មេរៀនទី 13 ៖ ថ្ងៃទី 2
ម៉ូសាយ 19–20
សេចក្តីផ្ដើម
បន្ទាប់ពីអាលម៉ា និង ប្រជាជនរបស់លោក បានគេចខ្លួនចេញពីកងទ័ពរបស់ស្តេច ណូអេ នោះប្រជាជនដែលបន្តរស់នៅជាមួយណូអេ បានចាប់ផ្តើមរងទុក្ខ ដោយសារលទ្ធផលទាំងឡាយដែលបានព្យាករដោយអ័ប៊ីណាដៃ ។ដំណើររឿងនៃពួកសាសន៍នីហ្វៃក្នុងដែនដីលីហៃ-នីហ្វៃ រំឭកដល់យើងថា នៅពេលយើងបដិសេធដំបូន្មានរបស់ពួកអ្នកបម្រើព្រះអម្ចាស់ នោះយើងទទួលបទពិសោធន៍នូវលទ្ធផលដ៏ធ្ងន់ធ្ងរទាំងឡាយ ។ផ្ទុយទៅវិញ នៅពេលយើងគោរពព្យាការី យើងអររីករាយនឹងសេចក្តីសុខសាន្ត និង សុវត្ថិភាព បើទោះជាយើងឆ្លងកាត់នូវការសាកល្បងរបស់យើងក៏ដោយ ។នៅពេលអ្នកសិក្សាមេរៀននេះ សូមគិតអំពីរបៀបដែលអ្នកអាចទទួលបានសេចក្តីសុខសាន្ត និង សុវត្ថិភាពដែលកើតឡើងមកពីការប្រុងស្តាប់តាមដំបូន្មានពួកព្យាការីសម័យទំនើបរបស់ព្រះអម្ចាស់ ។
ម៉ូសាយ 19–20
ពួកសាសន៍នីហ្វៃក្នុងដែនដីលីហៃ-នីហ្វៃ បានទទួលបទពិសោធន៍នៃការបំពេញនៃការព្យាករណ៍ទាំងឡាយរបស់អ័ប៊ីណាដៃ ។
សូមអាននូវបទពិសោធន៍ខាងក្រោមដែលចែកចាយដោយ អែលឌើរ ដេវីឌ អ.ស្តូន ដែលពេលនោះបានបម្រើជាសមាជិកនៃពួកចិតសិបនាក់ ហើយសូមគិតអំពីសារៈសំខាន់នៃការព្រមានទាំងឡាយខាងវិញ្ញាណដែលយើងទទួលតាមរយៈព្យាការីទាំងឡាយ ៖
« នាព្រឹកថ្ងៃអាទិត្យមួយ … យើងបានក្រោកឡើងនៅថ្ងៃដ៏ល្អក្នុងទីក្រុង សានតូ ដូមីងហ្គូ នៃសាធារណរដ្ឋដូមីនីក ។ព្រះអាទិត្យនៅសមុទ្រការីប៊ីនកំពុងបញ្ចេញរស្មី ហើយផ្ទៃមេឃស្រឡះល្អ ។ខ្យល់ដ៏ស្រទន់បានបក់មក ស្ទើរមិនធ្វើឲ្យស្លឹកឈើរង្គើ វាក្ដៅល្មម ហើយសុខសាន្ដ និង ស្ងប់ស្ងាត់ ។ប៉ុន្ដែឆ្ងាយឯនាយសមុទ្រ លើសពីការមើលឃើញដោយភ្នែកខាងសាច់ឈាមរបស់យើងនាថ្ងៃនោះ ព្យុះដ៏កំណាចបានមក ដែលមិនអាចទប់ទល់បានឡើយ ។មជ្ឈមណ្ឌលខាងខ្យល់ព្យុះ ដែលមានការទទួលខុសត្រូវដើម្បីតាមដាន និង ព្យាករផ្លូវនៃខ្យល់ព្យុះ បានប្រាប់អំពីព័ត៌មានជាបន្ដបន្ទាប់ភ្លាមៗ ដែលមាននៅក្នុងអ៊ិនធើរណែត ។នៅក្នុងព្រឹកដ៏សន្ដិភាព ស្ងប់ស្ងាត់នោះ ដោយក្រសែភ្នែកដែលសម្លឹងទៅលើផ្ទៃមេឃ ខ្ញុំបានឃើញផ្លូវនៃព្យុះដែលបានព្យាករនោះ សំដៅមកចំកណ្ដាលបេះដូងនៃទីក្រុងសានតូ ដូមីងហ្គូ ដូចជាព្រួញមួយ ។
« ក្នុងរយៈពេល 48 ម៉ោង ព្យុះនោះបានបក់បោកកោះនោះយ៉ាងខ្លាំង … ដោយកំណាច ដោយបន្សល់នូវការបំផ្លិចបំផ្លាញ ភាពឯកោ និង ការស្លាប់ដោយការបោកបក់ដ៏ខ្លាំងនោះ ។ …
