មេរៀនទី 5 ៖ ថ្ងៃទី 2
នីហ្វៃទី 2 1
សេចក្ដីផ្ដើម
នៅពេលអ្នកសិក្សា នីហ្វៃទី 2 1 សូមកត់សម្គាល់ថា វាមាននូវពាក្យសម្ដីរបស់ឪពុក និង អ្នកដឹកនាំបព្វជិតភាពដែលពោរពេញដោយសេចក្ដីស្រឡាញ់ម្នាក់ ដែលជិតនឹងទទួលមរណភាព ។លោកលីហៃជាឪពុកបានអង្វរដល់គ្រួសាររបស់លោកឲ្យគោរពព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ ( សូមមើល នីហ្វៃទី 2 1:16 ) ។ លោកបានសន្យាថា បើសិនពួកគេនឹងគោរពបទបញ្ញត្តិទាំងឡាយរបស់ព្រះ នោះពួកគេនឹងចម្រើនឡើងនៅលើដែនដីសន្យា ។ លោកក៏ទូន្មានកូនៗរបស់លោក និង អ្នកទាំងឡាយដែលបានមកពីទីក្រុងយេរូសាឡិមជាមួយពួកគេ ឲ្យធ្វើតាមភាពជាអ្នកដឹកនាំដែលប្រកបដោយការព្យាកររបស់នីហ្វៃ ។នៅពេលអ្នកសិក្សាជំពូកនេះ សូមវាយតម្លៃលើការគោរពប្រតិបត្តិរបស់អ្នកផ្ទាល់ចំពោះបទបញ្ញត្តិទាំងឡាយរបស់ព្រះ ។ តើអ្នកធ្វើតាមពាក្យទូន្មាននៃពួកអ្នកដឹកនាំសាសនាចក្របានល្អដល់កម្រិតណា ?
នីហ្វៃទី 2 1:1–23
លីហ្វៃបានទូន្មានប្រជាជនរបស់លោកឲ្យរស់នៅដោយសុចរិត
សូមស្រម៉ៃថា អ្នកត្រូវចាកចេញពីគ្រួសាររបស់អ្នកភ្លាមៗ ហើយនឹងមិនជួបពួកគេម្តងទៀតឡើយ ។ អ្នកមានឱកាសចុងក្រោយមួយដើម្បីនិយាយទៅកាន់ពួកគេ ។ តើអ្នកនឹងនិយាយអ្វីទៅកាន់ពួកគេនៅក្នុងស្ថានភាពបែបនេះ ?
នៅក្នុង នីហ្វៃទី 2 1–4 នីហ្វៃបានកត់ត្រាទុកនូវពាក្យទូន្មានចុងក្រោយរបស់ឪពុកលោក ដែលនិយាយទៅកាន់គ្រួសារលោក ។ នៅពេលអ្នកសិក្សាជំពូកទាំងនេះ សូមគិតថាតើការបង្រៀនចុងក្រោយរបស់លោកលីហៃដែលបានកត់ត្រាទុកនេះអនុវត្តចំពោះអ្នកយ៉ាងដូចម្ដេចដែរ ។
សូមអាន នីហ្វៃទី 2 1:1–4 ហើយរកមើលអ្វីដែលជា « ការណ៍ដ៏ធំក្រៃលែងដែលព្រះអម្ចាស់ទ្រង់បានមេត្តាប្រោស » ដល់គ្រួសាររបស់លីហៃ ។
-
សូមសរសេរចម្លើយខ្លីៗចំពោះសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើព្រះអម្ចាស់បានបង្ហាញសេចក្តីមេត្តាករុណាដល់គ្រួសាររបស់លីហៃតាមរបៀបណាខ្លះ ?
-
តើ « ការណ៍ដ៏ធំក្រៃលែង » ដែលព្រះអម្ចាស់ទ្រង់បានមេត្តាប្រោសដល់អ្នក និង គ្រួសាររបស់អ្នកមានអ្វីខ្លះ ? តើអ្នកមានអារម្មណ៍បែបណាចំពោះព្រះអម្ចាស់ នៅពេលអ្នកគិតអំពីសេចក្តីមេត្តាករុណាដ៏មហិមាដែលទ្រង់បានមានចំពោះអ្នក និង គ្រួសាររបស់អ្នក ?
