មេរៀនទី 19 ៖ ថ្ងៃទី 3
អាលម៉ា 37
សេចក្តីផ្ដើម
ដូចដែលមានកត់ត្រានៅក្នុង អាលម៉ា 37 អាលម៉ាបន្ដការផ្ដល់ដំបូន្មានដល់ហេលេមិនជាកូនប្រុសលោក ហើយលោកបានផ្ដល់ការទទួលខុសត្រូវចំពោះបញ្ជីពិសិដ្ឋទាំងឡាយដល់គាត់ ។ លោកបានរំឭកហេលេមិនថា ព្រះគម្ពីរទាំងឡាយគឺជាមធ្យោបាយក្នុងការនាំពួកសាសន៍លេមិនរាប់ពាន់នាក់មកកាន់ព្រះអម្ចាស់រួចមកហើយ ហើយលោកបានព្យាករណ៍ថា ព្រះអម្ចាស់មានគោលបំណងដ៏អស្ចារ្យផ្សេងទៀតសម្រាប់បញ្ជីទាំងនេះនៅក្នុងពេលអនាគត ។ អាលម៉ាបានណែនាំកូនប្រុសលោក ពីអ្វីដែលគាត់គប្បីបង្រៀនដល់ប្រជាជន ហើយលោកបានបង្រៀនហេលេមិនពីសារៈសំខាន់នៃការសម្លឹងទៅកាន់ព្រះបន្ទូលនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីបានការដឹកនាំ ដោយបានប្រៀបធៀបព្រះបន្ទូលនៃព្រះអង្គសង្គ្រោះទៅនឹងលីអាហូណា ។
អាលម៉ា 37
អាលម៉ាផ្ទុកផ្ដាក់ជាមួយនឹងហេលេមិននូវបញ្ជីទាំងឡាយ រួចទូន្មានគាត់ឲ្យរក្សាបទបញ្ញត្តិទាំងឡាយ ហើយរំឭកគាត់ពីរបៀបដែលលីអាហូណាធ្វើកិច្ចការទៅតាមសេចក្ដីជំនឿ ។
សូមពិចារណាពីរូបភាពខាងក្រោមនេះ ៖
សូមគិតពីការណ៍តូចតាច និង ងាយៗចំនួនពីរ ឬ បី ដែលបានធ្វើឲ្យពិភពលោកមានភាពរំជើបរំជួល ដូចជាអំពូលភ្លើងជាដើម ។ សូមគិតពីការណ៍តូចតាចមួយចំនួន ដែលបានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងធំសម្រាប់ការណ៍ល្អនៅក្នុងជីវិតអ្នក ។ សូមសរសេរនូវការណ៍តូចតាចទាំងនេះចំនួនពីរ នៅផ្នែកខាងឆ្វេងនៃរូបភាពខាងលើ ។ នៅផ្នែកខាងស្ដាំ សូមសរសេរពាក្យពីរបីមាត់ ដែលពិពណ៌នាអំពីឥទ្ធិពលដ៏ធំ ដែលការណ៍តូចតាចទាំងនេះបានមានមកលើជីវិតអ្នក ។
ដូចដែលមានកត់ត្រានៅក្នុង អាលម៉ា 37 អាលម៉ាកំពុងរៀបចំហេលេមិនកូនប្រុសលោក ឲ្យក្លាយជាអ្នករក្សាបញ្ជីពិសិដ្ឋ បន្ទាប់ពីលោក ។ អាលម៉ាបានបង្រៀនហេលេមិននូវគោលការណ៍មួយស្ដីអំពីតួនាទីនៃការណ៍ដ៏តូចតាច និង ងាយ នៅក្នុងផែនការរបស់ព្រះអម្ចាស់ ។ សូមអាន អាលម៉ា 37:6–7 ហើយបន្ទាប់មកសូមបំពេញគោលការណ៍តទៅនេះ ៖ ដើម្បីធ្វើឲ្យគោលបំណងដ៏អស់កល្បរបស់ទ្រង់កើតឡើងបាន ព្រះអម្ចាស់ធ្វើកិច្ចការដោយ .
