មេរៀនទី 17 ៖ ថ្ងៃទី 4
អាលម៉ា 23–24
សេចក្តីផ្ដើម
ក្រោយពីការប្រែចិត្តជឿរបស់ទ្រង់ ស្ដេចនៃពួកសាសន៍លេមិន បានប្រកាសពីសេរីភាពខាងសាសនានៅក្នុងចំណោមប្រជាជនរបស់ទ្រង់ ។ ការប្រកាសរបស់ទ្រង់បានអនុញ្ញាតឲ្យអើរ៉ុន និង បងប្អូនរបស់លោកផ្សព្វផ្សាយដំណឹងល្អ និង ស្ថាបនាសាសនាចក្រនៅក្នុងទីក្រុងជាច្រើនរបស់ពួកសាសន៍លេមិន ។ ពួកសាសន៍លេមិនរាប់ពាន់នាក់ បានប្រែចិត្តជឿ និង ពុំធ្លាក់ចុះឡើយ ។ ពួកសាសន៍លេមិនទាំងនោះដែលបានប្រែចិត្តជឿចំពោះព្រះអម្ចាស់ បានធ្វើសេចក្ដីសញ្ញាមួយ ដើម្បីទម្លាក់ចុះនូវគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់ពួកគេ ។ ពួកគេបានយកដាក់លើខ្លួនគេនូវឈ្មោះថា អាន់តៃ-នីហ្វៃ-លីហៃ ។ ពេលពួកលេមិនដែលមិនបានប្រែចិត្តជឿវាយប្រហារពួកគេ នោះពួកអាន់តៃ-នីហ្វៃ-លីហៃ ជាច្រើនបានលះបង់ជីវិតរបស់ពួកគេ ជាជាងបំបាក់សេចក្ដីសញ្ញារបស់ពួកគេ ។
អាលម៉ា 23
ពួកសាសន៍លេមិនរាប់ពាន់នាក់ បានប្រែចិត្តជឿដល់ព្រះអម្ចាស់ ហើយប្ដូរឈ្មោះពួកគេទៅជា អាន់តៃ-នីហ្វៃ-លីហៃ
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមគូររូបភាពនៃមុខមួយរីករាយ និង មុខមួយសោកសៅ ។ សូមសរសេរស្លាកនៅកន្លែងមុខដែលរីករាយថា ស្មោះត្រង់ និង មុខដែលសោកសៅថា មិនខ្ជាប់ខ្ជួន ។ ពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពី អែលឌើរ រីឆាដ ជី. ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ សូមរកមើលពាក្យ ឬ ឃ្លាទាំងឡាយដែលពិពណ៌នាពីមនុស្សពីរប្រភេទខុសគ្នានេះ ។ សូមសរសេរពាក្យ ឬ ឃ្លាទាំងនេះនៅខាងក្រោមរូបភាពដែលត្រឹមត្រូវ ។
