មេរៀនទី 2 ៖ ថ្ងៃទី 4
នីហ្វៃទី1 5–6, 9
សេចក្តីផ្តើម
ភរិយារបស់ព្យាការីលីហៃ សារ៉ាយ បានមានអារម្មណ៍ខ្លាចថា ពួកកូនប្រុសរបស់នាងនឹងមិនត្រឡប់មកពីក្រុងយេរូសាឡិមវិញឡើយ ។ លោកលីហៃបានកម្សាន្តចិត្តនាងដោយបង្ហាញសេចក្តីជំនឿរបស់លោកចំពោះព្រះអម្ចាស់ ។ នៅពេលពួកកូនប្រុសរបស់នាងបានត្រឡប់មកវិញដោយសុវត្តិភាពជាមួយនឹងផ្ទាំងលង្ហិន នោះសារ៉ាយទទួលបានសាក្សីកាន់តែរឹងមាំពីព្រះហស្តរបស់ព្រះក្នុងការដឹកនាំ និង ការថែរក្សាគ្រួសាររបស់នាង ។ នៅពេលលោកលីហៃបានសិក្សាផ្ទាំងលង្ហិន នោះលោក« ក៏ពោរពេញទៅដោយព្រះវិញ្ញាណ ហើយចាប់ផ្តើមព្យាករអំពីពូជលោក » ( នីហ្វៃទី 1 5:17) ។ នៅពេលអ្នកសិក្សានៅក្នុងមេរៀននេះ សូមគិតអំពីការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនអ្នក និង អ្វីៗដែលអ្នកអាចធ្វើដើម្បីទទួលអំណាចដែលបានមកពីការស្វែងរកព្រះបន្ទូលនៃព្រះ ។
នីហ្វៃទី 1 5:1–9
កូនប្រុសទាំងឡាយរបស់លោកលីហៃត្រឡប់មករកគ្រួសាររបស់ពួកគេនៅទីរហោស្ថានដោយសុត្ថិភាព
ការធ្វើដំណើរទៅកាន់ក្រុងយេរូសាឡិម និង ការវិលត្រឡប់មកវិញរបស់នីហ្វៃ និង ពួកបងប្រុសរបស់លោក គឺត្រូវចំណាយពេលប្រហែលជាបីបួនសប្តាហ៍ ។ សូមសញ្ចឹងគិតដល់គ្រាមួយដែលបងប្អូនប្រុស បងស្រី ឪពុក ឬ ម្តាយ ឬ នរណាម្នាក់ដែលអ្នកដឹងថា បានចាកចេញពីផ្ទះអស់រយៈពេលដ៏យូរ—ដូចជាចាកចេញសម្រាប់បេសកកម្ម ការសិក្សា ឬ ការបម្រើជាទាហានជាដើម ។ តើអ្នកមានកង្វល់ ឬ ការព្រួយបារម្ភអ្វីខ្លះដែលអ្នក ( ឬ តើអ្នកគិតថា ឪពុក ឬ ម្តាយអ្នកអាចមានកង្វល់អ្វីខ្លះ ) នៅពេលបែកចេញពីមនុស្សជាទីស្រលាញ់អស់រយៈពេលយ៉ាងយូរដូចច្នេះ ? សូមអាននីហៃ្វទី 1 5:1–3 ហើយសូមកត់សម្គាល់ពីកង្វល់ទាំងឡាយដែលសារ៉ាយបាននិយាយទៅកាន់លោកលីហៃទាក់ទងទៅនឹងការធ្វើដំណើរត្រឡប់ទៅកាន់ក្រុងយេរូសាឡិមវិញរបស់ពួកកូនប្រុសរបស់គាត់ ។
សូមសិក្សានីហ្វៃទី 1 5:4–6 ហើយសូមរកមើលរបៀបដែលលីហៃបានឆ្លើយតបចំពោះកង្វល់របស់សារ៉ាយ ។
-
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមថ្លែងជាពាក្យសម្តីផ្ទាល់របស់អ្នកឡើងវិញអំពីការឆ្លើយតបរបស់លោកលីហៃទៅកាន់ភរិយារបស់លោក ។
សូមសញ្ជឹងគិតសំណួរខាងក្រោមនេះ ៖
-
តើអ្វីទៅដែលធ្វើឲ្យអ្នកស្ងើចសសើរ អំពីរបៀបដែលលោកលីហៃឆ្លើយតបចំពោះកង្វល់របស់សារ៉ាយ ?