« ការខូចខាត និង ការបំផ្លាញ និង ការស្លាប់ដ៏ធំក្រៃលែងមកពីគ្រោះមហន្ដរាយនៃកម្លាំងខាងសាច់ឈាមដ៏ខ្លាំងនេះអាចកើតឡើង ហើយការបំផ្លិចបំផ្លាញដែលខ្លាំងជាងនេះទៅទៀតនៅក្នុងជីវិតរបស់មនុស្ស គឺខ្យល់ព្យុះខាងវិញ្ញាណ ។កម្លាំងដ៏ខ្លាំងទាំងនេះ ជាញឹកញាប់ បណ្ដាលឲ្យមានការខូចខាតខ្លាំងជាងខ្យល់ព្យុះកំបុតត្បូងខាងសាច់ឈាមទៅទៀត ដោយសារវាបំផ្លាញព្រលឹងយើង ហើយឆក់យកពីយើងនូវការរំពឹង និង ការសន្យាដ៏នៅអស់កល្បជានិច្ចរបស់យើង ។ …
« យើងបានដាក់ខ្លួនយើងនៅលើផ្លូវនៃព្យុះសង្ឃរាខាងវិញ្ញាណទាំងនេះ នៅពេលយើងបណ្តោយខ្លួនឲ្យធ្លាក់ចូលក្នុងកំហឹង គ្រឿងស្រវឹង និង ការប្រព្រឹត្តបទល្មើស តណ្ហា អសីលធម៌ ដៃគូរួមភេទច្រើន និង រូបអាសអាភាស គ្រឿងញៀន អំណួត សេចក្តីលោភ អំពើហឹង្សា ការឈ្នានីស និង ការកុហក—មានជាច្រើនទៀត ។ …
« ប៉ុន្តែយើងមានអ្នកការពារពីព្យុះសង្ឃរាខាងវិញ្ញាណរបស់យើង ជាអ្នកទាំងឡាយណា ដែលមានការហៅឲ្យ មើលថែ និង ព្រមាន ដែលជួយយើងចៀសវាងពីការខូចខាតខាងវិញ្ញាណ ការបំផ្លិចបំផ្លាញ និង សេចក្តីស្លាប់ផងដែរ ។បុរសឆ្មាំយាមរបស់យើងនៅលើប៉ម ដែលយើងស្គាល់គឺជាសាវក និង ព្យាការីទាំងឡាយ ។ពួកលោកគឺជាកែវភ្នែកខាងវិញ្ញាណរបស់យើង ហើយពួកលោកដឹង តាមរយៈការបំផុសគំនិត ការយល់ដឹង និង ប្រាជ្ញាត្រឹមត្រូវនូវបុព្វហេតុដែលព្យុះទាំងឡាយ អាចកើតឡើង ។ពួកលោកបន្តប្រកាសការព្រមានដើម្បីប្រាប់យើងអំពីលទ្ធផលអន្តរាយនៃការបំពានលើព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ដោយចេតនា និង ដោយស្មោគគ្រោក ។ការមិនគោរពតាមការព្រមានទាំងឡាយរបស់ពួកលោកដោយចេតនា គឺនាំមកនូវទុក្ខវេទនា សោកសៅ និង ការបំផ្លិចបំផ្លាញ ។ដើម្បីធ្វើតាមការព្រមានរបស់ពួកសាវក និង ព្យាការី គឺត្រូវធ្វើតាមអ្នកបម្រើទាំងឡាយរបស់ព្រះអម្ចាស់ដែលត្រូវបានជ្រើសតាំង ដើម្បីនាំទៅកាន់ទីវាលដ៏សុខសាន្ត និង បរិបូរណ៌ខាងវិញ្ញាណ » ( ”Spiritual Hurricanes,” Ensignខែ វិច្ឆិកា. ឆ្នាំ 1999, ទំព័រ 31–32 ) ។
សូមចំណាយពេលមួយស្របក់ ដើម្បីសញ្ជឹងគិតថា តើមានគ្រោះថ្នាក់អ្វីខ្លះ ដែលអ្នកបានឮពួកព្យាការី និង សាវកព្រមានដល់យើង ។តើពាក្យពេចន៍ទាំងឡាយរបស់ពួកលោក អាចការពារយើងពី «ព្យុះសង្ឃរាខាងវិញ្ញាណ» យ៉ាងដូចម្តេច ?