« យើងម្នាក់ៗបានសង្កេតពីរបៀបដែលបុគ្គលមួយចំនួន ហែលឆ្លងកាត់ជីវិតដោយខ្ជាប់ខ្ជួនក្នុងការធ្វើអ្វីដែលត្រឹមត្រូវ ។ ពួកគេហាក់ដូចជារីករាយ ថែមទាំងរំភើបសាទរពីជីវិតទៀតផង ។ ពេលធ្វើការជ្រើសរើសជម្រើសពិបាកៗ ពួកគេហាក់ដូចជាជ្រើសរើសត្រូវជានិច្ច សូម្បីតែមានការល្បួងផ្សេងៗចំពោះពួកគេក៏ដោយ ។ យើងដឹងថា ពួកគេរងនូវការល្បួង ប៉ុន្តែពួកគេហាក់ដូចជាដឹងយ៉ាងច្បាស់ពីវា ។ ដូចគ្នាដែរ យើងបានសង្កេតឃើញពីរបៀបដែលអ្នកដទៃទៀត ដែលមិនសូវក្លាហានក្នុងការធ្វើការសម្រេចចិត្ត ។ នៅក្នុងបរិយាកាសខាងវិញ្ញាណមួយដ៏មានព្រះចេស្ដា ពួកគេធ្វើបានប្រសើរ ក្នុងការផ្លាស់ប្ដូរដំណើរជីវិតពួកគេ ក្នុងការញែកចេញពីទម្លាប់ដែលធ្វើឲ្យទន់ខ្សោយ ។ ពួកគេស្មោះត្រង់ណាស់ជាមួយនឹងការប្ដេជ្ញាចិត្តដើម្បីផ្លាស់ប្ដូររបស់ពួកគេ តែមិនយូរប៉ុន្មាន ពួកគេត្រឡប់ទៅធ្វើអ្វីដដែលៗ ដែលពួកគេបានលះបង់ចោលនោះ ។
« តើអ្វីដែលធ្វើឲ្យមានភាពខុសគ្នា ក្នុងជីវិតនៃមនុស្សពីរក្រុមនេះ ? តើអ្នកអាចធ្វើការជ្រើសរើសត្រឹមត្រូវយ៉ាងខ្ជាប់ខ្ជួនបានដោយរបៀបណា ? ( “Full Conversion Brings Happiness” Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 24 ) ។
សូមសញ្ជឹងគិត ថាតើអ្នកនឹងឆ្លើយតបចំពោះសំណួរទាំងពីរដែល អែលឌើរ ស្កត បានសួរដោយរបៀបណា ។ ខណៈដែលអ្នកសិក្សា អាលម៉ា 23–24 សូមគិតអំពីមូលហេតុ ដែលសមាជិកសាសនាចក្រជាច្រើន បន្តស្មោះត្រង់ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ អស់ពេញមួយជីវិតរបស់គេ ។
បន្ទាប់ពីស្ដេចនៃពួកសាសន៍លេមិន បានប្រែចិត្តជឿចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទហើយ នោះទ្រង់បានផ្ញើនូវការប្រកាសមួយ ទៅក្នុងចំណោមប្រជាជនរបស់ទ្រង់ ហើយអព្ភូតហេតុមួយបានកើតឡើង ។ ពួកសាសន៍លេមិនរាប់ពាន់នាក់ក៏បានប្រែចិត្តជឿផងដែរ ។ សូមអាន អាលម៉ា 23:1–5 ដើម្បីឃើញថាការប្រកាសនោះជាអ្វី និង ថាតើអព្ភូតហេតុបានកើតឡើងដោយរបៀបណា ។
សូមអាន អាលម៉ា 23:6–7 ។ តើមានមនុស្សប៉ុន្មានពាន់នាក់ ដែលបាន « ប្រែចិត្តជឿដល់ព្រះអម្ចាស់ » ហើយនៅតែប្រែចិត្តជឿអស់មួយជីវិតពួកគេនោះ ?
