សេចក្ដីណែនាំកម្មវិធីថ្នាក់សិក្ខាសាលាដែលសិក្សានៅតាមផ្ទះ
កម្មវិធីថ្នាក់សិក្ខាសាលាដែលសិក្សានៅតាមផ្ទះ ត្រូវបានរៀបរៀងឡើង ដើម្បីជួយអ្នកឲ្យពង្រឹងការយល់ដឹងរបស់អ្នក អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយអនុវត្តការបង្រៀននៃដំណឹងល្អនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក តាមរយៈការសិក្សាព្រះគម្ពីរនានា ។ សម្រាប់ការសិក្សារបស់អ្នកនៅក្នុងឆ្នាំសិក្សានេះ ដំបូង អ្នកនឹងបញ្ចប់កិច្ចការអាន ចេញពីព្រះគម្ពីរនៃវគ្គសិក្សានេះ—គឺព្រះគម្ពីរមរមន—ហើយបន្ទាប់មក អ្នកនឹងបញ្ចប់មេរៀននីមួយៗ ។ អ្នកនឹងជួបជាមួយគ្រូថ្នាក់សិក្ខាសាលា ក្នុងមួយសប្ដាហ៍ម្ដង ដើម្បីដាក់ជូននូវកិច្ចការ និង ការចូលរួមរបស់អ្នក នៅក្នុងមេរៀនប្រចាំសប្ដាហ៍ ។
ថ្នាក់សិក្ខាសាលា គឺជាកម្មវិធីអប់រំខាងសាសនាប្រចាំថ្ងៃ ។ ការសិក្សាព្រះគម្ពីរទាំងឡាយរបស់អ្នកប្រកបដោយការអធិស្ឋាន គប្បីជាការអនុវត្តមួយជាប្រចាំថ្ងៃ ។ អ្នកនឹងត្រូវធ្វើកិច្ចការថ្នាក់សិក្ខាសាលារបស់អ្នករាល់ថ្ងៃរៀន ទោះបីអ្នកមិនចូលរួមនៅថ្នាក់សិក្ខាសាលារាល់ថ្ងៃក៏ដោយ ។ មាន 32 វគ្គ ដែលត្រូវបញ្ចប់នៅអំឡុងវគ្គសិក្សានេះ ។ តារាងការអាន នៅទំព័រ ⅷ បង្ហាញពីអ្វីដែលអ្នកគប្បីសិក្សាសម្រាប់វគ្គនីមួយៗ ។ គ្រូរបស់អ្នក នឹងជួយអ្នកឲ្យយល់ថាពេលណាដែលវគ្គនីមួយៗត្រូវដល់ពេលប្រមូល ។ ចំណាយពេលប្រហែល 30 នាទី ដើម្បីបញ្ចប់មេរៀននីមួយៗនៃមេរៀនទាំងឡាយនៅក្នុងសៀវភៅណែនាំការសិក្សានេះ បន្ថែមលើការសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់អ្នក ។
ក្រៅពីកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នក អ្នកគប្បីមានសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរពីរ ( ឬ សៀវភៅសរសេរពីរ ) ដែលអ្នកនឹងសរសេរកិច្ចការទាំងឡាយចេញពីសកម្មភាពក្នុងសៀវភៅណែនាំការសិក្សា ។ រាល់សប្ដាហ៍ដែលអ្នកជួបជាមួយគ្រូរបស់អ្នក អ្នកគប្បីប្រគល់សៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ដែលមាននូវកិច្ចការទាំងឡាយដែលបានបញ្ចប់ ចេញពីសកម្មភាពក្នុងសៀវភៅណែនាំការសិក្សា ដែលអ្នកបានបញ្ចប់សម្រាប់សប្ដាហ៍នោះ ។ គ្រូរបស់អ្នកនឹងអាន ហើយឆ្លើយតបចំពោះកិច្ចការទាំងនោះ ហើយប្រគល់សៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរដល់អ្នកវិញ នៅសប្ដាហ៍បន្ទាប់ ។ អ្នកក៏អាចសរសេរចម្លើយរបស់អ្នកនៅលើក្រដាសសៀវភៅដែលអាចដកហូតចេញចូលបាន ហើយប្រគល់ក្រដាសកិច្ចការទាំងឡាយដែលអ្នកបានធ្វើនៅសប្ដាហ៍នោះ ។ ហើយនៅពេលដែលគ្រូអ្នកប្រគល់ក្រដាសទំព័រទាំងនោះត្រឡប់មកវិញ នោះអ្នកអាចដាក់វាចូលក្នុងសៀវភៅវិញ ។