ព្រះបានបញ្ជូនអ័ប៊ីណាដៃឲ្យទៅព្រមានដល់ប្រជាជននៅដែនដីលីហៃ-នីហ្វៃ អំពីការបំផ្លិចបំផ្លាញដែលនឹងមក បើសិនពួកគេមិនប្រែចិត្ត ។
-
សូមចម្លងតារាងខាងក្រោមនេះ ដាក់ក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយទុកកន្លែងគ្រប់គ្រាន់ដើម្បីសរសេរពីក្រោមបទគម្ពីរយោងនីមួយៗ ។
កាព្យាករណ៍អំពីប្រជាជនរបស់ស្តេចណូអេ ( ម៉ូសាយ 12:1–2 ) ។
ការណ៍ដែលបានបំពេញ ( ម៉ូសាយ 19:10, 14–15; 20:20–21; 21:3–4, 8, 10–13 )
ការព្យាករណ៍អំពីស្តេចណូអេ ( ម៉ូសាយ 12:3 )
ការណ៍ដែលបានបំពេញ ( ម៉ូសាយ 19:18–20 )
ក.
ខ.
សូមរំឭកពីការព្យាករណ៍ទាំងឡាយរបស់អ័ប៊ីណាដៃទៅកាន់ពួកសាសន៍នីហ្វៃក្នុងដែនដីលីហៃ-នីហ្វៃ ដោយអានបទគម្ពីរយោងក្នុងជួរឈរខាងឆ្វេងនៃតារាង ។នៅពីក្រោមបទគម្ពីរយោងដ៏ត្រឹមត្រូវ សូមសរសេរលទ្ធផលទាំងឡាយដែល អ័ប៊ីណាដៃ បានមានប្រសាសន៍ថា ស្តេចណូអេ និង ប្រជាជនរបស់ទ្រង់ នឹងប្រឈមមុខ បើសិនពួកគេមិនប្រែចិត្តទេនោះ ។នៅខាងក្រោមជួរឈរខាងឆ្វេង ( ក ) សូមសរសេរថា តើអ្នកគិតថា អ្នកអាចមានអារម្មណ៍បែបណា ហើយថា តើអ្នកនឹងធ្វើអ្វី បើសិនអ្នកបានឮការព្រមានទាំងឡាយរបស់ អ័ប៊ីណាដៃ ។
ពីមុនអ្នកចាប់ផ្តើមធ្វើលំហាត់នៅក្នុងជួរឈរខាងស្តាំនៃតារាង សូមបំពេញសកម្មភាពខាងក្រោមនេះក្នុងសៀវភៅសិក្សានេះ ។សកម្មភាពនេះនឹងជួយអ្នកកាន់តែស្គាល់ច្បាស់អំពីហេតុការណ៍ក្នុងម៉ូសាយ 19–20ហើយទទួលស្គាល់ការបំពេញនៃការព្យាករណ៍ទាំងឡាយរបស់ អ័ប៊ីណាដៃ ដែលបានកត់ត្រាក្នុងជំពូកទាំងនេះ ។
នៅពេលអ្នកសិក្សាម៉ូសាយ 19–20សូមបង់លេខលើហេតុការណ៍ចំនួន 11 ពីក្រោមនេះទៅតាមលំដាប់លំដោយ ដែលវាកើតឡើងក្នុងព្រះគម្ពីរ ។សេចក្តីសង្ខេបជំពូកទាំងឡាយនៅដើមជំពូកនីមួយៗ នឹងផ្តល់តំរុយសំខាន់ៗដើម្បីដឹកនាំអ្នក ។
-
គេឌាន ព្យាយាមសម្លាប់ស្តេចណូអេ ។
-
ស្ត្រី និង កូនក្មេងសាសន៍នីហ្វៃ បានអង្វរពួកសាសន៍លេមិនកុំឲ្យប្រហារពួកគេ ។
-
ស្តេចណូអេ សុគតដោយភ្លើង ។
-
កងទ័ពពួកសាសន៍លេមិន បានចូលទៅដល់ដែនដីសេមឡុន ។
-