បន្ទាប់ពីពួកសាសន៍លេមិនទាំងនេះ បានប្រែចិត្តជឿហើយ ពួកគេចង់បានឈ្មោះថ្មីមួយ ដើម្បីពួកគេមិនត្រូវបានស្គាល់ថាជាពួកសាសន៍លេមិនទៀតឡើយ ។ សូមអាន អាលម៉ា 23:16–18 ហើយរកមើលឈ្មោះដែលពួកគេជ្រើសរើស និង ពរជ័យទាំងឡាយដែលមានដល់ពួកគេ ដោយសារភាពស្មោះត្រង់របស់គេ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរស្លាកមួយថា « ស្មោះត្រង់ » ហើយនៅពីក្រោមនោះ សូមសរសេរអ្វីដែលអ្នកបានរៀនពីពួក អាន់តៃ-នីហ្វៃ-លីហៃ អំពីការស្មោះត្រង់ចំពោះព្រះអម្ចាស់អស់មួយជីវិតរបស់អ្នក ។
សូមសរសេរសេចក្ដីពិតតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ការប្រែចិត្តជឿមានន័យថា ការផ្លាស់ប្ដូរ និង ការក្លាយជាមនុស្សថ្មីម្នាក់ តាមរយៈអំណាចនៃព្រះ ។ ដូចជាសាសន៍អាន់តៃ-នីហ្វៃ-លីហៃ បានផ្លាស់ប្ដូរដែរ បើសិនអ្នកមានឆន្ទៈនឹងទទួលយកនូវអំណាចនៃដង្វាយធួននៅក្នុងជីវិតរបស់អ្នក ដោយសេចក្ដីជំនឿ និង ការប្រែចិត្តរបស់អ្នក នោះអ្នកអាចក្លាយជាមនុស្សថ្មីម្នាក់ តាមរយៈអំណាចនៃព្រះ និង នៅបន្តប្រែចិត្តជឿអស់មួយជីវិតអ្នក ។
សូមមើលម្ដងទៀតទៅលើសំណួរទាំងពីររបស់ អែលឌើរ ស្កត ហើយបន្ទាប់មកសូមអានចម្លើយរបស់លោក ៖ « ការប្រែចិត្តជឿដ៏ពិត គឺជាផលផ្លែនៃ សេចក្ដីជំនឿ ការប្រែចិត្ត និង ការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ។ … ការប្រែចិត្តជឿដ៏ពិតនឹងពង្រឹងសមត្ថភាពរបស់អ្នក ដើម្បីធ្វើអ្វីដែលអ្នកដឹងថា អ្នកគួរធ្វើ ពេលណាអ្នកគួរធ្វើវា ដោយមិនគិតពីកាលៈទេសៈនានាឡើយ » ( “Full Conversion Brings Happiness” ទំព័រ 25 ) ។
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ យោងទៅតាម អាលម៉ា 23:18 ពួកសាសន៍លេមិនដែលបានប្រែចិត្តជឿ បានចាប់ផ្ដើមមានចិត្តឧស្សាហ៍ និង រាក់ទាក់ចំពោះពួកសាសន៍នីហ្វៃ ។ ពេលប្រជាជនកំពុងព្យាយាមប្រែចិត្ត និង ផ្លាស់ប្ដូរជីវិតរបស់ពួកគេ ហេតុអ្វីវាសំខាន់សម្រាប់ពួកគេក្នុងការប្រាស្រ័យទាក់ទងនឹងអ្នកដទៃទៀត ដែលកំពុងតែព្យាយាមរស់នៅដោយសុចរិតដែរនោះ ?
-
សូមពិនិត្យមើលលើពាក្យទាំងឡាយដែលអ្នកបានរៀបរាប់នៅខាងក្រោមពាក្យ « ស្មោះត្រង់ » ដែលនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមគិតថាតើពាក្យទាំងនោះ កំណត់ន័យបានល្អប៉ុណ្ណាអំពីកម្រិតនៃការប្រែចិត្តជឿរបស់អ្នក ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីអ្វីដែលអ្នកនឹងធ្វើ ដើម្បីប្រែចិត្តជឿឲ្យបានកាន់តែពេញលេញចំពោះព្រះអម្ចាស់ ។