ការប្រើប្រាស់សៀវភៅសិក្សានេះ នៅក្នុងកម្មវិធីថ្នាក់សិក្ខាសាលាប្រចាំថ្ងៃ
សៀវភៅសិក្សានេះត្រូវបានប្រើប្រាស់ដោយគ្រូ និង សិស្ស នៅក្នុងកម្មវិធីថ្នាក់សិក្ខាសាលាប្រចាំថ្ងៃ ដើម្បីធ្វើឲ្យមេរៀនកាន់តែប្រសើរឡើង ឬ សម្រាប់ធ្វើកិច្ចការសង ។ ទោះយ៉ាងណា វាមិនផ្ដោតបំណងទៅក្នុងការប្រគល់ឲ្យសិស្សថ្នាក់សិក្ខាសាលាប្រចាំថ្ងៃនោះទេ ។ បើសិស្សម្នាក់ត្រូវការធ្វើមេរៀនសងមួយដើម្បីបានពិន្ទុ នោះគ្រូអាចដាក់កិច្ចការឲ្យគាត់បញ្ចប់មេរៀនដែលសិក្សានៅតាមផ្ទះ ដែលត្រូវគ្នានឹងមេរៀនដែលគាត់មិនបានមករៀននោះ ។
ការប្រើប្រាស់សៀវភៅសិក្សាសម្រាប់សិស្សដែលសិក្សានៅតាមផ្ទះ
តារាងការអានព្រះគម្ពីរមរមន
ព្រះគម្ពីរមរមន សូមស្វាគមន៍
តើអ្វីជាព្រះគម្ពីរមរមន ?
ព្រះគម្ពីរមរមនជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ វារួមមាននូវការសរសេររបស់ពួកព្យាការីពីបុរាណ ផ្ដល់នូវដំណើររឿងមួយនៃទំនាក់ទំនងរបស់ព្រះ ជាមួយនឹងមែកមួយនៃវង្សអ៊ីស្រាអែល ដែលនៅលើទ្វីបអាមេរិក ។ សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ព្រះគម្ពីរមរមនឈរទន្ទឹមនឹងព្រះគម្ពីរប៊ីប គោលលទ្ធិ និង សេចក្ដីសញ្ញា និង មុត្តាដ៏មានតម្លៃមហិមា ជាព្រះគម្ពីរដ៏បរិសុទ្ធទាំងឡាយ ។ ព្រះគម្ពីរមរមនជាបញ្ជីមួយអំពីអារ្យធម៌អាមេរិកពីបុរាណដ៏អស្ចារ្យ ។
តាំងពីវាត្រូវបានបោះពុម្ពជាលើកដំបូងនៅក្នុងឆ្នាំ 1830 មក ព្រះគម្ពីរមរមនត្រូវបានបកប្រែជាច្រើនភាសា និង ត្រូវបានបោះពុម្ពសរុបច្រើនជាង 150 លាន ក្បាល ។ វាត្រូវបានពិពណ៌នាដោយពួកព្យាការីនៃព្រះ ថាជា « សិលាគ្រឹះ » នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ហេតុអ្វីការសិក្សាព្រះគម្ពីរមរមនសំខាន់ចំពោះខ្ញុំ ?
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា ពរជ័យនៃការខិតជិតព្រះ គឺនៅរង់ចាំអ្នក នៅពេលដែលអ្នកសិក្សាព្រះគម្ពីរមរមនដោយស្មោះអស់ពីដួងចិត្ត ៖
« តើពុំមានអ្វីនៅដក់ជ្រៅក្នុងដួងចិត្តយើងទេឬអី ដែលចង់បានយ៉ាងខ្លាំងដើម្បីបានខិតទៅជិតព្រះ ដើម្បីបានកាន់តែដូចទ្រង់ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដើម្បីទទួលអារម្មណ៍នៃវត្តមានរបស់ទ្រង់នៅជាមួយយើងជានិច្ចនោះ ? បើសិនជាគ្មានទេ នោះព្រះគម្ពីរមរមននឹងជួយយើងឲ្យធ្វើដូច្នោះ បានច្រើនជាងគម្ពីរដទៃផ្សេងទៀតទាំងអស់ ។