ពួកសង្ឃរបស់ស្តេចណូអេ បានចាប់យក ( ចាប់ជំរិត ) កូនស្រី 24 នាក់របស់ពួកសាសន៍លេមិន ។
-
ស្តេចសាសន៍លេមិន បានស្នើឲ្យកងទ័ពរបស់ទ្រង់ទុកជីវិតប្រជាជននៃស្តេចលិមហៃ ។
-
ប្រជាជនរបស់ ស្តេចណូអេ មួយចំនួន បានរត់គេចខ្លួនពីមុនពួកសាសន៍លេមិនមកដល់ ដោយទុកពួកស្ត្រីៗ និង កូនក្មេងចោល ។
-
លិមហៃ បញ្ជាប្រជាជនរបស់ទ្រង់ កុំឲ្យប្រហារស្តេចសាសន៍លេមិន ។
-
មានសេចក្តីសុខសាន្តរវាងពួកសាសន៍នីហ្វៃ និង ពួកសាសន៍លេមិនរយៈពេលពីរឆ្នាំ ។
-
លិមហៃ សន្យាថា ប្រជាជនរបស់ទ្រង់នឹងចំណាយរបស់ទ្រព្យរបស់ពួកគេពាក់កណ្តាលទៅដល់សាសន៍លេមិន ។
-
សាសន៍នីហ្វៃ វាយបកចំពោះការវាយប្រហាររបស់សាសន៍លេមិន ហើយចាប់បានស្ដេចសាសន៍លេមិន ។
( ចម្លើយទាំងឡាយសម្រាប់សកម្មភាពនេះ អាចរកបាននៅចុងបញ្ចប់មេរៀន ) ។
-
បន្ទាប់ពីអ្នកបានបង់លេខលើសេចក្តីថ្លែងទាំង 11 ដោយស្រេចបាច់រួចហើយ សូមត្រឡប់ទៅកាន់តារាងដែលនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកវិញ ។សូមពិនិត្យមើលបទគម្ពីរនៅជួរឈរខាងស្តាំសម្រាប់សេចក្តីពិស្តារទាំងឡាយ អំពីរបៀបដែលការព្យាករទាំងឡាយរបស់ អ័ប៊ីណដៃ ត្រូវបានបំពេញ ។សូមកត់ត្រាសេចក្តីពិស្តារទាំងនេះ ក្នុងតារាងរបស់អ្នកនៅជួរឈរខាងស្តាំ ។នៅខាងក្រោមជួរឈរខាងស្តាំ ( ខ ) សូមពន្យល់អំពីអ្វីដែលអ្នកបានរៀន អំពីលទ្ធផលទាំងឡាយពីការបដិសេធពាក្យព្រមានរបស់ព្យាការីម្នាក់ ។
សូមអានម៉ូសាយ 20:21ហើយគូសចំណាំសេចក្តីថ្លែងរបស់ គេឌាន ដែលបង្ហាញពីការយល់ដឹងរបស់លោកថាការបដិសេធសម្ដីរបស់អ្នកបម្រើទាំងឡាយរបស់ព្រះអម្ចាស់នាំមកនូវការរងទុក្ខ និង ការសោកសៅ ។
សូមអានគោលលទ្ធិ និង សេចក្តីសញ្ញា 133:63, 70–72ដើម្បីមើលពីរបៀបដែលគោលការណ៍នេះអនុវត្តចំពោះអ្នកទាំងឡាយនៅថ្ងៃចុងក្រោយ ដែលនឹងមិនស្តាប់ព្រះអម្ចាស់ ឬ មិនស្ដាប់អ្នកបម្រើរបស់ទ្រង់ ។អ្នកអាចចង់សរសេរបទគម្ពីរយោងនេះក្នុងព្រះគម្ពីររបស់អ្នកជាខយោងសម្រាប់ម៉ូសាយ 20:21 ។សូមរកមើលសុន្ទរកថាចេញពីសន្និសិទទូទៅថ្មីជាងគេបំផុតក្នុងទស្សនាវដ្ដី Ensign ឬលីអាហូណា( ដែលចេញនៅ ក្នុងខែឧសភា និង វិច្ឆិកា ) ឬនៅលើគេហទំព័រ LDS.org ដើម្បីស្វែងរកពាក្យសម្ដីរបស់ព្យាការីទាំងឡាយដែលទាក់ទងនឹងបញ្ហាទាំងនេះ ។
