដោយពុំសុចរិតទៅវិញ ?
-
សូមកត់ចំណាំថា ការប្រៀបធៀបរបស់ព្រះអង្គសង្គ្រោះគឺផ្ដោតទៅលើកម្មវត្ថុទាំងឡាយ ដែលជាប់នៅក្នុងភ្នែក ដែលធ្វើឲ្យប៉ះពាល់ដល់ការមើលឃើញរបស់មនុស្សម្នាក់ ។ សូមពិចារណាសំណួរតទៅនេះអំពីខ្លួនអ្នកផ្ទាល់ ៖ តើកំហុសរបស់ខ្ញុំអាចប៉ះពាល់ដល់របៀបដែលខ្ញុំមើលទៅអ្នកផ្សេងទៀតយ៉ាងណា ? តើអ្នកអាចអនុវត្តដំបូន្មានរបស់ព្រះយេស៊ូវគ្រីស្ទដែលនៅក្នុង នីហ្វៃទី3 14:5 ដោយរបៀបណា ?
តើអ្នកគិតថា វាត្រឹមត្រូវ ឬ ចាំបាច់ទេ ក្នុងការធ្វើការវិនិច្ឆ័យទាំងឡាយដែលទាក់ទងនឹងឥរិយាបទរបស់មនុស្ស ? ព្យាការី យ៉ូសែប ស៊្មីធ បានបញ្ជាក់ថា ខណៈដែលយើងពុំធ្វើការវិនិច្ឆ័យអ្នកផ្សេងទៀតដោយទុច្ចរិត នោះយើងត្រូវបានណែនាំឲ្យប្រើប្រាស់នូវការវិនិច្ឆ័យដែលសុចរិត ( សូមមើល ការបកប្រែដោយយ៉ូសែប ស៊្មីធ ម៉ាថាយ 7:1 [ នៅក្នុង ម៉ាថាយ 7:1 លេខយោង ក ] ) ។
ការពន្យល់តទៅនេះផ្ដល់នូវការយល់ដឹងបន្ថែមទៀតពីសំណួរអំពីការវិនិច្ឆ័យអ្នកដទៃ ៖ « ពេលខ្លះ មនុស្សមានអារម្មណ៍ថា វាខុសក្នុងការវិនិច្ឆ័យអ្នកដទៃ ទោះជាតាមវិធីណាក៏ដោយ ។ ខណៈដែលវាជាការត្រឹមត្រូវដែលថា អ្នកមិនគួរកាត់ទោសអ្នកដ៏ទៃ ឬ វិនិច្ឆ័យពួកគេដោយមិនយុត្តិធម៌ នោះអ្នកនឹងត្រូវធ្វើការវិនិច្ឆ័យពីគំនិត ពីស្ថានភាព និង ពីមនុស្ស នៅក្នុងឆាកជីវិតរបស់អ្នក ។ ព្រះអម្ចាស់បានប្រទានព្រះបញ្ញត្តិជាច្រើន ដែលអ្នកមិនអាចធ្វើតាមបាន ដោយគ្មានការវិនិច្ឆ័យនោះឡើយ » ( ពិតចំពោះសេចក្តីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ 2004 ] ទំព័រ 53-54)
ដើម្បីជួយអ្នកយល់ពីសារៈសំខាន់នៃការធ្វើការវិនិច្ឆ័យសុចរិត សូមអាន នីហ្វៃទី3 14:6 ហើយរកមើលការវិនិច្ឆ័យមួយចំនួនដែលព្រះយេស៊ូវគ្រីស្ទបានណែនាំយើងឲ្យធ្វើ ។ មុនពេលអ្នកអាន វាអាចជាប្រយោជន៍ក្នុងការយល់ថា « ឲ្យរបស់បរិសុទ្ធដល់ឆ្កែ » និង « បោះកែវមុក្តារបស់ខ្លួននៅមុខជ្រូក » មានន័យថា ចែកចាយអ្វីមួយដែលពិសិដ្ឋជាមួយពួកអ្នកទាំងឡាយដែលមិនពេញចិត្តវា ឬ ពុំយល់ពីភាពពិសិដ្ឋរបស់វា ។
តើ នីហ្វៃទី3 14:6 ជួយអ្នកឲ្យយល់ពីសេចក្ដីត្រូវការក្នុងការធ្វើការវិនិច្ឆ័យដែលសុចរិត ដូចម្ដេចដែរ ? អែលឌើរ ដាល្លិន អេក. អូក បានពន្យល់ពីស្ថានភាពផ្សេងៗមួយចំនួនទៀត ដែលយើងគប្បីធ្វើការវិនិច្ឆ័យដ៏សុចរិត ៖
« យើងទាំងអស់គ្នាធ្វើការវិនិច្ឆ័យទាំងឡាយ នៅក្នុងការជ្រើសរើសមិត្តភក្ដិរបស់យើង នៅក្នុងការជ្រើសរើសរបៀបដែលយើងនឹងចំណាយពេល និង លុយរបស់យើង ហើយប្រាកដណាស់ គឺនៅក្នុងការជ្រើសរើសដៃគូអស់កល្បរបស់យើង ។ …
« … ការវិនិច្ឆ័យដ៏សុចរិតមួយនឹងត្រូវបានដឹកនាំដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ មិនមែនដោយកំហឹង ការសងសឹក ការច្រណែន ឬ ផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ » ( “‘Judge Not’ and Judging” ទំព័រ 9 ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីវាសំខាន់ក្នុងការធ្វើការវិនិច្ឆ័យដ៏សុចរិតចំពោះចំណុចទាំងឡាយដូចជា ការជ្រើសរើសមិត្តភក្ដិ ការសម្រេចចិត្តលើរបៀបដែលយើងនឹងចំណាយពេល និង លុយរបស់យើង ឬ ការជ្រើសរើសដៃគូអស់កល្ប ? តើមានករណីផ្សេងទៀតណាខ្លះ ដែលវាជាការចាំបាច់ ឬ ជាការត្រឹមត្រូវ ដើម្បីធ្វើការវិនិច្ឆ័យអ្នកផ្សេងទៀត ?