-
លីហៃបានបង្រៀនគ្រួសារលោកថា ការជ្រើសរើសកាន់តាមបទបញ្ញត្តិរបស់ព្រះនឹងកំណត់ថាតើពួកគេនឹងបន្ត ឬ មិនបន្តទទួល « ការណ៍ដ៏ធំក្រៃលែង » និង « សេចក្តីមេត្តាករុណានៃព្រះ » នៅក្នុងជីវិតរបស់ពួកគេ ។
-
ដើម្បីជួយអ្នកឲ្យឃើញថា ព្រះអម្ចាស់ប្រទានពរដល់យើង នៅពេលយើងកាន់តាមបទបញ្ញត្តិរបស់ទ្រង់ ហើយទ្រង់ដកយកពរជ័យវិញ នៅពេលយើងមិនកាន់តាមបទបញ្ញត្តិរបស់ទ្រង់ នោះសូមគូសតារាងដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមអាន នីហ្វៃទី 2 1:7–11 ហើយរកមើលសកម្មភាព ( « បើសិន » ) ដែលលីហៃបានមានប្រសាសន៍ថា នឹងនាំមកនូវលទ្ធផលជាក់លាក់ទាំងឡាយ ( « នោះ » ) ។ សូមសរសេរនូវអ្វីដែលអ្នករកឃើញនៅក្នុងជួរឈរត្រឹមត្រូវរបស់តារាង នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
បើសិន ( សកម្មភាពទាំងឡាយ ) |
នោះ ( លទ្ធផលទាំងឡាយ ) |
---|---|
លីហៃបានខ្វល់ខ្វាយជាពិសេសអំពីស្ថានភាពខាងវិញ្ញាណរបស់លេមិន និង លេមយួល ហើយយល់ឃើញថា ពួកគេត្រូវតែប្រែចិត្ត ។ នៅពេលលោកទូន្មានពួកគេ លោកបានប្រើនិមិត្តរូបមួយចំនួន ដើម្បីជួយពួកគេយល់អំពីអំពើបាបនិង ការប្រែចិត្ត ។ សូមពិនិត្យមើលនៅក្នុង នីហ្វៃទី 2 1:13–14 រកមើលនិមិត្តរូបដែលលីហៃបានប្រើ ដើម្បីលើកទឹកចិត្តកូនប្រុសលោកឲ្យប្រែចិត្ត ហើយសូមសរសេរចម្លើយរបស់អ្នកនៅក្នុងចន្លោះខាងក្រោមនេះ ៖
« ពីដំណេកដ៏លង់លក់ »
« ចោលនូវ »
« ពី »
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការប្រែចិត្តដូចគ្នាទៅនឹងឃ្លានីមួយៗនៅក្នុងលំហាត់ខាងលើនេះយ៉ាងណាដែរ ?
សូមអាន នីហ្វៃទី 2 1:15 ហើយគូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នកនូវឃ្លាបី ដែលលីហៃបានប្រើដើម្បីពិពិពណ៌នាអំពីពរជ័យដែលលោកបានទទួល ដោយសារការគោរពប្រតិបត្តិរបស់លោកចំពោះបទបញ្ញត្តិរបស់ព្រះ ។ សូមប្រៀបធៀបពរជ័យទាំងនេះជាមួយនឹងលទ្ធផលអវិជ្ជមានទាំងឡាយនៅក្នុង នីហ្វៃទី 2 1:17–18, 22 ដែលលីហៃបានមានប្រសាសន៍ថា នឹងកើតមានមកលើអ្នកទាំងឡាយណាដែលមិនកាន់តាមបទបញ្ញត្តិរបស់ព្រះ ។
សូមគូសចំណាំពាក្យទូន្មានរបស់លីហៃនៅក្នុង នីហ្វៃទី 2 1:23 ហើយសញ្ជឹងគិតពីអ្វីដែលអ្នកត្រូវធ្វើនៅក្នុងជីវិតរបស់អ្នកដើម្បី « ភ្ញាក់ពី » ឬ « រលាស់ចោលនូវ » ឬ « ងើប » ដើម្បីអ្នកអាចទទួលពរជ័យដែលលោកលីហៃ បានពោលដល់នៅក្នុងជំពូកនេះ ។
នីហ្វៃទី 2 1:24–32
លីហៃទូន្មានកូនប្រុសទាំងឡាយរបស់លោកឲ្យធ្វើតាមភាពជាអ្នកដឹកនាំដែលប្រកបដោយការព្យាកររបស់នីហ្វៃ
បន្ទាប់មក លីហៃបានក្រើនរំឭកគ្រួសារលោក និង អ្នកដទៃទៀតអំពីប្រភពនៃការណែនាំ និង ការបំផុសគំនិតដែលពួកគេបានទទួលដើម្បីជួយពួកគេធ្វើការសម្រេចចិត្តដ៏សុចរិតនៅក្នុងជីវិតរបស់ពួកគេ ។សូមអាន នីហ្វៃទី 2 1:24 ហើយរកមើលប្រភពនេះ ។
នៅពេលអ្នកអាន នីហ្វៃទី 2 1:24 27 សូមរកមើលរបៀបដែលលីហៃលើកទឹកចិត្តប្រជាជនរបស់លោកឲ្យធ្វើតាមនីហ្វៃ ។ សូមគិតអំពីចម្លើយរបស់អ្នកចំពោះ សំណួរខាងក្រោមនេះ ៖
-
តើគុណសម្បត្តិអ្វីខ្លះ ដែលលីហៃបានគូសបញ្ជាក់នឹងជួយអ្នកឲ្យដាក់ទីទុកចិត្តលើនីហ្វៃថាជាអ្នកដឹកនាំម្នាក់ ?