-
តើពាក្យសម្តីរបស់លោកលីហៃបង្ហាញសេចក្តីជំនឿ និង ភាពក្លាហានដែលធ្វើឲ្យគាត់ទទួលបានវិវរណៈទាំងឡាយពីព្រះតាមរបៀបណា ?
យោងទៅលើនីហ្វៃទី1 5:6 តើទីបន្ទាល់របស់លោកលីហៃមានអនុភាពអ្វីទៅលើសារ៉ាយ ?
សេចក្តីពិតចំនួនពីរដែលយើងអាចរៀនពីបទពិសោធន៍របស់លោកលីហៃ និង សារ៉ាយគឺថា ព្រះអម្ចាស់អាចប្រទានពរដល់យើងយ៉ាងពិតប្រាកដ នៅពេលយើងធ្វើតាមការបំផុសគំនិត ហើយយើងអាចកម្សាន្តចិត្ត និង ពង្រឹងអ្នកដទៃ នៅពេលយើងបង្ហាញសេចក្តីជំនឿរបស់យើងចំពោះព្រះ ។
-
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមពិពណ៌នានៅគ្រាមួយដែលអ្នកទទួលអារម្មណ៌ ពីការបញ្ជាក់នៃការលួងលោមចិត្តពីព្រះនៅអំឡុងពេលដ៏លំបាកមួយ ចែកចាយទីបន្ទាល់របស់អ្នកដើម្បីកម្សាន្តចិត្ត និង ពង្រឹងអ្នកដទៃទៀត ឬ អ្នកត្រូវបានកម្សាន្តចិត្ត និង ពង្រឹងដោយពាក្យសម្តីដែលពោរពេញដោយសេចក្តីជំនឿរបស់អ្នកដទៃទៀត ។
សូមអាននីហ្វៃទី1 5:7–9 សូមរកមើលឥទ្ធិពលបទពិសោធន៍នេះបានមានទៅលើសេចក្តីជំនឿរបស់សារ៉ាយ ។
-
តើសារ៉ាយបានរៀនអ្វីពីបទពិសោធន៍នេះ ?
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ៖ តើទីបន្ទាល់របស់សារ៉ាយនៅក្នុងនីហ្វៃទី1 5:8 ដូចគ្នាទៅនឹងទីបន្ទាល់របស់នីហ្វៃនៅក្នុងនីហ្វៃទី1 3:7 យ៉ាងដូចម្តេច ?
នីហ្វៃទី1 5:10–22
លីហៃសិក្សាស្រាវជ្រាវផ្ទាំងលង្ហិន
នីហ្វៃ និង ពួកបងប្រុសរបស់លោកបានប្រថុយជីវិតរបស់ពួកគេលះបង់ទ្រព្យសម្បត្តិរបស់ពួកគេ ធ្វើដំណើរយ៉ាងឆ្ងាយ និង ត្រូវបានការពារប្រកបដោយទេវភាពនៅក្នុងការធ្វើដំណើររបស់ពួកគេ ដើម្បីទៅយកផ្ទាំងលង្ហិន ។ បើសិនអ្នកគឺជាសមាជិកម្នាក់ក្នុងគ្រួសារលោកលីហៃ តើកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេបានមានឥទ្ធិពលលើអត្តចរិតនៃសកម្មភាពសិក្សារបស់អ្នក អំពីរឿងទាំងឡាយដែលមាននៅលើផ្ទាំងលង្ហិនយ៉ាងដូចម្តេចខ្លះ ?