សូមអាន អាលម៉ា 37:1–7 ហើយរកមើលអ្វីដែលអាលម៉ាបានពិពណ៌នាថាជាកិច្ចការតូចតាច និង ងាយ ។ សូមពិនិត្យមើល អាលម៉ា 37:8–10 ផងដែរ រកមើលរបៀបទាំងឡាយដែលផ្ទាំងលង្ហិន ( ដែលមាននៅក្នុងព្រះគម្ពីរ ) នាំទៅកាន់ការណ៍ដ៏ធំអស្ចារ្យទាំងឡាយ សម្រាប់ប្រជាជននៅក្នុងព្រះគម្ពីរមរមន ។ ពេលអ្នកអាន សូមគូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នកនូវពរជ័យទាំងនេះ ដែលអ្នកក៏បានទទួលតាមរយៈការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នកផងដែរនោះ ។
-
សូមឆ្លើយសំណួរតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើមានរបៀបចំនួនពីរ ឬបី ណាខ្លះ ដែលព្រះគម្ពីរបានបណ្ដាលឲ្យមានការណ៍ដ៏ធំអស្ចារ្យកើតឡើងក្នុងជីវិតអ្នក ?
អាលម៉ា 37:13–16 មានកត់ត្រានូវដំបូន្មានដែលអាលម៉ាបានផ្ដល់ដល់ហេលេមិន ពេលដែលលោកបានផ្ដល់ការទទួលខុសត្រូវចំពោះបញ្ជីទាំងឡាយដល់កូនប្រុសលោក ។ សូមសិក្សាខទាំងនេះ ហើយរកមើលគោលការណ៍ទាំងឡាយដែលអាលម៉ាបានបង្រៀន ។ គោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងនេះគឺ ៖ បើយើងគោរពប្រតិបត្តិតាមបញ្ញត្តិរបស់ព្រះអម្ចាស់ នោះយើងនឹងបានចម្រើនឡើង ។ សូមពិចារណាថាតើគោលការណ៍នេះ ទាក់ទងទៅនឹងរូបភាពនៅខាងដើមនៃមេរៀននេះយ៉ាងណា ។
ដូចមានកត់ត្រានៅក្នុង អាលម៉ា 37:35–47 អាលម៉ាបានណែនាំហេលេមិនឲ្យបង្រៀនប្រជាជន ឲ្យយកឈ្នះលើភាពទន់ខ្សោយ និង ការល្បួង តាមរយៈសេចក្ដីជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ខាងក្រោមនេះគឺជាគ្រោងមេរៀនពីរដែលគ្របដណ្ដប់លើការបង្រៀនទាំងនេះ ។ សូមសិក្សាមេរៀននីមួយៗ និង បទគម្ពីរដែលមានក្នុងនោះ ។ បន្ទាប់មក សូមរៀបចំបង្រៀនមេរៀនមួយក្នុងចំណោមមេរៀនទាំងពីរនេះ ទៅកាន់សមាជិកគ្រួសារម្នាក់ ក្រុមគ្រួសារទាំងមូល ( ប្រហែលជាផ្នែកមួយនៃមេរៀនរាត្រីជួបជុំក្រុមគ្រួសារ ) ឬ ទៅកាន់មិត្តម្នាក់ ។ អ្នកអាចនឹងចង់ធ្វើការកែសម្រួលខ្លះៗចំពោះមេរៀននោះ អាស្រ័យទៅលើ នរណា និង កន្លែងណាដែលអ្នកនឹងបង្រៀន ។ សូមណាត់ពេលមួយ ហើយបង្រៀនមេរៀននេះ នៅថ្ងៃដែលបានណាត់នោះ ។ ប្រសិនបើអ្នកត្រូវបានហៅឲ្យបង្រៀន សូមយកគ្រោងមេរៀនរបស់អ្នកទៅថ្នាក់សិក្សានៅផ្ទះបន្ទាប់ទៀត ហើយរៀបចំជាស្រេច ដើម្បីបង្រៀនមេរៀនរបស់អ្នកទៅកាន់សិស្សក្នុងថ្នាក់ ។
មេរៀនទី 1—អាលម៉ា 37:35–37
សូមពន្យល់ដល់ពួកអ្នកដែលអ្នកបង្រៀនថា វាជាការធម្មតាសម្រាប់អ្នកដែលដាំដើមរុក្ខជាតិ ដើម្បីចងភ្ជាប់ដើមដែលនៅខ្ចីទៅនឹងបង្គោលមួយ ហើយយកបង្គោលចេញនៅពេលក្រោយ ពេលដែលដើមនោះធំឡើង ។ សូមសួរ ៖ តើអ្នកគិតថា ហេតុអ្វីដើមរុក្ខជាតិមួយត្រូវការបង្គោលសម្រាប់ទប់វា ពេលវានៅខ្ចី និង កំពុងលូតលាស់ដូច្នេះ ?