-
តើហេតុអ្វីអ្នកដាក់ទីទុកចិត្តលើអ្នកដឹកនាំម្នាក់ដែលមានគុណសម្បត្តិទាំងនេះ ?
-
តើអ្នកបានឃើញថា ពួកអ្នកដឹកនាំសាសនាចក្រនាពេលបច្ចុប្បន្ននេះ បានបង្ហាញគុណសម្បត្តិដូចគ្នានេះយ៉ាងដូចម្តេច ?
សូមអាន នីហ្វៃទី 2 1:28–32 ហើយគូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នកនូវការសន្យាទាំងឡាយដែលលីហ្វៃបានផ្ដល់ដល់អ្នកទាំងឡាយណាដែលនឹងធ្វើតាមរបៀបដឹកនាំរបស់នីហ្វៃ ។ការសន្យាទាំងនេះបង្ហាញថា នៅពេលយើងធ្វើតាមអ្នកទាំងឡាយណាដែលព្រះបានហៅឲ្យដឹកនាំយើង នោះយើងនឹងត្រូវបានប្រទានពរនូវភាពរុងរឿង និង សុវត្ថិភាពខាងវិញ្ញាណ ។ សូមពិចារណាអំពីអ្វីដែលពួកអ្នកដឹកនាំសាសនាចក្របានបង្រៀនអ្នកថ្មីៗនេះ ថាតើការគោរពប្រតិបត្តិដល់ដំបូន្មានដ៏បំផុសគំនិតអាចដឹកនាំអ្នកទៅរកភាពរុងរឿង និង សុវត្ថិភាពខាងវិញ្ញាណយ៉ាងណា ។
សូមអានការដកស្រង់ដូចតទៅនេះដែលថ្លែងឡើងដោយ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ហើយគូសបន្ទាត់ពីក្រោមការសន្យាទាំងឡាយដែលលោកបានសន្យា បើសិនយើងនឹងធ្វើតាមពាក្យទូន្មានរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ៖ « ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នាអាចព្យាយាមដើរនៅតាមផ្លូវដែលពួកអ្នកបម្រើរបស់ព្រះអម្ចាស់បានរៀបចំសម្រាប់យើង ដ្បិតបើសិនយើងធ្វើដូចនេះ ខ្ញុំដឹងថា យើងនឹងមានសុវត្ថិភាពនៅពិភពលោកនេះ ហើយទទួលបានសុភមង្គល និង ការលើកតម្កើងនៅបរមលោក ។ …បើសិនយើងស្មោះត្រង់ ពួកលោកនឹងដឹកនាំយើងនៅតាមផ្លូវនៃជីវិត ហើយបើសិនយើងមានសេចក្តីជំនឿជឿលើសេចក្តីណែនាំរបស់ពួកលោក លើការបង្រៀនទាំងឡាយពីព្រះវិញ្ញាណបរិសុទ្ធតាមរយៈពួកលោក នោះយើងនឹងស្ថិតនៅក្នុងផ្លូវសុវត្ថិភាពជានិច្ច ហើយនឹងពិតជាបានទទួលរង្វាន់របស់យើង » ( Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ 2004 ] ទំព័រ 199 ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីមូលហេតុដែលអ្នកគិតថា ការគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ និង ដំបូន្មានរបស់ពួកអ្នកបម្រើរបស់ទ្រង់សំខាន់ដើម្បីធ្វើតាមពេញមួយជីវិតរបស់អ្នក ។
-
សូមសរសេរចំណុចដូចមានខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នៅខាងក្រោមកិច្ចការថ្ងៃនេះ ៖
ខ្ញុំបានសិក្សា នីហ្វៃទី 2 1 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