បន្ទាប់ពីកូនប្រុសទាំងឡាយរបស់លោកបានត្រឡប់មកវិញដោយសុវត្ថិភាព នោះលោកលីហៃបានចាប់ផ្តើមសិក្សាស្រាវជ្រាវមើលមាតិការរឿងនៅលើផ្ទាំងលង្ហិន ។ សូមអាន នីហ្វៃទី1 5:11–14 ហើយសូមគូសបន្ទាត់ពីក្រោមអ្វីៗដែលផ្ទាំងលង្ហិនមាន ។
សូមអាន នីហ្វៃទី1 5:17–20 សូមរកមើលរបៀបដែលការសិក្សាផ្ទាំងលង្ហិនមានឥទ្ធិពលលើលោកលីហៃ ។ ផ្អែកទៅលើអ្វីដែលអ្នករៀននៅក្នុងខទាំងនេះ តើអ្នកនឹងបញ្ចប់ការថ្លែងពីគោលការណ៍ខាងក្រោមនេះដោយរបៀបណា ?( សូមមើល នីហ្វៃទី 1 5:17 ) ៖ នៅពេលយើងសិក្សាស្រាវជ្រាវមើលបទគម្ពីរទាំងឡាយ នោះយើងអាចក្លាយជា
អែលឌើរ រ៉ូបឺត ឌី. ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបញ្ជាក់ចំពោះសេចក្តីពិតនេះ ៖
« នៅពេលយើងចង់និយាយទៅកាន់ព្រះ នោះយើងអធិស្ឋាន ។ ហើយនៅពេលយើងចង់ឲ្យទ្រង់មានបន្ទូលមកកាន់យើង នោះយើងសិក្សាស្រាវជ្រាវព្រះគម្ពីរទាំងឡាយ ដ្បិតព្រះបន្ទូលរបស់ទ្រង់បានមកតាមរយៈពួកព្យាការីរបស់ទ្រង់ ។ បន្ទាប់មកទ្រង់នឹងបង្រៀនដល់យើង នៅពេលយើងស្តាប់តាមការបំផុសគំនិតទាំងឡាយរបស់ព្រះវិញ្ញាណបរិសុទ្ធ ។
« ប្រសិនបើអ្នកស្តាប់មិនឮនូវសំឡេងនៃព្រះបន្ទូលរបស់ទ្រង់ចំពោះអ្នកដោយភ្លាមៗនោះទេ សូមត្រឡប់មកព្រះវិហារវិញ ហើយអានព្រះគម្ពីរម្តងទៀត ។ សេចក្តីទាំងអស់នេះគឺជារឿងនៃសេចក្តីសង្គ្រោះជីវិតខាងវិញ្ញាណ » ( « Holy Scriptures ៖ The Power of God unto Our Salvation » Ensign or លីអាហូណាខែ តុលា ឆ្នាំ 2006 ទំព័រ 26–27 ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុព្រះគម្ពីររបស់អ្នក អំពីគ្រាមួយដែលអ្នកបានសិក្សាស្រាវជ្រាវបទគម្ពីរ ហើយទទួលអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះអម្ចាស់ ។
សូមអាននីហ្វៃទី 1 5:21–22 ហើយរកមើលមូលហេតុដែលផ្ទាំងទាំងឡាយមាន « ប្រយោជន៍ជាអតិបរមា » ចំពោះលោកលីហៃ និង គ្រួសាររបស់លោក ។
សូមបើកបទទំនុកតម្កើង « ពេលខ្ញុំស្វែងយល់គម្ពីរពិសិដ្ឋ» (ទំនុកតម្កើង លេខ 159 ) ហើយកត់សម្គាល់ពីពរជ័យទាំងឡាយដែលអាចមកតាមរយៈការសិក្សាស្រាវជ្រាវព្រះគម្ពីរទាំងឡាយ ។ សូមសញ្ជឹងគិតអំពីការអានព្រះគម្ពីរប្រចាំថ្ងៃរបស់អ្នក ។ តើអ្នកអាចធ្វើឲ្យការសិក្សារព្រះគម្ពីររបស់អ្នកប្រសើរឡើងបានយ៉ាងដូចម្តេច ?