សូមអានបទពិសោធន៍ខាងក្រោមនេះពីជីវិតរបស់ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី ៖
មិនយូរប៉ុន្មានបន្ទាប់ពីលោកបានរៀបការ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បានដាំកូនឈើមួយដើមនៅក្បែរផ្ទះលោក ។ ជាច្រើនឆ្នាំកន្លងផុតទៅ លោកបានថែទាំដើមនោះតិចតួចប៉ុណ្ណោះ ។ ថ្ងៃមួយ លោកបានកត់សម្គាល់ថា ដើមនោះដុះឡើងវៀច ហើយផ្អៀងទៅខាងលិច ព្រោះខ្យល់បក់ពីខាងកើតមក បានធ្វើឲ្យវាកោង ពេលវានៅទន់ខ្ចី ។ លោកបានចេញទៅ ហើយព្យាយាមរុញវាឲ្យត្រង់ ប៉ុន្តែដើមនោះធំពេកទៅហើយ ។ លោកបានព្យាយាមយកខ្សែពួរ និង រ៉ក ដើម្បីតម្រង់វា ប៉ុន្តែវាមិនពត់ទៅវិញទេ ។ ទីបំផុត លោកបានយករណាកាត់មែកដែលធ្ងន់នៅខាងលិចចេញ ធ្វើឲ្យវាមានស្នាមយ៉ាងអាក្រក់មើល ។ ក្រោយមក លោកបានមានប្រសាសន៍ពីដើមនោះថា ៖
« វាជាងកន្លះសតវត្សទៅហើយ ចាប់តាំងពីខ្ញុំបានដាំដើមនោះ ។ កូនស្រីខ្ញុំ និង គ្រួសារនាងរស់នៅទីនោះឥឡូវនេះ ។ ថ្ងៃមួយនោះ ខ្ញុំបានមើលទៅដើមនោះម្ដងទៀត ។ វាធំ ។ រូបរាងវាល្អជាងមុន ។ វាជាប្រយោជន៍ដ៏ធំសម្រាប់ផ្ទះនោះ ។ ប៉ុន្តែ ដំបៅនៃយុវវ័យរបស់វាធ្ងន់ធ្ងរណាស់ ហើយការព្យាបាលដែលខ្ញុំប្រើប្រាស់ដើម្បីតម្រង់វានោះគឺឃោរឃៅណាស់ ។
« ពេលទើបដាំវាពីដំបូង គ្រាន់តែខ្សែមួយសរសៃក៏អាចជួយវាឲ្យទប់ទល់នឹងកម្លាំងខ្យល់បានទៅហើយ ។ ខ្ញុំអាច ហើយគួរតែបានចងខ្សែនោះ ដោយគ្រាន់តែប្រើកម្លាំងបន្តិចបន្តួចប៉ុណ្ណោះ ។ ប៉ុន្តែ ខ្ញុំពុំបានធ្វើវាទេ ហើយវាបានពត់ទៅតាមកម្លាំងខ្យល់ដែលបក់វានោះ » ( “Bring up a Child in the Way He Should Go” Ensign ខែ វិច្ឆិកា ឆ្នាំ 1993 ទំព័រ 59 ) ។
សូមឲ្យនរណាម្នាក់អានដំបូន្មានរបស់អាលម៉ាទៅកាន់ហេលេមិន នៅក្នុង អាលម៉ា 37:35 ហើយពិភាក្សាថាតើខនេះទាក់ទងនឹងបទពិសោធន៍របស់ប្រធាន ហ៊ិងគ្លី ជាមួយនឹងដើមឈើនោះយ៉ាងណាដែរ ។ ( អាលម៉ា 37:35 គឺជាចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។
សូមអញ្ជើញមនុស្សដែលអ្នកបង្រៀន ឲ្យថ្លែងពីគោលការណ៍មួយដែលសង្ខេប អាលម៉ា 37:35 ។ ( វាអាចមានន័យដូចតទៅនេះ ៖ យើងគប្បីរៀនរក្សាបទបញ្ញត្តិនៃព្រះ នៅក្នុងយុវវ័យរបស់យើង ។ អ្នកអាចនឹងចង់សួរសំណួរមួយ ឬ ច្រើន នៃសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា មានការផ្លាស់ប្ដូរអ្វីអាចកើតឡើងក្នុងជីវិតរបស់មនុស្ស ប្រសិនបើពួកគេរៀនរក្សាបទបញ្ញត្តិនៃព្រះ ពេលពួកគេនៅក្មេង ?