« វាមិនគ្រាន់តែថា ព្រះគម្ពីរមរមនបង្រៀនយើងនូវការពិតប៉ុណ្ណោះទេ តែវាពិតជាបង្រៀនដូចនោះមែន ។ ព្រះគម្ពីរមរមនពុំមែនគ្រាន់តែថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទប៉ុណ្ណោះនោះទេ តែវាពិតជាថ្លែងដូចនោះមែន ផងដែរ ។ ប៉ុន្តែ មានអ្វីច្រើនជាងនោះទៀត ។ នៅក្នុងព្រះគម្ពីរមរមនមាននូវអំណាចមួយ ដែលនឹងចាប់ផ្ដើមចូលទៅក្នុងជីវិតអ្នក នៅខណៈដែលអ្នកចាប់ផ្តើមសិក្សាព្រះគម្ពីរនេះដោយហ្មត់ចត់ ។ អ្នកនឹងរកឃើញនូវអំណាចដែលកាន់តែមហិមា ដើម្បីទប់ទល់នឹងការល្បួង ។ អ្នកនឹងរកឃើញនូវអំណាច ដើម្បីចៀសផុតពីការបោកបញ្ឆោត ។ អ្នកនឹងរកឃើញអំណាច ដើម្បីឈរនៅលើផ្លូវត្រង់ និង ចង្អៀត ។ ព្រះគម្ពីរត្រូវបានហៅថា ‹ ព្រះបន្ទូលទាំងឡាយនៃជីវិត › ( សូមមើល គ. និង ស. 84:85 ) ហើយគ្មានព្រះគម្ពីរណាដែលពិតជាងព្រះគម្ពីរមរមនឡើយ ។ ពេលអ្នកចាប់ផ្ដើមស្រេកឃ្លាននូវព្រះបន្ទូលទាំងនោះ នោះអ្នកនឹងឃើញជីវិតនៅក្នុងភាពបរិបូរណ៍កាន់តែមហិមាឡើងៗ » ( “The Book of Mormon—Keystone of Our Religion” Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 7 ) ។
ព្រះគម្ពីរមរមនត្រូវបានសរសេរសម្រាប់យើងនាពេលបច្ចុប្បន្ននេះ ។ មរមន ជាព្យាការីបុរាណម្នាក់ ដែលព្រះគម្ពីរនេះត្រូវបានដាក់ឈ្មោះតាមលោក និង មរ៉ូណៃ ជាកូនប្រុសរបស់លោក បានសង្ខេបនូវបញ្ជីជាច្រើនសតវត្សរ៍ទាំងនេះ ដែលបានប្រមូលចងក្រងជាផ្ទាំងមាស គឺជាផ្ទាំងដែលព្យាការី យ៉ូសែប ស្ម៊ីធ បកប្រែជាព្រះគម្ពីរមរមន ។ ព្រះ ជាអង្គដែលជ្រាបពីទីបញ្ចប់តាំងពីដំបូងមក បានបំផុសដល់ពួកព្យាការីរបស់ទ្រង់ ពីអ្វីដែលត្រូវបញ្ចូលក្នុងការសង្ខេប ដែលយើងត្រូវការសម្រាប់ជំនាន់យើង ។ មរ៉ូណៃ ជាព្យាការីចុងក្រោយដែលសរសេរនៅក្នុងព្រះគម្ពីរមរមន បានឃើញជាមុនពីជំនាន់របស់យើង ៖ « មើលចុះ ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នា ហាក់បីដូចជាអ្នករាល់គ្នានៅទីនេះ ប៉ុន្តែ អ្នករាល់គ្នាពុំនៅទីនេះទេ ។ ប៉ុន្តែមើលចុះព្រះយេស៊ូវគ្រីស្ទ ទ្រង់បង្ហាញអ្នករាល់គ្នាដល់ខ្ញុំ ហើយខ្ញុំដឹងនូវអ្វីៗដែលអ្នករាល់គ្នាធ្វើ » ( មរមន 8:35 ) ។
ប្រធាន ប៊ែនសន ក៏បានបង្រៀនផងដែរថា ការសិក្សាព្រះគម្ពីរមរមន នឹងជួយអ្នកឲ្យឃើញរវាងល្អ និង អាក្រក់ ៖
