មេរៀនទី 21 ៖ ថ្ងៃទី 1
អាលម៉ា 45–49
សេចក្តីផ្ដើម
បន្ទាប់ពីអាលម៉ាបានផ្ដល់នូវការណែនាំចុងក្រោយរបស់លោកដល់ហេលេមិនជាកូនប្រុសរបស់លោកហើយ លោកបានចាកចេញពីប្រជាជននីហ្វៃ ហើយមិនបានឮពីលោកទៀតឡើយ ។ អំឡុងពេលនៃការលំបាករបស់ពួកសាសន៍នីហ្វៃដែលមានក្រោយមកទៀតនោះ ហេលេមិន និង មេទ័ពមរ៉ូណៃ បានក្លាយជាអ្នកដឹកនាំខាងវិញ្ញាណ និង ខាងទាហានរបស់ពួកគេ ។ អាម៉ាលិកាយជាអ្នកដឹកនាំរបស់ពួកសាសន៍លេមិន បានដើរតាមបំណងប្រាថ្នារបស់ខ្លួនដោយអាត្មានិយម ដោយប្រើនូវកលយុទ្ធដែលដូចគ្នាទៅនឹងកលយុទ្ធរបស់អារក្ស ។ មេទ័ពមរ៉ូណៃបានរៀបចំប្រជាជនរបស់លោកឲ្យស្មោះត្រង់នឹងព្រះ ក្នុងអំឡុងគ្រាដ៏គ្រោះថ្នាក់ទាំងនោះ ។
អាលម៉ា 45
ហេលេមិនជឿពាក្យរបស់អាលម៉ាជាឪពុកលោក ហើយបានចាប់ផ្ដើមការបម្រើរបស់លោក ។
សូមរំឭកឡើងវិញនូវការសម្ភាសន៍មួយដែលអ្នកមានជាមួយនឹងឪពុក ឬ ម្ដាយ ឬ អ្នកដឹកនាំបព្វជិតភាពរបស់អ្នក ។ សូមគិតពីប្រភេទសំណួរ ដែលអ្នកត្រូវបានសួរ ។ មុនពេលអាលម៉ាបានចាកចេញពីដែនដី លោកបានសួរហេលេមិននូវសំណួរសំខាន់បី ។ សូមអាន អាលម៉ា 45:2–7 ហើយរកមើល និង គូសចំណាំសំណួរទាំងនេះ ។ ( « ពាក្យ » ដែលអាលម៉ានិយាយសំដៅដល់នៅក្នុងខ 2 គឺមាននៅក្នុង អាលម៉ា 37:1 ) ។ សូមគិតអំពីរបៀបដែលអ្នកនឹងឆ្លើយដល់សំណួររបស់អាលម៉ា ៖ តើអ្នកជឿលើព្រះគម្ពីរទាំងឡាយទេ ? តើអ្នកជឿលើព្រះយេស៊ូវគ្រីស្ទទេ ? តើអ្នកនឹងរក្សាបទបញ្ញត្តិទាំងឡាយទេ ?