សូមសញ្ជឹងគិតសំណួរនេះ ៖ តើអ្នកបានឮព្យាការីទាំងឡាយបង្រៀនថ្មីៗនេះ ដែលនឹងជួយបុគ្គលម្នាក់ៗ ក្រុមគ្រួសារ និង ជាតិសាសន៍ទាំងឡាយឲ្យចៀសវាងពីការរងទុក្ខ និង សោកសៅអ្វីខ្លះ ?
ដើម្បីឃើញគំរូមួយអំពីទុក្ខព្រួយ និង ការរងទុក្ខដែលអាចកើតឡើងមកពីការបដិសេធព្យាការីទាំងឡាយរបស់ព្រះអម្ចាស់ នោះសូមរកមើលលទ្ធផលទាំងឡាយ ដែលអែលឌើរ ដាល្លិន អេក. អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា នឹងមានមកលើអ្នកទាំងឡាយណា ដែលជាប់ខ្លួនក្នុងការមើលរូបអាសគ្រាម ៖
« រូបអាសគ្រាម បង្អាក់សមត្ថភាពរបស់មនុស្សម្នាក់មិនឲ្យរីករាយនឹងអារម្មណ៍ មនោសញ្ចេតនា និង ទំនាក់ទំនងខាងវិញ្ញាណតាមធម្មតាជាមួយនឹងមនុស្សម្នាក់ដែលមានភេទផ្ទុយគ្នា ។វាបំផ្លាញរបាំងសីលធម៌ទាំងឡាយ ដែលការពារទាស់នឹងអាកប្បកិរិយាមិនត្រឹមត្រូវ មិនធម្មតា ឬ ខុសច្បាប់ ។នៅពេលមនសិការរបស់មនុស្សស៊ាំនឹងរូបអាសគ្រាម នោះពួកគេត្រូវបាននាំធ្វើដូចអ្វីដែលពួកគេបានឃើញ ដោយឥតគិត អំពីផលប៉ះពាល់ចំពោះជីវិតរបស់ពួកគេ និង ជីវិតអ្នកដទៃទៀតឡើយ ។
« រូបអាសគ្រាម ក៏ធ្វើឲ្យញៀនផងដែរ ។វាបង្អាក់សមត្ថភាពក្នុងការធ្វើការសម្រេចចិត្ត ហើយវា ‹ ថ្ពក់ › អ្នកឲ្យមើលវា នាំពួកគេឲ្យគិតស្រម៉ៃឃើញកាន់តែខ្លាំងឡើងៗ » ( “Pornography,” Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ 2005 ទំព័រ 89 ) ។
សូមគិតដល់គំរូមួយចំនួនអំពីភាពសោកសៅ និង ការរងទុក្ខដែលកើតមាន មកពីការមិនអើពើចំពោះដំបូន្មានរបស់ព្យាការី ដែលមានដូចជា ការលេងល្បែងស៊ីសង រូបអាសគ្រាម ពាក្យគតិបណ្ឌិត ការបោកប្រាស ការចាក់សាក់លើរាងកាយ ការស្លៀកពាក់មិនសមរម្យ ឬ ការដើរលេងជាគូមុនអាយុ 16 ឆ្នាំ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការធ្វើតាមដំបូន្មានមកពីអ្នកបម្រើទាំងឡាយរបស់ព្រះអម្ចាស់ដែលមានដូចជា ការពង្រឹងក្រុមគ្រួសារ ការរស់នៅតាមច្បាប់ព្រហ្មចារីភាព ឬ ការគោរពច្បាប់ពាក្យគតិបណ្ឌិត ជួយបុគ្គលម្នាក់ៗ និង ក្រុមគ្រួសារឲ្យចៀសវាងពីការរងទុក្ខ និង ភាពសោកសៅមួយចំនួនដែលពួកគេជួបប្រទះយ៉ាងដូចម្តេច ?