« ព្រះគម្ពីរមរមននាំមនុស្សមកកាន់ព្រះគ្រីស្ទ តាមរយៈមធ្យោបាយជាគោលពីរ ។ ទីមួយ វាប្រាប់អំពីព្រះគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់ ក្នុងលក្ខណៈដ៏ច្បាស់ ។ វាថ្លែងទីបន្ទាល់អំពីទេវភាពរបស់ទ្រង់ និង អំពីសេចក្ដីចាំបាច់ក្នុងការមានព្រះប្រោសលោះមួយអង្គ និង សេចក្ដីត្រូវការក្នុងការដាក់សេចក្ដីទុកចិត្តរបស់យើងទៅលើទ្រង់ ។ វាថ្លែងបន្ទាល់អំពីការធ្លាក់ និង ដង្វាយធួន និង គោលការណ៍ដំបូងៗទាំងឡាយនៃដំណឹងល្អ រួមទាំងសេចក្ដីត្រូវការរបស់យើងក្នុងការមាននូវចិត្តសោកសង្រេង និង វិញ្ញាណទន់ទាប និង ការកើតជាថ្មីខាងវិញ្ញាណ ។ វាប្រកាសថា យើងត្រូវតែស៊ូទ្រាំដល់ទីបញ្ចប់ នៅក្នុងសេចក្ដីសុចរិត និង រស់នៅដោយមានសីលធម៌នៃពួកបរិសុទ្ធ ។
« ទីពីរ ព្រះគម្ពីរមរមនបង្ហាញឲ្យឃើញពីមារសត្រូវទាំងឡាយនៃព្រះគ្រីស្ទ ។ វាផ្ចាញ់ផ្ចាលគោលលទ្ធិក្លែងក្លាយ និង បង្ក្រាបការទាស់ទែងគ្នា ។ ( សូមមើល នីហ្វៃទី2 3:12 ) ។ វាពង្រឹងបីបាច់ដល់អ្នកដើរតាមព្រះគ្រីស្ទដ៏រាបទាប ដើម្បីទាស់នឹងការរៀបចំ យុទ្ធសាស្ត្រ និង គោលលទ្ធិអាក្រក់ទាំងឡាយរបស់អារក្ស នៅក្នុងជំនាន់របស់យើងនេះ ។ ការក្បត់សាសនានៅក្នុងព្រះគម្ពីរមរមន គឺស្រដៀងគ្នានឹងការក្បត់សាសនាដែលយើងមាននៅពេលបច្ចុប្បន្ននេះដែរ ។ ជាមួយនឹងព្រះតម្រិះដ៏ឥតព្រំដែនរបស់ទ្រង់ ព្រះបានធ្វើឲ្យព្រះគម្ពីរមរមនលេចចេញជារូបរាងឡើង ដើម្បីឱ្យយើងអាចឃើញកំហុស ហើយចេះដឹងពីរបៀបតយុទ្ធនឹងគំនិតនៃការអប់រំ នៃនយោបាយ នៃសាសនា និង នៃទស្សនៈវិជ្ជា ដែលខុសឆ្គងនាសម័យយើងនេះ » ( “The Book of Mormon Is the Word of God” Ensign ខែ ឧសភា ឆ្នាំ 1975 ទំព័រ 64 ) ។
អំពីព្រះគម្ពីរមរមន
ព្រះគម្ពីរមរមនត្រូវបានបង្កើតឡើងពីគម្ពីរតូចៗចំនួន 15 ។ គម្ពីរចំនួនប្រាំបីក្នុងចំណោមគម្ពីរទាំងនេះ ចាប់ផ្ដើមជាមួយនឹងក្បាលរឿង ដែលត្រូវបានសរសេរនៅលើផ្ទាំងមាសដើម ដែលត្រូវបានបកប្រែដោយ ព្យាការី យ៉ូសែប ស្ម៊ីធ ៖ នីហ្វៃទី1, នីហ្វៃទី2, យ៉ាកុប, អាលម៉ា, ហេលេមិន, នីហ្វៃទី3, នីហ្វៃទី4, និង អេធើរ ។ ជំពូកខ្លះៗនៅក្នុងព្រះគម្ពីរមរមនក៏ត្រូវបានផ្ដើមជាមុនដោយក្បាលរឿងផងដែរ ដែលត្រូវបានបញ្ចូលនៅលើផ្ទាំងមាសដើម ( លើកលែងតែប្រយោគ អំពីជំពូកដែលបញ្ចូលទាំងឡាយ ) ៖ ម៉ូសាយ 9, ម៉ូសាយ 23, អាលម៉ា 5, អាលម៉ា 7, អាលម៉ា 9, អាលម៉ា 17, អាលម៉ា 21, អាលម៉ា 36, អាលម៉ា 38, អាលម៉ា 39, អាលម៉ា 45, ហេលេមិន 7, ហេលេមិន 13, នីហ្វៃទី3 11, និង មរ៉ូណៃ 9 ។
នៅខាងដើមនៃជំពូកនីមួយៗ នៅក្នុងព្រះគម្ពីរមរមន មាននូវការសង្ខេបខ្លីមួយអំពីជំពូកនោះ ដែលមានបោះពុម្ពជាអក្សរទ្រេត ។ សេចក្ដីសង្ខេបជំពូកទាំងនេះ ត្រូវបានសរសេរ និង បន្ថែម ក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ និង មិនមែនជាផ្នែកនៃព្រះគម្ពីរមរមនសំណេរដើម ដែលចេញពីផ្ទាំងមាសទាំងឡាយនោះទេ ។