បន្ទាប់ពីហេលេមិនបានប្រកាសពីទីបន្ទាល់របស់លោកហើយ អាលម៉ាបាននិយាយទៅកាន់លោកអំពីអនាគតរបស់ពួកសាសន៍នីហ្វៃ ។ លោកបានព្យាករពីសេចក្ដីបំផ្លិចបំផ្លាញរបស់ពួកគេ និង សេចក្ដីបំផ្លិចបំផ្លាញរបស់ប្រជាជនណាផ្សេងទៀតក៏ដោយ ដែលទុំសុះនៅក្នុងអំពើទុច្ចរិតនៅលើដែនដីដ៏ជម្រើសនេះ ។ សូមអាន អាលម៉ា 45:16 ហើយពិចារណាសេចក្ដីពិតតទៅនេះដែលនៅក្នុងខនេះ ៖ ព្រះអម្ចាស់ទ្រង់មិនអាចទតមើលអំពើបាប សូម្បីតែបន្តិចបន្តួចឡើយ ។
ដើម្បីជួយអ្នកយល់ពីគោលការណ៍នេះ សូមចងចាំថា តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានបង់ថ្លៃសម្រាប់អំពើបាបរបស់យើងទាំងអស់ ប្រសិនបើយើងប្រែចិត្ត ហើយស្វែងរកការអត់ទោសពីទ្រង់ ។ ព្រះពុំអាចអត់ទ្រាំនឹងអំពើបាប ទោះនៅកម្រិតណាក៏ដោយ ។ ទោះយ៉ាងណា ដោយសារព្រះអង្គសង្គ្រោះទ្រង់ស្ម័គ្រព្រះទ័យនឹងរងទុក្ខជំនួសយើង នោះយើងពុំចាំបាច់រងទុក្ខនូវអំពើបាបរបស់យើងឡើយ ប្រសិនបើយើងប្រែចិត្ត ។
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា 1:31–33 ។ អ្នកអាចនឹងចង់សរសេរខទាំងនេះជាខយោង នៅក្បែរ អាលម៉ា 45:16 ។
-
សូមឆ្លើយតបដល់សំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកមានអារម្មណ៍យ៉ាងណាអំពីព្រះអង្គសង្គ្រោះ ពេលអ្នកគិតអំពីការស្ម័គ្រព្រះទ័យរបស់ទ្រង់ដើម្បីបង់ថ្លៃអំពើបាបរបស់អ្នកនោះ ?
ដូចដែលមានកត់ត្រានៅក្នុង អាលម៉ា 45:20–24 ហេលេមិនបានចាប់ផ្ដើមការបម្រើរបស់លោកជាព្យាការីម្នាក់របស់ព្រះអម្ចាស់ និង ជាអ្នកដឹកនាំសាសនាចក្រ ។ លោក និង អ្នកដឹកនាំសាសនាចក្រផ្សេងៗទៀត បានចាត់តាំងពួកសង្ឃ និង គ្រូ នៅទូទាំងក្រុមជំនុំ ប៉ុន្តែដោយសារការឈ្លោះទាស់ទែង និង ការកើនឡើងនូវភាពឆ្មើងឆ្មៃ ប្រជាជនបានបដិសេធក្នុងការស្ដាប់ដល់អ្នកដឹកនាំរបស់ពួកគេ ។
អាលម៉ា 46
មេទ័ពមរ៉ូណៃប្រមូលផ្ដុំពួកអ្នកសុចរិត ដើម្បីការពារសិទ្ធិ និង សាសនារបស់ពួកគេ ។