ការសិក្សាព្រះគម្ពីរផ្តល់នូវប្រាជ្ញា នៅពេលដែលយើងធ្វើដំណើរឆ្លងកាត់ជីវិតរមែងស្លាប់—ជាទីរហោស្ថានរបស់យើង ។ សូមចងចាំថា ផ្ទាំងលង្ហិនទាំងឡាយយកបានតាមរយៈសេចក្តីជំនឿ និង ការលះបង់ ហើយថា បើគ្មានផ្ទាំងលង្ហិននេះទេ នោះលោកលីហៃ និង គ្រួសាររបស់លោកនឹងមិនបានទទួលពរជ័យទាំងឡាយដែលចាំបាច់សម្រាប់ការធ្វើដំណើររបស់លោកនោះទេ ( សូមមើល នីហ្វៃទី1 5:22 ) ។ នៅពេលអ្នកសិក្សាស្រាវជ្រាវបទគម្ពីរ នោះអ្នកអាចត្រូវបានពោរពេញដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ ហើយទទួលបានកំលាំង និង សេចក្តីជំនឿដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
នីហ្វៃទី1 6:1–6
នីហ្វៃសរសេរដើម្បីបញ្ចុះបញ្ចូលមនុស្សទាំងអស់ឲ្យមករកព្រះយេស៊ូវគ្រីស្ទ
សូមជ្រើសរើសសៀវភៅមួយក្បាលនៅក្នុងផ្ទះរបស់អ្នក ឬ គិតពីសៀវភៅមួយដែលអ្នកស្គាល់ ។ តើអ្នកគិតថា អ្នកនិពន្ធមានគោលបំណងយ៉ាងណានៅក្នុងការសរសេរសៀវភៅនោះ ? តើការដឹងពីគោលបំណងរបស់អ្នកនិពន្ធបានជួយអ្នកយ៉ាងដូចម្តេចនៅពេលអ្នកអាន ?
សូមអាននីហ្វៃទី1 6:3–6 ហើយសូមគូសបន្ទាត់ពីក្រោមគោលបំណងរបស់នីហ្វៃ នៅក្នុងការសរសេរបញ្ជីរបស់គាត់ ។ ឃ្លាថា « ព្រះនៃអ័ប្រាហាំ និង ព្រះនៃអ៊ីសាក និង ព្រះនៃយ៉ាកុប » ( ខគម្ពីរទី 4 ) គឺសំដៅទៅលើព្រះយេហូវ៉ា ដែលជាព្រះយេស៊ូវគ្រីស្ទ ។ គោលបំណងរបស់នីហ្វៃគឺត្រូវសរសេរបន្តដោយអស់អ្នកដែលសរសេរបន្តបន្ទាប់មក ហើយការសរសេររបស់ពួកគេគឺមាននៅក្នុងព្រះគម្ពីរមរមន ៖ គោលបំណងមួយនៃព្រះគម្ពីរមរមន គឺដើម្បីបញ្ចុះបញ្ចូលមនុស្សទាំងអស់ឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។
-
នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក សូមពិពណ៌នាអំពីរបៀបដែលការយល់ដឹងអំពីគោលបំណងរបស់នីហ្វៃ នៅក្នុងការសរសេរបញ្ជីរបស់លោក នឹងមានឥទ្ទិពលលើរបៀបដែលអ្នកសិក្សាព្រះគម្ពីរមរមន ។
នីហ្វៃទី 1 9
នីហ្វៃធ្វើផ្ទាំងពីរច្បាប់