អាលម៉ា 24
ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ធ្វើសេចក្ដីសញ្ញាថា នឹងមិនដែលលើកគ្រឿងសស្ត្រាវុធម្ដងទៀតឡើយ
ដូចមានកត់ត្រានៅក្នុង អាលម៉ា 24:3 ស្ដេចនៃពួកសាសន៍លេមិន បានប្រគល់នគរទៅបុត្រារបស់ទ្រង់ពីមុនពេលទ្រង់សុគត ហើយទ្រង់បានឲ្យនាមបុត្រាទ្រង់ថា អាន់តៃ-នីហ្វៃ-លីហៃ ។ សូមអាន អាលម៉ា 24:1–5 ដើម្បីឃើញពីបញ្ហាអ្វីដែលកើតមានឡើង មិនយូរប៉ុន្មានក្រោយនោះ ដែលនាំឲ្យអាំម៉ូន និង បងប្អូនលោកបានធ្វើការប្រឹក្សាមួយជាមួយនឹងស្ដេច ? ពេលដែលដឹងថា ពួកសាសន៍លេមិនដែលបានប្រែចិត្តជឿនឹងធ្វើសង្គ្រាមទាស់នឹងពួកអាន់តៃ-នីហ្វៃ-លីហៃ នោះពួកមនុស្សសុចរិតទាំងនេះបានសម្រេចថា ពួកគេនឹងមិនធ្វើការរៀបចំអ្វីដើម្បីការពារខ្លួនពួកគេឡើយ ( សូមមើល អាលម៉ា 24:6 ) ។ សូមអាន អាលម៉ា 24:7–14 ហើយរកមើលពីមូលហេតុដែលពួកអាន់តៃ-នីហ្វៃ-លីហៃ បានធ្វើការសម្រេចចិត្តយ៉ាងនេះ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពីអ្វីដែលអ្នករៀនពីពួកអាន់តៃ-នីហ្វៃ-លីហៃ អំពីអត្ថន័យនៃការលះបង់ចោលអំពើបាបរបស់យើង ពេលយើងប្រែចិត្ត ។
សូមអាន អាលម៉ា 24:15–18 រកមើលពីអ្វីដែលពួកអាន់តៃ-នីហ្វៃ-លីហៃ បានធ្វើដើម្បីបង្ហាញព្រះអម្ចាស់ថា ពួកគេពិតជាបានប្រែចិត្ត ។ ហេតុអ្វីប្រជាជនបានកប់ដាវ និង គ្រឿងសស្ត្រាវុធផ្សេងៗទៀតរបស់ពួកគេ យ៉ាងជ្រៅទៅក្នុងដី ? ( សូមមើល អាលម៉ា 24:17–18 ) ។
នៅក្នុងជីវិតយើងផ្ទាល់ ពេលយើងប្រែចិត្តពីអំពើបាប យើងគួរព្យាយាមកុំប្រព្រឹត្តអំពើបាបទាំងនោះម្ដងទៀតឡើយ ។ សូមអានពីអ្វីដែល ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល បានបង្រៀនអំពីការបោះបង់ចោលអំពើបាប ជាចំណុចដ៏សំខាន់មួយនៃការប្រែចិត្ត ៖ « ក្នុងការបោះបង់ចោលអំពើបាប មនុស្សម្នាក់ពុំអាចគ្រាន់តែប្រាថ្នាដើម្បីទទួលបានស្ថានភាពដែលប្រសើរជាងមុនប៉ុណ្ណោះនោះទេ ។ គាត់ត្រូវតែបង្កើតវា ។ … គាត់ត្រូវតែមានភាពច្បាស់លាស់ គាត់ត្រឹមតែបានបោះបង់ចោលអំពើបាបប៉ុណ្ណោះទេ គឺថាគាត់បានផ្លាស់ប្ដូរស្ថានភាពដែលនៅជុំវិញអំពើបាបនោះផងដែរ ។ គាត់គួរចៀសវាងពីកន្លែង និង ស្ថានភាព និង កាលៈទេសៈទាំងឡាយ ដែលអំពើបាបកើតមានឡើង