ដូចមានកត់ត្រានៅក្នុង អាលម៉ា 46:1–7 ប្រជាជនមួយចំនួនដែលខឹងនឹងហេលេមិន និង បងប្អូនរបស់លោក បានជ្រើសរើសចាកចេញពីសាសនាចក្រ ហើយដើរតាមបុរសទុច្ចរិតម្នាក់ឈ្មោះអាម៉ាលិកាយ ដែលចង់ធ្វើជាស្ដេច ។ សូមអាន អាលម៉ា 46:8–10 ហើយរកមើលមេរៀនទាំងឡាយ ដែលមរមនចង់ឲ្យយើងរៀនពីស្ថានភាពដ៏គ្រោះថ្នាក់នេះ ។
ដើម្បីជួយការពារឥស្សរភាពរបស់ប្រជាជន មរ៉ូណៃដែលជាមេទ័ពឯករបស់ពលទ័ពសាសន៍នីហ្វៃ បានហែកអាវរបស់លោក ហើយប្រើបំណែកនៃអាវនោះធ្វើជា « ទង់ឥស្សរភាព » ដើម្បីប្រមូលផ្ដុំប្រជាជនឲ្យការពារឥស្សរភាព ។
សូមអាន អាលម៉ា 46:12–13 ហើយគូសចំណាំអ្វីដែលមរ៉ូណៃបានសរសេរនៅលើទង់ឥស្សរភាព ។ សូមរកមើលពីរបៀបដែលលោកបានរៀបចំ ដើម្បីបង្ហាញពីទង់ឥស្សរភាពដល់ប្រជាជន ។ សូមសញ្ជឹងគិត ថាខទាំងនេះបង្រៀនអ្នកអ្វីខ្លះ អំពីចរិតលក្ខណៈរបស់មរ៉ូណៃ ។ សូមអានផងដែរ អាលម៉ា 48:11–13, 17–18 ដើម្បីទទួលបាននូវការយល់ដឹងបន្ថែមទៀតទៅក្នុងចរិតលក្ខណៈរបស់មេទ័ពមរ៉ូណៃ ។ អ្នកអាចនឹងចង់គូសចំណាំនូវចរិតលក្ខណៈទាំងឡាយរបស់មរ៉ូណៃ ដែលអ្នកចង់យកទៅអភិវឌ្ឍកាន់តែពេញលេញបន្ថែមទៀតនៅក្នុងជីវិតអ្នកផ្ទាល់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីចរិតលក្ខណៈមួយ ឬ ច្រើនចេញពី អាលម៉ា 46:12–13 និង អាលម៉ា 48:11–13, 17–18 ។ សូមពន្យល់ពីមូលហេតុដែលអ្នកចង់មានចរិតលក្ខណៈទាំងនេះ និង របៀបដែលអ្នកអាចពុះពារព្យាយាមដើម្បីអភិវឌ្ឍចរិតលក្ខណៈទាំងនេះ ។
សូមអាន អាលម៉ា 46:18–22 ហើយរកមើលពីរបៀបដែលប្រជាជនឆ្លើយតបចំពោះការអញ្ជើញរបស់មរ៉ូណៃឲ្យច្បាំងដើម្បីឥស្សរភាព ។ សេចក្ដីសញ្ញាដែលមានពិពណ៌នានៅក្នុងខ 20 គឺជាការសន្យាដ៏ពិសេសដែលសាសន៍នីហ្វៃក្រុមនេះបានធ្វើជាមួយព្រះ ។
យោងតាម អាលម៉ា 46:20 ហេតុអ្វីមរ៉ូណៃចង់ឲ្យពួកសាសន៍នីហ្វៃធ្វើសេចក្ដីសញ្ញាជាមួយព្រះថា ពួកគេនឹងការពារសិទ្ធិ និង សាសនារបស់ពួកគេដូច្នេះ ?
ដូចមានកត់ត្រានៅក្នុង អាលម៉ា 46:28–37 ពួកសាសន៍នីហ្វៃបានចូលរួមជាមួយមេទ័ពមរ៉ូណៃ បានចាប់ពួកពលទ័ពរបស់អាម៉ាលិកាយ ។ ទោះយ៉ាងណា អាម៉ាលិកាយ និង អ្នកខ្លះផ្សេងទៀត បានរត់គេច ហើយចូលរួមនឹងពួកសាសន៍លេមិន ។ អ្នកដើរតាមអាម៉ាលិកាយជាច្រើនដែលត្រូវបានចាប់ខ្លួន