-
តើអ្នកអាចធ្វើការវិនិច្ឆ័យឲ្យកាន់តែសុចរិតបានដោយរបៀបណា ? សូមសញ្ជឹងគិត ថាបើមាននរណាម្នាក់ដែលអ្នកអាចមានចិត្តល្អកាន់តែច្រើនចំពោះគាត់ ឬ ត្រូវទប់ពីការវិនិច្ឆ័យដោយពុំសុចរិត ។
-
នីហ្វៃទី3 14:7–12
ព្រះអង្គសង្គ្រោះបង្រៀនអំពីការស្វែងរកពរជ័យទាំងឡាយពីព្រះវរបិតាសួគ៌
សូមគិតអំពីពេលទាំងឡាយ ដែលព្រះវរបិតាបានឆ្លើយតបការអធិស្ឋានរបស់អ្នក ។ សូមអាន នីហ្វៃទី3 14:7–11 ហើយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនអំពី ព្រះបំណងរបស់ព្រះវរបិតាក្នុងការឆ្លើយតបការអធិស្ឋានរបស់យើង ។
គោលការណ៍មួយដែលយើងអាចរៀនចេញពី នីហ្វៃទី3 14:7–11 គឺថា ព្រះវរបិតាសួគ៌នឹងប្រទានពរយើង បើយើងសុំ និង ស្វែងរកទ្រង់នៅក្នុងការអធិស្ឋាន ។ តើការដឹងថា ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឆ្លើយតបការអធិស្ឋានរបស់អ្នក អាចផ្លាស់ប្ដូររបៀបដែលអ្នកអធិស្ឋានយ៉ាងណាដែរ ?
-
សូមសួរដល់មនុស្សពេញវ័យម្នាក់ដែលអ្នកទុកចិត្តពីសំណួរតទៅនេះ ៖ តើពេលណា ដែលអ្នកបានមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌សម្រាប់អ្នក តាមរយៈរបៀបដែលទ្រង់បានឆ្លើយតបការអធិស្ឋានរបស់អ្នក ? សូមសង្ខេបចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវចម្លើយរបស់គាត់ និង អ្វីដែលអ្នកបានរៀនចេញពីចម្លើយនោះ ។
នីហ្វៃទី3 14:13–27
ព្រះអង្គសង្គ្រោះបង្រៀនពីសារៈសំខាន់នៃការធ្វើតាមព្រះបំណងរបស់ព្រះវរបិតាសួគ៌
កាលដែលព្រះអង្គសង្គ្រោះបានបន្តបង្រៀនពួកសាសន៍នីហ្វៃ ដែលបានប្រមូលគ្នានៅព្រះវិហារបរិសុទ្ធ នោះទ្រង់បានប្រទាននូវការប្រៀបធៀបមួយចំនួន ដើម្បីជួយយើងឲ្យយល់ពីសារៈសំខាន់នៃការគោរពប្រតិបត្តិដល់ការបង្រៀនទាំងឡាយរបស់ទ្រង់ ។ ការប្រៀបធៀបនីមួយៗរួមមាននូវគំរូល្អ និង គំរូអាក្រក់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមគូរការបង្ហាញដ៏សាមញ្ញមួយអំពីគំរូល្អ និង គំរូអាក្រក់ ដែលមានក្នុងវគ្គបទគម្ពីរនីមួយៗនៃវគ្គបទគម្ពីរទាំងបីខាងក្រោមនេះ ។ សូមសរសេរផងដែរ ពីអ្វីដែលអ្នកគិតថា ព្រះអង្គសង្គ្រោះចង់ឲ្យយើងរៀន ដោយការប្រៀបធៀបគំរូល្អ និង អាក្រក់ ។ សូមរៀបចំរួចជាស្រេច ដើម្បីបង្ហាញពីរូបភាពរបស់អ្នកទៅដល់សិស្សក្នុងថ្នាក់របស់អ្នក និង ដើម្បីពន្យល់ពីអ្វីដែលអ្នកបានរៀនចេញពីការប្រៀបធៀបទាំងនេះ ។
សូមអាន នីហ្វៃទី3 14:21–23 ហើយគិតអំពីអ្វីដែលអ្នកអាចនិយាយទៅកាន់មនុស្សម្នាក់ ដែលប្រាប់អ្នកថា អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ ដើម្បីបានសង្គ្រោះនៅក្នុងនគរនៃព្រះ គឺនិយាយថា អ្នកជឿលើព្រះយេស៊ូវគ្រីស្ទ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី3 14 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