ដ្បិតស្ថានភាពទាំងនេះអាចមានជាស្រេច ធ្វើឲ្យកើតមានអំពើបាបម្ដងទៀត ។ គាត់ត្រូវតែចាកចេញពីមនុស្សដែលគាត់ប្រព្រឹត្តអំពើបាបជាមួយនោះ ។ គាត់មិនអាចស្អប់មនុស្សដែលធ្វើអំពើបាបទេ ប៉ុន្តែគាត់ត្រូវតែចៀសវាងពីពួកគេ និង អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអំពើបាប ។ គាត់ត្រូវតែ … កសាងជីវិតថ្មីមួយ ។ គាត់ត្រូវតែកំចាត់ចោលនូវអ្វីក៏ដោយ ដែលនឹងធ្វើឲ្យនឹកចាំរឿងចាស់ៗឡើងវិញ » ( The Miracle of Forgiveness [1969] ទំព័រ 171–72 ) ។
នៅក្នុង អាលម៉ា 24:10–12 សូមគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយដែលបង្ហាញពីការប្រែចិត្តរបស់ពួកអាន់តៃ-នីហ្វៃ-លីហៃ និង ការអត់ទោសរបស់ព្រះចំពោះអំពើបាបរបស់ពួកគេ ។ សូមសរសេរគោលការណ៍តទៅនេះ នៅគែមព្រះគម្ពីរក្បែរខទាំងនេះ ៖ បើយើងធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើ ដើម្បីប្រែចិត្ត នោះព្រះនឹងដកយកចេញនូវកំហុសរបស់យើង និង ជួយយើងឲ្យនៅតែស្អាតស្អំ ។ សូមយោងទៅដំណើររឿងរបស់ពួកអាន់តៃ-នីហ្វៃ-លីហៃ កប់គ្រឿងសស្ត្រាវុធរបស់ពួកគេនៅក្នុងដី ។ នៅក្នុងជំនាន់របស់យើង យើងនៅតែត្រូវការ « កប់ » អំពើបាបរបស់យើង ដើម្បីបង្ហាញដល់ព្រះអម្ចាស់ថា យើងកំពុងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើ ដើម្បីប្រែចិត្ត និង មិនប្រព្រឹត្តអំពើបាបដដែលនោះម្ដងទៀតឡើយ ។
-
សូមពិចារណាពីរបៀបដែលមនុស្សនៅក្នុងស្ថានភាពខាងក្រោមនេះ ប្រាកដប្រជាម៉្លេះ ថាពួកគេពុំបានប្រព្រឹត្តអំពើបាបដដែលនោះម្ដងទៀត ។ សូមសរសេរយោបល់របស់អ្នកសម្រាប់ស្ថានភាពនីមួយៗនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
មនុស្សម្នាក់បានមើលឆុតឆាកអាសគ្រាមនៅក្នុងកុនមួយ ដោយសារមិត្តភក្ដិបានលើកទឹកចិត្តឲ្យបុគ្គលនោះមើលកុនជាមួយពួកគេ ។
-
មនុស្សម្នាក់បានធ្វើខុសច្បាប់គតិបណ្ឌិតដោយសម្ងាត់ជាមួយមិត្តភក្ដិ ពេលក្រុមគេចេញទៅដើរលេងខាងក្រៅនៅពេលយប់ ។
-
មនុស្សម្នាក់បានចែកចាយចម្លើយពីការប្រឡងបញ្ចប់មួយ ជាមួយមិត្តម្នាក់ដែលកំពុងរៀបចំនឹងធ្វើការប្រលងដូចគ្នានោះដែរ នៅពេលក្រោយក្នុងថ្ងៃនោះ ។
-
សូមពិចារណាពីសំណួរតទៅនេះ ៖ តើអ្នកត្រូវការ « កប់ » អ្វី នៅក្នុងជីវិតអ្នក ដើម្បីអ្នកមិនត្រូវបានល្បួងឲ្យធ្វើអំពើបាប ដែលអ្នកបានប្រែចិត្តហើយនោះ ?