បានចូលទៅក្នុងសេចក្ដីសញ្ញាក្នុងការគាំទ្រដល់សេរីភាព ។ ពួកអ្នកដែលពុំធ្វើដូច្នោះ ត្រូវប្រហារជីវិត ។ ចេញពីបទពិសោធន៍របស់ពួកសាសន៍នីហ្វៃ យើងអាចរៀនគោលការណ៍នេះ ៖ ពេលយើងក្លាហាននៅក្នុងការរក្សាបទបញ្ញត្តិទាំងឡាយ ដូចជាមេទ័ពមរ៉ូណៃបានធ្វើ នោះព្រះនឹងពង្រឹង និង ប្រទានពរយើង ។
ក្រោយពីចម្បាំង មេទ័ពមរ៉ូណៃបានដោតទង់ឥស្សរភាពនៅលើគ្រប់ប៉មរបស់ពួកសាសន៍នីហ្វៃទុកជា « បទដ្ឋាន » ឬ ជាការរំឭកពីអ្វីដែលពួកគេបានសេចក្ដីសញ្ញាថាច្បាំង និង ការពារ ( សូមមើល អាលម៉ា 46:36 ) ។
នៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន គណៈប្រធានទីមួយបានមានប្រសាសន៍ថា ៖ « យុវជនយុវនារីជាទីស្រឡាញ់របស់យើងអើយ យើងមានសេចក្តីទុកចិត្តយ៉ាងខ្លាំងទៅលើអ្នករាល់គ្នា ។ អ្នករាល់គ្នាគឺជាបុត្រាបុត្រីជាទីស្រឡាញ់របស់ព្រះ ហើយទ្រង់ខ្វល់ខ្វាយពីអ្នករាល់គ្នា ។ អ្នកបានមកលើផែនដីចំគ្រាមួយដែលពោរពេញដោយឱកាស និង ឧបសគ្គផងដែរ ។ បទដ្ឋាននៅក្នុងកូនសៀវភៅនេះ នឹងជួយអ្នកក្នុងការជ្រើសរើសដ៏សំខាន់ៗទាំងឡាយដែលអ្នកកំពុងតែធ្វើ នាពេលឥឡូវនេះ ហើយនឹងធ្វើនាពេលអនាគត ។ យើងសូមសន្យាថា នៅពេលដែលអ្នកគោរពតាមសេចក្តីសញ្ញាទាំងឡាយដែលអ្នកបានធ្វើ និង បទដ្ឋានទាំងនេះ នោះអ្នកនឹងត្រូវបានប្រទានពរជ័យដោយមានភាពជាដៃគូពីព្រះវិញ្ញាណបរិសុទ្ធ សេចក្តីជំនឿរបស់អ្នកនឹងលូតលាស់កាន់តែខ្លាំង ហើយអ្នកនឹងរីករាយជាមួយនឹងសុភមង្គលកាន់តែខ្លាំង ។
-
ចេញពីអ្វីដែលអ្នកបានរៀននៅក្នុងសារលិខិតពីគណៈប្រធានទីមួយ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការសន្យាអ្វីខ្លះដែលត្រូវបានសន្យាចំពោះអ្នក ប្រសិនបើអ្នករក្សាសេចក្ដីសញ្ញានៃដំណឹងល្អដែលអ្នកបានធ្វើ និង បទដ្ឋានទាំងឡាយនៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ?
-
សូមមើលទៅទំព័រមាតិការបស់កូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ហើយជ្រើសរើសបទដ្ឋានមួយក្នុងចំណោមបទដ្ឋានទាំងឡាយដែលនៅក្នុងកូនសៀវភៅ ។ តើការរក្សាបទដ្ឋាននេះ បានផ្ដល់ពរជ័យដល់ជីវិតអ្នកយ៉ាងណាដែរ ?