នៅក្នុងនីហ្វៃទី 1: 9 ( សូមមើលជំពូកទី 6 ផងដែរ ) នីហ្វៃបានពន្យល់ថា លោកត្រូវបានបញ្ជាឲ្យធ្វើបញ្ជីប្រវត្តិពីរច្បាប់—បញ្ជីទាំងនេះត្រូវបានគេស្គាល់ថា ជាផ្ទាំងតូច និង ផ្ទាំងធំរបស់នីហ្វៃ ។ ផ្ទាំងតូចមាននូវប្រវត្តិសាស្ត្រដ៏ពិសិដ្ឋនៃប្រជាជនរបស់លោក—ការងារបម្រើនៃពួកព្យាការី និង វិវរណៈទាំងឡាយរបស់ព្រះអម្ចាស់—ហើយផ្ទាំងធំមាននូវប្រវត្តិសាស្ត្រដែលទាក់ទងនឹងផ្លូវលោកកិយ ( សូមមើល នីហ្វៃ 19:2–4 ) ។ នីហ្វៃបានប្រើឃ្លាទាំងនេះ « ផ្ទាំងទាំងនេះ » និង « ផ្ទាំងផ្សេងៗទៀត » គឺពោលសំដៅទីលើផ្ទាំងពីរច្បាប់ដែលព្រះអម្ចាស់បានបញ្ជាលោកឲ្យធ្វើ ។ នៅគែមព្រះគម្ពីររបស់អ្នកនៅត្រង់នីហ្វៃទី 1 9សូមសរសេរចំណាំដូចខាងក្រោមនេះដើម្បីជួយអ្នកឲ្យចងចាំថា ផ្ទាំងមួយណាដែលនីហ្វៃបានពោលដល់ ៖ « ផ្ទាំងទាំងនេះ » = ផ្ទាំងតូច ( ពិសិដ្ឋ ) « ផ្ទាំងផ្សេងទៀត » = ផ្ទាំងធំ ( ដែលទាក់ទងនឹងផ្លូវលោកិយ ) ។
នៅពេលអ្នកសិក្សាព្រះគម្ពីរមរមន នោះអ្នកនឹងយល់ដឹងអំពីមូលហេតុដែលនីហ្វៃបានរក្សាទុកនូវផ្ទាំងទាំងពីរច្បាប់នេះ ។ នីហ្វៃដែលបានទទួលការបំផុសគំនិតឲ្យធ្វើការសង្ខេប ដែលជាកំណែសង្ខេបខ្លីនៃដំណើររឿងរបស់ឪពុកលោក ( ដែលមាននៅក្នុង នីហ្វៃទី1 1–8) នៅលើផ្ទាំងតូច ។ ប្រមាណជា 1000 ឆ្នាំក្រោយមក ព្យាការីមរមនដែលត្រូវបានដឹកនាំដោយព្រះអម្ចាស់ឲ្យដាក់បញ្ចូលផ្ទាំងតូចរបស់នីហ្វៃជាមួយនឹងផ្ទាំងមាស ( សូមមើល ពាក្យសំដីនៃមរមន 1:7 ) ។ បុរសទាំងពីរនាក់នេះមិនបានដឹងថា តើហេតុអ្វីពួកគេត្រូវធ្វើនូវអ្វីដែលពួកគេបានធ្វើនោះទេ ( សូមមើល នីហ្វៃទី–9:5 ) ប៉ុន្តែពួកគេបានធ្វើតាមការបង្គាប់បញ្ជារបស់ព្រះអម្ចាស់ ។
-
នៅពេលអ្នកអាននីហ្វៃទី1 9 នៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់អ្នក សូមសញ្ចឹងគិត និង កត់ត្រានៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកអំពីមូលហេតុសំខាន់ ដើម្បីគោរពតាមព្រះអម្ចាស់ បើទោះជានៅពេលដែលយើងមិនយល់ទាំងស្រុងអំពីមូលហេតុរបស់ទ្រង់ក៏ដោយ ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សានីហ្វៃទី1 5–6និង 9 ហើយបានរៀនចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សម្រាប់សំណួរ គំនិត និងការយល់ដឹងបន្ថែមទៀត ខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