សូមអាន អាលម៉ា 24:19–22 ដើម្បីឃើញពីអ្វី ដែលពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ បានធ្វើ ពេលពួកសាសន៍លេមិនបានមកធ្វើសង្គ្រាមទាស់នឹងពួកគេ ។ ប្រជាជនទាំងនេះបានបង្ហាញពីការបូជារបស់ពួកគេចំពោះព្រះអម្ចាស់ ដោយការសុខចិត្តស្លាប់ ជាជាងក្បត់សន្យាដែលពួកគេបានធ្វើដល់ព្រះអម្ចាស់នោះ ។ ពួកគេបានប្រគល់ជីវិតរបស់ពួកគេទាំងស្រុងដល់ព្រះអម្ចាស់ ហើយពួកគេនៅតែស្មោះត្រង់ទាំងស្រុងចំពោះទ្រង់ អស់ពេញមួយជីវិតរបស់ពួកគេ ។
សូមអានពីអ្វីដែល ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន អំពីការប្រគល់ជីវិតរបស់អ្នកចំពោះព្រះអម្ចាស់ ៖
« មនុស្សដែលបានផ្លាស់ប្ដូរសម្រាប់ព្រះគ្រីស្ទ នឹងត្រូវបានដឹកនាំដោយព្រះគ្រីស្ទ ។ ដូចជាប៉ុលដែរ ពួកគេនឹងសួរថា ‹ ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច ? › ( កិច្ចការ 9:6 ) ។ …
« បំណងរបស់ពួកគេនឹងត្រូវលេបចូលទៅក្នុងព្រះបំណងរបស់ទ្រង់ ។ ( សូមមើល យ៉ូហាន 5:30 ) ។
« ពួកគេធ្វើការណ៍ទាំងឡាយដែលសព្វព្រះទ័យព្រះអម្ចាស់ជានិច្ច ។ ( សូមមើល យ៉ូហាន 8:29 ) ។
« ពួកគេមិនត្រឹមតែសុខចិត្តស្លាប់សម្រាប់ព្រះអម្ចាស់ប៉ុណ្ណោះទេ តែសំខាន់ជាងនោះទៀត ពួកគេចង់រស់នៅសម្រាប់ទ្រង់ ។
« ចូលក្នុងផ្ទះរបស់ពួកគេ ហើយរូបភាពនៅលើជញ្ជាំង សៀវភៅនៅលើធ្នើរ តន្ត្រីតាមរលកធាតុអាកាស ពាក្យពេចន៍ និង ទង្វើរបស់ពួកគេ បង្ហាញថាពួកគេជាពួកគ្រីស្ទាន ។
« ពួកគេឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និង គ្រប់សេចក្ដី និង គ្រប់ទីកន្លែង ។ ( សូមមើល ម៉ូសាយ 18:9 ) ។
« ពួកគេមានព្រះគ្រីស្ទនៅក្នុងគំនិតរបស់ពួកគេ ពេលពួកគេសម្លឹងទៅទ្រង់ក្នុងគ្រប់ការគិតទាំងអស់ ។ ( សូមមើល គ. និង ស. 6:36 ) ។
« ពួកគេមានព្រះគ្រីស្ទនៅក្នុងដួងចិត្តពួកគេ កាលដែលចិត្តមេត្រីរបស់ពួកគេដាក់ទៅលើទ្រង់ជារៀងដរាបតទៅ ។ ( សូមមើល អាលម៉ា 37:36 ) » ។ ( “Born of God” Ensign ខែ វិច្ឆិកា ឆ្នាំ 1985 ទំព័រ 6–7 ) ។
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ អំឡុងពេលក្នុងសប្ដាហ៍នេះ តើមានរបៀបណាខ្លះ ដែលអ្នកអាចបង្ហាញថា អ្នកបានប្រគល់ជីវិតអ្នកទាំងស្រុងដល់ព្រះអម្ចាស់ ?
សូមអាន អាលម៉ា 24:23–27 ដែលពិពណ៌នាពីប្រតិកម្មតបរបស់ពួកសាសន៍លេមិន ពេលពួកគេបានឃើញថា ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ពុំវាយតបវិញនោះ ។ ពេលអ្នកអាន សូមរកមើលពាក្យ និង ឃ្លាទាំងឡាយដែលបង្រៀនពីគោលការណ៍នេះ ៖ ដោយការស្មោះត្រង់ចំពោះព្រះអម្ចាស់ នោះយើងអាចជួយអ្នកដទៃទៀតឲ្យប្រែចិត្តជឿបាន ។ សូមគិតពីរបៀបដែលសមាជិកនៅក្នុងគ្រួសារអ្នក ឬ មិត្តភក្ដិណាខ្លះ ដែលអាចទទួលឥទ្ធិពលពីការសម្រេចចិត្តរបស់អ្នកក្នុងការស្មោះត្រង់ចំពោះព្រះអម្ចាស់ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 23–24 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