-
អាលម៉ា 47
អាម៉ាលិកាយក្លាយជាស្ដេចរបស់ពួកសាសន៍លេមិន តាមរយៈការក្បត់ និង ការបោកបំភាន់ ។
តើអ្នកនឹងធ្វើអ្វី ប្រសិនបើអ្នកនៅក្នុងសង្គ្រាម ហើយមានម្នាក់បង្ហាញអ្នកនូវសៀវភៅមួយ ដែលបើកបង្ហាញពីអ្វីដែលមារសត្រូវអ្នកបានដាក់ផែនការនឹងធ្វើ ដើម្បីបំផ្លាញអ្នក និង ក្រុមគ្រួសារអ្នកនោះ ? អាលម៉ា 47 អាចផ្ដល់នូវការយល់ដឹងជ្រាលជ្រៅមួយចំនួនទៅក្នុងផែនការរបស់មារសត្រូវរបស់យើង គឺអារក្ស ។
អាលម៉ា 47 មានកត់ត្រានូវការបោកបញ្ឆោតជាច្រើន ដែលអាម៉ាលិកាយបានប្រើដើម្បីក្លាយជាស្ដេចរបស់ពួកសាសន៍លេមិន ដើម្បីវាអាចដឹកនាំពួកពលទ័ពសាសន៍លេមិនធ្វើសង្គ្រាមទាស់នឹងពួកសាសន៍នីហ្វៃ ។ បំណងប្រាថ្នាដ៏ធំបំផុតរបស់វា គឺដើម្បីនាំពួកសាសន៍នីហ្វៃទាំងអស់ឲ្យធ្លាក់ចូលក្នុងសេវកភាព ដោយមានខ្លួនវាជាស្ដេច ។
ពីដំបូង អាម៉ាលិកាយ និង អ្នកដើរតាមរបស់វា បានទៅកាន់ដែនដីនីហ្វៃ ជាកន្លែងដែលពួកសាសន៍លេមិនរស់នៅ ។ ស្ដេចនៃពួកសាសន៍លេមិនមានបំណងប្រាថ្នាទៅធ្វើចម្បាំងទាស់នឹងពួកសាសន៍នីហ្វៃ ប៉ុន្តែប្រជាជនរបស់ទ្រង់ជាច្រើនមានការភ័យខ្លាច ។ ដូច្នេះហើយស្ដេចបានសុំអាម៉ាលិកាយឲ្យបង្ខិតបង្ខំពួកសាសន៍លេមិនដែលភ័យខ្លាចទាំងនោះឲ្យចូលរួមក្នុងចម្បាំង ។ អាម៉ាលិកាយបានដើរទៅកាន់ជំរុំនៅលើភ្នំ ជាកន្លែងដែលប្រជាជនទាំងនេះរត់ភៀសខ្លួន ប៉ុន្តែវាមិនបានចង់ជួយដល់ស្ដេចនោះទេ ។ វាចង់ក្លាយជាអ្នកដឹកនាំរបស់ពួកសាសន៍លេមិន ដែលភ័យខ្លាចទាំងនេះ ដោយការបំភាន់ដល់លីហុនតៃ ជាអ្នកដឹកនាំរបស់ពួកគេ ឲ្យចុះចេញពីជំរុំនៅលើភ្នំរបស់គាត់ ។ អាម៉ាលិកាយមានបំណងសម្លាប់លីហុនតៃដោយការបំពុល បន្ទាប់ពីគាត់បានចុះមកពីលើភ្នំ ។
សូមសិក្សា អាលម៉ា 47:10–12 ។ តើអាម៉ាលិកាយបានល្បួងឲ្យលីហុនតៃចាកចេញពីកន្លែងសុវត្ថិភាពរបស់គាត់ប៉ុន្មានដង ? សូមអានផងដែរ អាលម៉ា 47:17–19 ។ តើអាម៉ាលិកាយបានសម្លាប់លីហុនតៃដោយរបៀបណា បន្ទាប់ពីគាត់បានចុះពីភ្នំមក ?