អែលឌើរ រ៉ូបឺត ឌី. ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់ថា យើងអាចមានសេចក្តីសុខសាន្ត ហើយត្រឡប់ទៅកាន់វត្តមាននៃព្រះតាមរយៈការធ្វើតាមពួកព្យាការី ៖
« ខ្ញុំសូមធ្វើទីបន្ទាល់ថា ព្យាការីនៅពេលបច្ចុប្បន្ននេះ មានគុណសម្បត្តិទាំងឡាយនៃព្យាការីពីបុរាណ និង ព្យាការីដទៃទៀតនៃគ្រាកាន់កាប់ត្រួតត្រានេះ ។ …
« … សុវត្ថិភាពខាងវិញ្ញាណរបស់យើង មានមកពីសំឡេងដ៏ច្បាស់លាស់នៃព្យាការីដែលនៅរស់របស់យើង ។បើសិនយើងស្តាប់តាមសំឡេងរបស់លោក ហើយគោរពតាមដំបូន្មានរបស់លោក នោះយើងនឹងអាចរស់នៅដូចដែលព្រះគ្រីស្ទចង់ឲ្យយើងរស់នៅ និង ស៊ូទ្រាំដល់ទីបញ្ចប់ ដើម្បីថ្ងៃណាមួយ យើង ព្រមទាំងគ្រួសាររបស់យើង នឹងត្រឡប់ទៅកាន់វត្តមាននៃព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះរបស់យើង ជាព្រះយេស៊ូវគ្រីស្ទវិញ » ( “Hear the Prophet’s Voice and Obey,” Ensignខែ ឧសភា ឆ្នាំ 1995 ទំព័រ 17 ) ។
-
សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក អំពីរបៀបដែលអ្នកចង់ឲ្យការសិក្សារបស់អ្នកអំពីម៉ូសាយ 19–20ជះឥទ្ធិពលលើរបៀបដែលអ្នកស្តាប់ដំបូន្មាននៃព្យាការីទាំងឡាយរបស់ព្រះអម្ចាស់ ។សូមគិតដល់បទពិសោធន៍មួយអំពីរបៀបដែលអ្នកបានទទួលសេចក្តីសុខសាន្ត និង សុវត្ថិភាពខាងវិញ្ញាណតាមរយៈការធ្វើតាមដំបូន្មាននៃអ្នកបម្រើទាំងឡាយនៃព្រះអម្ចាស់ ហើយកត់ត្រាវាក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
សូមសរសេរចំណុចដែលនៅខាងក្រោមនេះ ពីក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាម៉ូសាយ 19–20 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖
ចម្លើយចំពោះសកម្មភាពតាមលំដាប់លំដោយ ៖ 1, 4, 5, 2, 8, 11, 3, 10, 7, 6, 9 ។