-
តើការរក្សាបទបញ្ញត្តិពេលអ្នកនៅក្នុងយុវវ័យរបស់អ្នក បានធ្វើឲ្យមានការខុសប្លែកយ៉ាងណាដែរសម្រាប់អ្នក ?
-
តើអ្នកអាចគិតពីនរណាម្នាក់ ដែលបានទទួលពរជ័យអស់មួយជីវិតគាត់ ដោយសារគាត់បានរៀនគោរពប្រតិបត្តិដល់បទបញ្ញត្តិ ពេលគាត់នៅក្មេងដែរឬទេ ? តើបុគ្គលនេះបានទទួលពរជ័យយ៉ាងណាដែរ ?
សុំនរណាម្នាក់ឲ្យអាន អាលម៉ា 37:36–37 ឮៗ ហើយរកមើលដំបូន្មានជាក់លាក់ដែលអាចជួយដល់មនុស្សម្នាក់ឲ្យរក្សាបទបញ្ញត្តិ ។ សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើការធ្វើតាមដំបូន្មាននេះជាប្រចាំថ្ងៃ អាចជួយអ្នកឲ្យរក្សាបទបញ្ញត្តិបានតាមរបៀបណាដែរ ?
-
តើអ្នកព្យាយាមទុកព្រះជាទីមួយនៅក្នុងគំនិត និង ទង្វើរបស់អ្នក តាមរបៀបណាខ្លះ ? តើអ្នកអាចធ្វើឲ្យប្រសើរឡើងយ៉ាងដូចម្ដេច ?
-
តើការសន្យាអ្វីខ្លះ ដែលត្រូវបានផ្ដល់ឲ្យពួកអ្នកដែលពោរពេញដោយការអធិស្ឋាននោះ ?
សូមចែកចាយទីបន្ទាល់របស់អ្នក ថាតើការប្រឹក្សានឹងព្រះអម្ចាស់បានជួយអ្នកឲ្យរក្សាបទបញ្ញត្តិយ៉ាងដូចម្ដេចខ្លះ ។ សូមអញ្ជើញមនុស្សដែលអ្នកបង្រៀននោះ ឲ្យធ្វើតាមពាក្យសម្ដីរបស់អាលម៉ាស្ដីអំពីការប្រឹក្សាជាមួយនឹងព្រះអម្ចាស់ ។
មេរៀនទី 2—អាលម៉ា 37:38–45
ចូរសួរដល់មនុស្សដែលអ្នកបង្រៀន បើសិនជាពួកគេស្គាល់ឈ្មោះត្រីវិស័យដែលព្រះអម្ចាស់បានប្រទានដល់ក្រុមគ្រួសារលីហៃ ដែលបានជួយពួកគេឲ្យធ្វើដំណើរទៅកាន់ដែនដីសន្យា ។ បន្ទាប់មក សុំម្នាក់ឲ្យអាន អាលម៉ា 37:38 ។ សូមពន្យល់ថា អាលម៉ាបាននិយាយអំពីលីអាហូណាក្នុងការបង្រៀនដល់ហេលេមិន ពីគោលការណ៍ដ៏សំខាន់មួយអំពីរបៀបដែលព្រះអម្ចាស់ដឹកនាំកូនចៅទ្រង់ ។
សូមឲ្យពួកអ្នកដែលអ្នកបង្រៀនឆ្លើយសំណួរខាងក្រោមនេះ ដោយអាននូវខទាំងឡាយដែលមាន ហើយពិនិត្យរកមើលចម្លើយ ៖
-
យោងតាម អាលម៉ា 37:38–40 តើលីអាហូណាធ្វើការដោយរបៀបណា ?
-
យោងតាម អាលម៉ា 37:41–42 ហេតុអ្វីលីអាហូណាឈប់ធ្វើការនៅពេលខ្លះ ?
-
យោងតាម អាលម៉ា 37:43–45 តើលីអាហូណាប្រៀបដូចទៅនឹងព្រះបន្ទូលនៃព្រះរបៀបណា ?