អែលឌើរ រ៉ូបឺត ឌី. ហែលស៍ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា មនុស្សសព្វថ្ងៃនេះអាចនឹងព្យាយាមដើម្បីបំផ្លាញសេចក្ដីជំនឿ និង ទីបន្ទាល់របស់យើង ដោយការល្បួងយើងឲ្យចាកចេញពីកន្លែងសុវត្ថិភាពខាងវិញ្ញាណរបស់យើង ហើយចូលក្នុងដែនដីរបស់អារក្ស ៖ « នៅក្នុងព្រះគម្ពីរមរមន យើងអានអំពីលីហុនតៃ និង ពួកមនុស្សរបស់គាត់ដែលបានបោះជំរុំនៅលើភ្នំមួយ ។ អាម៉ាលិកាយដ៏លាក់ពុតបានជំរុញឲ្យលីហុនតៃឲ្យ ‹ ចុះមក › ហើយជួបនឹងវានៅជ្រលងភ្នំ ។ ប៉ុន្តែពេលលីហុនតៃបានចាកចេញពីទីខ្ពស់របស់គាត់ គាត់ត្រូវបានបំពុល ‹ ជាសន្សឹមៗ › រហូតដល់គាត់ស្លាប់ ហើយពួកពលទ័ពរបស់គាត់បានធ្លាក់ទៅក្នុងដៃរបស់អាម៉ាលិកាយ ( សូមមើល អាលម៉ា 47 ) ។ ដោយការឈ្លោះប្រកែក និង ការចោទប្រកាន់ មនុស្សខ្លះដាក់នុយឲ្យយើងចាកចេញពីទីខ្ពស់ ។ ទីខ្ពស់គឺជាកន្លែងដែលមានពន្លឺ ។ … វាជាទីសុវត្ថិភាព ។ វាជាការពិត ហើយជាកន្លែងដែលមានចំណេះដឹង » ( “Christian Courage: The Price of Discipleship” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 74 ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើរបៀបមួយចំនួនណាខ្លះ ដែលសាតាំងព្យាយាមដើម្បីទាញយើងឲ្យ « ចុះមក » ពីទីខ្ពស់ខាងវិញ្ញាណ ?
-
តើអ្នកគិតថា សាតាំងព្យាយាមទាក់ទាញមនុស្សវ័យក្មេងឲ្យបន្ទាបបទដ្ឋានរបស់ពួកគេ « ជាសន្សឹមៗ » ឬទេ ? តើមានឧទាហរណ៍អ្វី ដែលថាវាព្យាយាមធ្វើដូចនេះ ?
-
តើមានអ្វីខ្លះជាក់លាក់ដែលអ្នកអាចធ្វើ ដើម្បីស្ថិតនៅជាប់នឹងទីខ្ពស់ខាងវិញ្ញាណ ? តើបទដ្ឋានដំណឹងល្អអ្វី ដែលអ្នកត្រូវពង្រឹង ដើម្បីកុំឲ្យអ្នកបន្ទាបបទដ្ឋាននេះ « ជាសន្សឹមៗ » នោះ ?
-
ដូចជាអ្វីដែលវាបានធ្វើជាមួយអាម៉ាលិកាយដែរ សាតាំងព្យាយាមបំផ្លាញយើង ហើយទាក់ទាញយើងជាសន្សឹមៗឲ្យបន្ទាបបទដ្ឋានរបស់យើង ។
អាលម៉ា 48–49
មេទ័ពមរ៉ូណៃបំផុសដល់ពួកសាសន៍នីហ្វៃ ឲ្យពង្រឹងខ្លួនគេទាំងខាងរូបកាយ និង ខាងវិញ្ញាណ
ខណៈដែលអាម៉ាលិកាយកំពុងព្យាយាមយកបានអំណាចដោយ « ការបន្លំ និង ការបោកបញ្ឆោត » ( អាលម៉ា 48:7 ) លើពួកសាសន៍លេមិន និង សាសន៍នីហ្វៃ នោះមរ៉ូណៃធ្វើតាមរបៀបមួយផ្សេងទាំងស្រុង ។ សូមអាន អាលម៉ា 48:7–10 ហើយរកមើលពីអ្វីដែលមរ៉ូណៃបានធ្វើ ពេលលោកបានដឹងថា មិនយូរប៉ុន្មាន អាម៉ាលិកាយនឹងដឹកនាំពួកទ័ពសាសន៍លេមិនមកទាស់នឹងពួកសាសន៍នីហ្វៃនោះ ។ អ្នកអាចនឹងចង់គូសចំណាំនូវគំនិតទាំងនេះ ៖ ( 1 ) លោកបានរៀបចំប្រជាជនឲ្យស្មោះត្រង់ចំពោះព្រះក្នុងគ្រាដ៏លំបាក ( សូមមើល ខ 7 ) ។ ( 2 ) លោកបានជួយប្រជាជនឲ្យពង្រឹងតំបន់ទាំងឡាយដែលនៅទន់ខ្សោយ ( សូមមើល ខ 8–9 ) ។ ( 3 ) លោកបានរៀបចំប្រជាជនឲ្យគាំទ្រ និង ការពារ « ឧត្ដមគតិនៃពួកគ្រីស្ទាន » ឬ សាសនាចក្រ ( សូមមើល ខ 10 ) ។
ដូចជាមរ៉ូណៃបានជួយដល់ប្រជាជនឲ្យរៀបចំ និង តស៊ូចំពោះគ្រាលំបាក នោះអ្នកដឹកនាំសាសនាចក្រនៅជំនាន់យើង ផ្ដល់ដំបូន្មានដល់យើង ដើម្បីជួយយើងរៀបចំសម្រាប់គ្រាលំបាកទាំងឡាយ ។ សូមពិចារណាក្នុងការសរសេរសេចក្ដីពិតតទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នកក្បែរនឹង អាលម៉ា 48:7–10 ៖ ពេលយើងធ្វើតាមដំបូន្មានរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ នោះយើងនឹងរៀបចំរួចជាស្រេចសម្រាប់ការលំបាកទាំងឡាយក្នុងជីវិត ។
ជាដំបូង ពួកសាសន៍លេមិនបានដាក់ផែនការដើម្បីវាយប្រហារទីក្រុងអាំម៉ូណៃហា ហើយបន្ទាប់មកទីក្រុងណូអេ ដែលជាទីក្រុងទន់ខ្សោយរបស់ពួកសាសន៍នីហ្វៃ ។ សូមអាន អាលម៉ា 49:4–5 ដើម្បីឃើញពីការឆ្លើយតបរបស់ពួកសាសន៍លេមិន ពេលដែលពួកគេបានឃើញការរៀបចំរបស់ពួកសាសន៍នីហ្វៃនៅទីក្រុងអាំម៉ូណៃហា ។ ពួកសាសន៍លេមិនបានសម្រេចចិត្តថាមិនវាយប្រហារទីក្រុងនោះវិញ ដោយសារវាត្រូវបានរៀបចំយ៉ាងល្អដើម្បីទប់ទល់នឹងការវាយប្រហារ ។ សូមអាន អាលម៉ា 49:12–14 ដើម្បីឃើញពីការឆ្លើយតបរបស់ពួកសាសន៍លេមិន ពេលពួកគេព្យាយាមធ្វើការវាយប្រហារលើទីក្រុងណូអេ ។
-
សូមយកពេលពីរបីនាទី ដើម្បីរំឭកឡើងវិញនូវសុន្ទរកថាមួយចំនួនពីសន្និសីទទូទៅថ្មីៗបំផុត ( នៅក្នុង Ensign ឬ លីអាហូណា ) ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសង្ខេបនូវដំបូន្មានដែលផ្ដល់ដោយអ្នកឡើងនិយាយម្នាក់ ឬ ច្រើន ។ តើដំបូន្មាននេះអាចជួយអ្នកឲ្យរៀបចំសម្រាប់គ្រាលំបាកៗនៅក្នុងជីវិតអ្នកយ៉ាងណាដែរ ? តើអ្នកអាចប្រើប្រាស់ដំបូន្មាននេះ នៅក្នុងជីវិតអ្នកយ៉ាងដូចម្តេច ?
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 45–49 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