សូមពន្យល់ថា ពាក្យ ស្រមោល និង គំរូ ( អាលម៉ា 37:43, 45 ) មានន័យថា អ្វីដែលត្រូវបានប្រើប្រាស់ជានិមិត្តសញ្ញានៃគំនិតមួយដ៏ទូលំទូលាយជាង ។ ជាឧទាហរណ៍ ការគោរពប្រតិបត្តិ ឬ មិនគោរពប្រតិបត្តិរបស់ក្រុមគ្រួសារលីហៃ ចំពោះទិសនៃលីអាហូណា គឺជានិមិត្តសញ្ញាមួយនៃជម្រើសរបស់យើង ក្នុងការគោរពប្រតិបត្តិ ឬ មិនគោរពប្រតិបត្តិចំពោះព្រះបន្ទូលនៃព្រះគ្រីស្ទ ។ ដូចជាក្រុមគ្រួសារលីហៃបានទៅដល់ដែនដីសន្យាដោយការដើរតាមលីអាហូណាដែរ នោះយើងនឹងទទួលនូវជីវិតដ៏នៅអស់កល្បជានិច្ច ពេលយើងធ្វើតាមព្រះបន្ទូលនៃព្រះគ្រីស្ទ ។
ចូរសុំម្នាក់ឲ្យពន្យល់ថា យើងអាចរកឃើញព្រះបន្ទូលនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់យើងនៅកន្លែងណាខ្លះ ។ ( ចម្លើយមួយចំនួន អាចមាននៅក្នុងព្រះគម្ពីរ ពាក្យសម្ដីរបស់ព្យាការីសម័យទំនើប ពររបស់លោកអយ្យកោ និង ការបំផុសនៃព្រះវិញ្ញាណ ) ។
សូមសួរ ៖ តើគោលការណ៍អ្វីខ្លះ ដែលអាលម៉ាបង្រៀនដល់ហេលេមិន ដោយការប្រើនូវឧទាហរណ៍អំពីលីអាហូណា ? ( ចម្លើយអាចជាអ្វីមួយ ដូចជាគោលការណ៍តទៅនេះ ៖ បើយើងស្ដាប់ដល់ព្រះបន្ទូលនៃព្រះយេស៊ូវគ្រីស្ទ នោះព្រះបន្ទូលនឹងដឹកនាំយើងឲ្យទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្នកអាចនឹងចង់ចែកចាយទីបន្ទាល់របស់អ្នកថា ការស្ដាប់តាម និង ការគោរពប្រតិបត្តិដល់ព្រះបន្ទូលនៃព្រះ នឹងនាំមកនូវពរជ័យដ៏ធំធេងដល់ជីវិតយើង ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរប្រយោគពីរបី ពិពណ៌នាពីអ្វីដែលអ្នកបានរៀនចេញពីការសិក្សាមេរៀនដែលអ្នកជ្រើសរើសដើម្បីបង្រៀននេះ ។
-
សូមសរសេរអ្វីដែលមានដូចតទៅនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ខ្ញុំបានសម្រេចចិត្តបង្រៀនមេរៀនរបស់ខ្ញុំអំពី អាលម៉ា 37 ៖ ( សូមសរសេរខទាំងឡាយដែលអ្នកនឹងបង្រៀន ) ។ ខ្ញុំនឹងបង្រៀន ( សរសេរនរណាដែលអ្នកបានជ្រើសរើសនឹងបង្រៀន ) នៅ ( សរសេរកាលបរិច្ឆេទដែលអ្នកបានណាត់ដើម្បីបង្រៀនមេរៀននេះ ) ។
រូបភាពរូបសញ្ញាចំណេះចំណានខគម្ពីរ ចំណេះចំណានខគម្ពីរ—អាលម៉ា 37:35
សូមគូសចំណាំ អាលម៉ា 37:35 ។ ព្យាយាមទន្ទេញខនេះ ។ បន្ទាប់មក សូត្រវា ឬ អានវាទៅកាន់ឪពុក ឬ ម្ដាយ ឬ មនុស្សពេញវ័យណាម្នាក់ដែលអ្នកទុកចិត្ត ។ សូមសួរដល់បុគ្គលនេះនូវសំណួរដូចខាងក្រោមនេះ ៖
-
តើការគោរពប្រតិបត្តិដល់បទបញ្ញត្តិរបស់ព្រះ បានជួយអ្នកក្នុងជីវិតអ្នកយ៉ាងដូចម្ដេចខ្លះ ?
-
តើអ្នកមានដំបូន្មានអ្វីខ្លះសម្រាប់ខ្ញុំ ដែលអាចជួយខ្ញុំឲ្យកាន់តែមានភាពឆ្លាតវៃនៅក្នុងយុវវ័យរបស់ខ្ញុំ ?
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីអ្វីដែលអ្នកបានរៀនពីមនុស្សដែលអ្នកបាននិយាយជាមួយ អំពី អាលម៉ា 37:35 ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 37 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